សន្និសីទទូទៅ
សេចក្តី​ជំនឿ​ឲ្យ​ទូលសូម បន្ទាប់មក​ប្រព្រឹត្ត​តាម
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


15:37

សេចក្តី​ជំនឿ​ឲ្យ​ទូលសូម បន្ទាប់មក​ប្រព្រឹត្ត​តាម

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ​ដើម្បី​ទទួល​បាន វិវរណៈ​នៃ​សេចក្តីពិត ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​ ខ្ញុំ​មាន​អំណរគុណចំពោះ​ឱកាស​ថ្លែង​ទៅកាន់​បងប្អូន ក្នុង​សម័យប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍​នៃ​សន្និសីទ​ទូទៅ​នេះ ។ នៅក្នុង​សេចក្ដីផ្ដើម​សន្និសីទ​នៅ​ព្រឹក​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « វិវរណៈ​ដ៏​បរិសុទ្ធ​សម្រាប់​សំណួរ​នៅ​ក្នុង​ដួងចិត្ត​របស់​បងប្អូន​នឹង​ធ្វើ​ឲ្យ​សន្និសីទ​នេះ​មានតម្លៃ និង​មិន​អាច​បំភ្លេច​បាន​ឡើយ » ។ ប្រសិនបើ​បងប្អូន​មិនទាន់​បាន​ស្វែងរក​ការផ្តល់​ការងារបម្រើ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​បងប្អូន​ឲ្យស្តាប់​អ្វី​ដែល​ព្រះ​អម្ចាស់​ចង់​ឲ្យ​បងប្អូន​ស្តាប់​នៅអំឡុង​ពេល​ពីរថ្ងៃ​នេះ​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​វា​ឥឡូវ​នេះ ។ ខ្ញុំ​បាន​ស្វែងរក​ពរជ័យ​នោះ នៅ​ពេល​ខ្ញុំ​បាន​រៀបចំ​ខ្លួន​ទទួល​វិវរណៈ​សម្រាប់​ការជួប​ថ្លែង​ទៅកាន់​បងប្អូន​នាពេលនេះ ។ ការអធិស្ឋាន​ដ៏​ស្មោះ​របស់​ខ្ញុំ​គឺ​សូម​ឲ្យ​បងប្អូន​អាច​ទទួល​វិវរណៈ​នោះ​មក​ពី​ព្រះ ។

របៀប​ទទួល​វិវរណៈ​មក​ពី​ព្រះ ពុំបាន​ផ្លាស់ប្ដូរ​ទេ ចាប់តាំងពី​សម័យ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ ។ វា​ដូច​គ្នា​សម្រាប់​អ្នកបម្រើ​ដែល​ព្រះអម្ចាស់​បាន​ហៅ​ទាំងអស់ តាំងពី​ដើមរហូត​មកដល់​បច្ចុប្បន្ន​នេះ ។ វា​ដូចគ្នា​សម្រាប់​បងប្អូន និង​ខ្ញុំ ។ វា​តែងតែ​ធ្វើ​ឡើង​តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ​ជានិច្ច ។

យុវជន យ៉ូសែប ស៊្មីធ បាន​មាន​សេចក្ដី​ជំនឿ​ល្មម​គ្រប់គ្រាន់ ដើម្បី​សួរ​សំណួរ​ទៅ​ព្រះ ដោយ​ជឿ​ថា ព្រះ​នឹង​ឆ្លើយតប​តាម​តម្រូវការ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​លោក ។ ចម្លើយ​នោះ​បាន​ផ្លាស់ប្តូរ​ពិភពលោក​នេះ ។ លោក​ចង់​ដឹង​ថា តើ​ត្រូវ​ចូលរួម​ក្នុង​ព្រះវិហារ​មួយ​ណា ដើម្បី​បាន​ស្អាតពី​អំពើបាប ។ ចម្លើយ​ដែល​លោក​បាន​ទទួល លើក​ទឹកចិត្ត​លោក​ឲ្យ​បន្ដ​សួរ​សំណួរ​ដែល​កាន់​តែ​ល្អ​ជាងនេះ ហើយ​ប្រព្រឹត្ត​តាម​លំហូរ​នៃ​វិវរណៈ​ដ៏​ឥត​ឈប់ឈរ ដែល​ទើបតែ​បាន​ចាប់ផ្ដើម​នោះ ។

