ឆ្នាំ​២០១៦
ការបកប្រែ​ព្រះគម្ពីរ ៖ ឲ្យ​ទៅ​ជា​ភាសា​នៃ​ដួងចិត្ត
April 2016


ការបកប្រែ​ព្រះគម្ពីរ ៖ ឲ្យ​ទៅ​ជា ភាសា នៃ​ដួងចិត្ត​របស់​យើង

បទពិសោធន៍​រាប់​មិន​អស់​បង្ហាញ​ពី​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​បកប្រែ​ព្រះគម្ពីរ​របស់​ទ្រង់ ។

scriptures and woman

រូបថត​នៃ​ទំព័រ​របស់​ព្រះគម្ពីរ​មរមន​ជា​ភាសា​ជប៉ុន ព័រទុយហ្គាយ និង អាល្លឺម៉ង់ ដោយ ឡរ៉ា ស៊ីធ Deseret News

អស់​អ្នក​ដែល​ជាប់​ទាក់ទិន​ក្នុង​ការបកប្រែ​ព្រះគម្ពីរ​ពី​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ដទៃ​ទៀត​ស្គាល់​នូវ​បទពិសោធន៍​នេះ ។ បទពិសោធន៍​នេះ​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត ។

យុវវ័យ​សាសន៍​អាមេនី​ម្នាក់​កាន់​ព្រះគម្ពីរ​មរមន​ក្នុង​ដៃ ដែល​ទើប​នឹង​បាន​បកប្រែ​ថ្មីៗ​នេះ​ជា​ភាសា​របស់​ខ្លួន បាន​ដើរ​សំដៅ​មក​រក​សមាជិក​ម្នាក់​នៃ​ក្រុម​ដែល​បាន​ធ្វើ​ការបកប្រែ​នោះ ។ គាត់​ពោល​ថា « សូម​អរគុណ » ។ « ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ជា​ភាសា​អង់គ្លេស ។ « ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ជា​ភាសា​រុស្ស៊ី ។ ខ្ញុំ​បាន​អាន​វា​ជា​ភាសា​អ៊ុយក្រែន ។ ខ្ញុំ​យល់​វា​ពុំ​ច្បាស់លាស់​ឡើយ រហូត​ដល់​ពេល​ដែល​ខ្ញុំ​អាច​អាន​វា​ជា​ភាសា​អាមេនី​ទើប​ខ្ញុំ​យល់ ។ ពេល​ខ្ញុំ​អាន​វា​ជា​ភាសា​អាមេនី ធ្វើ​ឲ្យ​ខ្ញុំ​យល់​តែ​ម្តង ។ វា​គឺ​ដូចជា​ត្រឡប់​មក​ផ្ទះ​វិញ​អញ្ចឹង ។

ការត្រឡប់​មក​ផ្ទះ​វិញ

ប្រសិន​បើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផ្ទះ​ខាង​វិញ្ញាណ​របស់​យើង នោះ​វា​គឺ​ការត្រឹមត្រូវ​ហើយ​ដែល​វា​ផ្តល់​អារម្មណ៍​នៃ​ការលួងលោម និង ភាពស្និទ្ធស្នាល​នេះ ។ នៅ​ផ្ទះ​យើង​សម្រាក ។ យើង​ចិញ្ចឹម​បីបាច់​ខ្លួន​យើង ។ យើង​និយាយ​ជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់​យើង​ជា​ភាសា​ដែល​បាន​បង្រៀន​យើង​ដោយ​ម្តាយ​របស់​យើង ។ នេះ​គឺជាភាសា​នៃ​ដួងចិត្ត​របស់​យើង ហើយ​ដោយសារ​តែ​ដួងចិត្ត​គឺ​អ្វី​ដែល​ដំណឹង​ល្អ​ត្រូវតែ​ឆ្ពោះ​ទៅដល់នោះការសិក្សា​ព្រះគម្ពីរ​ជា​ភាសា​នៃ​ដួងចិត្ត​របស់​យើង​គឺ​មាន​សារៈសំខាន់​ណាស់ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ប្រាប់​ថា​ការណ៍​នេះ​គឺ​ពិត ។ នៅ​ក្នុង​គម្ពីរ​នោះ ព្រះអម្ចាស់​បើក​សម្តែង​ថា តាម​រយៈ​កូនសោ​បព្វជិតភាព​ដែល​កាន់​ដោយ​គណៈប្រធាន​ទី​មួយ « ព្រះពាហុ​នៃ​ព្រះអម្ចាស់​នឹង​សម្តែង​ក្នុង​ព្រះចេស្តា នូវ​ការបរិវត្តន៍​ដល់​ពួក​សាសន៍​ទាំងឡាយ … អំពី​ដំណឹង​ល្អ​នៃ​សេចក្តី​សង្គ្រោះ​របស់​ពួកគេ ។

