សន្និសីទទូទៅ
គូកន​យើង​ជានិច្ច
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


18:5

គូកន​យើង​ជានិច្ច

បងប្អូន និង​ខ្ញុំ មាន​ឱកាស​ដើម្បី​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ជា​គូកន​ដ៏ខ្ជាប់​ខ្ជួន​របស់​យើង ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ នៅក្នុង​សន្និសីទ​នេះ យើង​បាន​ទទួល​ពរជ័យ​ដោយ​ការ​ទទួល​បាន​វិវរណៈ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ។ ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​បាន​ថ្លែង ហើយ​នឹង​ថ្លែង​នូវ​ពាក្យ​ពិត ការលើក​ទឹក​ចិត្ត និង​ការណែនាំ ។

ខ្ញុំ​ទទួល​អារម្មណ៍​ខ្លាំង​មកពី​ទីបន្ទាល់​នានា​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នេះ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មកកាន់​យើង​ដោយ​ផ្ទាល់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេល​យើង​អធិស្ឋាន ហើយ​ផ្ទៀងស្ដាប់​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ នោះ​យើង​ទទួល​បាន​គំនិត និង​ពរជ័យ​កាន់តែ​អស្ចារ្យ​ដើម្បី​ដឹកនាំ​យើង​ឆ្លង​កាត់​គ្រាលំបាកៗ​នៅ​ពេល​ខាង​មុខ ។

យើង​បាន​ស្ដាប់​ឮ​ការ​ព្រមាន​របស់​ប្រធាន រ័សុល អិម ណិលសុន ​ម្ដងទៀត​ថា « នៅ​គ្រា​ខាង​មុខ វា​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។

ការ​ព្រមាន​របស់​ព្យាការី​នោះ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ខ្ញុំ​អាច​បង្រៀន​កូនៗ ចៅៗ និងចៅទួត​របស់​ខ្ញុំ​អំពី​របៀប​ដើម្បី​មាន​ការដឹកនាំ​ដ៏​សំខាន់​នោះនៅក្នុង​គ្រា​លំបាក​ដែល​នឹង​មាននៅពេល​ខាង​មុខ​ចំពោះ​ពួកគេ ។

ដូច្នេះ សារលិខិតនេះ​គឺជា​សំបុត្រ​ខ្លី​មួយ​ផ្ញើរ​ទៅកាន់​កូនចៅ​របស់ខ្ញុំ ដើម្បី​អាច​ជួយ​ពួកគេ នៅពេល​ខ្ញុំ​ពុំ​នៅ​នឹង​ពួកគេ​ក្នុង​គ្រា​ដ៏​រំភើប​នៅពេល​ខាងមុខ​នោះ ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ដឹង ដែល​អាច​ជួយ​ដល់​ពួកគេ ។

ខ្ញុំ​បាន​យល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ឋិតថេរ​ក្នុង​គ្រា​ដែលពួកគេនឹង​រស់នៅ ។ ខ្ញុំ​មាន​អារម្មណ៍​ឲ្យ​និយាយ​នៅ​ថ្ងៃ​នេះ​ចេញពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​ក្នុង​ការ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​គូកន​ជានិច្ច​តាម​ដែល​ខ្ញុំ​អាច​ផ្ដល់​ឲ្យ ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​លើក​ទឹក​ចិត្ត​ដល់​ពួកគេ ។

ខ្ញុំ​នឹង​ចាប់​ផ្ដើម​ឲ្យ​ពួកគេ​គិត និង​អធិស្ឋាន​អំពី​បុត្រា​របស់​ហេលេមិន នីហ្វៃ និង​លីហៃ ព្រមទាំង​ពួក​អ្នកបម្រើ​ដទៃទៀត​របស់​ព្រះអម្ចាស់ ដែលកំពុង​ធ្វើការ​ជាមួយ​ពួកគេ ។ ពួកគេ​ប្រឈម​នឹង​ការប្រឆាំង​យ៉ាង​ខ្លាំងក្លា ។ ពួកគេ​បាន​បម្រើ​នៅ​កន្លែង​ទុច្ចរិត​មួយ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការបោក​បញ្ឆោត​ដ៏​អាក្រក់ ។ ខ្ញុំ​ទទួល​ភាពក្លាហាន ហើយ​បងប្អូន​ក៏​អាចទទួលបាន ចេញ​ពី​ខគម្ពីរ​មួយ​នេះ​ក្នុង​កំណត់ត្រា​របស់​ហេលេមិន ៖

