អ្នកផ្សព្វផ្សាយសាសនារៀមច្បង ៖ មានគេត្រូវការ ត្រូវបានប្រទានពរ និង ត្រូវបានស្រឡាញ់
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាគូស្វាមីភរិយា កាន់តែអាចបត់បែនបាន ចំណាយតិច និង ជាបទពិសោធន៍ដ៏សែនរីករាយជាងអ្វីដែលអ្នកគិតទៅទៀត ។
« តើអ្នកអាចមក ហើយជួយបានទេ ? »
វាគឺជាសំណួរមួយដែលហ្គើរ៉ល និង ឡណា ម៉មរ៉ូស មកពី វ៉ាស៊ីនតោន ស.រ.អា.បានឆ្លើយកាលពីលើកមុន ។ ពួកគេបានឆ្លើយថា បាន នៅពេលអតីតប៊ីស្សពរបស់ខ្លួន ដែលឥឡូវជាប្រធានបេសកកម្ម បានស្នើសុំប្រសិនបើពួកគេអាចបម្រើជាមួយគាត់នៅវ៉េស អ៊ីនឌី ។ ពួកគេបានឆ្លើយថា បានម្តងទៀតនៅពេលប្រធានស្តេករបស់ពួកគេបានហៅពួកគេឲ្យបំពេញការបម្រើបេសកកម្មមួយនៅទីស្នាក់ការកណ្តាលរបស់សាសនាចក្រនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ស.រ.អា.ដោយធ្វើការជាមួយកុំព្យូទ័រ និង ធនធានមនុស្ស ។
នៅពេលអតីតប៊ីស្សព និង ប្រធានបេសកកម្មរបស់ពួកគេឈ្មោះ រីត រ៉ូប៊ីនសុន បានហៅពួកគេជាថ្មីម្តងទៀត ដែលលើកនេះឲ្យបម្រើជាប្រធាននៃមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនានៅ អាក្រា ហ្គាណា គាត់បានសុំប្រសិនបើស្វាមីភរិយាឈ្មោះម៉មរ៉ូសនេះនឹងជួយបម្រើសារជាថ្មីម្តងទៀត ។
អែលឌើរ ម៉មរ៉ូសនិយាយថា « យើងបានដឹងថាយើងអាចទុកចិត្តលើព្រះអម្ចាស់ » ។ « ដូច្នេះយើងបានសម្រេចចិត្តដើម្បីទុកចិត្តទ្រង់ម្តងទៀត » ។ ពួកគេបានឆ្លើយថា បាន ដោយបានបំពេញទម្រង់បែបបទ ទទួលការហៅរបស់ខ្លួន ហើយមិនយូរប៉ុន្មានបានទៅដល់ប្រទេសហ្គាណា ។
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បង
បទពិសោធន៍របស់គូស្វាមីភរិយាម៉មរ៉ូស បង្ហាញពីគោលការណ៍មួយចំនួនអំពីការបម្រើបេសកកម្មជាអ្នកផ្សព្វផ្សាយសាសនារៀមច្បង ដែលពុំអាចយល់បានទាំងស្រុងឡើយ ៖
-
