បានប្រោសប្រណីជាខ្លាំងពីព្រះអម្ចាស់អស់មួយជីវិតខ្ញុំ
តើយើងឆ្លើយតបចំពោះទុក្ខវេទនារបស់យើងដោយរបៀបណា ? តើយើងមានអារម្មណ៍មានអំណរគុណជាពាក្យសម្តី គំនិត ទង្វើ ដោយសារតែយើងផ្តោតយកចិត្តទុកដាក់លើពរជ័យរបស់យើងជាជាងបញ្ហាមែនដែរឬទេ ?
ជំងឺរាតត្បាតកូវីដ-១៩ បានក្លាយជាឧបសគ្គ និងការសាកល្បងមួយក្នុងចំណោមឧបសគ្គ និងការសាកល្បងជាច្រើនដែលបុត្រាបុត្រីរបស់ព្រះបានប្រឈមមុខនៅក្នុងប្រវត្តិសាស្រ្តនៃពិភពលោកនេះ ។ នៅដើមឆ្នាំនេះ ក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្ញុំ និងខ្ញុំបានឆ្លងកាត់រឿងអាក្រក់ជាច្រើន ។ ជំងឺរាតត្បាត និងបុព្វហេតុផ្សេងៗទៀតបាននាំមកនូវសេចក្តីស្លាប់ និងការឈឺចាប់ចំពោះក្រុមគ្រួសាររបស់យើង ដោយសារមនុស្សជាទីស្រឡាញ់ របស់ យើងមួយចំនួនបានស្លាប់ ។ ទោះជាមានការព្យាបាល ការតមអាហារ និងការអធិស្ឋានអស់រយៈពេលប្រាំសប្តាហ៍ក្តីក៏បងប្រុស ឆាលី បងស្រីស៊ូស៊ី និងបងថ្លៃរបស់ខ្ញុំ ជេមមីបានស្លាប់ទៅផ្នែកម្ខាងទៀតនៃវាំងននដែរ ។
ពេលខ្លះខ្ញុំបានឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គសង្រ្គោះទ្រង់ព្រះកន្សែងនៅពេលទ្រង់ទតឃើញ មារ៉ា ឈឺចាប់ដោយសារប្អូនប្រុសរបស់នាង ឡាសារ បានស្លាប់ ទោះបីជាដឹងថាទ្រង់មានព្រះចេស្តាក្នុងការប្រោស ឡាសារ ហើយមិនយូរប៉ុន្មានទ្រង់បានប្រើព្រះចេស្តាដើម្បីសង្រ្គោះមិត្តរបស់ទ្រង់ពីសេចក្តីស្លាប់ ។ ១ ខ្ញុំស្ងប់ស្ងែងចំពោះសេចក្តីមេត្តា និង ការអាណិតរបស់ព្រះអង្គចំពោះមារ៉ា ទ្រង់យល់ពីការឈឺចាប់ដែលមិនអាចពិពណ៌នាបាននេះ ដែលមារ៉ាជួបនៅពេល ឡាសារ ជាប្អូនប្រុសរបស់នាងបានស្លាប់ ។
យើងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងដូចគ្នានេះ នៅពេលយើងជួបនូវការបែកគ្នាបណ្តោះអាសន្ននេះពីមនុស្សជាទីស្រឡាញ់របស់យើង ។ ព្រះអង្គសង្រ្គោះមានសេចក្ដីមេត្តាដ៏ល្អឥតខ្ចោះចំពោះយើង ។ ទ្រង់មិនបានស្តីបន្ទោសយើងចំពោះការគិតខ្លីរបស់យើង ឬការមើលឃើញមិនបានវែងឆ្ងាយនៃដំណើរដ៏នៅអស់កល្បជានិច្ចរបស់យើងឡើយ ។ ផ្ទុយទៅវិញ ទ្រង់មានសេចក្តីមេត្តាចំពោះទុក្ខសោក និងការឈឺចាប់របស់យើង ។
ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទចង់ឲ្យយើងមានអំណរ ។ ២ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អំណរដែលយើងមាននោះ វាមានឥទ្ធិពលតិចតួចចំពោះកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើអ្វីដែលជីវិតយើងផ្តោតទៅលើ ។ នៅពេលជីវិតរបស់យើងផ្តោតទៅលើផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះ …នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ » ។ ៣
