ការទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទ
នៅពេលយើងបានសង់ផ្ទះរបស់យើងនៅលើគ្រឹះនៃទំនាក់ទំនងសេចក្ដីសញ្ញាជាមួយនឹងព្រះគ្រីស្ទ នោះយើងកំពុង ទុក ចិត្ត លើគោលលទ្ធិនៃព្រះគ្រីស្ទ ។
ក្នុងភ្នែកខ្ញុំ ខ្ញុំមើលឃើញព្យាការីនីហ្វៃវ័យចំណាស់អង្គុយនៅតុរបស់លោក ដោយមានផ្ទាំងចំណារមាសពង្រាយនៅចំពោះមុខលោក និងប៉ាកកានៅក្នុងដៃរបស់លោក ។
នីហ្វៃស្ថិតនៅក្នុងដំណើរការបញ្ចប់ការឆ្លាក់ចុងក្រោយនៅក្នុងបញ្ជីរបស់លោក ។ លោកបានសរសេរថា « ហើយឥឡូវនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមបញ្ចប់ពាក្យរបស់ខ្ញុំតែត្រឹមនេះសិនចុះ » ។១ ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក ព្រះវិញ្ញាណបានជំរុញឲ្យនីហ្វៃត្រឡប់ទៅបញ្ជីរបស់លោកវិញ ហើយសរសេរសារបញ្ចប់មួយ ។ ក្រោមឥទ្ធិពលដ៏ខ្លាំងក្លារបស់ព្រះវិញ្ញាណបរិសុទ្ធ ព្យាការីដ៏អស្ចារ្យនោះបានយកប៉ាកការបស់លោកមកកាន់ក្នុងដៃម្តងទៀត ហើយសរសេរថា « ហេតុដូច្នោះហើយ ការណ៍ទាំងឡាយដែលខ្ញុំបានសរសេរមកនេះ ក៏ល្មមគ្រប់គ្រាន់ចំពោះខ្ញុំហើយ លើកលែងតែពាក្យខ្លះ … ដែលខ្ញុំ ត្រូវតែ និយាយអំពីគោលលទ្ធិនៃព្រះគ្រីស្ទ » ។២
ឱ យើងមានអំណរគុណដ៏អស់កល្បជានិច្ចចំពោះ « ពាក្យខ្លះ »៣ ទាំងនោះ និងចំពោះព្រះវិញ្ញាណដែលបានបណ្តាលនីហ្វៃឲ្យសរសេរពាក្យទាំងនោះ ។ សន្ធិសញ្ញារបស់នីហ្វៃលើគោលលទ្ធិនៃព្រះគ្រីស្ទ គឺជារតនៈសម្បត្តិចំពោះអស់អ្នកណាដែលទទួលទានពាក្យទាំងនោះ ។ វាមាននូវការមើលឃើញពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ៤និងសំឡេងរបស់ព្រះរាជបុត្រាអញ្ជើញមនុស្សទាំងអស់ឲ្យមកតាមទ្រង់៥ហើយ « ធ្វើនូវអ្វីៗដែល [ យើង ] បានឃើញ [ ទ្រង់ ] ធ្វើ » ។៦ វាមាននូវសក្ខីភាពរបស់នីហ្វៃដែលថា អ្នកដែលមានសេចក្ដីជំនឿលើព្រះគ្រីស្ទ បានប្រែចិត្តយ៉ាងស្មោះពីអំពើបាបរបស់ពួកគេ ហើយធ្វើតាមព្រះអង្គសង្រ្គោះដោយចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹកនឹង « ទទួលព្រះវិញ្ញាណបរិសុទ្ធ មែនហើយបន្ទាប់មកក៏មានបុណ្យជ្រមុជទឹកដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ » ។៧ យើងក៏ឮសំឡេងរបស់ព្រះវរបិតាដែលធ្វើបន្ទាល់ផងដែរថា « មែនហើយ ពាក្យទាំងឡាយនៃបុត្រាស្ងួនភ្ងារបស់យើង គឺពិត ហើយស្មោះត្រង់ ។ អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹងត្រូវបានសង្គ្រោះ » ។៨
