ការរៀបចំខ្លួនសម្រាប់ការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ
ច្រើនជាងពេលមុន ៗ ទៅទៀតនោះយើងតម្រូវឲ្យប្រឈមមុខនឹងការពិតដែលថាយើងកាន់តែខិតជិតនឹងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទហើយ ។
ដូចបានកត់ត្រានៅក្នុងព្រះគម្ពីរមរមនប្រាំមួយឆ្នាំមុនការប្រសូត របស់ព្រះយេស៊ូវគ្រីស្ទ សាំយូអែល ជាសាសន៍លេមិនដ៏សុចរិត បានព្យាករទៅកាន់សាសន៍នីហ្វៃដែលនៅគ្រានោះភាគច្រើនប្រជាជនក្បត់សាសនា ១ ពីទីសម្គាល់ដែលនឹងកើតមានជាមួយនឹងការយាង មករបស់ព្រះអង្គសង្រ្គោះ ។ គួរឲ្យខ្លោចផ្សារ សាសន៍នីហ្វៃភាគច្រើនបានបដិសេធន៍ទីសម្គាល់ទាំងនោះដោយសារតែវា «ពុំសមហេតុសមផលដែលថា តួអង្គមួយដូចជាព្រះគ្រីស្ទនឹង [ គួរតែ ] យាងមកទេ » ។ ២
គួរឲ្យស្តាយ យោងទៅលើកំណត់ត្រាព្រះគម្ពីរ សាសន៍យូដាភាគច្រើនមានឥរិយាបទ មិនព្រមទទួលយកបុរសម្នាក់ដែលមានព្រះនាមថា ព្រះយេស៊ូវ ដែលរស់នៅទីដាច់ស្រយាលនៃស្រុកកាលីឡេនោះ ពិតជាព្រះមែស៊ីដែលបានរង់ចាំជាយូរមកហើយនោះឡើយ ។ ៣ ព្រះយេស៊ូវ ដែលការពិតបានយាងមកដើម្បីបំពេញការព្យាករជាច្រើនរបស់ពួកព្យាការីសាសន៍ហេព្រើរត្រូវបដិសេធ និងឆ្កាងពីព្រោះដូចអ្វីដែលព្យាការី យ៉ាកុប នៃព្រះគម្ពីរមរមនបានបង្រៀនថា ពួកសាសន៍យូដា « មើលហួសទីដៅ » ។ ដូច្នេះហើយ យ៉ាកុបបានធ្វើបន្ទាល់ថា « ដ្បិតព្រះទ្រង់បានដកយកភាពដ៏ច្បាស់លាស់របស់ទ្រង់ចេញពីគេហើយ បានប្រទានឲ្យពួកគេនូវអ្វីជាច្រើន ដែលពួកគេពុំអាចយល់វិញ ពីព្រោះពួកគេប្រាថ្នាចង់បានការណ៍នោះ។ ហើយពីព្រោះពួកគេប្រាថ្នាចង់បានការណ៍នោះ » ។ ៤
ហើយអ្វីដែលចម្លែកនោះគឺ គ្មានការបង្រៀន គ្មានអព្ភូតហេតុ ហើយគ្មានការបង្ហាញឲ្យឃើញ សូម្បីតែទេវតាពីស្ថានសួគ៌ឡើយ ដូចដែល លេមិន និងលេមយួល បានធ្វើជាសាក្សីថា ៥ ហាក់ដូចជាមានអំណាចនៃការបញ្ចុះបញ្ចូលបុគ្គលខ្លះឲ្យកែប្រែបុព្វហេតុ ទស្សនវិស័យ ឬជំនឿដែលថាអ្វីមួយពិតរបស់ពួកគេ ។ ជាពិសេសនេះគឺករណីដែលការបង្រៀន ឬអព្ភូតហេតុមិនត្រូវគ្នានឹងបំណងប្រាថ្នា ឬ គំនិតទាំងឡាយដែលគិតទុកជាមុនរបស់បុគ្គល ។
សូមគិតពិចារណាពីព្រះគម្ពីរពីរខាងក្រោមនេះបន្តិច ទីមួយមកពីសាវកប៉ុល ដែលបានថ្លែងអំពីថ្ងៃចុងក្រោយ ពិពណ៌នាអំពីរបៀបរបស់មនុស្ស និង ទីពីរ មកពីព្យាការីអាលម៉ា ដែលបង្ហាញពីរបៀបដែលព្រះធ្វើការរបស់ទ្រង់ក្នុងចំណោមកូនចៅមនុស្ស ។ ទីមួយមកពីប៉ុល ៖
« ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់នឹងមានគ្រាលំបាកណាស់ ។
«ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ម្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ
« មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យាស្រ័យ និយាយ បង្កាច់គេមិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ
« ត មាន ចិត្ត ធំ ហើយ ចូល ចិត្ត នឹង ល្បែង លេង ជា ជាង ព្រះ …
« គេរៀនជានិច្ចប៉ុន្តែពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិត ឡើយ » ។ ៦
