សេចក្ដីជំនឿឲ្យប្រព្រឹត្ត និងប្រែក្លាយ
តាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ និងធ្វើសកម្មភាព យើងអាចបើកសោ ពរជ័យនៃស្ថានសួគ៌ ហើយប្រែក្លាយជាអ្នកដើរតាមព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
មិនយូរបន្ទាប់ពីខ្ញុំបានហៅឲ្យបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅពួកចិតសិបនាក់ ខ្ញុំបានមានឱកាសជួបជាមួយប្រធាន រ័សុល អិម ណិលសុន ពីរបីនាទី ។ វាជាការជួបដែលមិនបានព្រាងទុកនៅអាហារដ្ឋាន ហើយលោកមានចិត្តល្អណាស់ដែលបានអញ្ជើញអែលឌើរ អេស ម៉ាក ផលម័រ និងខ្ញុំឲ្យអង្គុយទទួលទានអាហារជាមួយលោក ។
« តើយើងនិយាយអ្វី អំឡុងពេលទទួលទានអាហារថ្ងៃត្រង់ជាមួយព្យាការី ? » ជាគំនិតដែលខ្ញុំមានក្នុងចិត្ត ។ ដូច្នេះខ្ញុំបានសម្រេចចិត្តសួរប្រធានណិលសុន ថាតើលោកមានការប្រឹក្សា ឬការណែនាំអ្វីដល់ខ្ញុំដែរឬទេ ព្រោះខ្ញុំទើបតែចាប់ផ្ដើមការហៅបម្រើរបស់ខ្ញុំ ។ ចម្លើយរបស់លោកគឺសាមញ្ញ ហើយចំៗ លោកបានមើលមកខ្ញុំ ហើយមានប្រសាសន៍ថា « អែលឌើរ ឈឺម៉ែល ប្អូនត្រូវបានហៅសម្រាប់អ្វីដែលប្អូនអាចប្រែក្លាយ » ។ ដោយសារបទពិសោធន៍នោះ ខ្ញុំបានពិចារណាអំពីអ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យខ្ញុំប្រែក្លាយ ។ នៅពេលខ្ញុំបានគិតអំពីរឿងនេះ ខ្ញុំបានដឹងថា ទ្រង់មានព្រះទ័យចង់ឲ្យខ្ញុំប្រែក្លាយជាស្វាមី ឪពុក និងកូនប្រុស ព្រមទាំងជាអ្នកបម្រើដែលកាន់តែប្រសើរ ។ បន្ទាប់មកខ្ញុំបានដឹងថា ខ្ញុំអាចសម្រេចការណ៍ទាំងនេះបាន កាលដែលខ្ញុំខិតខំប្រែក្លាយជាសិស្សរបស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង ។
នៅសន្និសីទទូទៅចុងក្រោយ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ដើម្បីធ្វើអ្វីៗបានល្អ វាតម្រូវឲ្យមានការខិតខំ ។ ការក្លាយជាសិស្សដ៏ពិតម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ តម្រូវឲ្យមានការខិតខំ » ។ ១ ប្រធាន ណិលសុន កំពុងអញ្ជើញយើងឲ្យខិតខំដើម្បីប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែប្រសើរឡើង ។ លោកបានប្រាប់ថា ដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ យើងត្រូវតែពង្រឹងសេចក្ដីជំនឿរបស់យើង ដោយការទូលសូម ការប្រព្រឹត្តិ និងការសិក្សា ក្នុងចំណោមការណ៍ផ្សេងៗទៀត ។
១. ទូលសូម
លោកបានមានប្រសាសន៍ ថា « ចូរទូលសូមជំនួយពីព្រះវរបិតាសួគ៌របស់បងប្អូនដោយនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ » ។ ២ ការទូលសូមតាមរយៈការអធិស្ឋានគឺជាគន្លឹះមួយឆ្ពោះទៅរកការដឹងពីបៀបប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង ។
