មួយភាគរយប្រសើរឡើង
ការខិតខំផ្លាស់ប្ដូរនីមួយៗដែលយើងធ្វើ—មិនថាវាមើលទៅតូចប៉ុណ្ណាទេ—វាអាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើង ។
ក្រុមប្រណាំងកង់ថ្នាក់ជាតិនៃចក្រភពអង់គ្លេសបានក្លាយជាសំណើចនៃពិភពអ្នកប្រណាំងកង់ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ។ ដោយខំទាំងត្រដាបត្រដួស អ្នកជិះកង់អង់គ្លេសបានឈ្នះមេដាយមាសបានតែប៉ុន្មានប៉ុណ្ណោះក្នុងរយៈពេល ១០០ ឆ្នាំនៃការប្រកួតប្រជែងកីឡាអូឡាំពិច ហើយកាន់តែអាម៉ាសមុខនៅក្នុងព្រឹត្តិការណ៍ប្រណាំងកង់ដ៏សំខាន់ ជាការប្រណាំងកង់ ធួរដឺហ្វ្រង់ រយៈពេល ៣ សប្ដាហ៍—ដែលគ្មានអ្នកជិះកង់អង់គ្លេសណាម្នាក់បានឈ្នះពានឡើយក្នុងរយៈពេល ១១០ ឆ្នាំ ។ វាគួរឲ្យអនិច្ចាយ៉ាងខ្លាំង ពេលដែលក្រុមហ៊ុនផលិតកង់មួយចំនួនបដិសេធមិនលក់កង់ឲ្យអ្នកជិះកង់អង់គ្លេស ដោយខ្លាចថា នឹងធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះរបស់ខ្លួន ពេលលក់ឲ្យអ្នកចាញ់ជាប្រវត្តិសាស្ដ្របែបនេះ ។ ហើយថ្វីបើមានធនធានដ៏ល្អច្រើន បូករួមនឹងបច្ចេកវិទ្យាដ៏ទាន់សម័យបំផុត ព្រមទាំងការគ្រប់គ្រងការហ្វឹកហ្វឺនដ៏ថ្មីៗបំផុតគ្រប់មុខក្ដី ក៏នៅតែមិនដំណើរការដែរ ។
វាមិនដំណើរការសោះតែម្ដង រហូតដល់ឆ្នាំ ២០០៣ នៅពេលដែលមានការផ្លាស់ប្ដូរដ៏តូចមួយបានកើតឡើង ដែលសឹងតែគ្មាននរណាកត់សម្គាល់ឃើញ ដែលបានផ្លាស់ប្ដូរគន្លងនៃការប្រណាំងកង់របស់ចក្រភពអង់គ្លេសជារៀងរហូត ។ វិធីសាស្ដ្រនោះក៏បានបង្ហាញពីគោលការណ៍ដ៏អស់កល្ប—ជាមួយនឹងការសន្យាមួយផងដែរ—ទាក់ទងនឹងការខិតខំយ៉ាងពិបាកក្នុងជីវិតរមែងស្លាប់របស់យើង ដើម្បីកែលម្អខ្លួនយើងឲ្យបានប្រសើរ ក្រុមប្រណាំងកង់អង់គ្លេស ដែលអាចទាក់ទងខ្លាំងនឹងការខិតខំផ្ទាល់ខ្លួនរបស់យើង ដើម្បីធ្វើជាបុត្រី និងបុត្រារបស់ព្រះឲ្យបានប្រសើរឡើង ?