បទពិសោធន៍​របស់​បងប្អូន​អាច​នឹង​ស្រដៀង​គ្នា​នៅក្នុង​សន្និសីទ​នេះ ។ បងប្អូន​មាន​សំណួរ ដែល​បងប្អូន​ចង់​ស្វែងរក​ចម្លើយ ។ បងប្អូន​មាន​សេចក្ដី​ជំនឿ​យ៉ាងហោច​ណាស់​​ល្មមគ្រប់គ្រាន់ ដើម្បី​សង្ឃឹម​ថា បងប្អូន​នឹង​ទទួល​បាន​ចម្លើយ​មកពី​ព្រះអម្ចាស់ តាមរយៈ​អ្នកបម្រើ​របស់​ទ្រង់ ។ បងប្អូន​នឹង​គ្មាន​ឱកាស​សួរ​ឮៗ​រក​ចម្លើយ​ពី​អ្នក​ឡើង​និយាយទេ ប៉ុន្ដែ​បងប្អូន​អាច​ទូលសួរ​ដល់​ព្រះវរបិតា​ជាទី​ស្រឡាញ់​របស់​បងប្អូន​នៅក្នុង​ការអធិស្ឋាន​បាន ។

​មកពី​បទពិសោធន៍ខ្ញុំ​ដឹង​ថា ចម្លើយ​នឹង​កើតមាន​ត្រូវ​នឹង​តម្រូវការ​ និង​ការរៀបចំ​ខាង​វិញ្ញាណ​របស់​បងប្អូន ។ បើ​បងប្អូន​ត្រូវការ​ចម្លើយ ដែល​សំខាន់​ចំពោះ​សុខុមាលភាព​ដ៏អស់កល្ប​របស់​បងប្អូន ឬ​របស់​មនុស្ស​ដទៃ នោះ​ចម្លើយ​ទំនង​ជា​នឹង​កើតមាន ។ ប៉ុន្ដែ ទោះបី​វា​កើតមាន​ក្ដី ក៏បងប្អូន​អាច​ទទួល​បាន—ដូច​យ៉ូសែប ស៊្មីធ ​ដែរ—គឺចម្លើយ​ឲ្យ​មាន​ចិត្ត​អំណត់ ។

បើ​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ បាន​នាំឲ្យ​ដួងចិត្ត​ទន់ទាប​ដោយឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​បងប្អូន​នឹង​អាច​ស្ដាប់ឮ​ការខ្សឹប​ប្រាប់​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​បងប្អូន មក​ពី​ព្រះវិញ្ញាណ​បាន​កាន់តែ​ខ្លាំង​ឡើង ។ បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​គឺ​ថា សំឡេង​ដ៏​តូច​រហៀង​នោះ—​គឺពិត—​​ច្បាស់លាស់ និង​ដឹង​នៅ​ក្នុង​ចិត្ត​ខ្ញុំ ពេល​ចិត្ត​ខ្ញុំ​ស្ងប់ ហើយ​ចង់​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ អារម្មណ៍​បន្ទាប​ខ្លួន​នោះ ​អាច​ពិពណ៌នា​បាន​យ៉ាងល្អ​ថា « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។

ដំណើរការ​នៃ​វិវរណៈ​នេះ​គឺជាហេតុ ដែល​បងប្អូន​នឹង​ស្ដាប់​អ្នកឡើង​និយាយ​បង្រៀន​នៅក្នុង​សន្និសីទ​នេះ គឺជាអ្វី​ត្រូវបាន​ហៅថា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ វិវរណៈ​កើតមាន​ដល់​យើង​ស្របតាម​កម្រិត ដែល​យើង​បាន​ព្យាយាម​ដាក់​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ក្នុង​ចិត្ត​យើង និង​អនុវត្ត​តាម​គោលលទ្ធិ​នេះ​នៅក្នុង​ជីវិត​របស់​យើង ។

