ការបម្រើនៅក្នុងសាសនាចក្រ
សូមអរគុណសម្រាប់ការបម្រើរបស់អ្នក
អ្នកគឺជាគំរូដ៏ល្អឥតខ្ចោះអំពីស្ត្រីទាំងនោះ ដែលចាប់តាំងពីសម័យនៃទីក្រុងណៅវ៉ូមក ដែលបានបម្រើគ្នាទៅវិញទៅមក តាមរយៈការបង្រៀនសួរសុខទុក្ខដោយសេចក្តីស្រឡាញ់ និង ការបំផុសគំនិត ។
ខ្ញុំពុំស្គាល់ឈ្មោះរបស់អ្នក អាយុរបស់អ្នក ឬអ្វីផ្សេងទៀតពីអ្នកឡើយ ។ អ្វីដែលខ្ញុំដឹងនោះគឺថាអ្នកគឺជាគ្រូបង្រៀនសួរសុខទុក្ខរបស់ចូអាន ហើយខ្ញុំមានអំណរគុណចំពោះការបម្រើដ៏យកចិត្តទុកដាក់របស់អ្នកដោយអស់ពីដួងចិត្តរបស់ខ្ញុំ ។
ខ្ញុំដឹងថាការសួរសុខទុក្ខដល់បងប្អូនស្ត្រីមិនសូវសកម្មម្នាក់ដូចជាចូអាន ( ឈ្មោះត្រូវបានប្តូរ ) ដែលជាកូនប្រសាស្រីរបស់ខ្ញុំ គឺមិនងាយស្រួលទេ ជាពិសេសនៅពេលនាងហាក់ដូចជាមិនសូវស្វាគមន៍អ្នកនោះ ។ ខ្ញុំសង្ស័យថានាងក៏មិនចង់ឲ្យអ្នកមកតាំងតែពីលើកដំបូងម្ល៉េះ ។ ប៉ុន្តែចូអានបានប្រាប់ខ្ញុំថា អ្នកគឺជាមិត្តដ៏ពិតរបស់នាង បានឈាងចូលសួរសុខទុក្ខនាង ហើយទទួលអ្វីៗគ្រប់យ៉ាងដែលជាចរិតលក្ខណៈរបស់នាង ។
នៅអំឡុង ១៩ឆ្នាំនេះចាប់តាំងពី ចូអានបានរៀបការជាមួយកូនប្រុសរបស់ខ្ញុំ នេះគឺជាគ្រាដំបូងហើយដែលនាងបាននិយាយថាមានគ្រូបង្រៀនសួរសុខទុក្ខ ។ ថ្មីៗនេះនាងបានប្រាប់ខ្ញុំពីការសួរសុខទុក្ខយ៉ាងទៀងទាត់របស់អ្នក និង ពីរបៀបដែលអ្នកចេះគិតគូរ និងមានចិត្តទូលាយ ។ នាងបាននិយាយថា អ្នកបានជួយនាងជាច្រើនដង នៅពេលនាងឈឺ ហើយធ្លាប់ទាំងបានសុំដឹកជូនចៅស្រីរបស់ខ្ញុំទៅសកម្មភាពយុវនារីទៀតផង ។
អស់រយៈពេល១០ឆ្នាំកន្លងទៅនេះ ទាំងនាង កូនប្រុសខ្ញុំ និង គ្រួសាររបស់ពួកគេបានរស់នៅចម្ងាយរាប់រយគីឡូម៉ែត្រពីពួកយើង ។ ខ្ញុំបានអធិស្ឋានទូល សុំឲ្យមានមនុស្សផ្សេងទៀតដែលនឹងស្រឡាញ់ ហើយមើលថែពួកគេដូចខ្ញុំបានធ្វើ ហើយខ្ញុំបានទូលអង្វរទាំងទឹកភ្នែកដល់ព្រះវរបិតាសួគ៌ ថាសុំឲ្យអ្នកដទៃទៀតនឹងជួយពួកគេដូចដែលខ្ញុំជួយពួកគេ ប្រសិនបើពួកគេរស់នៅជិតខ្ញុំ ។ ចេញពីអ្វីដែលចូអានបាននិយាយ នោះអ្នកគឺជាចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ។
