សន្និសីទទូទៅ
រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


13:4

រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ

តើ​បងប្អូន​គិត​ពី​រឿង​អ្វី​ខ្លះ ? តើ​រឿង​ទាំងឡាយ​ណា​ខ្លះ​ដែល​ពិត​ជា​មាន​ន័យ​ចំពោះ​បងប្អូន ? » តើ​អ្វី​ខ្លះ​ជា​រឿង​ទាំងឡាយ​នៃ​ព្រលឹង​របស់​បងប្អូន ?

បងប្អូន​ប្រុសស្រី កាល​ដែល​ខ្ញុំ​ឈរ​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ទូទៅ​ជាទីស្រឡាញ់​នេះ​ជាថ្មី​ម្តងទៀត នោះ​ខ្ញុំ​បាន​នឹកឃើញ​អំពី​ប្រសាសន៍​របស់​សាវក​ពេត្រុស ៖ « ព្រះអម្ចាស់​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់ » ។

គំនិត​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ​ផ្តោត​ទៅលើ​ពាក្យ​របស់​ព្យាការី​នីហ្វៃ​ដែល​បាន​រក្សា​កំណត់ត្រា​ប្រជាជន​​លោក​បន្ទាប់​ពី​​​ឪពុករបស់​លោក លីហៃទទួលមរណៈភាព ។ នីហ្វៃ​បាន​សរសេរ​ថា « ហើយ​នៅ​លើ​ផ្ទាំង​ទាំង​នេះ ខ្ញុំ​សរសេរ​អំពី​រឿង​ទាំង​ឡាយ​នៃ​ព្រលឹង​ខ្ញុំ » ។

ខ្ញុំ​ធ្លាប់​អាន​ចំ​ខនេះ ដោយ​គិតថា​ពាក្យ រឿង​ទាំង​ឡាយ គឺពុំថ្លៃថ្នូរ ឬ​​ខាងវិញ្ញាណទេ វា​មិន​អាច​ផ្គូផ្គង​ជាមួយ​នឹងពាក្យ « ព្រលឹង​ខ្ញុំ » បានឡើយ ។ ទោះយ៉ាងណា​ខ្ញុំ​បាន​ដឹងថា ​ពាក្យ រឿង​ទាំង​ឡាយ នេះ​បាន​ប្រើ​នៅក្នុង​ខគម្ពីរ​ចំនួន ២៣៥៤ ដង​ឯនោះ ។ ឧទាហរណ៍ នៅក្នុង​ម៉ូសេ ៖ « យើង​ជាដើម និង​ជា​ចុង ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ដោយ​សារ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ទើប​យើង​បាន​បង្កើត របស់​ទាំង​នេះមក » ។ 4 ហើយ​ពាក្យ​របស់​នីហ្វៃ ៖ « មើល​ចុះ ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ ការណ៍​ទាំង​ឡាយ​ នៃ​ព្រះ​អម្ចាស់ ឯ​ចិត្ត​ខ្ញុំ​រំពឹងគិត​ជា​រៀង​រហូត​អំពី​ការណ៍​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ​មក » ។

ពាក្យ​របស់​នីហ្វៃ​ចោទ​ជា​សំណួរ​ថា « តើ​បងប្អូន​គិត​អំពី​រឿង​ទាំងឡាយ​ណាខ្លះ ? » « តើ​រឿង​ទាំងឡាយ​ណាខ្លះ​ដែលពិត​ជា​មាន​ន័យ​ចំពោះ​បងប្អូន ? » « តើ​អ្វីខ្លះ​ជា​រឿង​ទាំងឡាយ​នៃ​ព្រលឹង​របស់​បងប្អូន ? »

រឿង​ទាំងឡាយ​នៃ​ព្រលឹង​របស់​យើង​តែងតែ​ត្រូវបាន​បំភ្លឺ និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ដោយ​ការសួរ​សំណួរ ។

អែលឌើរ ​រ៉ាសបាន​នៅ​ក្នុង​ការប្រជុំ​អនឡាញ​មួយ<nb/>។
ការប្រជុំ​ធម្មនិដ្ឋាន​យុវវ័យ
ការចាក់ផ្សាយ​សម្រាប់​យុវមជ្ឈិមវ័យ