« ដ្បិត​នៅ​ថ្ងៃ​នោះ ហេតុការណ៍​នឹង​កើត​ឡើង​ថា មនុស្ស​គ្រប់​រូប​នឹង​ឮ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​ដោយ​នូវ​ពាក្យ​សម្តី​របស់​ខ្លួន និង ដោយ​នូវ​ភាសា​របស់​ខ្លួន តាមរយៈ​ពួកអ្នក​ដែល​ត្រូវ​បាន​តែងតាំង​ចំពោះ​អំណាច​នេះ ដោយសារ​ការចាត់ចែង​នៃ​ព្រះ​ដ៏​ជា​ជំនួយ ដែល​បាន​សណ្ឋិត​មក​លើ​ពួកគេ​សម្រាប់​វិវរណៈ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( គ. និង ស. ៩០:១០–១១ ) ។

ជីម ជេវែល ដែល​បាន​ធ្វើ​ការ​នៅ​ក្រុម​បកប្រែ​ព្រះគម្ពីរ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ ប្រាប់​រឿង​មួយ​អំពី​របៀប​ដែល​បទគម្ពីរ​អាច​ផ្តល់​នូវ​អារម្មណ៍​ជិតស្និទ​ដូច​ជា​នៅក្នុង​គេហដ្ឋាន នៅពេល​វា​បាន​បកប្រែ​ជា​ភាសា​នៃ​ដួងចិត្ត ៖

« នៅក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន​ជា​ភាសា សេសូតូ ជា​ភាសា​ដែល​គេ​និយាយ​នៅ​ប្រជាជាតិ​អាហ្វ្រិក​នៃ​ប្រទេស​ឡេសូតូ នោះ​យើង​ត្រូវការ​រក​មនុស្ស​ម្នាក់​ជួយ​យើង​វាយតម្លៃ​លើ​កិច្ចការ​នៃ​ក្រុម​បកប្រែ​នោះ ។ ប្រធាន​គម្រោង ឡារី ហ្វីលី បាន​រកឃើញ​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​មក​ពី​ប្រទេស ឡេសូតូ ដែល​ជា​និស្សិត​បញ្ចប់​ការសិក្សា​ពី​សាកល​វិទ្យាល័យ​រដ្ឋ​យូថាហ៍ ។ នៅក្នុង​ប្រទេស ឡេសូតូ ការអប់រំ​ត្រូវ​បាន​ប្រើ​ប្រាស់​ភាសា​អង់គ្លេស ដូច្នេះ​ស្ត្រី​រូប​នេះ និង កូនៗ​របស់​គាត់​បាន​សិក្សា​ភាសា​អង់គ្លេស​តាំង​ពី​ថ្នាក់​ទីមួយ​ម្ល៉េះ ប៉ុន្តែ​ពួកគេ​នៅតែ​និយាយ​គ្នា​ជា​ភាសា​សេសូតូ​នៅ​ក្នុង​ផ្ទះ ។

« គាត់​បាន​យល់​ព្រម​ធ្វើ​កិច្ចការ​បកប្រែ​នេះ ។ ការវាយ​តម្លៃ​របស់​គាត់​អំពី​ជំពូក​នានា​ដែល​យើង​បាន​ផ្ញើ​ឲ្យ​គាត់​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ។ យើង​តែងតែ​ផ្ញើ​សំណួរ​ជាក់លាក់​នានា ដែល​ទាក់ទង​នឹង​វាក្យស័ព្ទ និង សំណង់​ប្រយោគ​ភាសា ដែល​គាត់​បាន​ផ្តល់​មតិ​យ៉ាង​មាន​ប្រយោជន៍ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​កត់សម្គាល់​ថា គាត់​បាន​គូស​ពណ៌​លឿង​ចំណាំ​លើ​ខគម្ពីរ​ជាច្រើន ដែល​ពុំ​ទាក់ទង​នឹង​សំណួរ​របស់​យើង​សោះ ។ នៅពេល​យើង​បាន​សួរ​គាត់​អំពី​ខគម្ពីរ​ដែល​បាន​គូស​ចំណាំ​ទាំង​នោះ គាត់​បាន​និយាយ ៖ ‹ អូ៎ ខគម្ពីរ​ទាំង​នោះ​វា​ធើ្វ​ខ្ញុំ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ដែល​ខ្ញុំ​ពុំ​ធ្លាប់​យល់​ច្បាស់​ជា​ភាសា​អង់គ្លេស ។ ខ្ញុំ​បាន​គូស​ចំណាំ​វា ប្រយោជន៍​ឲ្យ​ខ្ញុំ​អាច​ចែកចាយ​វា​ជាមួយ​កូនៗ​របស់​ខ្ញុំ › » ។

