ការគិតពិចារណា
តើយល់សេចក្តីណែនាំឬទេ ?
អ្នកនិពន្ធដែលបានរស់នៅក្នុងរដ្ឋ ខូឡូរ៉ាដូ ស. រ. អា. បានទទួលមរណភាពកាលពីឆ្នាំមុន ។
ការធ្វើដំណើរដោយជិះកង់ ធ្វើឲ្យខ្ញុំជឿអំពីតម្រូវការដើម្បីត្រួតពិនិត្យយ៉ាងជាប់លាប់លើផែនទីនៃដំណើរជីវិតរបស់យើងលើមាគ៌ារបស់ព្រះអម្ចាស់ ។
ប៉ុន្មានឆ្នាំកន្លងមកហើយ ខ្ញុំបានធ្វើដំណើរដោយជិះកង់នៅក្នុងប្រទេសបារាំងជាមួយបងស្រីរបស់ខ្ញុំ គឺបងស្រីថ្លៃ និង កូនស្រីរបស់គាត់ ។ រៀងរាល់ព្រឹកយើងបានទទួលសេចក្តីណែនាំលម្អិតបីសន្លឹក ប្រសិនបើធ្វើតាមដោយហ្មត់ចត់ នោះនឹងនាំយើងឲ្យទៅដល់គោលដៅរបស់យើងនៅថ្ងៃនោះ ។ ខណៈដែលយើងកំពុងជិះកង់កាត់ចម្ការទំពាំងបាយជូរ នោះសេចក្តីណែនាំហាក់ដូចជាបង្គាប់ប្រាប់យើងឲ្យ « ទៅចំណាយ ៥០ ម៉ែត្រ ភាគខាងជើង បន្ទាប់មកបត់ឆ្វេង ហើយទៅចម្ងាយ ១០០ ម៉ែត្រទៀត » ។ ជារឿយៗ សេចក្តីណែនាំប្រាប់យើងពីឈ្មោះស្លាកសញ្ញា និង ផ្លូវ ។
នាព្រឹកមួយ យើងបានជិះកង់តាមផ្លូវដ៏គួរឲ្យទាក់ទាញមួយ ប៉ុន្តែមិនយូរប៉ុន្មានយើងបានដឹងថា សេចក្តីណែនាំរបស់យើងនោះពុំត្រូវនឹងតំបន់នោះឡើយ ។ ភ្លាមនោះយើងបានវង្វេងផ្លូវ ហើយយើងបានសម្រេចចិត្តដើម្បីត្រឡប់ទៅកាន់កន្លែងចាស់ដែលយើងស្គាល់ ជាកន្លែងដែលយើងនៅលើផ្លូវត្រូវវិញ ដើម្បីមើលថាយើងអាចទៅផ្លូវណាមួយ ។
ពិតណាស់ នៅពេលយើងទៅដល់ទីនោះ យើងបានឃើញស្លាកសញ្ញាផ្លូវតូចមួយ ដែលបានសរសេរនៅក្នុងសេចក្តីណែនាំរបស់យើង ដែលយើងពុំបានចាប់អារម្មណ៍មើលវាសោះ ។ មិនយូរប៉ុន្មានយើងបាននៅលើផ្លូវរបស់យើងម្តងទៀត ហើយជិះកង់តាមសេចក្តីណែនាំនោះ ដែលធ្វើឲ្យយើងយល់ឥតខ្ចោះតែម្ដង ។
បទពិសោធន៍នេះបានក្លាយជារឿងប្រៀបប្រដូច ទៅនឹងចម្លើយចំពោះសំណួរដ៏លំបាកមួយដែលខ្ញុំមាន ៖ ហេតុអ្វីនៅពេលមនុស្សម្នាក់ធ្លាប់មានទីបន្ទាល់អំពីដំណឹងល្អរួចហើយ ថាគាត់នឹងរវាតចិត្តចេញទៅវិញ ? វាបានប្រែជាច្បាស់ចំពោះខ្ញុំថា នៅពេលយើងបែរទៅផ្លូវខុស ( អំពើបាប ) ឬ ពុំធ្វើតាមព្រះបញ្ញត្តិរបស់ព្រះ នោះសេចក្តីណែនាំ ( ព្រះបន្ទូលនៃព្រះ ) នឹងពុំមានន័យអ្វីឡើយ ។ ផែនទី ដែលយើងមាន ពុំត្រូវនឹងតំបន់ដែលយើងនៅឡើយ ។ ប្រសិនបើយើងពុំបានវង្វេងចេញឆ្ងាយ នោះយើងអាចស្គាល់ថាកំហុសគឺជារបស់យើង ហើយថាយើងត្រូវតែត្រឡប់មកវិញ ( ប្រែចិត្ត ) ឬ តាំងចិត្តជាថ្មីដើម្បីរស់នៅតាមអ្វីដែលព្រះបានបញ្ជា ទៅកាន់កន្លែងណាដែលយើងដឹងថា យើងកំពុងដើរតាមផ្លូវត្រឹមត្រូវ ។
ជារឿយៗនៅពេលសេចក្តីណែនាំនោះពុំត្រូវនឹងកន្លែងដែលយើងនៅ នោះយើងសង្ស័យពីសេចក្តីណែនាំនោះ ។ ជំនួសឲ្យការត្រឡប់ក្រោយវិញ យើងបែរជាស្តីបន្ទោសលើសេចក្តីណែនាំនោះ ហើយក្រោយមកបដិសេធវាតែម្តង ។ នៅទីបំផុត ដោយបានបោះបង់ចោលនូវទស្សនវិស័យនៃគោលដៅរបស់យើង នោះយើងបានវង្វេងរសាត់អណ្តែតលើផ្លូវនានាដែលហាក់បីដូចជា បណ្ដោះអាសន្ន ដែលទាក់ទាញអារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែនឹងមិននាំយើងទៅកន្លែងណាដែលយើងចង់ទៅនោះឡើយ ។
រៀងរាល់ថ្ងៃយើងមានឱកាសសិក្សាព្រះគម្ពីរ ។ ហើយរៀងរាល់ប្រាំមួយខែ យើងមានឱកាសដើម្បីស្តាប់សន្និសីទទូទៅនៃសាសនាចក្រ ។ តើពេលវេលាទាំងនេះ មិនមែនជាពេលដែលយើងអាចពិនិត្យមើលផែនទីនៃផ្លូវរបស់យើង ហើយប្រាកដថាយើងកំពុងនៅលើផ្លូវដែលយើងត្រូវតែទៅទេឬអី ? នាគ្រាមួយ នៅពេលខ្ញុំបានស្តាប់សន្និសីទ ជាមួយនឹងភាពមិនឥតខ្ចោះរបស់យើង នោះ ខ្ញុំមានអារម្មណ៍ថា យើងអាចដឹងថា យើងកំពុងនៅលើផ្លូវត្រូវ ប្រសិនបើសេចក្តីណែនាំទាំងនេះកំពុងធ្វើឲ្យយើងយល់យ៉ាងខ្លាំង ។
ប្រសិនបើនៅពេលធ្វើតាមសេចក្តីណែនាំត្រឹមត្រូវ នឹងនាំយើងទៅដល់គោលដៅនៅក្នុងជីវិតនេះ នោះការសិក្សាព្រះគម្ពីរ និង ការស្តាប់តាមដំបូន្មានរបស់ព្យាការីនៅរស់ អនុញ្ញាតឲ្យយើងពិនិត្យមើលដំណើរជីវិតរបស់យើង ហើយកែតម្រូវវា ប្រសិនបើវាត្រូវកែតម្រូវ ហើយនៅទីបំផុតយើងនឹងមកដល់ផ្ទះសេឡេស្ទាលរបស់យើង ។ ◼