នៅឆ្នាំ ២០០៣ សឺ ដេវ ប្រេលហ្វដ ត្រូវបានគេជួល ។ មិនដូចជាគ្រូបង្វឹកមុនៗ ដែលខិតខំកែតម្រូវយ៉ាងខ្លាំងក្នុងពេលដ៏ខ្លីនោះទេ សឺ ប្រេលហ្វដ បែរជាប្ដេជ្ញាចិត្តចំពោះយុទ្ធសាស្ដ្រមួយ ដែលលោកហៅថា « ផលសរុបនៃការចំណេញតិចតួច » ។ ការណ៍នេះរួមមាន ការធ្វើឲ្យមានការកែលម្អតូចៗក្នុងគ្រប់អ្វីទាំងអស់ ។ ការណ៍នោះមានន័យថា ត្រូវវាស់វែងស្ថិតិគន្លឹះយ៉ាងខ្ជាប់ខ្ជួន ហើយផ្ដោតលើចំណុចខ្សោយជាក់លាក់ ។
វាដូចជាការដាស់តឿនរបស់ព្យាការីសាំយូអែល ជាសាសន៍លេមិនថាឲ្យ « [ ចេះ ] ដើរដោយប្រយ័ត្នប្រយែង » ។ ១ ការមើលឃើញឲ្យបានទូលំទូលាយ និងពេញលេញជាងនេះ ជួយឲ្យចៀសវាងពីអន្ទាក់នៃការផ្ដោតខ្លាំងពេកតែលើបញ្ហា ឬអំពើបាបមួយ ។ ប្រេលហ្វដ បានថ្លែងថា « គោលការណ៍ទាំងមូលកើតចេញពីគំនិតមួយដែលថា ប្រសិនបើយើងបំបែកអ្វីៗទាំងអស់ ដែលយើងអាចគិតដល់ ដែលស្របនឹងការជិះកង់ រួចហើយកែលម្អវាឲ្យបានត្រឹម ១ ភាគរយ នោះយើងនឹងទទួលបានការកើនឡើងដ៏ច្រើន នៅពេលយើងដាក់វាទាំងអស់បញ្ចូលគ្នា » ។ ២
វិធីសាស្ដ្ររបស់លោកស្របគ្នាយ៉ាងល្អនឹងវិធីសាស្ដ្ររបស់ព្រះអម្ចាស់ ដែលទ្រង់បានបង្រៀនយើងអំពីសារៈសំខាន់នៃ ១ ភាគរយ—ទោះជាត្រូវខាតបង់ ៩៩ ភាគរយក្ដី ។ ប្រាកដណាស់ ទ្រង់បានបង្រៀនកាតព្វកិច្ចដំណឹងល្អឲ្យស្វែងរកបុគ្គលម្នាក់ៗដែលខ្វះខាត ។ ប៉ុន្ដែចុះបើយើងបានអនុវត្តគោលការណ៍ដូចគ្នានោះ នៅក្នុងគោលការណ៍ដ៏ផ្អែមល្ហែមទីពីរនៃដំណឹងល្អ គឺការប្រែចិត្តវិញនោះ ? ជាជាងការទ័លច្រកនឹងការបក់បោក និងការយោលទៅមកយ៉ាងខ្លាំង រវាងអំពើបាប និងការប្រែចិត្ត ចុះបើវិធីសាស្ដ្ររបស់យើងគឺត្រូវបង្រួមការផ្ដោតរបស់យើង—គឺដូចជាយើងពង្រីកវាឲ្យធំឡើងវិញនោះ ? ជាជាងខិតខំធ្វើអ្វីៗគ្រប់យ៉ាងឲ្យបានល្អឥតខ្ចោះ ចុះបើបងប្អូនដោះស្រាយរឿងតែមួយវិញនោះ ?
ឧទាហរណ៍ ចុះបើនៅក្នុងការដឹងទូលំទូលាយច្បាស់ថ្មីរបស់បងប្អូន បងប្អូនរកឃើញថា បងប្អូនប្រហែសពុំបានអានព្រះគម្ពីរមរមនប្រចាំថ្ងៃនោះ ? មែនហើយ ជាជាងខិតខំយ៉ាងលំបាកដើម្បីអានគម្ពីរទាំង ៥៣៦ ទំព័រក្នុងពេលតែមួយយប់ តើបងប្អូនអាចតាំងចិត្តអានតែមួយភាគរយវិញបានទេ—តែប្រាំទំព័រប៉ុណ្ណោះក្នុងមួយថ្ងៃ—ឬក្នុងចំនួនមួយដែលបងប្អូនអាចធ្វើបានក្នុងស្ថានភាពរបស់បងប្អូន ? តើផលសរុបនៃ ការចំណេញតិចតួច ដ៏តូចៗ ប៉ុន្ដែឋិតថេរនៅក្នុងជីវិតរបស់យើង អាចជារបៀបទៅរកជ័យជម្នះនៅចុងបញ្ចប់ លើសពីកំហុសផ្ទាល់ខ្លួនដ៏គួរឲ្យធុញទ្រាន់បំផុតរបស់យើងដែរឬទេ ? តើវិធីសាស្ដ្រធ្វើកិច្ចការតូចៗងាយៗនេះ អាចដំណើរការបានចំពោះអំពើបាបរបស់យើងមែនឬ ?