ប្រធាន រ័សុល អិម ណិលសុន បានគូសបញ្ជាក់អំពីសារៈសំខាន់ដ៏ពិសេសនៃគោលលទ្ធិនៃព្រះគ្រីស្ទ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ថ្នាក់ដឹកនាំបេសកកម្មដែលទើបតែហៅបម្រើ ៖ « លើសពីអ្វីផ្សេងទៀតទាំងអស់ យើងចង់ឲ្យអ្នកផ្សព្វផ្សាយសាសនារបស់យើង … មានគោលលទ្ធិនៃព្រះគ្រីស្ទឆ្លាក់ជាប់ក្នុងចិត្តរបស់ពួកគេ—គឺចាក់ឫសនៅក្នុងខួរឆ្អឹងរបស់ពួកគេ » ។៩
ប្រកាសដំណឹងល្អរបស់យើងសង្ខេបនូវធាតុសំខាន់ប្រាំយ៉ាងនៃគោលលទ្ធិនៃព្រះគ្រីស្ទ ។ វាបង្រៀនថា « [ យើង ]អញ្ជើញដល់មនុស្សដទៃមកកាន់ព្រះគ្រីស្ទ ដោយការជួយពួកគេឲ្យទទួលយកដំណឹងល្អដែលបានស្ដារឡើងវិញ តាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ពិធីទទួលអំណោយព្រះវិញ្ញាណបរិសុទ្ធ និងស៊ូទ្រាំដរាបដល់ចុងបំផុត » ។១០
ប៉ុន្តែសារៈសំខាន់នៃគោលលទ្ធិនៃព្រះគ្រីស្ទគឺមិនត្រឹមតែសម្រាប់អ្នកផ្សព្វផ្សាយសាសនាប៉ុណ្ណោះនោះទេ ! ហើយវាគឺជ្រាលជ្រៅជាងការគ្រាន់តែសង្ខេបដដែលៗនូវធាតុសំខាន់ទាំងប្រាំរបស់វាទៅទៀត ។ វារួមបញ្ចូលច្បាប់នៃដំណឹងល្អ ។ វាគឺជាផែនការដ៏អស្ចារ្យសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។
បងប្អូនប្រុសស្រីទាំងឡាយ បើយើងត្រូវទទួលយកការអញ្ជើញរបស់ប្រធាន ណិលសុន ឲ្យមានគោលលទ្ធិនៃព្រះគ្រីស្ទចាក់ឫសនៅក្នុងខួរឆ្អឹង របស់យើងនោះយើងត្រូវតែធ្វើឲ្យការប្រែចិត្តជឿរបស់យើងទៅកាន់ព្រះអម្ចាស់កាន់តែស៊ីជម្រៅ តាមរយៈការសិក្សា ការអធិស្ឋាន និងការរស់នៅដោយស្មោះត្រង់ និងបន្តប្រែចិត្ត ។ យើងត្រូវតែអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យឆ្លាក់គោលលទ្ធិនៃព្រះគ្រីស្ទនៅ « ក្នុង [ ដួង ] ចិត្តខាងសាច់ឈាម [ របស់យើង] »១១ ឲ្យបានជ្រាលជ្រៅ និងជាអចិន្ត្រៃយ៍ដូចដែលបានឆ្លាក់ដោយនីហ្វៃនៅលើផ្ទាំងចំណារមាសដែរ ។
នៅក្នុងសុន្ទរកថារបស់លោកនៅខែ តុលាកន្លងទៅ ប្រធាន ណិលសុន បានសួរដូច្នេះថា « តើការឈ្នះលោកិយមានន័យដូចម្តេច ? » ក្នុងចំណោមការណ៍ដទៃទៀត នោះ លោកបានមានប្រសាសន៍ថា « វាមានន័យថា ទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទជាងលើទស្សនៈរបស់មនុស្ស » ។១២
ពាក្យ ទុកចិត្តមាននិយមន័យថាជា « ការដាក់ក្ដីសង្ឃឹមយ៉ាងប្រាកដលើតួអង្គ សមត្ថភាព កម្លាំង ឬសេចក្ដីពិតរបស់នរណាម្នាក់ ឬអ្វីមួយ » ។១៣ នរណាម្នាក់នោះគឺជាព្រះយេស៊ូវគ្រីស្ទ ហើយអ្វីមួយនោះគឺជាគោលលទ្ធិរបស់ទ្រង់ ។
ដូច្នេះ តើ ការទុកចិត្ដ ដោយចេតនាទៅលើគោលលទ្ធិនៃព្រះគ្រីស្ទផ្លាស់ប្ដូររបៀបដែលយើងរស់នៅយ៉ាងដូចម្ដេចដែរ ?
