សូមធ្វើជាអ្នកត្រាប់តាមព្រះគ្រីស្ទ
ការធ្វើជាអ្នកត្រាប់តាមព្រះគ្រីស្ទ គឺជាការខិតខំកែតម្រូវសកម្មភាព ទង្វើ និងជីវិតរបស់យើងឲ្យស្របតាមព្រះអង្គសង្គ្រោះ ។
នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបានស្ញើចសរសើរដល់ការប្រែចិត្តជឿរបស់ សុល ជាអ្នកស្រុកតើសុស ដែលក្រោយមកត្រូវគេស្គាល់ថាជា ប៉ុល ដូចបានពិពណ៌នាក្នុងព្រះគម្ពីរប៊ីប ។
ប៉ុល គឺជាមនុស្សសកម្មក្នុងការធ្វើទុក្ខបុកម្នេញដល់សាសនាចក្រ និងពួកគ្រីស្ទាន ។ ប៉ុន្ដែដោយសារអំណាចនៃស្ថានសួគ៌ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះលោកបានផ្លាស់ប្ដូរទាំងស្រុង ហើយលោកបានក្លាយជាអ្នកបម្រើដ៏អស្ចារ្យម្នាក់របស់ព្រះ ។ ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទគឺជាគំរូក្នុងការរស់នៅរបស់លោក ។
នៅក្នុងការបង្រៀនមួយរបស់ប៉ុលទៅកាន់ពួកកូរិនថូស លោកបានអញ្ជើញពួកគេឲ្យធ្វើជាអ្នកត្រាប់តាមលោក ដូចដែលលោកផ្ទាល់បានត្រាប់តាមព្រះគ្រីស្ទដែរ ( សូមមើល កូរិនថូស ទី១ ១១:១ ) ។ នេះគឺជាការអញ្ជើញដ៏ស្មោះសរ និងមានសុពលភាពមួយ តាំងពីជំនាន់របស់ប៉ុលរហូតដល់សព្វថ្ងៃនេះ ៖ ធ្វើជាអ្នកត្រាប់តាមព្រះគ្រីស្ទ ។
ខ្ញុំចាប់ផ្ដើមពិចារណាពីអត្ថន័យនៃការធ្វើជាអ្នកត្រាប់តាមព្រះគ្រីស្ទ ។ ហើយអ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺ ខ្ញុំចាប់ផ្ដើមសួរថា « តើខ្ញុំគួរតែត្រាប់តាមទ្រង់ដោយរបៀបណា ? »
ការធ្វើជាអ្នកត្រាប់តាមព្រះគ្រីស្ទ គឺជាការខិតខំកែតម្រូវសកម្មភាព ទង្វើ និងជីវិតរបស់យើងឲ្យស្របតាមព្រះអង្គសង្គ្រោះ ។ វាគឺជាការមានគុណធម៌ ។ វាគឺជាការធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំបានសិក្សាផ្នែកមួយចំនួននៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ហើយខ្ញុំបានរក្សាទុក ហើយធ្វើជាផ្នែកមួយនៃសារលិខិតរបស់ខ្ញុំនៅថ្ងៃនេះ គឺអំពីគុណសម្បត្តិទាំងបួនរបស់ទ្រង់ ដែលខ្ញុំព្យាយាមត្រាប់តាម ហើយខ្ញុំនឹងចែកចាយជាមួយបងប្អូន ។
គុណសម្បត្តិទីមួយរបស់ព្រះអង្គសង្គ្រោះគឺការបន្ទាបព្រះអង្គ ព្រះយេស៊ូវគ្រីស្ទទ្រង់បន្ទាបព្រះអង្គខ្លាំងណាស់ នៅក្នុងព្រះជន្មមុនព្រះជន្មនៅលើផែនដីនេះ ។ នៅឯក្រុមប្រឹក្សាស្ថានសួគ៌ ទ្រង់បានទទួលស្គាល់ និងអនុញ្ញាតឲ្យព្រះទ័យរបស់ព្រះឈ្នះ នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះសម្រាប់មនុស្សលោក ។ ទ្រង់បានមានបន្ទូលថា « ព្រះវរបិតាអើយ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេច ហើយសូមឲ្យសិរីល្អរបស់ព្រះអង្គបានជារបស់ផងព្រះអង្គរហូត » ( ម៉ូសេ ៤:២ ) ។
យើងដឹងថា ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពីការបន្ទាបខ្លួន ហើយបានបន្ទាបព្រះអង្គទ្រង់ ដើម្បីថ្វាយសិរីល្អដល់ព្រះវរបិតាទ្រង់ ។
