សេចក្តីស្រឡាញ់នៃព្រះ
ព្រះវរបិតានិងព្រះប្រោសលោះរបស់យើង បានប្រទានពរដល់យើងនូវបទបញ្ញត្តិទាំងឡាយ ហើយការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ទាំងទ្វេ នោះយើងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់កាន់តែពេញលេញ និងជ្រាលជ្រៅបន្ថែមទៀត ។
ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើងយ៉ាងជ្រាលជ្រៅ និងឥតខ្ចោះ ។ ១ ដោយសារក្ដីស្រឡាញ់ ទ្រង់បានបង្កើតផែនការមួយ ជាផែនការនៃសេចក្ដីប្រោសលោះ និងសុភមង្គល ដើម្បីផ្តល់ឱកាសដល់យើងទាំងអស់គ្នា និងអំណរដែលយើងសុខចិត្តនឹងទទួលរហូតដល់ និងរួមទាំងអ្វីៗទាំងអស់ដែលទ្រង់មាន ។ ២ ដើម្បីសម្រេចការណ៍នេះ ទ្រង់ថែមទាំងព្រមប្រទានព្រះរាជបុត្រាសំណប់របស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់យើងទៀតផង ។ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។ ៣ សេចក្ដីស្រឡាញ់របស់ទ្រង់គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះវរបិតា—ដែលជាសកលសម្រាប់មនុស្សទាំងអស់គ្នា ប៉ុន្តែមានលក្ខណៈផ្ទាល់ខ្លួន ។
ព្រះយេស៊ូវគ្រីស្ទមានសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះនេះដូចព្រះវរបិតាដែរ ជាព្រះអង្គសង្គ្រោះដើម្បីប្រោសលោះយើង—ជាផ្នែកដ៏ចាំបាច់នៃផែនការនោះ ។ ព្រះយេស៊ូវបានស្ម័គ្រព្រះទ័យ « ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ » ។ ៤ ព្រះអង្គសង្គ្រោះ « មិនធ្វើការណ៍ណាឡើយ លើកលែងតែការណ៍នោះមានប្រយោជន៍ដល់មនុស្សលោក ដ្បិតទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្ដូរជីវិតទ្រង់ផ្ទាល់ ដើម្បីទ្រង់អាចទាញមនុស្សទាំងអស់មករកទ្រង់ ។ ហេតុដូច្នោះហើយ ទ្រង់មិនដែលបញ្ជាដល់អ្នកណាម្នាក់ថា គេនឹងមិនគួរទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់នោះឡើយ » ។ ៥
សេចក្ដីស្រឡាញ់មកពីព្រះនេះ គួរតែផ្ដល់ដល់យើងនូវការលួងលោម និងទំនុកចិត្តដ៏បរិបូរ នៅពេលយើងអធិស្ឋានទៅព្រះវរបិតានៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ពុំមានយើងណាម្នាក់ជាអ្នកចម្លែកចំពោះពួកទ្រង់ឡើយ ។ យើងមិនត្រូវស្ទាក់ស្ទើរក្នុងការអំពាវនាវដល់ព្រះនោះទេ ទោះបីជានៅពេលដែលយើងមានអារម្មណ៍ថាមិនមានភាពស័ក្ដិសមក្ដី ។ យើងអាចពឹងផ្អែកលើសេចក្ដីមេត្តាកុរណា និងព្រះគុណរបស់ព្រះគ្រីស្ទដើម្បីបានឮ ។ ៦ កាលដែលយើងប្រកាន់ខ្ជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះ នោះយើងពឹងផ្អែកកាន់តែតិចឡើងៗទៅលើការអនុម័តរបស់អ្នកដទៃដើម្បីណែនាំយើង ។
