គេហដ្ឋាននៃរបៀបរៀបរយ
« របៀបរៀបរយ វគោលការណ៍សំខាន់ៗទាំងឡាយ ។
នៅក្នុងជីវិតការងាររបស់ខ្ញុំ និងនៅក្នុងការបម្រើក្នុងសាសនាចក្រ ខ្ញុំបានធ្វើរឿងនេះរាប់ពាន់ដងហើយ—ប៉ុន្តែក្រោយបុរសទាំង ១៥ រូបនេះ ដែលអង្គុយនៅពីខាងក្រោយខ្ញុំផ្ទាល់នេះ ។ ខ្ញុំទទួលអារម្មណ៍ដឹងអំពីការអធិស្ឋានរបស់បងប្អូន និងពួកលោក ។
បងប្អូនប្រុសស្រី ខ្ញុំមានដើមកំណើតមកពីអាណាចក្រតុងហ្គានៅប៉ាស៊ីហ្វិកខាងត្បូង ប៉ុន្តែបានធំឡើងនៅអាមេរិកខាងជើង ។ ជំងឺរាតត្បាតបានធ្វើឲ្យមនុស្សរាប់រយនាក់ ដែលប្រហែលជាមានអ្នកផ្សព្វផ្សាយសាសនាតុងហ្គោវ័យក្មេងរាប់ពាន់នាក់ដែលកំពុងបម្រើនៅជុំវិញពិភពលោក ពុំបានឲ្យវិលត្រឡប់មកមាតុភូមិជាទីស្រឡាញ់វិញដោយសារតែការបិទព្រំដែន ។ មានអែលឌើរជនជាតិតុងហ្គាខ្លះបានបម្រើបេសកកម្មអស់រយៈពេលបីឆ្នាំ ហើយស៊ីស្ទើរខ្លះបម្រើលើសពីពីរឆ្នាំទៅទៀត ! ពួកគេរង់ចាំយ៉ាងអត់ធ្មត់ដោយជំនឿ ដូចដែលយើងបានដឹង ។ នៅពេលនេះ សូមកុំភ័យស្លន់ស្លោ ប្រសិនបើឃើញពួកអ្នកផ្សព្វផ្សាយសាសនាខ្លះបម្រើនៅវួដ និងស្តេករបស់បងប្អូន មើលទៅមានរូបរាងដូចខ្ញុំ—ចាស់ ហើយសក់ស្កូវនោះ ។ យើងមានអំណរគុណចំពោះអ្នកផ្សព្វផ្សាយសាសនានៅគ្រប់ទីកន្លែងសម្រាប់ការបម្រើដ៏លះបង់របស់ពួកគេ ទោះបីការបម្រើនោះយូរ ឬឆាប់ជាងអ្វីដែលពួកគេបានរំពឹងទុកដោយសារជំងឺរាតត្បាតក៏ដោយ ។
ថ្ងៃអាទិត្យមួយ កាលខ្ញុំជាឌីកុន ខ្ញុំបាននៅកន្លែងទទួលភ្ញៀវ ដោយមានកាន់ថាសទឹកសម្រាប់ចែកសាក្រាម៉ង់ ពេលនោះមានស្ត្រីម្នាក់ដើរចូលមកក្នុងអគារ ។ ខ្ញុំបានទៅជិត ហើយហុចថាសឲ្យទៅគាត់តាមកាតព្វកិច្ចខ្ញុំ ។ គាត់បានងក់ក្បាល ញញឹម ហើយបានចាប់យកពែងទឹក ។ គាត់បានមកយឺតមិនទាន់ពេលទទួលនំប៉័ង ។ មិនយូរប៉ុន្មានក្រោយពីបទពិសោធន៍នេះ គ្រូបង្រៀនតាមផ្ទះរបស់ខ្ញុំ បងប្រុស ណេដ ប្រីមលី បានបង្រៀនខ្ញុំថា ទិដ្ឋភាព និងពរជ័យជាច្រើននៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានប្រទានដល់យើងទៅតាមរបៀបរៀបរយ ។
នៅចុងសប្តាហ៍នោះ បងប្រុសណេដ និងដៃគូរបស់គាត់បានមកផ្ទះរបស់ពួកយើងបង្រៀនមេរៀនមួយដែលពុំអាចបំភ្លេចបាន ។ បងប្រុស ណេដបានរំឭកយើងថា ព្រះបានបង្កើតផែនដីតាមលំដាប់លំដោយ ។ ព្រះអម្ចាស់បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងពន្យល់ដល់ម៉ូសេអំពីលំដាប់លំដោយដែលទ្រង់បានបង្កើតផែនដី ។ ដំបូង ទ្រង់បានចាប់ផ្តើមដោយញែកពន្លឺពីងងឹត បន្ទាប់មកញែកទឹកពីដីគោក ។ ទ្រង់បានបន្ថែមរុក្ខជាតិមានជីវិត និងសត្វ មុនពេលដាក់ការបង្កើតដ៏អស្ចារ្យបំផុតរបស់ទ្រង់នៅលើភពដែលទើបតែបង្កើតថ្មីនេះ ៖ គឺជាមនុស្សលោក ដែលចាប់ផ្តើមឡើងដោយអ័ដាម និងនាងអេវ៉ា ។
« ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី ។…
« រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ » ( លោកុប្បត្តិ ១:២៧, ៣១ ) ។
ព្រះអម្ចាស់សព្វព្រះទ័យណាស់ ។ ហើយទ្រង់ក៏សម្រាកនៅថ្ងៃទីប្រាំពីរ ។
របៀបរៀបរយដែលផែនដីត្រូវបានបង្កើតឡើង មិនត្រឹមតែផ្តល់ឲ្យយើងឃើញនូវអ្វីដែលសំខាន់បំផុតចំពោះព្រះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដឹងអំពីមូលហេតុ ថាតើទ្រង់បង្កើតផែនដីឲ្យអ្នកណា ។
បងប្រុស ណេដ ប្រីមលី បានវែកញែកមេរៀនដ៏បំផុសគំនិតរបស់គាត់ដោយសេចក្តីថ្លែងការណ៍ដ៏សាមញ្ញមួយថា « វៃ ដំណាក់របស់ព្រះគឺដំណាក់នៃរបៀបរៀបរយ ។ ទ្រង់រំពឹងចង់ឲ្យប្អូនរស់នៅក្នុងជីវិតដែលមានរបៀបរៀបរយ ។ តាមរបៀបរៀបរយត្រឹមត្រូវ ។ ទ្រង់សព្វព្រះទ័យឲ្យប្អូនបម្រើបេសកកម្មមុនពេលប្អូនរៀបការ » ។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំរបស់សាសនាចក្រនាពេលបច្ចុប្បន្ននេះបង្រៀនថា « ព្រះអម្ចាស់រំពឹងថាយុវជនដែលមានសមត្ថភាពម្នាក់ៗឲ្យត្រៀមខ្លួនដើម្បីបម្រើ ។ … យុវនារី … ដែលមានបំណងចង់បម្រើក៏គួរតែរៀបចំខ្លួនផងដែរ » ។ ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ២៤.0 ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ បងប្រុស ប្រីមលី បានបន្តថា « ព្រះសព្វព្រះទ័យចង់ឲ្យប្អូនរៀបការមុនពេលប្អូនមានកូន ។ ហើយទ្រង់សព្វព្រះទ័យចង់ឲ្យប្អូនបន្តអភិវឌ្ឍទេពកោសល្យរបស់ប្អូននៅពេលប្អូនទទួលបានការអប់រំ » ។ ប្រសិនបើបងប្អូនជ្រើសរើសរបៀបរស់នៅរបស់បងប្អូនពុំទៅតាមរបៀបរៀបរយទេ នោះបងប្អូននឹងឃើញថាជីវិតកាន់តែពិបាក និងវឹកវរ ។
បងប្រុសប្រីមលីក៏បានបង្រៀនយើងថាតាមរយៈពលិកម្មដ៏ធួនរបស់ទ្រង់ ព្រះអង្គសង្រ្គោះជួយយើងស្តារសណ្តាប់ធ្នាប់ក្នុងជីវិតរបស់យើង ដែលវាមានភាពច្របូកច្របល់ ឬពុំមានរបៀបរៀបរយដោយសារតែជម្រើសមិនល្អរបស់យើង ឬរបស់អ្នកដទៃនោះឡើងវិញ ។
ចាប់តាំងពីពេលនោះមក ខ្ញុំចាប់អារម្មណ៍លើពាក្យ « របៀបរៀបរយ » ។ ខ្ញុំបានបង្កើតទម្លាប់មួយនៃការស្វែងរកគំរូរបៀបរៀបរយទាំងនៅក្នុងជីវិត និងនៅក្នុងដំណឹងល្អ ។