អំឡុង​ជំងឺ​រាតត្បាត ខ្ញុំ​បាន​ជួប​នឹង​យុវវ័យ​មក​ពី​ទូទាំង​ពិភពលោក​នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ជា​ច្រើន ទាំង​តូច​ទាំង​ធំ តាម​ការចាក់ផ្សាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​យើង​បាន​ពិភាក្សា​អំពី​សំណួរ​របស់​ពួកគេ ។

យ៉ូសែប ស៊្មីធ អាយុ​ដប់បួនឆ្នាំ ​មាន​សំណួរ​មួយនៅក្នុង​ព្រលឹង​របស់​លោក ហើយ​លោក​បាន​យកវា​ទៅ​ទូល​ព្រះអម្ចាស់ ។ ប្រធាន រ័សុល អិម ណិលសុន បាន​សង្កត់​ធ្ងន់ថា « សូម​យក​សំណួរ​របស់​បងប្អូន​ទូលទៅ​ព្រះអម្ចាស់ និង​ប្រភព​ដ៏​ស្មោះត្រង់​ផ្សេងៗទៀត ។ សូម​សិក្សា​ដោយ​មាន​បំណង​ចិត្ត​ដើម្បី ជឿ​ជាជាង​​បងប្អូន​ចង់​រក​កំហុស​ក្នុង​ជីវិត​របស់​ព្យាការី ឬ​ភាពមិន​ស្របគ្នា​នៅក្នុង​បទគម្ពីរ ។ សូម​ឈប់​បង្កើន​ការសង្ស័យ​របស់​បងប្អូន ដោយ​ទៅ​ការពិភាក្សា​ជា​មួយ​អ្នក​ដែល​សង្ស័យ​ទាំងឡាយ ។ សូម​ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​បងប្អូន​ក្នុង​ដំណើរ​រុករក​ខាង​វិញ្ញាណ​របស់​បងប្អូន » ។

យុវវ័យ​តែងតែ​សួរ​ខ្ញុំ​ពីអ្វី​ដែល​ខ្ញុំ​ជឿ ហើយ​ហេតុអ្វី​ខ្ញុំ​ជឿ ។

ខ្ញុំ​ចាំថា​ ខ្ញុំបាន​ជួប​យុវនារី​ម្នាក់​តាម​អ៊ិនធើណិត​នៅក្នុង​ផ្ទះ​របស់នាង ។ ខ្ញុំ​បាន​សួរថា​ តើ​នេះ​ជាលើក​ទីមួយ​ឬ​ដែល​សាវក​ម្នាក់​បាន​នៅក្នុង​ផ្ទះ​របស់នាង ។ នាង​ញញឹម​ហើយ​ឆ្លើយ​ភ្លាម​ថា « ចាស » ។ សំណួរ​ដែល​នាង​សួរខ្ញុំ​នោះគឺល្អ ៖ « តើ​រឿង​ទាំងឡាយ​ ណាខ្លះ​ដែល​សំខាន់​បំផុត​ដែល​ខ្ញុំ​គួរដឹង ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ » ជា​អ្វី​ដែល​រៀបចំ​ខ្ញុំ​ឲ្យ​ស្តាប់​ការបំផុស​គំនិត ដែល​ជួយ​ខ្ញុំ​ឲ្យមើល​ទៅហួស​ពី​ទស្សនៈ​នៃ​ពិភពលោក វា​ផ្តល់​នូវ​គោលបំណង​ដល់​ការងារ​របស់ខ្ញុំ​នៅក្នុង​ដំណឹងល្អ និង​ជីវិត​ខ្ញុំ ។

តើ​ខ្ញុំ​អាច​ចែក​រំលែក​នូវ​រឿង​មួយ​ចំនួន​នៃ​ព្រលឹង​ខ្ញុំ​ជាមួយ​បងប្អូន បាន​ដែរ​ឬ​ទេ ? រឿង​ទាំងនេះ​អនុវត្ត​ចំពោះ​មនុស្សណា​ដែល​ខិតខំ​ធ្វើ​ជាសិស្ស​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លេខដប់ ជា​លេខ​ដ៏ល្អ​ហើយ ។ ថ្ងៃនេះ​ខ្ញុំ​នឹងផ្តល់​ឲ្យ​បងប្អូនលេខ​ប្រាំពីរ ហើយ​សង្ឃឹមថា​បងប្អូន​នឹងបញ្ចប់ដល់​លេខ​ប្រាំបី ប្រាំបួន និង​លេខដប់​ចេញមកពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​បងប្អូន ។