សេចក្តីស្រឡាញ់របស់ព្រះពុំលើកលែងអំពើបាបទេ តែវាផ្ដល់នូវសេចក្ដីប្រោសលោះ
ដោយសារសេចក្ដីស្រឡាញ់របស់ព្រះមានសម្រាប់មនុស្សគ្រប់រូប នោះអ្នកខ្លះនិយាយថាវា « គ្មានលក្ខខណ្ឌ » ហើយក្នុងគំនិតពួកគេ ពួកគេសន្មតពីអត្ថន័យវាថា ពរជ័យ របស់ព្រះគឺ « គ្មានលក្ខខណ្ឌ » ហើយថា សេចក្ដីសង្គ្រោះ គឺ « គ្មានលក្ខខណ្ឌ » ។ វាពុំមែនដូច្នោះទេ ។ មនុស្សមួយចំនួនទម្លាប់និយាយថា « ព្រះអង្គសង្គ្រោះស្រឡាញ់ខ្ញុំទោះខ្ញុំជាមនុស្សបែបណាក៏ដោយ » ហើយនោះជាការពិតណាស់ ។ ប៉ុន្តែទ្រង់មិនអាចយកយើងទៅនគររបស់ទ្រង់ ទោះយើងជាមនុស្សបែបណាក៏ដោយនោះទេ « ដ្បិតគ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅទីនោះ ឬនៅក្នុងវត្តមានរបស់ទ្រង់បានឡើយ » ។ ៧ អំពើបាបរបស់យើងត្រូវតែបានដោះស្រាយជាមុនសិន ។
សាស្ត្រាចារ្យ ហ្យូហ៍ នីប្លី ធ្លាប់បានកត់សម្គាល់ថា នគរព្រះមិនអាចទ្រាំទ្របានឡើយ ប្រសិនបើវាបណ្ដោយឲ្យមានសូម្បីតែអំពើបាបតូចបំផុតនោះថា « ភាពពុករលួយតែបន្តិចបន្តួច មានន័យថាពិភពលោកផ្សេងទៀតនឹងគ្មានការពុករលួយនិងមិនអស់កល្បជានិច្ច ។ គុណវិបត្តិតូចតាចបំផុតនៅក្នុងអាគារ ស្ថាប័ន កូដ ឬ លក្ខណៈសម្បត្តិ នឹងជៀសមិនផុតពីមហន្តរាយក្នុងរយៈពេលវែងនៃភាពអស់កល្បឡើយ » ។ ៨ បទបញ្ញត្តិរបស់ព្រះគឺ « តឹងរឹង » ៩ ដោយសារនគរ និងប្រជារាស្ត្ររបស់ទ្រង់អាចមានជំហរបានលើកលែងតែពួកគេបដិសេធសេចក្ដីអាក្រក់ ហើយជ្រើសរើសល្អជានិច្ច ដោយគ្មានការលើកលែងឡើយ ។ ១០
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានសង្កេតឃើញថា « ដែលមនុស្សជាច្រើនក្នុងវប្បធម៌សម័យយើងភ្លេច ៖ មានភាពខុសគ្នាដ៏ធំមួយ រវាងបញ្ញត្តិដើម្បីអភ័យបាប ( ដែលទ្រង់មានសមត្ថភាពដើម្បីធ្វើគ្មានទីបំផុត ) និងការព្រមានទាស់នឹងការបណ្ដោយឲ្យមានបាប ( ដែលទ្រង់ពុំដែលធ្លាប់ធ្វើសូម្បីតែម្ដង) នោះ » ។ ១១
ទោះបីជាបច្ចុប្បន្នយើងមានភាពមិនល្អឥតខ្ចោះក៏ដោយ ក៏យើងនៅតែអាចសង្ឃឹមថានឹងទទួលបាន « ឈ្មោះ និងជំហរ » ១២ នៅក្នុងសាសនាចក្ររបស់ទ្រង់ និងក្នុងពិភពសេឡេស្ទាលដែរ ។ បន្ទាប់ពីបានបង្ហាញយ៉ាងច្បាស់ថា ទ្រង់មិនអាចលើកលែង ឬបិទព្រះនេត្រចំពោះអំពើបាបនោះទេ
« ប៉ុន្ដែអ្នកណាដែលប្រែចិត្ត ហើយធ្វើតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ នោះនឹងបានអត់ទោស » ។ ១៣
