ស្ថេរភាពខាងវិញ្ញាណ ៖ ការសង់កប៉ាល់មួយដែលមិនអាចលិចបាន
ដកស្រង់ចេញពីការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ធ្វើឡើងនៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៤ ។ ចំពោះអត្ថបទទាំងមូលជាភាសាអង់គ្លេសសូមចូលទៅកាន់គេហទំព័រ speeches.byu.edu។
យើងត្រូវការមានស្ថេរភាពខាងវិញ្ញាណគ្រប់គ្រាន់ ដើម្បីកាច់ចង្កូតជីវិតរមែងស្លាប់របស់យើងឲ្យបានជោគជ័យ ហើយត្រឡប់ទៅគេហដ្ឋានសួគ៌ាយើងវិញដោយសុវត្ថិភាព ។
នៅក្នុងដើមសតវត្សរ៍ទី ១៧ ព្រះរាជារបស់ប្រទេសស៊ុយអែដ ឈ្មោះ ហ្គូស្តាវ ទី II អាដូហ្វ បានបញ្ជាឲ្យសង់កប៉ាល់សង្គ្រាមមួយដែលនឹងដាក់ឈ្មោះថា វ៉ាសា ។ ការសង់កប៉ាល់នោះតម្រូវឲ្យប្រើធនធានច្រើនណាស់ ជាពិសេសគឺដើមសែន ដែលត្រូវការមកសាងសង់វា ។ ហ្គូស្តាវ អាដូហ្វ បានទតមើលដំណើរការសាងសង់កប៉ាល់នោះយ៉ាងដិតដល់ ដោយមានបំណងដើម្បីប្រាកដថាកប៉ាល់ វ៉ាសា នឹងបានសម្រេចទាំងស្រុងតាមការរំពឹងរបស់ទ្រង់ ។
បន្ទាប់ពីការសាងសង់បានចាប់ផ្តើម ហ្គូស្តាវ អាដូហ្វបានបញ្ជាថា កប៉ាល់ វ៉ាសា ត្រូវតែធ្វើឲ្យវែង ។ ដោយសារផ្នែកទទឹងនៃកប៉ាល់បានសង់រួចហើយដោយប្រើឈើសែន នោះព្រះរាជាបានបង្គាប់ឲ្យស្ថាបនិកពង្រីកបណ្តោយរបស់កប៉ាល់ដោយពុំពង្រីកទទឹងរបស់វាឡើយ ។ ទោះបីជាស្ថាបនិកនោះបានដឹងថាការធ្វើបែបនេះនឹងធ្វើឲ្យការធ្វើដំណើររបស់កប៉ាល់ វ៉ាសា ចុះខ្សោយក៏ដោយ ក៏ពួកគេស្ទាក់ស្ទើរនឹងប្រាប់ព្រះរាជានោះអំពីអ្វីដែលពួកគេបានដឹង ដែលទ្រង់មិនចង់ជ្រាបឡើយ ។ ពួកគេបានស្តាប់តាមការបញ្ជា ។ ហ្គូស្តាវ អាដូហ្វ ក៏ប្រកាសផងដែរថា កប៉ាល់នេះពុំមានជាន់ដាក់កាំភ្លើងធំតាមទម្លាប់ធម្មតាទេ ប៉ុន្តែដាក់កាំភ្លើងធំនៅលើជាន់ទាំងបី ដោយដាក់កាំភ្លើងដែលធ្ងន់ជាងគេបំផុតនៅជាន់លើគេបង្អស់ ។ ជាថ្មីម្តងទៀត ទោះបីជាវាផ្ទុយនឹងការវិនិច្ឆ័យរបស់ខ្លួនក្តី ស្ថាបនិកនោះបានគោរពតាមបញ្ជា ។
នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៦២៨កប៉ាល់ វ៉ាសា បានចាប់ផ្តើមធ្វើដំណើរជាលើកដំបូងរបស់ខ្លួន ។ បន្ទាប់ពីកប៉ាល់ វ៉ាសា បានចាកចេញពីកំពង់ផែ នោះមានខ្យល់បក់យ៉ាងខ្លាំងលើក្តោងរបស់វា ហើយកប៉ាល់បានចាប់ផ្តើមផ្អៀង ។ មិនយូរប៉ុន្មាន « កប៉ាល់នោះបានផ្អៀងទៅស្តាំ ហើយទឹកបានហូរយ៉ាងគំហុកទៅក្នុងកាំភ្លើង រហូតធ្វើឲ្យកប៉ាល់នោះបានលិចចុះបន្តិចម្តងៗទៅក្នុងបាតសមុទ្រ លិចទាំងក្តោង និង ទង់ជាតិនិងអ្វីៗទាំងអស់ » ។១ ការធ្វើដំណើរដំបូងរបស់កប៉ាល់ វ៉ាសា គឺបានចម្ងាយប្រហែល ១២៨០ម៉ែត្រ ។
ព្រះរាជបំណងរបស់ហ្គូស្តាវ អាដូហ្វដើម្បីបង្ហាញពីនិមិត្តសញ្ញានៃព្រះចេស្តាខ្លាំងក្លារបស់ទ្រង់នោះ បានបំផ្លាញកប៉ាល់ក្តោងដ៏អស្ចារ្យ ដែលជាកប៉ាល់សង្គ្រាមដ៏ខ្លាំងបំផុតនៅសម័យនោះ ។ ភាពស្ទាក់ស្ទើរមិនហ៊ានបើកមាត់និយាយរបស់ស្ថាបនិកសង់កប៉ាល់នោះ — គឺភាពភ័យខ្លាចរបស់ពួកគេចំពោះការមិនសព្វព្រះទ័យរបស់ព្រះរាជា — បានធ្វើឲ្យព្រះរាជាដកខ្លួនចេញពីចំណេះដឹង និង ការយល់ដឹងរបស់ពួកគេ ។ ទាំងអស់គ្នាមានការពាក់ព័ន្ធនឹងការខ្វះនូវការមើលឃើញពីគោលដៅនៃគម្រោងនោះ ៖ ដើម្បីការពារប្រជាជនស៊ុយអែដ និង បំពេញគោលដៅជាអន្តរជាតិរបស់វា ។ កប៉ាល់ដែលព្យាយាមប្រឆាំងនឹងច្បាប់នៃរូបកាយនេះគឺជាទូកសាមញ្ញមួយដែលនឹងមិនអណ្តែតលើទឹកឡើយ ។
សម្រាប់ពួកយើងដើម្បីកាច់ចង្កូតជីវិតរមែងស្លាប់របស់យើងឲ្យបានជោគជ័យ យើងត្រូវការស្ថេរភាពខាងវិញ្ញាណគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងខ្យល់បក់បោក ធ្វើការកាច់ចង្កូតដែលចាំបាច់ ហើយត្រឡប់ទៅកាន់ផ្ទះរបស់ព្រះវរបិសួគ៌យើងវិញដោយសុវត្ថិភាព ។ មានរឿងជាច្រើនដែលយើងអាចធ្វើដើម្បីបង្កើនស្ថេរភាពខាងវិញ្ញាណរបស់យើង ។ ខ្ញុំនឹងប្រាប់នូវចំណុចបួន ។
គោរពតាមព្រះបញ្ញត្តិរបស់ព្រះ
ទីមួយគឺការគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ។ គឺដូចជាកប៉ាល់ វ៉ាសា ដែលត្រូវចុះចូលនឹងក្រឹត្យវិន័យនៃរូបកាយ នោះយើងទាំងអស់គ្នាត្រូវចុះចូលទៅនឹងក្រឹត្យវិន័យខាងវិញ្ញាណផងដែរ ។ គ្មាននរណាម្នាក់អាចជៀសផុតបានឡើយ ។ យើងត្រូវតែគោរពធ្វើតាមក្រឹត្យវិន័យខាងវិញ្ញាណទាំងនេះ ដែលយើងហៅថាបទបញ្ញត្តិរបស់ព្រះ ។