« ហើយ​ក្នុង​ឆ្នាំ​ទី​ចិតសិប​ប្រាំបួន ក៏​ចាប់ផ្តើម​មាន​ការវិវាទ​ជា​ខ្លាំង ។ ប៉ុន្តែហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ និង​លីហៃ និង​បងប្អូន​របស់​គេ​ជាច្រើន ដែល​ដឹង​ចំណុច​ពិត​នៃ​លិទ្ធិ​ដោយ​មាន​វិវរណៈ​ជា​ច្រើន​រាល់​ថ្ងៃ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគេ​បាន​ផ្សាយ​ដល់​ប្រជាជន ដរាប​ដល់​គេ​បាន​បញ្ចប់​ការវិវាទ​របស់​គេ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ » ។

ដំណើរ​រឿង​នេះ​បានលើកទឹកចិត្ត​ខ្ញុំ ហើយវាក៏អាចលើកទឹកចិត្តបងប្អូន ។ កូនប្រុស​របស់​ហេលេមិន​ត្រូវ​បាន​បង្រៀន និង​ដឹកនាំ​ដោយ​បទពិសោធន៍​មួយ​ចំនួន​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណ៍នេះ​អះអាង​ដល់​ខ្ញុំ​ថា ព្រះវិញ្ញាណ​អាច​បង្រៀន​យើង ហើយ​យើង​អាច​រៀន​ពី​ព្រះវិញ្ញាណ​មួយ​បន្ទាត់​ម្តងៗ ទទួល​នូវ​អ្វី​ដែល​យើង​ត្រូវការ ហើយ​បន្ទាប់មក​នៅពេល​យើង​ត្រៀមខ្លួន​រួចរាល់ នោះ​យើង​នឹង​ទទួល​បាន​កាន់តែ​ច្រើន ។

ខ្ញុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​តាម​របៀប​ដូច​គ្នា​ដោយ​ដំណើររឿង​របស់​នីហ្វៃ ដែល​ត្រូវ​បាន​បង្គាប់​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​យក​ផ្ទាំង​ចំណារ​របស់​ឡាបាន់ ។ បងប្អូន​ចាំ​នូវជម្រើស​ដែល​លោក​បានធ្វើ ។ លោកថ្លែងថា « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។

បទពិសោធន៍​របស់​នីហ្វៃ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ពេល​ធ្វើកិច្ចការ​នោះ បាន​ផ្តល់​ភាពក្លាហាន​ដល់​ខ្ញុំ​ជាច្រើន​ដង នៅពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ដឹង​ថា​ជា​កិច្ចការ​មកពី​ព្រះអម្ចាស់ ប៉ុន្តែ​កិច្ចការ​នោះ​ហាក់​ដូចជា​ហួស​ពី​បទពិសោធន៍​មុនៗ​របស់​ខ្ញុំ និង​លើស​ពី​អ្វី​ដែល​ខ្ញុំ​បានឃើញ​ថា​ខ្ញុំ​មាន​សមត្ថភាព ។

បងប្អូន​នៅ​ចាំ​ពី​អ្វី​ដែល​នីហ្វៃ​បាន​មាន​ប្រសាសន៍​អំពី​បទពិសោធន៍​របស់​លោក​ថា ៖ « ហើយ​ពេល​នោះ​ជា​វេលា​យប់ ហើយ​ខ្ញុំ​ឲ្យ [ ពួក​បងប្រុស​ខ្ញុំ ] ពួន​នៅ​ខាងក្រៅ​កំផែង ។ ហើយ​បន្ទាប់​ពី​គេ​បាន​ពួន​រួច​ហើយ នោះ​ខ្ញុំ នីហ្វៃ បាន​លួច​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដើរ​សំដៅ​ទៅ​ផ្ទះ​ឡាបាន់ » ។

