អែលឌើរ រ៉ូណល អេ រ៉ាសបាន ៖ អ្នកដឹកនាំដ៏ប៉ិនប្រសប់ ឪពុកដ៏មានភក្តីភាព
រូបថតបានទទួលសិទ្ធិអនុញ្ញាត ពីគ្រួសាររ៉ាសបាន លើកលែងដូចបានកត់សម្គាល់ ។
រ៉ុន រ៉ាសបាន ពុំដែលមានមន្ទិលសង្ស័យថា លោកនឹងបម្រើបេសកកម្មពេញម៉ោងឡើយ ។ សំណួរតែមួយគត់ដែលក្មេងអាយុ ១៩ ឆ្នាំមានពេលកំពុងបើកការហៅបម្រើបេសកកម្មនោះគឺ ទីកន្លែងណា ដែលលោកនឹងទៅបម្រើ ។
« ឪពុកខ្ញុំបានបម្រើបេសកកម្មនៅប្រទេសអាល្លឺម៉ង់ ។ បងប្រុសរបស់ខ្ញុំបានបម្រើបេសកកម្មនៅប្រទេសអាល្លឺម៉ង់ ។ អនាគតបងថ្លៃប្រុសរបស់ខ្ញុំបានបម្រើបេសកកម្មនៅប្រទេសអាល្លឺម៉ង់ » ។ លោកបានមានប្រសាសន៍ថា « ខ្ញុំបានគិតថា ខ្ញុំនឹងទៅប្រទេសអាល្លឺម៉ង់ដែរហើយ » ។
ប៉ុន្តែព្រះអម្ចាស់មានផែនការផ្សេងទៀត ។ រ៉ុនត្រូវបានហៅបម្រើបេសកកម្មទៅសហរដ្ឋភាគខាងកើតជំនួសវិញដែលមានទីស្នាក់ការនៅទីក្រុង នូវ យ៉ោក ស.រ.អា. ។ ដោយការខកចិត្ត លោកបានកាន់ក្រដាសហៅបម្រើរបស់ខ្លួនចូលទៅបន្ទប់ដេក លុតជង្គង់ក្បែរគ្រែ អធិស្ឋាន បើកព្រះគម្ពីររបស់គាត់ដោយព្រាវៗ ហើយបានចាប់ផ្តើមអានវា ៖
« មើលចុះ និង មើលន៏ យើងមានមនុស្សជាច្រើននៅកន្លែងនេះ គឺនៅភូមិភាគជុំវិញ ហើយទ្វារដ៏មានផលប្រយោជន៍នឹងត្រូវបានបើកចំហ នៅភូមិភាគជុំវិញនៅ ដែនដីនៃទិសខាងកើតនេះ ។
« ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់បានទុកឲ្យអ្នកមកឯទីនេះ ដ្បិតដោយហេតុនេះហើយ ទើបបានចាំបាច់សម្រាប់សេចក្តីសង្គ្រោះ នៃព្រលឹងទាំងឡាយ » (គ. និង ស. ១០០:៣–៤ការសង្កត់ធ្ងន់ត្រូវបានបន្ថែម ) ។
រំពេចនោះ ព្រះវិញ្ញាណបរិសុទ្ធបានបញ្ជាក់ដល់រ៉ុនថា ការហៅរបស់លោកទៅបេសកកម្មស្តេកភាគខាងកើតគឺពុំមែនជាកំហុសឆ្គងឡើយ ។
លោកបានរំឭកថា « ខ្ញុំបានប្រែពីការខកចិត្តទៅជាការមាននូវការបញ្ជាក់លើកដំបូងរបស់ខ្ញុំពីព្រះគម្ពីរជាច្រើន ដែលថាវាគឺជាទីតាំងដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យខ្ញុំទៅនោះជាបទពិសោធន៍នៃការផ្លាស់ប្តូរជីវិតខាងវិញ្ញាណដ៏អស្ចារ្យសម្រាប់ខ្ញុំ » ។
បេសកកម្មរបស់លោកទៅកាន់សហរដ្ឋភាគខាងកើត គឺជាការហៅដំបូងនៃការហៅជាច្រើនរបស់សាសនាចក្រ ដែលតម្រូវឲ្យលោកធ្វើដំណើរទៅកន្លែងជាច្រើនដែលលោកមិនធ្លាប់រំពឹងថានឹងទៅ ។ ហើយការហៅនិមួយៗ—គ្រូបង្រៀន ប៊ីស្សព ទីប្រឹក្សាជាន់ខ្ពស់ ប្រធានបេសកកម្ម សមាជិកនៃពួកចិតសិបនាក់ រៀមច្បងនៃគណៈប្រធាននៃពួកចិតសិបនាក់ និង សាវករបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ—អែលឌើរ រ៉ូណល អេ រ៉ាសបាន បានទទួលយកតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ហើយបន្តពឹងផ្អែកលើព្រះវិញ្ញាណរបស់ទ្រង់ នៅពេលលោកបម្រើដល់កូនចៅរបស់ព្រះ ។
កើតមកពីឪពុកម្ដាយល្អ