ដោយធ្វើតាមក្រឹត្យវិន័យខាងរូបកាយនៅក្នុងការសង់កប៉ាល់ អាចមានអារម្មណ៍ថាមានភាពតានតឹងចំពោះហ្គូស្តាវ ប៉ុន្តែកប៉ាល់ វ៉ាសា នឹងពុំលិចពីមុនបេសកកម្មរបស់វាចាប់ផ្តើមឡើយ ប្រសិនបើវាបានគោរពតាមក្រឹត្យវិន័យទាំងនេះ ។ ផ្ទុយទៅវិញ វាមានសេរីភាព និង ភាពអាចបត់បែនបានដើម្បីសម្រេចបាននូវអ្វីដែលវាត្រូវធ្វើ ។
ដូចគ្នានេះផងដែរ ការគោរពតាមក្រឹត្យវិន័យរបស់ព្រះ រក្សានូវសេរីភាព ភាពអាចបត់បែន និង សមត្ថភាពរបស់យើងដើម្បីសម្រេចបាននូវសក្តានុពលរបស់ខ្លួន ។ ព្រះបញ្ញត្តិពុំមែនដើម្បីគាបសង្កត់យើងឡើយ ។ ផ្ទុយទៅវិញ ការគោរពប្រតិបត្តិនាំឲ្យបង្កើតនូវស្ថេរភាពខាងវិញ្ញាណ ហើយមានសុភមង្គលយូរអង្វែរ ។
ការគោរពប្រតិបត្តិគឺជាជម្រើសយើង ។ ព្រះយេស៊ូវមានបន្ទូលថា « មើលចុះយើងបានប្រទានបញ្ញត្តិទាំងឡាយដល់អ្នករាល់គ្នា ដូច្នេះចូរធ្វើតាមបញ្ញត្តិទាំងឡាយរបស់យើង » ( នីហ្វៃទី ៣ ១៥:១០ ) ។ វាគឺសាមញ្ញណាស់ ។ ចូរធ្វើការសម្រេចចិត្តចុះ ។ សូមសម្រេចចិត្តនៅពេលនេះដើម្បីគោរពប្រតិបត្តិតាមដោយឥតលំអៀង ។ គ្មានអ្វីនឹងអាចបង្កើនស្ថេរភាពខាងវិញ្ញាណបន្ថែមទៀតឡើយ ។ គ្មានអ្វីនឹងផ្តល់សេរីភាពដ៏អស្ចារ្យដល់យើង ឲ្យសម្រេចបាននូវបេសកកម្មនៃជីវិតរបស់យើងឡើយ ។
ស្តាប់តាមការទូន្មាន និង បន្តរៀនពេញមួយជីវិត
ទីពីរ យើងត្រូវការផ្តោតចិត្តទុកដាក់ ហើយស្តាប់តាមការទូន្មានមកពីប្រភពដែលគួរទុកចិត្ត ហើយប្តេជ្ញាចិត្តដោយខ្លួនយើង ដើម្បីបន្តរៀនពេញមួយជីវិត ។
គ្រោះថ្នាក់មួយនៃការទទួលបានចំណេះដឹងគឺជាអំនួតដែលអាចកើតឡើង នៅពេលយើងគិតថាយើងចេះច្រើនហើយ ថាគ្មានអ្វីទៀតត្រូវរៀនឡើយ ។ យើងបានឃើញការណ៍ទាំងនេះនៅក្នុងមនុស្សជាច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រាជ្ញាផ្ទាល់របស់ខ្លួន ។ វាពិតជាលំបាកដើម្បីបង្រៀនដល់អ្នកដែលគិតថាខ្លួនឯងចេះអ្វីៗគ្រប់យ៉ាងទាំងអស់ ។
