ឈ្មោះរបស់សាសនាចក្រពុំអាចចរចារផ្លាស់ប្ដូរបានទេ
នៅពេលយើងស្ម័គ្រចិត្តធ្វើតាមដំបូន្មានរបស់ព្រះអម្ចាស់ដូចដែលបានបង្ហាញតាមរយៈព្យាការីនៅរស់របស់ទ្រង់ ដែលតម្រូវឲ្យមានភាពរាបទាបនិងការលះបង់ ជាពិសេសទោះជាវាផ្ទុយនឹងការគិតដំបូងរបស់យើងក្ដី នោះព្រះអម្ចាស់ប្រទានពរដល់យើងដោយមាននូវថាមពលខាងវិញ្ញាណបន្ថែម ។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា « ដោយសារព្រះអម្ចាស់បានបំផុសគំនិតខ្ញុំអំពីសារៈសំខាន់នៃឈ្មោះដែលទ្រង់បានបើកសម្ដែងសម្រាប់សាសនាចក្ររបស់ទ្រង់ គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ១ យើងមានកិច្ចការនៅចំពោះមុខ ដើម្បីដាក់ខ្លួនយើងឲ្យស្របទៅតាមព្រះទ័យរបស់ទ្រង់ » ។ ២
ពីរថ្ងៃក្រោយមក នៅថ្ងៃទី ១៨ ខែ សីហា ខ្ញុំបាននៅជាមួយនឹងប្រធាន ណិលសុន ក្នុងទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា ។ បន្ទាប់ពីការប្រជុំសមាជិករបស់យើងនៅក្នុងវិមាន ផាឡាស ដឺ ខន់ហ្គ្រេ ដ៏អស្ចារ្យ នោះប្រធាន ណិលសុន បានឆ្លើយនឹងសំណួរអ្នកយកព័ត៌មាន ។ លោកបានទទួលស្គាល់ថា វា « នឹងជាការលំបាកមួយដើម្បី [ ស្ថាបនាឈ្មោះរបស់សាសនាចក្រឡើងវិញ ហើយនាំប្រពៃណីជាងមួយរយឆ្នាំមកនេះត្រឡប់ទៅធាតុដើមវិញ » ។ ប៉ុន្ដែលោកបានបន្ថែមថា « ឈ្មោះរបស់សាសនាចក្រពុំអាចចរចារផ្លាស់ប្ដូរបានទេ » ។ ៣
ប្រាំពីរសប្ដាហ៍ក្រោយមក ប្រធាន ណិលសុនបាននិយាយនៅក្នុងសន្និសីទទូទៅ ៖ « ប្រកាសសម្រាប់សាសនាចក្ររបស់ទ្រង់ គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ … គឺព្រះអង្គសង្គ្រោះផ្ទាល់ដែលមានបន្ទូលថា ‹ ដ្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះ › » ។ បន្ទាប់មក ប្រធានណិលសុនបានបញ្ជាក់ឡើងវិញថា « ឈ្មោះរបស់សាសនាចក្រពុំអាចចរចារផ្លាស់ប្ដូរបានទេ » ។ ៤
សំណួរល្អ
សំណួរដ៏ល្អមួយបានលេចឡើង ៖ ហេតុអ្វីឥឡូវនេះ កាលដែលយើងបានប្រើឈ្មោះហៅក្រៅ « មរមន » នេះអស់រាប់ទសវត្សរ៍មកហើយនោះ ? ចុះ « ក្រុមចម្រៀងរោងឧបោសថមរមន » វីដេអូពាណិជ្ជកម្ម « ខ្ញុំជាពួកមរមន » ចម្រៀងអង្គការបឋមសិក្សា « I Am a Mormon Boy ( ខ្ញុំជាកុមារាមរមន ) » នោះ ?
