សាមញ្ញ—ស្រស់ស្អាត
សូមយើងធ្វើឲ្យដំណឹងល្អមានភាពសាមញ្ញ កាលដែលយើងលើកដាក់មកលើខ្លួនយើងនូវការទទួលខុសត្រូវដែលបានតែងតាំងមកពីព្រះ ។
សេចក្ដីផ្ដើម
ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅដល់បងប្អូនម្នាក់ៗដែលកំពុងចូលរួមក្នុងសន្និសីទនេះ ។
នៅថ្ងៃនេះ ខ្ញុំចង់រៀបរាប់ពីធាតុផ្សំចំនួនពីរយ៉ាងនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ រួមមាននូវដំណើររឿងដ៏រំជួលចិត្តចំនួនបួន មកពីបងប្អូនពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជុំវិញពិភពលោក ដើម្បីបង្ហាញពីការអនុវត្តគោលការណ៍ទាំងនេះ ។ ធាតុផ្សំទីមួយនៃដំណឹងល្អដែលបានស្ដារឡើងវិញ—គឺកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ—ផ្ដោតលើការទទួលខុសត្រូវដែលបានតែងតាំងមកពីព្រះ ។ ធាតុផ្សំទីពីររំឭកយើងថា ដំណឹងល្អគឺច្បាស់លាស់ មានតម្លៃ និងសាមញ្ញ ។
ការទទួលខុសត្រូវដែលបានតែងតាំងមកពីព្រះ
ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវតែ « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ។ ១ នៅពេលយើងមករកព្រះគ្រីស្ទ ហើយជួយអ្នកដទៃឲ្យធ្វើដូចគ្នា នោះយើងចូលរួមក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ដែលផ្ដោតលើការទទួលខុសត្រូវដែលបានតែងតាំងមកពីព្រះ ។ ២ ការទទួលខុសត្រូវដ៏ទេវភាពទាំងនេះបានតម្រង់តាមកូនសោបព្វជិតភាពដែលបានស្តារឡើងវិញដោយ ម៉ូសេ អេលីយ៉ាស និងអេលីយ៉ា ដែលមានកត់ត្រា នៅក្នុងកណ្ឌ័ទី ១១០ នៃគោលលទ្ធិ និងសេចក្តីសញ្ញា, ៣ ហើយនិងបញ្ញត្តិធំទីពីរដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើង ឲ្យស្រឡាញ់អ្នកជិតខាងរបស់យើងដូចជាខ្លួនរបស់យើង ។ ៤ វាមាននៅលើទំព័រពីរដំបូងនៃ ក្បួនខ្នាតទូទៅដែលបានធ្វើបច្ចុប្បន្នភាព ដាក់ឲ្យសមាជិកទូទៅប្រើប្រាស់ ។
ប្រសិនបើស្ដាប់ឮពាក្យ « ក្បួនខ្នាតទូទៅ » ឬ « ការទទួលខុសត្រូវដែលបានតែងតាំងមកពីព្រះ » ធ្វើឲ្យបងប្អូនភ័យញ័រ ដោយសារតែភាពស្មុគស្មាញ សូមកុំគិតដូច្នោះ ឡើយ ការទទួលខុសត្រូវទាំងនេះគឺសាមញ្ញ មានការបំផុសគំនិត ការលើកទឹកចិត្ត និងអាចធ្វើបាន ។ វាមានដូចតទៅនេះ ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
-
ការមើលថែដល់អ្នកខ្វះខាត
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យមកទទួលយកដំណឹងល្អ
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប
បងប្អូនអាចមើលឃើញដូចខ្ញុំដែរ ថា ៖ជាផែនទីបង្ហាញផ្លូវមួយដើម្បីត្រលប់ទៅកាន់ព្រះវរបិតាសួគ៌ាជាទីស្រឡាញ់របស់យើងវិញ ។
ដំណឹងល្អគឺច្បាស់លាស់ មានតម្លៃ និងសាមញ្ញ
គេនិយាយថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ « សាមញ្ញ និងស្រស់ស្អាត » ។ ៥ ប៉ុន្តែពិភពលោកនេះមិនដូច្នោះទេ ។ វាកាន់តែពិបាក ស្មុគស្មាញ និងពោរពេញទៅដោយភាពច្របូកច្របល់ និងជម្លោះ ។ យើងមានពរ នៅពេលយើងរៀនកុំឲ្យភាពស្មុគស្មាញ ដែលវាជារឿងទូទៅក្នុងពិភពលោកនេះ ចូលមកជ្រៀតជ្រែករបៀបដែលយើងទទួល និងអនុវត្តដំណឹងល្អ ។
ប្រធាន ដាល្លិន អេក អូក បានសង្កេតឃើញថា « យើងត្រូវបានបង្រៀនអំពីកិច្ចការតូចតាច និងងាយៗជាច្រើននៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ យើងគួរតែត្រូវបានរំឭកថា យូរៗទៅកិច្ចការដែលហាក់ដូចជាតូចតាចទាំងនេះនឹងនាំឲ្យកើតមានកិច្ចការធំៗបាន » ។ ៦ ព្រះយេស៊ូវគ្រីស្ទ ទ្រង់ផ្ទាល់រៀបរាប់ថា នឹមទ្រង់ងាយ ហើយបន្ទុកទ្រង់ស្រាល ។ ៧ យើងទាំងអស់គ្នាគួរតែខិតខំធ្វើឲ្យដំណឹងល្អមានភាពសាមញ្ញ—នៅក្នុងជីវិត ក្រុមគ្រួសារ ថ្នាក់រៀន និងកូរ៉ុម ព្រមទាំងវួដ និងស្ដេករបស់យើងផងដែរ ។
នៅពេលបងប្អូនស្តាប់រឿងខាងក្រោមដែលខ្ញុំនឹងចែករំលែកជាមួយបងប្អូន នោះសូមទទួលស្គាល់ថារឿងទាំងនោះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បីបំផុសគំនិតមួយចំណែក និងផ្តល់ជា ព័ត៌មានមួយចំណែកទៀត ។ សកម្មភាពរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងនេះម្នាក់ៗក្លាយជាគំរូសម្រាប់យើងនៅក្នុងការអនុវត្តដំណឹងល្អតាមរបៀបដ៏ច្បាស់លាស់ មានតម្លៃ និងសាមញ្ញ ខណៈពេលបំពេញតាមការទទួលខុសត្រូវដែលបានតែងតាំងមកពីព្រះ ដែលទើបតែបានណែនាំខាងលើនេះ ។
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ យិនស៍ មកពីប្រទេសដាណឺម៉ាក អធិស្ឋានជារៀងរាល់ថ្ងៃដើម្បីរស់នៅតាមដំណឹងល្អ ហើយកត់សម្គាល់ការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។ គាត់បានរៀនធ្វើសកម្មភាពភ្លាមៗ នៅពេលគាត់ទទួលអារម្មណ៍ដឹកនាំពីព្រះវិញ្ញាណ ។
យិនស៍បានចែកចាយដូចខាងក្រោម ៖
« យើងរស់នៅក្នុងផ្ទះឈើប្រក់ក្បឿងនៅកណ្ដាលភូមិតូចមួយ នៅជិតនឹងស្រះទឹកក្នុងភូមិ ។
« នៅយប់នេះ ដោយមានអាកាសធាតុល្អនៅរដូវក្ដៅក្នុងប្រទេសដាណឺម៉ាក នោះយើងបានបើកទ្វារ និងបង្អួច ហើយអ្វីៗគ្រប់យ៉ាងមានភាពសុខសាន្ត និងស្ងប់ស្ងាត់ ។ ដោយសារមេឃនៅរដូវក្ដៅភ្លឺបានយូរ និងស្រស់ស្អាត ទើបខ្ញុំមិនប្រញាប់ប្រញាល់ប្ដូរអំពូលភ្លើងនៅក្នុងបន្ទប់ភ្លើងរបស់យើង ។
« រំពេចនោះខ្ញុំមានអារម្មណ៍ខ្លាំងថា ខ្ញុំត្រូវទៅប្ដូរវាភ្លាម ! ទន្ទឹមគ្នានោះដែរ ខ្ញុំបានឮភរិយាខ្ញុំ ម៉ារៀន បានហៅខ្ញុំ និងកូនៗឲ្យទៅលាងដៃ ព្រោះអាហារពេលល្ងាចរួចរាល់ហើយ !