អ្នកនិពន្ធដ៏ពូកែឈ្មោះ ជេមស៍ ខ្លៀរ ថ្លែងយ៉ាងល្អថា យុទ្ធសាស្ដ្រនេះបង្កើនឱកាសរបស់យើងដើម្បីទទួលបានជោគជ័យ ។ លោកអះអាងថា « ទម្លាប់គឺជា ‹ ការប្រាក់ទ្វេគុណក្នុងការកែលម្អខ្លួនឯង › ។ ប្រសិនបើបងប្អូនអាចទទួលបានអ្វីមួយត្រឹមតែមួយភាគរយច្រើនជាងមុនរាល់ថ្ងៃ នោះដល់ចុងឆ្នាំ … បងប្អូននឹងទទួលបានប្រសើរឡើងដល់ទៅ ៣៧ ដង » ។ ៤
ការចំណេញតិចតួចរបស់ ប្រេលហ្វដ បានចាប់ផ្ដើមដោយអ្វីដែលមើលឃើញច្បាស់ ដូចជាឧបករណ៍ ក្រណាត់អាវ និងលំនាំនៃការហ្វឹកហ្វឺន ។ ប៉ុន្តែក្រុមរបស់លោកមិនបានបញ្ឈប់ត្រឹមនោះទេ ។ ពួកគេបានបន្ដរកឃើញការកែលម្អ ១ ភាគរយ នៅក្នុងផ្នែកដែលគេមើលរំលង និងមិនរំពឹងទុកដូចជា អាហារបំប៉ន និងសូម្បីតែភាពខុសគ្នានៃតំហែទាំផងដែរ ។ ពេលវេលាកន្លងទៅ ការប្រសើរឡើងតូចតាចទាំងនេះសរុបចូលគ្នា ទៅជាលទ្ធផលដ៏អស្ចារ្យ ដែលកើតឡើងលឿនជាងអ្វីដែលគេអាចស្រមៃដល់ទៅទៀត ។ ពិតណាស់ ពួកគេបានយល់ពីគោលការណ៍ដ៏អស់កល្បមួយគឺ « មួយបន្ទាត់ម្តងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច » ។ ៤
តើការកែតម្រូវបន្ដិចបន្ដួចនោះធ្វើឲ្យមាន « ការផ្លាស់ប្ដូរដ៏ធំ » ៥ ដែលបងប្អូនចង់បានដែរឬទេ ? ប្រសិនបើអនុវត្តបានត្រឹមត្រូវ នោះខ្ញុំជឿជាក់ ៩៩ ភាគរយថា វានឹងអនុវត្តបាន ! ប៉ុន្ដែការព្រមានមួយអំពីវិធីសាស្ដ្រនេះគឺថា ដើម្បីឲ្យការចំណេញតិចៗសរុបចូលគ្នា នោះត្រូវតែមានការខិតខំយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃ ។ ហើយទោះជាយើងមិនបានល្អឥតខ្ចោះក្ដី ក៏យើងត្រូវតែប្ដេជ្ញាចិត្តថា ការតស៊ូ និងការមានចិត្តអំណត់របស់យើងត្រូវការការខិតខំស្រដៀងនោះដែរ ងសេចក្ដីសុខសាន្ដដល់បងប្អូន ។ ដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗ ជាជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងប្រចាំថ្ងៃនោះទេ ។ ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍ដែលកើតមានតែម្ដងនោះទេ វាគឺជាដំណើរការមួយ ។ វាគឺជាគន្លឹះឆ្ពោះទៅកាន់សុភមង្គល និងភាពសុខសាន្ដក្នុងគំនិត ។ នៅពេលផ្គួបគ្នាជាមួយនឹងសេចក្ដីជំនឿ នោះការប្រែចិត្តបើកច្រកទ្វារទៅកាន់ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។ ៦
ទាក់ទងនឹងតម្រូវការឲ្យមានសេចក្ដីជំនឿពីមុនការប្រែចិត្ត ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ ។ អ្វីដែលតម្រូវឲ្យមានមុនដំបូង គឺគ្រាន់តែជា « សេចក្ដីជំនឿមួយតូច » ប៉ុណ្ណោះ ។ ៧ ហើយប្រសិនបើយើងអាចប្រមូលផ្ដុំ « គ្រាប់ពូជ១យ៉ាងល្អិត » ៨ នេះក្នុងចិត្តបាន នោះយើងក៏អាចរំពឹងថាមានការកែលម្អដែលមិនបានរំពឹងទុក