សូមនឹកដល់ពួកបរិសុទ្ធរបស់ទ្រង់ដែលមានទុក្ខលំបាក ឱព្រះរបស់ទូលបង្គំអើយ
ការរក្សាសេចក្តីសញ្ញាចាក់សោបើកអំណាចនៃពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីផ្តល់កម្លាំង និងអំណរដល់អស់អ្នកដែលរងទុក្ខ ។
ផែនការសុភមង្គលរបស់ព្រះវរបិតាសួគ៌ រួមមានទាំងបទពិសោធន៍នៃជីវិតរមែងស្លាប់ដែលកូនចៅទាំងអស់របស់ទ្រង់នឹងត្រូវសាកល្បង ហើយប្រឈមមុខនឹងការសាកល្បង ។ ១ កាលពីប្រាំឆ្នាំមុន ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក ។ ខ្ញុំឈឺ ហើយនៅតែឈឺខាងរាងកាយក្រោយពីការវះកាត់ ការព្យាបាលដោយកាំរស្មី និងផលប៉ះពាល់នៃថ្នាំទាំងឡាយ ។ ខ្ញុំបានមានបញ្ហាសតិអារម្មណ៍ នៅក្នុងអំឡុងពេលគេងមិនលក់នៅពេលយប់ដ៏សែនវេទនា ។ ស្ថិតិវេជ្ជសាស្ត្របង្ហាញថា ខ្ញុំប្រហែលជានឹងស្លាប់លឿនជាងខ្ញុំបានរំពឹងទុក នៅថ្ងៃមួយខ្ញុំត្រូវចាកចោលគ្រួសារមួយដែលជាអ្វីៗគ្រប់យ៉ាងចំពោះខ្ញុំ ។
មិនថាបងប្អូនរស់នៅកន្លែងណា មានការរងទុក្ខខាងរាងកាយ ឬអារម្មណ៍មកពីការសាកល្បងផ្សេងៗ និងភាពទន់ខ្សោយក្នុងជីវិតរមែងស្លាប់ពីមុន ពេលនេះ ឬនៅថ្ងៃណាមួយនោះទេ វាជាផ្នែកមួយនៃជីវិតរបស់បងប្អូន ។
ការរងទុក្ខខាងរាងកាយអាចបណ្តាលមកពីភាពចាស់ជរា ជំងឺដែលពុំរំពឹងទុក និងគ្រោះថ្នាក់ចៃដន្យផ្សេងៗ ភាពអត់ឃ្លាន ឬភាពគ្មានផ្ទះសម្បែង ឬការរំលោភបំពាន អំពើហឹង្សានានា និងសង្គ្រាម ។
អារម្មណ៍ឈឺចាប់អាចកើតមានមកពីការថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត ការក្បត់របស់ប្តី ឬប្រពន្ធ ឪពុកម្តាយ ឬអ្នកដឹកនាំដែលទុកចិត្ត, ការផ្លាស់ប្តូរការងារ ឬការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុ, ការវិនិច្ឆ័យអយុត្តិធម៌មកពីអ្នកដទៃ, ការជ្រើសរើសរបស់មិត្តភក្តិ កូនចៅ ឬសមាជិកគ្រួសារ, ការរំលោភបំពានក្នុងទម្រង់ជាច្រើន, ក្តីសុបិន្តពុំបានសម្រេចក្នុងអាពាហ៍ពិពាហ៍ ឬកូនចៅ, ជំងឺធ្ងន់ធ្ងរ ឬការស្លាប់របស់មនុស្សជាទីស្រឡាញ់ភ្លាមៗ ឬមកពីប្រភពផ្សេងៗទៀតជាច្រើន ។
តើបងប្អូនអាចស៊ូទ្រាំនឹងទុក្ខវេទនា ដែលធ្វើឲ្យយើងពេលខ្លះមានការឈឺចាប់ជាក់លាក់ណាមួយបានយ៉ាងដូចម្តេច ?