« ខ្ញុំដឹងចិត្តភរិយាខ្ញុំច្បាស់ណាស់ ថា នេះជាពេលដែលមិនត្រូវធ្វើអ្វីផ្សេងទៀតនោះទេ ប៉ុន្តែខ្ញុំបានស្រែកប្រាប់ទៅម៉ារៀនថា ខ្ញុំនឹងទៅផ្សារទិញអំពូលភ្លើងថ្មីមួយភ្លែតសិន រម្មណ៍បន្ទាន់ឲ្យចេញទៅភ្លាមៗ ។
ហាងលក់ទំនិញនោះនៅមាត់ស្រះម្ខាងទៀត ។ ជាធម្មតា យើងដើរទៅហាងនោះ ប៉ុន្តែថ្ងៃនេះខ្ញុំបានជិះកង់ទៅ ។ ពេលកំពុងជិះកង់កាត់ស្រះនោះ ខ្ញុំបានក្រឡេកឃើញក្មេងប្រុសតូចម្នាក់អាយុប្រហែលជា ពីរ ឆ្នាំ កំពុងដើរតែឯងក្បែរមាត់ស្រះ—រំពេចនោះ គាត់បានធ្លាក់ចូលក្នុងស្រះ ! ក្នុងរយះពេលមួយនាទីគាត់នៅអណ្តែតនៅឡើយ—តែក្រោយមកក៏លិចបាត់ទៅ !
« គ្មាននរណាម្នាក់ឃើញហេតុការណ៍នោះឡើយ ក្រៅពីខ្ញុំ ។ ខ្ញុំបានផ្ដួលកង់រត់ហើយលោតចូលទៅក្នុងស្រះនោះ ដែលមានទឹកត្រឹមចង្កេះ ។ ចកនៅលើផ្ទៃទឹកទាំងមូលបានបាំងជិត ធ្វើឲ្យខ្ញុំពិបាកមើលទៅក្នុងទឹកណាស់ ។ បន្ទាប់មក ខ្ញុំបានឃើញចលនានៅកន្លែងមួយ ។ ខ្ញុំបានលូកដៃចូលទៅក្នុងទឹក ចាប់ចំអាវយឺត ហើយក៏ទាញក្មេងប្រុសតូចនោះឡើងមក ។ គាត់បានដង្ហក់រកខ្យល់ ក្អក ហើយយំ ។ មិនយូរប៉ុន្មានក្រោយមកក្មេងប្រុសនោះក៏បានទៅជួបជុំនឹងឪពុកម្ដាយរបស់គាត់វិញ » ។
ពេលប្អូនប្រុស យិនស៍ អធិស្ឋានរាល់ព្រឹកសូមជំនួយដើម្បីស្គាល់ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ សូម្បីតែជារឿងមិនប្រក្រតីឲ្យប្ដូរអំពូលភ្លើងភ្លាមៗក្ដី ក៏គាត់អធិស្ឋានសូមឲ្យព្រះប្រើគាត់ជាឧបករណ៍ ដើម្បីផ្ដល់ពរជ័យដល់បុត្រាបុត្រីរបស់ព្រះផងដែរ ្ដិសម បន្ទាប់មកខំធ្វើឲ្យអស់ពីលទ្ធភាពរបស់គាត់ដើម្បីធ្វើតាមការដឹកនាំនោះ ពេលវាមកដល់ ។
ការមើលថែដល់អ្នកខ្វះខាត
នេះគឺជាឧទាហរណ៍មួយទៀតមកពីការមើលថែដល់អ្នកខ្វះខាត ។ នៅថ្ងៃមួយ ប្រធានស្តេកនៅស្ដេកគុគុតា ប្រទេសកូឡុំប៊ី បានទៅជាមួយប្រធានយុវនារីដើម្បីសួរសុខទុក្ខយុវនារីពីរនាក់—និងបងប្រុសវ័យជំទង់របស់ពួកគេ—ដែលបានឆ្លងកាត់បញ្ហាដ៏គួរឲ្យភ័យខ្លាចមួយចំនួន ។ ថ្មីៗនេះ ឪពុករបស់ពួកគេបានទទួលមរណភាព ហើយម្ដាយរបស់ពួកគេទើបចែកឋានទៅកាលពីឆ្នាំមុន ។ ឥឡូវបងប្អូនបីនាក់នេះនៅឯកោក្នុងផ្ទះតូចដ៏កំសត់របស់ពួកគេ ។ ជញ្ជាំងផ្ទះធ្វើពីឈើ និងថង់ប្លាស្ទិក ហើយមានដំបូលប្រក់ស័ង្កសី តែត្រង់កន្លែងដែលពួកគេដេកប៉ុណ្ណោះ ។