ទីមួយ គឺ​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែលជា​អង្គសង្គ្រោះ​របស់​យើង ។

ព្រះយេស៊ូវ​បាន​ចេញ​បញ្ញត្តិ​ធំ​ទីមួយ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ។

ប្រធាន​ណិលសុន​បាន​ប្រកាសពី​ការលះបង់​របស់​លោក​ចំពោះ​ព្រះ ជាព្រះវរបិតា​ដ៏​អស់កល្ប និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ​ពេល​លោក​ត្រូវបាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ​​ព្រះអម្ចាស់ ​ដោយ​ថ្លែងថា « ខ្ញុំ​ស្គាល់​ពួកទ្រង់ ស្រឡាញ់​ពួក​ទ្រង់ ហើយ​ប្តេជ្ញា​ចិត្ត​បម្រើ​ពួក​ទ្រង់—និង​បងប្អូន—រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​នៃ​ជីវិត​ខ្ញុំ » ។

ដូច្នោះ​ទីមួយគឺ​ស្រឡាញ់​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

ទីពី « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង » ។

វា​មិនមែន​គ្រាន់តែជា​គំនិត​ល្អ​មួយ​ប៉ុណ្ណោះទេ តែវា​គឺជា​បញ្ញត្តិ​ធំ​ទីពីរ ។ អ្នក​ជិតខាង​របស់​បងប្អូន គឺ​ប្តី ឬ​ប្រពន្ធ និង​គ្រួសារ សមាជិកវួដ អ្នក​រួមការងារ អ្នក​រួមបន្ទប់ អ្នក​ដែល​មិនមាន​ជំនឿ​ដូចយើង អ្នក​ដែល​ត្រូវការ​ជំនួយ ហើយ​និយាយ​ឲ្យចំ​គឺ​មនុស្ស​គ្រប់គ្នា ។ ខ្លឹមសារ​នៃ​ឃ្លា « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង » ត្រូវបាន​ឮ​នៅក្នុង​ទំនុកតម្កើង « ចូរ​ស្រឡាញ់គ្នាទៅវិញទៅមក » ។ ១០

ប្រធាន​ណិលសុន​រំឭក​យើងថា « នៅពេល​យើង​ស្រឡាញ់ ព្រះ ដោយ​អស់ពី​ដួង​ចិត្ត​របស់​យើង នោះ​ទ្រង់​បង្វែរ​ដួងចិត្ត​របស់​យើង​ទៅរក​សុខុមាលភាព​របស់ អ្នកដទៃ » ។ ១១

ទីបី ខ្ញុំ​ស្រឡាញ់​ខ្លួនឯង ។

នេះ​គឺជា​ចំនុចមួយ​ដែល​មនុស្ស​ភាគច្រើន​មាន​បញ្ហា ។ តើ​វា​មិនគួរឲ្យចាប់អារម្មណ៍​ទេឬអី ​ដែល​ការស្រឡាញ់​ខ្លួន​ ហាក់​ដូចជា​មិន​សូវ​ងាយស្រួលជាង​ការស្រឡាញ់​អ្នកដទៃ​នោះ ? ទោះ​យ៉ាង​ណា ព្រះអម្ចាស់​មាន​បន្ទូល​ថា « រឡាញ់​អ្នក​ជិតខាង​ដូច​ខ្លួន​ឯង » ។ ១២ ទ្រង់​ឲ្យ​តម្លៃ​ដល់​ទេវភាព​ក្នុង​យើង​ហើយ ដូច្នេះ​យើង​ត្រូវ​តែ​ឲ្យ​តម្លៃ​ខ្លួន​យើង ។ នៅពេល​យើង​មាន​ផ្ទុក​នូវ​កំហុស ការឈឺ​ចាប់ ​អារម្មណ៍​មិនល្អ​គ្រប់គ្រាន់ ការខកចិត្ត កំហឹង ឬ​អំពើ​បាប នោះ​អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ តាមរយៈ​ការ​រៀបចំរបស់​ទេវភាព គឺជា​រឿង​មួយ​ដែល​អាច​ជួយ​លើក​ស្ទួយ​ដល់ព្រលឹង​វិញ្ញាណ ។

