ថ្វាយភាពបរិសុទ្ធដល់ព្រះអម្ចាស់
ការបូជាគឺពុំសូវមានន័យថាជា « ការលះបង់ទេ » តែមានន័យថា « ការថ្វាយដល់ » ព្រះអម្ចាស់ច្រើនជាង ។
កាលពីឆ្នាំមុន ពេលកំពុងបម្រើក្នុងគណៈប្រធានតំបន់អាស៊ីខាងត្បូង ខ្ញុំបានទទួលទូរសព្ទពីប្រធាន រ័សុល អិម ណិលសុន អញ្ជើញខ្ញុំឲ្យបម្រើជាទីប្រឹក្សាទីពីរនៅក្នុងគណៈប៊ីស្សពជាអធិបតី ។ លោកបានអញ្ជើញភរិយាខ្ញុំ ឡូរី ឲ្យចូលរួមក្នុងការសន្ទនានោះដែរ ។ បន្ទាប់ពីការសន្ទនាចប់ យើងស្ថិតនៅក្នុងស្ថានភាពមិនជឿមួយ ពេលដែលភរិយាខ្ញុំបានសួរថា « តើគណៈប៊ីស្សពជាអធិបតីធ្វើអ្វីខ្លះ ? » បន្ទាប់ពីគិតមួយសន្ទុះ ខ្ញុំបានតបថា « បងមិនប្រាកដដែរ ! »
តែមួយឆ្នាំក្រោយមក—បន្ទាប់ពីមានអារម្មណ៍ដ៏រាបទាប និងការដឹងគុណដ៏ជ្រាលជ្រៅ—ខ្ញុំអាចឆ្លើយនឹងសំណួរភរិយាខ្ញុំដោយការយល់ដឹងល្អប្រសើរជាង ។ ក្នុងចំណោមកិច្ចការឯទៀតជាច្រើន គណៈប៊ីស្សពមើលខុសត្រូវលើសុខុមាលភាព និងកិច្ចការមនុស្សធម៌របស់សាសនាចក្រ ។ ឥឡូវនេះ កិច្ចការនេះមានវិសាលភាពពាសពេញសកលលោក និងផ្ដល់ពរជ័យដល់បុត្រាបុត្រីរបស់ព្រះច្រើនជាងពេលណាៗទាំងអស់ ។
ក្នុងនាមជាគណៈប៊ីស្សពជាអធិបតីមួយរូប យើងមានជំនួយមកពីបុគ្គលិកសាសនាចក្រដ៏ល្អៗ និងអ្នកផ្សេងទៀត រួមទាំងគណៈប្រធានសមាគមសង្គ្រោះទូទៅ ដែលបម្រើជាមួយយើងក្នុងគណៈកម្មការប្រតិបត្តិសុខុមាលភាពសាសនាចក្រ និងភាពខ្លួនទីពឹងខ្លួន លពីល្ងាចមិញ—ឲ្យចែកចាយនឹងបងប្អូនពីបច្ចុប្បន្នភាពនៃកិច្ចខិតខំខាងមនុស្សធម៌របស់សាសនាចក្រក្នុងពេលថ្មីៗនេះ ។ ពួកលោកក៏បានស្នើជាពិសេសសុំឲ្យពួកយើងប្រាប់បងប្អូនថាពួកលោកមានអំណរគុណយ៉ាងខ្លាំងចំពោះ—បងប្អូនប្រុសស្រីទាំងឡាយ ព្រោះបងប្អូនគឺជាអ្នកដែលបានធ្វើឲ្យកិច្ចខិតខំខាងមនុស្សធម៌ដំណើរការទៅមុខ ។
តាមដែលយើងបានសង្កេតឃើញ ទាំងមានកង្វល់អំពីផលប៉ះពាល់ខាងសេដ្ឋកិច្ចតាំងពីដើមដំបូងមកនៃវិបត្តិកូវីដ-១៩ នៅជុំវិញពិភពលោក នោះពួកយើងអាចរំពឹងថានឹងមានការធ្លាក់ចុះនូវការបរិច្ចាគជាប្រាក់ ដែលពួកបរិសុទ្ធអាចចូលរួមចំណែក ។ យ៉ាងណាមិញ សមាជិករបស់យើងពុំធ្លាប់ស៊ាំនឹងបញ្ហានានាមកពីជំងឺរាតត្បាតនោះទេ ។ សូមស្រមៃមើលអារម្មណ៍របស់ពួកយើង ពេលយើងឃើញពីការផ្ទុយដូចនេះ ! ការបរិច្ចាគផ្នែកមនុស្សធម៌នៅក្នុងឆ្នាំ ២០២០ បែរជាមានចំនួនច្រើនបំផុតទៅវិញ—ហើយកំពុងមានកាន់តែខ្ពស់នៅឆ្នាំនេះ ។ ជាលទ្ធផលនៃទឹកចិត្តសប្បុរសរបស់បងប្អូន សាសនាចក្រអាចសម្រេចបាននូវការឆ្លើយតបដ៏ទូលំទូលាយបំផុតរបស់ខ្លួនចាប់តាំងពីការចាប់ផ្តើមនៃមូលនិធិមនុស្សធម៌មក ដោយមានគម្រោងជួយសង្គ្រោះជំងឺកូវីដជាង ១៥០០ នៅក្នុងប្រទេសជាង ១៥០ ប្រទេស ន សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំង សម្រាប់ពួកអ្នកដែលអាចនឹងមិនបានទទួល បើគ្មានជំនួយនេះទេ ។