គោលលទ្ធិនៃព្រះគ្រីស្ទពុំអាចផ្លាស់ប្ដូរបាននោះទេ ហើយវាអស់កល្បអស់កាលជានិច្ច ។ ប៉ុន្ដែជំហានដ៏ជាក់លាក់ និងសារសំខាន់នៃកិច្ចការរបស់ព្រះអង្គសង្គ្រោះ ត្រូវបានបើកសម្ដែងនៅក្នុងពេលដ៏ត្រឹមត្រូវរបស់វា ។ នៅព្រឹកនេះ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ការស្តារឡើងវិញគឺជាដំណើរការមួយមិនមែនជាព្រឹត្តិការណ៍មួយនោះទេ » ។ ៥ ហើយព្រះអម្ចាស់បានមានបន្ទូលថា « គ្រប់ទាំងអស់ត្រូវតែកើតឡើងតាមពេលរបស់វា » ។ ៦ ឥឡូវនេះគឺជាពេលវេលារបស់យើង ហើយយើងត្រូវស្ថាបនាឈ្មោះសាសនាចក្រដែលបានបើកសម្ដែងនេះឡើងវិញ ។
អត្តសញ្ញាណ និងជោគវាសនារបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តម្រូវឲ្យយើងហៅតាមព្រះនាមរបស់ទ្រង់ ។ ខ្ញុំបាននៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូនាពេលថ្មីៗនេះ ជាកន្លែងដែលព្យាការី យ៉ូសែប ស្ម៊ីធ បានព្យាករជាមួយនឹងសមាជិកសាសនាចក្រតែពីរបីរូបប៉ុណ្ណោះថា « សាសនាចក្រនេះនឹងបំពេញនៅអាមេរិកខាងជើង និងខាងត្បូង—វានឹងមាននៅទូទាំងពិភពលោក » ។ ៧ ព្រះអម្ចាស់បានពិពណ៌នាកិច្ចការនៃគ្រាកាន់កាប់ត្រួតត្រានេះថាជា « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក » ។ ៨ ទ្រង់បានមានបន្ទូលពី « សេចក្ដីសញ្ញា [ ដែលនឹង ] ត្រូវបានបំពេញនៅគ្រាចុងក្រោយ » អនុញ្ញាតឲ្យ « គ្រប់ទាំង … ផែនដី [ នឹង ] បានពរ » ។ ៩
សម្ដីក្នុងសន្និសីទនេះត្រូវបានបកប្រែផ្ទាល់ទៅជា ៥៥ ភាសា ។ នៅទីបំផុត ពាក្យសម្ដីទាំងនេះនឹងត្រូវបានស្ដាប់ និងអានជាភាសាចំនួន ៩៧ នៅក្នុងប្រទេស និងដែនដីជាង ២២០ ។
នៅពេលព្រះអង្គសង្គ្រោះយាងត្រឡប់មកវិញដោយព្រះចេស្ដា និងសិរីរុងរឿង នោះសមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នឹងមាននៅក្នុងចំណោមគ្រប់ជាតិសាសន៍ គ្រប់ប្រជាជន គ្រប់ពូជសាសន៍ គ្រប់ភាសា និងគ្រប់វប្បធម៌ទាំងអស់នៃពិភពលោកនេះ ។
កំណើនឥទ្ធិពលរបស់សាសនាចក្រ
ឥទ្ធិពលរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ នឹងមានពុំត្រឹមតែទៅលើអស់អ្នកដែលជាសមាជិកសាសនាចក្រប៉ុណ្ណោះទេ ។ ដោយសារតែការបើកសម្ដែងពីសួគ៌ានៅជំនាន់របស់យើង ដោយសារតែព្រះគម្ពីរដ៏ពិសិដ្ឋដែលបានស្ដារមកកាន់ផែនដី និងអំណោយទានដ៏មានអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងក្លាយជាពន្លឺដ៏ភ្លឺនៅលើកំពូលភ្នំ ពេលដែលភាពងងឹតនៃការអត់ជំនឿលើព្រះយេស៊ូវគ្រីស្ទកាន់តែកើនឡើងនៅក្នុងពិភពលោកនេះនោះ ។ ទោះបីមនុស្សជាច្រើននឹងអនុញ្ញាតឲ្យពិភពលោកនេះ ហ៊ុមព័ទ្ធជិតសេចក្ដីជំនឿលើព្រះប្រោសលោះរបស់គេក្ដី ក៏យើងនឹង « មិនត្រូវបានរើចេញពីកន្លែង [ របស់យើង ] ឡើយ » ។ ១០ ពួកគ្រីស្ទានដែលមិននៅក្នុងចំណោមសមាជិកភាពរបស់យើង នឹងស្វាគមន៍តួនាទី និងសាក្សីដ៏ពិតរបស់យើងអំពីព្រះគ្រីស្ទ ។ សូម្បីតែពួកគ្រីស្ទានដែលមើលមកយើងទាំងមន្ទិលសង្ស័យក្ដី ក៏នឹងទទួលយកយើងជាមិត្តដែរ ។ នៅក្នុងថ្ងៃអនាគត យើងនឹងត្រូវបានហៅតាមព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
សូមអរគុណដល់បងប្អូនសម្រាប់ការខិតខំដ៏ប្រពៃរបស់បងប្អូន ដើម្បីបង្កើនការប្រើឈ្មោះពិតរបស់សាសនាចក្រ ។ នៅក្នុងសន្និសីទបីឆ្នាំកន្លងទៅ ប្រធាន ណិលសុន បានសន្យានឹងយើង ៖ « ថា ការយកចិត្តទុកដាក់ដ៏ខ្លាំងបំផុតរបស់យើង ដើម្បីប្រើប្រាស់ឈ្មោះសាសនាចក្រនៃព្រះអង្គសង្គ្រោះ … ឲ្យត្រឹមត្រូវ [ នឹងនាំឲ្យយើង ] ចម្រើនសេចក្ដីជំនឿ ហើយទទួលបាននូវអំណាចខាងវិញ្ញាណកាន់តែខ្លាំង » ។ ១១
ការសន្យានេះក្លាយជាការពិត ដោយសារពួកសិស្សដ៏លះបង់នៅទូទាំងពិភពលោក ។ ១២
បងប្រុស ឡរី អាហូឡា មកពីសហរដ្ឋអាមេរិកប៉ែកខាងកើតបានសារភាពថា នៅពេលខ្លះ គាត់គិតថាវាចម្លែក ដើម្បីចែកចាយឈ្មោះពេញរបស់សាសនាចក្រ ។ ប៉ុន្ដែដោយសារវាជាការទូន្មានរបស់ព្យាការី នោះគាត់ខំព្យាយាម ។ នៅពេលមួយ គាត់បានទៅលេងមិត្តម្នាក់នៅឯព្រះវិហារជំនឿផ្សេងមួយ ។ នេះគឺជាពាក្យសម្តីរបស់លោក ៖
មានអ្នកស្គាល់គ្នាម្នាក់សួរគាត់ថា « តើអ្នកជាពួកមរមនឬ ? »
« ខ្ញុំបានឆ្លើយថា ‹ បាទ ខ្ញុំជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ › ។ គាត់ចាប់ផ្តើមសួរខ្ញុំជាច្រើនសំណួរ សំណួរនីមួយៗចាប់ផ្តើមជាមួយ ៖ ‹ តើសាសនាចក្រមរមនជឿលើ … ? › ហើយរាល់ពេល ខ្ញុំចាប់ផ្តើមជាមួយចម្លើយដែលមានឃ្លាថា ‹ នៅក្នុងសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះ [ យេស៊ូវ ] គ្រីស្ទ យើងជឿ … › ។
«… នៅពេលគាត់បានដឹងថា ខ្ញុំមិនទទួលយកឈ្មោះហៅថា ‹ មរមន › គាត់បានសួរខ្ញុំចំៗថា ‹ ចឹង អ្នកមិនមែនជាពួកមរមនទេឬ ? ›
« ដូច្នេះ ខ្ញុំក៏សួរគាត់ថា តើគាត់ស្គាល់មរមនជានរណាដែរឬទេ—គាត់មិនស្គាល់ទេ ។ ខ្ញុំក៏បានប្រាប់គាត់ថា មរមនគឺជាព្យាការី … [ ហើយខ្ញុំ ] មានកិត្តិយសដែលជាប់ទាក់ទងនឹង [ លោក ] ។