អរគុណណាស់ ដែលសេចក្តីសង្ឃឹមមាននៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយសេចក្តីសង្ឃឹមក៏អាចជាផ្នែកមួយនៃជីវិតរបស់បងប្អូនផងដែរ។ ថ្ងៃនេះខ្ញុំចែកចាយនូវគោលការណ៍នៃសេចក្តីសង្ឃឹមចំនួនបួន ដែលដកស្រង់ចេញមកពីព្រះគម្ពីរ ការបង្រៀនដោយការព្យាករ ការជួបផ្ដល់ការងារបម្រើជាច្រើន និងការសាកល្បងខាងសុខភាពផ្ទាល់របស់ខ្ញុំ ដែលនៅតែមាននោះ ។ គោលការណ៍ទាំងនេះពុំត្រឹមតែអាចអនុវត្តបានយ៉ាងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅផងដែរ ។
ទីមួយ ការរងទុក្ខពុំមានន័យថា ព្រះមិនពេញចិត្តនឹងជីវិតរបស់បងប្អូននោះទេ ។ កាលពីពីរពាន់ឆ្នាំមុន ពួកសិស្សរបស់ព្រះយេស៊ូវបានឃើញបុរសពិការភ្នែកម្នាក់នៅឯព្រះវិហារ ហើយសួរថា « ាគាត់កើតមកខ្វាក់ដូច្នេះ ? »
សិស្សរបស់ទ្រង់ហាក់ដូចជាជឿដោយមិនត្រឹមត្រូវដូចជាមនុស្សជាច្រើននៅសព្វថ្ងៃនេះជឿថា ការលំបាក និងការរងទុក្ខទាំងអស់នៅក្នុងជីវិត គឺជាលទ្ធផលនៃអំពើបាប ។ ប៉ុន្តែព្រះអង្គសង្គ្រោះបានឆ្លើយតបថា « មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសម្តែងមកក្នុងខ្លួនគាត់វិញ » ។ ២
កិច្ចការរបស់ព្រះគឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស ។ ៣ ប៉ុន្តែនៅទីបំផុត តើការសាកល្បង និងការរងទុក្ខ—ជាពិសេសការរងទុក្ខដែលបង្កឡើងដោយការប្រើសិទ្ធិជ្រើសរើសប្រកបដោយអំពើបាបរបស់មនុស្សម្នាក់ផ្សេងទៀត ៤ —អាចជំរុញកិច្ចការរបស់ព្រះបានយ៉ាងដូចម្តេច ?
ព្រះអម្ចាស់បានប្រាប់ប្រជាជននៃសេចក្តីសញ្ញារបស់ទ្រង់ថា « យើងបានសម្រងឯង … គឺយើងបានរើសឯងនៅឡនៃសេចក្តីវេទនាវិញ » ។ ៥ មិនថាការរងទុក្ខរបស់បងប្អូនជាអ្វីនោះទេ ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់បងប្អូនអាចដឹកនាំទុក្ខលំបាកទាំងនោះឲ្យសម្រងព្រលឹងរបស់បងប្អូនវិញ ។ ៦ ព្រលឹងដែលត្រូវបានសម្រងអាចទទួលបន្ទុកគ្នាទៅវិញទៅមកដោយមានការយល់ចិត្ត និងចិត្តមេត្តាករុណាដ៏ស្មោះត្រង់ ។ ៧ ព្រលឹងដែលត្រូវបានសម្រងជាអ្នក « ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក ដើម្បីរស់នៅដោយរីករាយនៅក្នុងវត្តមានរបស់ព្រះជារៀងរហូត ហើយ « ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ » ។ ៨