ហើយឥឡូវនេះមកពីអាលម៉ា ការបញ្ជាក់ពីគោលការណ៍គ្រឹះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទថា ៖ « ឥឡូវនេះ កូនអាចសន្និដ្ឋានថា នេះគឺជាការឆ្កួតវង្វេងរបស់ឪពុកហើយ ប៉ុន្តែមើលចុះ ឪពុកប្រាប់កូនថា ដោយកិច្ចការតូចតាច និងងាយទើបនាំឲ្យកើតកិច្ចការដ៏ធំៗបានហើយនៅក្នុងករណីជាច្រើន មធ្យោបាយដ៏តូចតាចធ្វើឲ្យពួកអ្នកប្រាជ្ញជ្រប់មុខ » ។ ៧
យើងរស់នៅក្នុងពិភពលោកដ៏ទំនើបមួយ ដែលពោរពេញដោយចំណេះដឹង និងជំនាញដ៏អស្ចារ្យ ។ ទោះជាយ៉ាងណា ជាញឹកញាប់រឿងទាំងនេះច្រើនតែលាក់បាំងគ្រឹះមិនរឹងមាំដែលពួកគេសង់លើ ។ ជាលទ្ធផល វាមិនបានដឹកនាំទៅរកសេចក្តីពិត ពិតប្រាកដ និងឆ្ពោះទៅរកព្រះ និងទៅរកអំណាចនៃការទទួលវិវរណៈ ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ និងអភិវឌ្ឍន៍សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដែលដឹកនាំទៅរកសេចក្តីសង្គ្រោះនោះទេ ។ ៨
យើងត្រូវបានរំឭកយ៉ាងច្បាស់ពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលទៅកាន់ ថូម៉ាស និងពួកសាវកដទៃទៀតមុនថ្ងៃពលិកម្មដ៏ធួនរបស់ទ្រង់ ៖« ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ។ ៩
សម្រាប់អស់អ្នកដែលមានភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ បេះដូងសម្រាប់ទទួលអារម្មណ៍ ដែលមិនធ្លាប់មានពីមុនមក នោះយើងតម្រូវឲ្យប្រឈមមុខនឹងការពិតដែលថាយើងកាន់តែខិតជិតនឹងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទហើយ ។ ប្រាកដណាស់ ការលំបាកធំៗកំពុងរង់ចាំអ្នកដែលនៅលើផែនដីនេះកាលដែលទ្រង់យាងមកម្តងទៀត ប៉ុន្តែពួកអ្នកស្មោះត្រង់មិនចាំបាច់ភ័យខ្លាចឡើយ ។
ឥឡូវនេះខ្ញុំសូមដកស្រង់បន្តិចចេញពី ប្រធានបទ ដំណឹងល្អ របស់សាសនាចក្រ នៅក្រោមចំណងជើងថា « ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ៖
« នៅពេលព្រះអង្គសង្គ្រោះយាងមកម្តងទៀត ទ្រង់នឹងយាងមកក្នុងព្រះចេស្តា និងសិរីរុងរឿង ដើម្បីប្រកាសដល់ផែនដីជានគររបស់ទ្រង់ ។ ការយាងមកជាលើកទីពីររបស់ទ្រង់នឹងជាទីសម្គាល់នៃការចាប់ផ្តើមសហស្សវត្សរ៍ ។
« ការយាងមកជាលើកទីពីរនឹងពោរពេញទៅដោយសេចក្តីខ្លាច ជាពេលទួញថ្ងូរសម្រាប់មនុស្សទុច្ចរិត ប៉ុន្តែវានឹងជាទិវានៃភាពសុខសាន្តសម្រាប់មនុស្សសុចរិត ។ ព្រះអម្ចាស់បានប្រកាស ៖
« ពួកអ្នកណាដែលមានប្រាជ្ញា ហើយបានទទួលសេចក្ដីពិត ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន ហើយដែលពុំត្រូវគេបញ្ឆោត—យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងពុំត្រូវកាប់បោះចោលទៅក្នុងភ្លើងឡើយ ប៉ុន្តែនឹងធន់នៅថ្ងៃនោះ ។
« ‹ ហើយផែនដីនឹងត្រូវបានប្រទានដល់ពួកគេទុកជាមរតក ហើយពួកគេនឹងកើនចំនួនឡើង និងខ្លាំងពូកែ ហើយកូនចៅពួកគេនឹងធំឡើងដោយគ្មានបាប ដោយបានទទួលសេចក្ដីសង្គ្រោះ ។
« ‹ ព្រះអម្ចាស់ទ្រង់នឹងគង់នៅកណ្ដាលពួកគេ ហើយសិរីល្អរបស់ទ្រង់នឹងស្ថិតនៅលើពួកគេ ហើយទ្រង់នឹងទៅជាមហាក្សត្រនៃពួកគេ និងជាអ្នកតែងច្បាប់នៃពួកគេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥៧–៥៩ ) » ។ ១០