ទីបួន ចូរ​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។

ទ្រង់​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ ១៣ សូម​ព្យាយាម​រាល់ថ្ងៃ​ដើម្បីប្រែក្លាយ ហើយ​ធ្វើ​ឲ្យ​បាន​ល្អប្រសើរ​ជាងមុន​បន្តិច រួច​ដើរឆ្ពោះ​ទៅមុខ​នៅក្នុងសេចក្ដីសុច្ចរិត ។

ទីប្រាំ សូម​មាន​ភាពស័ក្តិសម ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ​ជានិច្ច ។

ខ្ញុំ​ហៅថា​ជាការ​ថ្វាយដល់ព្រះអម្ចាស់ ។ មិនថា​បងប្អូន​អាច​ចូល​ព្រះវិហារ​បរិសុទ្ធ​ឬ​អត់​នោះទេ ការមាន​ភាពស័ក្តិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធជួយឲ្យ​បងប្អូន​ផ្តោត​អារម្មណ៍​យ៉ាង​មុតមាំ​ទៅលើ​អ្វីដែល​សំខាន់ គឺ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

ទីប្រាំមួយ មាន​អំណរ និង​រីករាយ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល ៖ « ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ » ។ ១៤ ហេតុអ្វី​ទៅ ? តើ​ដោយ​របៀប​ណា​ទៅ បើ​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​នៅ​គ្រប់​ជំហាន​​នោះ ? ដោយសារ​ការសន្យា​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ « អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក » ។ ១៥

ប្រធាន ណិលសុន​បាន​ពិព៌ណនា​ពី​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​ដូចជា « សារ​នៃ​អំណរ »​ ១៦ ​ហើយ​លោក​បាន​ពន្យល់​ថា « អំណរ​ដែល​យើង​ទទួល​អារម្មណ៍​ដឹង ពុំ​សូវ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៃ​ជីវិត​របស់​យើង​ទេ តែ​វា​ទាក់ទង​ទៅ​នឹង​អ្វីៗ​​ដែល​យើង​ត្រូវ​ផ្តោត​ជីវិត​របស់​យើង​វិញ » ។ ១៧

ទីប្រាំពីរ ការ​ធ្វើតាម​ព្យាការី​នៅរស់​របស់​ព្រះ ។

នេះ​ជា​ចំនុចទី​ប្រាំពីរ​នៅក្នុង​បញ្ជី​របស់ខ្ញុំ ប៉ុន្តែ​វា​ស្ថិតគំនិត​ខ្ញុំ​ខ្លាំងជាងគេដោយសារ​តែ​​វាមានសារៈសំខាន់​​នៅ​បច្ចប្បន្ននេះ ។

យើង​មាន​ព្យាការី​ម្នាក់​នៃ​ព្រះ​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។ សូម​កុំ​បន្ទាប​តម្លៃនៃ​អ្វី​ដែលមាន​អត្ថន័យ​ចំពោះ​បងប្អូន ។ បងប្អូននៅចាំ​អំពីយុវនារី​ដែលខ្ញុំ​បាន​រៀបរាប់ពីខាង​ដើមទេ ។ នាង​ចង់​ដឹង រឿង​ទាំងឡាយ​ដែល​សំខាន់​បំផុត ។ ខ្ញុំ​បាន​និយាយ ហើយ​ខ្ញុំ​សង្កត់ធ្ងន់​ម្តងទៀត​នៅ​ថ្ងៃនេះថា « សូម​ធ្វើតាម​ព្យាការី​ដែល​នៅ​រស់ » ។

យើង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សាសនាចក្រ​មួយ​ដែល​ដឹកនាំ​ដោយ​ពួកព្យាការី អ្នកមើលឆុត និង​អ្នក​ទទួល​វិវរណៈ ​ដែល​ត្រូវ​បាន​ហៅ​ពីព្រះ​សម្រាប់​សម័យកាលនេះ ។ ខ្ញុំ​សន្យា​ថា នៅពេល​ដែល​បងប្អូន​ស្តាប់ និង​ធ្វើ​តាម​ការប្រឹក្សា​របស់​ពួកលោក នោះ​បងប្អូន​នឹងពុំ​វង្វេង​ផ្លូវ​ឡើយ ។ ពុំ​វង្វេង​សោះឡើយ !