ទីពីរ ព្រះវរបិតាសួគ៌ជ្រាបដឹងមុនយ៉ាងច្បាស់ពីទុក្ខលំបាករបស់បងប្អូន ។ ខណៈពេលកំពុងស្ថិតនៅក្នុងការសាកល្បង យើងអាចយល់ច្រឡំថាព្រះគង់នៅដ៏សែនឆ្ងាយ ហើយមិនខ្វល់ពីការឈឺចាប់របស់យើងទេ ។ សូម្បីតែព្យាការី យ៉ូសែប ស្ម៊ីធ បានមានអារម្មណ៍នេះ នៅពេលមានទុក្ខលំបាកនៅក្នុងជីវិតរបស់លោក ។ ពេលជាប់នៅក្នុងគុកលិបើធី ខណៈដែលពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីផ្ទះ នោះយ៉ូសែប បានស្វែងរកការយល់ដឹងតាមរយៈការអធិស្ឋាន ៖ « ឱ ព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? ហើយតើព្រះពន្លាដែលគ្របបាំងទីបំពួនទ្រង់នៅទីណា ? » លោកបានបញ្ចប់ជាមួយការអង្វរនេះថា « សូមនឹកដល់ពួកបរិសុទ្ធរបស់ទ្រង់ដែលមានទុក្ខលំបាក ឱ! ព្រះរបស់ទូលបង្គំអើយ » ។ ៩
ចម្លើយរបស់ព្រះអម្ចាស់បានអះអាងនឹងយ៉ូសែប និងអស់អ្នកដែលរងទុក្ខ ៖
« បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
« ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ » ។ ១០
ពួកបរិសុទ្ធដែលរងទុក្ខវេទនាជាច្រើនបានចែកចាយអារម្មណ៍ដែលពួកគេមានចំពោះសេចក្តីស្រឡាញ់របស់ព្រះ អំឡុងពេលនៃការសាកល្បងនានារបស់ពួកគេ ។ ខ្ញុំចាំយ៉ាងច្បាស់នូវបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក កាលដែលគ្រូពេទ្យពុំទាន់ធ្វើរោគវិនិច្ឆ័យអំពីមូលហេតុនៃការឈឺចាប់យ៉ាងខ្លាំងទាំងនោះ ។ ខ្ញុំបានអង្គុយជាមួយភរិយាខ្ញុំ បំណងចង់អធិស្ឋានប្រសិទ្ធពរម្ហូបអាហារថ្ងៃត្រង់របស់យើងដូចសព្វមួយដង ។ តែអ្វីដែលខ្ញុំអាចធ្វើនោះគឺបានត្រឹមតែយំ « ព្រះវរបិតាសួគ៌អើយសូមជួយកូនផង ។ កូនឈឺខ្លាំងណាស់ » ។ ក្នុងរយៈពេល ២០ ទៅ ៣០ វិនាទីបន្ទាប់ពីនោះ ខ្ញុំត្រូវបានហ៊ុំព័ទ្ធទៅដោយសេចក្តីស្រឡាញ់របស់ទ្រង់ ។ ខ្ញុំពុំដឹងពីមូលហេតុនៃជំងឺរបស់ខ្ញុំទេ គ្មានការបង្ហាញពីលទ្ធផល ហើយក៏គ្មានការធូរស្បើយពីការឈឺចាប់ដែរ ។ ខ្ញុំគ្រាន់តែមានអារម្មណ៏នៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ នោះគឺគ្រប់គ្រាន់ហើយ ។
ខ្ញុំសូមធ្វើជាសាក្សីថាព្រះវរបិតាសួគ៌របស់យើង ទ្រង់ដឹងសូម្បីតែចាបណាមួយធ្លាក់ទៅដី ទ្រង់ក៏ដឹងពីការរងទុក្ខរបស់បងប្អូនផងដែរ ។ ១១
ទីបី ព្រះយេស៊ូវគ្រីស្ទប្រទាននូវព្រះចេស្ដាដ៏ជាជំនួយរបស់ទ្រង់ដើម្បីជួយដល់បងប្អូនឲ្យមានកម្លាំងដើម្បីស៊ូទ្រាំនឹងការឈឺចាប់របស់បងប្អូនបានយ៉ាងល្អ ។ ព្រះចេស្ដាដ៏ជាជំនួយនេះ អាចធ្វើទៅបានតាមរយៈដង្វាយធួនរបស់ទ្រង់ ។ ១២ ខ្ញុំបារម្ភថាមានសមាជិកសាសនាចក្រជាច្រើនគិតថា ប្រសិនបើពួកគេគ្រាន់តែរឹងមាំជាងមុនបន្តិច នោះពួកគេអាចឆ្លងកាត់ការឈឺចាប់នោះដោយខ្លួនឯងបាន ។ នេះគឺជាបទពិសោធន៏ដ៏ពិបាកមួយក្នុងការរស់នៅ ។ កម្លាំងជាបណ្តោះអាសន្នរបស់បងប្អូន មិនអាចបៀបធៀបទៅនឹងការផ្គត់ផ្គង់នៃព្រះចេស្ដាដ៏គ្មានដែនកំណត់របស់ព្រះអង្គសង្គ្រោះដើម្បីពង្រឹងដល់ព្រលឹងបងប្អូនបានឡើយ ។ ១៣