គំរូ​នៃ​ការបកប្រែ​ព្រះគម្ពីរ

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប គឺ​ជា​ដំណើរ​រឿង​មួយ​ដ៏​យូរ​លង់ និង គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​ចាប់ផ្តើម​ជាមួយ​នឹងការបកប្រែ​នៃ​ផ្នែក​នានា​នៃ​គម្ពីរ​សញ្ញា​ចាស់​មក​ពី​ភាសា​ហេព្រើរ​ទៅ​ជា​ភាសា​ក្រិក ។ ក្រោយ​មក ព្រះគម្ពីរ​ប៊ីប​បាន​បកប្រែ​ពី​ភាសា​ក្រិក ទៅ ជា​ភាសា​ឡាតាំង ហើយ​ចេញ​ពី​ភាសា​ឡាតាំង ហេព្រើរ និង ភាសា​ក្រិក​ទៅ​ជា​ភាសា​អង់គ្លេស និង ទៅ​ជា​ភាសា​ជាច្រើន​ផ្សេងៗ​ទៀត ។ ជា​លទ្ធផល សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពុំ​បាន​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ទៅ​ជា​ភាសា​ផ្សេងៗ​ឡើយ ប៉ុន្តែ​បាន​ប្រើ​គម្ពីរ​ប៊ីប​ដែល​បាន​ទទួល​យក​រួច​ទៅ​ហើយ ដោយ​ពួក​គ្រីស្ទាន​ដែល​និយាយ​ភាសា​ទាំង​នោះ ។

men at work translating

ដូច្នោះ​ហើយ​កិច្ចការ​បកប្រែ​ព្រះគម្ពីរ​ភាគច្រើន​ដែល​សាសនាចក្រ​ធ្វើ​នោះ​គឺ​ព្រះគម្ពីរ​មរមន ( គឺ​ជា​គម្ពីរ​ដែល​ត្រូវ​បកប្រែ​ជា​ចម្បង ) ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា និង ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ ភាសា​នានា​នៃ​ព្រះគម្ពីរ​ទាំង​នេះ​ត្រូវបាន​បកប្រែ​មក​ពី​ភាសា​អង់គ្លេស ជា​ភាសា​ដែល​ព្យាការី យ៉ូសែប ស៊្មីធ​បាន​បើក​សម្តែង​ឡើង​នៅ​ក្នុង​នោះ ជា​ភាសា​នៃ​ដួងចិត្ត​របស់​លោក ។ ដំណើរការ​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បកប្រែ​ព្រះគម្ពីរ​ទៅ​ជា​ភាសា​នានា​ក្រៅ​ពី​ភាសា​អង់គ្លេស គួរតែ​ត្រូវបាន​ធ្វើ​ឲ្យ​ដឹង​ដល់​សិស្ស​នានា​នៃ​ប្រវត្តិសាសនាចក្រ ។ វា​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ដំណើរការ​ដែល​ព្យាការី​បាន​ប្រើ​ដើម្បី​បកប្រែ​ព្រះគម្ពីរ​មរមន​ទៅ​ជា​ភាសា​អង់គ្លេស ។