បងប្អូន​នៅចាំ​ក្នុង​ព្រះគម្ពីរ​មរមន ​នីហ្វៃ​បាន​បង្រៀន​យើង​ថា សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គន្លឹះ​ដើម្បី​ទទួល​បាន​វិវរណៈ​នៃ​សេចក្ដីពិត និង​ជា​គន្លឹះ​ទៅកាន់​ទំនុក​ចិត្ត​ថា យើង​កំពុង​ធ្វើតាម​ការដឹកនាំ​របស់​ព្រះអង្គ​សង្គ្រោះ ។ នីហ្វៃ​បាន​សរសេរ​ដូច​តទៅនេះ​រាប់​សតវត្សរ៍ ពីមុន​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មកក្នុង​ជីវិត​រមែង​ស្លាប់ថា ៖

« ពួក​ទេវតា​និយាយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហេតុ​ដូច្នោះ​ហើយ ពួក​ទេវតា​និយាយ​អំពី​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​និយាយ​ទៅ​អ្នករាល់គ្នា​ថា សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ ។

« ហេតុ​ដូច្នោះ​ហើយ ឥឡូវ​នេះ បន្ទាប់ពី​ខ្ញុំ​បាន​និយាយ​ពាក្យ​ទាំងនេះ បើសិនជា​អ្នករាល់គ្នា​មិន​យល់​នូវ​ពាក្យ​ទាំងនេះ​ទេ គឺ​មកពី​អ្នក​រាល់គ្នា​មិន​សូម ហើយ​អ្នករាល់គ្នា​ក៏​មិន​គោះ​ដែរ ហេតុ​ដូច្នោះ​ហើយ អ្នករាល់គ្នា​មិន​ត្រូវបាន​នាំ​មក​ឯ​ពន្លឺ​ឡើយ ប៉ុន្តែ​ត្រូវ​វិនាស​នៅក្នុង​ទីងងឹត​វិញ ។

« ដ្បិត​មើល​ចុះ ខ្ញុំ​និយាយ​ទៅ​អ្នក​ទៀត​ថា បើសិនជា​អ្នករាល់គ្នា​នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់ ដែល​អ្នក​ត្រូវ​ធ្វើ ។

« មើល​ចុះ នេះ​គឺជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​នឹង​មិនមាន​គោលលទ្ធិ​ឯណា​ទៀត​ទេ ដែល​ព្រះអង្គ​ប្រទាន​មក រហូត​ដល់​ក្រោយ​ពេល​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​អ្នក​នៅ​ក្នុង​សាច់ឈាម ។ ហើយ​កាលណា​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​អ្នក​នៅក្នុង​សាច់ឈាម នោះ​អ្វីៗ​ដែល​ទ្រង់​នឹង​ប្រាប់​ដល់​អ្នក អ្នក​ត្រូវ​គោរព​ធ្វើ​តាម » ។

ព្រះអម្ចាស់​នឹង​មាន​បន្ទូល​ពី​ការណ៍​ទាំងឡាយ តាមរយៈ​អ្នកបម្រើ​របស់​ទ្រង់​មក​កាន់​បងប្អូន​និង មកកាន់​ខ្ញុំ​នៅ​ថ្ងៃ​នេះ និង​នៅ​ថ្ងៃ​ខាងមុខ ។ ទ្រង់​នឹង​ប្រាប់​យើង​នូវ​អ្វីៗ​ទាំងអស់ ដែល​យើង​គួរតែ​ធ្វើ ។ ព្រះអង្គ​សង្គ្រោះ​នឹង​មិន​ស្រែក​បង្គាប់​ទៅកាន់​បងប្អូន និង​ខ្ញុំ​ឡើយ ។ ដូច​ដែល​ទ្រង់​បាន​បង្រៀន​អេលីយ៉ាថា ៖

« ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ថា ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ចុះ ។ នោះ​មើល ព្រះយេហូវ៉ា​ទ្រង់​យាង​ទៅ​តាម​ទី​នោះ ហើយ​កើត​មាន​ខ្យល់​ព្យុះ​គំហុក​ជា​ខ្លាំង បក់​មក​ប៉ះ​បំបាក់​ភ្នំ​បំបែក​ថ្ម​ខ្ទេចខ្ទី​នៅ​ចំពោះ​ព្រះយេហូវ៉ា តែ​ព្រះយេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក ក៏​មាន​កក្រើក​ដី តែ​ព្រះយេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ ។

« បន្ទាប់ពី​ការកក្រើក​ដី​នោះ​មក នោះ​មាន​ភ្លើង​ឆេះ តែ​ព្រះយេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ » ។១០

