ឆ្នាំ​២០១៦
សេចក្តីសុខសាន្ត​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ
April 2016


សេចក្តីសុខសាន្ត​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ

peace in my heart

កាល​ខ្ញុំ​អាយុ​ប្រាំ​បី ឆ្នាំ ខ្ញុំ​បាន​ឃើញ​ព្យាការី ប្រធាន​ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) ។ លោក​បាន​មក​ឧទ្ធិស​ឆ្លង​អគារ​សាសនាចក្រ​ថ្មី​មួយ​នៅ​ក្នុង​ក្រុង​ប៉ាមៃរ៉ា នូវ យ៉ោក ស.រ.អា. ។ គ្រួសារ​របស់​ខ្ញុំ​បាន​ទៅ​ពិធី​ឧទ្ធិស​ឆ្លង​នោះ ។ មាន​មនុស្ស​ជា​ច្រើន​ក៏​បាន​មក​ដែរ ។ ពួក​យើង​មាន​ក្តី​រំភើប​ដើម្បី​ជួប​ព្យាការី !

ខ្ញុំ​នៅ​តូច​មែនទែន ដូច្នោះ​វា​ពិបាក​ឲ្យ​ខ្ញុំ​មើល​ឃើញ​គាត់​ដោយ​បាំង​អ្នក​ដែល​ឈរ​ជុំ​វិញ​លោក ។ ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ប្រធាន​មិកឃេ ។ ខ្ញុំ​បាន​ឃើញ​សក់​ពណ៌ស និង ទឹកមុខ​ដ៏​ស្រទន់​របស់​លោក​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​គិត​ថា « ព្យាការី​របស់​ព្រះ​គឺ​មាន​លក្ខណៈ​បែប​នេះ » ។ ខ្ញុំ​បាន​អាន​អំពី​ព្យាការី​នៅក្នុង​ព្រះគម្ពីរ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​ព្យាការី ឬ អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ផ្ទាល់​ភ្នែក ។ ខ្ញុំ​បាន​ដឹង​ថា​ព្យាការី​គឺ​ជា​មនុស្ស​ពិត​ប្រាកដ ។ ហើយ​ពួក​លោក​ស្រឡាញ់​យើង ! ខ្ញុំ​តែង​ចាំ​ពី​សេចក្តី​ស្រឡាញ់ និង ភាពសុខសាន្ត​ដែល​ខ្ញុំ​បាន​មាន​នៅ​ថ្ងៃ​នោះ ។

កាល​ខ្ញុំ​អាយុ ១១​ឆ្នាំ ខ្ញុំ​មាន​បទពិសោធន៍​មួយ​ទៀត ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត​នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។ សន្និសីទ​ស្តេក​ជិត​ខិត​ចូល​មក​ដល់ ហើយ​ខ្ញុំ​ត្រូវ​ច្រៀង​នៅក្នុង​ក្រុម​ចម្រៀង​ស្តេក ។ ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ! ខ្ញុំ​បាន​ពាក់​អាវ-ស​យ៉ាង​ស្អាត ហើយ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​អស្ចារ្យ ។ ចម្រៀង​ដែល​យើង​បាន​ច្រៀង​មាន​នូវ​ពាក្យ​ពេចន៍​ដក​ស្រង់​ពី យ៉ូហាន ១៤:២៧ « ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ថប់បារម្ភ ឬ​ភ័យ​ឡើយ » ។

ពាក្យ​ពេចន៍​ទាំង​នោះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ចាំ​ពាក្យ​ទាំង​នោះ​តាំង​ពី​ពេល​នោះ​មក ។ នៅ​ពេល​ខ្ញុំ​បាន​ច្រៀង​នូវ​ពាក្យ​ទាំង​នោះ ខ្ញុំ​បាន​ដឹង​ថា​ពាក្យ​នោះ​គឺ​ជា​ការពិត ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ខ្ញុំ​ថា ការ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត ។ ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​ពេល​ណា​ដែល​ខ្ញុំ​មាន​ឧបសគ្គ ខគម្ពីរ​នេះ​បាន​ផុស​មក​ក្នុង​គំនិត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាពសុខសាន្ត ។ សេចក្តីពិត​ដែល​ខ្ញុំ​បាន​រៀន​កាល​ខ្ញុំ​នៅ​ក្មេង​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ខ្ញុំ​ទាំង​ស្រុង ។