យ៉ូសែប ស៊្មីធ​គឺ​ជា​ក្មេង​ម្នាក់​ដែល​រាបសា ជា​កសិករ​ដែល​ពុំ​មាន​ការអប់រំ​ច្រើន​ឡើយ ។ ប៉ុន្តែ​លោក​មាន​គុណសម្បត្តិ និង សក្តានុពល​ដែល​ព្រះអម្ចាស់​ត្រូវការ​ចំពោះ​កិច្ចការ​នេះ​ដែល​ចាំបាច់​ត្រូវតែ​បាន​សម្រេច ។ ពិត​ណាស់ យ៉ូសែប និង​គ្រួសារ​របស់​លោក​ត្រូវបាន​រៀបចំ ហើយ​ដាក់​ពួកគេ​នៅ​ទីនោះ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​តែ​ម្តង ។

យ៉ូសែប​ក៏​បាន​ទទួល​ជំនួយ — ពី​ព្រះ និង មនុស្ស​នានា — នៅក្នុង​ការបកប្រែ​កំណត់ត្រា​របស់​សាសន៍​នីហ្វៃ ។ ទេវតា​មរ៉ូណៃ​បាន​ជួប​យ៉ូសែប រាល់​ឆ្នាំ​អស់រយៈ​ពេល​បួន​ឆ្នាំ ពីមុន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​យក​កំណត់​ត្រា​នោះ ។ យើង​ពុំ​ដឹង​ច្បាស់​ទាំងអស់​ឡើយ​ថា មរ៉ូណៃ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​ព្យាការី ប៉ុន្តែ​ការមក​ជួប​របស់​ទ្រង់​ហាក់បី​ដូច​ជា​បាន​រៀបចំ​គាត់​ខាង​វិញ្ញាណ និង សតិអារម្មណ៍​សម្រាប់​កិច្ចការ​នានា​នា​ពេល​ខាង​មុខ ។

ព្រះអម្ចាស់​ក៏​បាន​រៀបចំ « អ្នក​បកប្រែ » ពីមុន​គ្រា​នោះ​មក​ដល់ ដែល​ជា​មធ្យោបាយ​ដើម្បី​បកប្រែ​ភាសា​ដែល​បាត់បង់ ។ ដោយ​បាន​ពិពណ៌នា​ថា​ជា​ត្បូង​ថ្លា​ពីរ​ដុំ​នៅ​ក្នុង​ស៊ុម​ប្រាក់ របស់​ទាំង​នេះ និង ឧបករណ៍​ស្រដៀង​នេះ​ត្រូវបាន​ហៅ​ថា​ជា​ត្បូង​អ្នក​មើល​ឆុត បាន​ជួយ​ព្យាការី​បកប្រែ​កំណត់ត្រា​របស់​សាសន៏​នីហ្វៃ​ទៅ​ជា​ភាសា​អង់គ្លេស ។ ព្យាការី​ពុំ​បាន​រៀបរាប់​អ្វី​លម្អិត​ពី​ដំណើរការ​នេះ​ឡើយ លោក​បាន​ថ្លែង​យ៉ាង​សាមញ្ញ​ថា លោក​បាន​បកប្រែ​គម្ពីរ​មរមន​តាមរយៈ « អំណោយទាន និង ព្រះចេស្តា​នៃ​ព្រះ » ។

ក្រៅ​ពី ជំនួយ​មក​ពី​ព្រះ​ដែល​លោក​បាន​ទទួល យ៉ូសែប​មាន​មនុស្ស​ជួយ​នៅក្នុង​នាម​ជា​អ្នក​ចម្លង ដែល​បាន​កត់​ចម្លង​ជា​ឯកសារ ដែល​ក្រោយ​មក​មាន​មនុស្ស​ផ្សេង​ទៀត​បាន​រៀបចំ បោះពុម្ព បង់ថ្លៃ​ឲ្យ និង ចែកចាយ​វា​ទៅ​កាន់​ពិភពលោក ។

ស្រដៀង​នឹង​ការរៀបចំ និង ជំនួយ​ដែល​យ៉ូសែប​បាន​ទទួល​នៅក្នុង​កិច្ចការ​បកប្រែ​របស់​លោក នោះ​អស់​អ្នក​ដែល​បាន​ទទួល​ភារៈកិច្ច​ឲ្យ​ធ្វើ​កិច្ចការ​នៃ​ការបកប្រែ​ព្រះគម្ពី​សព្វថ្ងៃ​នេះ ត្រូវបាន​រៀបចំ​ដោយ​ព្រះអម្ចាស់ ហើយ​បាន​ទទួល​ជំនួយ​នៅក្នុង​កិច្ចការ​របស់​ពួកគេ — ទាំង​មក​ពី​ព្រះ និង មនុស្ស ។