នៅក្នុងសុន្ទរកថាលើកដំបូងក្នុងនាមជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ អែលឌើរ រ៉ាសបាន បានបង្ហាញពីអំណរគុណដ៏អស់ពីដួងចិត្តចំពោះបុព្វការីជនរបស់លោក ។ លោកមានប្រសាសន៍ថា « ខ្ញុំបានកើតមកពីឪពុកម្ដាយល្អ នៅក្នុងដំណឹងល្អហើយពួកគាត់កើតមកពីឪពុកម្ដាយល្អទាំងប្រាំមួយជំនាន់ដែរ » ។១
ម្តាយរបស់លោក វើដា អែនឌើរសុន រ៉ាសបាន គឺជាអ្នកដឹកនាំម្នាក់ដែលមានសេចក្តីស្រឡាញ់ ដែលបានអប់រំឲ្យរ៉ុនស្រឡាញ់ព្រះគម្ពីរតាំងពីក្មេង ។ ឪពុករបស់លោក រ៉ូឡុន ហគីន រ៉ាសបាន គឺជាអ្នកកាន់បព្វជិតភាពដ៏ស្មោះត្រង់ ដែលធ្វើជាគំរូអំពីគុណធម៌នៃការឧស្សាហ៍ព្យាយាមក្នុងការងារ ។
កើតនៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៥១ នៅក្នុងទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ស.រ.អា. រ៉ូណល អេ ( អែនឌើរសុន ) រ៉ាសបាន គឺជាកូនទោលនៅក្នុងគ្រួសារលោក ។ ឪពុកម្តាយរបស់លោកគឺធ្លាប់បានរៀបការ ហើយធ្លាប់លែងលះរៀងៗខ្លួនពីមុនពួកគេរៀបការជាមួយគ្នា ហើយរ៉ុនបានចិញ្ចឹមឲ្យបានធំឡើងក្រោមការថែទាំជាមួយនឹងបងប្រុសពីរនាក់ និង បងស្រីម្នាក់ ។
បងស្រីរបស់លោក ណានស៊ី ស្គីនល័រ បាននិយាយថា « លោកមានបុគ្គលិកលក្ខណៈរបស់ឪពុកម្តាយយើង ដូច្នេះយើងទាំងអស់គ្នាស្រឡាញ់គាត់ » ។ « រ៉ុនពុំដែលឲ្យម៉ាក់ និង ប៉ាឈរ ឬ អង្គុយក្បែរគ្នាដោយគ្មានលោកនៅចន្លោះពួកគាត់ឡើយ » ។
រ៉ុនគឺពិតជាក្មេងល្អម្នាក់ ប៉ុន្តែលោកសារភាពថាលោកក៏រប៉ិលរប៉ូចផងដែរ ។
លោកនិយាយថា « គ្រូបង្រៀន [ ថ្នាក់អង្គការបឋមសិក្សា ] ប្រធានអង្គការបឋមសិក្សាស្តេករបស់ខ្ញុំបានមកជួបម្តាយខ្ញុំពីរបីដង ហើយមានប្រសាសន៍ថា ‹ រ៉ុននី រ៉ាសបានគឺជាក្មេងចចេសណាស់ ប៉ុន្តែពួកគាត់មិនដែលបោះបង់ក្នុងការជួយខ្ញុំឡើយ ។ ពួកគេបង្ហាញសេចក្តីស្រឡាញ់យ៉ាងអស្ចារ្យដល់ខ្ញុំ ហើយអញ្ជើញខ្ញុំឲ្យត្រឡប់មកថ្នាក់វិញជានិច្ច » ។២
កុមារភាពរបស់រ៉ុនបានផ្តោតយកចិត្តទុកដាក់លើសាសនាចក្រ—ការប្រជុំវួដ ពិធីជប់លៀងក្នុងវួដ បរិភោគអាហារនៅវួដ និង ក្រុមកីឡាវួដ ។ នៅពេលលោកទំនេរពីសាលាប្រជុំវួដ ខុតតុនវ៉ូត ទីមួយ នោះលោកធ្វើការងារផ្សេងៗ ធ្វើសកម្មភាពនានានៃក្រុមកាយឫទ្ធិ ព្រមទាំងចំណាយពេលជាមួយមិត្តភក្តិ ។ នៅក្នុងផ្ទះ ពេលវេលារបស់គ្រួសារបានផ្តោតចិត្តទុកដាក់លើព្រះគម្ពីរ ល្បែងកម្សាន្ត និង កិច្ចការផ្ទះ ។
លោកនិយាយថា « ឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំពីអត្ថន័យនៃការងារតាមរយៈគំរូរបស់គាត់ ។ ម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំអំពីការងារតាមរយៈការផ្តល់ការងារឲ្យខ្ញុំធ្វើ » ។
ឪពុករបស់រ៉ុនបើកឡានដឹកនំបុ័ង គាត់ត្រូវក្រោកឡើងម៉ោង៤ព្រឹករាល់ថ្ងៃ ហើយត្រឡប់មកផ្ទះវិញយប់ជ្រៅរាល់យប់ ។ ម្តាយរបស់លោកនៅផ្ទះចិញ្ចឹមកូនៗ ជួយរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារដោយការធ្វើ និង លក់តុក្កតាកូនក្រមុំព័រសឺឡែន ។