ការបរិច្ចាគពេលវេលា និងកម្លាំងក៏សំខាន់ដូចជាការបរិច្ចាគខាងសម្ភារដែរ ដែលសមាជិកសាសនាចក្របានបរិច្ចាគដល់បុព្វហេតុមនុស្សធម៌ ។ ដូចជាជំងឺរាតត្បាតបានផ្ទុះឡើងដែរ គ្រោះធម្មជាតិ ជម្លោះស៊ីវិល និងអស្ថេរភាពសេដ្ឋកិច្ច ក៏កំពុងតែកើតមានឥតឈប់ឈរ ហើយបន្តធ្វើឲ្យមនុស្សរាប់លាននាក់ចាកចេញពីផ្ទះរបស់ពួកគេ ។ ឥឡូវនេះ អង្គការសហប្រជាជាតិរាយការណ៍ថា មានមនុស្សជាង ៨២ លាននាក់ដែលត្រូវបានបង្ខំឲ្យផ្លាស់ប្ដូរទីកន្លែងនៅក្នុងពិភពលោក ។ ១ បន្ថែមពីលើនេះទៀត មានមនុស្សរាប់លានផ្សេងទៀត ដែលជ្រើសរើសគេចចេញពីភាពក្រីក្រ ឬការគៀបសង្កត់ ដើម្បីស្វែងរកជីវិតដែលល្អប្រសើរសម្រាប់ខ្លួនពួកគេ ឬកូនៗរបស់ពួកគេ ហើយបងប្អូនអាចចាប់ផ្តើមមើលឃើញបន្តិចពីទំហំនៃស្ថានភាពជាសកលនេះ ។
សូមអរគុណដល់អ្នកស្ម័គ្រចិត្តជាច្រើនដែលបានបរិច្ចាគពេលវេលា និងទេពកោសល្យ ខ្ញុំរីករាយនឹងរាយការណ៍ថា សាសនាចក្រដំណើរការមជ្ឈមណ្ឌលស្វាគមន៍ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ នៅទីតាំងជាច្រើននៅក្នុងសហរដ្ឋ និងអ៊ឺរ៉ុប ៀតនៅទូទាំងពិភពលោក ។
ខ្ញុំសូមផ្ញើការដឹងគុណដ៏អស់ពីចិត្តរបស់ខ្ញុំ ទៅកាន់ពួកបរិសុទ្ធ ដែលបានឈោងទៅជួយផ្ដល់អាហារ សម្លៀកបំពាក់ និងធ្វើជាមិត្តនឹងជនភៀសខ្លួនទាំងនេះ ហើយជួយពួកគេបានរឹងដៃរឹងជើង និងអាចបំពេញតម្រូវការខ្លួនឯងបាន ។
ល្ងាចម្សិលមិញ ស៊ីស្ទើរ អូប៊ែង បានចែកចាយជាមួយបងប្អូនពីកិច្ចខិតខំដ៏ប្រពៃមួយចំនួនរបស់ពួកបរិសុទ្ធទាក់ទងទៅនឹងកិច្ចការនេះ ។ ពេលខ្ញុំសញ្ជឹងគិតពីកិច្ចខិតខំទាំងនេះ ជាញឹកញាប់គំនិតខ្ញុំបែរទៅរកគោលការណ៍នៃការបូជា និងការទាក់ទងដោយផ្ទាល់នៃគោលការណ៍នេះទៅនឹងបទបញ្ញត្តិដ៏ធំពីរអំពីការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើង ។
នៅក្នុងការប្រើប្រាស់សម័យទំនើប ពាក្យ sacrifice ឬការបូជា បញ្ជាក់ពីគំនិតនៃ « ការលះបង់ » អ្វីៗសម្រាប់ព្រះអម្ចាស់ និងនគររបស់ទ្រង់ ។ ទោះជាយ៉ាងណា នៅជំនាន់បុរាណ អត្ថន័យនៃពាក្យ sacrifice ឬការបូជាទាក់ទងគ្នាយ៉ាងជិតដិតទៅនឹងពាក្យឫសឡាតាំងរបស់វាទាំងពីរ ៖ sacerដែលមានន័យថា « ពិសិដ្ឋ » ឬពាក្យ បរិសុទ្ធនិងពាក្យ facere ដែលមានន័យថា « ធ្វើ » ។ ២ ហេតុដូច្នេះហើយ តាមន័យបុរាណ ការបូជា មានន័យថា « ធ្វើឲ្យអ្វីមួយ ឬនរណាម្នាក់បានបរិសុទ្ធ » ។ ៣ បើដូចនោះ ការបូជាគឺជាដំណើរការមួយនៃការក្លាយជាបរិសុទ្ធ និងដើម្បីឲ្យបានស្គាល់ព្រះ មិនមែនជាព្រឹត្តិការណ៍ ឬ « ការលះបង់ » ក្នុងពិធីសាសនា នូវអ្វីៗសម្រាប់ព្រះអម្ចាស់នោះទេ ។
