ការភ័យរន្ធត់ ភាពទុក្ខព្រួយ និង ផែនការរបស់ព្រះ
អ្នកនិពន្ធរស់នៅក្នុង ប្រទេសអាល់បានី ។
តាមរយៈបទពិសោធន៍នៃ ភាពហិចហោចដ៏ខ្លាំងបំផុត នៃជីវិតរបស់ខ្ញុំ ឥឡូវនេះខ្ញុំដឹងថា ព្រះវរបិតាសួគ៌បានគង់នៅជាមួយខ្ញុំ គ្រប់ពេលទាំងអស់ ។
រូបគំនូរ ដោយ ដេវីឌ ឃើរធីស
កាលពីព្រឹកព្រលឹមនៅក្នុងឆ្នាំ ២០០៨ នៅពេលម្តាយរបស់ខ្ញុំបានដាស់ខ្ញុំឲ្យក្រោកឡើងដើម្បីទៅសាលារៀន ។ ខ្ញុំមានក្តីរីករាយណាស់នាព្រឹកនោះ ប៉ុន្តែខ្ញុំពុំដឹងថាវាបានប្រែទៅជាថ្ងែដ៏អាក្រក់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ ឬ ជាពេលចុងក្រោយដែលខ្ញុំបាននៅជាមួយម្តាយខ្ញុំឡើយ ។ ខ្ញុំពុំទាន់បានរៀនចប់ម៉ោងឡើយនៅថ្ងៃនោះ ដោយសារមិត្តរបស់គ្រួសារយើងបានមកទទួលខ្ញុំពីសាលា ហើយប្រាប់ខ្ញុំថាម្តាយរបស់ខ្ញុំបានសម្លាប់ខ្លួន ។ ខ្ញុំមានអាយុតែ ១២ឆ្នាំប៉ុណ្ណោះ ។
ខ្ញុំបានគិតថា « តើខ្ញុំអាចរស់នៅដោយគ្មានម្តាយខ្ញុំយ៉ាងដូចម្តេច ? » គាត់គឺជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំ ។
ខ្ញុំបានសោកសៅអស់ពេល ជាច្រើនខែ ។ ខ្ញុំពុំចង់ទៅសាលារៀនទេ ដោយសារក្មេងដទៃទៀតបានប្រព្រឹត្តដាក់ខ្ញុំខុសពីមុន ហើយមានអារម្មណ៏សោកស្តាយចំពោះខ្ញុំ ។ ខ្ញុំពុំដឹងអ្វីដែលខ្ញុំគួរតែធ្វើឡើយ ខ្ញុំគ្រាន់តែបានដឹងថា ខ្ញុំត្រូវតែមានចិត្តរឹងមាំសម្រាប់មនុស្សគ្រប់គ្នា ។
នាថ្ងៃមួយ ប្រាំ ឬ ប្រាំមួយខែ បន្ទាប់ពីមរណភាពរបស់ម្តាយខ្ញុំ នោះខ្ញុំបាននៅតែម្នាក់ឯងនៅក្នុងបន្ទប់ខ្ញុំក្បែរបង្អួច ទាំងយំ ដោយព្យាយាមដើម្បីយល់ពីគោលបំណងរបស់ខ្ញុំនៅលើផែនដីនេះ ។ ភ្លាមនោះខ្ញុំបានស្ដាប់ឮសំឡេងមួយនៅក្នុងចិត្តខ្ញុំ ៖ « អ្នកគឺជាបុត្រីរបស់យើង យើងនឹងមិនឲ្យអ្នករងទុក្ខឡើយ » ។ ខ្ញុំដឹងថា នោះជាសំឡេងរបស់ព្រះ ។ ប៉ុន្តែខ្ញុំមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារខ្ញុំពុំបានជឿលើទ្រង់ទៀតឡើយ ជាពិសេសចាប់តាំងពីខ្ញុំបានមានអារម្មណ៍ថា គឺ ព្រះជាអ្នកដែលបានឆក់យកជីវិតរបស់ម្តាយខ្ញុំ ។ ទោះបីជាខ្ញុំពុំដឹងពីអត្ថន័យដែលទ្រង់មានព្រះបន្ទូលក្តី ខ្ញុំមានអារម្មណ៍សុវត្ថិភាពក្នុងចិត្តខ្ញុំ ។
បីឆ្នាំក្រោយមកខ្ញុំបានទៅទីក្រុង រ៉ូម ប្រទេសអ៊ីតាលី ដើម្បីទៅសួរសុខទុក្ខឪពុកមារបស់ខ្ញុំ ។ គាត់បានប្រាប់ខ្ញុំដដែលអំពីសាសនាចក្រនេះដែលគាត់បានចូលរួម ។ នៅថ្ងៃអាទិត្យមួយ គាត់បាននាំខ្ញុំទៅជាមួយគាត់ ។ ខ្ញុំចាំជានិច្ចពីការដើរទៅតាមទ្វារព្រះវិហារ នាលើកដំបូង ហើយទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ នៅពេលខ្ញុំបានទៅក្នុងព្រះវិហារ ខ្ញុំមានអារម្មណ៍ថាវាដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង ។