គាត់​បន្ត​និយាយ​ថា « ហើយ​ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ » ។

ខ្ញុំ​ទទួល​បាន​ការលើក​ទឹកចិត្ត​ពេលដឹង​ថា ព្រះវិញ្ញាណ​បាន​ដឹកនាំ​នីហ្វៃ ពី​មួយ​នាទី​ទៅ​មួយ​នាទី​ពេញ​មួយ​យប់​នោះ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

យើង​ត្រូវការ ហើយ​បងប្អូន​ក៏នឹង​ត្រូវ​ការ​ ​ភាពជា​គូកន​ជានិច្ច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឥឡូវនេះ យើង​មាន​បំណងចង់​បាន ប៉ុន្តែ​បើតាម​បទពិសោធន៍​គឺ​វា​ពុំ​ងាយ​សម្រេច​បាន​នោះ​ទេ ។ យើង​ម្នាក់ៗ​គិត ហើយនិយាយ ហើយនិង​ធ្វើ​រឿង​ផ្សេងៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃដែល​អាច​ប៉ះពាល់​ដល់​ព្រះវិញ្ញាណ ។

ពេល​រឿងកើតឡើង យើង​អាច​មាន​អារម្មណ៍​ថាព្រះអម្ចាស់​មិនយល់​ស្រប ។ ប្រហែល​ជា​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​មាន​អារម្មណ៍​ឯកោ ។ ពេល​នោះ​វា​ជា​ការសំខាន់​ដើម្បី​ចងចាំ​ការសន្យា​ដ៏​ប្រាកដ​មួយ​ដែល​យើង​ទទួល​រាល់​សប្តាហ៍ នៅពេល​យើង​ប្រែចិត្ត ហើយ​ទទួល​ទាន​សាក្រាម៉ង់ « ប្រយោជន៍​ឲ្យ​ពួក​គេ​អាចបាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួក​គេ​ជា​ដរាប » ។

បើ​បងប្អូន​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្ងៃ​នេះ បងប្អូន​អាចយក​វា​ធ្វើ​ជា​ភស្ដុតាង​ដ៏​មានអត្ថន័យថា ដង្វាយធួន​កំពុង​ដំណើរការ​នៅក្នុង​ជីវិត​បងប្អូន​ហើយ ។

ដូចជា​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា ៖ « ពេល​ណា​ដែល​គ្រា​ដ៏​លំបាក​បំផុត​យើង​មក​ដល់ យើង​មិន​ត្រូវ​ចុះ​ចាញ់​នឹង​ការភ័យខ្លាច​ថា ព្រះ​បាន​បោះបង់​ចោល​យើង ឬ​ថា​ទ្រង់​មិន​ស្តាប់​ការអធិស្ឋាន​យើង​ឡើយ ។ ទ្រង់ ពិត​ជា ស្តាប់​ឮ​យើង ។ ទ្រង់ ពិត​ជា មើលឃើញ​យើង ។ ទ្រង់ ពិត​ជា ស្រឡាញ់​យើង » ។

ការអះអាង​នោះ​បាន​ជួយ​ដល់​ខ្ញុំ ។ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​នៅ​ឆ្ងាយ​ពី​ព្រះអម្ចាស់ ហើយ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ខ្ញុំ​ហាក់បីដូចជា​ត្រូវ​ពន្យាពេល ខ្ញុំ​បានរៀន​ធ្វើតាម​ដំបូន្មាន​របស់​ប្រធាន ណិលសុន ដើម្បី​ពិនិត្យ​មើល​ជីវិត​ខ្ញុំ​រក​មើល​ឱកាសប្រែចិត្ត ។ លោក​បាន​រំឭក​យើង​ថា « ការប្រែចិត្ត​ប្រចាំ​ថ្ងៃ​គឺ​ជា​ច្រក​ទ្វារ​ទៅ​កាន់​បរិសុទ្ធភាព ហើយ​បរិសុទ្ធភាព​នាំ​មក​នូវ​កម្លាំង » ។

