ប្រាក់ពេសូសម្រាប់ ព្រះវរបិតាសួគ៌
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ខារ៉ូឡាញណាខាងជើង ស.រ.អា. ។
« រក្សាបទបញ្ញត្តិ ។ ព្រោះនាំឲ្យមានសុវត្ថិភាព និង ក្តីសុខសាន្ត » ( សៀវភៅចម្រៀងកុមារ ១៤៦ ) ។
អាណាបានទំពាបន្ទះនំថតធីឡាមួយម៉ាត់ចុងក្រោយរបស់ខ្លួន ។ វាទន់ ហើយឆ្ងាញ់ ។ អាណាចូលចិត្តបន្ទះនំថតធីឡារបស់ជីដូននាងណាស់ ។ វាជាអាហារពេលព្រឹកដ៏ល្អបំផុត ។
អាណាបានមើលជីដូនអាប៊ុយឡាលាងចាន ។
វាដូចជាព្រឹកធម្មតាផ្សេងទៀតដែរ ។ ប៉ុន្តែមានអ្វីមួយដែលមិនដូចគ្នាឡើយ ។
អាប៊ុយឡាតែងដើរទៅផ្សារដើម្បីទិញអាហារ ។ ប៉ុន្តែថ្ងៃនេះគាត់មិនទៅផ្សារទេ ។ ថ្ងៃនេះគ្មានប្រាក់ទិញអាហារឡើយ ។
« តើយើងនឹងញុំាអ្វីនៅថ្ងៃស្អែក ? » អាណាបានការងឿងឆ្ងល់ ។
ក្រោយមកអាណាបានចាំ ។ នាងបានដឹងពីកន្លែងដែលមានប្រាក់ខ្លះ ! យប់មិញនាងបានឃើញ អាប៊ុយឡាបានដាក់ប្រាក់ពេសូមួយចំនួននៅក្នុងអាវ-សតូចមួយ ។
« អាប៊ុយឡា តើលោកយាយភ្លេចហើយមែនទេ ? លោកយាយមានប្រាក់ទិញអាហារ »។
« ប្រាក់អ្វីទៅ ? » អាប៊ុយឡាបានសួរ ។
អាណាបានរត់ទៅយកប្រាក់នោះ ។ នាងបានក្រឡុកកាបូបតូចដែលមានប្រាក់កាក់នោះ ។ គ្លីង ! គ្លីង !
អាប៊ុយឡាបានញញឹម ។ « នោះគឺជាដង្វាយមួយភាគក្នុងដប់របស់យើងទេ អាណា ។ នោះគឺជាប្រាក់ របស់ទ្រង់ ទេ » ។
« ប៉ុន្តែតើយើងនឹងញុំាអ្វីនៅថ្ងៃស្អែក ? » អាណាបានសួរ ។
អាប៊ុយឡាបាននិយាយថា « កុំបារម្ភអី » ។ « យាយជឿថាព្រះវរបិតាសួគ៌នឹងជួយយើង » ។
នៅព្រឹកបន្ទាប់អាប៊ុយឡាបានឲ្យអាណានូវបន្ទះនំថតធីឡាពោតចុងក្រោយបង្អស់ ។ ក្រោយមកគាត់បានអង្គុយចុះលើកៅអី ។ គាត់បានដេរផ្កាពណ៌ក្រហមនៅលើរ៉ូបមួយ ហើយបាននិទានរឿងប្រាប់កាល ពីគាត់នៅក្មេង ។ គាត់មើលទៅមិនបារម្ភសោះ ។
ក្រោយមកអាណាឮសំឡេងគោះទ្វារ ។ នាងបានរត់ទៅបើកទ្វារ ។
« លោកអ៊ុំពេច្រូ ! »
លោកអ៊ុំពេច្រូបាននិយាយថា « អ៊ុំមានអារម្មណ៍ថាអ៊ុំគួរតែសួរសុខទុក្ខអ្នកទាំងពីរ » ។ គាត់បានដាក់ថង់បីនៅលើតុ ។ មួយថង់មានម្សៅពោតសម្រាប់ធ្វើបន្ទះនំថតធីឡា ។ មួយថង់ទៀតជាសាច់ ។ មួយថង់ទៀតជាបន្លែស្រស់មកពីផ្សារ ។
អាប៊ុយឡាបាននិយាយថា « អូ៎ កូនប្រុសជាទីស្រឡាញ់របស់ម្ដាយអើយ » ។ « ម្ដាយនឹងចំអិនសម្លសាច់ប្រហិតយ៉ាងឆ្ងាញ់ ! »
លោកអ៊ុំពេច្រូបាននិយាយថា « សម្លរបស់ម៉ែគឺជាសម្លដែលឆ្ងាញ់ជាងគេបំផុតនៅលើលោកនេះ » ។
អាណាបានសើច ហើយទះដៃ ។
បន្ទាប់មកនាងបានឈប់ ។ មានអ្វីមួយទៀតដែលនាងចង់ដឹង ។ « អាប៊ុយឡា តើលោកយាយបានដឹងថាលោកអ៊ុំពេច្រូនឹងមកថ្ងៃនេះមែនទេ ? តើនោះជាមូលហេតុដែលលោកយាយពុំបារម្ភឬ ?
អាប៊ុយឡានិយាយថា « អត់ទេ » ។ នៅពេលដែលយាយថ្វាយដង្វាយមួយភាគក្នុងដប់របស់យាយ យាយមានជំនឿថា ព្រះវរបិតាសួគ៌នឹងប្រទានពរជ័យដល់យាយ ។ ហើយទ្រង់ពិតជាបានប្រទានមែន ! »
អាណាបានឱបអាប៊ុយឡា ។ នាងមានអារម្មណ៍ថាជាក្មេងស្រីដែលមានសុភមង្គលបំផុតនៅក្នុងប្រទេសម៉ិកស៊ិក ។ នាង និង អាប៊ុយឡាមានសេចក្តីជំនឿលើព្រះវរបិតាសួគ៌ ។ ឥឡូវនេះនាងអាចរង់ចាំញុំាសម្លដ៏ឆ្ងាញ់របស់អាប៊ុយឡាបានហើយ !