សន្និសីទទូទៅ
សេចក្តី​សុខសាន្ត​នៃ​ព្រះគ្រីស្ទ​លុបបំបាត់​ចោល​សេចក្តីសម្អប់
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


12:51

សេចក្តី​សុខសាន្ត​នៃ​ព្រះគ្រីស្ទ​លុបបំបាត់​ចោល​សេចក្តីសម្អប់ ។

នៅពេល​សេចក្ដីស្រឡាញ់​នៃ​ព្រះគ្រីស្ទ​គ្រប​ដណ្ដប់​ជីវិត​របស់​យើង យើង​ឆ្លើយ​តប​នឹង​ការ​ខ្វែងគំនិតគ្នា​ដោយរាបសា ភាពអត់ធ្មត់ និង​សេចក្ដីសប្បុរស ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ អំឡុង​ពេល​ធ្វើ​តេស្តអំពីការហាត់ប្រាណ​នៃ​ភាពតានតឹង នោះ​បេះដូង​កាន់តែ​ធ្វើការ​ខ្លាំង​ឡើង ។ បេះដូង​ដែល​អាច​ទ្រទ្រង់​ការដើរ​ធម្មតា អាច​នឹង​លំបាក​ទ្រទ្រង់​ដល់​តម្រូវការ​នៃ​​ការរត់​ឡើងភ្នំ ។ តាមរបៀប​នេះ ការធ្វើតេស្ត​អំពីភាពតានតឹង​អាច​បង្ហាញ​ឲ្យ​ឃើញពី​ជំងឺ​​ដែល​បើ​មិន​ធ្វើ​តេស្ត គឺ​ពុំអាច​ដឹង​ឡើយ ។ រាល់បញ្ហា​ណាមួយ​ដែល​បាន​រកឃើញ អាច​ត្រូវបាន​ព្យាបាល​ពីមុន​វា​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ក្នុងជីវិត​ប្រចាំ​ថ្ងៃ ។

ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​ក្លាយ​ជា​ការធ្វើ​តេស្ត​អំពីភាពតានតឹង​ជា​សាកល​យ៉ាង​ប្រាកដ ! ការធ្វើតេស្ត​នេះ​បង្ហាញ​លទ្ធផល​លាយឡំគ្នា ។ វ៉ាក់សាំង​ដើម្បី​ការពារ​សុវត្ថិភាព និង​ប្រសិទ្ធភាព ត្រូវ​បាន​អភិវឌ្ឍន៍ ។ អ្នក​ឯកទេស​ផ្នែកវេជ្ជសាស្រ្ត គ្រូបង្រៀន អ្នកថែទាំ និង​អ្នក​ដទៃទៀត​បានពលិកម្ម​យ៉ាង​អង់អាច—ហើយ​វានៅ​តែបន្ត។ មនុស្ស​ជាច្រើន​បានបង្ហាញ​នូវ​ចិត្តសប្បុរស និង​សណ្តានចិត្តល្អ—ហើយ​វានៅ​តែបន្ត ។ ទោះជា​យ៉ាងណា​ក៏ដោយ គុណវិប្បត្តិ​​បាន​បង្ហាញឡើង ។ បុគ្គល​ដែល​ងាយ​រងគ្រោះ​បាន​ជួប​ការលំបាក—ហើយ​បន្ត​កើត​ឡើង​ដូច្នេះ​ដដែល ។ អស់អ្នក​ដែល​ធ្វើការ​ដើម្បី​ដោះស្រាយ​វិបត្តិ​មិនស្មើភាព​គ្នា​នេះ​បាន​ទទួល​ការលើក​ទឹកចិត្ត និង​ថ្លែង​អំណរគុណ​ ។

ជំងឺ​រាតត្បាត​នេះ​ក៏ជា​ការធ្វើ​តេស្ត​ភាពតានតឹង​ខាងវិញ្ញាណ​សម្រាប់​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ និង​សមាជិក​ផង​ដែរ ។ ឯ​លទ្ធផល​ក៏​លាយឡំ ។ ជីវិត​របស់​យើង​បាន​ទទួលពរជ័យ​ដោយ​ការងារបម្រើ​តាម « របៀប​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ » ជា​កម្មវិធី​សិក្សា​នៅក្នុង​សៀវភៅ ចូរមក​តាម​ខ្ញុំដែល​ការសិក្សា​ដំណឹងល្អផ្ដោត​លើ​គេហដ្ឋាន ហើយ​មាន​ការគាំទ្រ​ពី​សាសនាចក្រ ។ មនុស្ស​ជា​ច្រើន​បាន​ផ្តល់​ជំនួយ និង​ការលួងលោម​ដោយ​ចិត្ត​មេត្តា​នៅ​អំឡុង​គ្រា​លំបាក​នេះ​ និង​បន្ត​ធ្វើ​ដូច្នេះ​ដដែល ។