រ៉ុន មានសមត្ថភាពជាអ្នកដឹកនាំពីធម្មជាតិ ផ្ទេរសិទ្ធិ និង សម្រេចកិច្ចការនានា—ដែលវាបានជួយគាត់យ៉ាងល្អនៅក្នុងទំនួលខុសត្រូវក្នុងការងារអាជីព និង ខាងសាសនារបស់លោក—គឺមានប្រយោជន៍ដល់លោកតាំងពីក្មេង ។
បងស្រីរបស់លោកចាំថា « រ៉ុនត្រូវបានចាត់ឲ្យកាត់ស្មៅ » ប៉ុន្តែ រ៉ុន បានធ្វើដូចជាម៉ាក ធ្វាន ថម សរយើរដែរគឺអាចបញ្ចុះបញ្ចូលមិត្តភក្តិរបស់គាត់ឲ្យមកជួយលោក ។
ណានស៊ីនិយាយថា « ពេលខ្ញុំមើលទៅវាលស្មៅ នោះខ្ញុំនឹងឃើញមិត្តភក្តិស្និទស្នាលរបស់គាត់កាត់ស្មៅជំនួសគាត់វិញ » ។ « សប្តាហ៍ក្រោយមកមិត្តភក្តិម្នាក់ផ្សេងទៀតរបស់គាត់បានមកកាត់ស្មៅ ។ គាត់គ្រាន់តែអង្គុយនៅរាលហាលខាងមុខ ហើយសើច និង និយាយកំប្លែងជាមួយពួកគេ នៅពេលពួកគេបានធ្វើកិច្ចការរបស់គាត់ » ។
ឪពុកម្ដាយរបស់រ៉ុនមានបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែក្រុមគ្រួសារនេះមានដំណឹងល្អ ។ រ៉ុននិយាយថា « យើងពុំដែលមានប្រាក់ច្រើនឡើយ ប៉ុន្តែវាពុំដែលប៉ះពាល់ដល់សុភមង្គលរបស់ខ្ញុំឡើយ » ។
មិត្តភក្តិ និង ថ្នាក់ដឹកនាំដ៏ជាទីទុកចិត្ត
ដោយបានចម្រើនវ័យធំឡើង នោះរ៉ុនត្រូវបានប្រទានពរដោយមានមិត្តភក្តិល្អៗ និង មានថ្នាក់ដឹកនាំបព្វជិតភាពដែលជាទីទុកចិត្ត រួមមានប្រធានស្តេករបស់គាត់ដែលបម្រើអស់រយៈ១៤ឆ្នាំ កាលគាត់នៅពីក្មេង—ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ដែលក្រោយមកបានបម្រើនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង នៅក្នុងគណៈប្រធានទីមួយ ។ គ្រួសាររបស់រ៉ុន រីករាយនឹងមិត្តភាពយ៉ាងស្និទស្នាលជាមួយប្រធាន ហ្វោស្ត និង គ្រួសារបស់លោក ។ លោកមានប្រសាសន៍ថា « ប្រធានហ្វោស្តតែងហៅខ្ញុំថាជាក្មេងនៅ ខុតតុនវ៉ូត ដោយសារលោកបានជួយចិញ្ចឹមបីបាច់ខ្ញុំ » ។
រ៉ុនគ្មានពេលវេលាសម្រាប់លេងកីឡានៅសាលាឡើយកាលគាត់រៀននៅវិទ្យាល័យ ដោយសារគាត់មានការងារមួយជាប់ជានិច្ច ប៉ុន្តែគាត់បានឆ្លៀតពេលសម្រាប់មិត្តភាពដ៏ស្មោះស្ម័គ្រដែលមានជាយូរអង្វែងនៅក្នុងជីវិតនេះ។
មិត្តភក្ដិកាលនៅកុមារភាពរបស់លោកឈ្មោះ ក្រេក ម៉ាកឃ្លារីបាននិយាយថា « ខ្ញុំសរសើររ៉ុនជានិច្ច ចំពោះបុគ្គលិកលក្ខណៈរបស់គាត់ ប៉ុន្តែគាត់មិនល្អឥតខ្ចោះនោះទេ » ។ គាត់បានបន្ថែមទាំងញញឹមទៀតថា « ខ្ញុំបានប្រាប់គាត់ថា ប្រសិនបើគាត់ឡើងឋានសួគ៌ នោះខ្ញុំក៏នឹងបានឡើងឋានសួគ៌ផងដែរ ដោយសារយើងបានធ្វើកិច្ចការទាំងនោះដូចគ្នាពេលយើងចម្រើនវ័យធំឡើង » ។
រ៉ុនបានទៅបម្រើបេសកកម្មនៅដើមឆ្នាំ ១៩៧០ ប៉ុន្តែ ក្រេកកំពុងពិចារណាពីការពន្យាពេលដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនា រហូតដល់រដូវស្លឹកឈើជ្រុះបន្ទាប់ ។ នោះគឺជាពេលដែលរ៉ុនបានទូរសព្ទទៅគាត់ពីបេសកកម្មរបស់ខ្លួន ។