នៅជិតចុងបញ្ចប់នៃការងារបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃនៅក្នុងទ្វីបអាមេរិក ទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ ។ ក្រោយមក ពួកសិស្សរបស់ទ្រង់បានជួបជុំគ្នា « បានរួមគ្នាអធិស្ឋានយ៉ាងខ្លាំង ហើយបានតមអាហារ ។ ហើយព្រះយេស៊ូវ ទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់ពួកគេម្តងទៀត ត្បិតពួកគេកំពុងតែអធិស្ឋានដល់ព្រះវរបិតាដោយនូវព្រះនាមទ្រង់ » ។ ៣ ហេតុអ្វីព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ដល់ពួកសិស្សរបស់ទ្រង់ម្ដងទៀត ? ដោយសារពួកគេបានអធិស្ឋាន ពួកគេបានទូលសូម ។
រួចទ្រង់បានបន្តថា ៖
« ឥឡូវនេះ យើងយាងទៅឯព្រះវរបិតាវិញ ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ ។
« ដូច្នេះ ចូរសូម ហើយអ្នកនឹងទទួល ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអ្នកណាដែលសូម នោះនឹងបានទទួល រីឯអ្នកណាដែលគោះ នោះតែងនឹងបើកឲ្យអ្នកនោះ » ។ ៤
យើងត្រូវទូលសូមដោយសេចក្ដីជំនឿ ដើម្បីដឹងពីព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយទទួលស្គាល់ថា ព្រះអម្ចាស់ដឹងថាអ្វីដែលល្អប្រសើរជាងសម្រាប់យើង ។
២. ប្រព្រឹត្ត
ការប្រព្រឹត្តិគឺក៏ជាគន្លឹះដ៏សំខាន់មួយទៀតចំពោះការប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែប្រសើរឡើង ។ កាលដែលយើងប្រព្រឹត្ត នោះទ្រង់នឹងដឹកនាំ ហើយណែនាំនៅតាមផ្លូវ ។ ខ្ញុំប្រាកដថា នីហ្វៃបានស្វែងរកការណែនាំពីព្រះអម្ចាស់ដើម្បីដឹងពីរបៀបទៅយកផ្ទាំងលង្ហិនពីឡាបាន់ ប៉ុន្តែលោក និងបងប្រុសលោកបានព្យាយាមពីរដងដោយមិនបានជោគជ័យ ។ ប៉ុន្តែ ពួកគេបានប្រព្រឹត្ត ហើយព្រះអម្ចាស់បានដឹកនាំពួកគេនៅតាមផ្លូវ ។ ទីបំផុត នីហ្វៃបានទទួលជោគជ័យនៅលើកទីបី ។ លោកបានរំឭកថា « ហើយខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណ ដោយមិនដឹងជាមុនសោះឡើយថា តើខ្ញុំនឹងត្រូវធ្វើអ្វីខ្លះ » ។ ៥
នេះជារបៀបដែលព្រះអម្ចាស់ធ្វើកិច្ចការ កាលដែលយើងដាក់ការខិតខំ ហើយប្រព្រឹត្ត សូម្បីតែពេលដែលយើងពុំយល់ច្បាស់ពីអ្វីដែលត្រូវធ្វើក្តី ។ ព្រះអម្ចាស់បានប្រាប់នីហ្វៃពី អ្វី ដែលត្រូវធ្វើ ៖ ទៅយកផ្ទាំងទាំងឡាយ ។ ប៉ុន្តែទ្រង់ពុំបានប្រាប់នីហ្វៃពី របៀប ដើម្បីធ្វើវានោះទេ ។ ទ្រង់បានទុកឲ្យនីហ្វៃស្វែងយល់ ហើយស្វែងរកជំនួយពីព្រះអម្ចាស់—ហើយជាញឹកញាប់ នេះជារបៀបដែលព្រះអម្ចាស់ធ្វើកិច្ចការនៅក្នុងជីវិតយើង ។ នៅពេលយើងប្រព្រឹត្តដោយជំនឿ នោះព្រះអម្ចាស់ណែនាំ និងដឹកនាំយើង ។
៣. សិក្សា