កាលខ្ញុំបម្រើជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ខ្ញុំចាំពីគ្រាដែលអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យម្នាក់ដែលខ្ញុំមានការកោតសរសើរបានទទួលដំណឹងអាក្រក់ខ្លះៗ ។ ម្តាយ និងប្អូនប្រុសរបស់គាត់បានស្លាប់ដោយគ្រោះថ្នាក់ដ៏សោកនាដកម្មមួយ ។ ប្រធានបេសកកម្មបានផ្តល់ជម្រើសដល់អែលឌើររូបនេះឲ្យត្រឡប់ទៅផ្ទះវិញដើម្បីចូលរួមពិធីបុណ្យសព ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបាននិយាយជាមួយឪពុកគាត់តាមទូរសព្ទ អ្នកផ្សព្វផ្សាយសាសនារូបនេះបានសម្រេចចិត្តបន្តនៅ ហើយបានបញ្ចប់បេសកកម្មរបស់គាត់ ។
មួយរយៈក្រោយមក ពេលយើងកំពុងបម្រើនៅហ្សូនដដែលនោះ ដៃគូរបស់ខ្ញុំ និងខ្ញុំបានទទួលទូរសព្ទបន្ទាន់មួយ ដែលមានក្រុមចោរបានលួចកង់របស់អ្នកផ្សព្វផ្សាយសាសនាម្នាក់នេះ ហើយគាត់ត្រូវរបួសដោយសារកាំបិតចាក់ ។ គាត់ និងដៃគូរបស់គាត់ត្រូវដើរទៅមន្ទីរពេទ្យដែលនៅជិតបំផុត ជាកន្លែងដែលដៃគូរបស់ខ្ញុំ និងខ្ញុំបានទៅជួបជាមួយពួកគាត់ ។ នៅតាមផ្លូវទៅមន្ទីរពេទ្យ ខ្ញុំមានចិត្តសោកសង្រេងចំពោះអ្នកផ្សព្វផ្សាយសាសនារូបនេះណាស់ ។ ខ្ញុំបានស្រមៃថា គាត់នឹងបាក់ទឹកចិត្ត ហើយថាបន្ទាប់ពីបទពិសោធន៍ប៉ះទង្គិចផ្លូវចិត្តរបស់គាត់ ឥឡូវនេះគាត់ច្បាស់ជាចង់ត្រឡប់ទៅផ្ទះវិញ មិនខាន ។
ទោះជាយ៉ាងណានៅពេលយើងបានមកដល់មន្ទីរពេទ្យ ខ្ញុំបានឃើញអ្នកផ្សព្វផ្សាយសាសនារូបនេះដេកទាំងញញឹមនៅលើគ្រែរង់ចាំដើម្បី—ចូលវះកាត់ ។ ខ្ញុំបានគិតថា « តើគាត់អាចញញឹមក្នុងស្ថានភាពបែបនេះបានយ៉ាងដូចម្តេចទៅ ? » ខណៈពេលដែលគាត់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គាត់បានជូនកូនសៀវភៅ និងព្រះគម្ពីរមរមនទៅវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំងឺផ្សេងទៀតយ៉ាងស្វាហាប់ ។ ទោះបីជាមានការសាកល្បងទាំងនេះក្តី ក៏គាត់មិនចង់ត្រឡប់ទៅផ្ទះវិញដែរ ត់បានបម្រើរហូតដល់ថ្ងៃចុងក្រោយនៃបេសកកម្មរបស់គាត់ដោយសេចក្តីជំនឿ ថាមពល កម្លាំង និង ក្តីរំភើប ។
នៅខាងដើមនៃព្រះគម្ពីរមរមន នីហ្វៃ បានថ្លែងថា៖ « ដោយបានឃើញសេចក្ដីទុក្ខវេទនាទាំងឡាយ នៅក្នុងដំណើរនៃជីវិតខ្ញុំ ទោះជាយ៉ាងណាក៏ដោយ គង់តែបានប្រោសប្រណីជាខ្លាំងពីព្រះអម្ចាស់អស់មួយជីវិតខ្ញុំដែរ » ។ ៤