កិច្ចការ​នៃ​វិវរណៈ

local reviewers reading

ដំណើរការ​ដ៏​លំបាក​នៃ​ការបកប្រែ​ជះ​ឥទ្ធិពល​ដោយ​កម្លាំង​ខាង​វិញ្ញាណ ដែល​អាច​រៀបរាប់​បាន​ថា​ជា « វិវរណៈ​ដោយ​ក្រុមប្រឹក្សា » ។ មនុស្ស​ពីរ ឬ បី នាក់​ដែល​បាន​ជ្រើសរើស​ធ្វើ​ជា​អ្នក​បកប្រែ​ធ្វើការ​ជាមួយ​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​ការធ្វើ​កិច្ចការ​នេះ ។ ពួកគេ​មាន​ប្រធាន​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ អ្នក​ត្រួតពិនិត្យ​នៅក្នុង​មូលដ្ឋាន វាក្យស័ព្ទ​សម្រាប់​ជា​ឯកសារ​យោង សេចក្តី​ណែនាំ​បកប្រែ កម្មវិធី​កុំព្យូទ័រ និង ការគាំទ្រ​ពី​បព្វជិតភាព រហូត​ដល់​គណៈប្រធាន​ទី​មួយ ។ ( សូម​មើល​តារាង​ដែល​ភ្ជាប់​មក ) ។ នៅពេល​គណៈប្រធាន​ផ្តល់​ការអនុមិត​ចុងក្រោយ​នៃ​ការបកប្រែ នោះ​កិច្ចការ​នោះ​នឹង​ត្រូវ​រៀបចំ បោះពុម្ព និង ចែកចាយ ។ ដោយ​ត្រូវបាន​រៀបចំ​ជា​ទ្រមង់​នពន្ត នោះ​វា​ក៏​ត្រូវបាន​បោះពុម្ភ​ផ្សាយ​លើ LDS.org ហើយ​មាន​នៅក្នុង​កម្មវិធី Gospel Library ។

កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​នេះ​គឺ​មាន​គោលបំណង និង ការបំផុស​គំនិត ។ វា​ពាក់ព័ន្ធ​នឹង​ការផ្តោត​ចិត្ត​ដោយ​ស្មោះត្រង់​ចំពោះ​គុណភាព​នៃ​មាតិកា និង គុណភាព​នៃ​ការរៀបចំ​ដែល​មាន​នៅក្នុង​កិច្ចការ​នោះ ។ ការបកប្រែ​គឺ​ត្រូវបាន​ត្រួតពិនិត្យ​ជា​ច្រើន​កម្រិត ជាពិសេស​កម្រិត​នៃ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដែល​ស្វែងរក​ការអនុមតិ​ពី​ព្រះអម្ចាស់ ។ មាន​តែ​បន្ទាប់​ពី​ការអនុមតិ​នោះ​ប៉ុណ្ណោះ ទើប​ការបកប្រែ​បាន​ប្រព្រឹត្តិ​ទៅ​បាន ។ ខណៈ​ដែល​ពុំ​មាន​កម្រិត​ជាក់លាក់​ពី​វិវរណៈ​នៅក្នុង​របៀប​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ​បាន​បកប្រែ​ព្រះគម្ពីរ​មរមន នោះ​ដំណើរការ​នេះ​គឺ​ត្រូវបាន​ដឹកនាំ​យ៉ាង​ច្បាស់​ដោយ​ព្រះអម្ចាស់ — តាមរយៈ​អំណោយទាន​របស់​ទ្រង់ និង ព្រះចេស្តា​របស់​ទ្រង់ ។

នេះ​ពុំ​មាន​ន័យ​ថា ការបកប្រែ​នឹង​ល្អ​ឥតខ្ចោះ​ឡើយ​នៅ​ពេល​ការបកប្រែ​ដំបូង​បាន​ចប់ ។ ជារឿយៗ ការពិនិត្យ​មើល​ឡើង​វិញ​ជា​ច្រើន​ដង​នា​ពេល​ខាង​មុខ ដោយ​អស់​អ្នក​ដែល​សិក្សា​ព្រះគម្ពីរ ផ្តល់​យោបល់​កែលម្អ​លើ​វេយ្យករណ៍ និង វាក្យស័ព្ទ ឬ រកឃើញ​កំហុស​នៃ​ការរៀបចំ ឬ ការប្រកប​ពាក្យ ។ កម្រ​មាន​ការផ្លាស់ប្តូរ​ភាពច្បាស់លាស់​នៃ​គោលលទ្ធិ​ណាស់ ។ នៅពេល​មាន​ការផ្លាស់ប្តូរ គឺ​វា​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការណែនាំ​ពី​គណៈប្រធាន​ទីមួយ ។

