សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ចូរកុំបាញ់ឡើយ !
ឈ្មោះត្រូវបានដកចេញ
បប និងខ្ញុំបានអង្គុយនៅក្នុងឡានប៉ូលីសរបស់យើង កំពុងរង់ចាំសញ្ញាឲ្យរំកិលឡានទៅមុខទៀត ។ យើងបានចាប់ផ្តើមការយាមល្បាតរបស់យើងរយៈពេលពីរម៉ោងមុន បន្ទាប់ពីការជូនដំណឹងដល់ឡានដែលបាននិយាយនោះនៅក្នុងវិទ្យុទាក់ទងប៉ូលីសដែលមានសញ្ញាព្រមាន ។
ការព្រមាននោះបានប្រាប់ថា « មានអំពើចោរកម្មមួយកំពុងកើតឡើង » ។ « មានចោរពីរនាក់ ហើយទាំងពីរនាក់មានកាំភ្លើង ។ មានគេឃើញពួកវានៅក្នុងឡានព៌ណទឹកក្រូចមួយ ។ សាក្សីនិយាយថា ចោរទាំងនោះសាហាវណាស់ ហើយមិនញញើតនឹងបាញ់សម្លាប់មនុស្សឡើយ » ។
អំពើចោរកម្មបែបនេះទើបតែកើតនៅក្នុងតំបន់នោះ ប៉ុន្តែទោះបីជាមានកិច្ចខិតខំខ្នះខ្នែងដោយអស់ពីសមត្ថភាពរបស់យើងក្តី ក៏ចោរទាំងនោះនៅតែគេចខ្លួនបានម្តងហើយម្តងទៀត ។ ខ្ញុំបានឈប់គិតពីរឿងនោះភ្លាមពេលខ្ញុំបានឃើញមនុស្សពីរនាក់ ចេញមកពីផ្ទះមួយនៅផ្លូវដ៏ងងឹតឈឹង ហើយឡើងជិះឡានពណ៌ទឹកក្រូចនោះ ។ ឥឡូវនេះពួកគេបើកឡាននៅលើផ្លូវដដែលជាមួយយើងដែរ ។
ខ្ញុំបាននិយាយតាមវិទ្យុទាក់ទងថា « ខ្ញុំសុំកងកម្លាំងជំនួយបន្ថែមទៀត » ។ « ជនសង្ស័យកំពុងបើកឡានពួកវាទៅទិសខាងជើងចេញពីទីតាំងរបស់យើងហើយ » ។
កងជំនួយបន្ថែមរបស់យើង ដែលជាប៉ូលីសពុំពាក់ឯកសណ្ឋាន និង ពុំបើកឡានប៉ូលីសនោះបានបើកឡានចេញទៅ ខណៈដែលបប និង ខ្ញុំបានបើកតាមពីក្រោយ ។ បន្ទាប់ពីរថយន្តទាំងបីគ្រឿងរបស់យើងបានបើកនៅលើស្ពាន នោះកងជំនួយរបស់យើងបានឈប់ឡានភ្លាមនៅលើស្ពានពីមុខឡានពណ៌ទឹកក្រូចនោះ ហើយយើងចតឡាននៅពីក្រោយឡាននោះដោយឃាំងឡានរបស់ជនសង្ស័យនោះ ។ ភ្លាមនោះ ឡានទឹកក្រូចបានឈប់ហើយ មនុស្សទាំងពីរនាក់នៅក្នុងឡាននោះ បានក្រាបចុះលាក់ខ្លួន ។
« ចុះចេញពីឡាន ហើយដាក់ដៃលើក្បាល ! » ខ្ញុំបានបញ្ជាបែបនេះបន្ទាប់ពីខ្ញុំចុះពីឡាន ។ គ្មាននរណាម្នាក់ឆ្លើយតបឡើយ ។
ដោយរៀបនឹងបាញ់កាំភ្លើង នោះខ្ញុំបានបញ្ជាម្តងទៀតថា « ចុះចេញពីឡាន ហើយដាក់ដៃលើក្បាល ! » ។ ចូរធ្វើឥឡូវភ្លាម ! »