ការ​ស្ដាប់​ឮ​សំឡេង​នោះ​អាស្រ័យ​លើ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់ ។ ដោយ​មាន​សេចក្ដី​ជំនឿ​គ្រប់គ្រាន់ នោះ​យើង​នឹង​ទូលសូម​ការដឹកនាំ​ដោយ​មាន​បំណង​ដើម្បី​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជា ។១១ យើង​នឹង​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ដើម្បី​ដឹង​ថា អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជា​នឹង​ប្រទានពរ​ដល់​មនុស្ស​ដទៃ ហើយ​ថា​យើង​អាច​បាន​បរិសុទ្ធ​នៅក្នុង​ដំណើរការ​នេះ ដោយសារតែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។

​កាលណា​សេចក្ដី​ជំនឿ​របស់​យើងទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​យើង​ឲ្យ​ទូលសូម​ចម្លើយ​ពី​ព្រះវរបិតា នោះសេចក្ដី​ជំនឿ​នោះ​ក៏នឹង​នាំឲ្យ​មាន​ឥទ្ធិពលដ៏​ទន់ភ្លន់​របស់​ព្រះអង្គ​សង្គ្រោះ ​ល្មម​គ្រប់គ្រាន់​ឲ្យ​យើង​ស្ដាប់ឮ​ការដឹកនាំ​របស់​ទ្រង់ មាន​ការតាំងចិត្ត ហើយរំភើប​ចិត្ត​ដើម្បី​គោរព​តាម​ផងដែរ ។ ក្រោយមក យើង​នឹង​ច្រៀង​បទ​នៃ​ទំនុក​តម្កើង​នេះ​ដោយ​អំណរ ទោះជា​កិច្ចការ​ពិបាក​ក្ដី ៖ « កិច្ចការ​ដ៏ផ្អែម ឱ ! ព្រះ​នៃ​ខ្ញុំ » ។១២

កាលណា​យើង​មាន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត និងដួងចិត្ត​របស់​យើង​កាន់តែ​ច្រើន នោះ​យើង​មាន​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​អាសូរ​ដល់​អ្នកដែល​គ្មាន​ពរជ័យ​នៃ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​កំពុង​ពុះពារ​ដើម្បី​រក្សា​សេចក្ដី​ជំនឿ​នោះ​កាន់តែ​ខ្លាំង​ដែរ ។ វា​ពិបាក​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ដោយ​គ្មាន​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​ទៅលើ​ទ្រង់ ។ នៅពេល​មនុស្ស​មួយ​ចំនួន​បាត់បង់​សេចក្ដី​ជំនឿទៅ​លើ​ព្រះអង្គ​សង្គ្រោះ នោះ​ពួកគេ​អាច​ថែមទាំង​វាយប្រហារ​ទៅលើ​ការទូន្មាន​របស់​ទ្រង់​ទៀត​ផង ដោយ​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ ។១៣ ដើម្បី​ចៀសវាង​ពី​កំហុស​ដ៏ខ្លោចផ្សា​នេះ វា​សំខាន់​ណាស់ ដែល​វិវរណៈ​ផ្ទាល់ខ្លួន​ទាំងឡាយ​ដែល​យើង​ទទួល​បាន​នោះ ចុះសម្រុង​គ្នា​នឹង​ការបង្រៀន​ទាំងឡាយ​របស់​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់ ។

បង​ប្អូន​ប្រុស​ស្រី យើងត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ យើងត្រូវការ​សេចក្ដី​ជំនឿទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​បម្រើ​មនុស្ស​ដទៃ​ជំនួស​ឲ្យទ្រង់ ាពពិត​នៃ​សារលិខិត​នេះ​ផង​ដែរ ។ ប៉ុន្ដែ​នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ—ហើយ​ធ្វើតាម​ព្យាការី​នៅរស់​របស់​ទ្រង់—នោះ​សេចក្ដី​ជំនឿ​នឹង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក ។ ដោយសារតែ​បច្ចេកវិទ្យា ប្រហែល​ជាបុត្រា​បុត្រី​របស់​ព្រះ​ជាច្រើន​នឹង​ស្ដាប់ឮ ហើយ​ស្គាល់​ព្រះបន្ទូល​នៃ​ព្រះ​នៅ​ចុង​សប្ដាហ៍​នេះ ជាង​អំឡុង​ពេល​ពីរថ្ងៃ​ផ្សេងទៀត​នៅក្នុង​ប្រវត្តិសាស្ដ្រ ។

