តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី ?
អំណាចប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះ មិនមែនគ្រាន់តែជាសមត្ថភាពរបស់ទ្រង់ដើម្បីព្យាបាលខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែប្រហែលជាកាន់តែសំខាន់នោះ គឺសមត្ថភាពរបស់ទ្រង់ដើម្បីព្យាបាលដួងចិត្តយើង ។
មិនយូរប៉ុន្មាន បន្ទាប់ពីបេសកកម្មរបស់ខ្ញុំ ពេលជានិសិត្សមួយរូបនៅ សាកលវិទ្យាល័យព្រិកហាំយ៉ង់ខ្ញុំបានទទួលទូរសព្ទហៅមកពីប៉ារបស់ខ្ញុំ ។ គាត់បានប្រាប់ខ្ញុំថា គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកលំពែង ហើយថា ទោះបីជាមានឱកាសក្នុងការរស់តិចតួចក្ដី ក៏គាត់ប្ដេជ្ញាចិត្តដើម្បីបានជាសះស្បើយ ហើយត្រឡប់ទៅសកម្មភាពជីវិតធម្មតារបស់គាត់វិញដែរ ។ ការសន្ទនាតាមទូរស័ព្ទនោះគឺជាពេលដែលគួរឲ្យព្រួយបារម្ភសម្រាប់ខ្ញុំ ។ ប៉ាខ្ញុំធ្លាប់ជាប៊ីស្សពរបស់ខ្ញុំ មិត្តរបស់ខ្ញុំ និងជាអ្នកប្រឹក្សារបស់ខ្ញុំ ។ ពេលដែលម្ដាយ បងប្អូនរបស់ខ្ញុំ និងខ្ញុំបានពិចារណាពីអនាគត វាហាក់ដូចជាអាប់អួរណាស់ ។ ប្អូនប្រុសរបស់ខ្ញុំ ដេវ កំពុងបម្រើបេសកកម្មនៅនូវយ៉ក ហើយបានចូលរួមពីចម្ងាយនៅក្នុងព្រឹត្តិការណ៍គ្រួសារដ៏លំបាកទាំងនេះ ។
អ្នកផ្ដល់សេវាវេជ្ជសាស្ត្រនៅពេលនោះបានផ្ដល់យោបល់ឲ្យធ្វើការវះកាត់ ដើម្បីសាកល្បង និងកាត់បន្ថយការរីករាលដាលនៃមហារីកនោះ ។ គ្រួសារយើងបានតមអាហារ ហើយអធិស្ឋានដោយស្មោះអស់ពីចិត្តដើម្បីបានទទួលអព្ភូតហេតុមួយ ។ ខ្ញុំមានអារម្មណ៍ថា ពួកយើងមានសេចក្ដីជំនឿគ្រប់គ្រាន់ ដើម្បីឲ្យប៉ាខ្ញុំអាចបានជាសះស្បើយ ។ មុននឹងធ្វើការវះកាត់ បងប្រុសខ្ញុំ ណម និងខ្ញុំបានប្រសិទ្ធពរឲ្យប៉ាខ្ញុំ ។ ជាមួយនឹងសេចក្ដីជំនឿទាំងអស់ដែលយើងអាចប្រមូលផ្ដុំបាន យើងបានអធិស្ឋានថាគាត់នឹងបានជាសះស្បើយ ។
ការវះកាត់នោះត្រូវចំណាយពេលជាច្រើនម៉ោង ប៉ុន្តែបន្ទាប់ពីរយៈពេលខ្លីមួយ វេជ្ជបណ្ឌិតបាន ដើរមកកាន់បន្ទប់រង់ចាំដើម្បីជួបនឹងគ្រួសារយើង ។ គាត់បានប្រាប់យើងថា ពេលដែលពួកគេបានចាប់ផ្ដើមធ្វើការការវះកាត់ ពួកគេរកឃើញថា មហារីកនោះបានរាលដាលពេញទាំងរាងកាយប៉ាខ្ញុំរួចបាត់ទៅហើយ ។ ផ្អែកទៅលើអ្វីដែលពួកគេសង្កេតឃើញ នោះប៉ាខ្ញុំអាចរស់នៅបានតែពីរបីខែទៀតប៉ុណ្ណោះ ។ យើងខូចចិត្តខ្លាំងណាស់ ។