« ខ្ញុំបានបន្តថា ‹ ប៉ុន្តែមរមនមិនបានស្លាប់ដើម្បីលោះអំពើបាបរបស់ខ្ញុំនោះទេ ។ មរមនពុំ … បានរងទុក្ខនៅក្នុងសួនគែតសេម៉ានី ឬស្លាប់នៅលើឈើឆ្កាង [ សម្រាប់ខ្ញុំ ] ទេ ។ … ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរបស់ខ្ញុំ ហើយជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។ … ហើយតាមព្រះនាមរបស់ទ្រង់ ដែលខ្ញុំចង់ឲ្យគេស្គាល់ … › ។
« … បន្ទាប់ពីស្ងាត់អស់ពីរបីវិនាទីមក [ អ្នកស្គាល់គ្នាបាននិយាយថា ] ‹ អញ្ចឹង អ្នកគឺជាគ្រីស្ទាន ! › » ១៣
បងប្អូននៅចាំពាក្យពេចន៍របស់ប្រធាន ណិលសុន ដែរឬទេ ? « ខ្ញុំសូមសន្យាដល់បងប្អូនថា ប្រសិនបើយើងខំធ្វើឲ្យអស់ពីលទ្ធភាព ដើម្បីស្ដារឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអម្ចាស់ឡើងវិញ នោះទ្រង់ដែលជាសិរសានៃសាសនាចក្រនេះ នឹងចាក់ស្រោចព្រះចេស្ដា និងពរជ័យរបស់ទ្រង់មកលើពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលយើងពុំធ្លាប់បានឃើញពីមុនមកឡើយ » ។ ១៤
ព្រះអម្ចាស់តែងតែបើកផ្លូវ
ព្រះអម្ចាស់រក្សាការសន្យារបស់ទ្រង់ជានិច្ច ។ ទ្រង់តែងតែបើកផ្លូវឲ្យយើងជានិច្ច នៅពេលយើងធ្វើកិច្ចការរបស់ទ្រង់ ។
អស់ជាច្រើនឆ្នាំមកហើយ ដែលយើងសង្ឃឹមចង់ទិញដូមែនវេបសាយអ៊ីនធឺណិតដោយប្រើឈ្មោះ ChurchofJesusChrist.org និង ChurchofJesusChrist.com ។ គេពុំមានដូមែនឈ្មោះទាំងពីរនេះលក់ទេ ។ មុនពេលការប្រកាសរបស់ប្រធាន ណិលសុន បន្ដិច ស្រាប់តែមានលក់ដូមែនឈ្មោះទាំងពីរនេះភ្លាមៗ ។ វាជាអព្ភូតហេតុមួយ ។ ១៥
ព្រះអម្ចាស់ក៏បានពង្រីកដល់ការខិតខំរបស់យើង ក្នុងការកែសម្រួលឈ្មោះដែលគេហៅសាសនាចក្រជាយូរមកហើយនោះ ។
ឆ្ពោះទៅមុខដោយសេចក្តីជំនឿ ឈ្មោះរបស់ក្រុមចម្រៀងរោងឧបោសថមរមន បានប្ដូរទៅជាក្រុមចម្រៀងរោងឧបោសថនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធ ។ គេហទំព័រ LDS.org ដែលមានការចូលមើលជាង ២១ លានដងរាល់ខែ បានប្ដូរទៅជា ChurchofJesusChrist.org ។ ១៦ ឈ្មោះមហាវិទ្យាល័យ LDS Business បានប្ដូរទៅជាមហាវិទ្យាល័យ Ensign ។ គេហទំព័រ Mormon.org បានប្ដូរបញ្ជូនទៅកាន់ ChurchofJesusChrist.org ។ ផលិតផលជាងមួយពាន់មុខ ដែលដាក់ឈ្មោះថា « មរមន » ឬ « អិល.ឌី.អេស. » នៅលើវា ក៏ត្រូវបានផ្លាស់ប្ដូរដែរ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់បានកែតម្រូវគេហទំព័រ ផតខាស និងគណនី Twitter របស់ពួកគេ ។
យើងចាប់ប្រើប្រាស់និមិត្តសញ្ញាថ្មីមួយ ដែលផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ។