បេសកកម្មមានពីរបែប ៖ ( ១ ) ប្រធានសាសនាចក្រហៅអ្នកផ្សព្វផ្សាយសាសនារៀមច្បង ឲ្យបម្រើទោះបីជានៅផ្ទះខ្លួនផ្ទាល់ ឬ ទៅឆ្ងាយពីផ្ទះក្តី ។ ( ២ ) ប្រធានស្តេកហៅអ្នកផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មសាសនាចក្រ ដើម្បីបំពេញតម្រូវការក្នុងមូលដ្ឋាន ឬ ក្នុងតំបន់ក្រៅម៉ោង ចាប់ពី៨ ម៉ោងទៅដល់ ៣២ម៉ោងក្នុងមួយសប្តាហ៍ ។ ជាទូទៅពួកគេរស់នៅ និង បម្រើនៅក្នុងមូលដ្ឋាន ប៉ុន្តែពេលខ្លះ អាចបម្រើនៅឆ្ងាយពីផ្ទះ ។
-
ប្រធានបេសកកម្មត្រូវបានលើកទឹកចិត្តឲ្យស្វែងរកអ្នកផ្សព្វផ្សាយសាសនារៀមច្បង ដែលអាចបំពេញនូវសេចក្តីត្រូវការនៅក្នុងបេសកកម្មរបស់ខ្លួន ហើយអ្នកផ្សព្វផ្សាយសាសនារៀមច្បងអាចបង្ហាញពីចំណូលចិត្តរបស់ខ្លួន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា « យើងពុំបាននិយាយថាគូស្វាមីភរិយាអាចរើសយក និង ជ្រើសរើសការចាត់តាំងបម្រើបេសកកម្មរបស់ខ្លួនដោយខ្លួនឯងបានឡើយ » ។ « ការហៅគឺនៅតែជាការហៅ ។ … [ ប៉ុន្តែ ] យើងនិយាយពីអ្នកផ្សាយសាសនារៀមច្បងរបស់យើងអំពីចំណូលចិត្តនៃការបម្រើរបស់ពួកគេ ហើយគ្រប់ការពិចារណាទាំងអស់ត្រូវបានផ្តល់ឲ្យ ដើម្បីឲ្យពួកគេបម្រើនៅកន្លែង និង របៀបដែលពួកគេចង់បម្រើ » ។១
-
ប្រធានបេសកកម្មប្រឹក្សាជាមួយគូស្វាមីភរិយានោះអំពីរបៀបដ៏ល្អបំផុត ដើម្បីប្រើជំនាញ និង សមត្ថភាពរបស់ពួកគេ ។ ប្រធានរ៉ូប៊ីនសុនមានប្រសាសន៍ថា « ដើម្បីមានបទពិសោធន៍កាន់តែមានន័យខ្លាំងបំផុតក្នុងនាមជាអ្នកផ្សាយសាសនារៀមច្បង នោះ អ្នកត្រូវតែមានឱកាសដើម្បីធ្វើការទាំងនៅក្នុងតំបន់ ដែលអ្នកចង់បម្រើ និង កន្លែងដែលអ្នកមានកម្រិតជំនាញមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានគុណសម្បត្តិជាច្រើនដើម្បីផ្តល់ឲ្យ » ។
ឧទាហរណ៍ ប្រធានរ៉ូប៊ីនសុនបានដឹងថា អែលឌើរម៉មរ៉ូស និយាយភាសាបារាំង ពិតជាមានប្រយោជន៍ណាស់ ដោយសារជនជាតិអាហ្វ្រិកជាច្រើននិយាយភាសាបារាំង ។ ប្រធានរ៉ូប៊ីនសុនមានប្រសាសន៍ថា « ខ្ញុំបានស្រមៃឃើញថាគាត់កំពុងតែចុះប្រឡូកក្នុងកិច្ចការនៃការធ្វើដំណើរ និង ធ្វើទិដ្ឋាការសម្រាប់អ្នកផ្សព្វផ្សាយសាសនា » ។ « ប៉ុន្តែនៅពេលដែលគាត់បានមកដល់ពីនេះ ខ្ញុំមានអារម្មណ៍ថា នោះពុំមែនជាចំណាប់អារម្មណ៍ពិតប្រាកដរបស់គាត់ឡើយ ។ ដូច្នេះខ្ញុំបានអញ្ជើញគាត់ឲ្យប្រើជំនាញកុំព្យូទ័ររបស់គាត់ ។ គាត់បានជួយយើងអស់ជាច្រើនម៉ោង » ។ អែលឌើរ ម៉មរ៉ូស ក៏ជួយអ្នកផ្សព្វផ្សាយសាសនាផងដែរ ជាពិសេសអ្នកផ្សព្វផ្សាយសាសនានិយាយភាសាបារាំង រៀបចំឈ្មោះ និង ធ្វើកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់គ្រួសាររបស់ពួកគេ ។ ស៊ីស្ទើរ ម៉មរ៉ូស ជាជំនួយការពេទ្យ ត្រូវបានចាត់ឲ្យធ្វើការជាមួយវេជ្ជបណ្ឌិត និង គិលានុបដ្ឋានិយកាបេសកកម្ម ។
ទ្រង់រៀបចំផ្លូវ
ដូចជាគូស្វាមីភរិយាម៉មរ៉ូសផងដែរ នោះគូស្វាមីភរិយាដទៃផ្សេងទៀតឃើញថា នៅពេលយើងទុកចិត្តលើព្រះអម្ចាស់ នោះទ្រង់រៀបចំផ្លូវដល់យើង ។ នោះគឺជាអ្វីដែលបានកើតឡើងចំពោះ អាលវិន និង កូរ៉ាស្សូន រីតាមកពីកាវីត ខាវីត នៅក្នុងប្រទេសហ្វីលីពីន ។
អែលឌើរ រីតា ពន្យល់ថា « ពីរឆ្នាំពីមុនការសម្រេចចិត្តរបស់យើង ដើម្បីបម្រើ នោះយើងបានចាប់ផ្តើមរៀបចំផែនការយ៉ាងម៉ត់ចត់ សម្រាប់ជំនួញគ្រួសាររបស់យើង » ។ « កូនប្រុសស្រីរបស់យើងបានបញ្ចប់មហាវិទ្យាល័យ ហើយអាចធ្វើកិច្ចការជំនួសពួកយើង ប៉ុន្តែយើងបានឆ្ងល់ថា តើនរណានឹងដោះស្រាយបញ្ហាជំនួញ និង ប្រតិកម្មដែលអតិថិជនមានចំពោះផែនការរបស់យើង ។
ស៊ិស្ទើរ រីតាក៏ព្រួយបារម្ភពីការទៅចោលម្តាយចាស់ជរារបស់គាត់ផងដែរ ។ គាត់និយាយថា « ខ្ញុំភ័យខ្លាចថាយើងអាចបាត់បង់គាត់ អំឡុងពេលដែលយើងចេញទៅឆ្ងាយនោះ » ។ « ខ្ញុំក៏បានមានអារម្មណ៍ទន់ខ្សោយ ចំពោះការអញ្ជើញឲ្យបង្រៀនដំណឹងល្អផងដែរ » ។
ពួកគេបានប្រឹក្សាជាមួយប៊ីស្សពរបស់ខ្លួន និង ជាមួយគូស្វាមីភរិយាមួយគូដែលទើបតែបានបម្រើថ្មីៗនៅ ដាវ៉ោ ។ ស៊ីស្ទើរ រីតានិយាយថា « ពួកគេទាំងអស់គ្នាបានថ្លែងទីបន្ទាល់យ៉ាងរឹងមាំថា ព្រះអម្ចាស់នឹងដឹកនាំគូស្វាមីភរិយានិមួយៗ ឲ្យដឹងពីរបៀបដើម្បីដោះស្រាយកិច្ចការនៅឯផ្ទះខ្លួន ក្រុមគ្រួសារ និង ថវិកាសម្រាប់បេសកកម្មរបស់ខ្លួន » ។