បងប្រុស ម៉ាកឃ្លារីនិយាយថា « ខ្ញុំពុំដឹងពីរបៀបដែលលោកបានទទួលការអនុញ្ញាតដើម្បីទូរសព្ទមកឡើយ ប៉ុន្តែលោកបានស្តីប្រដៅខ្ញុំចំពោះការមិនរំភើបចិត្តក្នុងការចេញបេសកកម្មរបស់ខ្ញុំភ្លាមៗនោះ ។ ពិតណាស់ ខ្ញុំមិនបានពន្យាពេលទេ » ។
រ៉ុនបានប្រាប់ថា បេសកកម្មរបស់លោកគឺជាបទពិសោធន៍មួយយ៉ាង « អស្ចារ្យបំផុត » ។ លោកនិយាយថា « ព្រះអម្ចាស់បានប្រទានពរដល់ខ្ញុំនូវបទពិសោធន៍ និង ជំរុញសេចក្តីជំនឿដ៏អស្ចារ្យជាច្រើន ។ បេសកកម្មរបស់ខ្ញុំបានជះឥទ្ធិពលយ៉ាងធំធេងចំពោះជីវិតខាងវិញ្ញាណរបស់ខ្ញុំ » ។
ផ្នែកមួយនៃបេសកកម្មរបស់រ៉ុនបានបម្រើនៅក្នុងកោះប៊ើរមូដា ។ ប្រធានបេសកកម្មរបស់លោក ហារ៉ូត នីហ្វៃ វីលគីនសុន បញ្ចូនតែ « អ្នកផ្សព្វផ្សាយសាសនាណាដែលគោរពប្រតិបត្តិឥតលំអៀង » ទៅទីនោះ ដោយសារគាត់អាចទៅជួបពួកគេយូរៗម្តងតែប៉ុណ្ណោះ ។
រ៉ុននិយាយថា « យើងនៅតែឯង ប៉ុន្តែប្រធានបេសកកម្មពុំមានការព្រួយបារម្ភអំពីយើងឡើយ ។ យើងបានបំពេញកាតព្វកិច្ចរបស់យើង » ។
« យុវនារីដ៏មានឧត្តមគតិ » នៃក្លឹបឌែលតា ហ្វី
បន្ទាប់ពីចប់បេសកកម្មរបស់ខ្លួននៅឆ្នាំ ១៩៧២ នោះរ៉ុនរកបានការងារមួយ ហើយបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យយូថាហ៍នៅរដូវស្លឹកឈើជ្រុះនោះហើយបានចូលរួមក្នុងក្លឹប ឌែលតា ហ្វី កាប៉ា ក្លឹបមហាវិទ្យាល័យសម្រាប់អ្នកត្រឡប់ពីបេសកកម្មវិញ ។ នៅក្នុងសកម្មភាពសង្គមនៃក្លឹបមហាវិទ្យាល័យនោះ គាត់កត់សម្គាល់ឃើញយុវនារីដ៏ស្រស់ម្នាក់ដែលមានឈ្មោះថា មេឡានី ធ្វីឆែល ។ មេឡានីគឺជា « យុវនារីដ៏មានឧត្តមគតិ » ម្នាក់នៅក្នុងក្លឹបឌែលតា ហ្វី ដែលបានជួយដល់សកម្មភាពបម្រើនានារបស់ក្លឹបមហាវិទ្យាល័យ ។
មេឡានីក៏ដូចជារ៉ុនផងដែរគឺជាកូនដែលកើតមកពីក្រុមគ្រួសារនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ឪពុករបស់គាត់គឺជាមេបញ្ជាការទាហាន ហើយម្តាយរបស់គាត់ពុំដែលឲ្យការប្តូរទីលំនៅជាញឹកញាប់របស់គ្រួសារខ្លួន ក្លាយជាការដោះសារចំពោះការខកខានទៅព្រះវិហារឡើយ ។
មេឡានីបានមានចិត្តរំភើបចំពោះសេចក្តីសប្បុរស សុជីវធម៌ និង ចំណេះដឹងអំពីដំណឹងល្អរបស់រ៉ុនខ្លាំងណាស់ ។ « ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា ‹ លោកគឺជាបុរសដ៏អស្ចារ្យម្នាក់ ហើយវាគ្មានបញ្ហាទេ ប្រសិនបើខ្ញុំមិនមានឱកាសដើរលេងជាគូជាមួយលោកនោះ ។ ខ្ញុំគ្រាន់តែចង់ធ្វើជាមិត្តជិតស្និទរបស់លោកប៉ុណ្ណោះ › » ។
នៅពេលទំនាក់ទំនងរបស់ពួកគេរីកចម្រើន នោះព្រះវិញ្ញាណបានបញ្ជាក់ក្នុងអារម្មណ៍របស់នាងអំពីរ៉ុន និង ការប្តេជ្ញាចិត្តរបស់លោកចំពោះព្រះអម្ចាស់ ។ មិនយូរប៉ុន្មាន មិត្តភាពរបស់ពួកគេបានក្លាយទៅជាស្នេហាដែលមេឡានីហៅថា « ដំណើររឿងស្នេហាដ៏អណ្តែតអណ្តូង » ។