បើ​បងប្អូន​មាន​ការលំបាក​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​អាច​សញ្ជឹង​គិត​ថាតើ​មាន​អ្វី​ខ្លះ​ដែល​បងប្អូនអាច​ប្រែចិត្ត និង ទទួល​ការអភ័យទោស​ដែរ​ឬ​ទេ ។ បងប្អូន​អាច​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ដើម្បី​បាន​ស្អាតស្អំ ហើយ​ស័ក្តិសម​ចំពោះ​ភាពជា​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធនោះ ។

បើ​បងប្អូន​ចង់​ទទួលបាន​ភាពជាគូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​ត្រូវតែ​ចង់បាន​ដោយ​ហេតុផល​ត្រឹមត្រូវ ។ គោលបំណង​របស់បងប្អូន​ត្រូវតែ​ជា​ព្រះរាជ​បំណង​ព្រះអម្ចាស់ ។ បើ​បំណង​បងប្អូន​អាត្មានិយម​ពេក នោះ​បងប្អូន​នឹង​ពិបាក​ទទួល​បាន និងយល់ពីការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ណាស់ ។

គន្លឹះ​សម្រាប់​ខ្ញុំ និងបងប្អូន ​គឺ​​ចង់​បាន​អ្វី​ដែល​ព្រះអង្គ​សង្រ្កោះ​មាន​ព្រះទ័យ​ចង់​បាន ។ គំនិត​យើង​ត្រូវតែ​ដឹកនាំ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។ ការអធិស្ឋាន​យើង​ត្រូវ​តែ​ជា « អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ចង់​បាន​គឺជា​អ្វី​ដែល​ទ្រង់​ចង់​បាន ។ សូម​ព្រះទ័យ​ទ្រង់​បាន​សម្រេច » ។

ខ្ញុំ​ព្យាយាម​ចងចាំ​ការលះបង់​របស់​ព្រះអង្គ​សង្គ្រោះ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។ បន្ទាប់មក នៅពេល​ខ្ញុំ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​ដើម្បី​ថ្លែង​អំណរគុណ ខ្ញុំ​មាន​អារម្មណ៍​ថា​ទទួល​បាន​ក្តី​ស្រឡាញ់ និង​ការអះអាង​ថា ទ្រង់​ឮ​ការអធិស្ឋាន​ខ្ញុំ ហើយ​ថា​ខ្ញុំ​នឹង​ទទួលបាន​អ្វី​ដែល​ល្អ​បំផុតសម្រាប់ខ្ញុំ និងអស់អ្នកដែលខ្ញុំស្រលាញ់ ។ វា​ពង្រឹង​ដោយ​ទីបន្ទាល់​ខ្ញុំ ។

ក្នុង​ចំណោម​អ្វីៗ​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់ អ្វី​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​យើង​គឺ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​ដ៏​មាន​ព្រះជន្ម​រស់​របស់​ព្រះ ។ ព្រះអង្គសង្រ្គោះ​បាន​សន្យា​ថា ៖ « កាល​ណា​ព្រះ​ដ៏​ជា​ជំនួយ​ទ្រង់​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះវរបិតា គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត​ដែល​ចេញ​ពី​ព្រះវរបិតា​មក នោះ​​ព្រះអង្គទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ » ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ទទួល​ទូរសព្ទ​ម្តាយ​ដែល​ខកចិត្ត​ម្នាក់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា កូន​ស្រី​គាត់​បាន​ចេញ​ពី​ផ្ទះ ។ គាត់​បាន​ដឹង​​តិចតួច​តាម​ដែល​គាត់​ទាក់ទង​នឹង​កូន​ស្រី​ថា មាន​អ្វី​មួយ​ខុស​ប្លែកខ្លាំង ។ គាត់​បាន​សូម​អង្វរ​ឲ្យ​ខ្ញុំ​ជួយ ។