បើយើង ទុកចិត្ត លើគោលលទ្ធិនៃព្រះគ្រីស្ទ នោះយើងនឹងទុកចិត្តលើព្រះគ្រីស្ទគ្រប់គ្រាន់ដើម្បីរស់នៅតាមគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ ។១៤ យើងនឹងធ្វើការសិក្សាអស់មួយជីវិតអំពីព្រះយេស៊ូវគ្រីស្ទ១៥អំពីការងារបម្រើរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងដង្វាយធួនដ៏និរន្តរ៍របស់ទ្រង់ រួមទាំងការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់។ ។ យើងនឹងសិក្សាពីការសន្យាទាំងឡាយរបស់ទ្រង់ និងលក្ខខណ្ឌនានាចំពោះការសន្យាទាំងឡាយដែលបានប្រទានឲ្យផងដែរ ។១៦ កាលដែលយើងសិក្សា យើងនឹងបានពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់កាន់តែច្រើនឡើង ។
បើយើង ទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទ នោះយើងនឹងទៅរកព្រះវរបិតាសួគ៌របស់យើងជារៀងរាល់ថ្ងៃដោយការអធិស្ឋានយ៉ាងរាបសា និងសម្ងាត់ ជាកន្លែងដែលយើងអាចបង្ហាញការដឹងគុណចំពោះអំណោយទាននៃព្រះរាជបុត្រាទ្រង់ និងសម្រាប់គ្រប់ទាំងអស់នៃពរជ័យរបស់យើង ។១៧ យើងអាចអធិស្ឋានសម្រាប់ភាពជាដៃគូដែលជាវិវរណៈនៃព្រះវិញ្ញាណបរិសុទ្ធ១៨អធិស្ឋានដើម្បីសម្របឆន្ទៈរបស់យើងទៅនឹងឆន្ទៈរបស់ទ្រង់១៩អធិស្ឋានដើម្បីនឹកគិតអំពីសេចក្ដីសញ្ញាទាំងឡាយរបស់យើង ហើយធ្វើការប្ដេជ្ញាចិត្តរបស់យើងជាថ្មីឡើងវិញដើម្បីរក្សាសេចក្ដីសញ្ញាទាំងនោះ ។២០ យើងអាចអធិស្ឋានដើម្បីគាំទ្រ និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈរបស់យើង២១ដើម្បីអធិស្ឋានសូមអំណាចសម្អាតនៃការអភ័យទោស២២និងអធិស្ឋានដើម្បីសូមកម្លាំងក្នុងការទប់ទល់នឹងការល្បួង ។២៣ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យដាក់ការអធិស្ឋានជាអាទិភាពក្នុងជីវិតរបស់បងប្អូន ដោយស្វែងរកជារៀងរាល់ថ្ងៃដើម្បីកែលម្អទំនាក់ទំនងរបស់បងប្អូនជាមួយព្រះ ។
បើយើង ទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទ នោះយើងនឹងបោះបង់ចោលអ្វីដែលភ្លឺចែងចាំងនៃលោកិយចោលដើម្បីយើងអាចផ្តោតទៅលើព្រះប្រោសលោះនៃពិភពលោកវិញ ។២៤ យើងនឹងកំណត់ ឬលុបចោលពេលវេលាដែលចំណាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម លេងហ្គេមតាមអ៊ីនធើណិត ការកម្សាន្តដែលខ្ជះខ្ជាយ ហួសប្រមាណ ឬមិនសមរម្យ ភាពទាក់ទាញនៃទ្រព្យសម្បត្ដិ និងការណ៍ឥតប្រយោជន៍នៃលោកិយនេះ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលផ្តល់កន្លែងឲ្យប្រពៃណីក្លែងក្លាយ និងទស្សនវិជ្ជាខុសឆ្គងរបស់មនុស្ស ។ មានតែនៅក្នុងព្រះគ្រីស្ទប៉ុណ្ណោះដែលយើងរកឃើញសេចក្តីពិត និងការបំពេញយូរអង្វែងបាន ។
ការប្រែចិត្តដ៏ស្មោះ២៥នឹងក្លាយជាផ្នែកដ៏ពោរពេញដោយអំណរ២៦នៃជីវិតរបស់យើង—ទាំងត្រូវបានអត់ទោសពីអំពើបាបផង និងត្រូវបានផ្លាស់ប្ដូរនៅក្នុងរូបភាពនៃព្រះគ្រីស្ទផង ។២៧ ការប្រែចិត្តដោយសេចក្តីជំនឿលើព្រះគ្រីស្ទផ្តល់ឲ្យយើងចូលទៅកាន់ដង្វាយធួននៃព្រះគ្រីស្ទ ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា នៅពេលដែលព្រះអង្គសង្គ្រោះអភ័យទោស ទ្រង់ « ធ្វើលើសពីការសម្អាត [ យើង ] ពីអំពើបាប ។ ទ្រង់ក៏ផ្ដល់កម្លាំងថ្មីដល់ [ យើង ] ផងដែរ » ។២៨ យើងម្នាក់ៗត្រូវការកម្លាំងនេះ ដើម្បីរក្សាព្រះបញ្ញាត្តិរបស់ព្រះ និងដើម្បីបំពេញគោលបំណងដ៏អស់កល្បនៃជីវិតរបស់យើង ។
នៅក្នុង ព្រះយេស៊ូវ និងក្នុងគោលលិទ្ធរបស់ទ្រង់ នោះយើងរកឃើញនូវកម្លាំង ។ ទ្រង់បានមានបន្ទូលថា « ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា នេះគឺគោលលទ្ធិរបស់យើងហើយអស់អ្នកណាដែលសង់នៅលើគោលលទ្ធិ នេះគឺសង់នៅលើថ្មដារបស់យើង ហើយទ្វារទាំងឡាយនៃស្ថាននរក នឹងពុំអាចឈ្នះលើអ្នកទាំងនោះបានឡើយ » ។២៩
យើងឃើញការសន្យានេះបំពេញនៅក្នុងជីវិតរបស់មនុស្សដ៏ស្មោះត្រង់ទាំងឡាយ ។ វាមានរយៈពេលជាងមួយឆ្នាំមុនដែលខ្ញុំមានឯកសិទ្ធិជួបត្រាវីស និងខេស៊ី ។ ពួកគេបានរៀបការតាមផ្លូវការនៅឆ្នាំ ២០០៧ ។ កាលនោះ ត្រាវីសពុំមែនជាសមាជិកនៃសាសនាចក្រទេ ។ ទោះជាខេស៊ីបានធំឡើងនៅក្នុងផ្ទះពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏សកម្មក្ដី នាងបានឈប់មានសេចក្ដីជំនឿនៅពេលជាយុវវ័យ ហើយបានវង្វេងចេញពីគ្រឹះរបស់នាង ។
នៅឆ្នាំ ២០១៨ ត្រាវីសបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយគាត់បានទទួលពិធីបុណ្យជ្រមុជទឹកនៅ ឆ្នាំ ២០១៩ ។ ត្រាវីសបានក្លាយជាអ្នកផ្សព្វផ្សាយសាសនាដល់ខេស៊ី ដែលបានដកពិសោធន៍នូវការប្រែចិត្តជឿដែលជាការផ្លាស់ប្តូរជីវិតមួយផងដែរ ។ ពួកគេបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធនៅខែ កញ្ញា ឆ្នាំ ២០២០ ។ ប្រហែលជាពីរឆ្នាំបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់គាត់ ត្រាវីសត្រូវបានហៅឲ្យបម្រើនៅក្នុងគណៈប៊ីស្សព ។