ចូរយើងរស់នៅដោយការបន្ទាបខ្លួន ព្រោះវានាំមកនូវសេចក្ដីសុខសាន្ដ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣ ) ។ ការបន្ទាបខ្លួននាំមុខសិរីល្អ ហើយវានាំឲ្យព្រះសព្វព្រះទ័យចំពោះយើង ៖ « មានចិត្តសុភាពដល់គ្នាទៅវិញទៅមក ពីព្រោះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ » ( ពេត្រុស ទី១ ៥:៥ ) ។ ការបន្ទាបខ្លួននាំមកនូវចម្លើយដ៏រាបសា ។ វាគឺជាប្រភពនៃបុគ្គលិកលក្ខណៈដ៏សុចរិត ។
អែលឌើរ ឌេល ជី រេនឡាន់ បានបង្រៀន ៖
« បុគ្គលដែលដើរជាមួយព្រះដោយរាបសារ ចងចាំនូវអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកគេ » ។
« យើងប្រព្រឹត្តដោយស្មោះត្រង់ចំពោះព្រះដោយការដើរជាមួយនឹងទ្រង់ដោយចិត្តរាបសា » ( « Do Justly, Love Mercy, and Walk Humbly with God » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១១, ១០៩ ) ។
គុណសម្បត្តិទីពីររបស់ព្រះអង្គសង្គ្រោះគឺសេចក្តីក្លាហាន ពេលខ្ញុំគិតដល់ព្រះយេស៊ូវគ្រីស្ទកាលនៅព្រះជន្ម ១២ ព្រះវស្សា ដែលគង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះក្នុងចំណោមពួកបណ្ឌិតច្បាប់ ហើយបង្រៀនពួកគេពីការណ៍ដ៏ទេវភាព នោះខ្ញុំកត់ចំណាំថា តាំងពីវ័យក្មេងមកម្ល៉េះ ទ្រង់បានមានសេចក្ដីក្លាហានជាស្រេច ជាសេចក្ដីក្លាហានដ៏ពិសេសមួយ ។ ខណៈមនុស្សភាគច្រើនរំពឹងចង់ឃើញកុមារាត្រូវទទួលការបង្រៀនពីពួកបណ្ឌិតច្បាប់ តែទ្រង់បែរជាបង្រៀនដល់ពួកគេវិញកាល « ពួកអាចារ្យកំពុងតែស្ដាប់ទ្រង់ ហើយសួរទ្រង់នូវសំនួរទាំងឡាយ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ, លូកា ២:៤៦ [ នៅក្នុង លូកា ២:៤៦លេខយោង គ ] ) .
យើងបានបម្រើបេសកកម្មពេញម៉ោងនៅក្នុងបេកកម្ម អិមប៊ូជី‑ម៉ាយី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ពីឆ្នាំ ២០១៦ ដល់ ២០១៩ ។ ការធ្វើដំណើរនៅក្នុងបេសកកម្មពីតំបន់មួយទៅតំបន់មួយទៀត គឺតាមផ្លូវលំ ។ មានហេតុការណ៍មួយបានកើតឡើងនៅលើផ្លូវលំនៅតំបន់នោះ ដោយពួកចោរប្លន់មានកាំបិតជាអាវុធមកស្ទាក់ផ្លូវ ហើយធ្វើឲ្យរំខានដល់ចរាចរណ៍របស់អ្នកធ្វើដំណើរទាំងឡាយ ។
ពួកអ្នកផ្សព្វផ្សាយសាសនាប្រាំរូប ដែលប្តូរតំបន់បានធ្វើដំណើរឆ្លងកាត់តំបន់នោះទៅតំបន់មួយទៀត បានរងគ្រោះក្នុងហេតុការណ៍នោះ ។ ធ្លាប់ជាជនរងគ្រោះដោយផ្ទាល់ពីមុននៃហេតុការណ៍នេះ នោះយើងចាប់ផ្ដើមខ្លាចបាត់បង់ជីវិត និងសុវត្ថិភាពរបស់ពួកយើងទាំងអស់គ្នា ថែមទាំងស្ទាក់ស្ទើរមិនចង់ធ្វើដំណើរលើផ្លូវទាំងនេះ ដើម្បីទៅជួបអ្នកផ្សព្វផ្សាយសាសនា និងធ្វើសន្និសីទតំបន់ឡើយ ។ យើងមិនដឹងថា តើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ ។ ខ្ញុំបានសរសេររបាយការណ៍មួយផ្ញើទៅកាន់គណៈប្រធានតំបន់ ហើយខ្ញុំបានបង្ហាញអារម្មណ៍ភ័យខ្លាចរបស់យើងអំពីការបន្ដធ្វើដំណើរ ព្រោះផ្លូវនេះគឺជាផ្លូវតែមួយគត់ ដើម្បីទៅជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនារបស់យើង ។
