ប្រឈមមុខនឹងខ្យល់ព្យុះកំបុតត្បូងខាងវិញ្ញាណរបស់យើង ដោយការជឿលើព្រះគ្រីស្ទ
យើងប្រឈមមុខនឹងខ្យល់ព្យុះកំបុតត្បូងខាងវិញ្ញាណបានល្អបំផុត ដោយការជឿលើព្រះគ្រីស្ទ និងការកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
រយៈពេលប្រាំមួយឆ្នាំកន្លងទៅ ភរិយាសំណព្វចិត្តរបស់ខ្ញុំ អាន និងខ្ញុំបានរស់នៅទីក្រុងតិចសាស នៅក្បែរឈូងសមុទ្រដែលខ្យល់ព្យុះកំបុតត្បូងដ៏សាហាវមួយចំនួនបក់បោកឆ្លងកាត់សហរដ្ឋអាមេរិក ធ្វើឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងការបាត់បង់ជីវិត ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហេតុការណ៍អាក្រក់ដ៏បំផ្លិចបំផ្លាញនេះបានកើតឡើងជាច្រើនដង ។ សេចក្ដីស្រឡាញ់ និងការអធិស្ឋានរបស់យើងបានផ្ដល់ទៅឲ្យមនុស្សគ្រប់គ្នា ដែលរងគ្រោះដោយហេតុការណ៍នេះ ។ នៅឆ្នាំ ២០១៧ យើងផ្ទាល់បានជួបនឹងខ្យល់ព្យុះកំបុតត្បូងហាវី ដែលបានបង្អុរភ្លៀងកម្ពស់ទឹកភ្លៀងរហូតដល់ ១៥០ សង់ទីម៉ែត្រ ( ៦០ អ៊ីនឆ៍ ) ។
ច្បាប់ធម្មជាតិគ្រប់គ្រងការបង្កើតជាខ្យល់ព្យុះកំបុតត្បូង ។ សីតុណ្ហភាពទឹកសមុទ្រ យ៉ាងហោចណាស់គឺ ២៧ អង្សារ ( ៨០ ហ្វារិនហៃ ) ដែលសន្ធឹងដល់ ៥០ ម៉ែត្រ ( ១៦៥ ហ្វីត ) នៅក្រោមផ្ទៃមហាសមុទ្រ ។ នៅពេលខ្យល់ប៉ះនឹងទឹកសមុទ្រក្តៅ វាបណ្តាលឲ្យទឹកក្លាយជាចំហាយទឹកហួតឡើងទៅក្នុងបរិយាកាសដែលធ្វើឲ្យវាក្លាយជាធាតុរាវវិញ ។ បន្ទាប់មក វាបង្កើតបានជាដុំពពក ហើយខ្យល់ធ្វើឲ្យវាមានគន្លងវិលគួចឡើងនៅលើផ្ទៃមហាសមុទ្រ ។
ខ្យល់ព្យុះកំបុតត្បូងមានទំហំធំខ្លាំង ដែលមានកម្ពស់រហូតដល់ ១៥.២៤០ ម៉ែត្រ ( ៥០.០០០ ហ្វីត ) ឬខ្ពស់ជាងនេះនៅក្នុងបរិយាកាស ហើយលាតសន្ធឹងយ៉ាងតិច ២០០ គីឡូម៉ែត្រ ( ១២៥ ម៉ែលស៍ ) ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅពេលខ្យល់ព្យុះកំបុតត្បូងមកប៉ះដី វាចាប់ផ្ដើមចុះខ្សោយ ព្រោះវាលែងនៅលើទឹកក្ដៅដែលវាត្រូវការដើម្បីបង្កើនកម្លាំងបន្ថែមទៀតហើយ ។ ១
បងប្អូនអាចមិនដែលជួបនឹងខ្យល់ព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញខាងរូបកាយទេ ។ ទោះយ៉ាងណា ពួកយើងម្នាក់ៗធ្លាប់ជួប ហើយនឹងជួបខ្យល់ព្យុះកំបុតត្បូងខាងវិញ្ញាណ ដែលគំរាមដល់សេចក្ដីសុខសាន្ដរបស់យើង និងសាកល្បងសេចក្ដីជំនឿរបស់យើង ។ ពិភពលោកសព្វថ្ងៃ វាទំនងជាកើនឡើងញឹកញាប់ និងខ្លាំងក្លាជាងមុន ។ សំណាងល្អ ព្រះអម្ចាស់បានប្រទានរបៀបដ៏ជាក់ច្បាស់មួយ ដើម្បីឲ្យយើងយកឈ្នះវាបានដោយសេចក្ដីអំណរ ។ តាមរយៈការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងទទួលបានការអះអាងថា « កាលពពកងងឹតទុក្ខហ៊ុមលើយើង ចង់បំផ្លាញសេចក្ដីសុខយើងចោល នោះមានសេចក្ដីសង្ឃឹមញញឹមខាងមុខ » ។ ២
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
« ពួកបរិសុទ្ធអាចសប្បាយរីករាយនៅគ្រប់កាលៈទេសៈ » ។ យើងអាចមានអំណរ ទោះបីយើងមានថ្ងៃ សប្តាហ៍ ឬឆ្នាំដ៏មិនរីករាយក្ដី !
« នឹងកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានទំនាក់ទំនងខ្លាំងទៅនឹងអ្វីដែលជីវិតយើងផ្តោតទៅលើ ។
« ពេលជីវិតរបស់យើងផ្តោតលើ … ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ » ។ ៣
គឺដូចជាច្បាប់ធម្មជាតិគ្រប់គ្រងខ្យល់ព្យុះកំបុតត្បូងដែរ នោះក្រឹត្យវិន័យរបស់ព្រះគ្រប់គ្រងលើរបៀបដើម្បីមានអំណរ អំឡុងខ្យល់ព្យុះកំបុតត្បូងខាងវិញ្ញាណរបស់យើង ។ អំណរ ឬទុក្ខសោកដែលយើងមាន នៅពេលយើងប្រឈមមុខនឹងព្យុះជីវិត វាទាក់ទងនឹងក្រឹត្យវិន័យទាំងឡាយដែលព្រះបានប្រទានមក ។ ប្រធាន ណិលសុន បានចែកចាយថា « ក្រឹត្យវិន័យទាំងនេះត្រូវបានហៅថា ព្រះបញ្ញត្តិ ប៉ុន្ដែវាមានពិតដូចជាច្បាប់ចលនាក្នុងលំហអាកាស ច្បាប់ទំនាញផែនដី [ និង ] ច្បាប់ដែលគ្រប់គ្រងចង្វាក់បេះដូងដែរ » ។
ប្រធាន ណិលសុន បានបន្ដថា « វាក្លាយជារូបមន្ដសាមញ្ញមួយ ៖ ប្រសិនបើបងប្អូនចង់មានសុភមង្គល សូមកាន់តាមព្រះបញ្ញត្តិទាំងឡាយ » ។ ៤
ការសង្ស័យគឺជាសត្រូវនៃសេចក្ដីជំនឿ និងសេចក្តីអំណរ ។ ក៏ដូចជាទឹកសមុទ្រដែលក្ដៅ គឺជាគ្រឹះបង្កាត់ឲ្យមានខ្យល់ព្យុះកំបុតត្បូងដែរ នោះការសង្ស័យគឺជាគ្រឹះបង្កាត់ឲ្យមានខ្យល់ព្យុះកំបុតត្បូងខាងវិញ្ញាណ ។ ក៏ដូចជាជំនឿគឺជាជម្រើសមួយ នោះការសង្ស័យក៏ជាជម្រើសដែរ ។ ពេលយើងជ្រើសយកការសង្ស័យ នោះយើងជ្រើសរើសដើម្បីទទួលសកម្មភាព ព្រមចាញ់តាមអំណាចរបស់ពួកសត្រូវ ហើយវាធ្វើឲ្យយើងចុះខ្សោយ និងងាយរងគ្រោះ ។ ៥
សាតាំងព្យាយាមដឹកនាំយើងទៅរកគ្រឹះបង្កាត់ឲ្យមានការសង្ស័យ ។ វាព្យាយាមពង្រឹងដួងចិត្តយើង ដើម្បីកុំឲ្យយើងជឿ ។ ៦ គ្រឹះដែលបង្កាត់ឲ្យមានការសង្ស័យ អាចមើលទៅទំនងណាស់ ព្រោះវាហាក់ដូចជាមានសេចក្ដីសុខសាន្ដ ទឹកក្ដៅមិនតម្រូវឲ្យយើងរស់នៅតាម « គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះមក » នោះទេ ។ ៧ នៅក្នុងទឹកបែបនោះ សាតាំងល្បួងយើងឲ្យបន្ធូរបន្ថយការប្រុងប្រយ័ត្នខាងវិញ្ញាណរបស់យើង ។ ការមិនយកចិត្តទុកដាក់នោះអាចនាំឲ្យខ្វះការជឿស៊ប់ខាងវិញ្ញាណ ជាកន្លែងដែលយើង « មិនត្រជាក់ ក៏មិនក្តៅ » ។ ៨ ប្រសិនបើយើងមិនបានបោះយុថ្កាលើព្រះគ្រីស្ទទេ នោះការសង្ស័យ និងការទាក់ទាញរបស់វានឹងដឹកនាំយើងទៅរកភាពសោះអង្គើយ ជាកន្លែងដែលយើងរកមិនឃើញអព្ភូតហេតុ សុភមង្គលដ៏យូរអង្វែង ឬ « សេចក្តីសម្រាកដល់ព្រលឹង [ របស់យើង ] » នោះទេ ។ ៩