ខ្ញុំបានចាប់ផ្តើមទៅព្រះវិហាររៀងរាល់សប្តាហ៍ និង ទៅគ្រប់សកម្មភាពទាំងអស់ក្នុងអំឡុងថ្ងៃនៃសប្តាហ៍ ។ ខ្ញុំចូលចិត្តនៅជាមួយយុវវ័យនៃសាសនាចក្រ ។ ពួកគេធ្វើឲ្យខ្ញុំមានភាពរីករាយជាងមុន ។ ពួកគេបានគិត ហើយជឿនូវរឿងដូចគ្នាដែលខ្ញុំបានជឿ ។ បីខែក្រោយមក វិស្សមកាលរដូវក្តៅរបស់ខ្ញុំបានចប់ ហើយខ្ញុំត្រូវត្រឡប់ទៅប្រទេសអាល់បានីវិញ ។
នៅពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំបានប្រាប់ឪពុកខ្ញុំពីអារម្មណ៍ដែលខ្ញុំបានមាន និង ក្តីអំណរយ៉ាងខ្លាំងដែលខ្ញុំមានអំឡុងពេលនោះ ។ គាត់មិនចូលចិត្តវាទេ ។ គាត់បានប្រាប់ខ្ញុំ ថា គាត់ពុំអនុញ្ញាតឲ្យខ្ញុំបន្តទៅព្រះវិហារ ឬ រៀនពីព្រះវិហារនេះទៀតឡើយ ។ ដូច្នេះខ្ញុំត្រូវរង់ចាំដោយអំណត់រយៈពេលបីឆ្នាំទៀតរហូតដល់ខ្ញុំឈានដល់អាយុ ១៨ឆ្នាំ ។ បន្ទាប់មកខ្ញុំអាចសម្រេចចិត្តដោយខ្លួនឯង ហើយទទួលបុណ្យជ្រមុជទឹក ។
អំឡុងពេលនោះខ្ញុំត្រូវបានប្រទានពរ ដោយមានមនុស្សជាច្រើន ដែលបានប្រាប់ខ្ញុំអំពីអ្វីដែលពួកគេបានរៀនរាល់សប្តាហ៍នៅព្រះវិហារ ។ មានម្នាក់ឈ្មោះស្ទេហ្វានី ។ នាងបានធ្លាប់រស់នៅក្នុងប្រទេសអ៊ីតាលី នៅពេលឪពុកមារបស់ខ្ញុំបានចូលរួមសាសនាចក្រ ប៉ុន្តែនាងបានត្រឡប់ទៅផ្ទះរបស់នាងវិញនៅសហរដ្ឋ ។ ឪពុកមារបស់ខ្ញុំបានគិតថា វាជាការណ៍ល្អសម្រាប់ពួកយើងដើម្បីសរសេរសំបុត្រឲ្យគ្នាទៅវិញទៅមក ដូច្នោះខ្ញុំបានបញ្ចូលនាងធ្វើជាមិត្តរបស់ខ្ញុំលើហ្វេសប៊ូក ។
ទោះបីជាយើងពុំដែលបានជួបគ្នាផ្ទាល់ក្តី ខ្ញុំមានអំណរគុណជានិច្ចចំពោះនាងដែលបានជួយខ្ញុំឲ្យស្ថាបនាសេចក្តីជំនឿរបស់ខ្ញុំ ហើយរៀនបន្ថែមទៀតអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នាងបានសរសេរសំបុត្រមកខ្ញុំស្ទើរតែរាល់សប្តាហ៍ ហើយបានប្រាប់ខ្ញុំពីអ្វីដែលនាងបានរៀននៅព្រះវិហារ ហើយបានឆ្លើយសំណួរនានារបស់ខ្ញុំ ។ នាងគឺជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំ ។
ទីបំផុត បន្ទាប់ពីក្តីអំណត់ជាច្រើនឆ្នាំក្រោយមក នោះខ្ញុំបានជ្រមុជទឹកគឺតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីថ្ងៃកំណើតរបស់ខ្ញុំគម្រប់អាយុ ១៨ឆ្នាំ ។ ហើយមិនយូរប៉ុន្មាន ខ្ញុំនឹងចែករំលែកនូវសុភមង្គលនេះជាមួយម្តាយខ្ញុំ នូវអារម្មណ៍ដែលខ្ញុំមាននូវថ្ងៃនោះ ដោយសារខ្ញុំនឹងជ្រមុជទឹកឲ្យគាត់ ។ ខ្ញុំដឹងថាគាត់នឹងមានមោទនភាពចំពោះជីវិតដែលខ្ញុំបានជ្រើសយកនេះ ។
ខ្ញុំមានអារម្មណ៍ថាបានទទួលពរពីព្រះវរបិតាសួគ៌ ដោយសារទ្រង់បានគង់នៅជាមួយខ្ញុំ ក្នុងដំណើរជីវិតរបស់ខ្ញុំទាំងមូលតាមរបៀបជាច្រើន ។ ខ្ញុំត្រូវតែចាំ ហើយមានចិត្តអំណត់ ដោយសារទ្រង់មានផែនការសម្រាប់ខ្ញុំ ។ ទ្រង់គឺជាអង្គដែលបានប្រទានកម្លាំងដល់ខ្ញុំឲ្យឆ្លងកាត់នូវឧបសគ្គទាំងអស់ដែលខ្ញុំបានជួប ។ ទ្រង់តែងតែគង់នៅជាមួយខ្ញុំហើយជួយខ្ញុំឲ្យកាន់តែរីករាយជានិច្ច ។