អែលឌើរ រ៉ាសបានមានប្រសាសន៍ថានាងគឺជាដៃគូដ៏ល្អឥតខ្ចោះ ។ « មេឡានីមានភក្តីភាព និង មរតកនៅក្នុងដំណឹងល្អដូចជាខ្ញុំផងដែរ ។ យើងបានក្លាយជាមិត្តិភក្តិជិតស្និទនឹងគ្នា ហើយនោះគឺជាពេលដែលខ្ញុំបានសុំនាងរៀបការ » ។
ពួកគេបានរៀបការនៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩៧៣ ក្នុងព្រះវិហារបរិសុទ្ធសលត៍ លេក ។ លោកមានប្រសាសន៍ថា « ចាប់តាំងពីនោះមកលោកបានមានដៃគូដ៏អស់កល្បដែលមិនគិតពីខ្លួនឯង…បានជួយខ្ញុំឲ្យប្រែកាន់តែដូចជាសិស្សរបស់ព្រះយេស៊ូគ្រីស្ទ ។ ក្ដីស្រឡាញ់ និង ការបម្រើរបស់នាង និង កូនៗ៥នាក់របស់យើង ព្រមទាំងភរិយា និង ស្វាមីរបស់ពួកគេ និង ចៅៗទាំង២៤នាក់របស់យើង គាំទ្រដល់ខ្ញុំ » ។៣
« តោះយើងទៅ »
អំឡុងពេលកំពុងបម្រើជាប្រធានកូរ៉ុមអែលឌើរនៅក្នុងវួដនៃនិស្សិតដែលបានរៀបការរួចរបស់លោក នោះរ៉ុនបានស្គាល់ ចូន ហាន់ស្មែន ស៊ីញ័រ អ្នកផ្តល់ដំបូន្មានក្រុមប្រឹក្សាវួដ ។ មិនយូរប៉ុន្មាន ចូនមានការកោតសរសើរចំពោះរបៀបដែលរ៉ុនបានដឹកនាំកូរ៉ុម ។
អែលឌើរ ហាន់ស្មែន ដែលបានបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់ពីឆ្នាំ ១៩៩៦ ដល់ ២០១១ បានមានប្រសាសន៍ថា « លោកមានទេពកោសល្យនៃភាពជាអ្នកដឹកនាំ និង រៀបចំរចនាសម្ព័ន្ធយ៉ាងអស្ចារ្យ ។ ខ្ញុំបានគិតថាវាមិនមែនជារឿងធម្មតាទេ ដែលយុវជនម្នាក់ដែលនៅរៀនមហាវិទ្យាល័យអាចដឹកនាំកូរ៉ុមបានយ៉ាងល្អបែបនោះ » ។
អស់រយៈពេលជាច្រើនខែ ចូនបានមើលឃើញថារ៉ុនបានប្តូរពីការគិតទៅជាសកម្មភាព នៅពេលលោកបំពេញកាតព្វកិច្ចបព្វជិតភាព ។ នៅពេលមានការរើសបុគ្គលិកជាន់ខ្ពស់ផ្នែកទីផ្សារនៅក្រុមហ៊ុនរបស់ចូន—ដែលនឹងក្លាយជាសាជីវកម្មគីមីហាន់ស្មែន—គាត់បានសម្រេចចិត្តថា រ៉ុនមានជំនាញនានាដែលគាត់ចង់បាន ហើយហៅគាត់ឲ្យធ្វើការងារនោះ ។ មុខងារនោះបានចាប់ផ្តើមនៅសប្តាហ៍បន្ទាប់នៅរដ្ឋ អូហៃអូ ស.រ.អា. ។
រ៉ុនបានរំឭកថា « ខ្ញុំបានប្រាប់មេឡានីថា ‹ បងនឹងមិនឈប់រៀន ហើយផ្លាស់ទីលំនៅឡើយ › ។ បងខិតខំពេញមួយជីវិតរបស់បងដើម្បីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយនៅទីបំផុតបងជិតបានសម្រេចគោលដៅហើយ » ។
មេឡានីបានរំឭករ៉ុនថា ការស្វែងរកការងារល្អនេះហើយគឺជាមូលហេតុដែលលោកត្រូវសិក្សា ។
នាងបានសួរថា « តើបងបារម្ភពីរឿងអ្វី ? អូនចេះពីរបៀបរៀបចំអីវ៉ាន់ ហើយផ្លាស់ទីលំនៅ ។ អូនបានធ្វើវាពេញមួយជីវិតរបស់អូនហើយ ។ អូននឹងអនុញ្ញាតឲ្យបងទូរសព្ទទៅម្តាយរបស់បងរាល់យប់ ។ តោះយើងទៅ » ។
ចូន មានទំនុកចិត្តលើរ៉ុន គឺជារឿងត្រឹមត្រូវណាស់ ។ ក្រោមការគ្រប់គ្រងរបស់ចូន នោះរ៉ុនបានរីកចម្រើនយ៉ាងលឿននៅក្នុងក្រុមហ៊ុន ក្លាយជាប្រធានក្រុមហ៊ុន និង ជាប្រធានប្រតិបត្តិនៅក្នុងឆ្នាំ ១៩៨៦ ។ លោកបានធ្វើដំណើរជាច្រើនកន្លែងដើម្បីបំពេញការងារក្រុមហ៊ុន—ទាំងក្នុង និង ក្រៅស្រុក ។ បើទោះបីជាមានកាលវិភាគរវល់ក្តី រ៉ុនបានព្យាយាមមកផ្ទះវិញចុងសប្តាហ៍ ។ ហើយនៅពេលលោកធ្វើដំណើរ យូរៗម្តងលោកបានយកសមាជិកគ្រួសារខ្លួនទៅជាមួយលោក ។