ទោះ​យ៉ាង​ណា​ក្នុង​ករណី​ខ្លះ​ការធ្វើ​តេស្ត​ភាពតានតឹង​ខាងវិញ្ញាណ​បាន​បង្ហាញ​ពី​និន្នា​ការ​ឆ្ពោះ​ទៅរក​ការទាស់ទែងគ្នា និង​ការបែកបាក់ ។ រឿងនេះ​បង្ហាញ​ថា​យើង​មាន​កិច្ចការដែល​ត្រូវ​ធ្វើ​ដើម្បី​ផ្លាស់ប្តូរ​ដួងចិត្ត​យើង ហើយ​មាន​ការរួបរួម​គ្នាក្នុងនាម​ជា​សិស្ស​ពិតរបស់​ព្រះអង្គ​សង្រ្គោះ​ ។ នេះ​មិន​មែន​ជា​ឧបសគ្គ​ថ្មី​ទេ ប៉ុន្តែ​វា​ជា​ឧបសគ្គ​ដ៏​សំខាន់​មួយ ។

កាលព្រះអង្គ​សង្រ្គោះ​បាន​យាង​ទៅជួប​ពួក​សាសន៍​នីហ្វៃ ទ្រង់​បាន​បង្រៀន​ថា « មិន​ត្រូវ​មាន​ការ​ប្រកែកគ្នា​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ។ … អស់​អ្នកណា​ដែល​មាន​វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា គឺ​ពុំមែន​ជា​របស់​ផង​យើង​ទេ ប៉ុន្តែ​ជា​របស់​ផង​អារក្ស​វិញ ដែល​ជា​បិតា​នៃ​ការទាស់ទែង​គ្នា ហើយ​វា​ចាក់រុក​ចិត្ត​មនុស្ស ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅវិញ​ទៅមក » ។ ពេល​យើង​ទាស់ទែងគ្នា​ដោយ​កំហឹង សាតាំង​សើចសប្បាយ ហើយ​ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​ព្រះ​កន្សែង ។

សាតាំង​សើចរីករាយ ហើយ​ព្រះ​ទ្រង់​ព្រះកន្សែង ​​យ៉ាងហោចណាស់ ដោយសារ​មូលហេតុ​ពីរយ៉ាង ។ ទីមួយ ការទាស់ទែងគ្នា​ធ្វើ​ឲ្យ​ការធ្វើជាសាក្សី​ជារួម​របស់​យើង​ទន់ខ្សោយក្នុង​ការ​ថ្លែងទៅ​ពិភពលោកអំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​សេចក្តីប្រោសលោះ​ដែល​ទទួលបាន​តាមរយៈ « បុណ្យ​គុណ … សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ » របស់ទ្រង់ ។ ព្រះអង្គសង្រ្គោះ​បាន​មាន​ព្រះបន្ទូលថា « ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្តិ​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញទៅ​មក ។ … គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។ ផ្ទុយ​ទៅវិញ—មនុស្ស​គ្រប់គ្នា​ដឹង​ថា យើង​ពុំ​មែន​ជា​ពួក​សិស្ស​របស់​ទ្រង់ ពេល​យើង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា ។ កិច្ចការ​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់​ធ្លាក់​ចុះ​ខ្សោយ ពេល​មាន​ការទាស់ទែងគ្នា ឬ សេចក្តីសម្អប់កើតមាន​ក្នុង​ចំណោមពួក​សិស្ស​របស់​ទ្រង់ ។១០ ទីពីរ ការទាស់ទែងគ្នា​គឺជា​រឿង​គ្រោះថ្នាក់​ខាងវិញ្ញាណ​សម្រាប់​យើង​ម្នាក់ៗ ។ យើង​បានបាត់បង់​សេចក្ដីសុខសាន្ត អំណរ និង​ការ​សម្រាក ហើយ​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ ត្រូវ​បាន​ថយ​ចុះ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​ពន្យល់​ថា គោលលទ្ធិ​របស់​ទ្រង់​មិនមែន​ « ្ត​មនុស្ស​ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​គោល​លទ្ធិ​របស់​[ ទ្រង់ ] គឺ [ ឲ្យ ] ត្រូវ​លះបង់​ការណ៍​ទាំង​នោះ​ចោល​វិញ »។១១ ប្រសិន​បើ​ខ្ញុំ​ឆាប់​អាក់អន់​ចិត្ត ឬ តប​ទៅ​នឹង​មតិ​យោបល់​ខុស​គ្នា​ដោយ​កំហឹង ឬ ការវិនិច្ឆ័យ នោះ​ខ្ញុំ​ « ធ្លាក់ » ក្នុង​ការធ្វើតេស្ត​ភាព​តានតឹង​ខាង​វិញ្ញាណ​ហើយ ។ ការធ្វើតេស្ត​ដែល​បរាជ័យ​នេះ​ពុំ​មាន​ន័យ​ថា ខ្ញុំ​អស់​សង្ឃឹម​នោះទេ ។ ផ្ទុយ​ទៅ​វិញ វា​ចង្អុល​បង្ហាញ​ថា ខ្ញុំ​ត្រូវ​តែ​ផ្លាស់​ប្ដូរ ។ ហើយ​នោះ​គឺ​ជា​ការណ៍​ល្អដើម្បី​ដឹង ។