« ហើយដរាបណារាស្ត្រយើងប្រែចិត្ត យើងនឹងអត់ទោសឲ្យគេចំពោះការរំលងច្បាប់ទាំងឡាយដែលគេបានប្រព្រឹត្តទាស់នឹងយើង » ។ ១៤
ការប្រែចិត្ត និងព្រះគុណមកពីព្រះដោះស្រាយស្ថានភាពទុក្ខលំបាក ៖
« ហើយចូរចងចាំដែរ នូវពាក្យទាំងឡាយ ដែលអាមូលេកបានពោលទៅកាន់ស៊ីអែសរ៉ុម នៅក្នុងទីក្រុងអាំម៉ូណៃហា ព្រោះលោកបាននិយាយទៅគាត់ថា ព្រះអម្ចាស់ទ្រង់ប្រាកដជានឹងយាងមកប្រោសលោះរាស្ត្រទ្រង់ ប៉ុន្តែថាទ្រង់នឹងមិនយាងមកប្រោសលោះពួកគេ ក្នុង អំពើបាបទាំងឡាយរបស់ពួកគេទេ ប៉ុន្តែមកប្រោសលោះពួកគេ ពី អំពើបាបរបស់គេវិញ ។
« ហើយទ្រង់មានព្រះចេស្ដា ដែលព្រះវរបិតាបានប្រទានដល់ទ្រង់ ដើម្បីប្រោសលោះពួកគេពីអំពើបាបរបស់គេ ដោយមកពីការប្រែចិត្ត ហេតុដូច្នេះហើយ ទ្រង់បានចាត់ឲ្យពួកទេវតារបស់ទ្រង់ មកប្រកាសដំណឹងល្អអំពីលក្ខខណ្ឌទាំងឡាយនៃការប្រែចិត្ត ដែលនាំទៅកាន់ព្រះចេស្ដានៃព្រះដ៏ប្រោសលោះ ឲ្យបានដល់សេចក្ដីសង្គ្រោះព្រលឹងរបស់គេ » ។ ១៥
ជាមួយនឹងលក្ខខណ្ឌនៃការប្រែចិត្ត ព្រះអម្ចាស់អាចប្រទានសេចក្ដីមេត្តាករុណាដោយពុំកោងយកសេចក្ដីយុត្តិធម៌ ហើយ « ព្រះទ្រង់នឹងពុំមែនជាព្រះទៀតទេ » ។ ១៦
របៀបរបស់លោកិយ ដូចដែលបងប្អូនបានដឹង គឺប្រឆាំងនឹងព្រះគ្រីស្ទ ឬ « អ្វីក៏បានលើកលែងតែព្រះគ្រីស្ទ » ។ ជំនាន់របស់យើងគឺស្រដៀងទៅនឹងប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរមរមន ដែលមនុស្សមានអំណាចអនុវត្តអំណាចគ្រប់គ្រងដោយឥតសុចរិតលើអ្នកដទៃទៀត ហើយសាទរចំពោះការធ្វើអ្វីតាមចិត្តផ្នែកផ្លូវភេទ និងលើកតម្កើងការមានទ្រព្យសម្បត្តិច្រើនជាគោលបំណងនៃការរស់រានមានជីវិតរបស់យើង ។ ទស្សនវិជ្ជារបស់ពួកគេដែល « រាប់ថាសុចរិតក្នុងការប្រព្រឹត្តអំពើបាបបន្តិចបន្តួច » ១៧ ឬសូម្បីតែប្រព្រឹត្តអំពើបាបច្រើនក្ដី ប៉ុន្តែគ្មាននរណាអាចផ្តល់នូវការប្រោសលោះនោះទេ ។ ការណ៍នោះបានមកតែតាមរយៈព្រះលោហិតរបស់កូនចៀមប៉ុណ្ណោះ ។ អ្វីល្អបំផុត ដែលក្រុមមនុស្ស « អ្វីក៏បានលើកលែងតែព្រះគ្រីស្ទ » ឬ « ើកលែងតែការប្រែចិត្ត » អាចផ្ដល់ឲ្យគឺការអះអាងគ្មានមូលដ្ឋានថា ពុំមានអំពើបាបទេ ឬថាបើមានអំពើបាប វាគ្មានលទ្ធផលអ្វីទេនៅទីបំផុតនោះ ។ ខ្ញុំមិនអាចមើលឃើញថា អំណះអំណាងនោះមានប្រសិទ្ធិភាពនៅថ្ងៃជំនុំជម្រះចុងក្រោយនោះទេ ។ ១៨