ខ្ញុំ​បាន​រកមើល​ថាតើ​នរណា​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​នាង ។ បងប្អូន​អាចហៅតាមឈ្មោះនោះ ដែលនោះ​គឺថា​វា​ជា​យូរ​មក​ហើយ​ ។ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​គាត់ ។ គាត់​នៅ​ក្មេង ។ ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​និង​ដៃគូ​របស់​គាត់ ទាំងពីរ​នាក់​បាន​ភ្ញាក់ឡើង​នៅពេល​យប់ ដោយ​មិន​ត្រឹម​តែ​មាន​ការព្រួយបារម្ភ​ចំពោះ​កូនស្រី​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ការបំផុស​គំនិត​ថា នាង​ហៀប​នឹង​ធ្វើ​ការជ្រើសរើស​ដែល​នឹង​នាំ​មក​នូវ​ទុក្ខសោក និង​ទុក្ខវេទនា ។ តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​នោះ ពួកគេ​បាន​ទៅ​ជួប​នាង ។

ដំបូង​ឡើយ នាង​មិន​ចង់​ប្រាប់​ពួកគេ​អំពី​ស្ថានភាព​នាង​ទេ ។ ក្រោម​ការបំផុស​គំនិត ពួកគេ​បាន​អង្វរ​នាង​ឲ្យ​ប្រែចិត្ត ហើយ​ជ្រើសរើស​ផ្លូវ​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​នាង ។ ខ្ញុំ​ជឿ​ថា ដោយសារ​ព្រះវិញ្ញាណ ពេល​នោះ នាង​បានដឹង​ថា ពួកគេ​ដឹង​អំពី​ជីវិត​នាង គឺ​មាន​តែ​មក​ពី​ព្រះ​ប៉ុណ្ណោះ ។ ម្ដាយ​រូប​នេះ​បានបង្វែរ​កង្វល់​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​គាត់​ទៅ​កាន់​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​គ្រូ​បង្រៀន​តាម​ផ្ទះ​ទាំង​នោះ ដោយសារ​ពួកគេ​មាន​ឆន្ទៈ​បម្រើ​ព្រះអម្ចាស់ ។ ពួកគេ​បាន​ធ្វើ​តាម​ដំបូន្មាន និង​ការសន្យា​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៖

« សូម​ឲ្យ​ចិត្ត​អ្នក​ពេញ​ទៅ​ដោយ​សេចក្ដីសប្បុរស​ដល់​មនុស្ស​ទាំងអស់ និង​ដល់​ពួក​អ្នក​ជឿ​ផង ហើយ​សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក ដោយ​ឥត​ឈប់ឈរ​ឡើយ ខណៈ​នោះ អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ហើយ​គោលលទ្ធិ​អំពី​បព្វជិតភាព​នឹង​ចុះ​មក​លើ​ព្រលឹង​របស់​អ្នក ដូច​ជា​ទឹកសន្សើម​ចុះ​ពី​លើ​មេឃ ។

« ព្រះ​វិញ្ញាណបរិសុទ្ធ​នឹង​ទៅ​ជា​គូកន​អ្នក​ជានិច្ច ហើយ​ដំបង​ពេជ្រ​របស់​អ្នក ជា​ដំបង​ពេជ្រ​នៃ​សេចក្ដី​សុចរិត និង​សេចក្ដីពិត​ដែល​មិន​ចេះ​ប្រែប្រួល ហើយ​អំណាច​គ្រប់​គ្រង​របស់​អ្នក នឹង​ទៅ​ជា​អំណាច​គ្រប់​គ្រង​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ហើយ​ដោយ​ឥត​ការ​បង្ខិតបង្ខំ នោះ​វា​នឹង​ហូរ​មក​លើ​អ្នក​ជា​រៀង​ដរាប​ត​ទៅ » ។១០

