យុវវ័យ
ព្រះវរបិតាសួគ៌បានមានបន្ទូលមកខ្ញុំតាមរយៈសុន្ទរកថាសន្និសីទ
អ្នកនិពន្ធរស់នៅសើរហ្គីប ប្រទេសប្រេស៊ីល ។
ខ្ញុំកំពុងមានចម្ងល់អំពីអ្វីដែលខ្ញុំគួរតែសិក្សានៅសាកលវិទ្យាល័យ ។ មនុស្សភាគច្រើនបាននិយាយមិនល្អអំពីវគ្គសិក្សាដែលខ្ញុំចង់រៀន ដូច្នោះខ្ញុំបានអធិស្ឋានដល់ព្រះអម្ចាស់ ដើម្បីដឹងថាទ្រង់យល់ស្របជាមួយនឹងការសម្រេចចិត្តរបស់ខ្ញុំដែរឬទេ ។
ចម្លើយរបស់ខ្ញុំបានកើតមាននៅថ្ងៃបន្ទាប់ ខណៈដែលខ្ញុំកំពុងអានសុន្ទរកថាសន្និសីទមួយនៅក្នុង លីអាហូណា។ ខ្ញុំមានអារម្មណ៍ថា ទោះបីជាព្រះវរបិតាសួគ៌កំពុងប្រាប់ខ្ញុំថា ទ្រង់ពុំអាចជ្រើសរើសវាសម្រាប់ខ្ញុំក្តី — នេះគឺជាការសម្រេចចិត្តមួយដែលខ្ញុំនឹងធ្វើវាដោយខ្លួនឯង ។ ខ្ញុំដឹងថាមិនថាខ្ញុំជ្រើសរើសរៀនអ្វីឡើយ ខ្ញុំនឹងត្រូវខំរៀនសូត្រយ៉ាងខ្លាំងដើម្បីទទួលបានជោគជ័យ ។
ខ្ញុំដឹងថា ខ្ញុំបានទទួលចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ។ ការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធបានជួយខ្ញុំឲ្យធ្វើការសម្រេចចិត្ត ។ ខ្ញុំបានរៀនដើម្បីខិតខំឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ហើយដឹងថាព្រះវរបិតាសួគ៌នឹងជួយខ្ញុំ ។