ធនធាន​ពី​ព្រះអម្ចាស់

ព្រះអម្ចាស់​គាំទ្រ​កិច្ចការ​បកប្រែ​នេះ​តាម​របៀប​ផ្សេងៗ​ផងដែរ ។ ជា​ទូទៅ​មាន​ការរាយការណ៍​ដោយ​ក្រុម​បកប្រែ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ នៅពេល​មាន​តម្រូវការ​ណា​មួយ​នោះ​ព្រះអម្ចាស់​ប្រទាន​ជំនួយ​ឲ្យ ។

ឧទាហរណ៍​មួយ​នៃ​ឧទាហរណ៍​ជា​ច្រើន មាន​ការត្រូវការ​អ្នក​បកប្រែ​ម្នាក់​សម្រាប់​ការបកប្រែ និង​ថត​សំឡេង​ឯកសារ​សាសនាចក្រ​ជា​ភាសា​ម៉ម ( ដែល​ជា​ខ្សែស្រឡាយ​នៃ​ភាសា​ម៉ាយ៉ាន​ដែល​គេ​និយាយ​នៅ​ក្នុង​ប្រទេស ក្វាតេម៉ាឡា ។ ក្នុង​ចំណោម​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​គេ​ដែល​ត្រូវបាន​ហៅ​ទៅ​ប្រទេស​ក្វាតេម៉ាឡា​គឺ​ជា​អែលឌើរ​ម្នាក់ ដែល​ជីតា​របស់​គាត់​និយាយ​ភាសា​ម៉ម ។ អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នេះ​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​ទីក្រុង ហើយ​និយាយ​តែ​ភាសា​អេស្បាញ​ប៉ុណ្ណោះ ។ ប៉ុន្តែ​រៀងរាល់​យប់​ជីតា​របស់​គាត់​មក​រក​គាត់​ក្នុង​ក្តី​សុបិន ហើយ​បង្រៀន​ភាសា​ម៉ម​ដល់​គាត់ ។ អែលឌើរ​វ័យ​ក្មេង​ម្នាក់​នេះ​ក្លាយ​ជា​អ្នក​បកប្រែ​ភាសា​ម៉ម​ដ៏​សំខាន់​នៅ​ក្នុង​សាសនាចក្រ ។

ជារឿយៗ កិច្ចការ​បកប្រែ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការពលិកម្ម​ផ្ទាល់ខ្លួន​យ៉ាង​អស្ចារ្យ ។ ដោយ​អាស្រ័យ​លើ​ស្ថានភាព​នៃ​ហិរញ្ញវត្ថុ នោះ​អ្នក​បកប្រែ​មួយ​ចំនួន​បាន​បរិច្ចាគ​ការបម្រើ​របស់​ពួកគេ និង អ្នក​ខ្លះ​ទៀត​បាន​ទទួល​កម្រៃ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​លះបង់​ពេលវេលា​ខ្លួន​ចំពោះ​ការបកប្រែ ។