ភ្លាមនោះអ្នកបើកឡានបានក្រោកមក ហើយងាកមករកខ្ញុំ ។ ខ្ញុំអាចឃើញដែកភ្លឺចាំងព្រាកៗនៅក្នុងដៃគាត់ ។
ការបំពាក់បំប៉នរបស់ខ្ញុំ និង ការយល់ដឹងទូទៅរបស់ប៉ូលីស បានប្រាប់ខ្ញុំថា ខ្ញុំធ្វើបែបនេះដើម្បីការពារជីវិតរបស់ខ្ញុំ ។ ប៉ុន្តែដោយសារស្ថានភាពដ៏តានតឹងនោះ ខ្ញុំបានឮសំឡេងមួយ ។ វាជាសំឡេងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយអំណាច និង ព្រះចេស្តា ៖ « ចូរកុំបាញ់ ! »
ខ្ញុំបានរំពឹងថានឹងបាញ់ក្នុងគ្រាណាមួយ ប៉ុន្តែខ្ញុំរង់ចាំមនុស្សនៅក្នុងឡាននោះជាអ្នកបាញ់មុនសិន ។ ផ្ទុយទៅវិញ អ្នកបើកឡាន បានលើកដៃរបស់ខ្លួន ហើយដាក់ខ្ពស់ផុតពីក្បាល ដែលមានអ្វីដូចជាកាំភ្លើង ហើយបានទម្លាក់ដៃរបស់គាត់ដាក់លើភ្លៅរបស់ខ្លួន ។
« នៅឲ្យស្ងៀម ! » ខ្ញុំបាននិយាយ ពេលខ្ញុំរត់ទៅកាន់ឡាន ។ « នៅឲ្យស្ងៀម ! »
ពេលនោះគឺដូចជារឿងនៅក្នុងទូរទស្សន៍អញ្ចឹង — រហូតដល់ខ្ញុំបានដឹងថា មនុស្សដែលនៅក្នុងឡាននោះគឺជាយុវនារីពីររូបដែលមានការភិតភ័យយ៉ាងខ្លាំង ។ អ្វីដែលខ្ញុំបានគិត គឺថា ជាកាំភ្លើងនោះគឺគ្រាន់តែជាក្បាលខ្សែក្រវ៉ាត់សុវត្ថិភាពទេ ។
ក្រោយមកយើងបានដឹងថា យុវនារីនោះ កំពុងយកឡានទៅសងមិត្តប្រុសរបស់ខ្លួនវិញ ។ ពួកនាងពុំដឹងថាពួកគេជាមនុស្សបែបណាឡើយ ។
« ខ្ញុំគិតថាអ្នកនឹងត្រូវបាញ់សម្លាប់ហើយ ខាល ! » បបបានប្រាប់ខ្ញុំពេលក្រោយមក ។ « ខ្ញុំស្ទើរតែបាញ់កាំភ្លើងទៅហើយ ។ ខ្ញុំពុំដឹងថា ហេតុអ្វីខ្ញុំពុំបាញ់នោះឡើយ » ។
ប៉ូលីសស៊ើបអង្កេតទាំងពីរដែលពុំជិះឡានប៉ូសីលនោះបាននិយាយដូចគ្នា ទោះបីជាពុំមានឮសំឡេងនោះ ប៉ុន្តែខ្ញុំស្តាប់ឮ ។ ខ្ញុំដឹងថាមានតែព្រះចេស្តានៃស្ថានសួគ៌ អាចសង្គ្រោះយុវនារីទាំងពីរនោះពីសេចក្តីស្លាប់ ហើយជួយមន្ត្រីប៉ូលីសទាំងបួនពីការធ្វើកំហុសដ៏អកុសល ។ បទពិសោធន៍នេះបានធ្វើឲ្យខ្ញុំមានចំណេះដឹងពិតប្រាកដថា ព្រះវរបិតាសួគ៌របស់យើងអាច និង ធ្វើអន្តរាគមន៍ចំពោះសេចក្តីជំនឿរបស់យើង ។