មេឡានី និយាយថា « នៅពេលលោកនៅផ្ទះ លោកពិតជាធ្វើឲ្យកូនៗមានអារម្មណ៍យ៉ាងពិសេស និង ពេញដោយក្តីស្រឡាញ់ » ។ លោកបានចូលរួមសកម្មភាពនានា និង កម្មវិធីកីឡារបស់កូនៗតាមពេលវេលាដែលអំណោយផលឲ្យ ។ ជេនេសា ម៉ាកហ្វើសុន ជាកូនស្រីម្នាក់ក្នុងចំណោមកូនបួននាក់ របស់គូស្វាមីភរិយាមួយគូនេះ បាននិយាយថា កាតព្វកិច្ចសាសនានៅថ្ងៃអាទិត្យរបស់ឪពុកនាង គឺត្រូវអង្គុយបែកពីក្រុមគ្រួសារអំឡុងពេលប្រជុំសាសនាចក្រជានិច្ច ។
នាងនិយាយថា « យើងនឹងដណ្តើមគ្នាអង្គុយក្បែរលោកនៅព្រះវិហារ ព្រោះលោកកម្រមានវត្តមាននៅទីនោះណាស់ ។ ខ្ញុំចាំពេលខ្ញុំចាប់ដៃលោក ហើយគិតខ្លួនខ្ញុំថា ‹ ប្រសិនបើខ្ញុំអាចរៀនប្រែក្លាយដូចជាលោក នោះខ្ញុំនឹងនៅលើផ្លូវត្រឹមត្រូវ ហើយនឹងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ › ។ លោកគឺជាវីរបុរសរបស់ខ្ញុំជានិច្ច » ។
គ្រីស្ទានកូនប្រុសរបស់គូស្វាមីភរិយានេះ រំឭកពីអនុស្សាវរីយ៍នៃ « ពេលវេលារបស់ឪពុក និង កូនប្រុស » ។ គាត់និយាយថា មិត្តភាពជាមួយអ្នកដទៃជារឿងបណ្តោះអាសន្ន ព្រោះគ្រួសារពួកយើងឧស្សាហ៍ប្តូរទីលំនៅ « ប៉ុន្តែឪពុករបស់ខ្ញុំគឺជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្ញុំជានិច្ច »—ទោះបីពេលខ្លះគាត់គឺជាគូប្រកួតប្រជែងម្នាក់ក្តី ។
មិនថាការស៊ុតបាល់បោះជាមួយគ្រីស្ទានការលេងល្បែងកម្សាន្តជាមួយកូនស្រីគាត់ ឬ ស្ទូចត្រីជាមួយគ្រួសារ និង មិត្តភក្ដិរបស់ខ្លួនឡើយ រ៉ុនតែងតែឈ្នះ ។
គ្រីស្ទាននិយាយថា « អំឡុងពេលយើងធំឡើង គឺគាត់ពុំអនុញ្ញាត ឲ្យនរណាម្នាក់ ឈ្នះគាត់ឡើយ ។ យើងត្រូវតែប្រឹងប្រែងដើម្បីទទួលជ័យជំនះ ប៉ុន្តែវាធ្វើឲ្យយើងកាន់តែប្រសើរឡើង ។ ហើយប្រពៃណីនេះបន្តរហូតដល់ចៅៗជាទីស្រឡាញ់របស់លោកដែរ » ។
អស់ជាពេលជាច្រើនឆ្នាំ គ្រួសាររបស់រ៉ុនអាចឃើញយ៉ាងច្បាស់ពីរបៀបដែលការបម្រើនៅក្នុងសាសនាចក្របានតម្កើងសមត្ថភាពរបស់លោក ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និង ការអាណិតអាសូរ ដើម្បីបង្ហាញអារម្មណ៍នៃព្រះវិញ្ញាណ ហើយបំផុសគំនិតរបស់មនុស្សដទៃទៀតឲ្យធ្វើកិច្ចការនានាឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ។ បន្ទាប់ពីកំណើតចៅប្រុសរបស់រ៉ុន និង មេឡានី ឈ្មោះផាសតុន កើតមក គ្រួសារនេះបានពឹងផ្អែកទាំងស្រុងលើកម្លាំងខាងវិញ្ញាណ និង ការគាំទ្ររបស់រ៉ុន ។
ផាសតុន មានជំងឺតំណពូជដ៏កម្រពីកំណើត គាត់ត្រូវរងការឈឺចាប់ព្រោះបញ្ហាសុខភាពជាច្រើន ដែលជាការសាកល្បងចំពោះគ្រួសារគាត់ទាំងខាងរូបកាយ សតិអារម្មណ៍ និង ខាងវិញ្ញាណ ។ អែលឌើរ រ៉ាសបានបានហៅដំណើរការនេះ បន្ទាប់ពីកំណើតរបស់ផាសតុនថា « ជាការសាកល្បងដ៏ពិបាកមួយដើម្បីរៀនមេរៀនពិសេសៗ ដែលទាក់ទងនឹងភាពអស់កល្បរបស់ពួកគេ » ។៤
