ការទទួលបានព្រះចេស្តារបស់ព្រះតាមរយៈសេចក្ដីសញ្ញា
ពេលបងប្អូនដើរតាមផ្លូវនៃសេចក្ដីសញ្ញា ចាប់តាំងពីពិធីបុណ្យជ្រមុជទឹកទៅកាន់ព្រះវិហារបរិសុទ្ធ និងពេញមួយជីវិត នោះខ្ញុំសុំសន្យាថា បងប្អូនមានអំណាចដើម្បីហូរបញ្ច្រាសនឹងលំហូរធម្មជាតិនៃលោកិយនេះ ។
កាលពីខែវិច្ឆិកាមុន ខ្ញុំមានឯកសិទ្ធិក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធបេឡិម ប្រទេសប្រេស៊ីល ។ វាជាអំណរមួយដែលបានជួបបងប្អូនសមាជិកដែលមានការលះបង់របស់សាសនាចក្រនៅភាគខាងជើងប្រទេសប្រេស៊ីល ។ កាលនោះខ្ញុំបានរៀនថា បេឡិមគឺជាច្រកចូលទៅកាន់តំបន់ដែលមានទន្លេអាម៉ាស្សូនជាទន្លេដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ។
ទោះបីជាទន្លេនោះមានឥទ្ធិពលខ្លាំងក្តី ក៏មានអ្វីមួយដែលហាក់ដូចជាមិនប្រក្រតីកើតឡើងពីរដងក្នុងមួយឆ្នាំ ។ នៅពេលព្រះអាទិត្យ ព្រះចន្ទ និងផែនដី ដើរត្រង់គន្លងត្រូវគ្នា នោះមានឥទ្ធិពលនៃជំនោរទឹកហូរបញ្រ្ចាសឡើងចូលមកទន្លេវិញ ដែលធ្វើឲ្យទឹកហូរខុសពីលំហូរនៃធម្មជាតិ ។ រលកកម្ពស់ដល់ទៅ ៦ ម៉ែត្រ១ បានបោកបក់ឡើងពីច្រាំងចម្ងាយរហូតដល់ ៥០ គីឡូម៉ែត្រ២ ដែលត្រូវបានគេកត់ត្រាទុក ។ បាតុភូតនេះត្រូវបានគេស្គាល់ជាទូទៅថា ជាជំនោរទឹកហូរបញ្ច្រាសដ៏ខ្លាំងមួយ ដែលភាសាក្នុងស្រុកហៅថា ប៉ូរ៉ូរ៉ូកា ឬ « សំឡេងរោទិ៍ដ៏ខ្លាំង » ដោយសារវាមានឮសំឡេងដ៏កងរំពង ។ យើងអាចសន្និដ្ឋានបានយ៉ាងត្រឹមត្រូវថា សូម្បីតែទន្លេអាម៉ាស្សូនដ៏ធំក៏ត្រូវតែចុះចូលនឹងអំណាចសួគ៌ាផងដែរ ។
ដូចទន្លេអាម៉ាស្សូនដែរ យើងមានលំហូរធម្មជាតិហូរចូលមកក្នុងជីវិតរបស់យើង យើងមានទំនោរធ្វើអ្វីតាមធម្មជាតិ ។ ដូចទន្លេអាម៉ាស្សូនដែរ យើងអាចធ្វើកិច្ចការដែលហាក់ដូចជាខុសពីធម្មជាតិបាន ដោយមានជំនួយពីស្ថានសួគ៌ ។ យ៉ាងណាមិញ វាមិនមែនកើតពីធម្មជាតិឡើយ សម្រាប់ ការមានចិត្តរាបសា ស្លូតបូត ឬមានឆន្ទៈព្រមចុះចូលទៅតាមព្រះ ។ ដែលចំណុចទាំងនោះគឺយើងត្រូវធ្វើ ទើបយើងអាចត្រូវបានផ្លាស់ប្ដូរ ត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ព្រះវិញ ហើយសម្រេចបាននូវជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។
មិនដូចជាទន្លេអាម៉ាស្សូនទេ យើងអាចជ្រើសរើសថា តើយើងព្រមចុះចូលនឹងអំណាចសួគ៌ា ឬក៏ « បណ្តោយតាមខ្សែទឹកហូរ » ។៣ ការធ្វើបញ្ច្រាសនឹងខ្សែទឹកហូរ អាចជារឿងពិបាក ។ ប៉ុន្តែនៅពេលយើងព្រម « ធ្វើតាមសេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ » ហើយសម្រាតទំនោរនៃភាពអាត្មានិយមខាងសាច់ឈាមចេញ៤ នោះយើងអាចទទួលបានព្រះចេស្តាក្នុងការផ្លាស់ប្ដូររបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់យើង ពោលគឺព្រះចេស្តាដើម្បីធ្វើកិច្ចការលំបាកៗ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើងពីរបៀបធ្វើរឿងនេះ ។ លោកបានសន្យា ៖ « បុគ្គលម្នាក់ៗដែលចុះសេចក្តីសញ្ញានៅក្នុងអាងជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ—ហើយរក្សាសេចក្តីសញ្ញាទាំងនោះ—គឺបានទទួលព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង … [ ដើម្បីលើក ] យើងឡើងផុតពីឥទ្ធិពលនៃពិភពលោកដ៏ធ្លាក់នេះ » ។៥ និយាយម្យ៉ាងទៀត គឺយើងអាចទទួលបានព្រះចេស្តារបស់ព្រះបាន លើកលែងតែយើងភ្ជាប់ជាមួយទ្រង់ តាមរយៈសេចក្ដីសញ្ញាពិសិដ្ឋប៉ុណ្ណោះ ។
មុនពេលផែនដីត្រូវបានបង្កើតឡើង ព្រះបានបង្កើតសេចក្ដីសញ្ញានានាជាយន្តការដែលយើងជាបុត្រាបុត្រីរបស់ទ្រង់អាចរួបរួមខ្លួនយើងទៅនឹងទ្រង់បាន ។ ដោយផ្អែកលើក្រឹត្យវិន័យដ៏អស់កល្បជានិច្ចដែលមិនផ្លាស់ប្ដូរ នោះទ្រង់បានបញ្ជាក់ពីលក្ខខណ្ឌដែលមិនអាចចរចាបាន ដែលយើងត្រូវបានផ្លាស់ប្តូរ សង្គ្រោះ និងតម្កើងឡើង ។ នៅក្នុងជីវិតនេះ យើងចុះសេចក្ដីសញ្ញាទាំងនេះ ដោយការចូលរួមក្នុងពិធីបរិសុទ្ធនៃបព្វជិតភាព និងការសន្យាថា នឹងធ្វើនូវអ្វីដែលព្រះសុំឲ្យយើងធ្វើ ហើយព្រះសន្យាប្រទានពរជ័យជាក់លាក់ដល់យើងវិញជាថ្នូរ ។៦
សេចក្តីសញ្ញាគឺជាកិច្ចសន្យាមួយដែលយើងគួរតែរៀបចំ យល់ឲ្យបានច្បាស់ និងគោរពយ៉ាងពេញលេញ ។៧ ការចុះសេចក្តីសញ្ញាជាមួយព្រះគឺខុសពីការសន្យាធម្មតា ។ ទីមួយ តម្រូវឲ្យមានសិទ្ធិអំណាចបព្វជិតភាព ។ ទីពីរ ការសន្យាបែបទន់ជ្រាយគ្មានកម្លាំងតភ្ជាប់ដើម្បីលើកយើងផុតពីឥទ្ធិពលនៃលំហូរធម្មជាតិនេះបានឡើយ ។ យើងចុះសេចក្តីសញ្ញាតែនៅពេលយើងមានបំណងតាំងចិត្តខ្លួនឯងជាពិសេស ដើម្បីបំពេញតាមសេចក្តីសញ្ញានោះប៉ុណ្ណោះ ។៨ យើងបានក្លាយជាបុត្រាបុត្រីនៃសេចក្តីសញ្ញារបស់ព្រះ និងជាអ្នកស្នងមរតកនៃនគររបស់ទ្រង់ ជាពិសេសនៅពេលយើងស្គាល់អត្តសញ្ញាណខ្លួនយើងទាំងស្រុងជាមួយនឹងសេចក្ដីសញ្ញានោះ ។
ពាក្យថា ផ្លូវនៃសេចក្ដីសញ្ញា សំដៅទៅលើសេចក្ដីសញ្ញាជាបន្តបន្ទាប់ ពេលយើងមកចំពោះព្រះគ្រីស្ទ ហើយភ្ជាប់ទៅនឹងទ្រង់ ។ តាមរយៈចំណងនៃសេចក្ដីសញ្ញានេះ យើងអាចទទួលបានព្រះចេស្តាដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។ ផ្លូវនេះចាប់ផ្ដើមដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត បន្ទាប់មកដោយការធ្វើបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ ។៩ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញយើងពីរបៀបចូលទៅក្នុងផ្លូវនោះ ពេលទ្រង់ទទួលបុណ្យជ្រមុជទឹក ។១០ យោងតាមដំណើររឿងដំណឹងល្អពីព្រះគម្ពីរសញ្ញាថ្មី នៅក្នុងគម្ពីរម៉ាកុស និងលូកាព្រះវរបិតាសួគ៌បានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់ព្រះយេស៊ូវនៅឯពិធីជ្រមុជទឹករបស់ទ្រង់ ដោយមានបន្ទូលថា « ឯងជាកូនស្ងួនភ្ងាយើង ជាទីពេញចិត្តយើងណាស់ » ។ នៅពេលយើងចាប់ផ្ដើមដើរលើផ្លូវនៃសេចក្ដីសញ្ញាតាមរយៈពិធីបុណ្យជ្រមុជទឹក ខ្ញុំអាចស្រមៃឃើញថា ព្រះវរបិតាសួគ៌មានបន្ទូលស្រដៀងគ្នានេះទៅកាន់យើងម្នាក់ៗថា ៖ « អ្នកជាកូនស្ងួនភ្ងាយើង ដែលយើងសព្វព្រះទ័យណាស់ ។ ចូរបន្តទៅមុខទៀត » ។១១
នៅឯពិធីបុណ្យជ្រមុជទឹក និងពេលយើងទទួលទានសាក្រាម៉ង់១២ យើងធ្វើជាសាក្សីថា យើងព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ។១៣ នៅក្នុងបរិបទនេះ សូមយើងយកចិត្តទុកដាក់ចំពោះបញ្ញត្តិក្នុងព្រះគម្ពីរសញ្ញាចាស់ថា « កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ » ។១៤ នៅជំនាន់របស់យើង បញ្ញត្តិនេះស្តាប់ទៅហាក់ដូចជា ការហាមឃាត់មិនឲ្យប្រើព្រះនាមរបស់ព្រះអម្ចាស់ដោយគ្មានគារវភាព ។ បញ្ញត្តិនេះគឺរួមបញ្ចូលនូវចំណុចនោះហើយ ប៉ុន្តែការត្រាស់បង្គាប់នោះមានន័យកាន់តែជ្រាលជ្រៅជាងនោះទៅទៀត ។ ភាសាហេព្រើរបានបកប្រែ ពាក្យ « ចេញ » ថា « លើក » ឬ « លើកឡើង » ដូចជាផ្ទាំងបដាដែលកំណត់អត្តសញ្ញាណពីខ្លួនឯងជាក្រុមមួយ ឬជាបុគ្គលម្នាក់ ។១៥ ពាក្យដែលបានប្រែថា « អសារឥតការ » មានន័យថា « ឥតន័យ » ឬ « បោកបញ្ឆោត » ។១៦ បញ្ញាត្តិដែលថា កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ាជាអសារឥតការ អាចមានន័យដូច្នេះថា « បងប្អូនមិនគួរកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទទេ លុះត្រាតែបងប្អូនមានបំណងធ្វើជាតំណាងទ្រង់ឲ្យបានល្អសិន » ។
យើងក្លាយជាសិស្សរបស់ទ្រង់ ហើយធ្វើជាតំណាងឲ្យទ្រង់បានល្អ នៅពេលយើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈសេចក្ដីសញ្ញា ដោយចេតនា និងដោយការបង្កើនចិត្តធ្វើកិច្ចការនោះ ។ សេចក្ដីសញ្ញារបស់យើងផ្ដល់អំណាចដល់យើងដើម្បីបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ពីព្រោះទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌របស់យើងត្រូវបានផ្លាស់ប្ដូរ ។ យើងបានភ្ជាប់ទៅនឹងទ្រង់ទាំងទ្វេដោយសារចំណងនៃសេចក្តីសញ្ញា ។