បន្ទាប់ពីការចុះសួរសុខទុក្ខ ថ្នាក់ដឹកនាំទាំងពីររូបនេះបានដឹងថា ពួកគាត់ត្រូវតែជួយ ។ តាមរយៈក្រុមប្រឹក្សាវួដ នោះផែនការជួយដល់ពួកគេបានចាប់ផ្ដើមឡើង ។ ថ្នាក់ដឹកនាំវួដ និងស្ដេក—សមាគមសង្គ្រោះ កូរ៉ុមអែលឌើរ យុវជន យុវនារី—និងក្រុមគ្រួសារជាច្រើនបានទទួលខ្លួនធ្វើកិច្ចការជួយផ្ដល់ពរជ័យដល់គ្រួសារនេះ ។
អង្គការនានានៅក្នុងវួដបានទាក់ទងសមាជិកវួដមួយចំនួន ដែលធ្វើការផ្នែកសំណង់ ខ្លះទៀតបានបរិច្ចាគសម្ភារដែលចាំបាច់ ។
ពេលផ្ទះតូចនេះសាងសង់រួចរាល វាគឺជាថ្ងៃដ៏រីករាយមួយសម្រាប់អ្នកដែលបានជួយ និងសមាជិកវួដវ័យក្មេងទាំងបីនាក់នោះ ។ ក្មេងកំព្រាទាំងនេះបានទទួលភាពកក់ក្ដៅ និងការអះអាងជាថ្មីពីចំណងគ្រួសាររបស់ពួកគេនៅក្នុងវួដ ដោយដឹងថា ពួកគេមិននៅឯកោទេ ហើយថាព្រះតែងតែគង់នៅជាមួយនឹងពួកគេជានិច្ច ។ អ្នកទៅជួយ ទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះគ្រួសារនេះ ហើយបានធ្វើជាព្រះហស្ដរបស់ទ្រង់នៅក្នុងការបម្រើដល់ពួកគេ ។
ការអញ្ជើញមនុស្សទាំងអស់ឲ្យមកទទួលយកដំណឹងល្អ
ខ្ញុំគិតថាបងប្អុននឹងចូលចិត្តពីឧទាហរណ៍នៃការអញ្ជើញមនុស្សទាំងអស់ឲ្យមកទទួលយកដំណឹងល្អ ។ នៅថ្ងៃមួយ មានយុវជនម្នាក់អាយុដប់ប្រាំពីរឆ្នាំឈ្មោះ គ្លីតុន នៅប្រទេសកាប់វែរ បានដើរចូលទៅក្នុងថ្នាក់សិក្ខាសាលាក្នុងវួដរបស់គាត់ ដោយមិនបានដឹងថា នឹងមានអ្វីកើតឡើងនោះឡើយ ។ ប៉ុន្តែជីវិតរបស់គាត់ និងជីវិតនៃមនុស្សផ្សេងទៀតបានផ្លាស់ប្ដូរជារៀងរហូត ដោយសារតែអ្វីដែលគាត់បានធ្វើ ។
គ្លីតុន ព្រមទាំងម្ដាយ និងបងប្រុសរបស់គាត់ បានជ្រមុជទឹកចូលក្នុងសាសនាចក្រ ប៉ុន្តែគ្រួសាររបស់គាត់បានឈប់មកព្រះវិហារ ។ ការចូលរៀនថ្នាក់សិក្ខាសាលារបស់គាត់តែម្យាំង បង្ហាញថាវាជាចំណុចសំខាន់មួយសម្រាប់គ្រួសារគាត់ ។
យុវជនផ្សេងទៀតនៅក្នុងថ្នាក់សិក្ខាសាលាស្វាគមន៍គាត់យ៉ាងកក់ក្ដៅ ។ ពួកគេបានធ្វើឲ្យ គ្លីតុន មានអារម្មណ៍កក់ក្ដៅ ហើយបានលើកទឹកចិត្តគាត់ឲ្យចូលរួមសកម្មភាពផ្សេងទៀត ។ គាត់បានចូលរួម ហើយមិនយូរប៉ុន្មានក៏ចាប់ផ្ដើមចូលរួមការប្រជុំផ្សេងៗទៀតក្នុងសាសនាចក្រ ។ ប៊ីស្សពដ៏ឆ្លាតវៃម្នាក់បានឃើញពីសក្ដានុពលខាងវិញ្ញាណរបស់ គ្លីតុន ហើយបានអញ្ជើញគាត់ឲ្យធ្វើជាជំនួយការ ។ ប៊ីស្សព គ្រីស បាននិយាយថា « តាំងពីពេលនោះមក គ្លីតុន បានក្លាយជាគំរូ ហើយជះឥទ្ធិពលដល់យុវវ័យផ្សេងទៀត » ។