និងដ៏ពិសេសនៅក្នុងជីវិតរបស់យើងផងដែរ ។ ប៉ុន្ដែសូមចាំថា យើងមិនអាចខំប្រែពីមនុស្សអាក្រក់ ទៅជាមនុស្សល្អដូចអ្នកម្ដាយថេរេសាក្នុងពេលតែមួយយប់នោះទេ ដូច្នេះយើងក៏គួរតែបង្វែរទិសដៅនៃគន្លងអភិវឌ្ឍរបស់យើងបន្តិចម្ដងៗដែរ ។ ទោះបីជាការផ្លាស់ប្ដូរដែលចាំបាច់នៅក្នុងជីវិតរបស់បងប្អូនមានលក្ខណៈធំក្ដី ក៏បងប្អូនគួរចាប់ផ្ដើមក្នុងទ្រង់ទ្រាយតូចមួយសិនដែរ ។ ជាពិសេសនោះ ប្រសិនបើបងប្អូនមានអារម្មណ៍ថាលើសលប់ ឬបាក់ទឹកចិត្ត ។
ដំណើរការនេះមិនមែនសម្រេចតាមបន្ទាត់ត្រង់មួយទេ ។ ទោះបីក្នុងចំណោមអ្នកពូកែតាំងចិត្តខ្លាំងក្ដី ក៏នៅតែអាចមានការបន្ទច់បង្អាក់ដែរ ។ ដោយធ្លាប់មានបទពិសោធន៍មិនពេញចិត្តនឹងរឿងនេះក្នុងជីវិតរបស់ខ្ញុំផ្ទាល់ ដូច្នេះខ្ញុំដឹងថា ពេលខ្លះវាអាចមានអារម្មណ៍ថា ១ ភាគរយទៅមុខ តែ ២ ភាគរយថយក្រោយ ។ ប៉ុន្ដែ បើយើងបន្ដមិនរុញរាក្នុងការតាំងចិត្តរបស់យើង ដើម្បីខិតខំទទួលបាន ១ ភាគរយនោះយ៉ាងខ្ជាប់ខ្ជួន នោះទ្រង់ដែល « បានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង » ៩ នឹងលើកយើងឡើងជាប្រាកដ ។
ច្បាស់ណាស់ បើយើងពាក់ព័ន្ធនឹងអំពើបាបធ្ងន់ធ្ងរ នោះព្រះអម្ចាស់បញ្ជាក់យ៉ាងច្បាស់ និងឥតកែប្រែថា យើងត្រូវតែបញ្ឈប់វា ត្រូវទៅរកជំនួយពីប៊ីស្សពរបស់យើង ហើយងាកចេញពីការអនុវត្តបែបនោះភ្លាម ។ ប៉ុន្ដែដូចដែលអែលឌើរ ដេវីឌ អេ បែដណា បានដាស់តឿន ៖ « ការអភិវឌ្ឍខាងវិញ្ញាណតូចតាច ខ្ជាប់ខ្ជួន និងកើនឡើង គឺជាជំហានដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងដើរ ។ ការរៀបចំខ្លួនដើម្បីដើរដោយឥតទោសនៅចំពោះព្រះ គឺជាគោលបំណងចម្បងមួយនៃជីវិតរមែងស្លាប់ និងការខិតខំពេញមួយជីវិតនេះ ហើយវាមិនទទួលលទ្ធផលពីសកម្មភាពខាងវិញ្ញាណដែលខំខ្លាំង ប៉ុន្ដែមិនទៀងទាត់នោះទេ » ។ ១០
ដូច្នេះ តើវិធីសាស្ដ្រដ៏តូចនេះចំពោះការប្រែចិត្ត និងការផ្លាស់ប្ដូរដ៏ពិត ពិតជាដំណើរការមែនឬ ? បើនិយាយក្នុងន័យប្រណាំងកង់ តើជោគជ័យស្ថិតលើការធាក់កង់មែនឬ ? សូមពិចារណាពីអ្វីដែលបានកើតឡើងចំពោះអ្នកប្រណាំងកង់អង់គ្លេសពីរទសវត្សរ៍ចុងក្រោយនេះ ចាប់តាំងពីការអនុវត្តទស្សនវិជ្ជានេះមក ។ ឥឡូវនេះ អ្នកប្រណាំងកង់អង់គ្លេសបានឈ្នះការប្រណាំងកង់ ធួរ ដឺ ហ្វ្រង់ ចំនួនប្រាំមួយដងយ៉ាងអស្ចារ្យ ។ អំឡុងការប្រកួតកីឡាអូឡាំពិចបួនលើកមុន ចក្រភពអង់គ្លេសគឺជាប្រទេសដែលទទួលបានជោគជ័យខ្លាំងបំផុត ខាងការមានវិន័យប្រណាំងកង់ទាំងអស់ ។ ហើយនៅកីឡាអូឡាំពិចនៅទីក្រុងតូក្យូ ដែលទើបចប់ទៅថ្មីៗនេះ ចក្រភពអង់គ្លេសបានឈ្នះមេដាយមាសថែមទៀតក្នុងការប្រណាំងកង់ដែលមានចំនួនច្រើនជាងប្រទេសណាៗទាំងអស់ ។
