សំឡេងរីករាយ !
ការសាងសង់ព្រះវិហារបរិសុទ្ធគឺជាអាទិភាពដ៏ខ្ពស់បំផុតមួយរបស់ព្យាការីគ្រប់រូបតាំងពីព្យាការី យ៉ូសែប ស៊្មីធ មក ។
« ឥឡូវនេះ តើយើងឮអ្វីនៅក្នុងដំណឹងល្អ ដែលយើងបានទទួលនោះ ? គឺសំឡេងរីករាយ ! ជាសំឡេងនៃសេចក្ដីមេត្តាករុណាពីស្ថានសួគ៌ ហើយជាសំឡេងនៃសេចក្ដីពិតចេញពីផែនដី …ជាសំឡេងនៃសេចក្ដីរីករាយសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ ជាដំណឹងដ៏រីករាយអំពីសេចក្ដីអំណរដ៏ធំ » ។១
បងប្អូនប្រុសស្រី វាស្ទើរតែមិនអាចទៅរួចទេនៅពេលឮពាក្យសំដីទាំងនេះពីព្យាការី យ៉ូសែប ស្ម៊ីធ ហើយមិនញញឹមមិនបាន !
ការថ្លែងដ៏រំភើបរីករាយរបស់យ៉ូសែបពិតជាបានចាប់យកនូវអំណរដ៏ពោរពេញ និងវិសេសវិសាលដែលមាននៅក្នុងផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះជាព្រះវរបិតាសួគ៌របស់យើង ព្រោះទ្រង់បានអះអាងនឹងយើងថា « មានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។២
យើងទាំងអស់គ្នាបានស្រែកអរសាទរ៣ ក្នុងជីវិតមុនផែនដីនេះ ពេលយើងបានឮពីផែនការនៃសុភមង្គលរបស់ព្រះ ហើយយើងបន្តស្រែកអរសាទរនៅក្នុងជីវិតនេះ ពេលយើងរស់នៅស្របតាមផែនការរបស់ទ្រង់ ។ ប៉ុន្ដែតើអ្វីជាបរិបទពិតប្រាកដសម្រាប់សេចក្ដីប្រកាសដ៏រីករាយមកពីព្យាការី ? តើអ្វីដែលជំរុញឲ្យមានអារម្មណ៍ជ្រាលជ្រៅ និងដួងចិត្តដ៏ពោរពេញទាំងនេះ ?
ព្យាការីយ៉ូសែបបានបង្រៀនអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ នេះពិតជាវិវរណៈដ៏រុងរឿងមួយដែលបានទទួលដោយក្តីអំណរដ៏មហិមា ។ នៅពេលសមាជិកសាសនាចក្របានដឹងជាលើកដំបូងថា ពួកគេអាចធ្វើបុណ្យជ្រមុជទឹកសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេដែលបានស្លាប់ទៅ នោះពួកគេបានអររីករាយ ។ ប្រធាន Wilford Woodruff (វិលហ្វូឌ វូឌដ្រុព្វ) បានមានប្រសាសន៍ថា « នៅពេលខ្ញុំបានឮពីរឿងនេះ ព្រលឹងខ្ញុំបានញាប់ញ័រ[ ដោយ ] ក្ដីអំណរ ! »៤
ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនជាទីស្រឡាញ់របស់យើងមិនមែនជាសេចក្ដីពិតតែមួយ ដែលព្រះអម្ចាស់នឹងបង្ហាញ ហើយស្តារឡើងវិញនោះទេ ។ មានអំណោយទាន ឬអំណោយទានពិសិដ្ឋជាច្រើនផ្សេងទៀត ដែលព្រះសព្វព្រះទ័យប្រទានដល់បុត្ររបស់ទ្រង់ ។
អំណោយទានផ្សេងៗទៀតទាំងនេះរួមមានសិទ្ធិអំណាចបព្វជិតភាព សេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ អាពាហ៍ពិពាហ៍ដែលអាចស្ថិតស្ថេរជានិរន្តរ ការចង ឬការផ្សារភ្ជាប់កូនទៅនឹងឪពុកម្ដាយរបស់ពួកគេជាគ្រួសាររបស់ព្រះ ហើយនៅទីបំផុតពរជ័យនៃការត្រឡប់ទៅផ្ទះវិញ ទៅកាន់ទីវត្តមាននៃព្រះវរបិតាសួគ៌ និងព្រះបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ពរជ័យទាំងអស់នេះកើតមានឡើងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដោយសារព្រះបានចាត់ទុករឿងទាំងនេះថាស្ថិតក្នុងចំណោមពរជ័យដ៏ខ្ពស់បំផុត និងបរិសុទ្ធបំផុតរបស់ទ្រង់៥ នោះព្រះអង្គបានត្រាស់បង្គាប់ថា