អំឡុងពេលបីឆ្នាំយ៉ាងខ្លីនៃជីវិតរបស់ផាសតុន—ជាពេលដែលមានសំណួរជាច្រើនតែមានចម្លើយតិចតួច—អែលឌើរ រ៉ាសបាន បានឈរជាបង្គោលខាងវិញ្ញាណ ដោយដឹកនាំគ្រួសាររបស់លោកឲ្យខិតកាន់តែជិតព្រះចេស្តានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជាមួយនឹងការប្រកាសនៃការហៅបម្រើថ្មីរបស់លោក សមាជិកគ្រួសារ និង មិត្តភក្ដិជាច្រើនគ្មានការភ្ញាក់ផ្អើលឡើយ ។ គ្រីស្ទាននិយាយថា « ពួកយើងទាំងអស់គ្នាដែលស្គាល់លោកច្បាស់ បានលើកដៃយ៉ាងខ្ពស់ នៅពេលគាត់ត្រូវបានគាំទ្រជាសាវក » ។
« ទូលបង្គំនឹងទៅបម្រើ »
នៅក្នុងឆ្នាំ ១៩៩៦ ពេលលោកមានអាយុ ៤៥ឆ្នាំ ជាពេលដែលរ៉ុនមានភាពជោគជ័យក្នុងវិជ្ជាជីវៈ នោះគាត់ត្រូវបានហៅឲ្យបម្រើជាប្រធានបេសកកម្មនៃបេសកកម្ម នូវ យ៉ោក នូវយ៉ោក ខាងជើង ។ ដូចជាពួកសាវកពីបុរាណដែរ លោក « បានទុកសំណាញ់ [ របស់គាត់ ] ចោល » (ម៉ាថាយ ៤:២០) ។
អែលឌើរ រ៉ាសបានមានប្រសាសន៍ថា « ការទទួលយកការហៅបម្រើគឺគ្រាន់តែមួយពព្រិចភ្នែកប៉ុណ្ណោះ » ។ លោកបានមានប្រសាសន៍ទៅកាន់ព្រះអម្ចាស់ថា « ព្រះអម្ចាស់ចង់ឲ្យទូលបង្គំទៅបម្រើ នោះទូលបង្គំនឹងទៅបម្រើ » ។
អំឡុងពេលបម្រើរ៉ុនបានប្រើមេរៀនដ៏អស្ចារ្យដែលលោកបានរៀនពីបទពិសោធន៍នៃវិជ្ជាជីវៈរបស់លោកគឺ ៖ « មនុស្សមានសារៈសំខាន់ជាងអ្វីៗផ្សេងទៀត » ។៥ ជាមួយនឹងចំណេះដឹងនោះ ព្រមទាំងទេពកោសល្យដែលលោកបានអភិវឌ្ឍ នោះលោកបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមបម្រើពេញម៉ោងនៅក្នុងនគររបស់ព្រះអម្ចាស់ ។
រ៉ុន និង មេឡានីបានបម្រើកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងទីក្រុង នូវ យ៉ោកដោយមានទាំងឧបសគ្គ និង ក្តីរំភើប ។ បន្ទាប់មក រ៉ុនបានផ្ទេរទំនួលខុសត្រូវដល់អ្នកផ្សព្វផ្សាយសាសនា—បំផុសឲ្យពួកគេមានភក្តីភាព និង ការបង្រៀន ស្ថាបនា និង លើកស្ទួយពួកគេក្នុងកិច្ចការនោះ ។
នៅក្នុងឆ្នាំ ២០០០ ប្រាំបីខែបន្ទាប់ពីរ៉ុន និង មេឡានីបានបញ្ចប់បេសកកម្មរបស់ពួកគេ នោះរ៉ុនត្រូវបានហៅបម្រើជាពួកចិតសិបនាក់ ដែលលោកមានការរៀបចំ បទពិសោធន៍ និង ទេពកោសល្យជាច្រើនដែលបានប្រទានពរដល់សាសនាចក្រ ។ ក្នុងនាមជាសមាជិកនៃពួកចិតសិបនាក់ នោះលោកបានបម្រើជាទីប្រឹក្សានៅក្នុងគណៈប្រធានតំបន់អើរ៉ុបកណ្តាល ដោយជួយគ្រប់គ្រងប្រទេសទាំង ៣៩ ។ ទោះបីជាលោកបានចប់ពីមហាវិទ្យាល័យជាង ៤០ឆ្នាំក្តី លោកនៅតែបន្តធ្វើជាសិស្សដ៏ឧស្សាហ៍ ស្វាគមន៍ដល់ការបង្ហាត់បង្រៀនជាបន្តបន្ទាប់ពីពួកបងប្អូនប្រុសច្បង នៅពេលលោកបានគ្រប់គ្រងតំបន់ខាងលិចនៃអាមេរិកខាងជើងភាគពាយព្យ និង តំបន់ទាំងបីនៅយូថាហ៍ លោកបានបម្រើជានាយកប្រតិបត្តិនៃ ការិយាល័យព្រះវិហារបរិសុទ្ធ ហើយបានបម្រើនៅក្នុងគណៈប្រធាននៃពួកចិតសិប ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកដប់ពីរនាក់ ។