ព្រះអម្ចាស់បានមានបន្ទូលថា « ដ្បិតយើងពេញចិត្តចំពោះ [ សេចក្តីសប្បុរស ] មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត » ។ ៤ ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យយើងប្រែជាបរិសុទ្ធ ៥ ដើម្បីមានសេចក្ដីសប្បុរស ៦ ហើយបានស្គាល់ទ្រង់ ។ ៧ ដូចជាសាវកប៉ុលបានបង្រៀនថា « បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ » ។ ៨ នៅទីបំផុត ព្រះអម្ចាស់មានព្រះទ័យចង់បានដួងចិត្តរបស់យើង ទ្រង់មានព្រះទ័យចង់ឲ្យយើងបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទ ។ 9 ដូចដែលទ្រង់បានណែនាំពួកសាសន៍នីហ្វៃថា « ហើយអ្នករាល់គ្នាត្រូវថ្វាយ ដល់ យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ » ។ ១០
ការបូជាគឺពុំសូវមានន័យថាជា « ការលះបង់ » ទេ តែមានន័យថាជា « ការថ្វាយដល់ » ព្រះអម្ចាស់ច្រើនជាង ។ ពាក្យចារឹកនៅលើច្រកចូលព្រះវិហារបរិសុទ្ធនីមួយៗរបស់យើងគឺ « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ ដំណាក់នៃព្រះអម្ចាស់ » ។ កាលដែលយើងរក្សាសេចក្ដីសញ្ញាដោយការបូជា នោះយើងត្រូវបានធ្វើឲ្យបរិសុទ្ធ តាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ហើយនៅឯទីអាសនានៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ យើងថ្វាយភាពបរិសុទ្ធរបស់យើងដល់ព្រះអម្ចាស់ដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀនថា « ការចុះចូលតាមឆន្ទៈ [ ឬដួងចិត្ត ១១ របស់មនុស្សម្នាក់ គឺពិតជារឿងផ្ទាល់ខ្លួនជាពិសេស ដែលយើងត្រូវដាក់នៅលើអាសនារបស់ព្រះ ។ … ទោះជាយ៉ាងណា នៅពេលបងប្អូន និងខ្ញុំ ចុះចូលខ្លួនយើង ដោយដាក់ឆន្ទៈរបស់យើងទៅជាព្រះឆន្ទៈរបស់ព្រះ នោះយើងគឺពិតជាបានថ្វាយអ្វីមួយ ដល់ ទ្រង់ហើយ ! » ។ ១២