យើងពុំចាំបាច់សាកល្បងអ្វីដែលមិនអាចទៅរួចក្នុងការព្យាយាមដោះសារចេញពីអំពើបាបរបស់យើងនោះទេ ។ ម្យ៉ាងវិញទៀត យើងពុំចាំបាច់សាកល្បងអ្វីដែលមិនអាចទៅរួចក្នុងការលុបចោលនូវឥទ្ធិពលនៃអំពើបាបដោយគុណបុណ្យរបស់យើងតែម្យ៉ាងនោះដែរ ។ សាសនារបស់យើងមិនមែនជាសាសនានៃការធ្វើឲ្យសមហេតុផល ហើយក៏មិនមែនជាសាសនានៃឥតខ្ជោះនិយមដែរ—ប៉ុន្តែជាសាសនានៃសេចក្ដីប្រោសលោះ—ជាសេចក្ដីប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើយើងស្ថិតក្នុងចំណោមអ្នកទោសដែលមានដង្វាយធួនរបស់ទ្រង់ អំពើបាបរបស់យើងត្រូវជាប់នៅលើឈើឆ្កាងរបស់ទ្រង់ហើយ« ដោយស្នាមរបួសរបស់ទ្រង់ យើងនឹងជាសះស្បើយ »។ ១៩
សេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្យការីឆ្លុះបញ្ជាំងពីសេចក្ដីស្រឡាញ់របស់ព្រះ
ជាយូរណាស់មកហើយ ខ្ញុំមានការស្ងើចចំពោះ និងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្យាការីនៃព្រះ ក្នុងការព្រមានរបស់ពួកលោកប្រឆាំងនឹងអំពើបាប ។ ពួកលោកពុំត្រូវបានជំរុញដោយសារតែបំណងចង់ផ្ដន្ទាទោសនោះទេ ។ បំណងដ៏ពិតរបស់ពួកលោកឆ្លុះបញ្ជាំងពីសេចក្ដីស្រឡាញ់របស់ព្រះ តាមពិតទៅ វា ជា សេចក្ដីស្រឡាញ់របស់ព្រះ ។ ពួកលោកស្រឡាញ់ពួកអ្នកដែលពួកលោកបានបញ្ជូន មិនថាពួកគេជានរណា ហើយថាពួកគេជាមនុស្សបែបណានោះទេ ។ ដូចជាព្រះអម្ចាស់ដែរ ពួកអ្នកបម្រើរបស់ទ្រង់ពុំចង់ឲ្យនរណាម្នាក់រងការឈឺចាប់នៃអំពើបាប និងជម្រើសដែលមិនល្អនោះទេ ។ ២០
អាលម៉ាត្រូវបានបញ្ជូនឲ្យទៅប្រកាសពីសារដំណឹងនៃការប្រែចិត្ត និងសេចក្ដីប្រោសលោះដល់មនុស្សដែលពេញដោយចិត្តស្អប់ ដែលមានបំណងធ្វើទុក្ខបុកម្នេញ ធ្វើទារុណកម្ម ថែមទាំងសម្លាប់ពួកអ្នកជឿជាពួកគ្រីស្ទាន រួមទាំងអាលម៉ាផ្ទាល់ផងដែរ ។ ប៉ុន្តែលោកបានស្រឡាញ់ពួកគេ និងចង់ឲ្យពួកគេបានសេចក្ដីសង្គ្រោះជាខ្លាំង ។ បន្ទាប់ពីប្រកាសអំពីដង្វាយធួនរបស់ព្រះគ្រីស្ទដល់ប្រជាជនអាំម៉ូណៃហា អាល់ម៉ា បានអង្វរថា ៖« ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ខ្ញុំមានបំណងពីជម្រៅចិត្តខ្ញុំ មែនហើយ ដោយក្ដីបារម្ភដ៏ធំ គឺដល់ការឈឺចាប់ សូមឲ្យអ្នករាល់គ្នាស្ដាប់តាមពាក្យសម្ដីរបស់ខ្ញុំ ហើយបោះបង់ចោលអំពើបាបទាំងឡាយរបស់អ្នក … ដើម្បីឲ្យអ្នករាល់គ្នាបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់ ហើយចូលទៅក្នុងសេចក្ដីសម្រាក [ របស់ទ្រង់ ] » ។ ២១
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « វាជាក់ច្បាស់ ដោយសារយើងពិតជាខ្វល់ខ្វាយយ៉ាងខ្លាំងអំពីបុត្រាបុត្រីទាំងអស់របស់ព្រះ ទើបយើងប្រកាសពីសេចក្ដីពិតរបស់ទ្រង់ » ។ ២២
ព្រះស្រឡាញ់បងប្អូន តើបងប្អូនស្រឡាញ់ទ្រង់ដែរឬទេ ?
