ឆ្នាំ​២០១៦
ការព្យាករ និង វិវរណៈ​ផ្ទាល់​ខ្លួន
April 2016


សារលិខិត​គណៈ​ប្រធាន​ទី​មួយ

ការព្យាករ និង វិវរណៈ​ផ្ទាល់​ខ្លួន

youth and children first presidency message sidebars
family watching general conference

សាសនាចក្រ​ដ៏​ពិត​របស់​ព្រះ​យេស៊ូវគ្រីស្ទ ត្រូវបាន​ស្តារ​ឡើង​វិញ​នៅ​លើ​ផែន​ដី​សព្វថ្ងៃ​នេះ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តែងតែ​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី និង សាវក ដែល​កំពុង​រស់នៅ ដោយ​ទទួល​ការណែនាំ​ជាបន្ត​បន្ទាប់​មក​ពី​ឋានសួគ៌ ។

គំរូ​ដ៏​ទេវភាព​នេះ​គឺ​មាន​ភាព​ពិត​ដូច​ពី​ជំនាន់​បុរាណ​ដែរ ។ យើង​រៀន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ៖ « ពិត​ប្រាកដ​ជាព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើកតែ​ទ្រង់​សម្តែង​ឲ្យ​ពួកហោរា​ជា​អ្នក​បម្រើ​ទ្រង់​ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង » ( អេម៉ុស ៣:៧ ) ។

ព្រះ​បាន​មាន​ព្រះបន្ទូល​សារ​ជាថ្មី​ម្តង​ទៀត​នៅ​ជំនាន់​របស់​យើង​នេះ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ទ្រង់​បាន​បើក​សម្តែង​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ភាព​ពោរពេញ​របស់​វា ។ ទ្រង់​បាន​ស្តារ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ឡើង​វិញ ជាមួយ​នឹង​កូនសោ​របស់​វា ព្រមទាំង​សិទ្ធិ អំណាច និង មុខងារ​ទាំងអស់​នៃ​អំណាច​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។

នៅក្នុង​ជំនាន់​របស់​យើង ព្យាការី និង សាវក​នៅរស់​ត្រូវបាន​ប្រទាន​នូវ​សិទ្ធិ​អំណាច​ដើម្បី និយាយ បង្រៀន និង ដឹកនាំ​ដោយ​ប្រើ​សិទ្ធិ​អំណាច​មក​ពី​ព្រះ​ដ៏​ជា​ព្រះវរបិតា និង ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​ព្យាការី​ថា « អ្វី​ដែល​យើង​ជា​ព្រះអម្ចាស់​បាន​មាន​បន្ទូល នោះ​យើង​បាន​មាន​បន្ទូល​ហើយ ហើយ​យើង​ពុំ​កែ​ដោះសារ​ខ្លួន​ឡើយ ហើយ​ទោះជា​ផ្ទៃ​មេឃ​ហើយ​ផែនដី នឹង​កន្លង​បាត់​ទៅ​ក៏​ដោយ គង់​តែ​ពាក្យ​របស់​យើង​នឹង​មិន​កន្លង​បាត់​ដែរ ប៉ុន្តែ​ពាក្យ​ទាំងអស់​នឹង​បាន​សម្រេច ទោះជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួកអ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ( គ. និង ស. ១:៣៨ ) ។

នៅក្នុង​សន្និសីទ​ទូទៅ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ យើង​មាន​ពរ​ដោយ​មាន​ឱកាស​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដល់​ពួក​យើង​មក​ពី​អ្នក​បម្រើ​របស់​ទ្រង់ » ។ នោះ​គឺ​ជា​ឯកសិទ្ធិ​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ ។ ប៉ុន្តែ​គុណ​តម្លៃ​នៃ​ឱកាស​នោះ​គឺ​អាស្រ័យ​ទៅលើ ថា​តើ​យើង​ទទួល​ព្រះបន្ទូល​នោះ​ក្រោម​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​ដដែល​នោះ​ដែល​ព្រះបន្ទូល​ទាំង​នោះ​ត្រូវបាន​ប្រទាន​ឲ្យ​ដល់​អ្នក​បម្រើ​ទាំង​នោះ ( សូមមើល គ. និង ស. ៥០:១៩–២២ ) ។ គឺ​ដូច​ជា​ពួក​លោក​ដែល​ទទួល​បាន​នូវ​សេចក្តីណែនាំ​មក​ពី​ឋានសួគ៌​ដែរ នោះ​យើង​ក៏​ត្រូវ​ទទួល​វា​បែប​ដូច្នោះ​ដែរ ។ ហើយ​នោះ​វា​តម្រូវ​ពី​យើង​នូវការខិតខំ​ខាង​វិញ្ញាណ​ដដែល​នោះ ។