អែលឌើរ ដេវីឌ អេបែដណា បានបង្រៀនគោលការណ៍នេះថា « នៅពេលយើងសិក្សា រៀនសូត្រ និងរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាញឹកញាប់របៀបរៀបរយគឺជាការណែនាំ » ។ ឧទាហរណ៍ សូមពិចារណាពីមេរៀនដែលយើងរៀនអំពីអាទិភាពខាងវិញ្ញាណ ទៅតាមលំដាប់នៃព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើង នៅពេលភាពពេញលេញនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះត្រូវបានស្ដារឡើងវិញនៅថ្ងៃចុងក្រោយនេះ » ។
អែលឌើរ បែដណា បានរៀបរាប់ពីការនិមិត្តដំបូង និងការបង្ហាញកាយរបស់មរ៉ូណៃចំពោះ យ៉ូសែប ស្ម៊ីធ បង្រៀនដល់យុវជនជាព្យាការីដំបូងគេនោះអំពីលក្ខណៈ និងចរិតលក្ខណៈរបស់ព្រះ បន្ទាប់មកបង្រៀនពីតួនាទីរបស់ព្រះគម្ពីរមរមន និងព្យាការី អេលីយ៉ា នៅក្នុងការប្រមូលវង្សអ៊ីស្រាអែលនៅទាំងសងខាងនៃវាំងននក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។
អែលឌើរ បែដណា បញ្ចប់ថា « របៀបរៀបរយដ៏បំផុសគំនិតនេះ គឺជាការណែនាំ អំពីបញ្ហាខាងវិញ្ញាណដែលមានអាទិភាពខ្ពស់ចំពោះព្រះ » ( « The Hearts of the Children Shall Turn » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១១ ) ។
ខ្ញុំសង្កេតឃើញថា « របៀបរៀបរយ » គឺជាវិធីដ៏សាមញ្ញ ធម្មតា និងមានប្រសិទ្ធភាពមួយដើម្បីព្រះអម្ចាស់បង្រៀនយើង ដែលជាបុត្រាបុត្រីរបស់ទ្រង់នូវគោលការណ៍សំខាន់ៗទាំងឡាយ ។
យើងមកផែនដីដើម្បីរៀន និងទទួលបានបទពិសោធន៍ដែលយើងពុំអាចមាន បើពុំមកកាន់ផែនដីនេះ ។ ការរីកចម្រើនរបស់យើងគឺមានលក្ខណៈពិសេសចំពោះយើងម្នាក់ៗ ហើយវាជាសមាសធាតុដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ។ ការលូតលាស់ខាងរាងកាយ និងខាងវិញ្ញាណរបស់យើងចាប់ផ្តើមជាដំណាក់កាល ហើយវិវត្តបន្តិចម្តងៗ នៅពេលយើងទទួលបានបទពិសោធន៍តាមរបៀបរៀបរយ ។
អាលម៉ាថ្លែងទេសនកថាដ៏មានឥទ្ធិពលអំពីជំនឿ—ដោយលើកយកការបៀបធៀបនៃគ្រាប់ពូជថា ប្រសិនបើមើលថែទាំ និងបំប៉នឲ្យបានត្រឹមត្រូវ នោះវានឹងដុះពន្លកពីដើមតូចមួយទៅជាដើមដ៏ធំ ហើយបង្កើតបានផ្លែដ៏ឆ្ងាញ់ ( សូមមើលអាលម៉ា ៣២:២៨–៤៣ ) ។ មេរៀននេះគឺថា ជំនឿរបស់បងប្អូននឹងរីកចម្រើនឡើង នៅពេលបងប្អូនទុកកន្លែងមួយ និងបំប៉នគ្រាប់ពូជ—ឬ ព្រះបន្ទូលរបស់ព្រះនៅក្នុងចិត្តបងប្អូន ។ ជំនឿរបស់បងប្អូននឹងរីកចម្រើន នៅពេលព្រះបន្ទូលរបស់ព្រះចាប់ផ្តើម « រីកឡើងនៅក្នុងទ្រូងរបស់បងប្អូន » ( ខទី ២៨ ) ។ ថា « នៅពេលគ្រាប់ពូជនោះរីក និងពន្លក ហើយចាប់ផ្ដើមដុះ » ( ខទី ៣០ ) នោះវាមានទាំងការមើលឃើញ និងការណែនាំ ។ វាក៏មានលក្ខណៈតាមរបៀបរៀបរយដែរ ។