យើង​រស់នៅ​ក្នុង​គ្រា​ដែល​យើង « ត្រូវ​ផាត់​ចុះ​ឡើង » ១៨ ជាពេល​ដែល​ជីវភាពខាង​​វិញ្ញាណ សុជីវធម៌ សុច្ចរិតភាព និង​ការគោរព ត្រូវគេវាយប្រហារ ។ យើង​ត្រូវតែ​ធ្វើ​ការជ្រើសរើស ។ យើង​មាន​សំឡេង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ដើម្បី​រម្ងាប់​ការភ័យ​ខ្លាច​របស់​យើង ហើយ​​កែលម្អទស្សនៈ​របស់​យើង ព្រោះ​នៅពេល​ប្រធាន​ណិលសុន​មាន​ប្រសាសន៍ នោះ​គឺលោក​មាន​ប្រសាសន៍ជំនួស​ឲ្យ​ព្រះអម្ចាស់ ។

យើង​ត្រូវ​បាន​ប្រទានពរ​ឲ្យមាន​ព្រះគម្ពីរ និង​ការបង្រៀន​ទាំងឡាយ​ដែល​រំឭក​យើង​ថា « គំនិត​យើង​មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ » ។ ១៩

ដូចជា ណាម៉ាន់ មេដឹកនាំ​យោធា​ដ៏អស្ចារ្យ​នៅ​ស៊ីរី តែគាត់គឺជា​មនុស្ស​ឃ្លង់​ម្នាក់ ​ដែល​មាន​គេ​ប្រាប់ថា​ព្យាការី​អេលីសេ​អាច​ព្យាបាល​គាត់​បាន ។ អេលីសេ​បាន​ប្រាប់​អ្នក​នាំសារ​របស់​គាត់ ឲ្យទៅ​ប្រាប់​ណាម៉ាន​ឲ្យ​ទៅ​ងូតទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរដង ហើយ​គាត់​នឹង​បាន​ជាសះស្បើយ ។ ណាម៉ាន់​បាន​សើចចំអក ។ ពិតណាស់​មាន​ទន្លេ​មួយដែលធំជាង​ទន្លេ​យ័រដាន់​ទៅទៀត ហើយហេតុអ្វីបានជា​បញ្ជូន​អ្នក​បម្រើ​ម្នាក់​មកជំនួសវិញទាំង​គាត់​រំពឹងថា​ព្យាការី​អេលីសេ​នឹង​មកព្យាបាល​គាត់​ដោយ​ផ្ទាល់នោះ ? ណាម៉ាន់​បាន​ដើរ​ចេញ ប៉ុន្តែ​ទីបំផុត​ត្រូវ​បាន​អ្នកបម្រើ​របស់​គាត់​បញ្ចុះបញ្ចូល​ថា « បើសិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ? » ២០ នៅទីបំផុត​ណាម៉ាន់​បាន​លាង​ខ្លួន​ប្រាំពីរ​ដង​នៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ហើយ​បានជា​សះស្បើយ ។

ដំណើរ​រឿង​របស់​ណាម៉ាន់​រំឭក​យើង​អំពី​ហានិភ័យ​នៃ​ការរើស និង​ជ្រើសរើស​យក​ចំណែក​នានា​នៃ​ការប្រឹក្សា​ដ៏​ព្យាករ ដែល​ត្រូវ​នឹង​ការគិត​របស់​យើង ការរំពឹងទុក​របស់​យើង ឬ​ត្រូវ​ទៅ​តាម​បទដ្ឋាន​សព្វថ្ងៃនេះ ។ ព្យាការី​របស់​យើង​តែងតែ​ចង្អុល​បង្ហាញ​យើង​ឲ្យទៅកាន់​ទន្លេ​យ័រដាន់​របស់​យើង​ផ្ទាល់​ដើម្បី​ឲ្យបាន​ជាសះស្បើយ ។