« ចូរ​ខិតខំ​សង្វាត​រក​វា »

ច្រើន​ឆ្នាំ​កន្លង​មក​ហើយ មាន​សមាជិក​ម្នាក់​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​សុំ​ខ្ញុំ​ឲ្យ​អាន​សុន្ទរកថា​សន្និសីទ​មួយ ដែល​លោក​បាន​រៀបចំ​សម្រាប់​សន្និសីទ​ទូទៅ ។ ខ្ញុំ​គឺ​ជា​សមាជិក​ថ្មី​ម្នាក់​នៃ​កូរ៉ុម ។ ខ្ញុំ​មាន​កិត្តិយស​ដោយ​ទទួល​បាន​ការទុក​ចិត្ត​ពី​គាត់​ថា ខ្ញុំ​អាច​ជួយ​គាត់​រក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​នឹង​នាំ​ឲ្យ​លោក​ថ្លែង​ឡើង ។ លោក​បាន​និយាយ​ជាមួយ​ខ្ញុំ​ដោយ​ស្នាម​ញញឹម « អូ៎ នេះ​គឺ​ជា​សុន្ទរកថា​ព្រាង​លើក​ទី​២២​ហើយ » ។

ខ្ញុំ​បាន​ចាំ​ពី​ដំបូន្មាន​ជា​ទី​ស្រឡាញ់ និង ស្រទន់​របស់​ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) ដល់​ខ្ញុំ​កាល​ពីមុន​មក ដោយ​ការសង្កត់​ធ្ងន់​យ៉ាង​ខ្លាំង ៖ « ហាល ប្រសិនបើ​អ្នក​ចង់​ទទួល​វិវរណៈ ចូរ​ខិតខំ​សង្វាត​រក​វា » ។

ខ្ញុំ​បាន​អាន សញ្ជឹងគិត និង អធិស្ឋាន​លើ​សេចក្តី​ព្រាង​ទី ២២​នោះ ។ ខ្ញុំ​បាន​សិក្សា​ដោយ​អស់​ពី​សមត្ថភាព​ខ្ញុំ​ក្រោម​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​សមាជិក​កូរ៉ុម​នោះ​បាន​ចែកចាយ​សុន្ទរកថា​របស់​លោក នោះ​ខ្ញុំ​បាន​បញ្ចប់​ការខិតខំ​សង្វាត​របស់​ខ្ញុំ​ដើម្បី​ទទួល​នូវ​សារលិខិត​នោះ ។ ខ្ញុំ​ពុំ​ប្រាកដ​ថា ខ្ញុំ​បាន​ជួយ​អ្វី​ដល់​គាត់​ឡើយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវបាន​ផ្លាស់ប្តូរ​នៅពេល​ខ្ញុំ​ស្តាប់​ឮ​សុន្ទរកថា​នោះ​បាន​ថ្លែង ។ សារលិខិត​បាន​ចូល​ក្នុង​ដួងចិត្ត​ខ្ញុំ លើស​ពី​ព្រះបន្ទូល​ដែល​ខ្ញុំ​ធ្លាប់​អាន និង អ្វី​ដែល​គាត់​និយាយ​នោះ​ទៅ​ទៀត ។ ព្រះបន្ទូល​នោះ​មាន​អត្ថន័យ​កាន់តែ​អស្ចារ្យ​ជាង​កាល​ដែល​ខ្ញុំ​អាន​សេចក្តីព្រាង​នោះ​ទៅ​ទៀត ។ ហើយ​សារលិខិត​នោះ ហាក់បី​ដូច​ជា​ចង់​និយាយ​អំពី​ខ្ញុំ វា​ត្រូវ​ម៉ាច់​នឹង​តម្រូវការ​របស់​ខ្ញុំ ។