នៅក្នុងនីហ្វទី៣ ពួកសិស្សបានទូលព្រះអង្គសង្គ្រោះថា មានការប្រកែកគ្នាក្នុងចំណោមមនុស្សម្នា ទាក់ទងនឹងឈ្មោះនៃសាសនាចក្រ ។ ជាការឆ្លើយតប ព្រះអង្គសង្គ្រោះបានបង្រៀនគោលការណ៍ដ៏សំខាន់មួយ ពេលដែលទ្រង់បានសួរថា « តើពួកគេពុំបានអានបទគម្ពីរទាំងឡាយ ? » ៦ ការសិក្សាគឺក៏ជាគន្លឹះដ៏សំខាន់មួយទៀតចំពោះការប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរ ។ ការអធិស្ឋាន និងសិក្សាព្រះគម្ពីរដើរទន្ទឹមគ្នា ។ វាធ្វើការរួមគ្នាសម្រាប់ជាសេចក្ដីល្អដល់យើង ។ នេះជាដំណើរការ ដែលព្រះអម្ចាស់បានរៀបចំ ។ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ » ។ ៧
ព្រះអង្គសង្គ្រោះក៏បានបង្រៀនថា យើងមិនគ្រាន់តែសិក្សាព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែបង្រៀនចេញពីវាផងដែរ កាលដែលទ្រង់បានបង្ហាញដល់ពួកសាសន៍នីហ្វៃ ៖ « ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់បានពន្យល់ប្រាប់អស់ទាំងបទគម្ពីរតែមួយ ដែលពួកគេបានសរសេរទុក នោះទ្រង់បានបញ្ជាថា ពួកគេត្រូវបង្រៀនការណ៍ទាំងឡាយ ដែលទ្រង់បានពន្យល់ប្រាប់ដល់ពួកគេ » ។ ៨
នេះជាមូលហេតុមួយនៃមូលហេតុនានា ដែលវាសំខាន់ណាស់សម្រាប់នីហ្វៃ ដើម្បីត្រឡប់ទៅយកផ្ទាំងលង្ហិនវិញ ៖ គ្រួសារលោកត្រូវការព្រះគម្ពីរ មិនត្រឹមតែដើម្បីជួយពួកគេធ្វើដំណើរទៅដែនដីសន្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពួកគេបង្រៀនកូនចៅរបស់ពួកគេផងដែរ ។ យើងក៏ត្រូវតែស្វែងរកការណែនាំពីព្រះគម្ពីរផងដែរសម្រាប់ការធ្វើដំណើររបស់យើង ហើយយើងត្រូវតែបង្រៀនចេញពីព្រះគម្ពីរនៅក្នុងគេហដ្ឋាន និងនៅក្នុងការហៅបម្រើនៅសាសនាចក្ររបស់យើង ។
៤. ប្រព្រឹត្តឲ្យប្រែក្លាយ
ជាច្រើនដង ចម្លើយចំពោះការអធិស្ឋាននឹងមិនមកភ្លាមៗនោះទេ ។ ប៉ុន្តែយើងត្រូវតែមានសេចក្ដីជំនឿដើម្បីបន្ត ប្រព្រឹត្តក្នុងសុចរិតភាព និងមានភាពខ្ជាប់ខ្ជួនដូចជានីហ្វៃ ពេលដែលលោកបានព្យាយាមទៅយកផ្ទាំងលង្ហិន ត និងដើម្បីព្យាយាមម្ដងទៀត ។ អែលឌើរ រីឆាដ ជី ស្កត បានមានប្រសាសន៍ថា « ចូរមានអំណរគុណដែលពេលខ្លះព្រះឲ្យយើងមានការលំបាកជាយូរមុននឹងចម្លើយមកដល់ ។ ការណ៍នោះធ្វើឲ្យសេចក្ដីជំនឿរបស់បងប្អូនកើនឡើង ហើយធ្វើឲ្យលក្ខណៈសម្បត្តិរបស់បងប្អូនលូតលាស់ឡើង » ។ ៩
តាមរយៈការអធិស្ឋាន និងសិក្សាព្រះគម្ពីរ ព្រះអម្ចាស់តែងតែប្រទានកម្លាំងដល់ខ្ញុំដើម្បីប្រព្រឹត្ត និងស៊ូទ្រាំមួយថ្ងៃទៀត មួយសប្ដាហ៍ទៀត ហើយព្យាយាមម្ដងទៀត ។ ជាច្រើនដង ចម្លើយមិនមកភ្លាមៗនោះទេ ។ ខ្ញុំមានសំណួរ ដែលមិនបានទទួលចម្លើយនៅឡើយ ប៉ុន្តែខ្ញុំនៅបន្តទូលសូម និងសិក្សា ហើយខ្ញុំរីករាយដែលព្រះអម្ចាស់បន្តប្រទានកម្លាំងដល់ខ្ញុំដើម្បីប្រព្រឹត្ត កាលដែលខ្ញុំរង់ចាំចម្លើយ ។