ពាក្យ​ដ៏​សំខាន់​បំផុត​ដែល​យើង​អាចស្ដាប់​ឮ សញ្ជឹងគិត និង​ធ្វើ​តាម គឺជា​ពាក្យ​ដែល​បានបើក​បង្ហាញ​តាមរយៈ​ព្យាការី​នៅរស់​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ខ្ញុំ​បាន​អង្គុយ​ប្រឹក្សា​ជាមួយ​ប្រធាន​ណិលសុន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដ៏សំខាន់​ទាំងឡាយ​ក្នុងសាសនាចក្រ និង​ពិភពលោក ហើយ​ខ្ញុំ​បាន​ឃើញ​វិវរណៈ​បើក​សម្តែង​មក​តាមរយៈ​លោក។ លោក​ស្គាល់​ព្រះអម្ចាស់ លោក​ដឹង​ផ្លូវ​របស់​ទ្រង់ ហើយ​លោក​ប្រាថ្នា​ឲ្យ​កូនចៅ​របស់​ព្រះ​ទាំងអស់​នឹង​ស្តាប់តាម​ទ្រង់ ដែលជា​ព្រះអម្ចាស់ ​ព្រះយេស៊ូវគ្រីស្ទ ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​យើង​បាន​ស្ដាប់​ឮ​មក​ពី​ព្យាការី​ចំនួន​ពីរដង​ក្នុង​មួយ​ឆ្នាំ​នៅ​ឯ​សន្និសីទទូទៅ ។ ប៉ុន្តែ​ដោយ​មាន​បញ្ហា​ស្មុគស្មាញ​នៅ​សម័យ​យើង​នេះ ប្រធាន​ណិលសុន​មាន​ប្រសាសន៏​ជាច្រើន​តាម ២១ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ២២ ការប្រជុំ​ធម្មនិដ្ឋាន​នានា ២៣ ហើយ​សូម្បីតែ​សន្និសីទ​សារព័ត៌មាន​ទៀត​ផង ។ ២៤ ខ្ញុំ​បាន​សង្កេត​ឃើញ​លោក​​រៀបចំ និង​បង្ហាញ​នូវ​សារលិខិត​ប្រកប​ដោយ​វិវរណៈ​យ៉ាង​ជ្រាលជ្រៅ ​លើក​ទឹកចិត្ត​ឲ្យ​កាន់តែមាន​ការដឹងគុណ ជំរុញ​ឲ្យ​កាន់តែមាន​ការបង្រួបបង្រួម​បងប្អូន​ប្រុសស្រី​របស់​យើង​នៅលើ​ផែនដីនេះ និង​បង្កើន​សន្តិភាព ក្តីសង្ឃឹម អំណរ សុខភាព និងការជា​សះស្បើយ​នៅក្នុង​ជីវិត​​របស់​យើង​ម្នាក់ៗ ។

ប្រធាន​ណិលសុន​គឺ​ជា​អ្នក​ទំនាក់ទំនង​ដ៏​មាន​ទេពកោសល្យ ប៉ុន្តែ​ដែល​សំខាន់​ជាង​នេះ លោក​គឺ​ជា​ព្យាការី​របស់​ព្រះ ។ រឿងនោះ​គឺពិត​ជា​លើសលប់ណាស់ ពេល​បងប្អូន​គិត​អំពីវា ប៉ុន្តែ​វា​សំខាន់​ណាស់​ដើម្បី​ដឹងថា​ការណែនាំ​ដ៏​ច្បាស់លាស់​របស់​លោក​នឹង​ការពារ​យើង​ទាំងអស់គ្នា​ពី​ការ​បោកបញ្ឆោត ល្បិចកល និង​វិធី​ខាង​លោកីយ៍​ដែលវាជារឿងសាមញ្ញទៅហើយ​​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ ។ ២៥