ជាការរៀបចំខ្លួនរបស់យើងសម្រាប់ការយាងមជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមផ្តល់ជូនសារខ្លីមួយដ៏សំខាន់ និងលួងលោមចំពោះពួកអ្នកស្មោះត្រង់ ដោយបានដកស្រង់ចេញពី អេម៉ុស ជាព្យាការីនៃព្រះគម្ពីរសញ្ញាចាស់ ៖ « ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកទ្រង់សម្តែង ឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ។ ១១
នៅក្នុងស្មារតីនេះ ប្រធាន រ័សុល អិម ណិលសុន ជាព្យាការីបច្ចុប្បន្នរបស់ព្រះអម្ចាស់នៃពិភពលោកនេះបានផ្តល់ដំបូន្មានដ៏បំផុសគំនិតនាពេលថ្មីនេះ៖ « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជា ដំណឹងល្អនៃការប្រែចិត្ត ។ ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នោះដំណឹងល្អរបស់ទ្រង់ផ្ដល់ឲ្យនូវការអញ្ជើញមួយឲ្យបន្ដផ្លាស់ប្ដូរ រីកចម្រើន ហើយកាន់តែបរិសុទ្ធ ។ នេះគឺជាដំណឹងល្អនៃសេចក្ដីសង្ឃឹម ការព្យាបាល និងការរីកចម្រើន ។ ហេតុដូច្នេះហើយដំណឹងល្អគឺជាសារលិខិតនៃ អំណរ ! វិញ្ញាណរបស់យើងអររីករាយនឹងគ្រប់ជំហានតូចៗ ដែលយើងបោះទៅមុខ ។ ១២
ខ្ញុំសូមថ្លែងទីបន្ទាល់ដោយស្មោះ និងបញ្ចាក់ពីភាពពិតនៃព្រះ និងអព្ភូតហេតុនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សរាប់មិនអស់ ទាំងឋានៈទាប និងខ្ពស់ ។ ពិតណាស់ បទពិសោធន៍ដ៏ពិសិដ្ឋជាច្រើនគឺកម្រលើកមកនិយាយណាស់ មួយចំណែកគឺដោយសារតែដើមកំណើតដ៏ទេវភាពរបស់បទពិសោធន៍ទាំងនោះ និងអាចបណ្តាលឲ្យនរណាម្នាក់ដែលពុំដឹងច្បាស់សើចចំអក ។
ចំពោះបញ្ហានេះ ព្យាការីចុងក្រោយនៃព្រះគម្ពីរមរមន គឺព្យាការីមរ៉ូណៃ បានរំឭកយើងថា ៖
« ហើយម្យ៉ាងទៀត ខ្ញុំសូមប្រាប់អ្នកណា ដែលបដិសេធវិវរណៈទាំងឡាយនៃព្រះ ហើយដែលនិយាយថា ឥតមានការណ៍ទាំងនោះឡើយ ថាគ្មានវិវរណៈ ឬការព្យាករណ៍ ឬអំណោយទាន ឬការព្យាបាល ឬការនិយាយដោយភាសា និងការបកស្រាយនូវភាសាទៀត ។
« មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អ្នកណាដែលបដិសេធនូវការណ៍ទាំងនេះ នោះពុំស្គាល់នូវដំណឹងល្អនៃព្រះគ្រីស្ទទេ មែនហើយ គេពុំទាន់បានអានបទគម្ពីរទាំងឡាយឡើយ បើអ្នកនោះអានក៏ពុំយល់អ្វីដែរ ។
« ដ្បិតតើពុំមែនពួកយើងបានអានហើយឬអីថា ព្រះនៅតែដដែល ទោះពីថ្ងៃម្សិលថ្ងៃនេះ និងរហូតតទៅ ហើយនៅក្នុងព្រះអង្គ គឺគ្មានការប្រែប្រួល ឬក៏គ្មានស្រមោលនៃការផ្លាស់ប្ដូរឬ? » ១៣
ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំជាមួយនឹងការបំផុសគំនិតយ៉ាងពិតប្រាដក នៃការប្រកាសការព្យាករ មកពីព្យាការីយ៉ូសែប ស្ម៊ីធ ដែលបានផ្តល់ឲ្យនៅចុងបញ្ចប់នៃការងារបម្រើរបស់លោក កាលដែលលោកទន្ទឹងរង់ចាំការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ៖ « តើយើងនឹងមិនទៅមុខ ដោយសារចលនាដ៏ធំមហិមានេះទេឬអី ? ចូរទៅមុខ ហើយកុំថយក្រោយឡើយ ។ បងប្អូនអើយ [ ហើយខ្ញុំសូមបន្ថែមបងប្អូនស្រីផងដែរ ] ចូរមានចិត្តក្លាហានចុះ ហើយចូរទៅ ចូរទៅ ទៅរកជ័យជម្នះ ! ចូរឲ្យចិត្តបងប្អូនបានអរសប្បាយ ហើយរីករាយជាអតិបរមាចុះ » ។ ១៤ ខ្ញុំសូមធ្វើជាសាក្សីនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