ព្រះគម្ពីរមរមនបង្រៀនថា ព្រះយេស៊ូវគ្រីស្ទនឹង « លើកដាក់លើខ្លួនទ្រង់ » នូវការឈឺចាប់ ជំងឺ និងភាពទន់ខ្សោយរបស់យើងដើម្បីទ្រង់អាចជួយយើងបាន ។ ១៤ តើបងប្អូនអាចទាញយកអំណាចដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យមកជួយដល់បងប្អូន និងពង្រឹងបងប្អូននៅក្នុងគ្រាលំបាកបានយ៉ាងដូចម្តេច ? គន្លឹះដ៏សំខាន់នោះគឺការចងភ្ជាប់ខ្លួនរបស់បងប្អូនទៅនឹងព្រះអង្គសង្គ្រោះ ដោយការរក្សាសេចក្តីសញ្ញាដែលបងប្អូនបានធ្វើជាមួយនឹងទ្រង់ ។ យើងធ្វើសេចក្ដីសញ្ញាទាំងនេះ នៅពេលយើងទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ។ ១៥
ប្រជាជនរបស់អាលម៉ាបានចូលក្នុងសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ ក្រោយមកពួកគេបានរងទុក្ខវេទនានៅក្នុងសេវកភាព និងត្រូវបានហាមឃាត់មិនឲ្យថ្វាយបង្គំជាសាធារណៈ ឬអធិស្ឋានឮៗឡើយ ។ ប៉ុន្តែពួកគេបានរក្សាសេចក្តីសញ្ញារបស់ពួកគេតាមដែលពួកគេអាចធ្វើទៅបាន ដោយអំពាវនាវដល់ព្រះអម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ។ ជាលទ្ធផល អំណាចដ៏ទេវភាពបានកើតមានមក ។ « ទ្របន្ទុកទាំងឡាយរបស់គេបានដោយងាយ » ។ ១៦
នៅក្នុងសម័យរបស់យើង ព្រះអង្គសង្រ្គោះអញ្ជើញថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។ ១៧ នៅពេលយើងរក្សាសេចក្តីសញ្ញានៃពិធីសាក្រាម៉ង់របស់យើងដើម្បីចងចាំទ្រង់ជានិច្ច នោះទ្រង់សន្យាថាព្រះវិញ្ញាណរបស់ទ្រង់នឹងគង់នៅជាមួយនឹងយើង ។ ព្រះវិញ្ញាណប្រទានកម្លាំងដល់យើងដើម្បីស៊ូទ្រាំនឹងការសាកល្បង ហើយធ្វើអ្វីដែលយើងមិនអាចធ្វើបានដោយខ្លួនឯង ។ ព្រះវិញ្ញាណអាចប្រោសយើងបានដូចប្រធាន ជេមស៍ អ៊ី ហ្វោស្ដ៍ បានបង្រៀនថា « ការព្យាបាលខ្លះអាចនឹងកើតឡើងនៅក្នុងពិភពមួយផ្សេងទៀត » ។ ១៨
យើងក៏ត្រូវបានប្រទានពរដោយសេចក្តីសញ្ញា និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធជាកន្លែងដែល « អំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ផងដែរ ។ ១៩ ខ្ញុំបានទៅជួបស្ត្រីម្នាក់ដែលបានបាត់បង់កូនស្រីវ័យជំទង់ម្នាក់ក្នុងគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយ ក្រោយមកទៀតបានបាត់បង់ប្តីរបស់នាងដោយសារជំងឺមហារីក ។ ខ្ញុំបានសួរថាតើគាត់អាចស៊ូទ្រាំនឹងការបាត់បង់ និងការឈឺចាប់បានយ៉ាងម៉េច ។ គាត់បានតបមកវិញថា កម្លាំងទទួលបានមកពីការធានាខាងវិញ្ញាណអំពីគ្រួសារដ៏អស់កល្បជានិច្ចអំឡុងពេលថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធជាទៀងទាត់ ។ ដូចដែលបានសន្យា ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់បានបំពាក់លើគាត់ដោយអំណាចនៃព្រះ ។ ២០