មនុស្សដំបូងដែល គ្លីតុន បានអញ្ជើញឲ្យត្រឡប់មកព្រះវិហារវិញគឺ ម្ដាយរបស់គាត់ បន្ទាប់មកបងប្រុសរបស់គាត់ ។ ក្រោយមក គាត់បានឈោងទៅអញ្ជើញមិត្តរបស់គាត់ ។ ក្នុងចំណោមមិត្តទាំងនោះ មានយុវជនម្នាក់ដែលមានអាយុដំណាលគាត់ឈ្មោះ វិលសុន ។ នៅពេលជួបពួកអ្នកផ្សព្វផ្សាយសាសនាជាលើកដំបូង វិលសុនបានបង្ហាញពីបំណងប្រាថ្នារបស់គាត់ដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។ ពួកអ្នកផ្សព្វផ្សាយសាសនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីៗជាច្រើនដែល គ្លីតុន បានចែកចាយនឹង វិលសុន ។
ការខិតខំរបស់ គ្លីតុន មិនបានបញ្ឈប់ត្រឹមនោះទេ ។ គាត់បានជួយសមាជិកមិនសូវសកម្មដទៃទៀតឲ្យត្រឡប់មកវិញ បន្ថែមពីលើការចែកចាយដំណឹងល្អជាមួយមិត្តភក្ដិ ដែលមានជំនឿផ្សេងនោះ ។ សព្វថ្ងៃនេះ វួដនោះមានយុវវ័យសកម្មចំនួន ៣៥ នាក់ មានកម្មវិធីថ្នាក់សិក្ខាសាលាដ៏ធំមួយ ដោយសារតែការខិតខំមួយផ្នែកធំរបស់ គ្លីតុន ដើម្បីស្រឡាញ់ ចែកចាយ និងអញ្ជើញ ។ គ្លីតុន និងបងប្រុសគាត់ ក្លេប៊ែរ អ្នកទាំងពីរ កំពុងរៀបចំខ្លួនបម្រើបេសកកម្មពេញម៉ោង ។
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប
ជាចុងក្រោយនេះ ខ្ញុំសូមចែកចាយពីគំរូដ៏អស្ចារ្យមួយនៃការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប ។ លីឌា មកពីទីក្រុងខាគិវ ប្រទេសអ៊ុយក្រែន ដំបូងឡើយបានរៀនអំពីព្រះវិហារបរិសុទ្ធមកពីពួកអ្នកផ្សព្វផ្សាយសាសនា ។ រំពេចនោះ លីឌា បានមានបំណងប្រាថ្នាក៏ក្លៀវក្លាដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ ហើយបន្ទាប់ពីនាងជ្រមុជទឹក នាងបានចាប់ផ្ដើមរៀបចំខ្លួនទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
លីឌា បានចូលរួមក្នុងព្រះវិហារបរិសុទ្ធ ហ្រ្វាយប៊ែក អាល្លឺម៉ង់ ដើម្បីទទួលអំណោយទានពិសិដ្ឋ រួចហើយបានចំណាយពេលពីរបីថ្ងៃធ្វើកិច្ចការជំនួសនៅទីនោះ ។ បន្ទាប់ពីការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ កៀវ អ៊ុយក្រែន នោះ លីឌា បានចូលរួមក្នុងព្រះវិហារបរិសុទ្ធកាន់តែញឹកញាប់ជាងមុន ។ នាង និងស្វាមីនាង អាណាតូលី បានផ្សារភ្ជាប់នៅទីនោះដ៏នៅអស់កល្បជានិច្ច ហើយក្រោយមកបានហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនាក្នុងព្រះវិហារបរិសុទ្ធ ទ្ធដល់ពួកគាត់ ។