ត្រាវីសមានជំងឺកម្រមួយដែលចេះតែមានដុះដុំសាច់នៅក្នុងសរីរាង្គខាងក្នុងរបស់គាត់ ។ គាត់បានទទួលការវះកាត់ជាច្រើនដង ដើម្បីយកដុំសាច់ដែលដុះឡើងដដែលៗនោះចេញ ប៉ុន្តែជំងឺនេះមិនអាចព្យាបាលឲ្យជាបានទេ ។ ប៉ុន្មានឆ្នាំមុន គ្រូពេទ្យប្រាប់ត្រាវីសថា គាត់មានពេលតិចជាង ១០ ឆ្នាំដើម្បីរស់នៅ ។
ខេស៊ីមាន ជំងឺរលាកភ្នែក ជាជំងឺដំណរពូជដ៏កម្រមួយ ដែលបណ្តាលឲ្យការមើលឃើញចេះតែរួមតូចទៅៗរហូតដល់ខ្វាក់ទាំងស្រុង ។
ខេស៊ីបាននិយាយជាមួយខ្ញុំអំពីអនាគតរបស់នាង ។ នាងបានរំពឹងទុកថាពេលវេលាមិនយូរទេ ដែលនាងនឹងក្លាយជាស្ត្រីមេម៉ាយ ខ្វាក់ភ្នែក គ្មានការគាំទ្រផ្នែកហិរញ្ញវត្ថុ ហើយត្រូវទុកឲ្យនៅចិញ្ចឹមកូនដែលកំពុងធំលូតលាស់បួននាក់តែម្នាក់ឯង ។ ខ្ញុំបានសួរខេស៊ីថា តើនាងអាចដោះស្រាយអនាគតដ៏គួរឲ្យអស់សង្ឃឹមបែបនេះយ៉ាងដូចម្ដេចទៅ ។ នាងបានញញឹមដោយសុខសាន្ត ហើយបាននិយាយថា « ខ្ញុំមិនដែលសប្បាយចិត្ត ឬមានក្តីសង្ឃឹមច្រើនជាងនេះឡើយក្នុងជីវិតរបស់ខ្ញុំ ។ យើងកាន់ខ្ជាប់ទៅនឹងការសន្យាដែលយើងបានទទួលនៅក្នុងព្រះវិហារបរិសុទ្ធ » ។
ឥឡូវនេះត្រាវីសគឺជាប៊ីស្សព ។ ពីរខែមុន គាត់បានទទួលការវះកាត់ដ៏ធំមួយទៀត ។ ប៉ុន្តែគាត់មានសុទិដ្ឋិនិយម និងភាពសុខសាន្ត ។ ការមើលឃើញរបស់ខេស៊ីកាន់តែយ៉ាប់ទៅៗ ។ ឥឡូវនេះនាងមានឆ្កែមួយក្បាលដែលបានបង្វឹកឲ្យនាំផ្លូវមនុស្សខ្វាក់ ហើយនាងមិនអាចបើកបរបានទេ ។ ប៉ុន្តែនាងរីករាយចិត្ត ចិញ្ចឹមបីបាច់កូនៗរបស់នាង និងបម្រើជាទីប្រឹក្សានៅក្នុងគណៈប្រធានយុវនារី ។
ត្រាវីស និងខេស៊ីកំពុងសង់ផ្ទះរបស់ពួកគេនៅលើថ្មដា ។ ត្រាវីស និងខេស៊ីទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទ និងការសន្យាដែលថា ព្រះ « នឹងធ្វើឲ្យសេចក្ដីវេទនាទាំងឡាយ [ របស់ពួកគេ ] ក្លាយទៅជាផលប្រយោជន៍ដល់ [ ពួកគេ ] វិញ » ។៣០ នៅក្នុងផែនការដ៏ល្អឥតខ្ចោះរបស់ព្រះ ការរងទុក្ខដោយសេចក្តីជំនឿលើព្រះគ្រីស្ទបានផ្សារភ្ជាប់នឹងការក្លាយជាមនុស្សល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ ។៣១ ដូចជាមនុស្សមានប្រាជ្ញានៅក្នុងរឿងប្រៀបប្រដូចដែលសង់ផ្ទះរបស់ខ្លួននៅលើថ្មដា៣២ពេលភ្លៀងធ្លាក់មក ហើយទឹកក៏ជន់ឡើង ហើយខ្យល់បក់បោក ហើយវាយផ្ចាញ់លើផ្ទះដែលត្រេវីស និងខេស៊ីកំពុងសាងសង់ វាមិនបានរលំទេ ព្រោះវានឹងត្រូវបានសង់ឡើងនៅលើថ្មដា ។៣៣