ក៏ដូចជាខ្យល់ព្យុះកំបុតត្បូងចុះខ្សោយពេលមកប៉ះដីដែរ នោះការសង្ស័យត្រូវបានជំនួសដោយសេចក្ដីជំនឿ នៅពេលយើងសង់គ្រឹះនៅលើព្រះគ្រីស្ទ ។ ក្រោយមក យើងអាចមើលឃើញខ្យល់ព្យុះកំបុតត្បូងខាងវិញ្ញាណតាមទស្សនវិស័យដ៏ត្រឹមត្រូវ ហើយសមត្ថភាពរបស់យើងដើម្បីយកឈ្នះវានឹងកើនឡើង ។ បន្ទាប់មក « ្នុងខ្យល់កួច … នោះវានឹងគ្មានអំណាច … ដើម្បីទាញ [ យើង ] ចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែល [ យើង ] បានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ » ។ ១០
ប្រធាន ណិលសុន បានបង្រៀន ៖
« សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាគ្រឹះនៃជំនឿទាំងអស់ និងជារបៀបដើម្បីទទួលបានព្រះចេស្ដារបស់ព្រះ ។ …
« ព្រះអម្ចាស់មិនតម្រូវឲ្យមានសេចក្ដីជំនឿ ឥតខ្ចោះ ដើម្បីឲ្យយើងមានអំណាច ឥតខ្ចោះ របស់ទ្រង់នោះទេ ។ ប៉ុន្តែទ្រង់បានបង្គាប់ឲ្យយើងជឿ » ។ ១១
តាំងពីសន្និសីទទូទៅខែមេសាមក គ្រួសាររបស់ខ្ញុំ និងខ្ញុំបានខិតខំពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដើម្បីជួយយើងឲ្យ « បង្វែរឧបសគ្គ [ របស់យើង ] ទៅជាការរីកចម្រើន និងឱកាសដ៏មិនអាចប្រៀបផ្ទឹមបានវិញ » ។ ១២
ចៅស្រីរបស់យើងឈ្មោះ រូប៊ី បានទទួលពរជ័យឲ្យមានឆន្ទៈរឹងមាំ និងចេះទទួលខុសត្រូវ ។ ពេលនាងកើតមក បំពង់អាហាររបស់នាងមិនបានជាប់នឹងក្រពះរបស់នាងទេ ។ ទោះនៅជាទារកក៏ដោយ ក៏រូប៊ីបានជួបនឹងការសាកល្បងដែលមានការតាំងចិត្តមិនប្រក្រតីដែរ ប៉ុន្ដែនាងមានជំនួយពីឪពុកម្ដាយរបស់នាង ។ ឥឡូវនេះ រូប៊ីមានអាយុប្រាំឆ្នាំហើយ នភាពរបស់នាងកំណត់សុភមង្គលរបស់នាងដែរ ។ នាងតែងតែរីករាយជានិច្ច ។
កាលពីខែឧសភាឆ្នាំមុន រូប៊ីបានប្រឈមមុខនឹងខ្យល់ព្យុះកំបុតត្បូងថែមទៀតនៅក្នុងជីវិតរបស់នាងដោយសេចក្ដីជំនឿ ។ នាងក៏បានកើតមកដោយមិនមានដៃអភិវឌ្ឍពេញលេញដែរ ដែលត្រូវវះកាត់កែសម្រួល ។ មុនការវះកាត់ដ៏សាំញ៉ាំនេះ យើងបានទៅលេងនាង និងឲ្យរូបគំនូរមួយដល់នាង ដែលបង្ហាញពីដៃដ៏ស្រស់ស្អាតរបស់កុមារម្នាក់ ដែលកំពុងកាន់ព្រះហស្ដរបស់ព្រះអង្គសង្គ្រោះយ៉ាងកក់ក្ដៅ ។ ពេលយើងសួរនាងថា តើចៅភ័យទេ នោះនាងបានឆ្លើយថា « អត់ទេ ចៅសប្បាយចិត្ត ! »
បន្ទាប់មក ពួកយើងបានសួរនាងថា « រូប៊ី យ៉ាងម៉េចបានចៅសប្បាយចិត្ត ? »
រូប៊ីបានបន្ថែមដោយជឿជាក់ថា « ដោយសារចៅដឹងថា ព្រះយេស៊ូវនឹងកាន់ដៃរបស់ចៅ » ។
រូប៊ីបានជាសះស្បើយប្រកបដោយអព្ភូតហេតុ ហើយនាងបន្ដមានចិត្តរីករាយ ។ មើលចុះ សេចក្ដីជំនឿដ៏បរិសុទ្ធរបស់ក្មេងម្នាក់ ផ្ទុយពីភាពល្ងីល្ងើនៃការសង្ស័យដែលអាចល្បួងយើងជាញឹកញាប់ នៅពេលយើងចាស់ទៅ ! ១៣ ប៉ុន្ដែយើងទាំងអស់គ្នាអាចក្លាយដូចជាកូនក្មេងតូចៗបាន ហើយជ្រើសរើសដើម្បីដាក់ការមិនជឿរបស់យើងមួយអន្លើ ។ វាគឺជាជម្រើសដ៏សាមញ្ញ ។