បុរស​ម្នាក់​ដែល​បាន​ក្លាយ​ជា​អ្នក​បកប្រែ​ភាសា​អ៊ើឌូ បាន​ប្រែចិត្ត​ជឿ​លើ​សាសនាចក្រ​នៅក្នុង​ប្រទេស​បាគីស្ថាន​អំឡុង​ពេល​ធ្វើ​ជា​គ្រូបង្រៀន ។ ដោយសារ​លទ្ធផល​នៃ​ការប្រែចិត្ត​ជឿ​របស់​គាត់ នោះ​គាត់​បាន​បាត់បង់​ការងារ​ខ្លួន គាត់​បាន​បាត់បង់​ផ្ទះ​សម្បែង ដែល​សាលា​គាត់​បង្រៀន​នោះ​បាន​ផ្តល់​ដល់​គាត់ ហើយ​គាត់​បាន​បាត់បង់​សាលា​រៀន​របស់​កូនៗ​គាត់​ផងដែរ ។ ប្រធាន​បកប្រែ​សាសនាចក្រ​ម្នាក់ បាន​ទៅ​ជួប​គាត់​សម្រាប់​ការបម្រើ​ជា​អ្នក​បកប្រែ ហើយ​បាន​ផ្តល់​ដល់​គាត់​នូវ​ប្រាក់​កម្រៃ​សមរម្យ ។ បន្ទាប់​ពី​ធ្វើ​ការជា​អ្នក​បកប្រែ​បាន​ពីរបី​ខែ​មក បុរស​ម្នាក់​នេះ​បាន​ជួប​ជាមួយ​ប្រធាន​នោះ ហើយ​ស្នើសុំ​ដោយ​អឹមអៀន ប្រសិន​បើ​ប្រធាន​នោះ​នឹង​ទិញ​ប៊ិច​ថ្មី​មួយ​ឲ្យ​គាត់ ។ ដោយសារ​ប៊ិច​ដែល​គាត់​កំពុង​ប្រើ​នោះ​បាន​អស់​ទឹក​ទៅ​ហើយ ។ ក្រោយ​មក​ប្រធាន​នោះ​បាន​ឃើញ និង កែកំហុស​ក្នុង​កិច្ចការ ដែល​អ្នក​បកប្រែ​បាន​ធ្វើ ដែល​ជា​លទ្ធផល​អ្នក​បកប្រែរូបនោះ​ទទួល​បាន​កម្រៃតិច​ជាង​អ្វី​ដែល​គាត់​ត្រូវ​ទទួល​បាន ។

ប៉ុន្តែ​ដូច​ជា​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​យ៉ូសែប ស្ម៊ីធ នៅក្នុង​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​លោក​បំពេញ​កិច្ចការ​របស់​ខ្លួន នោះ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​បកប្រែ​របស់​ទ្រង់ ។ ឧទាហរណ៍ អ្នក​បកប្រែ​ម្នាក់​នៃ​ព្រះគម្ពីរ​ភាសា​ឡាវៀន​គឺ​ជា​មេធាវី​ដែល​បាន​សិក្សា​ច្បាប់​នៅក្នុង​ប្រទេស រុស្សី ជា​កន្លែង​ដែល​គាត់​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។ បាន​ត្រឡប់​ទៅ​ប្រទេស​ឡេតូនី​វិញ គាត់​បាន​បង្កើត​អាជីវកម្ម​របស់​ខ្លួន ។ លោក​ក៏​បាន​បម្រើ​ជា​ប្រធាន​សាខា​ផងដែរ ។ គាត់​មាន​ភាព​មមាញឹក​ណាស់ ប៉ុន្តែ​សាសនាចក្រ​ត្រូវការ​គាត់ និង ជំនាញ​របស់​គាត់​ជាមួយ​នឹង​ភាសា​អង់គ្លេស ។

គាត់​បាន​សុំ​ពេល​ដើម្បី​អធិស្ឋាន​អំពី​ការស្នើសុំ​នោះ ដោយសារ​ការទទួល​យក​កិច្ចការ​នោះ ដូច​ដែល​គាត់​បាន​ប្រាប់​ដល់​អ្នក​តំណាង​សាសនាចក្រ​ថា « ដូច​ជា​ដក​អាហារ​ចេញ​ពី​មាត់​កូនៗ​របស់​ខ្ញុំ​អញ្ចឹង » ។ បន្ទាប់​ពី​អធិស្ឋាន គាត់​បាន​សម្រេច​ចិត្ត​ទទួល​យក​កិច្ចការ​នេះ ប៉ុន្តែ​បាន​ទូល​សុំ​ព្រះអម្ចាស់​ឲ្យ​ប្រទាន​ពរ​ដល់​គាត់ នូវ​មធ្យោបាយ​ដើម្បី​ធ្វើ​នូវ​កិច្ចការ​លំបាក កិច្ចការ​ដែល​ទាមទារ​ខាង​វិញ្ញាណ កិច្ចការ​ដែល​ត្រូវការ​ពេល​ច្រើន ។