ទីបួន ជ្រើសរើសស្វែងរកអំណរជារៀងរាល់ថ្ងៃ ។ អស់អ្នកដែលរងទុក្ខ ដែលជាញឹកញាប់មានអារម្មណ៍ថា យប់កាន់តែយូរទៅៗ ហើយពុំឃើញមានពន្លឺថ្ងៃទាល់តែសោះ ។ វាមិនអីទេ បើយើងយំ ។ ២១ ប្រសិនបើបងប្អូនឃើញថាខ្លួនឯងរងទុក្ខនៅក្នុងរាត្រីដ៏សែនងងឹត តែដោយបានជ្រើសរើសយកសេចក្ដីជំនឿ នោះបងប្អូនអាចភ្ញាក់ឡើងនៅពេលព្រឹកដ៏រីករាយ ។ ២២
ឧទាហរណ៍ខ្ញុំបានទៅជួបម្តាយវ័យក្មេងម្នាក់ដែលកំពុងព្យាបាលជំងឺមហារីក ដែលអង្គុយនៅលើកៅអីរបស់គាត់ដោយមានស្នាមញញឹមយ៉ាងស្រស់ថ្លា ទោះបីជាគាត់មានការឈឺចាប់ និងជ្រុះសក់ក៏ដោយ ។ ខ្ញុំបានជួបគូស្វាមីភរិយាវ័យកណ្តាលម្នាក់ដែលរីករាយនៅក្នុងការធ្វើជាអ្នកដឹកនាំយុវជន បើទោះបីជាពួកគេមិនអាចមានកូនក្ដី ។ ខ្ញុំបានអង្គុយជាមួយស្ត្រីជាទីស្រឡាញ់ម្នាក់—ជាជីដូនវ័យក្មេងម្នាក់ ជាម្តាយ និងជាភរិយា—ដែលនឹងចែកឋានក្នុងពេលប៉ុន្មានថ្ងៃទៀត ប៉ុន្តែបែរជាឃើញមានការសើច និងការចងចាំពីពេលដ៏អំណរនានានៅក្នុងគ្រាដែលមានទុក្ខនេះទៅវិញ ។
ពួកបរិសុទ្ធដែលរងទុក្ខទាំងនេះជាឧទាហរណ៍នូវអ្វីដែលប្រធាន រ័សុលអិម ណិលសុន បានបង្រៀន ៖
« អំណរដែលយើងមាននោះ មិនសូវទាក់ទងនឹងកាលៈទេសៈនៃជីវិតយើងទេ ប៉ុន្តែវាទាក់ទងយ៉ាងខ្លាំងលើអ្វីដែលយើងផ្តោតទៅលើនៅក្នុងជីវិតយើង ។
« ង្គ្រោះរបស់ព្រះ … និងលើព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ » ។ ២៣
ខ្ញុំសូមថ្លែងទីបន្ទាល់ ២៤ ថាព្រះវរបិតាសួគ៌របស់យើងចងចាំពួកបរិសុទ្ធដែលរងទុក្ខវេទនា ទ្រង់ស្រឡាញ់បងប្អូន ហើយជ្រាបដឹងជាមុនយ៉ាងច្បាស់អំពីបងប្អូន ។ ព្រះអង្គសង្គ្រោះរបស់យើងត្រាស់ដឹងថា បងប្អូនមានអារម្មណ៍យ៉ាងណា ។ « ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត » ។ ២៥ ខ្ញុំដឹង—ក្នុងនាមជាអ្នកទទួលប្រចាំថ្ងៃ ២៦ —ការរក្សាសេចក្តីសញ្ញាបើកសោអំណាចនៃពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីផ្តល់កម្លាំង និងអំណរចំពោះបងប្អូនដែលរងទុក្ខ ។
ចំពោះបងប្អូនដែលរងទុក្ខទាំងអស់ ខ្ញុំសូមអធិស្ឋាន « សូមព្រះទ្រង់សម្រាលបន្ទុករបស់បងប្អូន តាមរយៈអំណរនៃព្រះរាជបុត្រារបស់ទ្រង់ » ។ ២៧ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។