ដោយ​មាន​សេចក្ដី​ជំនឿ​កើនឡើង​ថា នេះ​គឺជា​សាសនាចក្រ និង​ជា​នគរ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី នោះ​សមាជិក​កាន់តែ​ច្រើន​​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ហើយ​ដាក់ដង្វាយដើម្បី​ជួយ​ដល់​អ្នកទ័លក្រ ទោះបី​សមាជិក​ទាំងនោះ​ជួប​នឹង​ការសាកល្បង​ខ្លួនឯង​ដែរ​ក្ដី ។ ដោយ​មាន​សេចក្ដី​ជំនឿ​ថា ពួកគេ​ត្រូវបាន​ហៅ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ទូទាំង​ពិភពលោក បាន​រកឃើញ​របៀប​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ដែល​កើតឡើង​ដោយ​ជំងឺ​រាតត្បាត ហើយ​ធ្វើ​ដូច្នេះ​ដោយ​មាន​ចិត្ត​ក្លាហាន និង​សេចក្ដី​សង្ឃឹម ។ ហើយ​នៅក្នុង​កិច្ច​ខិតខំ​បន្ថែម​របស់​ពួកគេ សេចក្ដី​ជំនឿ​របស់​ពួកគេ​បាន​កាន់តែ​រឹងមាំ​ឡើង ។

ការប្រឆាំង និង​ការសាកល្បង​គឺជា​ថ្នាល​បណ្ដុះ​ជំនឿ​ជាយូរ​មកហើយ ។ ការណ៍​នោះ​គឺ​ពិត​ជានិច្ច ជាពិសេសេ​តាំងពី​ការចាប់ផ្ដើម​នៃ​ការស្ដារ​ឡើងវិញ និង​ការតាំង​ឡើង​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។១៤

អ្វី​ដែល​ប្រធាន ចច ឃ្យូ កាណុង បាន​មាន​ប្រសាសន៍​ជាយូរ​មកហើយ វា​ពិត​នៅ​សព្វថ្ងៃ​នេះ ហើយ​នឹង​បន្ដនៅ​ពិត​រហូតដល់​ព្រះអង្គ​សង្គ្រោះ​យាងមក​ដោយ​ផ្ទាល់ ដើម្បី​ដឹកនាំ​សាសនាចក្រ និង​រាស្ដ្រ​របស់​ទ្រង់ ៖ « ការគោរព​តាម​ដំណឹងល្អ​នាំឲ្យ [ មនុស្ស ] មាន​ទំនាក់ទំនង​ដ៏ជិតដិត និង​ស្និទ្ធស្នាល​ខ្លាំងជាមួយ​នឹង​ព្រះអម្ចាស់ ។ វា​បង្កើត​ឲ្យមាន​ការភ្ជាប់​ដ៏ជិតស្និទ្ធ​រវាង​មនុស្ស​នៅលើ​ផែនដី និង​ព្រះដ៏បង្ក​បង្កើត​ដ៏អស្ចារ្យ​របស់​យើង​នៅលើ​ស្ថានសួគ៌ ។ វា​នាំឲ្យ​គំនិត​មនុស្ស​មាន​ទំនុកចិត្ត​យ៉ាង​ឥតខ្ចោះ​ទៅលើ​ព្រះដ៏មាន​មហិទ្ធិឫទ្ធិ និង​លើ​ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​ស្ដាប់ និង​ឆ្លើយតប​ការអង្វរ​ក​របស់​អ្នកដែល​ទុកចិត្ត​លើ​ទ្រង់ ។ នៅ​គ្រា​នៃ​ការសាកល្បង និង​ទុក្ខ​លំបាកនេះ ទំនុក​ចិត្ត​មាន​តម្លៃ​យ៉ាង​ក្រៃលែង ។ បញ្ហា​អាច​កើត​មាន​ដល់​បុគ្គល ឬ​មនុស្ស​គ្រប់គ្នា​នូវ គ្រោះមហន្ដរាយ​ដែល​អាច​គំរាម​កំហែង ហើយ​ក្ដីសង្ឃឹម​របស់​មនុស្ស​គ្រប់រូប​អាច​មើលទៅ​ហាក់​រលាយ​សាបសូន្យ ប៉ុន្ដែ​បើ [ មនុស្ស ] ចេះ​ប្រើប្រាស់​អភ័យ​ឯកសិទ្ធិ​ដែល​កើតមាន​ តាម​ការគោរព​តាម​ដំណឹងល្អ នោះ​ពួកគេ​នឹង​មាន​កន្លែង​ឈរ​ដ៏ប្រាកដ​មួយ ហើយ​ជើង​របស់​ពួកគេ​គឺនៅលើ​ថ្ម ដែល​មិន​អាច​រង្គោះ​រង្គើ​បាន » ។១៥