នៅពេលការបូជារបស់យើងជំនួសអ្នកដទៃទៀត ត្រូវបានគេមើលចេញពីទស្សនៈនៃ « ការលះបង់ » នោះយើងអាចឃើញវាថាជាបន្ទុកមួយ ហើយប្រែជាបាក់ទឹកចិត្តវិញ កាលដែលការបូជារបស់យើងមិនត្រូវបានគេមើលឃើញ ឬឲ្យរង្វាន់ ។ ទោះជាយ៉ាងណា ពេលវាត្រូវបានគេមើលចេញពីទស្សនៈនៃ « ការថ្វាយដល់ » ព្រះអម្ចាស់ នោះការបូជារបស់យើងជំនួសឲ្យអ្នកដទៃក្លាយទៅជាអំណោយ ហើយអំណរនៃការផ្ដល់ឲ្យដោយសប្បុរស រួចក្លាយទៅជារង្វាន់តែម្ដង ។ ការឈប់ឲ្យខ្លួនឯងចង់បានសេចក្ដីស្រឡាញ់ ការអនុម័ត ឬការពេញចិត្តពីអ្នកដទៃ នោះការបូជារបស់យើងក្លាយទៅជាការបង្ហាញដ៏បរិសុទ្ធ និងជ្រាលជ្រៅបំផុតនៃការដឹងគុណ និងសេចក្ដីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ និងបងប្អូនរបស់យើង ។ អារម្មណ៍មោទនភាពនឹងការបូជាខ្លួនឯង ត្រូវបានជំនួសដោយអារម្មណ៍នៃការដឹងគុណ ចិត្តសប្បុរស ការពេញចិត្ត និងអំណរ ។ ១៣
អ្វីមួយដែលត្រូវបានធ្វើឲ្យបរិសុទ្ធ—ទោះជាជីវិតយើង ទ្រព្យសម្បត្តិ ពេលវេលា ឬទេពកោសល្យរបស់យើងក្ដី—វាពុំមែនគ្រាន់តែជាការលះបង់ប៉ុណ្ណោះទេ ប៉ុន្តែជាការឧទ្ទិស ១៤ ថ្វាយព្រះអម្ចាស់វិញ ។ កិច្ចការមនុស្សធម៌របស់សាសនាចក្រគឺជាអំណោយមួយបែបនោះ ។ វាជាលទ្ធផលនៃការផ្ដល់ឲ្យដោយឧទ្ទិសរួមគ្នារបស់ពួកបរិសុទ្ធ ជាការបង្ហាញនៃសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងបុត្រាបុត្រីទ្រង់ ។ ១៥
ស្ទីវ និង អានីតា ឃេនហ្វៀល ជាអ្នកតំណាងឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទូទាំងពិភពលោក ដែលបានដកពិសោធន៍ដោយផ្ទាល់នូវពរជ័យប្រកបដោយការផ្លាស់ប្ដូរនៃការថ្វាយដល់ព្រះអម្ចាស់ ។ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសុខុមាលភាព និងខ្លួនទីពឹងខ្លួន គ្រួសារខេនហ្វៀល ត្រូវបានសុំឲ្យផ្ដល់ជំនួយនៅឯជំរំជនភៀសខ្លួន និងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍នៅទូទាំងអ៊ឺរ៉ុប ។ ក្នុងជីវិតអាជីពរបស់គាត់ ស៊ីស្ទើរ ឃេនហ្វៀល ជាអ្នករចនាម៉ូតប្លង់ក្នុងអគារលំដាប់ពិភពលោក ដែលមានអតិថិជនអ្នកមាន ជួលឲ្យរចនាម៉ូតផ្ទះដ៏ប្រណិតរបស់ពួកគេ ។ ភ្លាមៗនោះ គាត់បានរកឃើញថាខ្លួនឯងចូលទៅក្នុងពិភពមួយដែលមានភាពផ្ទុយគ្នាទាំងស្រុង នៅពេលគាត់បម្រើក្នុងចំណោមមនុស្សដែលបាត់បង់អ្វីៗស្ទើរតែទាំងអស់ បើនិយាយពីទ្រព្យសម្បត្តិខាងលោកិយនោះ ។ តាមពាក្យរបស់គាត់ផ្ទាល់ គាត់បានផ្លាស់ប្ដូរពី « ដើរនៅលើផ្លូវថ្មម៉ាបមកដើរលើដី » វិញ ហើយពេលធ្វើដូច្នោះ គាត់បានរកឃើញនូវភាពស្កប់ស្កល់ក្នុងចិត្តដែលមិនអាចវាស់វែងបាន ខណៈដែលគាត់ និងស្វាមីគាត់បានចាប់ផ្ដើមក្លាយជាមិត្ត—ហើយមិនយូរប៉ុន្មាន ត្រូវបានស្រឡាញ់ និងឱបក្រសោប—ដោយមនុស្សទាំងឡាយដែលត្រូវការការមើលថែពីពួកគាត់ ។