ដោយដឹងពីការណ៍នេះ និង មានបំណងបន្តរៀនពេញមួយជីវិតនោះប្រធាន ហិនរី ប៊ី អាវរិង ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ថា « ខ្ញុំនៅតែមានអ្វីជាច្រើនដើម្បីរៀន ។ មនុស្សគ្រប់គ្នាអាចបង្រៀនខ្ញុំនូវអ្វីជាច្រើន » ។២ នៅពេលគាត់បានផ្តល់ការហៅខ្ញំឲ្យធ្វើជាអ្នកមានសិទ្ធិអំណាចទូទៅ ប្រធាន អាវរិងបានបង្រៀនខ្ញុំនូវមេរៀនសំខាន់មួយ ។ លោកបានមានប្រសាសន៍ថា នៅពេលលោកស្តាប់នរណាម្នាក់ប្រាប់រឿងមួយដែលលោកធ្លាប់បានស្តាប់ពីមុន ឬ ប្រាប់ខគម្ពីរដែលគាត់ស្គាល់ច្បាស់ហើយ នោះគាត់សួរខ្លួនឯងថា « ហេតុអ្វីបានជាព្រះអម្ចាស់សង្កត់ធ្ងន់ពីចំណុចនេះដល់ខ្ញុំ ? » និង « តើខ្ញុំពុំទាន់បានរៀនអ្វីខ្លះពីរឿង ឬ ខគម្ពីរនោះ ? » ប្រសិនបើយើងចង់បង្កើនស្ថេរភាពខាងវិញ្ញាណរបស់យើង នោះយើងនឹងមានឆន្ទៈដើម្បីរៀន ហើយបន្ទាបខ្លួនគ្រប់គ្រាន់ដើម្បីទទួលយកការណែនាំពុំថាយើងមានអាយុ ឬ បទពិសោធន៍ប៉ុណ្ណានោះឡើយ ។
វាពិតជាជម្រើសរបស់យើង ។ យើងអាចស្តាប់ ហើយស្តាប់តាមការទូន្មានដែលបានផ្តល់ដល់យើងដោយអ្នកដឹកនាំសាសនាចក្រ ជាពិសេសអស់អ្នកដែលយើងគាំទ្រថា ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ តាមរយៈឪពុកម្តាយ និង តាមរយៈមិត្តភក្តិដែលទុកចិត្ត — ឬក៏មិនស្តាប់តាម ។ យើងអាចព្យាយាមដើម្បីបន្តរៀនពេញមួយជីវិតនេះ — ឬក៏មិនចង់រៀន ។ យើងអាចបង្កើនស្ថេរភាពខាងវិញ្ញាណរបស់យើង — ឬមិនបង្កើន ។ ប្រសិនបើយើងពុំបង្កើនស្ថេរភាពខាងវិញ្ញាណរបស់យើងទេ នោះយើងនឹងក្លាយដូចជាកប៉ាល់ វ៉ាសា — គឺជាកប៉ាល់ដែលនឹងមិនអណ្តែតទឹកឡើយ ។
បម្រើអ្នកដទៃ
ទីបី កិច្ចខិតខំរបស់យើងជួយដល់មនុស្សដទៃ ការខ្វល់ខ្វាយពីមនុស្សដទៃ និងការបម្រើមនុស្សដទៃបង្កើនស្ថេរភាពខាងវិញ្ញាណរបស់យើង ។
ភាពអស់កល្បជានិច្ចស្ថិតនៅយ៉ាងច្បាស់ នៅពេលយើងផ្តោតលើមនុស្សដទៃ នៅពេលយើងព្យាយាមជួយដល់កូនចៅរបស់ព្រះវរបិតាសួគ៌ ។ ខ្ញុំបានឃើញថាវាកាន់តែងាយស្រួលជាង ដើម្បីទទួលការបំផុសគំនិត នៅពេលខ្ញុំកំពុងអធិស្ឋានដើម្បីស្វែងរករបៀបដែលខ្ញុំអាចជួយនរណាម្នាក់ ជាងនៅពេលខ្ញុំអធិស្ឋានយ៉ាងសាមញ្ញសម្រាប់ខ្លួនខ្ញុំ ។