អែលឌើរ រីតា និយាយថា « នៅពេលយើងស្វែងរកការណែនាំ នោះក្តីបារម្ភរបស់យើងត្រូវបានដោះស្រាយ — អាជីវកម្មរបស់យើងបានលូតលាស់ទៅមុខយ៉ាងរលូនទោះបីជាមានឧបសគ្គក្តី អតិថិជនរបស់យើងបង្ហាញសេចក្តីអំណរ និង ការគាំទ្រ ហើយគ្រួសាររបស់យើងបានខិតកាន់តែជិតព្រះនៅក្នុងការថែទាំដល់ម្តាយរបស់យើងដែលឈឺ ។ យើងបានចាប់ផ្តើមយល់ថាព្រះអម្ចាស់ពិតជានឹងជួយយើង » ។
ឥឡូវនេះគូស្វាមីភរិយារីតាបម្រើជាសមាជិក និង គាំទ្រថ្នាក់ដឹកនាំនៅក្នុងបេសកកម្មហ្វីលីពីន កាហ្គាយ៉ាន ឌឺ អូរ៉ូ ។
មានអ្វីជាច្រើនដែលអ្នក អាច ធ្វើបាន
គូស្វាមីភរិយាមួយចំនួនឆ្ងល់អំពីដែនកំណត់នៃបញ្ហាខាងសាច់ឈាម ប៉ុន្តែខែស និងជែននីលីន ម៉ៅអើមែនមកពីរដ្ឋ យូថាហ៍ ស.រ.អា. ពុំមានមន្ទិលសង្ស័យពីបញ្ហានោះឡើយ ។ ជាច្រើនឆ្នាំកន្លងទៅ បួនខែបន្ទាប់ពីពួកគេបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ឡូស អាន់ជើឡែស កាលីហ្វូញ៉ា នោះខែសត្រូវបានកេណ្ឌទៅធ្វើទាហាន ហើយបញ្ជូនទៅកាន់សមរភូមិ ។ ជាអ្នកដឹកនាំក្រុមទ័ពអាកាស នោះគាត់ដើរនាំមុខគេនៅមុខទាហានដទៃ នៅពេលពេលចម្ការមីនបានផ្ទុះឡើង ។ គាត់បានកំបុតជើងទាំងពីររបស់ខ្លួន ។ នៅពេលគាត់ត្រឡប់ទៅផ្ទះវិញ នោះ ជែននីលីនបានស្ទុះយ៉ាងលឿនទៅគ្រាគាត់ ។
ខែសនិយាយថា « ខ្ញុំបានដឹងថាខ្ញុំពុំព្រួយបារម្ភអ្វីឡើយ ដោយសារយើងមានអាពាហ៍ពិពាហ៍អស់កល្បជានិច្ចហើយ » ។ ភរិយារបស់ខ្ញុំបានគាំទ្រខ្ញុំរហូតមក ។ គាត់នៅតែគាំទ្រខ្ញុំរៀងរាល់ថ្ងៃ » ។
នៅពេលស៊ីស្ទើរ ម៉ៅអើមែនបានចូលនិវត្តន៍ ពួកគេបានសម្រេចចិត្តបម្រើបេសកកម្ម ។ ប៉ុន្តែតើការកំបុតជើងទាំងគូរបស់អែលឌើរ ម៉ៅអើមែនអាចជាបញ្ហាឬទេ ? គាត់និយាយថា « តែងតែមានរឿងជាច្រើនដែលខ្ញុំ ពុំអាច ធ្វើវាបាន ប៉ុន្តែក៏មានរឿងជាច្រើនទៀតដែលខ្ញុំ អាច ធ្វើបាន នោះយើងបានដឹងថានឹងមានកន្លែងមួយសម្រាប់យើង » ។
អំឡុងពេលបំពេញទម្រង់បែបបទរបស់ខ្លួន គាត់បានគូសសញ្ញាកែងលើប្រអប់មួយដែលបញ្ជាក់ថាគាត់បានបម្រើនៅក្នុងជួរកងទ័ព ។ មិនយូរប៉ុន្មាន ពួកគេបានទទួលការហៅមួយមកពីសម្ព័ន្ធយោធាសាសនាចក្រ ។ « ខ្ញុំមានអត្តសញ្ញាណប័ណ្ណមួយដែលអនុញ្ញាតឲ្យយើងចូលក្នុងបន្ទាយទាហាន ដូច្នេះពួកគេបានស្នើសុំការអនុញ្ញាតពីយើងដើម្បីណែនាំយើងសម្រាប់សម្ព័ន្ធយោធាបេសកកម្ម » ។