អែលឌើរ ស្កត បានមានប្រសាសន៍ ផងដែរថា « នៅពេលបងប្អូនដើរទៅដល់ព្រំប្រទល់នៃការយល់ដឹងរបស់បងប្អូន ទៅក្នុងរាត្រីនៃភាពមិនប្រាកដប្រជា ដោយអនុវត្តសេចក្ដីជំនឿ នោះបងប្អូននឹងត្រូវបានដឹកនាំឲ្យរកឃើញដំណោះស្រាយ ដែលបងប្អូននឹងមិនអាចទទួលបានតាមរបៀបផ្សេងពីនេះឡើយ » ។ ១០
ដើម្បីប្រែក្លាយជាអ្នកដើរតាមព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរ គឺជាដំណើរអស់មួយជីវិត ហើយយើងទាំងអស់គ្នាស្ថិតនៅក្នុងដំណាក់កាលផ្សេងៗគ្នា ធ្វើដំណើរក្នុងល្បឿនខុសៗគ្នា ។ យើងត្រូវតែចងចាំថា នេះមិនមែនជាការប្រកួតប្រជែងទេ ហើយយើងនៅទីនេះដើម្បីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ។ យើងត្រូវការប្រព្រឹត្តិ ដើម្បីអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះធ្វើកិច្ចការជាមួយយើងនៅក្នុងជីវិតយើង ។
ព្រះអម្ចាស់បានមានបន្ទូលដល់ ស៊ីឌនី រិកដុន ដូចតទៅនេះ ៖ « យើងបានទតមើលមកលើអ្នក និងកិច្ចការរបស់អ្នក ។ យើងបានឮពាក្យអធិស្ឋានទាំងប៉ុន្មានរបស់អ្នក ហើយបានរៀបចំអ្នកសម្រាប់កិច្ចការដ៏លើសលែងទៅទៀត » ។ ១១ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ទ្រង់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់យើង ទ្រង់ស្គាល់យើង ទ្រង់មានកិច្ចការដ៏អស្ចារ្យសម្រាប់យើងម្នាក់ៗ ។ តាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ និងធ្វើសកម្មភាព យើងអាចបើកសោ ពរជ័យនៃស្ថានសួគ៌ ហើយប្រែក្លាយជាអ្នកដើរតាមព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « ការជំនុំជម្រះចុងក្រោយ គឺពុំគ្រាន់តែជាការវាយតម្លៃមួយនៃការបូកសរុបនៃសកម្មភាពល្អ និងសកម្មភាពអាក្រក់—ដែលយើង បានធ្វើ ប៉ុណ្ណោះនោះទេ ។ វាជាការទទួលស្គាល់មួយអំពីឥទ្ធិពលនៃទង្វើ និងគំនិតរបស់យើងនៅចុងក្រោយ—ជាអ្វីដែលយើងបាន ប្រែក្លាយ » ។ ១២
ខ្ញុំមានអំណរគុណចំពោះព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ពួកលោកជាអ្នកចាំយាមនៅលើប៉ម ។ ពួកលោកមើលឃើញអ្វីដែលយើងមើលមិនឃើញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា តាមរយៈប្រសាសន៍របស់ពួកលោក យើងអាចប្រែក្លាយជាអ្នកដើរតាមព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរ ហើយសម្រេចសក្ដានុពលរបស់យើងបាន ។ ខ្ញុំសូមធ្វើជាសាក្សីថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយស្គាល់យើងម្នាក់ៗរៀងៗខ្លួន ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