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​សមាជិក​ដែល​ស្មោះត្រង់​នឹង​សេចក្តីសញ្ញា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឥឡូវនេះ បទពិសោធន៍​បងប្អូន​នឹង​មាន​លក្ខណៈពិសេស ហើយ​ព្រះវិញ្ញាណ​នឹង​ដឹកនាំ​តាម​របៀប​ដែល​សមស្រប​នឹង​សេចក្តីជំនឿ និង​សមត្ថភាព​បងប្អូន​ក្នុង​ការ​ទទួល​វិវរណៈ​សម្រាប់​ខ្លួន និង​សម្រាប់​អ្នក​ដែល​បងប្អូន​ស្រឡាញ់ និង​បម្រើ ។ ខ្ញុំ​អធិស្ឋាន​អស់ពីដួងចិត្តថា ​សូម​ឲ្យ​ទំនុកចិត្ត​បងប្អូន​នឹង​រីកចម្រើន​ឡើង ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ខ្ញុំ​ថា ព្រះ​វរបិតា​មាន​ព្រះជន្មរស់ ។ ទ្រង់​ស្រឡាញ់​បងប្អូន ។ ទ្រង់​ស្តាប់​ឮ​រាល់​ការអធិស្ឋាន​របស់​បងប្អូន ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​ឲ្យ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ដឹកនាំ លួងលោម និង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដល់​យើង ។ ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់​ទ្រង់​បាន​បង្ហាញ​ព្រះកាយដល់ យ៉ូសែប ស្ម៊ីធ ក្នុង​ព្រៃ​ពិសិដ្ឋ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។

សារទូត​ពី​ស្ថានសួគ៌​បាន​ស្តារ​ឡើង​វិញ​នូវ​កូនសោ​បព្វជិតភាព ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​នៅលើ​ផែនដី​នេះ​ទាំងមូល ។

ក្នុង​នាម​ជា​សាក្សី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ បងប្អូន និង​ខ្ញុំ​មាន​ឱកាស​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​គូកន​យើង​ជានិច្ច ហើយ​ដើម្បី​បញ្ជាក់​សេចក្តីពិត​ទាំងនោះ នៅពេល​យើង​ចងចាំ និង​ស្រឡាញ់​ព្រះអង្គសង្គ្រោះ ប្រែចិត្ត ហើយ​ទូលសុំ​សេចក្តីស្រឡាញ់​របស់​ទ្រង់​នៅក្នុង​ដួងចិត្ត​យើង ។ ខ្ញុំ​សូម​អធិស្ឋាន​សូម​ឲ្យ​យើង​មាន​ពរជ័យនោះ និងភាពជាគូកន​ជានិច្ចនៃព្រះវិញ្ញាណបរិសិទ្ឋ​នៅ​ថ្ងៃ​នេះ និង​ក្នុង​ជីវិត​យើង​រាល់​ថ្ងៃ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona​ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  2. ហេលេមិន ១១:២៣ ។

  3. នីហ្វៃ​ទី​១ ៣:៧ ។

  4. នីហ្វៃទី១ ៤:៥–៦ ។

  5. គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៧៧ ។

  6. ជែហ្វ្រី អ័រ ហូឡិន « Lessons from Liberty Jail » ( Brigham Young University devotional address ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០០៨ ) ទំព័រ ៥ speeches.byu.edu ។

  7. រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ ។

  8. « ការ​អសមត្ថភាព​ដើម្បី​ទទួល អារម្មណ៍​ពី​ព្រះវិញ្ញាណ ឬ​អារម្មណ៍ស្ពឹក​ស្រពន់​ជាទូទៅ [ ក៏​អាច​ជា ] រោគសញ្ញា​នៃ​ការ​គ្មាន​សុខភាព​ល្អ​ខាង​សតិបញ្ញា » ( « At times I have difficulty feeling the Spirit because I feel numb … , » នៅក្នុង « Mental Health: Help for Me, » ជួយ​ជីវិត, បណ្ណាល័យ​ដំណឹងល្អ ) ។ ប្រសិនបើ​បងប្អូន​ជួប​ប្រទះ​នឹង​ការលំបាក​ផ្នែក​សុខភាព​ផ្លូវចិត្ត ឬ​ផ្លូវ​អារម្មណ៍​របស់​បងប្អូន សូម​ធានា​ពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​បងប្អូន ហើយ​បន្ត​អធិស្ឋាន​ទៅកាន់​ទ្រង់ ហើយ​ទុក​ចិត្ត​លើ​ទ្រង់ ។

  9. យ៉ូហាន ១៥:២៦ ។

  10. គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៤៥–៤៦ ។