សេចក្តីស្រឡាញ់របស់ព្រះវរបិតានិងព្រះរាជបុត្រាត្រូវបានផ្តល់ដោយសេរី ប៉ុន្តែក៏រួមបញ្ចូលទាំងក្តីសង្ឃឹមនិងការរំពឹងទុកផងដែរ ។ ជាថ្មីម្ដងទៀត នេះជាការដកស្រង់ចេញពីប្រធាន ណិលសុន « ក្រឹត្យវិន័យរបស់ព្រះត្រូវបានលើកកម្ពស់ទាំងស្រុង តាមរយៈសេចក្ដីស្រឡាញ់ដ៏គ្មានដែនកំណត់របស់ទ្រង់ចំពោះយើង និងព្រះរាជបំណងរបស់ទ្រង់ចង់ឲ្យយើងក្លាយជាអ្វីៗដែលយើងអាចប្រែក្លាយ » ។ ២៣
ដោយសារទ្រង់ទាំងទ្វេរស្រឡាញ់បងប្អូន នោះទ្រង់ទាំងទ្វេរមិនសព្វព្រះទ័យទុកឲ្យបងប្អូន « ជាមនុស្សបែបណាក៏ដោយ » នោះទេ ។ ដោយសារតែទ្រង់ទាំងទ្វេរស្រឡាញ់បងប្អូន នោះទ្រង់ទាំងទ្វេរសព្វព្រះទ័យឲ្យបងប្អូនមានភាពរីករាយនិងជោគជ័យ ។ ដោយសារទ្រង់ទាំងទ្វេរស្រឡាញ់បងប្អូន នោះទ្រង់ទាំងទ្វេរមានព្រះទ័យឲ្យបងប្អូនប្រែចិត្ត ដោយសារនោះជាផ្លូវទៅកាន់ភាពរីករាយ ។ ប៉ុន្តែវាជាជម្រើសរបស់បងប្អូន—ទ្រង់ទាំងទ្វេរគោរពសិទ្ធិជ្រើសរើសរបស់បងប្អូន ។ បងប្អូនត្រូវតែជ្រើសស្រឡាញ់ទ្រង់ បម្រើទ្រង់ រក្សាបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេរ ។ បន្ទាប់មក ទ្រង់អាច ប្រទានពរ ក៏ដូចជា ស្រឡាញ់ បងប្អូនកាន់តែបរិបូរឡើង ។
ការរំពឹងទុកចម្បងរបស់ទ្រង់ពីយើងគឺថា យើងក៏ស្រឡាញ់ដែរ ។ តែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់នោះមិនស្គាល់ ព្រះវិញពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯង ។ ២៣ « កស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ » ។ ២៥
អតីតប្រធានអង្គការបឋមសិក្សាទូទៅ ប្រធាន ចយ ឌី ចូនស៍ បានរំឭកឡើងវិញថា ពេលជាគូស្វាមីភរិយាវ័យក្មេងមួយគូ គាត់ និងស្វាមីគាត់ត្រូវបានហៅឲ្យទៅសួរសុខទុក្ខ និងផ្តល់ការងារបម្រើដល់គ្រួសារមួយដែលពុំបានមកព្រះវិហារអស់ជាច្រើនឆ្នាំ ។ ពួកគេបានបង្ហាញយ៉ាងច្បាស់ភ្លាមៗថា ពួកគេមិនចង់ឲ្យពួកគាត់មកសួរសុខទុក្ខទេ ។ បន្ទាប់ពីខកចិត្តចំពោះការព្យាយាមដែលបរាជ័យបន្ថែមទៀត ហើយបន្ទាប់ពីការអធិស្ឋាន និងការពិចារណាដ៏ស្មោះត្រង់ជាច្រើន នោះបងប្រុស និងបងស្រី ចូនស៍ បានទទួលចម្លើយចំពោះ មូលហេតុ នៃការបម្រើរបស់ពួកគាត់ចេញពីខនេះនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៖ « អ្នកត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ជាព្រះនៃអ្នកឲ្យអស់ពីចិត្តនៃអ្នក អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងនៃអ្នក ហើយដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកត្រូវបម្រើទ្រង់ ២៦ ស៊ីស្ទើរ ចូនស៍ បានមានប្រសាសន៍ថា
« យើងបានដឹងថា យើងបានព្យាយាមដោយស្មោះត្រង់ដើម្បីបម្រើគ្រួសារនេះ និងបម្រើប៊ីស្សពរបស់យើង ប៉ុន្តែយើងត្រូវសួរខ្លួនយើងថា តើយើងពិតជាបម្រើដោយសារសេចក្តីស្រឡាញ់ចំពោះព្រះអម្ចាស់ដែរឬទេ ។ …