ត្រូវសាងសង់អគារពិសិដ្ឋឡើងនៅកន្លែងដែលទ្រង់អាចប្រទានអំណោយទានដ៏មានតម្លៃទាំងនេះដល់បុត្ររបស់ទ្រង់ ។៦ អគារទាំងនេះនឹងទៅជាដំណាក់របស់ទ្រង់នៅលើផែនដី ។ អគារទាំងនេះជាព្រះវិហារបរិសុទ្ធ ដែលត្រូវបានផ្សាភ្ជាប់ ឬត្រូវបានចងភ្ជាប់នៅលើផែនដីក្នុងព្រះនាមទ្រង់ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយជាមួយនឹងសិទ្ធិអំណាចរបស់ទ្រង់នឹងត្រូវបានចងភ្ជាប់នៅលើស្ថានសួគ៌ ។៧
ក្នុងនាមជាសមាជិកសាសនាចក្រសព្វថ្ងៃនេះ យើងមួយចំនួនអាចយល់ថាវាងាយស្រួលក្នុងការទទួលយក សេចក្ដីពិតដ៏អស់កល្បដែលបានផ្តល់ឲ្យទាំងនេះ ។ រឿងទាំងនេះបានក្លាយជាធម្មតាចំពោះយើង ។ ពេលខ្លះវាមានប្រយោជន៍នៅពេលយើងមើលទៅព្រះវិហារបរិសុទ្ធតាមទស្សនៈរបស់អ្នកដែលរៀនពីដំបូង ។ ការណ៍នេះបានក្លាយជាភស្តុតាងចំពោះខ្ញុំតាមរយៈបទពិសោធន៍ថ្មីៗនេះ ។
កាលពីឆ្នាំមុន ពីមុនការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ តូក្យូ ប្រទេសជប៉ុនឡើងវិញ មានភ្ញៀវជាច្រើនដែលមិនមានជំនឿដូចយើង បានទៅទស្សនាព្រះវិហារបរិសុទ្ធ ។ ដំណើរទស្សនកិច្ចមួយរួមមានអ្នកដឹកនាំពេញដោយគំនិតម្នាក់មកពីសាសនាផ្សេងផងដែរ ។ យើងបានបង្រៀនភ្ញៀវរបស់យើងអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ តួនាទីដ៏ប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការនោះ និងគោលលទ្ធិដែលក្រុមគ្រួសារអាចរួបរួមគ្នាអស់កល្បជានិច្ចតាមរយៈពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ ។
នៅពេលបញ្ចប់នៃដំណើរទស្សនកិច្ច ខ្ញុំបានអញ្ជើញមិត្តរបស់យើងឲ្យចែកចាយអារម្មណ៍របស់គាត់ ។ និយាយដល់ការបង្រួបបង្រួមក្រុមគ្រួសារ—អតីតកាល បច្ចុប្បន្ន និងអនាគត—បុរសដ៏ល្អរូបនេះបានសួរដោយស្មោះសថា « តើសមាជិកនៃជំនឿរបស់អ្នកពិតជាយល់ពី គោលលទ្ធិនេះមានភាពជ្រាលជ្រៅខ្លាំងប៉ុនណាដែរឬទេ ? » គាត់បានបន្ថែមថា « នេះប្រហែលជាការបង្រៀនតែមួយគត់ដែលអាចបង្រួបបង្រួមពិភពលោកដែលបែកបាក់គ្នាយ៉ាងខ្លាំងនេះបាន » ។
នេះគឺជាការសង្កេតដ៏មានអនុភាពណាស់ ! បុរសនេះមិនបានរំជួលចិត្តដោយសារសិល្បៈហត្ថកម្មដ៏អស្ចារ្យរបស់ព្រះវិហារបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែដោយសារគោលលទ្ធិដ៏អស្ចារ្យ និងដ៏ជ្រាលជ្រៅដែលក្រុមគ្រួសារបានរួបរួមគ្នា និងផ្សាភ្ជាប់ទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជារៀងរហូត ។៨
យើងមិនភ្ញាក់ផ្អើលទេ សូម្បីតែពេលមនុស្សម្នាក់ដែលមិនជឿជំនឿដូចយើងផង ក៏ទទួលស្គាល់នូវភាពរុងរឿងចំពោះអ្វីដែលបានកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។ អ្វីដែលអាចក្លាយជារឿងធម្មតា ឬជាទម្លាប់សម្រាប់យើង គឺពេលខ្លះត្រូវបានគេឃើញនៅក្នុងភាពរុងរឿង និងអស្ចារ្យ ដោយអស់អ្នកណាដែលឮវា ឬមានអារម្មណ៍ពីវាជាលើកដំបូង ។