ប៉ុន្ដែអ្វីដែលចែងចាំងលើសមេដាយប្រាក់ ឬមេដាយមាសខាងលោកិយ ដែលជាការសន្យាដ៏មានតម្លៃរបស់យើងនៅលើផ្លូវទៅកាន់ភាពអស់កល្បរបស់យើងនោះគឺ យើងនឹង « មានជ័យជំនះក្នុងព្រះគ្រីស្ទ » ពិតមែន ។ ១១ ហើយកាលយើងតាំងចិត្តធ្វើការកែលម្អតូចៗ ប៉ុន្ដែខ្ជាប់ខ្ជួននោះ យើងទទួលបានការសន្យាឲ្យទទួលបាន « ភួងជ័យដែលមិនចេះស្រពោនឡើយ » ។ ១២ ដោយរីករាយនឹងភួងជ័យដែលមិនចេះស្រពោននោះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិនិត្យមើលជីវិតរបស់បងប្អូន ហើយរកមើលអ្វីដែលនៅទ្រឹង ឬអ្វីដែលបន្ថយល្បឿនបងប្អូននៅលើផ្លូវនៃសេចក្ដីសញ្ញានេះ ។ បន្ទាប់មក សូមរកមើលកែលម្អថែមទៀត ។ សូមស្វែងរកកំហុសទាំងឡាយដែលអាចកែតម្រូវនៅក្នុងជីវិតរបស់បងប្អូន ដែលអាចនាំឲ្យមានអំណរដ៏ផ្អែមល្ហែមក្នុងការធ្វើបានប្រសើរបន្ដិចបន្ដួច ។
សូមចាំថា ដាវីឌបានប្រើថ្មដ៏តូចមួយប៉ុណ្ណោះ ដើម្បីបង្ក្រាបមនុស្សមាឌដ៏ធំដែលមិនចេះចាញ់នោះ ។ ប៉ុន្ដែលោកបានត្រៀមថ្មបួនទៀតទុកជាស្រេច ។ ដូចគ្នានោះដែរ ទំនោរទុច្ចរិត និងជោគវាសនាដ៏អស់កល្បរបស់អាលម៉ាជាកូន ត្រូវបានកែប្រែដោយគំនិតដ៏សំខាន់ និងសាមញ្ញមួយប៉ុណ្ណោះ—ការចងចាំដល់ការបង្រៀនរបស់ឪពុកលោកអំពីព្រះគុណដ៏សង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដូច្នេះហើយ គឺព្រះអង្គសង្គ្រោះរបស់យើង ដែលទោះជាគ្មានបាបសោះ « មុនដំបូង ទ្រង់ពុំបានទទួលនូវភាពពោរពេញ ប៉ុន្តែបានព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់មក រហូតដល់ទ្រង់បានទទួលនូវភាពពោរពេញ » ។ ១៣
ក៏ដូចដែលទ្រង់ជ្រាបពីពេលដែលចាបធ្លាក់ដែរ នោះទ្រង់ផ្ដោតលើនាទី ក៏ដូចជាពេលវេលានៅគ្រានោះក្នុងជីវិតរបស់យើង ហើយទ្រង់ត្រៀមព្រះកាយជាស្រេចនៅពេលនេះ ដើម្បីជួយបងប្អូន មិនថាការស្វែងរក ១ ភាគរយរបស់បងប្អូនទទួលមកពីសន្និសីទនេះជាអ្វីនោះទេ ះយើងនោះទេ—វាអាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើង ។
ក្នុងគោលបំណងនេះ អែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀនថា « ការអះអាងនីមួយៗអំពីបំណងប្រាថ្នាដ៏សុចរិត សកម្មភាពបម្រើនីមួយៗ និងសកម្មភាពថ្វាយបង្គំនីមួយៗ មិនថាតូច និងកើនតិចប៉ុណ្ណាទេ វានឹងបន្ថែមដល់ការរីកចម្រើនខាងវិញ្ញាណរបស់យើង » ។ ១៤ ពិតណាស់ ដោយកិច្ចការតូចតាច និងងាយ មែនហើយ គឺជាកិច្ចការដែលកើនតែ ១ ភាគរយ ទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន ។ ១៥ ជោគជ័យនៅចុងបញ្ចប់គឺជាភាពប្រាកដប្រជា ១០០ ភាគរយ « បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ១៦ តាមរយៈព្រះពលំ ព្រះគុណ និងសេចក្ដីមេត្តារបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