ព្រះអម្ចាស់បង្រៀនយើងម្នាក់ៗទៅតាមសមត្ថភាព និងរបៀបដែលយើងរៀន ។ ការរីកចម្រើនរបស់យើងគឺពឹងផ្អែកទៅលើឆន្ទៈ ការចង់ដឹងចេញពីចិត្ត កម្រិតនៃជំនឿ និងការយល់ដឹងរបស់យើង ។
នីហ្វៃត្រូវបានបង្រៀនពីអ្វីដែល យ៉ូសែប ស៊្មីធ នឹងរៀននៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ជាង ២.៣០០ ឆ្នាំក្រោយមកថា « ដ្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងនឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច នេះមានពរហើយ ដល់អស់អ្នកណាដែលប្រុងស្ដាប់តាមសិក្ខាបទទាំងឡាយរបស់យើង ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យទូន្មានរបស់យើង ដ្បិតពួកគេនឹងមានប្រាជ្ញា » ( នីហ្វៃ ទី ២ ២៨:៣០ ) ។
យើងរៀន « មួយបន្ទាត់ម្តងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច » នេះគឺជារបៀបរៀបរយម្ដងទៀតហើយ ។
សូមពិចារណានូវសេចក្តីថ្លែងការណ៍ខាងក្រោមនេះដែលយើងបានឮស្ទើរតែអស់មួយជីវិតរបស់យើង ៖ « អ្វីដែលសំខាន់ ត្រូវធ្វើមុនគេ » ឬ « ឲ្យទឹកដោះគោពួកគេផឹក មុនឲ្យសាច់ពួកគេបរិភោគ » ។ និង « សន្សឹមកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា » ? ពាក្យសម្តីនីមួយៗទាំងនេះសុទ្ធតែពិពណ៌នាអំពីអ្វីមួយដែលមានរបៀបរៀបរយ ។
អព្ភូតហេតុដំណើរការទៅតាមរបៀបរៀបរយ ។ អព្ភូតហេតុកើតឡើង នៅពេលយើងអនុវត្តសេចក្តីជំនឿជាមុន ។ ជំនឿកើតមុនអព្ភូតហេតុ ។
យុវជនគឺទទួលតែងតាំងតំណែងនៃបព្វជិតភាពអើរ៉ុនតាមរបៀបរៀបរយ ស្របតាមអាយុនៃបុគ្គលម្នាក់ៗដែលត្រូវតែងតាំងនោះផងដែរដូចជា ៖ ឌីកុន, គ្រូ, និងសង្ឃ ។
ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពលើកតម្កើងគឺមានរបៀបរៀបរយរបស់វា ។ យើងទទួលបុណ្យជ្រមុជពីមុនទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ពិធីបរិសុទ្ធនានានៃព្រះវិហារបរិសុទ្ធមានរបៀបរៀបរយដូចគ្នា ។ ជាការពិតណាស់ ដូចដែលមិត្តខ្ញុំឈ្មោះ ណេដ ប្រីមលី បានបង្រៀនខ្ញុំយ៉ាងប៉ិនប្រសព្វថា ពិធីសាក្រាម៉ង់ គឺធ្វើឡើងតាមរបៀបរៀបរយ—ពិធីនេះចាប់ផ្តើមឡើងដោយការអភិសេកនំបុ័ង បន្ទាប់មកអភិសេកទឹក ។
« គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយព្រះបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ ។
« រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយព្រះបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ។
« ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សម្រាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប » ( ម៉ាថាយ ២៦:២៦–២៨ ) ។
ព្រះអង្គសង្គ្រោះបានរៀបចំពិធីសាក្រាម៉ង់តាមរបៀបរៀបរយដូចគ្នា ទាំងនៅយេរូសាឡឹម និងនៅទ្វីបអាមេរិក ។
« មើលចុះ ដំណាក់យើង គឺជាដំណាក់នៃរបៀបរៀបរយ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយពុំមែនជាដំណាក់នៃចលាចលឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៨ ) ។
ការប្រែចិត្តគឺមានរបៀបរៀបរយ ។ ការប្រែចិត្តចាប់ផ្តើមឡើងដោយការមានជំនឿលើព្រះយេស៊ូវគ្រីស្ទ ទោះបីសេចក្តីជំនឿនោះមានតែមួយភាគតូចក្តី ។ ជំនឿតម្រូវឲ្យមានការបន្ទាបខ្លួនដែលជាធាតុសំខាន់នៃការមាន « ចិត្តសង្រេង និងវិញ្ញាណទន់ទាប » (នីហ្វៃទី ២ ២:៧) ។
ជាការពិតណាស់ គោលការណ៍បួនដំបូងនៃដំណឹងល្អគឺជាការមានរបៀបរៀបរយ ។ « យើងខ្ញុំជឿថាគោលការណ៍ទីមួយ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អគឺ ៖ ទីមួយ សេចក្តីជំនឿ ជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទីពីរការប្រែចិត្ត ទីបី បុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្តាច់បាប ទីបួន ការដាក់ដៃលើសម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ » ( មាត្រានៃសេចក្តីជំនឿ ១:៤ ) ។
ស្តេចបេនយ៉ាមីនបានបង្រៀនប្រជាជនរបស់ទ្រង់នូវសេចក្តីពិតដ៏សំខាន់នេះថា « ហើយចូរឲ្យឃើញថា គ្រប់ការណ៍ទាំងនេះត្រូវបានប្រព្រឹត្តឡើងក្នុងប្រាជ្ញា និងរបៀបរៀបរយ ដ្បិតមិនត្រូវឲ្យអ្នកណារត់លឿនជាងកម្លាំង ដែលគេមាននោះឡើយ ។ ហើយមួយទៀត ជាការចាំបាច់ឲ្យអ្នកនោះត្រូវព្យាយាមដើម្បីគេអាចបានរង្វាន់ ហេតុដូច្នេះហើយ គ្រប់ការណ៍ទាំងអស់ត្រូវបានប្រព្រឹត្តឡើង តាមរបៀបរៀបរយ » ( ម៉ូសាយ ៤:២៧ ) ។
សូមឲ្យជីវិតរបស់យើងរស់នៅដោយមានរបៀបរៀបរយ ហើយព្យាយាមធ្វើតាមរបៀបរៀបរយដែលព្រះអម្ចាស់បានរៀបចំទុកសម្រាប់យើង ។ យើងនឹងទទួលពរជ័យ នៅពេលយើងស្វែងរក និងធ្វើតាមគំរូ និងរបៀបរៀបរយដែលព្រះអម្ចាស់បង្រៀនថាអ្វីដែលសំខាន់បំផុតចំពោះទ្រង់ ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