គូស្វាមីភរិយាត្រូវបានហៅឲ្យបម្រើនៅឯបន្ទាយទាហាននៅក្នុងរដ្ឋ ខារ៉ូលីណាខាងជើង ស.រ.អា. ។ អែលឌើរ ម៉ៅអើមែនរំឭក ៖ « សញ្ញានៅឯទ្វារចូលដាក់ថា ‹ បន្ទាយប្រាក គេហដ្ឋាននៃទាហានអាកាស › ។ នៅពេលអ្នកយាមបានស្វាគមន៍យើងដោយបាវចនាទ័ពអាកាស ‹ តាំងពីដើមទីរហូតដល់ចប់ ! › នោះវាគឺជាលើកដំបូងហើយដែលខ្ញុំបានស្តាប់ឭពាក្យនោះអស់ពេលជាច្រើនឆ្នាំមកហើយ ។ ខ្ញុំមានអារម្មណ៍កក់ក្តៅ បើទោះបីជាខ្ញុំពុំធ្លាប់ទៅបន្ទាយប្រាកក្តី ។ ខ្ញុំដឹងថាបេសកកម្មរបស់យើងគឺត្រូវនឹងយើងម៉ាច់តែម្តង ហើយថាព្រះអម្ចាស់មានព្រះទ័យគិតគូរពីខ្ញុំ » ។
ស៊ីស្ទើរ ម៉ៅអើមែននិយាយថា « យើងបានបង្រៀនមេរៀនអំពីការប្រែជាមានភាពខ្លួនទីពឹងខ្លួន និង ភាពរឹងមាំ ព្រមទាំងអំពីការពង្រឹងដល់អាពាហ៍ពិពាហ៍ » ។ « ដំបូងយើងពុំចង់ចែកចាយរឿងរបស់យើងឡើយ ប៉ុន្តែយើងបានឃើញថាការចែកចាយពីវាបានធ្វើឲ្យមានការផ្លាស់ប្តូរ ។ ពួកទាហាន និង ប្តីប្រពន្ធរបស់ពួកគេបានមើលមកយើង ហើយនិយាយថា ‹ ប្រសិនបើអ្នកអាចធ្វើវាបាន នោះយើងក៏អាចធ្វើវាបានផងដែរ › » ។
គូស្វាមីភរិយាម៉ៅអើមែន មាននូវបទពិសោធន៍វិជ្ជមានបែបនោះនៅ ខារ៉ូលីណាខាងជើង ដែលពួកគេត្រូវបានស្នើសុំឲ្យបម្រើជាថ្មីម្តងទៀត ។ សព្វថ្ងៃនេះពួកគេធ្វើដំណើរប្រហែល ៦៤គីឡូម៉ែត្រពីផ្ទះរបស់ខ្លួននៅទីក្រុង អូរិមទៅទីក្រុង សតល៍ លេក ពីរដងក្នុងមួយសប្តាហ៍ដើម្បីបម្រើនៅក្នុងការិយាល័យសម្ព័ន្ធយោធាសាសនាចក្រ ។ ពួកគាត់ក៏បង្រៀនអ្នកផ្សព្វផ្សាយសាសនារៀមច្បងនៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនានៅទីក្រុង ប្រូវ៉ូ ជាកន្លែងដែលពួកគេឃើញថា ក្រុមនិមួយៗ រួមទាំងបុគ្គលម្នាក់បានយកឈ្នះលើឧបសគ្គនានាដើម្បីបម្រើ ។
ភាសានៃសាកលលោក