« នៅកណ្ដាលនៃនិមិត្តរូបនោះ គឺជាតំណាងមួយនៃរូបសំណាក ព្រះគ្រីស្ទ របស់ Thorvaldsen ធ្វើពីថ្មកែវ ។ វារំលេចជារូបរបស់ព្រះអម្ចាស់ ដ៏មានព្រះជន្មរស់ ដែលបានរស់ឡើងវិញ កំពុងលាតព្រះហស្ដទៅឱបក្រសោបអ្នកទាំងអស់ដែលមករកទ្រង់ ។
« ជានិមិត្តរូប ព្រះយេស៊ូវគ្រីស្ទកំពុងគង់នៅក្រោមក្លោងទ្វារមួយ [ ដែល ] រំឭកយើងអំពីព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ ចេញមកពីផ្នូរ » ។ ១៧
ពុម្ពអក្សររបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានសម្របសម្រួលជាភាសាជាង ៥០ ភាសា ។ យើងបានជាវឈ្មោះដូមែនថ្មីៗនៅទូទាំងពិភពលោក ។
អំណរគុណចំពោះជំនួយរបស់អ្នកដទៃ
យើងថ្លែងអំណរគុណដល់មនុស្សដ៏ល្អៗជាច្រើននាក់ ដែលបានគោរពតាមបំណងប្រាថ្នារបស់យើង ដើម្បីហៅតាមឈ្មោះត្រឹមត្រូវរបស់យើង ។ ខ្ញុំបានអានអត្ថបទមួយនាពេលថ្មីៗនេះ ដែលបានដកស្រង់សម្ដីរបស់សង្ឃខាឌីណាលកាតូលិកម្នាក់ ដែលបានហៅយើងថា « ពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ ១៨ ពេលខ្ញុំទៅជួបនឹងអ្នកដឹកនាំព្រះវិហារគ្រីស្ទានមួយកាលពីខែមុន នៅសហរដ្ឋអាមេរិកប៉ែកខាងកើត គាត់បានហៅសាសនាចក្រទៅតាមការយោងដំបូងរបស់គាត់ជាមួយនឹងឈ្មោះពេញរបស់យើងហើយបាននិយាយច្រើនជាងមួយដងថា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ។
យើងដឹងថា ការបន្ថែមពាក្យប្រាំមួយម៉ាត់ទៅលើឈ្មោះរបស់យើង នឹងមិនល្អសម្រាប់ប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្ដែដូចដែលប្រធាន ណិលសុន បានព្យាករ « ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនួលខុសត្រូវនឹងមានចិត្តអាណិតអាសូរ ក្នុងការឆ្លើយតបតាមសំណើរបស់យើង » ។ ១៩ សូមអរគុណដែលបានផ្ដល់ការគិតគូរដូចគ្នាចំពោះពួកយើង តាមរយៈអង្គការវប្បធម៌ អត្តពលកម្ម នយោបាយ ឬសហគមន៍ ដោយការប្រើឈ្មោះដែលយើងចង់បាន ។
នៅតែមានមនុស្សមួយចំនួនតូច ដែលចង់រិះគន់ ឬបន្ទច់បង្អាក់បេសកកម្មរបស់យើង ដែលនឹងបន្ដហៅយើងថា « ពួកមរមន » ឬ « សាសនាចក្រមរមន » ។ ដោយក្ដីគោរព យើងសំណូមពរជាថ្មីម្ដងទៀតទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដែលមានមនសិការត្រឹមត្រូវ ឲ្យគោរពតាមបំណងប្រាថ្នារបស់យើង ដើម្បីហៅតាមឈ្មោះរបស់យើង ដែលមានជិត ២០០ ឆ្នាំមកហើយនោះ ។
ភាពក្លាហានរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ
មានពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់រយម៉ឺននាក់ ដែលបានប្រកាសដោយសេចក្ដីក្លាហានពីឈ្មោះរបស់សាសនាចក្រ ។ នៅពេលយើងធ្វើចំណែករបស់យើង នោះអ្នកដទៃនឹងធ្វើតាម ។ ខ្ញុំស្រឡាញ់ដំណើររឿងនេះមកពីកោះតាហ៊ីទី ។
អ៊ីរីយូរ៉ា ជិន ដែលមានអាយុដប់ឆ្នាំ បានប្ដេជ្ញាចិត្តធ្វើតាមការទូន្មានរបស់ប្រធាន ណិលសុន ។
« នៅក្នុងថ្នាក់រៀនរបស់នាង ពួកគេបានពិភាក្សាអំពីថ្ងៃចុងសប្ដាហ៍របស់ពួកគេ … ហើយអ៊ីរីយូរ៉ា បាននិយាយអំពី … សាសនាចក្រ ។
« គ្រូបង្រៀនរបស់នាងឈ្មោះ វេធ ផាយហ្វូ បាននិយាយថា ‹ អូ៎ អញ្ចឹងកូនគឺជាពួកមរមនឬ ? ›
« អ៊ីរីយូរ៉ា បាននិយាយដោយម៉ឺងម៉ាត់ថា ‹ អត់ទេ … ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ! ›
« គ្រូបង្រៀនរបស់នាងបានឆ្លើយថា ‹ ហ្នឹងហើយ … កូនគឺជាពួកមរមន › ។
« អ៊ីរីយូរ៉ា បានទទូចថា ‹ អត់ទេ អ្នកគ្រូ ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ! ›
« អ្នកគ្រូ ផាយហ្វូ មានភាពអស្ចារ្យនឹងការជឿស៊ប់របស់ អ៊ីរីយូរ៉ា ហើយឆ្ងល់ថាហេតុអ្វីនាងទទូច ឲ្យប្រើឈ្មោះ [ ដ៏ ងនេះ ។ [ គាត់បានសម្រេចចិត្តដើម្បីរៀនបន្ថែមទៀតអំពីសាសនាចក្រ ] ។
« [ ក្រោយមក កាលបងស្រី ] វេធ ផាយហ្វូ បានជ្រមុជទឹក [ គាត់បានបង្ហាញការដឹងគុណ ] ដែលអ៊ីរីយូរ៉ា បានគោរពតាមការទូន្មានរបស់ប្រធាន ណិលសុន » ។ ២០
« ឈ្មោះរបស់សាសនាចក្រពុំអាចចរចារផ្លាស់ប្ដូរបានទេ » ។ ចូរយើងឆ្ពោះទៅមុខដោយសេចក្តីជំនឿ ។ នៅពេលយើងស្ម័គ្រចិត្តធ្វើតាមដំបូន្មានរបស់ព្រះអម្ចាស់ដូចដែលបានបង្ហាញតាមរយៈព្យាការីនៅរស់របស់ទ្រង់ ដែលតម្រូវឲ្យមានភាពរាបទាបនិងការលះបង់ ជាពិសេសទោះជាវាផ្ទុយនឹងការគិតដំបូងរបស់យើងក្ដី នោះព្រះអម្ចាស់ប្រទានពរដល់យើងដោយមាននូវថាមពលខាងវិញ្ញាណបន្ថែមហើយបញ្ជូនទេវតារបស់ទ្រង់មកគាំទ្រយើង និងឈរនៅក្បែរយើង ។ ២១ យើងទទួលបានការបញ្ជាក់ពីព្រះអម្ចាស់ និងការយល់ព្រមពីទ្រង់ ។
ខ្ញុំគឺជាសាក្សីផ្ទាល់ភ្នែកម្នាក់ចំពោះអំណាចនៃស្ថានសួគ៌ ដែលមានមកលើព្យាការីជាទីស្រឡាញ់របស់យើង គឺប្រធាន រ័សុល អិម ណិលសុន ។ បំណងប្រាថ្នាដ៏ស្មោះត្រង់តែមួយគត់របស់លោក គឺធ្វើឲ្យព្រះអម្ចាស់សព្វព្រះទ័យ និងផ្ដល់ពរជ័យដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់សម្រាប់លោក ចេញពីបទពិសោធន៍ដ៏ពិសិដ្ឋផ្ទាល់ខ្លួនខ្ញុំ ។ លោកគឺជាព្យាការីរបស់ព្រះ ។
ខ្ញុំសូមធ្វើសាក្សីថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