បន្ទាប់​ពី​ព្រះ​អង្គ​សង្គ្រោះ​យាង​ទៅ​កាន់​ទ្វីប​អាមេរិក ប្រជាជន​បាន​រួបរួម​គ្នា « ហើយ​នៅ​លើ​ដែនដី​ទាំង​មូល ពុំ​មាន​ការ​ទាស់ទែង​អ្វី​ឡើយ » ។១២ តើ​បងប្អូន​គិត​ថា ប្រជាជន​នោះ​បាន​រួបរួម​គ្នា​ដោយសារ​ពួកគេដូចគ្នា ឬ​ដោយសារ​ពួកគេគ្មាន​មតិ​យោបល់​ខុសគ្នា​មែនទេ ? ខ្ញុំ​មិន​គិត​ដូច្នោះទេ ។ ផ្ទុយ​ទៅវិញ ការទាស់ទែងគ្នា និង​សេចក្តីសម្អប់ រសាយ​បាត់​ដោយសារពួកគេ​បាន​ដាក់​ភាព​ជាសិស្ស​នៃ​ព្រះអង្គសង្គ្រោះធំជាង​អ្វីៗ​ទាំងអស់ ។ ភាពខុសគ្នា​របស់​ពួកគេ​ប្រៀប​ផ្ទឹម​មិន​បាន​ស្មើនឹងការ​ចែកចាយ​សេចក្ដីស្រឡាញ់​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ​ឡើយ ហើយ​ពួកគេ​បាន​រួប​រួម​គ្នា​ជា​ « អ្នក​គ្រង​នគរ​ព្រះទុកជា​មរតក » ។១៣ ជា​លទ្ធផលគឺ « គ្មាន​ប្រជាជន​ណា​ដែល​រីករាយ …​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​ឡើយ » ។១៤

សាមគ្គីភាព​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង ។១៥ វាអភិវឌ្ឍ នៅពេល​យើងបណ្ដុះ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​នៅ​ក្នុង​ដួងចិត្ត​របស់​យើង១៦ហើយ​យើង​ផ្តោត​លើ​ជោគ​វាសនា​ដ៏​នៅអស់​កល្ប​ជានិច្ច​របស់​យើង ។១៧ យើង​មាន​សាមគ្គីភាព​តាមរយៈ​អត្តសញ្ញាណ​ចម្បង​រួម​របស់​យើង ដែល​ជាបុត្រា​បុត្រី​នៃ​ព្រះ១៨និង​ការតាំង​ចិត្ត​របស់​យើង​ចំពោះ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ ជាសំណង​មកវិញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​ភាពជា​សិស្ស​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​បង្កើត​នូវ​ការព្រួយបារម្ភពិត​ចំពោះ​មនុស្ស​ដទៃ ។ យើង​ឲ្យ​តម្លៃ​ទៅលើ​វិសាលភាព​នៃ​ចរិត​លក្ខណៈ ទស្សនៈវិស័យ និង​ទេពកោសល្យ​របស់​មនុស្ស​ដទៃ ។១៩ ប្រសិន​បើ​យើង​មិន​អាច​ដាក់​ភាពជាសិស្ស​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ខ្លាំងជាង​ចំណាប់អារម្មណ៍ និង​ទស្សនៈ​ផ្ទាល់​ខ្លួន​ទេ នោះយើង​គួរ​ពិនិត្យ​មើល​អាទិភាព និង​ការផ្លាស់ប្ដូរ​របស់​យើង​ឡើងវិញ ។

យើង​ប្រហែលជា​ចង់និយាយថា « ពិតណាស់ យើង​អាច​មាន​សាមគ្គីភាព​បាន—ដរាបណា​អ្នក​យល់​ស្រប​នឹង​ខ្ញុំ ! » វិធីសាស្ត្រ​ដែល​ប្រសើរ​ជាង​នេះ​គឺ​ត្រូវ​សួរថា « តើ​ខ្ញុំ​អាចធ្វើ​អ្វីខ្លះ​ដើម្បី​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព ? តើ​ខ្ញុំ​អាច​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ដើម្បី​ជួយ​បុគ្គល​នេះ​ឲ្យ​ខិតទៅជិត​ព្រះគ្រីស្ទ ? តើ​ខ្ញុំ​អាចធ្វើ​អ្វីខ្លះ​ដើម្បីកាត់​បន្ថយ​ការ​ទាស់ទែងគ្នា ហើយ​កសាង​សហគមន៍​សាសនាចក្រ​ដែល​មាន​ចិត្ត​មេត្តា និង​យក​ចិត្ត​ទុកដាក់ ? »