ពេលដែលប៉ាខ្ញុំបានដឹងខ្លួនពីការវះកាត់ គាត់បានអន្ទះសាចង់ដឹងថាការវះកាត់បានទទួលជោគជ័យឬក៏អត់ ។ យើងបានប្រាប់គាត់ពីដំណឹងដ៏ក្រៀមក្រំនោះ ។
យើងបានបន្តតមអាហារ ហើយអធិស្ឋាន ដើម្បីបានទទួលអព្ភូតហេតុមួយ ។ ពេលដែលសុខភាពប៉ាខ្ញុំបានធ្លាក់ចុះយ៉ាងគំហុក នោះយើងបានចាប់ផ្ដើមអធិស្ឋានដើម្បីឲ្យគាត់អាចរួចផុតពីការឈឺចាប់ ។ នៅទីបំផុត ពេលដែលស្ថានភាពរបស់គាត់កាន់តែចុះដុនដាបទៅ នោះយើងបានទូលសូមឲ្យព្រះអម្ចាស់អនុញ្ញាតឲ្យគាត់បានឆ្លងផុតវាឲ្យឆាប់ ។ ប៉ុន្មានខែបន្ទាប់ពីការវះកាត់ ដូចដែលបានប្រាប់ទុកជាមុនដោយវេជ្ជបណ្ឌិតវះកាត់ ប៉ាខ្ញុំបានទទួលមរណភាព ។
សមាជិកវួដ និងមិត្តជិតដិតបានស្រោចស្រពសេចក្ដីស្រឡាញ់ និងការខ្វល់ខ្វាយយ៉ាងច្រើនមកលើគ្រួសារយើង ។ យើងមានពិធីបុណ្យសពដ៏ល្អដែលបានឧទ្ទិសដល់ជីវិតរបស់ប៉ាខ្ញុំ ។ ទោះជាយ៉ាងណា កាលដែលពេលវេលាបានកន្លងទៅ យើងបានដកពិសោធន៍នូវការឈឺចាប់ពីការអវត្តមានប៉ារបស់ខ្ញុំ ខ្ញុំបានចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីប៉ាខ្ញុំមិនបានជាសះស្បើយ ។ ខ្ញុំបានឆ្ងល់ថា តើសេចក្ដីជំនឿរបស់ខ្ញុំមិនរឹងមាំគ្រប់គ្រាន់មែនដែរឬទេ ។ ហេតុអ្វីគ្រួសារមួយចំនួនបានទទួលអព្ភូតហេតុ ប៉ុន្តែគ្រួសារយើងមិនបានទទួលទៅវិញ ? ខ្ញុំបានរៀនក្នុងបេសកកម្មរបស់ខ្ញុំថា ត្រូវបែរទៅរកព្រះគម្ពីរដើម្បីទទួលបានចម្លើយ ដូច្នេះខ្ញុំបានចាប់ផ្ដើមស្រាវជ្រាវក្នុងព្រះគម្ពីរ ។
ព្រះគម្ពីរសញ្ញាចាស់បង្រៀនអំពីគ្រឿងទេសដែលមានក្លិនឈ្ងុយ ឬប្រេងលាប ដែលបានប្រើសម្រាប់ព្យាបាលរបួស ដែលបានធ្វើឡើងពីដើមប្រទាលម្យ៉ាងដែលដុះនៅស្រុកកាឡាត ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ប្រេងលាបនោះត្រូវបានគេស្គាល់ថាជា « ប្រទាលមុខសះនៅស្រុកកាឡាត » ។១ ព្យាការី យេរាមា បានទួញសោកដោយសារតែសេចក្ដីលំបាកដែលលោកបានសង្កេតឃើញក្នុងចំណោមប្រជាជនលោក ហើយសង្ឃឹមចង់បានការជាសះស្បើយ ។ យេរេមាបានសួរថា « តើគ្មានប្រទាលមុខសេះនៅស្រុកកាឡាតទេឬអី ? »២ តាមរយៈអក្សរសិល្ប៍ តន្ត្រី និងសិល្បៈ ជាញឹកញាប់ ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទត្រូវបានសំដៅដល់ថាជាប្រទាលមុខសេះនៅស្រុកកាឡាត ដោយសារតែអំណាចប្រោសឲ្យជាដ៏អស្ចារ្យរបស់ទ្រង់ ។ ដូចយេរេមាដែរ ខ្ញុំឆ្ងល់ថា « តើគ្មានប្រទាលមុខសេះនៅស្រុកកាឡាតទេឬអី ? »
នៅក្នុង ម៉ាកុស ជំពូក ២ នៃព្រះគម្ពីរសញ្ញាថ្មី យើងឃើញព្រះអង្គសង្គ្រោះនៅក្រុងកាពើណិម ។ ការនិយាយអំពីអំណាចប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះបានសាយពាសពេញដែនដី ហើយមនុស្សជាច្រើនបានធ្វើដំណើរទៅក្រុងកាពើណិម ដើម្បីបានការព្យាបាលពីព្រះអង្គសង្គ្រោះ ។ មានមនុស្សជាច្រើនប្រមូលផ្ដុំគ្នានៅជុំវិញផ្ទះដែលព្រះអង្គសង្គ្រោះគង់នៅ ដែលពុំមានបន្ទប់គ្រប់គ្រាន់ដើម្បីឲ្យទ្រង់ទទួលពួកគេទាំងអស់នោះទេ ។ មានមនុស្សបួននាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់មកដើម្បីឲ្យព្រះអង្គសង្គ្រោះព្យាបាល ។ ពួកគេមិនអាចធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្សបានទេ ដូច្នេះពួកគេបានបើកដំបូលផ្ទះ ហើយបានសម្រូតមនុស្សឈឺនោះចុះមកក្រោមឲ្យជួបនឹងព្រះអង្គសង្គ្រោះ ។
ពេលខ្ញុំអានដំណើររឿងនេះ ខ្ញុំភ្ញាក់ផ្អើលចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល ពេលទ្រង់បានជួបនឹងបុរសនេះ ៖ « កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ » ។៣ ខ្ញុំបានគិតថា ប្រសិនបើខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមបួននាក់ដែលបានសែងបុរសនេះ ខ្ញុំអាចនឹងទូលទៅកាន់ព្រះអង្គសង្គ្រោះថា « តាមពិតទៅយើងនាំគាត់មកទីនេះដើម្បីបានការព្យាបាលឲ្យជា » ។ ខ្ញុំគិតថា ព្រះអង្គសង្គ្រោះប្រហែលជាតបមកវិញថា « យើងពិតជាបានព្យាបាលគាត់ » ទេដែលខ្ញុំមិនបានយល់ច្បាស់—ថាអំណាចប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះ មិនមែនគ្រាន់តែជាសមត្ថភាពរបស់ទ្រង់ដើម្បីព្យាបាលខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែប្រហែលជាកាន់តែសំខាន់នោះគឺសមត្ថភាពរបស់ទ្រង់ដើម្បីព្យាបាលដួងចិត្តយើង និងចិត្តខ្ទេចខ្ទាំរបស់គ្រួសារខ្ញុំ ?