ផ្លូវនៃសេចក្តីសញ្ញានាំឆ្ពោះទៅកាន់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដូចជាអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធជាដើម ។១៧ អំណោយទានពិសិដ្ឋគឺជាអំណោយនៃសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់ព្រះ ដែលភ្ជាប់យើងឲ្យបានកាន់តែពេញលេញទៅនឹងទ្រង់ ។ ទីមួយ នៅក្នុងអំណោយទានពិសិដ្ឋ យើងចុះសេចក្តីសញ្ញា យើងព្យាយាមគោរពបញ្ញត្តិរបស់ព្រះ ទីពីរ ប្រែចិត្តដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប ទីបី រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងធ្វើរឿងនេះតាមរយៈ « អនុវត្តជំនឿទៅលើទ្រង់ ចុះសេចក្តីសញ្ញានឹងព្រះ នៅពេលយើងទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង គោរពសេចក្តីសញ្ញាទាំងនោះពេញមួយជីវិតរបស់យើង ហើយព្យាយាមរស់នៅតាមបទបញ្ញត្តិធំពីរគឺ ស្រឡាញ់ព្រះ និងអ្នកជិតខាង ។ ទីបួន យើងចុះសេចក្ដីសញ្ញាដើម្បីគោរពច្បាប់ព្រហ្មចារីភាព ហើយទីប្រាំ លះបង់ខ្លួនយើង និងអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ប្រទានពរដល់យើង ដើម្បីស្ថាបនាសាសនាចក្ររបស់ទ្រង់ ។១៨
តាមរយៈការចុះ និងរក្សាសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ នោះយើងរៀនបន្ថែមទៀតអំពីព្រះរាជបំណងរបស់ព្រះអម្ចាស់ ហើយទទួលនូវភាពពោរពេញនៃព្រះវិញ្ញាណបរិសុទ្ធ ។១៩ យើងទទួលបានការណែនាំសម្រាប់ជីវិតរបស់យើង ។ យើងមានភាពចាស់ទុំក្នុងនាមជាសិស្ស ដើម្បីកុំឲ្យយើងនៅតែជាកូនក្មេងដែលមិនដឹងអី ។២០ ផ្ទុយទៅវិញ យើងរស់នៅដោយមានទស្សនវិស័យអស់កល្បជានិច្ច និងមានការជំរុញចិត្តកាន់តែខ្លាំងឡើងដើម្បីបម្រើព្រះ និងអ្នកដទៃ ។ យើងទទួលបានសមត្ថភាពកាន់តែខ្លាំង ដើម្បីបំពេញតាមគោលបំណងរបស់យើងក្នុងជីវិតរមែងស្លាប់នេះ ។ យើងត្រូវបានការពារពីអំពើអាក្រក់២១ ហើយយើងទទួលបានអំណាចកាន់តែច្រើន ដើម្បីទប់ទល់នឹងការល្បួង និងដើម្បីប្រែចិត្ត នៅពេលយើងជំពប់ដួល ។២២ នៅពេលយើងដួល ការចងចាំពីសេចក្ដីសញ្ញារបស់យើងជាមួយព្រះ ជួយយើងឲ្យត្រឡប់ទៅកាន់ផ្លូវនោះវិញ ។ តាមរយៈការភ្ជាប់ទៅនឹងព្រះចេស្តារបស់ព្រះ នោះយើងក្លាយជា ប៉ូរ៉ូរ៉ូកា របស់យើងផ្ទាល់ ដែលអាចហូរបញ្ច្រាសនឹងលំហូរនៃពិភពលោកនេះ ពេញមួយជីវិតរបស់យើង និងនៅក្នុងភាពអស់កល្បជានិច្ច ។ ទីបំផុត ជោគវាសនារបស់យើងបានផ្លាស់ប្តូរ ដោយសារផ្លូវនៃសេចក្តីសញ្ញានាំទៅកាន់ភាពតម្កើងឡើង និងជីវិតដ៏អស់កល្បជានិច្ច ។២៣