ដោយបានហៅឲ្យបម្រើនៅបេសកកម្មប្រេស៊ីល ឃ្វីអាបា នោះរ៉ានឌី និង លូ អេលែន រ៉ូមរែលមកពីយូថាហ៍មានការព្រួយបារម្ភ ។ ទោះបីជាអែលឌើរ រ៉ូមរែលធ្លាប់បានបម្រើនៅក្នុងប្រទេសប្រេស៊ីលកាលពីនៅក្មេងក្តី ក៏គាត់ពុំសូវចេះភាសាព័រទុយហ្គាយច្រើនទៀតឡើយ ។ ហើយស៊ីស្ទើររ៉ូមរែលពុំចេះភាសាព័រទុយហ្គាយសោះ ។ ប៉ុន្តែដោយការសិក្សា និង ការខិតខំបានជួយឲ្យជំនាញភាសាព័រទុយហ្គាយរបស់អែលឌើរ រ៉ូមរែលត្រឡប់ទៅរកភាពដើមវិញ ហើយភាសាព័រទុយហ្គាយរបស់ស៊ីស្ទើររ៉ូមរែលវិញក៏រីកចម្រើនផងដែរ ។ ពួកគេក៏ចេះលេងហ្គីតា អូគូឡេឡេបានប្រសើរផងដែរ ។
ស៊ីស្ទើរ រ៉ូមរែលនិយាយថា « ខ្ញុំពុំបានមានគម្រោងយកវាទៅជាមួយខ្ញុំឡើយ ប៉ុន្តែអែលឌើរ រ៉ូមរែលត្រូវបានបំផុសគំនិតឲ្យយកវាទៅ ហើយវាពិតជាអស្ចារ្យណាស់ដែលឃើញពីអ្វីដែលបានកើតឡើង » ។ នៅពេលយើងបង្រៀនសាសនាគន់ការី ហើយធ្វើកិច្ចការដើម្បីឲ្យសកម្មឡើងវិញ ព្រមទាំងការរាប់អាន វាសប្បាយណាស់ដើម្បីលេងហ្គីតានោះដើម្បីឲ្យមនុស្សច្រៀងទំនុកតម្កើង ។ យើងរៀនភាសានោះ ហើយទំនុកតម្កើងបាននាំមកនូវព្រះវិញ្ញាណដ៏អស្ចារ្យជាមួយពួកគេ » ។
ទោះបីជាជំនាញភាសាព័រទុយហ្គាយរបស់នាងនៅតែកំពុងអភិវឌ្ឍក្តី គាត់បានច្រៀងយ៉ាងរលូន ។ គាត់និយាយថា « តន្ត្រីនាំឲ្យមនុស្សជួបជុំគ្នា » ។ « ទោះបីជាខ្ញុំពុំអាចយល់អ្វីគ្រប់យ៉ាងដែលពួកគេនិយាយអំឡុងពេលជួបគ្នាក្តី ក៏នៅពេលច្រៀងពួកយើងបានយល់គ្នា » ។ ដោយបានអញ្ជើញឲ្យនិយាយនៅក្នុងថ្នាក់អំពីបុណ្យជាតិរបស់អាមេរិកគឺបុណ្យថ្លែងអំណរគុណ នោះអ្នកផ្សព្វផ្សាយសាសនារៀមច្បង រ៉ូមរែល បានច្រៀងទំនុកតម្កើងនៃការថ្លែងអំណរគុណ — ដោយលេងហ្គីតាអូគូឡេឡេ ។ ហើយស៊ីស្ទើររ៉ូមរែលក៏ប្រើឧបករណ៍សាមញ្ញបន្ថែមមួយដែល គឺព្យាណូដើម្បីច្រៀងទំនុកតម្កើងនៅព្រះវិហារ ។
ចុះភាសាព័រទុយហ្គាល់វិញ ? គាត់និយាយថា « ទោះបីជាអ្នកមិនចេះស្ទាត់ក្តី ការរៀនតែពីរបីពាក្យនឹងជួយហើយ » ។ « ការនិយាយតែពាក្យសាមញ្ញដូចជាសួស្តី និង ការស្វាគមន៍មនុស្សនឹងមានឥទ្ធិពលយ៉ាងខ្លាំង ។ ចូរឲ្យពួកគេដឹងថាអ្នកកំពុងរៀនវា ។ សូមរៀនតាមសម្រួល ហើយពឹងផ្អែកលើព្រះវិញ្ញាណ » ។ ពិតមែនហើយ ព្រះវិញ្ញាណគឺជាភាសាមួយផ្សេងទៀតដែលមនុស្សគ្រប់គ្នាអាចចេះ ។
ការបម្រើនៅផ្ទះ