ខ្ញុំគិតអំពីការសាកល្បងជាច្រើនដែល នីហ្វៃបានឆ្លងកាត់ ដែលការសាកល្បងទាំងនោះមាននៅក្នុងសំណេររបស់លោក ។ ការសាកល្បងរបស់លោកជួយយើងឲ្យយល់ថា យើងទាំងអស់គ្នាជួបនូវរឿងអាក្រក់ ។ ការសាកល្បងមួយក្នុងចំណោមការសាកល្បងទាំងនេះបានកើតឡើងនៅពេលនីហ្វៃ ត្រូវបានបង្គាប់ឲ្យត្រឡប់ទៅកាន់ក្រុងយេរូសាឡិមដើម្បីទៅយកផ្ទាំងលង្ហិនដែលឡាបាន់ មាននៅក្នុងកណ្តាប់ដៃរបស់គាត់ ។ បងៗរបស់នីហ្វៃ មួយចំនួនជាមនុស្សដែលមានជំនឿតិច ហើយពួកគេថែមទាំងវាយនីហ្វៃដោយដំបងទៀតផង ។ នីហ្វៃ បានឆ្លងកាត់ការសាកល្បងផ្សេងទៀតនៅពេលលោកធ្វើឲ្យធ្នូរបស់លោកបាក់ ហើយមិនអាចរកអាហារឲ្យក្រុមគ្រួសាររបស់លោកបាន ។ ក្រោយមក នៅពេលនីហ្វៃត្រូវបានបង្គាប់ឲ្យសង់សំពៅមួយ បងៗរបស់លោកបានសើចចំអកឲ្យលោក ហើយបានបដិសេធមិនជួយលោកឡើយ ។ ទោះបីជាមានការសាកល្បងទាំងនេះ និងជាច្រើនទៀតនៅក្នុងដំណើរនៃជីវិតរបស់លោកក្តី ក៏នីហ្វៃតែងតែស្គាល់សេចក្តីល្អរបស់ព្រះជានិច្ច ។
នៅពេលក្រុមគ្រួសាររបស់លោកកំពុងឆ្លងកាត់មហាសមុទ្រនៅតាមផ្លូវទៅកាន់ដែនដីសន្យា នោះក្រុមគ្រួសាររបស់លោកមួយចំនួនបាន« ចាប់ផ្តើមមានការភ្លើតភ្លើន » និយាយពាក្យទ្រគោះ ហើយបានភ្លេចថា ព្រះចេស្តារបស់ព្រះអម្ចាស់បានសង្រ្គោះពួកគេ ។ នៅពេលនីហ្វៃ បានស្តីបន្ទោសដល់ពួកគេ ពួកគេបានអាក់អន់ចិត្ត ហើយបានចាប់ចងលោកនឹងខ្សែពួរដើម្បីកុំឲ្យលោកទៅណា ។ ព្រះគម្ពីរមរមនបញ្ជាក់ថា បងៗរបស់លោក « បានធ្វើបាប[ លោក ]យ៉ាងព្រៃផ្សៃ » ក-ដៃ និងក-ជើងរបស់លោក « ហើមជាខ្លាំងដែរ ហើយឈឺចុកចាប់ឥតឧបមា » ។ ៥ នីហ្វៃបានកើតទុកដោយសារតែភាពរឹងរូសនៃចិត្តរបស់បងៗលោក ហើយនៅពេលខ្លះសោកសៅជាខ្លាំង ។ ៦ លោកបានពោលថា « ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំបានសម្លឹងឆ្ពោះទៅរកព្រះរបស់ខ្ញុំ ហើយខ្ញុំបានសរសើរតម្កើងទ្រង់ពេញមួយថ្ងៃតែម្ដង ហើយខ្ញុំមិនបានរអ៊ូរទាំទាស់នឹងព្រះអម្ចាស់ ពីព្រោះតែសេចក្ដីវេទនារបស់ខ្ញុំឡើយ » ។ ៧
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ តើយើងឆ្លើយតបចំពោះទុក្ខវេទនារបស់យើងដោយរបៀបណា ? តើយើងត្រូវរអ៊ូរទាំនៅចំពោះព្រះភ័ក្រ្តរបស់ព្រះអម្ចាស់ដោយសារតែទុក្ខវេទនាទាំងនោះមែនដែរទេ ? ឬក៏ដូចជានីហ្វៃ និងអតីតមិត្តភក្តិអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំ តើយើងមានអារម្មណ៍មានអំណរគុណជាពាក្យសម្តី គំនិត ទង្វើ ដោយសារតែយើងផ្តោតយកចិត្តទុកដាក់លើពរជ័យរបស់យើងជាជាងបញ្ហាមែនដែរទេ ?