ឪពុកដ៏ខ្វល់ខ្វាយម្នាក់បានខិតខំអង្វរដល់ព្រះអង្គសង្គ្រោះថា « បើលោកអាចនឹងជួយបាន នោះសូម … ជួយយើងខ្ញុំផង » ។ ១៤
បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលទៅលោក ៖
« បើអាចនឹងជឿបាន នោះការណ៍ទាំងអស់នឹងសម្រេចបានដល់អ្នកណាដែលជឿ ។
« ស្រាប់តែឪពុក … ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង » ។ ១៥
ឪពុកដ៏រាបសារូបនេះបានជ្រើសរើសដោយវាងវៃ ដើម្បីទុកចិត្តលើជំនឿរបស់គាត់ទៅលើព្រះគ្រីស្ទ ជាជាងលើការសង្ស័យរបស់គាត់ ។ ប្រធាន ណិលសុន បានចែកចាយថា « មានតែការឥតជំនឿ របស់បងប្អូន ទេ ដែលនឹងរារាំងមិនឲ្យព្រះប្រទានពរដល់បងប្អូន ឲ្យមានអព្ភូតហេតុរើភ្នំក្នុងជីវិត របស់បងប្អូន នោះ » ។ ១៦
ឱ ព្រះនៃយើងមានសេចក្ដីមេត្តាករុណាណាស់ ដែលដាក់កម្រិតឲ្យយើងត្រឹមតែការជឿ មិនមែនដល់ការដឹងនោះឡើយ !
អាលម៉ាបង្រៀនថា ៖
« មានពរហើយដល់អ្នកណាដែលជឿដល់ព្រះបន្ទូលនៃព្រះ » ។ ១៧
« [ដោយសារ ] ព្រះទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណាដល់អស់អ្នកណា ដែលជឿដល់ព្រះនាមទ្រង់ ហេតុដូច្នេះហើយ ទ្រង់មានព្រះហឫទ័យជាដំបូងបំផុតថា អ្នករាល់គ្នាគួរតែជឿ » ។ ១៨
មែនហើយ ជាដំបូងបំផុត ព្រះមានព្រះហឫទ័យថា យើងគួរតែជឿលើទ្រង់ ។
យើងប្រឈមមុខនឹងខ្យល់ព្យុះកំបុតត្បូងខាងវិញ្ញាណរបស់យើងបានល្អបំផុត ដោយការជឿលើព្រះគ្រីស្ទ និងការកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ជំនឿ និងការគោរពប្រតិបត្តិរបស់យើង ភ្ជាប់យើងទៅអំណាច ដែលមានហួសពីសមត្ថភាពរបស់យើង ដើម្បីយកឈ្នះ « [ អ្វីក៏ដោយដែល ] កំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើង » ។ ១៩ មែនហើយ ព្រះ « នឹងប្រទានពរដល់ [ យើង ] ភ្លាម » ដោយសារការជឿ និងគោរពតាម ។ ២០ តាមពិត កាលពេលវេលាកន្លងទៅ សណ្ឋានរបស់យើងប្ដូរទៅជាមានសុភមង្គល ហើយ « យើងត្រូវបានធ្វើឲ្យរស់ឡើងវិញនៅក្នុងព្រះគ្រីស្ទ » នៅពេលយើងអនុវត្តសេចក្ដីជំនឿលើទ្រង់ និងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ២១
បងប្អូនប្រុសស្រី សូមយើងជ្រើសរើសនៅថ្ងៃនេះដើម្បី « កុំសង្ស័យឡើយ តែចូរជឿ » វិញ ។ ២២ « ផ្លូវត្រឹមត្រូវគឺជឿដល់ព្រះគ្រីស្ទ » ។ ២៣ យើងត្រូវ « បានចារិក … ទុកនៅផ្ទៃបាតដៃរបស់ [ ទ្រង់ ] » ។ ២៤ ទ្រង់គឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ដែលឈរនៅមាត់ទ្វារផ្ទះរបស់យើងម្នាក់ៗ ហើយបានគោះ ។ ២៥ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។