គាត់​បាន​ចាប់ផ្តើម​ទៅ​ការិយាល័យ​ច្បាប់​របស់​គាត់​មួយ​ម៉ោង​មុន​ម៉ោង​ធ្វើ​ការ​រៀងរាល់​ថ្ងៃ ហើយ​បាន​ប្រើ​ម៉ោង​នោះ​ដើម្បី​បកប្រែ​ព្រះគម្ពីរ​មរមន ។ គាត់​បាន​បញ្ចប់​កិច្ចការ​នោះ​យ៉ាង​លឿន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ។ ពិត​ណាស់ នេះ​ជាការបកប្រែ​មួយ​ដ៏លឿន​បំផុត ក្រៅពី​យ៉ូសែប​ដែល​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ប្រមាណ​ជា​៦០​ថ្ងៃ​ប៉ុណ្ណោះ ។

មាន​បទពិសោធន៍​ជា​ច្រើន​ដែល​អាច​ទាក់ទង​នឹង​ការបង្ហាញ​ថា ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​បកប្រែ​ព្រះគម្ពីរ​របស់​ទ្រង់ ។ បទពិសោធន៍​ទាំងអស់​ប្រកាស​យ៉ាង​ច្បាស់​ថា នេះ​គឺ​ជា​កិច្ចការ​របស់​ទ្រង់ ហើយ​ថា​ទ្រង់​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​អំពី​កិច្ចការ​នេះ ។ ទ្រង់​រៀបចំ​មនុស្ស​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។ ទ្រង់​រៀបចំ​ឧបករណ៍​នានា​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ពន្លឿន​កិច្ចការ​នេះ ។ ហើយ​ទ្រង់​បំផុស​គំនិត និង ប្រទានពរ​ដល់​ពួកគេ​នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​នេះ ។

ជា​លទ្ធផល ពិភពលោក​បាន​រីកចម្រើន​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះ ដោយ​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់​ជា​ភាសា​នៃ​ដួងចិត្ត ។

family reading the scriptures

កំណត់​ចំណាំ

  1. សូមមើល​ផ្នែក​ទី​ប្រាំបី​នៃ « How the Bible Came to Be » ដោយ ឡេណែត អេច រីត បាន​បោះពុម្ព​នៅក្នុង Ensign នៅ​ចន្លោះ​ខែ មករា និង ខែ កញ្ញា ឆ្នាំ ១៩៨២ ។

  2. សូមមើល​ឧទាហរណ៍ « Church Edition of Spanish Bible Now Published » mormonnewsroom.org

  3. សូមមើល ម៉ាថាយ អេស ហូឡិន « The Path to Palmyra » Liahona ខែ មិថុនា ឆ្នាំ ២០១៥ ទំព័រ ១៤–១៩ ។

  4. សូមមើល ខេន ភី ចាកសុន « Moroni’s Message to Joseph Smith » Ensign ខែ សីហា ឆ្នាំ ១៩៩០ ទំព័រ ១២–១៦ ។

  5. យ៉ូសែប ស៊្មីធ នៅក្នុង​បុព្វកថានៃ​ព្រះគម្ពីរ​មរមន ។ សម្រាប់​ការពិពណ៌នា​បន្ថែម​អំពី​ការបកប្រែ​ព្រះគម្ពីរ​មរមន​របស់​យ៉ូសែប ស្ម៊ីធ សូម​មើល​ប្រធាន​បទ​ដំណឹង​ល្អ « Book of Mormon Translation » topics.lds.org

  6. វាក្យស័ព្ទ​ផ្តល់​និយមន័យ​ដល់​គ្រប់​ពាក្យ​នៅក្នុង​ព្រះគម្ពីរ​ជា​ភាសា​អង់គ្លេស ប្រយោជន៍​ឲ្យ​អ្នក​បកប្រែ​អាច​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​នានា​បាន​កាន់តែ​ប្រសើរ​ឡើង ។ ជារឿយៗ ពាក្យ​នានា​មាន​អត្ថន័យ​ច្រើន​ជាង​មួយ ដូច្នេះ​អ្នក​បកប្រែ​ត្រូវតែ​ពឹងផ្អែក​លើ​បរិបទ ការបំផុសគំនិត និង កិច្ចការ​ជា​ក្រុម​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ត្រឹមត្រូវ ។ យូរៗ​ម្តង សំណួរ​អំពី​អត្ថន័យ​នៃ​ពាក្យ​ត្រូវបាន​ដោះស្រាយ​តែ​តាមរយៈ​គណៈប្រធាន​ទី​មួយ​ប៉ុណ្ណោះ ។