នៅពេល​សេចក្ដីស្រឡាញ់​នៃ​ព្រះគ្រីស្ទ​គ្រប​ដណ្ដប់​ជីវិត​របស់​យើង២០យើង​ឆ្លើយ​តប​នឹង​ការ​ខ្វែងគំនិត​គ្នា​ដោយរាបសា ភាព​អត់ធ្មត់ និង​សេចក្ដីសប្បុរស ។២១ យើង​មិនសូវគិត​​អំពី​អារម្មណ៍​របស់យើង ហើយ​ខ្វល់ខ្វាយ​ពីអារម្មណ៍​អ្នកជិតខាង​ច្រើនជាង ។ យើង​« ព្យាយាម​សម្រប​សម្រួល និង មានសាមគ្គីភាព » ។២២ យើង​មិន​ចូលរួម​នៅ​ក្នុង « ការ​ជជែកគ្នា​ពី​សេចក្ដី​ប្រកាន់ » វិនិច្ឆ័យ​បុគ្គល​ដែល​យើង​មិន​យល់ស្រប ឬ​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​ជំពប់ដួលទេ ។២៣ ផ្ទុយ​ទៅវិញ យើង​សន្មត​ថា បុគ្គល​ដែល​យើង​មិន​យល់​ស្រប​កំពុងធ្វើ​អស់​លទ្ធភាព​របស់​ពួកគេ ដោយ​ប្រើ​បទពិសោធន៍​ជីវិត​ដែល​ពួកគេ​មាន ។

ភរិយា​របស់​ខ្ញុំ​មានអាជីព​ផ្នែក​ច្បាប់​ជាង ​២០ ​ឆ្នាំ ។ ក្នុង​នាម​ជា​មេធាវី ជា​ញឹកញាប់​គាត់​ធ្វើ​ការ​ជាមួយ​នឹង​មនុស្ស​ដទៃ​ដែល​តស៊ូ​មតិ​នឹង​ទស្សនៈ​ផ្ទុយ ។ ប៉ុន្តែ​គាត់​បាន​រៀន​ពី​របៀប​បដិសេធ​ដោយ​មិនមាន​ការខឹងសម្បារ ។ គាត់​បាន​និយាយ​ទៅកាន់​មេធាវី​ដែល​ប្រឆាំងថា « ខ្ញុំ​អាច​មើល​ឃើញ​ថា យើង​នឹង​មិនយល់​ស្រប​គ្នា​លើ​បញ្ហា​នេះ​ទេ ។ ខ្ញុំ​ចូល​ចិត្ត​អ្នក ។ ខ្ញុំ​គោរព​គំនិត​របស់​អ្នក ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​អាច​សម្តែងនូវ​កិរិយា​គួរ​សម​ដូចគ្នា​ដែរ » ។ ជាញឹកញាប់​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការគោរព​គ្នា​ទៅវិញ​ទៅមក ហើយ​មាន​មិត្តភាព ទោះជា​មាន​ភាពខុសគ្នា​ក៏ដោយ ។

សត្រូវ​ពីអតីតកាល​ក៏​អាច​ប្រែ​ជា​រួបរួម​នៅ​ក្នុង​ភាពជាសិស្ស​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដែរ ។២៤ នៅ​ឆ្នាំ ២០០៦ ខ្ញុំ​បាន​ចូលរួម​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ហេលស៊ីនគី ហ្វាំងឡង់ ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ឪពុក និង​ជីដូនជីតា​របស់​ខ្ញុំ​ដែល​ជា​អ្នក​ប្រែចិត្តជឿ​ដំបូង​ក្នុង​សាសនាចក្រ​នៅ​ប្រទេស​ហ្វាំងឡង់ ។ ជនជាតិ​ហ្វាំងឡង់ រួម​ទាំង​ឪពុកខ្ញុំ​ដែរ មាន​ក្ដីស្រមៃ​អំពី​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ហ្វាំងឡង់​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ។ នាពេល​នោះ មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​បូកទាំង​ប្រទេស​ហ្វាំងឡង់ អេស្តូនី ឡេតូនី លីទុយអានី បេឡារុស និង រុស្ស៊ី​ផងដែរ ។

ក្នុង​ការឧទ្ទិសឆ្លង​នោះ ខ្ញុំ​បាន​រៀន​នូវ​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ។ នៅថ្ងៃដំបូង​នៃ​ការ​បើកដំណើរការ​ទូទៅ​គឺត្រូវ​បាន​បម្រុង​ទុក​សម្រាប់​សមាជិក​រុស្សី​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ វា​ពិបាក​ពន្យល់​ខ្លាំង​ណាស់​ថា រឿង​នេះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ប៉ុណ្ណា​នោះ ។ ប្រទេស​រុស្សី និង​ប្រទេស​ហ្វាំងឡង់​មាន​សង្គ្រាម​នឹង​គ្នា​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ ឪពុក​របស់​ខ្ញុំ​មិន​បាន​ទុក​ចិត្ត ហើយ​មិន​ចូលចិត្ត មិន​ត្រឹមតែ​ប្រទេស​រុស្សី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​ប្រជាជន​រុស្សី​ទាំង​អស់​ផង​ដែរ ។ គាត់​បាន​សម្ដែង​អារម្មណ៍​បែប​នេះ ហើយ​អារម្មណ៍​របស់​គាត់​គឺជា​សេចក្តីសម្អប់​របស់​ប្រជាជន​ហ្វាំងឡង់​ចំពោះ​ប្រទេស​រុស្សី ។ គាត់​បាន​ទន្ទេញ​កំណាព្យ​ដែល​បាន​រៀបរាប់​អំពី​សង្គ្រាម​នៅ​សតវត្សរ៍​ទី ១៩ រវាង​ជនជាតិ​ហ្វាំងឡង់ និងជនជាតិ​រុស្សី ។ បទពិសោធន៍​របស់​គាត់​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ ពេល​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​រុស្សី ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ម្ដង​ទៀត នោះគ្មាន​អ្វី​ផ្លាស់ប្ដូរ​គំនិត​របស់​គាត់​បាន​ឡើយ ។

រយៈពេលមួយ​ឆ្នាំ​ពីមុន​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ហេលស៊ីនគី ហ្វាំងឡង់ គណៈកម្មការ​ព្រះវិហារ​បរិសុទ្ធ មានសុទ្ធ​តែ​សមាជិក​ហ្វាំងឡង់ បាន​ជួប​ពិភាក្សា​ពី​ផែនការ​សម្រាប់​ការឧទ្ទិស​ឆ្លង​នោះ ។ ក្នុង​ការ​ប្រជុំ​នោះ មាន​មនុស្ស​ម្នាក់​បាន​សង្កេត​ឃើញ​ថា ពួកបរិសុទ្ធ​រុស្សី​នឹង​ធ្វើ​ដំណើរ​ជាច្រើន​ថ្ងៃមកចូលរួម​ការឧទ្ទិស​ឆ្លង​នោះ ហើយ​អាច​សង្ឃឹម​ចង់​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ពីមុន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប្រធាន​គណៈកម្មការ​នោះ​គឺ​បងប្រុស ស្វេន អេកឡាន់ បាន​ផ្ដល់​យោបល់​ថា ជនជាតិ​ហ្វាំងឡង់​អាច​រង់ចាំ​ក្រោយសិន ដើម្បី​ឲ្យ​សមាជិក​រុស្សី​ធ្វើ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធហេលស៊ីនគី ហ្វាំងឡង់ជា​មុន​​សិន ។ សមាជិក​គណៈកម្មការ​ទាំង​អស់​បាន​យល់​ព្រម ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​ជនជាតិ​ហ្វាំងឡង់​ដ៏​ស្មោះ​ត្រង់​បាន​ពន្យារ​ពេល​ទទួល​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ដើម្បី​ទុ​កឱកាស​ឲ្យ​ពួក​បរិសុទ្ធ​រុស្សី ។

ប្រធាន​តំបន់​ដែល​មាន​វត្តមាន​នៅ​ឯ​ការ​ប្រជុំ​គណៈកម្មការ​ព្រះវិហារ​បរិសុទ្ធ​នោះគឺ អែលឌើរ ដានីស ប៊ី ណយអិន​ស្វានឌើរ ក្រោយ​មក​បាន​សរសេរ​ថា « នៅពេល​នេះ​ខ្ញុំមាន​មោទនភាព​ចំពោះ​ជនជាតិ​ហ្វាំងឡង់​ជាង​ពេល​ណាៗ​ទាំងអស់ ។ ប្រវត្តិសាស្ត្រ​ដ៏​លំបាក​របស់​ប្រទេស​ហ្វាំង​ឡង់​ជាមួយ​នឹង​ប្រទេស​ជិតខាង​ភាគ​ខាងកើត​របស់​ខ្លួន​…​និង​ក្ដី​រំភើប​របស់​ពួកគេដែល​នៅទីបំផុត​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​បាន​សាងសង់​នៅ​លើ​ទឹកដីរបស់​ខ្លួន ត្រូវ​បាន​ទុក​មួយអន្លើរ ។ ការ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​រុស្សី​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ​មុន [ គឺ ] ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្ដីស្រឡាញ់ និង​ការលះបង់ » ។២៥