ព្រះយេស៊ូវមិនបានមានបន្ទូលអំពីភ្លៀង និងទឹកជំនន់ និងខ្យល់នៅក្នុងជីវិតរបស់យើងដែល អាចនឹងកើតឡើង នោះទេ ទ្រង់បានមានបន្ទូលថា ព្យុះនឹងកើតឡើងយ៉ាង ពិតប្រាកដ ។ ការផ្លាស់ប្ដូរនៅក្នុងរឿងប្រៀបប្រដូចនេះគឺពុំមែនថា តើព្យុះនឹងកើតឡើងឬអត់នោះទេ ប៉ុន្តែថាតើយើងបានឆ្លើយតបទៅនឹងការអញ្ជើញដោយក្តីស្រឡាញ់របស់ទ្រង់ឲ្យទាំងស្ដាប់ និងធ្វើនូវអ្វីដែលទ្រង់បានបង្រៀនយ៉ាងដូចម្ដេច ។៣៤ ពុំមានផ្លូវណាផ្សេងទៀតដើម្បីរស់ឡើយ ។
នៅពេលយើងបានសង់ផ្ទះរបស់យើងនៅលើគ្រឹះនៃទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយនឹងព្រះគ្រីស្ទ នោះយើងកំពុង ទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទហើយនៅពេលយើងមករកទ្រង់ នោះយើងមានការសន្យារបស់ទ្រង់អំពីជីវិតអស់កល្បជានិច្ច ។ មនុស្សដែលជឿទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទ ឈានទៅមុខដោយភាពខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយស៊ូទ្រាំដល់ទីបញ្ចប់ ។ គ្មានផ្លូវ ឬមធ្យោបាយឯណាផ្សេងទៀតទេ ដែលនាំឲ្យយើង អាចបានសង្គ្រោះ នៅក្នុងនគររបស់ព្រះ ។៣៥
ខ្ញុំថ្លែងជាសាក្សីផ្ទាល់ខ្លួនអំពីការពិតនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតារបស់យើង ទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់ឲ្យប្រោសលោះយើងពីអំពើបាប៣៦ហើយប្រោសយើងឲ្យរួចពីទុក្ខសោក ។៣៧ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់បានហៅព្យាការីនៃព្រះម្នាក់នៅក្នុងជំនាន់របស់យើង គឺជាប្រធាន រ័សុល អិម ណិលសុន ដែលទ្រង់មានបន្ទូល និងណែនាំយើងតាមរយៈលោក ។
ខ្ញុំសូមអញ្ជើញបងប្អូនដោយអស់ពីចិត្តរបស់ខ្ញុំ សូមឲ្យបងប្អូនទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទ ហើយសងជីវិតបងប្អូននៅលើថ្មដានៃព្រះប្រោសលោះ ។ ទ្រង់នឹងមិនធ្វើឲ្យបងប្អូនរលំឡើយ ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