បើទោះជាចូអាន និង កូនប្រុសរបស់ខ្ញុំពុំគោរពតាមច្បាប់នៃពាក្យសំដីនៃប្រាជ្ញាវាងវៃ ហើយពុំចូលរួមសាសនាចក្រក្តី ក៏ពួកគេនៅតែជាមនុស្សល្អ ហើយពួកគេស្រឡាញ់កូនៗរបស់ខ្លួនដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកពុំបានមើលបំណាំពីការជក់បារីរបស់ចូអានឡើយ ។ អ្នកពុំបានកាត់ទោសគាត់បើទោះជាគាត់មិនបានចូលរួមព្រះវិហារក្តី ។ អ្នកបានព្យាយាមស្គាល់គាត់ ហើយដឹងថា គាត់គឺជាម្តាយដ៏មានសេចក្តីស្រឡាញ់ម្នាក់ ដែលចង់ឲ្យកូនស្រីរបស់ខ្លួនចូលរួមសាសនាចក្រ ហើយទទួលបាននូវទីបន្ទាល់ ។ ហើយនៅពេលចូអានទទួលការវះកាត់ អ្នកបានយកអាហារពេលល្ងាចមកឲ្យ ជាជាងមានមន្ទិលសង្ស័យថា នាងបាននាំបញ្ហាសុខភាពមួយចំនួននេះមកលើខ្លួន ដោយសារតែខ្លួនឯងផ្ទាល់ឡើយ ។
ខ្ញុំមានអំណរគុណថា អ្នកគឺជាគំរូមួយសម្រាប់ចៅស្រីរបស់ខ្ញុំ ។ នាងអាចកោតសរសើរអ្នកថា ជាមនុស្សម្នាក់ ដែលខ្វល់ខ្វាយពីមនុស្សគ្រប់គ្នា ហើយខិតខំយ៉ាងខ្លាំងក្លាដើម្បីបង្ហាញការខ្វល់ខ្វាយដោយក្តីស្រឡាញ់ ។ នាងបានប្រាប់ខ្ញុំថា នាថ្ងៃមួយនៅពេលអ្នកពុំបើកឡានមកនោះ អ្នកបានដើរជាងមួយគីឡូម៉ែត្រមកផ្ទះរបស់នាងជាមួយកូនតូចៗរបស់ខ្លួន ដោយយកទាំងនំឃុកឃីមកផង ។
អ្នកបានប្រាប់នាងថា « ខ្ញុំបានគិតអំពីអ្នក និង ម្តាយរបស់អ្នក ហើយចង់ធ្វើអ្វីដែលល្អដល់ពួកអ្នក — គឺគ្រាន់តែដោយសារហេតុផលនេះឯង » ។
ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះការលះបង់របស់អ្នក ចំពោះការហៅរបស់អ្នកក្នុងនាមជាគ្រូបង្រៀនសួរសុខទុក្ខ ។ អ្នកគឺជាគំរូដ៏ល្អឥតខ្ចោះអំពីស្ត្រីទាំងនោះ ដែលចាប់តាំងពីសម័យនៃទីក្រុងណៅវ៉ូមក ដែលបានបម្រើគ្នាទៅវិញទៅមក តាមរយៈការបង្រៀនសួរសុខទុក្ខដោយសេចក្តីស្រឡាញ់ និង ការបំផុសគំនិត ។ អ្នកបានបង្ហាញការបម្រើ និង សេចក្តីស្រឡាញ់នោះតាមរយៈរបៀបដែលអ្នកបានសួរសុខទុក្ខដោយក្តីស្រឡាញ់ដល់កូនប្រសាស្រីដែលអសកម្មរបស់ខ្ញុំ ។
សូមអរគុណ ។