សិទ្ធិអំណាច​នៃការ​ព្យាករ គឺ​ជា​វិវរណៈ ។ « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយ​ឆ្នាំ » ​ដែល​បាន​ធ្វើ​នៅក្នុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០ សង្កត់​ធ្ងន់ថា​ព្រះអម្ចាស់​កំពុង​ដឹកនាំ​កិច្ចការ​នេះ ។ នៅក្នុង​ការប្រកាស​នេះ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​មាន​ប្រសាសន៏​ថា « យើង​រីករាយ​នឹង​ប្រកាស​ថា ការស្ដារឡើងវិញ​ដែលបាន​សន្យា​នោះ បន្ដ​ឆ្ពោះទៅមុខ​តាមរយៈ​វិវរណៈ​ជា​បន្ដបន្ទាប់ ។ ផែនដី​នឹង​ពុំ​នៅ​ដដែល​ឡើយ នៅពេល​ព្រះ​នឹង ‹ បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ › ( អេភេសូរ ១:១០ ) » ។ ២៦

« គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ » ២៧ និង ​« រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ » ២៨ ​ គឺជា​អ្វី​ដែល​សាសនាចក្រ​នេះ ដំណឹង​ល្អ​នេះ និង​មនុស្ស​ទាំង​នេះ​តំណាងឲ្យ ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​ការអញ្ជើញ​បងប្អូន​ម្នាក់ៗ​ឲ្យ​ពិចារណា​អំពី « រឿង​ទាំងឡាយ​នៃ​ព្រលឹងខ្ញុំ » ចំនួនទាំង​ប្រាំពីរ ដែល​ខ្ញុំ​បាន​ចែករំលែក​នៅ​ថ្ងៃនេះ ៖ ស្រឡាញ់​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង, ស្រឡាញ់​អ្នក​ជិតខាង​របស់​បងប្អូន, ស្រឡាញ់​ខ្លួនឯង, រក្សា​បទបញ្ញត្តិ​ទាំងឡាយ, មាន​ភាពស័ក្ដិសម​កាន់​ប័ណ្ណ​​ព្រះវិហារបរិសុទ្ធ​ជានិច្ច, មាន​អំណរ និងរីករាយ, ហើយ​ធ្វើ​តាម​ព្យាការី​ដែល​នៅ​រស់​របស់​ព្រះ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​កំណត់​ចំនុច​ទីប្រាំបី ទីប្រាំបួន និង​ទីដប់ដោយ​ខ្លួនឯង ។ សូម​ពិចារណា​ពី​វិធី​ដែល​បងប្អូន​អាច​ចែកចាយ​នូវ « រឿង​ទាំងឡាយ » នៃដួងចិត្ត​របស់​បងប្អូន​ជាមួយ​អ្នកដទៃ​ទៀត ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន​ ពិចារណា និង​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ ។

រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ គឺ​មាន​តម្លៃ​ចំពោះ​ខ្ញុំ​ក៏​ដូច​ជា​រឿង​ទាំងឡាយ​នៃ​ព្រលឹង​របស់​បងប្អូន​ផងដែរ គឺ​មាន​តម្លៃ​ចំពោះ​បងប្អូន ។ រឿង​ទាំងឡាយ​នេះ​ជួយ​ពង្រឹង​ការបម្រើ​របស់​យើង​នៅក្នុង​សាសនាចក្រ និង​គ្រប់​ផ្នែកទាំងអស់​នៃជីវិត ។ រឿង​ទាំងឡាយ​នោះ​តាំងចិត្ត​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​រំឭក​យើង​អំពី​សេចក្តីសញ្ញា​របស់យើង និង​វា​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​សុវត្ថិភាព​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​ព្រលឹង​របស់យើង « នឹង​ពុំ​ចេះ​ស្រេកឃ្លាន​ឡើយ តែ​បាន​ឆ្អែត​ជានិច្ច » ២៩ ជាមួយ​នឹង​សេចក្តី​ស្រឡាញ់​របស់ទ្រង់ នៅពេល​យើង​ខិតខំ​ក្លាយ​ទៅជា​សិស្សពិត​របស់​ទ្រង់ ដើម្បីក្លាយជាតែមួយនឹង​ទ្រង់ ដូច​ជាទ្រង់ជាមួយ​នឹង​ព្រះវរបិតា​ដែរ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