ពេល​ខ្ញុំ​ប្រាប់​ឪពុក​របស់​ខ្ញុំ​ពី​សេចក្ដីសប្បុរស​នេះ ដួង​ចិត្ត​របស់​គាត់​មាន​ភាព​ទន់ភ្លន់ ហើយ​គាត់​បាន​យំ ហើយ​វា​កម្រ​នឹងកើតមានឡើង​​សម្រាប់​ជនជាតិ​ហ្វាំង​ដ៏​ម៉ឺងម៉ាត់​ម្នាក់​នេះ ។ ចាប់តាំងពី​ពេល​នោះ​មក​រហូត​ដល់​គាត់​ស្លាប់ រយៈពេល​បីឆ្នាំ​ក្រោយ​មក គាត់​មិន​ដែល​បង្ហាញ​នូវ​អារម្មណ៍​អវិជ្ជមាន​ចំពោះ​ប្រទេស​រុស្សី​ទៀត​ឡើយ ។ ដោយ​ទទួល​បាន​នូវ​ការបំផុសគំនិត​តាមរយៈ​គំរូ​នៃ​ជនជាតិ​ហ្វាំង​ឡង់ផ្សេងទៀត ឪពុក​របស់​ខ្ញុំ​បាន​ជ្រើស​រើស​ដើម្បី​ដាក់​ភាពជាសិស្ស​របស់​គាត់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទខ្លាំងជាង​ការវិនិច្ឆ័យ​ផ្សេងទៀត​ទាំងអស់ ។ ជនជាតិ​ហ្វាំងឡង់​នៅ​តែ​ជា​ប្រជាជន​ហ្វាំងឡង់ ជនជាតិ​រុស្សី​នៅ​តែ​ជា​ប្រជាជន​រុស្សី គ្មាន​ក្រុម​ណា​មួយ​បាន​បោះបង់​វប្បធម៌ ប្រវត្តិ​សាស្ត្រ ឬ​បទពិសោធន៍​របស់​ពួកគេ​ដើម្បី​លុបបំបាត់​សេចក្តីសម្អប់​នោះទេ ។ ពួកគេ​មិន​ចាំបាច់​ធ្វើ​បែប​នោះទេ ។ ផ្ទុយ​ទៅវិញ ពួកគេ​បាន​ជ្រើសរើស​ធ្វើ​ឲ្យ​ភាព​ជាសិស្ស​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ក្លាយជាការត្រិះរិះ​ពិចារណា​ដ៏​ចម្បង​របស់​ពួកគេ ។២៦

ប្រសិន​បើ​ពួកគេ​អាចធ្វើ​រឿង​នេះ​បាន យើង​ក៏​អាច​ធ្វើបាន​ដែរ ។ យើ​ងអាច​នាំ​យក​កេរដំណែល វប្បធម៌ និង​បទពិសោធន៍​របស់​យើង​ទៅ​កាន់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សាំយូអែល​មិន​បាន​បោះបង់​កេរ​ដំណែល​របស់​លោក​ជា​សាសន៍​លេមិនទេ២៧ហើយ​មរមន​ក៏​មិន​បាន​បោះបង់​កេរដំណែល​របស់​លោក​ជា​សាសន៍​នីហ្វៃ​ដែរ ។២៨ ប៉ុន្តែពួកលោក​ម្នាក់ៗ​បាន​ដាក់​ភាពជាសិស្ស​របស់​ពួកលោក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ជាត្រីមុខ​ ។

ប្រសិន​បើ​យើង​មិន​រួម​គ្នា នោះ​យើង​មិន​មែន​ជា​របស់​ផង​ទ្រង់​ឡើយ ។២៩ ការអញ្ជើញ​របស់​ខ្ញុំ គឺ​ចូរ​ឲ្យ​យើង​ក្លាហាន​ដើម្បី​ដាក់​សេចក្ដីស្រឡាញ់ និង​ភាពជា​សិស្ស​របស់​យើង​ចំពោះ​ព្រះ​អង្គសង្គ្រោះ​លើស​អស់​ការត្រិះរិះពិចារណា​ផ្សេង​ទៀត​ទាំងអស់ ។៣០ ចូរ​យើង​លើក​តម្កើង​សេចក្ដី​សញ្ញា​ដែល​មាន​នៅ​ក្នុង​ភាព​ជាសិស្ស​របស់​យើង—សេចក្ដី​សញ្ញា​ដើម្បី​រួមគ្នា​តែ​មួយ ។