អែលឌើរ ខេវីន ហាមីលថុន ដែលជាប្រធានតំបន់អាហ្វ្រិកភាគអាគ្នេយ៍របស់យើង បានសរសេរតបមកខ្ញុំវិញ ៖ « ដំបូន្មានរបស់ខ្ញុំគឺថា ត្រូវធ្វើឲ្យអស់ពីលទ្ធភាពរបស់ប្រធាន ។ ប៉ុន្តែ ចូរឈ្លាសវៃ និងពេញដោយការអធិស្ឋាន ះ សូមឆ្ពោះទៅមុខដោយសេចក្ដីជំនឿ ។ ‹ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ › ( ធីម៉ូថេ ទី២ ១:៧ ) ។
ការដាស់តឿននេះបានពង្រឹងដល់យើងយ៉ាងខ្លាំង ហើយអនុញ្ញាតឲ្យយើងបន្ដធ្វើដំណើរ និងបម្រើដោយសេចក្ដីក្លាហាន រហូតដល់ចប់បេសកកម្មរបស់យើង ដោយសារយើងបានស្ដាប់តាមការដឹកនាំមកពីព្រះវរបិតារបស់យើង ដែលគង់នៅស្ថានសួគ៌តាមរយៈបទគម្ពីរនោះ ។
នៅក្នុងព្រះគម្ពីរសម័យទំនើប យើងអានពាក្យសម្ដីដ៏បំផុសគំនិតរបស់ព្យាការី យ៉ូសែប ស៊្មីធ ដែលឆ្លុះបញ្ចាំងពីការលើកទឹកចិត្តរបស់ព្រះអម្ចាស់ដល់យើង ៖ « បងប្អូនអើយ តើយើងនឹងមិនទៅមុខ ដោយសារចលនាដ៏ធំមហិមានេះឬ ? ចូរទៅមុខ ហើយកុំថយក្រោយឡើយ ។ បងប្អូនអើយ ចូរមានចិត្តក្លាហានចុះ ហើយចូរទៅ ចូរទៅ ទៅរកជ័យជម្នះ ! » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២២ ) ។
ចូរយើងមានសេចក្ដីក្លាហានដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ទោះជាវាមិនល្បីល្បាញក្ដី—តែវាជាសេចក្ដីក្លាហានដើម្បីការពារសេចក្ដីជំនឿរបស់យើង និងធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ចូរយើងមានសេចក្ដីក្លាហានដើម្បីប្រែចិត្តជារៀងរាល់ថ្ងៃ ជាសេចក្ដីក្លាហានដើម្បីទទួលយកព្រះទ័យរបស់ព្រះ និងគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ងការទទួលខុសត្រូវ និងតំណែងផ្សេងៗរបស់យើង ។
គុណសម្បត្តិទីបីរបស់ព្រះអង្គសង្គ្រោះគឺការអភ័យទោស អំឡុងការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះបានរារាំងមិនឲ្យគេចោលថ្មលើស្ដ្រីម្នាក់ ដែលបានប្រព្រឹត្តកំផិត ។ ទ្រង់បានមានបន្ទូលទៅនាងថា « អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ » ( យ៉ូហាន ៨:១១ ) ។ ការណ៍នេះបានធ្វើឲ្យនាងឆ្ពោះទៅរកការប្រែចិត្ត និងចុងបញ្ចប់ ការអភ័យទោស ដូចដែលព្រះគម្ពីរបានកត់ត្រាថា « ស្ត្រីនោះបានសរសើរដល់ព្រះ និងជឿលើព្រះនាមទ្រង់តាំងពីពេលនោះមក » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ូហាន ៨:១១ [ នៅក្នុង យ៉ូហាន ៨:១១លេខយោង គ ] ) ។
នៅក្នុងការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាសនៅខែ ធ្នូ ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន ជាទីស្រឡាញ់របស់យើងបានថ្លែងអំពីអំណោយទានទាំងបួន ដែលយើងទទួលបានពីព្រះអង្គសង្គ្រោះ ។ លោកបានថ្លែងថា អំណោយទានមួយដែលព្រះអង្គសង្គ្រោះប្រទានមកគឺ លទ្ធភាពដើម្បី អភ័យទោស
« តាមរយៈដង្វាយធួនដ៏និរន្តររបស់ទ្រង់ បងប្អូនអាចអភ័យទោសដល់មនុស្សដែលធ្វើឲ្យបងប្អូនឈឺចាប់ និងមនុស្សដែលប្រហែលជានឹងពុំព្រមទទួលយកការទទួលខុសត្រូវចំពោះភាពឃោរឃៅ ដែលគេធ្វើមកលើបងប្អូន ។