ការរក្សាសេចក្តីសញ្ញាដែលបានចុះនៅឯអាងនៃពិធីបុណ្យជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ ក៏ផ្ដល់កម្លាំងដល់យើង ដើម្បីទប់ទល់នឹងការសាកល្បង និងការឈឺចាប់ក្នុងជីវិតរមែងស្លាប់នេះផងដែរ ។២៤ គោលលទ្ធិដែលទាក់ទងនឹងសេចក្ដីសញ្ញាទាំងនេះជួយសម្រួលដល់ផ្លូវរបស់យើង ហើយផ្ដល់នូវសេចក្ដីសង្ឃឹម ការលួងលោម និងភាពសុខសាន្ត ។
តាយាយរបស់ខ្ញុំគឺ ឡេណា សូហ្វីយ៉ា និង ម៉ាតស៍ លៀនឌើរ រិនឡាន់ បានទទួលព្រះចេស្តារបស់ព្រះ តាមរយៈសេចក្តីសញ្ញាបុណ្យជ្រមុជទឹករបស់ពួកលោក កាលពួកលោកបានចូលជាសមាជិកព្រះវិហារក្នុងឆ្នាំ ១៩១២ នៅប្រទេសហ្វាំងឡង់ ។ ពួកលោកសប្បាយចិត្តដែលបានក្លាយជាផ្នែកមួយនៃសាខាដំបូងគេនៃសាសនាចក្រនៅប្រទេសហ្វាំងឡង់ ។
ប្រាំឆ្នាំក្រោយមក លោកតា លៀនឌើរ បានទទួលមរណភាពដោយសារជំងឺរបេង កាលលោកយាយ ឡេណា ពរពោះកូនទីដប់របស់ពួកលោក ។ កូនទីដប់នោះគឺជាឪពុកខ្ញុំ បន្ទាប់ពីលោកកើតបានពីរខែ នោះឪពុកលោកគឺលៀនឌើរក៏បានចែកឋានទៅ ។ នៅទីបំផុត លោកយាយ ឡេណា មិនត្រឹមតែបញ្ចុះស្វាមីរបស់គាត់ប៉ុណ្ណោះទេ គាត់ថែមទាំងបានបញ្ចុះកូនប្រាំពីរនាក់ក្នុងចំណោមកូនដប់នាក់របស់គាត់ផងដែរ ។ ក្នុងនាមជាស្ត្រីមេម៉ាយក្រីក្រម្នាក់ គាត់មានការលំបាកណាស់ ។ អស់រយៈពេល ២០ ឆ្នាំ គាត់សម្រានមិនលក់ឡើយ ។ អំឡុងពេលថ្ងៃ គាត់បានខំស្វះស្វែងដើម្បីផ្គត់ផ្គង់អាហារដល់គ្រួសាររបស់គាត់ ។ នៅពេលយប់ គាត់បានមើលថែសមាជិកគ្រួសារដែលហៀបនឹងស្លាប់ ។ វាពិបាកដើម្បីស្រមៃឃើញថា តើគាត់អាចទ្រាំទ្រកិច្ចការទាំងនោះបានដោយរបៀបណា ។
លោកយាយ ឡេណា បានស៊ូទ្រាំជាខ្លាំង ដោយសារគាត់បានដឹងថា ស្វាមី និងកូនៗដែលបានស្លាប់របស់គាត់ អាចនៅតែជាស្វាមី និងកូនៗរបស់គាត់ រហូតដល់ភាពអស់កល្បជានិច្ច ។ គោលលទ្ធិអំពីពរជ័យនៃព្រះវិហារបរិសុទ្ធ រួមមានក្រុមគ្រួសារដ៏អស់កល្បជានិច្ច បាននាំឲ្យគាត់មានភាពសុខសាន្ត ដោយសារគាត់ទុកចិត្តលើអំណាចនៃការផ្សារភ្ជាប់ ។ កាលគាត់នៅរស់ គាត់មិនបានទទួលអំណោយទានពិសិដ្ឋរបស់គាត់ ហើយក៏មិនទាន់បានផ្សារភ្ជាប់នឹងលោកតា លៀនឌើរ ដែរ ប៉ុន្តែលោកតា លៀនឌើរ នៅតែជាឥទ្ធិពលដ៏សំខាន់មួយក្នុងជីវិតរបស់គាត់ ហើយជាផ្នែកមួយនៃក្តីសង្ឃឹមដ៏មហិមារបស់គាត់សម្រាប់ពេលអនាគត ។
នៅក្នុងឆ្នាំ ១៩៣៨ លោកយាយ ឡេណា បានដាក់បញ្ជូនកំណត់ត្រានានា ដើម្បីអាចធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ សម្រាប់សមាជិកគ្រួសារដែលបានស្លាប់របស់គាត់ ដែលមានកំណត់ត្រាពីដំបូងមួយចំនួនបានដាក់បញ្ជូនមកពីប្រទេសហ្វាំងឡង់ ។ ក្រោយពីគាត់បានស្លាប់ នោះមានមនុស្សដទៃទៀតបានធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធឲ្យគាត់ ឲ្យលោកតា លៀនឌើរ និងកូនៗរបស់គាត់ដែលបានចែកឋានទាំងនោះ ។ តាមរយៈពិធីជំនួស នោះគាត់បានទទួលអំណោយទានពិសិដ្ឋ លោកយាយ ឡេណា និងលោកតា លៀនឌើរ បានផ្សារភ្ជាប់ជាមួយគ្នា ហើយកូនៗដែលបានស្លាប់របស់ពួកលោក និងឪពុករបស់ខ្ញុំក៏បានផ្សារភ្ជាប់នឹងពួកលោកផងដែរ ។ ដូចជាអ្នកដទៃទៀតដែរ លោកយាយ ឡេណា « បានស្លាប់ក្នុងសេចក្តីជំនឿ ឥតទទួលសេចក្តីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចម្ងាយ … [ ក៏ ] ទទួលគំនាប់ដែរ » ។២៥
លោកយាយ ឡេណា បានរស់នៅហាក់ដូចជាគាត់បានចុះសេចក្តីសញ្ញាទាំងនេះរួចទៅហើយក្នុងជីវិតរបស់គាត់ ។ គាត់បានដឹងថា សេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និងសាក្រាម៉ង់របស់គាត់បានភ្ជាប់គាត់ទៅនឹងព្រះអង្គសង្រ្គោះ ។ គាត់ « សូមឲ្យចិត្តចង់បាននូវស្ថានបរិសុទ្ធ [ របស់ព្រះប្រោសលោះ ] ធ្វើឲ្យ [ គាត់ ] មានសង្ឃឹមក្នុងចិត្ត » ។២៦ លោកយាយ ឡេណា បានចាត់ទុកសេចក្តីសញ្ញានោះថា ជាសេចក្ដីមេត្តាករុណាដ៏មហិមាមួយរបស់ព្រះ ដែលគាត់បានរៀនអំពីក្រុមគ្រួសារដ៏អស់កល្បជានិច្ច ពីមុននឹងជួបសោកនាដកម្មក្នុងជីវិតរបស់គាត់ ។ តាមរយៈសេចក្ដីសញ្ញា គាត់បានទទួលព្រះចេស្តារបស់ព្រះ ដើម្បីស៊ូទ្រាំ និងងើបចេញពីឥទ្ធិពលនៃក្តីអស់សង្ឃឹម ដែលកើតចេញពីឧបសគ្គ និងការលំបាករបស់គាត់ ។
ពេលបងប្អូនដើរតាមផ្លូវនៃសេចក្ដីសញ្ញា ចាប់តាំងពីពិធីបុណ្យជ្រមុជទឹកទៅកាន់ព្រះវិហារបរិសុទ្ធ និងពេញមួយជីវិត ខ្ញុំសុំសន្យាថា បងប្អូនមានអំណាចដើម្បីហូរបញ្ច្រាស់នឹងលំហូរធម្មជាតិនៃលោកិយនេះ—ពោលគឺអំណាចដើម្បីរៀន អំណាចដើម្បីប្រែចិត្ត និងអំណាចដើម្បីញែកចេញជាបរិសុទ្ធ និងអំណាចដើម្បីរកឃើញសេចក្តីសង្ឃឹម ការលួងលោម និងសូម្បីតែអំណរ ពេលបងប្អូនប្រឈមនឹងឧបសគ្គក្នុងជីវិតនេះ ។ ខ្ញុំសុំសន្យាដល់បងប្អូន និងគ្រួសាររបស់បងប្អូននូវការការពារប្រឆាំងនឹងឥទ្ធិពលនៃមារសត្រូវ ជាពិសេសនៅពេលបងប្អូនផ្តោតចិត្តទុកជាខ្លាំងលើព្រះវិហារបរិសុទ្ធនៅក្នុងជីវិតរបស់បងប្អូន ។
នៅពេលបងប្អូនមកកាន់ព្រះគ្រីស្ទ ហើយបានភ្ជាប់នឹងទ្រង់ និងព្រះវរបិតាសួគ៌របស់យើងតាមរយៈសេចក្ដីសញ្ញា នោះអ្វីដែលហាក់ដូចជាមិនប្រក្រតីនឹងកើតមានឡើង ។ បងប្អូនបានផ្លាស់ប្ដូរ ហើយបានល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។២៧ បងប្អូនក្លាយជាបុត្រនៃសេចក្ដីសញ្ញារបស់ព្រះ និងជាអ្នកស្នងមរតកនៅក្នុងនគររបស់ទ្រង់ ។២៨ ខ្ញុំអាចស្រមៃឃើញទ្រង់មានបន្ទូលទៅកាន់បងប្អូនថា « អ្នកជាកូនស្ងួនភ្ងាយើង ដែលយើងសព្វព្រះទ័យណាស់ ។ សុំស្វាគមន៍មកផ្ទះវិញ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