« … ញ់របស់យើងចំពោះព្រះអម្ចាស់ » [ សូមមើល នីហ្វៃទី១ ១១:២២ ] ។ យើងធ្វើកិច្ចការនោះសម្រាប់ទ្រង់ ។ ទ្រង់បានធ្វើឲ្យឧបសគ្គទៅជាគ្មានឧបសគ្គតទៅទៀត ។ បន្ទាប់ពីអស់រយៈពេលជាច្រើនខែដែលយើងឈរនៅក្រៅមាត់ទ្វារ គ្រួសារនោះបានចាប់ផ្តើមឲ្យពួកយើងចូលផ្ទះរបស់ពួកគេ ។ ទីបំផុត យើងបានមានការអធិស្ឋាន និងការពិភាក្សាដំណឹងល្អដ៏ទន់ភ្លន់ជាមួយគ្នាជាទៀងទាត់ ។ ចំណងមិត្តភាពយូរអង្វែងបានបង្កើតឡើង ។ យើងថ្វាយបង្គំ និងស្រឡាញ់ទ្រង់ តាមរយៈការស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ » ។ ២៧
ក្នុងការទទួលស្គាល់ថាព្រះស្រឡាញ់យើងដោយឥតខ្ចោះ នោះយើងម្នាក់ៗអាចសួរថា « តើខ្ញុំស្រឡាញ់ព្រះខ្លាំងប៉ុណ្ណា ? តើទ្រង់អាចពឹងផ្អែកលើសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំពឹងផ្អែកលើសេចក្ដីស្រឡាញ់របស់ទ្រង់ដែរឬទេ ? » តើវាមិនមែនជាសេចក្ដីប្រាថ្នាដ៏ស័ក្ដិសមទេឬ ក្នុងការរស់នៅឲ្យព្រះអាចស្រឡាញ់យើង មិនត្រឹមតែ ទោះបីជា យើងបរាជ័យក៏ដោយនោះទេ ប៉ុន្តែ ដោយសារ អ្វីដែលយើងកំពុងប្រែក្លាយផងដែរនោះ ? ឱ ដើម្បីទ្រង់អាចមានបន្ទូលអំពីបងប្អូន និងខ្ញុំ ដូចដែលទ្រង់បានមានបន្ទូលទៅកាន់ ហៃរុម ស៊្មីធ ថា « យើងជាព្រះអម្ចាស់ស្រឡាញ់គាត់ មកពីសេចក្ដីស្មោះនៃចិត្តរបស់គាត់ » ។ ២៨ ចូរយើងចងចាំពីការដាស់តឿនដ៏សប្បុរសរបស់យ៉ូហាន ៖ « ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ » ។ ២៩
តាមពិត បទបញ្ញត្តិរបស់ទ្រង់មិនមែនជាបន្ទុកដ៏ធ្ងន់ទេ—តែផ្ទុយពីនោះវិញ ។ បទបញ្ញត្តិទាំងនោះគូសចំណាំពីផ្លូវនៃការជាសះស្បើយ សុភមង្គល ភាពសុខសាន្ត និងអំណរ ។ ព្រះវរបិតា និងព្រះប្រោសលោះរបស់យើង បានប្រទានពរដល់យើងនូវបទបញ្ញត្តិទាំងឡាយ ហើយក្នុងការគោរពតាមបទបញ្ញត្តិរបស់ពួកទ្រង់ នោះយើងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ពួកទ្រង់កាន់តែពេញលេញ និងជ្រាលជ្រៅ ។ ៣០
នេះជាដំណោះស្រាយសម្រាប់ពេលឈ្លោះប្រកែកឥតឈប់ឈររបស់យើង—គឺសេចក្ដីស្រឡាញ់នៃព្រះ ។ នៅក្នុងគ្រាដ៏ចម្រុងចម្រើនក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរមរមន បន្ទាប់ពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះ វាបានចែងថា « គ្មានការទាស់ទែងគ្នា នៅក្នុងដែនដីឡើយ ដោយព្រោះមកពីសេចក្ដីស្រឡាញ់នៃព្រះ ដែលបានស្ថិតនៅក្នុងចិត្តរបស់មនុស្ស » ។ ៣១ កាលដែលយើងពុះពារឆ្ពោះទៅកាន់ក្រុងស៊ីយ៉ូន ចូរចងចាំពីការសន្យានៅក្នុងគម្ពីរវិវរណៈ ៖ « មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុង [ ដ៏បរិសុទ្ធ ] តាមទ្វារ » ។ ៣២
ខ្ញុំសូមថ្លែងជាសាក្សីអំពីភាពពិតនៃព្រះវរបិតាសួគ៌យើង និងព្រះអង្គប្រោសលោះយើង ព្រះយេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួន និងមិនរីងស្ងួតរបស់ពួកទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