« ជាធម្មតា វាងាយស្រួលដើម្បីអភ័យទោសដល់មនុស្សដែលស្វែងរកការអភ័យទោសពីបងប្អូនដោយស្មោះ និងដោយរាបសា យបងប្អូននូវសមត្ថភាពក្នុងការអភ័យទោសដល់អស់អ្នកដែលបានធ្វើបាបដល់បងប្អូនតាមវិធីណាក៏ដោយ » ( « Four Gifts That Jesus Christ Offers to You » [ ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយ ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។
ចូរយើងអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយស្មោះសរ ដើម្បីទទួលបានការអភ័យទោសពីព្រះវរបិតាដែរ ។ ការអភ័យទោសរំដោះយើងឲ្យមានសេរីភាព និងធ្វើឲ្យយើងស័ក្ដិសមនឹងទទួលទានសាក្រាម៉ង់រាល់ថ្ងៃអាទិត្យ ។ ការអភ័យទោសតម្រូវឲ្យយើងធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
គុណសម្បត្តិទីបួនរបស់ព្រះអង្គសង្គ្រោះគឺពលិកម្ម វាគឺជាផ្នែកមួយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គសង្គ្រោះបានធ្វើពលិកម្មដ៏មហិមា ជាការប្រទានព្រះជន្មរបស់ទ្រង់ឲ្យយើង ដើម្បីយើងអាចបានប្រោសលោះ ។ ដោយរងការឈឺចាប់នៃពលិកម្ម នោះទ្រង់បានទូលសូមព្រះវរបិតាទ្រង់ឲ្យដកពែងនេះចេញទៅ ប៉ុន្ដែទ្រង់បានបន្ដដល់ចុងបញ្ចប់នៃពលិកម្មដ៏អស់កល្បនេះ ។ នេះគឺជាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀនដូច្នេះ ៖ « ពលិកម្មគឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធ ។ កម្រិតនៃសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ ចំពោះដំណឹងល្អ និងចំពោះមនុស្សជាតិយើង អាចវាស់វែងបានដោយអ្វីដែលយើងស្ម័គ្រចិត្តលះបង់សម្រាប់ពួកគេ » ( « The Blessings of Sacrifice » Ensignខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ៧៦) ។
យើងអាចលះបង់ពេលវេលារបស់យើងដើម្បីធ្វើការងារបម្រើ បម្រើដល់អ្នកដទៃ ធ្វើការណ៍ល្អ ធ្វើកិច្ចការពង្សប្រវត្តិ និងតម្កើងការហៅក្នុងសាសនាចក្ររបស់យើង ។
យើងអាចថ្វាយផ្នែកហិរញ្ញវត្ថុរបស់យើង តាមរយៈការបង់ដង្វាយមួយភាគក្នុងដប់ ដង្វាយតមអាហារ និងការបង់ដង្វាយផ្សេងទៀត ដើម្បីស្ថាបនានគរព្រះនៅលើផែនដី ។ យើងត្រូវលះបង់ដើម្បីរក្សាសេចក្ដីសញ្ញា ដែលយើងបានចុះជាមួយនឹងព្រះអង្គសង្គ្រោះ ។
ការអធិស្ឋានរបស់ខ្ញុំគឺថា តាមរយៈការធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងការទាញយកពរជ័យនៃដង្វាយធួនរបស់ទ្រង់ នោះយើងនឹងកាន់តែមានការបន្ទាបខ្លួនខ្លាំងឡើង យើងកាន់តែមានសេចក្តីក្លាហាន យើងកាន់តែចេះអភ័យទោស ហើយយើងលះបង់កាន់តែច្រើនសម្រាប់នគរបស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌យើងមានព្រះជន្មរស់ ហើយថាទ្រង់ស្គាល់យើងម្នាក់ៗថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទថា ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីរបស់ព្រះនៅសព្វថ្ងៃនេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជានគររបស់ព្រះនៅលើផែនដីនេះ ហើយថាព្រះគម្ពីរមរមនពិត ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះប្រោសលោះរបស់យើង អាម៉ែន ៕