នៅពេលមានគេសាកសួរពីអារម្មណ៍របស់នាងអំពីកិច្ចការព្រះវិហារបរិសុទ្ធ នោះលីឌា បានថ្លែងថា « តើខ្ញុំបានទទួលអ្វីខ្លះនៅក្នុងព្រះវិហារបរិសុទ្ធ ? ខ្ញុំបានចុះសេចក្ដីសញ្ញាថ្មីជាមួយនឹងព្រះ ។ ទីបន្ទាល់ខ្ញុំបានរឹងមាំ ។ ខ្ញុំបានរៀនទទួលវិវរណៈផ្ទាល់ខ្លួន ។ ខ្ញុំអាចធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះសម្រាប់បុព្វការីជនរបស់ខ្ញុំដែលបានស្លាប់ទៅ ។ ហើយខ្ញុំអាចស្រឡាញ់ និងបម្រើមនុស្សដទៃបាន » ។ នាងបានបញ្ចប់ជាមួយនឹងពាក្យពេចន៍ដ៏ពិតនេះថា « ព្រះអម្ចាស់សព្វព្រះទ័យចង់ឃើញយើងនៅក្នុងព្រះវិហារបរិសុទ្ធជាញឹកញាប់ » ។
សេចក្ដីបញ្ចប់
ខ្ញុំមានការបំផុសគំនិតតាមរយៈសេចក្ដីល្អនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងនេះ ពួកគេម្នាក់ៗមានប្រវត្តិខុសប្លែកពីគ្នានៅក្នុងដំណើររឿងទាំងបួននេះ ។ មានរឿងជាច្រើនដែលយើងអាចរៀនមកពីលទ្ធផលដ៏អស្ចារ្យដែលកើតមានឡើង តាមរយៈការអនុវត្តសាមញ្ញៗនូវគោលការណ៍ដ៏សាមញ្ញទាំងឡាយនៃដំណឹងល្អ ។ អ្វីៗដែលពួកគេបានធ្វើ គឺយើងក៏អាចធ្វើបានដូចគ្នាដែរ ។
សូមយើងធ្វើឲ្យដំណឹងល្អមានភាពសាមញ្ញ នៅពេលយើងលើកដាក់មកលើខ្លួនយើងនូវការទទួលខុសត្រូវដែលបានតែងតាំងមកពីព្រះ ៖ ដើម្បី រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីងាយនឹងធ្វើតាមការបំផុសគំនិត ដូចជា យិនស៍ នៅប្រទេសដាណឺម៉ាកបានធ្វើដែរ ។ ដើម្បី មើលថែដល់អ្នកខ្វះខាតដូចដែលបានបង្ហាញដោយសមាជិកនៅស្តេកគុគុតា ប្រទេសកូឡុំប៊ី ដើម្បីផ្ដល់កន្លែងស្នាក់នៅដល់សមាជិកវួដដែលកំព្រា ។ ដើម្បី អញ្ជើញមនុស្សទាំងអស់ឲ្យមកទទួលយកដំណឹងល្អដូចដែល គ្លីតុន មកពីកោះនៅទ្វីបអាហ្វ្រិក ប្រទេសកាប់វែរ បានធ្វើជាមួយនឹងមិត្តភក្ដិ និងគ្រួសាររបស់គាត់ដែរ ។ ជាចុងក្រោយ ដើម្បី បង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បដូចដែលស៊ីស្ទើរ លីឌា មកពីប្រទេសអ៊ុយក្រែនបានធ្វើជាគំរូ គឺតាមរយៈពិធីបរិសុទ្ធរបស់នាងផ្ទាល់ក្នុងព្រះវិហារបរិសុទ្ធ ការខិតខំធ្វើកិច្ចការពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ ។
ការធ្វើដូច្នោះនឹងនាំមកនូវអំណរ និងភាពសុខសាន្តយ៉ាងពិតប្រាកដ ។ ខ្ញុំសូមសន្យា និងថ្លែងទីបន្ទាល់អំពីការណ៍នេះ—និងអំពីព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង—នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