ចូរ​យើង​ធ្វើតាម​គំរូ​របស់​ពួក​បរិសុទ្ធ​នៅ​ជុំវិញ​ពិភពលោក​ដែល​ជា​អ្នក​បាន​ក្លាយ​ជា​សិស្ស​ដ៏​ជោគជ័យ​របស់​ព្រះ​គ្រីស្ទ ។ យើង​អាច​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា « ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​…​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ ព្រម​ទាំង​បំបាត់​សេចក្តី​សម្អប់​គ្នា ដោយ​នូវ [ ពលិកម្មធួន​របស់ ] ​ទ្រង់ » ។៣១ សាក្សី​របស់យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ទៅកាន់​ពិភព​លោក​នឹង​ត្រូវ​បាន​ពង្រឹង ហើយ​យើង​នឹង​បន្ដ​មានសុខភាព​ល្អខាងវិញ្ញាណ ។៣២ ខ្ញុំ​ថ្លែង​ទីបន្ទាល់ថា នៅពេល​យើង « បញ្ឈប់​ជម្លោះ » ហើយ​ប្រែជាមាន « គំនិត​ដូច​នឹង​ព្រះអម្ចាស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ហើយ​រួបរួម​នឹង​ទ្រង់​នៅ​ក្នុង​សេចក្ដី​ជំនឿ » នោះ​ភាព​សុខសាន្ដ​របស់​ទ្រង់ នឹង​ក្លាយជា​របស់​ផងយើង ។៣៣ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល « The First Presidency Urges Latter-day Saints to Wear Face Masks When Needed and Get Vaccinated Against COVID-19,» Newsroom, ថ្ងៃទី ១២ ខែ​សីហា ឆ្នាំ ២០២១, newsroom.ChurchofJesusChrist.org; “Vaccines Explained,” World Health Organization, who.int/emergencies/diseases/novel-coronavirus-2019/covid-19-vaccines/explainers; “Safety of COVID-19 Vaccines,” Centers for Disease Control and Prevention, Sept. 27, 2021, cdc.gov/coronavirus/2019-ncov/vaccines/safety/safety-of-vaccines.html; “COVID-19 Vaccine Effectiveness and Safety,” Morbidity and Mortality Weekly Report, Centers for Disease Control and Prevention, cdc.gov/mmwr/covid19_vaccine_safety.html ។

  2. រ័សុល អិម ណិលសុន « ការចូលរួម​របស់​បងប្អូន​ស្រី​នៅ​ក្នុង​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល» Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៩ ។

  3. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១:៥ ។

  4. សាវក និង​ព្យាការី​ជា​ច្រើន​បាន​ថ្លែង​អំពី​សាមគ្គីភាព និង​ការទាស់ទែងគ្នា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ សូមមើល​ឧទាហរណ៍ ម៉ាវីន ជេ អាស្តុន « No Time for Contention » Ensign ខែ ឧសភា ឆ្នាំ ១៩៧៨ ទំព័រ ៧–៩; ម៉ារ៉ុន ជី រ៉មនី « Unity » Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ១៧–១៨; រ័សុល អិម ណិលសុន « The Canker of Contention » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៦៨–៧១; រ័សុល អិម ណិលសុន « Children of the Covenant » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣២–៣៥; ហិនរី ប៊ី អាវរិង « That We May Be One » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៦៦–៦៨; ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » Liahona –៤០; ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៧–៧៩; ឃ្វីនថិន អិល ឃុក « Hearts Knit in Righteousness and Unity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៨–២២; ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Hearts Knit Together » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១៩–២៣ ។

  5. នីហ្វៃ​ទី​៣ ១១:២៨–២៩ ។

  6. សូមមើល ម៉ូសេ ៧:២៦, ២៨, ៣៣ ។ ការណ៍​នេះ​ពុំមែន​ផ្តល់​យោបល់ថា​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គសង្រ្គោះ​នៅតែ​បន្ត ឬ​ថា​ទ្រង់​កំពុងបន្ត​រងទុក្ខវេទនា​នោះទេ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​រួចចប់សព្វ​គ្រប់​អស់ហើយ ។ ទោះជាយ៉ាងណាក្តី សេចក្តីអាណិត និង​ក្តីមេត្តាករុណា​របស់ទ្រង់​ដែល​ទ្រង់​ប្រកាស​អះអាង​ថា​ជា​លទ្ធផល​ពី​ការបំពេញ​ការពលិកម្ម​ដ៏​ធួន​របស់ទ្រង់ ធ្វើ​ឲ្យ​ទ្រង់​ត្រូវ​ទទួលអារម្មណ៍​ការខកចិត្ត និង​សោកសៅ ។