ព្រះអង្គសង្គ្រោះបានបង្រៀនពីមេរៀនដ៏សំខាន់មួយតាមរយៈបទពិសោធន៍នេះ ពេលដែលទីបំផុតទ្រង់បានប្រោសឲ្យបុរសនេះបានជាខាងរាងកាយ ។ វាកាន់តែច្បាស់ចំពោះខ្ញុំថា សាររបស់ទ្រង់គឺថា ទ្រង់អាចប៉ះភ្នែកពួកអ្នកដែលខ្វាក់ ហើយពួកគេអាចមើលឃើញ ។ ទ្រង់អាចពាល់ត្រចៀកពួកអ្នកដែលថ្លង់ ហើយពួកគេអាចស្ដាប់ឮ ។ ទ្រង់អាចពាល់ជើងពួកអ្នកដែលមិនអាចដើរ ហើយពួកគេអាចដើរ ។ ទ្រង់អាចព្យាបាលភ្នែក ត្រចៀក និងជើងយើង ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ទ្រង់អាចព្យាបាលដួងចិត្តរបស់យើង កាលដែលទ្រង់សម្អាតយើងពីអំពើបាប ហើយលើកយើងឡើងឲ្យឆ្លងកាត់ការសាកល្បងដ៏លំបាកនានា ។
ពេលដែលព្រះអង្គសង្គ្រោះយាងមកជួបនឹងប្រជាជនក្នុងព្រះគម្ពីរមរមន បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់មានបន្ទូលជាថ្មីអំពីអំណាចប្រោសឲ្យជារបស់ទ្រង់ ។ ពួកសាសន៍នីហ្វៃឮព្រះសូរសៀងរបស់ទ្រង់ពីស្ថានសួគ៌ថា « តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿ ដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? »៤ ក្រោយមកទៀត ព្រះអង្គសង្គ្រោះបង្រៀនថា « ដ្បិតចំពោះអ្នកនោះហើយដែលត្រូវធ្វើការងារបម្រើ ដ្បិតអ្នករាល់គ្នាពុំដឹងថា ដល់ពេលណាទេដែលអ្នកនោះនឹងត្រឡប់មកវិញ ហើយប្រែចិត្ត ហើយមករកយើងដោយអស់ពីដួងចិត្ត ហើយ យើងនឹងប្រោសឲ្យគេបានជា » ។៥ ព្រះអង្គសង្គ្រោះមិនបានយោងទៅការព្យាបាលខាងរាងកាយទេ ប៉ុន្តែយោងទៅការព្យាបាលខាងវិញ្ញាណនៃព្រលឹងរបស់ពួកគេវិញ ។
មរ៉ូណៃនាំមកនូវការយល់ដឹងបន្ថែមទៀត កាលដែលលោកចែកចាយពីពាក្យសម្ដីរបស់ឪពុកលោក គឺមរមន ។ បន្ទាប់ពីនិយាយអំពីអព្ភូតហេតុនានា មរមនពន្យល់ថា « ហើយព្រះគ្រីស្ទទ្រង់មានព្រះបន្ទូលថា ៖ បើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿជឿដល់យើង នោះអ្នករាល់គ្នានឹងមានអំណាច ប្រយោជន៍នឹងធ្វើនូវអ្វីៗដែលជាការចំបាច់ដល់យើង » ។៦ ខ្ញុំបានរៀនថា គោលដៅនៃសេចក្ដីជំនឿរបស់ខ្ញុំគឺត្រូវតែជាព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំត្រូវទទួលយកនូវអ្វីដែលជាការចាំបាច់ដល់ទ្រង់ ពេលដែលខ្ញុំអនុវត្តសេចក្ដីជំនឿលើទ្រង់ ។ ឥឡូវនេះខ្ញុំយល់ថា ការស្លាប់របស់ប៉ាខ្ញុំគឺជាការចាំបាច់ដល់ផែនការរបស់ព្រះ ។ ឥឡូវនេះ កាលដែលខ្ញុំដាក់ដៃលើក្បាលមនុស្សម្នាក់ផ្សេងទៀតដើម្បីប្រសិទ្ធពរគាត់ ឬនាង នោះសេចក្ដីជំនឿរបស់ខ្ញុំគឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំយល់ថា មនុស្សម្នាក់អាច ហើយនឹងបានជាសះស្បើយខាងរាងកាយ ប្រសិនបើវាជាការចាំបាច់ដល់ព្រះគ្រីស្ទ ។
ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះដែលធ្វើឲ្យមានទាំងអំណាចប្រោសលោះ និងអំណាចដែលធ្វើឲ្យកើតឡើងរបស់ទ្រង់ គឺជាពរជ័យដ៏ខ្ពស់បំផុតដែលដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទផ្ដល់ដល់មនុស្សទាំងអស់ ។ ពេលដែលយើងប្រែចិត្តដោយមានគោលបំណងនៃដួងចិត្តដ៏ពេញលេញ នោះព្រះអង្គសង្គ្រោះសម្អាតយើងពីអំពើបាប ។ ពេលដែលយើងចុះចូលឆន្ទៈរបស់យើងដោយរីករាយចំពោះព្រះវរបិតា សូម្បីតែនៅក្នុងស្ថានភាពដ៏ពិបាកបំផុតក៏ដោយ នោះព្រះអង្គសង្គ្រោះនឹងលើកបន្ទុករបស់យើង ហើយធ្វើឲ្យវាស្រាល ។៧
ប៉ុន្តែ នេះជាមេរៀនកាន់តែអស្ចារ្យដែលខ្ញុំបានរៀន ។ ខ្ញុំបានជឿទាំងខុសថា អំណាចប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះមិនមានប្រសិទ្ធភាពសម្រាប់គ្រួសារខ្ញុំ ។ ឥឡូវនេះ ពេលដែលខ្ញុំបានក្រឡេកមើលទៅវិញជាមួយនឹងភ្នែកដែលចាស់ទុំជាងមុន នោះខ្ញុំឃើញអំណាចប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះយ៉ាងជាក់ស្ដែងនៅក្នុងជីវិតសមាជិកគ្រួសាររបស់ខ្ញុំម្នាក់ៗ ។ ខ្ញុំបានមានការភាន់ច្រឡំពីការព្យាបាលខាងរាងកាយ ដែលខ្ញុំមិនបានមើលឃើញពីអព្ភូតហេតុទាំងឡាយដែលបានកើតឡើង ។ ព្រះអម្ចាស់បានពង្រឹង និងលើកស្ទួយម្ដាយខ្ញុំលើសពីសមត្ថភាពរបស់គាត់ឲ្យឆ្លងកាត់ការសាកល្បងដ៏លំបាកនេះ ហើយគាត់បានរស់នៅក្នុងជីវិតដ៏យូរអង្វែង និងល្អប្រសើរ ។ គាត់មានឥទ្ធិពលវិជ្ជមានដ៏អស្ចារ្យលើកូនៗ និងចៅៗរបស់គាត់ ន់មួយនៃជីវិតយើង ហើយបន្តរហូតមកដល់សព្វថ្ងៃនេះ ។
ប៉ុន្តែចុះប៉ាខ្ញុំវិញនោះ ? ដូចជាមនុស្សទាំងអស់ដែលនឹងប្រែចិត្ត នោះគាត់បានជាសះស្បើយខាងវិញ្ញាណ ពេលដែលគាត់បានស្វែងរក និងបានទទួលពរជ័យដែលមាន តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ គាត់បានទទួលការផ្ដាច់បាបរបស់គាត់ ហើយឥឡូវនេះរង់ចាំអព្ភូតហេតុនៃការរស់ឡើងវិញ ។ សាវកប៉ុលបានបង្រៀនថា « ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។៨ បងប្អូនឃើញទេ ខ្ញុំកំពុងទូលទៅព្រះអង្គសង្គ្រោះថា « ពួកទូលបង្គំបាននាំឪពុកទូលបង្គំមកដើម្បីព្រះអង្គប្រោសគាត់ឲ្យជា » ហើយឥឡូវវាបង្ហាញយ៉ាងច្បាស់ដល់ខ្ញុំថា ព្រះអង្គសង្គ្រោះពិតជាបានប្រោសគាត់ឲ្យជាមែន ។ ប្រទាលមុខសះនៅស្រុកកាឡាតបានមានប្រសិទ្ធភាពសម្រាប់គ្រួសារនែលសុន—មិនមែនតាមរបៀបដែលយើងស្មានដល់នោះទេ ប៉ុន្តែក្នុងរបៀបដែលកាន់តែចាំបាច់បំផុត ដែលបានផ្ដល់ពរជ័យ និងបន្តផ្ដល់ពរជ័យដល់ជីវិតពួកយើង ។