ថ្មីៗនេះ អែលឌើរ រ៉ាសបានបានថ្លែងថា « វាជាកិត្តិយស និង ឯកសិទ្ធិដ៏អស្ចារ្យអ្វីម៉្លេះសម្រាប់ខ្ញុំ ដើម្បីធ្វើជាមនុស្សដ៏តូចបំផុតនៅក្នុងចំណោមពួកដប់ពីរនាក់ ហើយរៀនពីពួកលោកគ្រប់ជំហាន និង គ្រប់ឱកាសទាំងអស់ » ។៦
« អ្វីដែលពួកលោកបានដឹង នោះខ្ញុំដឹង »
ខាងឆ្វេងខាងលើបំផុត ៖ រូបថតដោយ វីនឌី ឃីល័រ ខាងស្តាំ ៖ អ្នកផ្សព្វផ្សាយសាសនាមរមនអ្នកផ្សព្វផ្សាយសាសនាជំនាន់មុននៅក្នុងប្រទេសដាណឺម៉ាក ដោយ អាណុល ហ្វ្រីបើក ( ដោយយោងតាមគំនូរដោយ គ្រីស្ទីន ដាសហ្គាដ ឆ្នាំ ១៨៥៦ ) ដាន ចូនស៍ ព្រមានដល់ទីក្រុង វេល ដោយ ខ្លាក ឃេលី ផ្រៃ
មានគំនូរពីរផ្ទាំងព្យួរនៅជញ្ជាំងនៃការិយាល័យរបស់អែលឌើរ រ៉ាសបាន ។ គំនូរមួយគឺអំពីអ្នកផ្សព្វផ្សាយសាសនានៃពួកមរមនបង្រៀនគ្រួសារមួយនៅប្រទេសដាណឺម៉ាកនៅក្នុងទសវត្សរ៍ឆ្នាំ ១៨៥០ ។ គំនូរទីពីរគឺអំពីអ្នកផ្សព្វផ្សាយសាសនាជំនាន់មុនឈ្មោះ ដាន ចូនស៍ ផ្សព្វផ្សាយឈរនៅលើអណ្តូងទឹកនៅលើកោះនៃចក្រភពអង់គ្លេស ។ រូបគំនូរ ( ខាងស្តាំខាងលើ ) រំឭកអែលឌើរ រ៉ាសបាន អំពីបុព្វការីជនរបស់លោកផ្ទាល់ ។
លោកបានថ្លែងទីបន្ទាល់ថា « អ្នកត្រួសត្រាយទាំងនេះបានលះបង់អ្វីៗទាំងអស់ សម្រាប់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបន្សល់ទុកនូវកេរដំណែលសម្រាប់កូនចៅរបស់ពួកគាត់ឲ្យដើរតាម » ។៧ អ្វីដែលជំរុញឲ្យបុព្វការីជនរបស់អែលឌើរ រ៉ាសបានបន្តឆ្ពោះទៅមុខទោះមានទុក្ខលំបាកវេទនា និង ការបៀតបៀន និង អ្វីដែលធ្វើឲ្យលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះការហៅបម្រើថ្មីរបស់លោក ៖ គឺចំណេះដឹង និង សាក្សីដ៏ពិតរបស់ព្រះអម្ចាស់ និង កិច្ចការរបស់ទ្រង់ ។
លោកបានមានប្រសាសន៍ថា « ខ្ញុំមានកិច្ចការជាច្រើនដែលត្រូវរៀននៅក្នុងការហៅបម្រើថ្មីរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍រាបទាបណាស់ចំពោះការបម្រើនេះ ។ ប៉ុន្តែលក្ខណៈពិសេសមួយនៃការហៅបម្រើរបស់ខ្ញុំដែលខ្ញុំអាចធ្វើបាន ។ គឺខ្ញុំអាចថ្លែងទីបន្ទាល់អំពីព្រះនាមនៃព្រះគ្រីស្ទ នៅទូទាំងពិភពលោក › (គ. និង ស. ១០៧:២៣) ។ ទ្រង់មានព្រះជន្មរស់ ! »៨
ក្នុងនាមជាចៅទួតនៃពួកអ្នកត្រួសត្រាយ នោះលោកបន្ថែមថា ៖ « អ្វីដែលពួកលោកបានទទួលអារម្មណ៍ នោះខ្ញុំក៏បានទទួលអារម្មណ៍នោះផងដែរ ។ អ្វីដែលពួកលោកបានដឹង នោះខ្ញុំក៏បានដឹង » ។៩
ហើយអ្វីដែលពួកគេបានរំពឹងទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកគេគឺបានសម្តែងឲ្យឃើញនៅក្នុងជីវិត ការបង្រៀន និង ការបម្រើរបស់អែលឌើរ រ៉ូណល អេ រ៉ាសបាន ដែលកំពុងធ្វើតាមគំរូរបស់ពួកគេ និង គោរពកេរដំណែលរបស់ពួកគេ នៅពេលលោកបានបោះជំហានឆ្ពោះទៅមុខ ក្នុងនាមជាសាក្សីពិសេសម្នាក់របស់ព្រះអម្ចាស់ ។