ពួក​អ្នក​បម្រើ​របស់​ព្រះ​បាន​តម​អាហារ និង អធិស្ឋាន​ដើម្បី​ទទួល​សារលិខិត ដែល​ទ្រង់​ប្រទាន​ដល់​ពួកគេ​ឲ្យ ផ្តល់​ដល់​អស់​អ្នក​ដែល​ត្រូវការ​វិវរណៈ និង ការបំផុស​គំនិត ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​បទពិសោធន៍​នោះ និង បទពិសោធន៍​ផ្សេងៗ​ទៀត​ស្រដៀង​នេះ​ដែរ​គឺ​ថា ដើម្បី​បាន​ប្រយោជន៍​ដ៏​ធំមហិមា​ដែល​មាន​មក​ពី​ការស្តាប់​ព្យាការី និង សាវក​នៅរស់ នោះ​យើង​ត្រូវ​ខិតខំ​សង្វាត​ដោយ​ខ្លួន​យើង​ផ្ទាល់​ដើម្បី​ទទួល​វិវរណៈ ។

ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា ដែល​អាច​ឮ​សារលិខិត​របស់​ទ្រង់ ហើយ​ទ្រង់​ស្គាល់​ពី​ដួងចិត្ត និង កាលៈទេសៈ​របស់​បុគ្គល​ម្នាក់ៗ ។ ទ្រង់​ស្គាល់​ពី​អ្វី​ដែល​ត្រឹមត្រូវ អ្វី​ដែល​លើក​ទឹកចិត្ត និង អ្វី​ដែល​សេចក្តីពិត​នៃ​ដំណឹង​ល្អ​នឹង​ជួយ​បុគ្គល​ម្នាក់​បាន​ល្អ​បំផុត ដើម្បី​ជ្រើសរើស​ផ្លូវ​ដើរ​របស់​ខ្លួន ទៅតាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

ពេល​ខ្លះ​យើង​ដែល​ជា​អ្នក​ស្តាប់ និង អាន​សារលិខិត​នៃ​សន្និសីទ​ទូទៅ​ក្រោយ​មក​គិត​ថា « តើ​ខ្ញុំ​ចាំ​អ្វី​បាន​ល្អ​បំផុត ? » សេចក្តីសង្ឃឹម​របស់​ព្រះអម្ចាស់​ចំពោះ​យើង​ម្នាក់ៗ​គឺ​ថា​ចម្លើយ​របស់​យើង​គឺ ៖ « ខ្ញុំ​នឹង​មិន​ភ្លេច​ពី​ឱកាស​នោះ​ឡើយ គឺ​នៅពេល​ខ្ញុំ​ទទួល​អារម្មណ៍​ពី​សំឡេង​នៃ​ព្រះវិញ្ញាណ​នៅក្នុង​គំនិត និង ដួងចិត្ត​របស់​ខ្ញុំ ដោយ​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​គាប់​ព្រះទ័យ​ព្រះវរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ » ។

យើង​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​នោះ នៅពេល​យើង​ស្តាប់​ព្យាការី និង សាវក ហើយ​នៅពេល​យើង​ធ្វើ​វា​ដោយ​សេចក្តី​ជំនឿ​ដើម្បី​ទទួល​វិវរណៈ នោះ​គឺ​ដូច​ជា​ប្រធាន លី​បាន​មាន​ប្រសាសន៍​ថា​យើង​អាច​ធ្វើ​វា​បាន ។ ខ្ញុំ​ដឹង​ថា​រឿង​នោះ​ពិត​មក​ពី​បទពិសោធន៍​នេះ និង ដោយ​សាក្សី​នៃ​ព្រះវិញ្ញាណ ។