  7. នីហ្វៃ​ទី​២ ២:៨ ។

  8. យ៉ូហាន ១៣:៣៤, ៣៥ ។

  9. សេចក្តីសម្អប់ គឺជា​ស្ថានភាព ឬ​អារម្មណ៍​នៃ​ការប្រឆាំង​យ៉ាងសកម្ម​ចំពោះ​នរណា​ម្នាក់ ឬ​អ្វីមួយ ។ វា​បង្កប់​នូវ​ភាពជាសត្រូវ ការប្រឆាំង គំនុំពិរោធន៍ ការចងកំហឹង និង​បង្កើត​ការមិនចូលចិត្ត និង​ឆន្ទៈ​អាក្រក់​បំផុត ។ ជាភាសា​ក្រិក​ពាក្យ​សេចក្តីសម្អប់​ក៏​បកប្រែក​ថា​ជា​ការស្អប់​ផងដែរ ាក្យ ភាពចាស់ទុំ ដែល​បកប្រែថា​សេចក្តីស្រឡាញ់ ។ សូមមើល James Strong, The New Strong’s Expanded Exhaustive Concordance of the Bible ( ឆ្នាំ ២០២១ ) វចនានុក្រម​ភាសា​ក្រិក លេខរៀង ២១៨៩ ។

  10. សូមមើល យ៉ូហាន ១៧:២១, ២៣ ។

  11. នីហ្វៃទី៣ ១១:៣០ ។

  12. នីហ្វៃ​ទី​៤ ១:១៨ ។

  13. នីហ្វៃ​ទី​៤ ១:១៧ ។

  14. នីហ្វៃ​ទី​៤ ១:១៦ ។

  15. ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « The Lord loves effort » ( នៅក្នុង ចយ ឌី ចូនស៍ « An Especially Noble Calling» Liahonaខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៦ ) ។

  16. សូមមើល នីហ្វៃទី ៤ ១:១៥ ។ មាន​មនុស្ស​ជាច្រើន​ដែល​សម្រេច​បាន​នូវ​សាមគ្គីភាពបែបនេះ ។ នៅ​សម័យ​របស់​ហេណុក « ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា ស៊ីយ៉ូន ពីព្រោះ​ពួក​គេ​មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ » ( ម៉ូសេ ៧:១៨ ) ។

  17. សូមមើល ម៉ូសាយ ១៨:២១ ។

  18. សូមមើល កិច្ចការ ១៧:២៩ ទំនុកដំកើង ៨២:៦ ។

  19. សូមមើល កូរិនថូសទី១ ១២:១២–២៧ ។

  20. សូមមើល មរ៉ូណៃ ៧:៤៧–៤៨ ។

  21. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៣០–៣១ ។

  22. ដាល្លិន អេក អូក « Defending Our Divinely Inspired Constitution» Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៧ ។

  23. សូមមើល រ៉ូម ១៤:១–៣, ១៣, ២១ ។

  24. ព្រះអង្គសង្គ្រោះ​បាន​រិះគន់ « ពួក​សិស្ស​របស់​[ ទ្រង់ ] នៅ​សម័យ​បុរាណ បាន​ស្វែងរក​ឱកាស​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ ហើយ​ចំពោះ​ការ​អាក្រក់​នេះ ពួក​គេ​ត្រូវ​បាន​រង​ទុក្ខ និង​បាន​វាយ​ផ្ចាល​ជា​ខ្លាំង » ។ ព្រះយេស៊ូវ​បាន​ទូន្មានពួកសិស្ស​នៅ​សម័យ​ចុងក្រោយ​របស់​ទ្រង់​ថា « ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៨–៩ ) ។

  25. អែលឌើរ ដានីស ប៊ី នែនស្វាន់ឌើរ អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង ។ 

  26. តាម​របៀប​របស់​ហ្វាំងឡង់ទូទៅ នៅពេល​ដែល​បងប្រុស អេកលុន បានពិភាក្សា​អំពី​ការសម្រេចចិត្ត​នេះ គាត់​និយាយ​ថា​វា​សមហេតុផល ។ ជំនួស​ឲ្យ​ការកោត​សរសើរ​ពីភាពអស្ចារ្យ​របស់​ជនជាតិ ហ្វាំងឡង់ គាត់​បាន​សម្តែង​ការអបអរ​ចំពោះ​ជនជាតិរុស្ស៊ី​វិញ ។ ជនជាតិ​ហ្វាំងឡង់​មាន​អំណរគុណ​ចំពោះ​ការរួមចំណែក​ដ៏​សំខាន់​របស់​ជនជាតិ​រុស្ស៊ី ចំពោះ​កិច្ចការ​ដែល​កំពុង​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ហែលស៊ីនគី ហ្វាំងឡង់ ។ ( បងប្រុស ស្វីវ អេកលុន ជា​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង ) ។

  27. សូមមើល ហេលេមិន ១៣:២, ៥ ។

  28. សូមមើល នីហ្វៃទី ៣ ៥:១៣, ២០ ។

  29. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨:២៧ ។

  30. សូមមើល លូកា ១៤:២៥–៣៣ ។

  31. អេភេសូរ ២:១៤–១៥ ។

  32. សូមមើល អេភេសូរ ២:១៩ ។

  33. សូមមើល រ័សុល អិម ណិលសុន « The Canker of Contention» Ensignខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៧១ ។