ប៉ុល និង ម៉ា ជីន លេវីស មកពីរដ្ឋយូថាហ៍ បានបម្រើបេសកកម្មបីដងហើយ ( ព្រះវិហារបរិសុទ្ធប៉ាល់ម៉ៃរ៉ា នូវ យ៉ោក ព្រះវិហារបរិសុទ្ធហុងកុង ប្រទេសចិន និង នៅក្រូអាត ស៊ើរបៀន និង ស្លូវេនី ជាមួយថ្នាក់សិក្ខាសាលា និង វិទ្យាស្ថានសាសនា ) ។ ពួកគេបានរៀបចំបម្រើបេសកកម្មមួយទៀត នៅពេលប្រធានស្តេករបស់ពួកគេបានសុំ « តើអ្នកមានបំណងដើម្បីបម្រើនៅក្នុងស្តេកខ្លួនផ្ទាល់ ដើម្បីគាំទ្រដល់បេសកកម្មដែលអ្នកកំពុងរស់នៅនេះទេ ? »
ស៊ិស្ទើរ លេវីសនិយាយថា « យើងជាអ្នកចំណូលថ្មីនៅទីនេះ ដូច្នេះវាគឺជាឱកាសដ៏អស្ចារ្យ » ។ « យើងបម្រើជាមួយអែលឌើរ និង ស៊ីស្ទើរវ័យក្មេង ដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយប្រធានបេសកកម្ម ទៅប្រជុំមណ្ឌល និង តំបន់ ហើយធ្វើការជាមួយអ្នកដឹកនាំបេសកកម្មវួដ » ។ ពួកគេក៏ទៅសួរសុខទុក្ខសាសនាគន់ការី និង អស់អ្នកដែលមិនសូវសកម្ម ។
ស៊ិស្ទើរ លេវីសនិយាយថា « យើងបានជួបមនុស្សអស្ចារ្យជាច្រើន យើងនឹងពុំធ្លាប់ស្គាល់ រួមទាំងមនុស្សមួយចំនួនទៀត ដែលបានអសកម្ម ។ ឃើញពួកគេត្រឡប់មកវិញ ទទួលពិធីបរិសុទ្ធ ហើយទៅព្រះវិហារបរិសុទ្ធគឺជាពរជ័យអស្ចារ្យមួយ » ។
អែលឌើរ លេវីសនិយាយថា « មានអ្នកផ្សាយសាសនារៀមច្បងជាច្រើន នៅពេលពួកគេគិតអំពីការបម្រើបេសកកម្ម នោះពួកគេបារម្ភពីអ្វីដែលពួកគេនឹងធ្វើនៅផ្ទះរបស់ខ្លួន និង ឡានរបស់ខ្លួន ឬ អ្វីៗដែលពួកគេនឹងនឹកដល់គ្រួសាររបស់ពួកគេ » ។ « យើងអាចរស់នៅក្នុងផ្ទះរបស់យើង ហើយបើកឡានរបស់យើងផ្ទាល់ ។ យើងត្រូវបានលើកទឹកចិត្តឲ្យទៅសកម្មភាពរាត្រីជួបជុំក្រុមគ្រួសារ ដរាបណាកម្មវិធីនោះមិនប៉ះពាល់ដល់ទំនួលខុសត្រូវរបស់អ្នកផ្សព្វផ្សាយសាសនា ។ ហើយយើងក៏បាននៅទីនេះរហូតដល់ចៅរបស់យើងម្នាក់កើតផងដែរ » ។
ពរជ័យដល់គ្រួសារ
