សារលិខិតបង្រៀនសួរសុខទុក្ខ
បុត្រីនៃព្រះវរបិតាដ៏អស់កល្បជានិច្ចរបស់យើង
សូមសិក្សាឯកសារនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមស្វែងរកអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងអំពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បង្កើនសេចក្តីជំនឿរបស់អ្នកទៅលើព្រះ ហើយប្រទានពរដល់អ្នកទាំងឡាយដែលអ្នកថែទាំតាមរយៈការបង្រៀនសួរសុខទុក្ខយ៉ាងដូចម្តេច ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ reliefsociety.lds.org ។
សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ
ព្រះគម្ពីរបង្រៀនយើងថា « យើងរាល់គ្នាជាពូជព្រះហើយ » ( កិច្ចការ ១៧:២៩ ) ។ ព្រះបានហៅអិមម៉ា ស្ម៊ីធ ភរិយារបស់ព្យាការីយ៉ូសែប ស្ម៊ីធថាជា « បុត្រីរបស់យើង » ( គ. និង ស. ២៥:១ ) ។ ការប្រកាសដល់ក្រុមគ្រួសារ បង្រៀនយើងថាយើងម្នាក់ៗគឺជា « បុត្រី … សំណព្វប់ខាងវិញ្ញាណរបស់ព្រះបិតាមាតាសួគ៌ » ។១
ខារ៉ូល អិម ស្ទេហ្វិន ទីប្រឹក្សាទីមួយក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅមានប្រសាសន៍ថា « នៅក្នុងនគរនៃ [ ជីវិតមុនផែនដី ] យើងបានរៀនអំពីអត្តសញ្ញាណនៃភាពជាស្ត្រីដ៏អស់កល្បជានិច្ចរបស់យើង ។
« ដំណើរនៃជីវិតរមែងស្លាប់របស់យើងមកកាន់ផែនដីនេះពុំផ្លាស់ប្តូរសេចក្តីពិតទាំងនោះឡើយ » ។២
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ស្គាល់ឈ្មោះរបស់អ្នក និង ស្គាល់ពីកាលៈទេសៈនានារបស់អ្នក » ។ « ទ្រង់ស្ដាប់ឮការអធិស្ឋានរបស់អ្នក ។ ទ្រង់ត្រាស់ដឹងអំពីសេចក្តីសង្ឃឹម និង ក្តីសុបិនរបស់អ្នក រួមទាំងសេចក្តីភ័យខ្លាច ព្រមទាំងការលំបាកនានារបស់អ្នក » ។៣
ស៊ិស្ទើរ ស្ទេហ្វិន មានប្រសាសន៍ថា « យើងម្នាក់ៗ ជាសមាជិក និង មានចំណែកយ៉ាងសំខាន់ក្នុងក្រុមគ្រួសាររបស់ព្រះ ។ « ក្រុមគ្រួសារទាំងអស់នៅលើផែនដីខុសៗពីគ្នា ។ ហើយនៅពេលយើងព្យាយាមអស់ពីសមត្ថភាព ដើម្បីបង្កើតទំនៀមទម្លាប់គ្រួសារដ៏រឹងមាំ នោះសមាជិកភាពនៅក្នុងក្រុមគ្រួសាររបស់ព្រះ គឺមិនអាស្រ័យទៅលើស្ថានភាពប្រភេទណាមួយ — ដូចជាស្ថានភាពអាពាហ៍ពិពាហ៍ ស្ថានភាពហិរញ្ញវត្ថុ ស្ថានភាពសង្គម ឬ ស្ថានភាពដែលយើងចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ » ។៤
បទគម្ពីរបន្ថែម
ចេញពីប្រវត្តិសាស្ត្ររបស់យើង
នៅក្នុងដំណើររឿងនៃការនិមិត្តដំបូង៥ ព្យាការីយ៉ូសែប ស្ម៊ីធបញ្ជាក់ពីសេចក្តីពិតជាច្រើន — ដោយរួមមានថា ព្រះវរបិតាសួគ៌របស់យើងស្គាល់ឈ្មោះយើង ។
យ៉ូសែប វ័យក្មេងមានការលំបាកដើម្បីដឹងថាព្រះវិហារណាមួយត្រូវចូលរួម ហើយបានរកឃើញការណែនាំនៅក្នុងគម្ពីរយ៉ាកុប ១:៥ ។ យ៉ូសែប បានសម្រេចចិត្តថាលោកនឹងសួរដល់ព្រះ ។
នាព្រឹកមួយនៃនិទាឃរដូវក្នុងឆ្នាំ ១៨២០ លោកបានចូលទៅក្នុងព្រៃ ដើម្បីអធិស្ឋាន ប៉ុន្តែនៅមួយរំពេចនោះលោកត្រូវបានគ្របសង្កត់ដោយអំណាចខ្មៅងងឹតណាមួយ ។ ស្តីអំពីរឿងនោះ លោកបានសរសេរ ៖
« នៅខណៈការភ្ញាក់ផ្អើលដ៏មហិមានេះ ស្រាប់តែខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀតដែលចុះសន្សឹមៗមកចំលើរូបខ្ញុំ ។
« នៅពេលរស្មីនោះលេចមកមិនយូរប៉ុន្មាន ស្រាប់តែខ្ញុំបានឃើញថា ខ្ញុំបានរួចពីខ្មាំងសត្រូវដែលបានចងខ្ញុំទុក ។ កាលពន្លឺស្ថិតចំពីលើរូបខ្ញុំ ខ្ញុំបានឃើញតួអង្គពីរដែលមានរស្មី និង សិរីរុងរឿងដែលពុំអាចពណ៌នាបានឈរនៅអាកាសពីលើរូបខ្ញុំ ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា — នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់ទ្រង់ចុះ !» ( យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:១៦–១៧ ) ។