សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ចូរទៅជួយនាងទៅ
ថូម៉ាស រ៉ូប៊ីនសុន រដ្ឋកាលីហ្វូញ៉ា ស.រ.អា.
ខ្ញុំបានឈរតម្រង់ជួរនៅស្ថានីយលក់សាំង ។ នៅពី មុខខ្ញុំ មានម្តាយម្នាក់ដែលមានកូនតូចពីរនាក់សុំលុយ ៣ដុល្លារដែលមានតម្លៃស្នើនឹងទិញសាំង និង ការ៉េមវាន់នីឡាពីរដុំ ។
ពេលក្រឡេកមើលដំបូង ខ្ញុំអាចឃើញថាពួកគេនៅតូចៗណាស់ ។ កូនក្មេងនោះពុំពាក់ស្បែកជើងឡើយ ហើយពាក់សម្លៀកបំពាក់រហែករយ៉េរយ៉ៃ ។
ខ្ញុំបានឮស្ត្រីនោះដាក់កាក់ប្រាក់ដែលហាក់បីដូចជាច្រើនណាស់លើតុគិតលុយដើម្បីបង់ថ្លៃទំនិញ ។
បន្ទាប់ពីបង់ថ្លៃសាំងខ្ញុំរួច ខ្ញុំបានដើរចេញទៅ ហើយបានក្រឡេកមើលឡានរបស់ម្តាយរូបនោះ ។ ឡាននោះគឺជាឡានស៊េរីចាស់ដែលទំនងជាពុំអាចធ្វើដំណើរបានឆ្ងាយដោយប្រើសាំងតែបីដុល្លារនោះបានឡើយ ។
ខ្ញុំមានអារម្មណ៍ក្តួលអាណិតម្តាយនៃកូនពីរនាក់នោះ ប៉ុន្តែខ្ញុំបានចាប់ផ្តើមបញ្ឆេះម៉ូតូខ្ញុំ ហើយចេញដំណើរទៅ ។
មិនយូរប៉ុន្មានក្រោយពីខ្ញុំជិះតាមផ្លូវមក មានសំឡេងមួយប្រាប់ខ្ញុំថា ៖ « ចូរទៅជួយនាងទៅ » ។ ការបំផុសគំនិតនោះបានកើតឡើងពីរដង ។
ខ្ញុំគ្រវីក្បាលរបស់ខ្ញុំ ដោយគិតថានាងប្រហែលជាចេញទៅបាត់ហើយ ។ តើខ្ញុំនឹងនិយាយទៅកាន់នាងតាមរបៀបណាទៅ ?
សំឡេងនោះបានកើតឡើងយ៉ាងច្បាស់ជាលើកទីបី ៖ « ចូរទៅជួយនាងទៅ ! »
ខ្ញុំបានត្រឡប់ទៅស្ថានីយលក់សាំងវិញ ដោយព្យាយាមរកមើលថាតើខ្ញុំនឹងនិយាយថាម៉េច ប្រសិនបើនាងនៅទីនោះ ។
នៅពេលទៅដល់ ខ្ញុំបានឃើញថាទ្វារឡានរបស់នាងបើក ។ នាងអង្គុយនៅកៅអីតៃកុង ហើយកូនតូចពីរនាក់របស់នាងកំពុងញុំាការ៉េមរបស់ខ្លួននៅកៅអីក្រោយ ។
ខ្ញុំបានអធិស្ឋានយ៉ាងខ្លីទូលសួរដល់ព្រះវរបិតាសួគ៌ពីអ្វីដែលខ្ញុំគួរនិយាយ ។ សំឡេងដដែរនោះបាននិយាយមកកាន់ខ្ញុំ « ណែនាំខ្លួនអ្នកឲ្យនាងស្គាល់ ហើយសុំនាងជួយ » ។ ខ្ញុំបានដើរទៅរកឡានរបស់នាង ហើយបានណែនាំខ្លួនខ្ញុំដល់នាង ។ ខ្ញុំបានប្រាប់នាងថា ខ្ញុំមានអារម្មណ៍បំផុស ដើម្បីសួរនាងប្រសិនបើនាងត្រូវការជំនួយ ។
នាងបានចាប់ផ្តើមយំ ហើយនិយាយថា « ខ្ញុំទើបតែបានបញ្ចប់ការអធិស្ឋានទៅព្រះយេស៊ូវ ដោយសុំឲ្យទ្រង់បញ្ចូននរណាម្នាក់មកជួយខ្ញុំ » ។
ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់នាង ។ ខ្ញុំបានចេញប្រាក់ចាក់សាំងឲ្យពេញដល់នាង ហើយបានឲ្យលេខទូរសព្ទរបស់បុរសម្នាក់នៅក្នុងកូរ៉ុមអែលឌើររបស់យើងដែលបម្រើនៅគ្រានោះ ។ ខ្ញុំពុំដឹងថាមានអ្វីកើតឡើងជាមួយម្តាយវ័យក្មេងនេះនៅពេលក្រោយទៀតឡើយ ប៉ុន្តែខ្ញុំមានអំណរគុណដែលខ្ញុំបានធ្វើតាមការបំផុសគំនិតដើម្បីជួយនាង ។