ព្រះអង្គសង្គ្រោះព្រះយេស៊ូវ គ្រីស្ទរបស់យើងបានប្រទានគំរូដល់យើងនៅអំឡុងការងារបម្រើនៅលើផែនដីរបស់ទ្រង់ ។ នៅគ្រាលំបាក និងការសាកល្បង មានរឿងមួយចំនួនដែលនាំឲ្យយើងមានសេចក្តីសុខសាន្ត ការស្ងប់ចិត្តកាន់តែខ្លាំងជាងការបម្រើបងប្អូនរបស់យើង ។ គម្ពីរម៉ាថាយ បានរៀបរាប់សារជាថ្មីពីអ្វីដែលបានកើតឡើងនៅពេលព្រះអង្គសង្រ្គោះបានដឹងថាបងជីដូនមួយរបស់ទ្រង់គឺ យ៉ូហាន បាទីស្ទ ត្រូវបានស្តេច ហេរ៉ូឌ កាត់ក្បាលដើម្បីផ្គាប់ចិត្តបុត្រីរបស់ ហេរ៉ូឌាស ។
« នោះពួកសិស្សយ៉ូហានក៏មកយកសពទៅកប់រួចទៅទូលព្រះយេស៊ូវ ។
« កាលព្រះយេស៊ូវបានឮហើយនោះ ទ្រង់យាងចុះទូកចេញពីទីនោះទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ ។
« លុះទ្រង់យាងឡើងពីទូកវិញស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សឈឺទាំងប៉ុន្មានក្នុងចំណោមពួកគេឲ្យបានជា ។
« ដល់ពេលល្ងាចពួកសិស្សមកឯទ្រង់ទូលថាទីនេះស្ងាត់ណាស់ម៉ោងក៏ជ្រុលហើយសូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅដើម្បីឲ្យបានទិញស្បៀងអាហារនៅក្នុងភូមិជុំវិញ ។
« តែព្រះយេស៊ូវទ្រង់ឆ្លើយថាមិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ » ។ ៨
ព្រះយេស៊ូវគ្រីស្ទបានបង្ហាញយើងថាក្នុងអំឡុងពេលនៃ ការសាកល្បង និងជួបទុក្ខលំបាកយើងអាចយល់ពីទុក្ខលំបាករបស់អ្នកដទៃ ទៅជួយ និងលើកស្ទួយពួកគេបាន ។ ហើយនៅពេលយើងធ្វើដូច្នេះ យើងក៏លើកស្ទួយដោយការបម្រើដូចជាព្រះគ្រីស្ទរបស់យើងដែរ ។ ប្រធានហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែង ៖ « ដំណោះស្រាយដ៏ល្អបំផុតចំពោះការព្រួយបារម្ភដែលខ្ញុំដឹងគឺការធ្វើការ ។ ថ្នាំដ៏ល្អបំផុតសម្រាប់ភាពអស់សង្ឃឹមគឺការបម្រើ ។ ការព្យាបាលដ៏ល្អបំផុតសម្រាប់ការព្រួយបារម្ភគឺការខិតខំជួយដល់នរណាម្នាក់ដែលនឿយហត់ជាងយើងទៅទៀត » ។ ៩
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទនេះ ខ្ញុំបានមានឱកាសជាច្រើនដើម្បីធ្វើការងារបម្រើ និងបម្រើដល់មនុស្សទូទៅ ។ វានៅគ្រានោះហើយ ដែលខ្ញុំមានអារម្មណ៍ថាព្រះវរបិតាសួគ៌បានជួយសម្រាលបន្ទុករបស់ខ្ញុំ ។ ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីរបស់ព្រះនៅលើផែនដីនេះ លោកគឺជាគំរូដ៏អស្ចារ្យពីរបៀបដែលយើងគួរតែធ្វើការងារបម្រើដល់អ្នកដទៃនៅអំឡុងពេលការសាកល្បងដ៏លំបាកៗ ។ ខ្ញុំសូមសរុបនូវការថ្លែងទីបន្ទាល់របស់ខ្ញុំជាមួយពួកបរិសុទ្ធជាច្រើនទៀតថា ព្រះគឺជាព្រះវរបិតាសួគ៌ដែលពេញដោយសេចក្តីស្រឡាញ់របស់យើង ។ ខ្ញុំបានទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏និរន្តររបស់ទ្រង់នៅអំឡុងពេលថ្ងៃអាក្រក់ទាំងឡាយរបស់ខ្ញុំ ។ ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើងជ្រាបដឹងពីការឈឺចាប់ និងទុក្ខលំបាករបស់យើង ។ ទ្រង់មានព្រះទ័យចង់បញ្ឈប់បន្ទុករបស់យើង ហើយលួងលោមយើង ។ យើងត្រូវតែធ្វើតាមគំរូរបស់ទ្រង់ តាមរយៈការបម្រើ និងការធ្វើការងារបម្រើដល់អស់អ្នកដែលមានបន្ទុកធ្ងន់ជាងយើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