ម្យ៉ាងវិញទៀត ជីល និង ខេន សូរែនសិន ដែលមកពីស្តេកជាមួយគ្នា បាននិយាយពីរបៀបដ៏ល្អបំផុតដើម្បីពង្រឹងគ្រួសារខ្លួន ដែលបានបម្រើនៅឆ្ងាយពីផ្ទះខ្លួន ។ ស៊ិស្ទើរ សូរែនសិននិយាយថា « ការដោះសារមួយដ៏ធំដែលស្វាមីភរិយាបានធ្វើនោះ គឺ ថាខ្លួនបដិសេធពុំទៅបេសកកម្មនោះដោយសារមានចៅ កូនរៀបការមានបញ្ហា កូនស្រីនឹងមានគ៌រ ឪពុកម្តាយចាស់ — អ្នកនឹងមានរឿងដោះសារគ្រប់បែបយ៉ាង ។ គ្រួសារគឺជាអាទិភាព ហើយអ្នកនឹកពួកគេរៀងរាល់ថ្ងៃ ។ ប៉ុន្តែការទៅបេសកកម្មគឺជាកាបញ្ជូននូវសារលិខិតដ៏មានអនុភាព ថាកិច្ចការអ្នកផ្សព្វផ្សាយសាសនាក៏សំខាន់ផងដែរ ។
ក្រៅពីនោះ អែលឌើរ សូរែនសិនបានកត់សម្គាល់គឺថា « ឥឡូវនេះមានរបៀបជាច្រើនដើម្បីបន្តទាក់ទងគ្នា ដែលអ្នកអាចប្រើវាបានគ្រប់ពេល » ។
ដំណើរជីវិតជាអ្នកផ្សព្វផ្សាយសាសនារបស់គូស្វាមីភរិយា សូរែនសិនបានចាប់ផ្តើមកាលពីបីឆ្នាំកន្លងទៅ នៅពេលប៊ីស្សពរបស់ពួកគេបានសុំពួកគេឲ្យធ្វើជាម្ចាស់កម្មវិធីប្រជុំពិសេស សម្រាប់គូស្វាមីភរិយាដែលបម្រុងនឹងបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ ស៊ីស្ទើរ សូរែនសិននិយាយថា « បន្ទាប់ពីនិយាយពីការបម្រើនោះជាទៀងទាត់មក ពួកយើងត្រូវទៅបេសកកម្មដោយខ្លួនឯង ! » ពួកគេបានទទួលការហៅឲ្យបម្រើនៅក្នុងក្រុមកោះឃុក ដែលជីដូនជីតារបស់ជីលបានបម្រើកាលពី៥០ឆ្នាំមុន ។
សព្វថ្ងៃនេះ ក្នុងចំណោមកិច្ចការផ្សេងទៀត នោះពួកគេត្រូវបានសុំឲ្យបង្រៀនថ្នាក់ព្រះគម្ពីរប៊ីបនៅក្នុងសាលា ។
អែលឌើរ សូរែនសិននិយាយថា « យើងបានជជែកគ្នាអំពីព្រះគ្រីស្ទគឺជាសិលា » ។ « យើងឲ្យថ្មតូចៗទៅសិស្ស ហើយលើកទឹកចិត្តពួកគេឲ្យបន្តរឹងមាំនៅលើព្រះគ្រីស្ទ ។ ឥឡូវនេះ ទីណាក៏ដោយដែលយើងទៅគេនិយាយថា ‹ ថ្មរឹងមាំៗ ! › នៅពេលពួកគេឃើញយើង » ។
មកហើយជួយ
ប្រសិនបើអ្នកគិតបម្រុងទៅបេសកកម្មពេញម៉ោង ឬបេសកកម្មសេវាកម្មសាសនាចក្រ នោះពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងទាំងនេះ នឹងសួរអ្នកនូវសំណួរដូចដែលប្រធាន រ៉ូប៊ីនសុន បានសួរ ហ្គើរ៉ល និង ឡណា ម៉មរ៉ូស ៖ « តើអ្នកអាចមក ហើយជួយបានទេ ? » ហើយពួកគេនឹងប្រាប់អ្នកថា មិនថាអ្នកចូលរួមសកម្មប៉ុណ្ណាក៏ដោយ ការសន្យានេះគឺពិត ៖ អ្នកគឺសំខាន់ អ្នកអាចរួមចំណែក ហើយអ្នកនឹងត្រូវបានប្រទានពរ និង ត្រូវបានស្រឡាញ់ ។