នៅក្នុង យ៉ូហាន ជំពូក ៦ ក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះអង្គសង្គ្រោះបានធ្វើអព្ភូតហេតុដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ។ ព្រះអង្គសង្គ្រោះបានផ្ដល់ចំណីដល់មនុស្ស ៥០០០ នាក់ ជាមួយនឹងត្រីតែពីរបី និងនំប៉័ងបន្តិចបន្ដួចប៉ុណ្ណោះ យនៃបទពិសោធន៍នោះ ដែលខ្ញុំមិនបានមើលឃើញ ដែលឥឡូវនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅដល់ខ្ញុំ ។ បន្ទាប់ពីព្រះអង្គសង្គ្រោះបានផ្ដល់អាហារដល់មនុស្ស ៥០០០ នាក់ហើយនោះ ទ្រង់សុំឲ្យពួកសិស្សរបស់ទ្រង់ទៅប្រមូលអាហារដែលនៅសល់ ដែលប្រមូលបានពេញ ១២ កន្ត្រក ។ ខ្ញុំបានងឿងឆ្ងល់ថា ហេតុអ្វីព្រះអង្គសង្គ្រោះបានយកពេលវេលាដើម្បីធ្វើរឿងនោះ ។ វាកាន់តែច្បាស់ចំពោះខ្ញុំថា មេរៀនមួយដែលយើងអាចរៀនចេញពីឱកាសនោះគឺ ៖ ទ្រង់អាចផ្ដល់អាហារដល់មនុស្ស ៥០០០ នាក់ ហើយនៅសល់ទៀត ។ « គុណរបស់យើងមានគ្រប់គ្រាន់សម្រាប់អ្នក » ។៩ អំណាចនៃការប្រោសលោះ និងអំណាចប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះ អាចគ្របដណ្ដប់គ្រប់អំពើបាប របួស ឬការសាកល្បង មិនថាវាធំ ឬពិបាកប៉ុណ្ណានោះទេ—ហើយមាននៅសល់ទៀតផង ។ ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ ។
ជាមួយនឹងការចេះដឹងនោះ យើងអាចឆ្ពោះទៅមុខដោយសេចក្ដីជំនឿ ដោយដឹងថា ពេលដែលគ្រាលំបាកចូលមកដល់—ហើយពិតណាស់វានឹងមក—ឬពេលដែលអំពើបាបហ៊ុំព័ទ្ធជីវិតយើង នោះព្រះអង្គសង្គ្រោះគង់នៅជាមួយ « អំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប »១០របស់ទ្រង់ ដោយអញ្ជើញយើងឲ្យមករកទ្រង់ ។
ខ្ញុំសូមថ្លែងជាសាក្សីដល់បងប្អូនអំពីប្រទាលមុខសះនៅស្រុកកាឡាតថាជាព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ព្រះប្រោសលោះរបស់យើង និងនៃអំណាចប្រោសឲ្យជារបស់ទ្រង់ ។ ខ្ញុំសូមថ្លែងជាសាក្សីអំពីព្រះរាជបំណងរបស់ទ្រង់ក្នុងការប្រោសឲ្យជាដល់បងប្អូន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