គ្រួសារឃេនហ្វៀលបានសង្កេតឃើញថា « យើងពុំមានអារម្មណ៍ថាយើងបាន ‹ លះបង់ › អ្វីទេ ក្នុងការបម្រើព្រះអម្ចាស់នោះ ។ យើងគ្រាន់តែមានបំណងប្រាថ្នាដើម្បី ‹ ថ្វាយដល់ › ទ្រង់នូវពេលវេលា និងកម្លាំងរបស់យើង ដើម្បីផ្ដល់ពរជ័យដល់បុត្រាបុត្រីទ្រង់ ក្នុងរបៀបណាមួយដែលទ្រង់ទតឃើញថាល្អដើម្បីប្រើប្រាស់យើងប៉ុណ្ណោះ ។ ពេលដែលយើងបានធ្វើការជាមួយនឹងបងប្អូនប្រុសស្រីរបស់យើង មិនថារូបរាងខាងក្រៅបែបណា—មិនថាប្រវត្តិ ឬទ្រព្យសម្បត្តិខុសគ្នាយ៉ាងណាទេ—វាគ្មានន័យសម្រាប់យើងទេ ព្រោះយើងមើលឃើញតែដួងចិត្តរបស់គ្នាទៅវិញទៅមកប៉ុណ្ណោះ ។ ពុំមានភាពជោគជ័យក្នុងអាជីព ឬការទទួលបានខាងសម្ភារណា ដែលធ្វើឲ្យយើងបរិបូរប្រៀបស្មើនឹងបទពិសោធន៍បម្រើនៅក្នុងចំណោមបុត្រាបុត្រីដ៏រាបសាបំផុតរបស់ព្រះទាំងនេះនោះទេ » ។
ដំណើររឿងដូចនេះរបស់គ្រួសារឃេនហ្វៀល និងរបស់មនុស្សជាច្រើនទៀត បានជួយខ្ញុំឲ្យអរគុណដល់ទំនុកច្រៀងកុមារដ៏សាមញ្ញ តែជ្រាលជ្រៅមួយបទនេះ ។
« ឲ្យ » អូរតូចបាននិយាយ
និយាយកាលវាហូរយ៉ាងលឿនពីភ្នំ
« ខ្ញុំដឹងខ្ញុំតូចតែទីណាខ្ញុំទៅ
ទីនោះប្រែពណ៌ស្រស់ខៀវខ្ចី » ។
មែនហើយ យើងម្នាក់ៗគឺតូច ប៉ុន្តែពេលណាដែលយើងរួបរួមគ្នាប្រញាប់ថ្វាយដល់ព្រះ និងបងប្អូនយើង នោះមិនថាយើងទៅទីណាទេ ជីវិតត្រូវបានចម្រើនឡើង និងមានពរ ។
វគ្គទីបីនៃចម្រៀងនេះមិនសូវមានគេចេះទេ ប៉ុន្តែបញ្ចប់ជាមួយនឹងការអញ្ចើញដ៏ពេញដោយក្ដីស្រឡាញ់នេះ ៖
« ឲ្យ » ដូចព្រះយេស៊ូវឲ្យ
នូវអ្វីដែលយើងអាចផ្តល់ឲ្យ ។
ដូចអូរតូច និងបុប្ផាឲ្យ ៖
ដល់ព្រះ និងមនុស្សទូទាំងសាកល ។ ១៦
បងប្អូនប្រុសស្រីជាទីស្រឡាញ់ កាលណាយើងរស់នៅសម្រាប់ព្រះ និងអ្នកដទៃ ដោយការផ្ដល់មធ្យោបាយរបស់យើង ពេលវេលារបស់យើង មែនហើយ សូម្បីតែខ្លួនយើងផ្ទាល់ នោះយើងនឹងចាកចេញពីពិភពលោកនេះទៅដោយទុកឲ្យវាមានពណ៌បៃតងជាងមុន ទុកឲ្យបុត្រាបុត្រីរបស់ព្រះកាន់តែរីករាយ ហើយយូរៗទៅ វាប្រែជាកាន់តែបរិសុទ្ធ ។
សូមឲ្យព្រះអម្ចាស់ប្រទានពរដល់បងប្អូនយ៉ាងបរិបូរ សម្រាប់ការបូជាដែលបងប្អូនថ្វាយ ដល់ ទ្រង់ដោយសេរី ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះមានព្រះជន្មរស់ ។ « មនុស្សនៃបរិសុទ្ធភាពគឺជាព្រះនាមរបស់ទ្រង់ » ។ ១៧ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ទ្រង់ និងទ្រង់ជាអង្គប្រទានអំណោយទានដ៏ល្អទាំងអស់ ។ ១៨ តាមរយៈព្រះគុណរបស់ទ្រង់ និងការគោរពតាមសេចក្ដីសញ្ញារបស់យើងដោយការបូជា សូមឲ្យយើងបានបរិសុទ្ធ ហើយផ្ដល់សេចក្ដីស្រឡាញ់ និងភាពបរិសុទ្ធថែមទៀតថ្វាយព្រះអម្ចាស់ ។ ១៩ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