យើងអាចជឿថានៅពេលណាមួយនាគ្រាខាងមុខ នោះយើងនឹងមានស្ថានភាពដ៏ល្អប្រសើរជាងនេះដើម្បីជួយមនុស្សដទៃ ។ តាមពិតទៅ នេះគឺជាពេលវេលានោះហើយ ។ យើងនឹងខុស ប្រសិនបើយើងគិតថាវានឹងកាន់តែងាយស្រួល នៅពេលយើងមានពេលច្រើន លុយច្រើន ឬ មានអ្វីៗផ្សេងទៀតជាច្រើនដើម្បីបម្រើមនុស្សដទៃ ។ ដោយពុំគិតពីកាលៈទេសៈណាឡើយ នោះយើងមានជម្រើស ។ តើយើងនឹងជួយមនុស្សដទៃ ឬ ក៏អត់ជួយ ? យើងបានបរាជ័យនូវការសាកល្បងដ៏សំខាន់នៃជីវិតរមែងស្លាប់នេះ ប្រសិនបើយើងពុំជ្រើសរើសដើម្បីជួយដល់អស់អ្នកដែលត្រូវការជំនួយនោះ ។ ហើយប្រសិនបើយើងជួយ នោះយើងបង្កើនស្ថេរភាពខាងវិញ្ញាណផ្ទាល់របស់យើង ។
ធ្វើឲ្យព្រះយេស៊ូវគ្រីស្ទក្លាយជាគ្រឹះរបស់យើង
ទីបួន នឹងជាទីបញ្ចប់ ហើយជាចំណុចសំខាន់បំផុត ស្ថេរភាពខាងវិញ្ញាណរបស់យើងកើនឡើងនៅក្នុងចំណែកនៃកម្រិតដែលយើងស្ថាបនាព្រះយេស៊ូវគ្រីស្ទជាគ្រឹះរបស់យើង ។
ប្រសិនបើគ្មានព្រះគ្រីស្ទទេ យើងនឹងត្រូវបានបោកបក់ដូចជានាវាដែលនៅលើទឹករលកដែរ ។ យើងគ្មានអំណាចដោយសារយើងគ្មានក្តោង ។ យើងគ្មានស្ថេរភាពឡើយ ជាពិសេសនៅក្នុងគ្រានៃព្យុះដោយសារយើងគ្មានយុថ្កាឡើយ ។ យើងគ្មានទិសដៅ ឬ គោលបំណងឡើយ ដោយសារយើងគ្មានចង្កូតកាច់នោះឡើយ ។ យើងត្រូវធ្វើឲ្យព្រះគ្រីស្ទក្លាយជាគ្រឹះរបស់យើង ។
ដើម្បីប្រឈមមុខ យកឈ្នះ និង រៀបចំខ្លួនជាស្រេច សម្រាប់ខ្យល់ព្យុះនៃជីវិត នោះយើងត្រូវតែគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ចេះបន្ទាបខ្លួន មានឆន្ទៈ ហើយប្តេជ្ញាចិត្តបន្តរៀនពេញមួយជីវិត បម្រើមនុស្សដទៃ ហើយស្ថាបនាព្រះយេស៊ូវគ្រីស្ទធ្វើជាគ្រឹះនៃជីវិតរបស់យើង ។ នៅពេលយើងធ្វើបែបនោះ យើងបង្កើនស្ថេរភាពខាងវិញ្ញាណរបស់យើង ។ មិនដូចជាកប៉ាល់ វ៉ាសា ឡើយ នោះយើងនឹងអាចត្រឡប់ទៅច្រាំងវិញដោយសុវត្ថិភាព ដោយបំពេញនូវជោគវាសនារបស់យើង ។