ខ្ញុំ​មាន​ទីបន្ទាល់​ថា ថ្ម​ដែល​យើង​ឈរ​លើ​នេះ​គឺជា​សាក្សី​របស់​យើង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ថា​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ដែល​ទ្រង់​ដឹកនាំ​ដោយ​ផ្ទាល់ ហើយ​ថា​ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​នៅរស់​របស់​ទ្រង់​នាពេល​បច្ចុប្បន្ន ។

ប្រធាន ណិលសុន ស្វែងរក និង​ទទួល​បាន​ការដឹកនាំ​មកពី​ព្រះអម្ចាស់ ។ លោក​គឺជា​គំរូ​មួយ​សម្រាប់​ខ្ញុំ ក្នុង​ការស្វែងរក​ការដឹកនាំ​នោះ ដោយ​មាន​ការតាំងចិត្ត​ដើម្បី​ធ្វើតាម​ការដឹកនាំ​នោះ ។ ការតាំងចិត្ត​​គោរពតាម​ការដឹកនាំ​របស់​ព្រះអម្ចាស់ដូចគ្នានោះ គឺមាន​នៅក្នុង​ចិត្ត​របស់​មនុស្ស​ដែល​បាន​ថ្លែង ឬ​នឹង​ថ្លែង​សុន្ទរកថា អធិស្ឋាន ឬ​ច្រៀង​នៅក្នុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​របស់​ទ្រង់​នេះ ។

ខ្ញុំ​អធិស្ឋាន​ថា មនុស្ស​ទាំងអស់​ជុំវិញ​ផែនដី​ដែល​កំពុងមើល ឬ​ស្ដាប់​សន្និសីទ​នេះ នឹង​ទទួល​អារម្មណ៍ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ។ ព្រះវរបិតា​សួគ៌​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ​ថា ទោះជាយ៉ាងណា ក៏ខ្ញុំ​អាច​ទទួល​អារម្មណ៍​មួយ​ផ្នែក​តូច​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​មានចំពោះ​បងប្អូន និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​សួគ៌​ទ្រង់ ដែលជា​ព្រះវរបិតា​សួគ៌​របស់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​គង់​ជា​ព្រះសិរសា​នៃ​សាសនាចក្រ​នេះ ។ ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​របស់​ទ្រង់ ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស៊្មីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ​នៅ​រដ្ឋ​ញូវ យ៉ក ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​បព្វជិតភាព​របស់​ទ្រង់ ត្រូវបាន​ស្ដារ​ឡើងវិញ​តាមរយៈ​ពួក​សារទូត​ទេវតា ។១៦ តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​ដឹង​ថា នោះ​គឺជា​ការពិត ។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​បងប្អូន​អាច​មាន​សាក្សី​ដូចគ្នា​នេះ ។ ខ្ញុំ​អធិស្ឋាន​សូមឲ្យ​បងប្អូន​ទូលសូម​ដល់​ព្រះវរបិតាសួគ៌ ដើម្បី​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ តាមបងប្អូន​ត្រូវការ​ដើម្បី​ចុះ និង​រក្សា​សេចក្ដី​សញ្ញា ដែល​នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជា​ដៃគូ​ដ៏ខ្ជាប់ខ្ជួន​របស់​បងប្អូន ។ ខ្ញុំ​បន្សល់​ទុក​នូវ​ក្ដីស្រឡាញ់ និង​សាក្សី​របស់​ខ្ញុំ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