ទោះបីជាព្រះវិហារបរិសុទ្ធមានតាំងពីបុរាណក៏ដោយ ដោយការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះការកសាងព្រះវិហារបរិសុទ្ធគឺជាអាទិភាពដ៏ខ្ពស់បំផុតមួយរបស់ព្យាការីគ្រប់រូបចាប់តាំងពី ព្យាការី យ៉ូសែប ស្ម៊ីធ ។ ហើយវាងាយស្រួលយល់អំពីមូលហេតុ ។
នៅពេលដែលព្យាការី យ៉ូសែប កំពុងបង្រៀនអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន នោះលោកបានបង្ហាញសេចក្ដីពិតដ៏អស្ចារ្យមួយទៀត ។ លោកបានបង្រៀន ៖ « ចូរឲ្យខ្ញុំបញ្ជាក់ប្រាប់អ្នកថា នេះគឺជាគោលការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងមនុស្សស្លាប់ និងមនុស្សរស់ ដែលមិនអាចបង្ហួសចោលដោយគ្មានគិតពិចារណានោះឡើយ គឺជាការទាក់ទងទៅនឹងសេចក្ដីសង្គ្រោះរបស់យើង ។ ដ្បិតសេចក្តីសង្គ្រោះរបស់ពួកគេ គឺជាការចាំបាច់ និងសំខាន់បំផុតចំពោះសេចក្តីសង្គ្រោះរបស់យើង … ពួកគេពុំអាចបានល្អឥតខ្ចោះ ក្រៅពីយើងឡើយ—រីឯយើងក៏ពុំអាចបានល្អឥតខ្ចោះ ក្រៅពីមនុស្សស្លាប់របស់យើងដែរ » ។៩
ដូចដែលយើងបានឃើញថា តម្រូវការព្រះវិហារបរិសុទ្ធ និងកិច្ចការក្នុងព្រះវិហារបរិសុទ្ធដែលធ្វើសម្រាប់ទាំងមនុស្សរស់ និងមនុស្សស្លាប់ បានមានភាពច្បាស់លាស់ណាស់ ។
ពួកមារសត្រូវកំពុងត្រៀមវាយឆ្មក់ ។ អំណាចរបស់វាបានរំលត់ដោយសារពិធីបរិសុទ្ធ និងសេចក្តីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ ហើយវាធ្វើអ្វីគ្រប់យ៉ាងដើម្បីព្យាយាមបញ្ឈប់កិច្ចការនេះ ។ តើហេតុអ្វី ? ពីព្រោះវាដឹងពីអំណាចដែលបានមកពីកិច្ចការពិសិដ្ឋនេះ ។ នៅពេលដែលព្រះវិហារបរិសុទ្ធថ្មីនីមួយៗបានឧទ្ទិសឆ្លង នោះអំណាចនៃការសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទបានពង្រីកពាសពេញពិភពលោក ដើម្បីប្រឆាំងនឹងការខិតខំរបស់មារសត្រូវ និងដើម្បីប្រោសលោះយើង នៅពេលយើងមករកទ្រង់ ។ នៅពេលព្រះវិហារបរិសុទ្ធ និងអ្នករក្សាសេចក្ដីសញ្ញាមានចំនួនកើនឡើង នោះមារសត្រូវកាន់តែខ្សោយទៅ ។
នៅដើមដំបូងនៃសាសនាចក្រ អ្នកខ្លះនឹងបារម្ភថានៅពេលណាដែលព្រះវិហារបរិសុទ្ធថ្មីនឹងត្រូវបានប្រកាស ត្បិតពួកគេនិយាយថា « យើងមិនដែលចាប់ផ្ដើមសាងព្រះវិហារបរិសុទ្ធមួយ ដោយគ្មានកណ្តឹងនៃស្ថាននរកចាប់ផ្ដើមបន្លឺសំឡេងឡើងនោះទេ » ។ ប៉ុន្តែប្រធាន ព្រិកហាំ យ៉ង់ បានឆ្លើយតបយ៉ាងក្លាហានថា « ខ្ញុំចង់ឮវាបន្លឺសំឡេងម្ដងទៀត » ។១០
ក្នុងជីវិតរមែងស្លាប់នេះ យើងនឹងគេចមិនផុតពីសង្គ្រាមនេះឡើយ ប៉ុន្តែយើងអាចមានអំណាចលើខ្មាំងសត្រូវបាន ។ អំណាច និងកម្លាំងនោះបានមកពីព្រះយេស៊ូវគ្រីស្ទ នៅពេលយើងធ្វើ និងរក្សាសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ពេលវេលាគឺមកដល់ហើយ ពេលដែលពួកអ្នកមិនគោរពតាមព្រះអម្ចាស់នឹងត្រូវបានបំបែកចេញពីពួកអ្នកដែលគោរព ។ ការធានាដ៏មានសុវត្ថិភាពបំផុតរបស់យើង គឺដើម្បីបន្តមានភាពស័ក្ដិសមដើម្បីបានចូលក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ » ។១១
នេះជាពរជ័យមួយចំនួនដែលព្រះបានសន្យាដល់យើងតាមរយៈព្យាការីរបស់ទ្រង់ ៖
តើបងប្អូនត្រូវការអព្ភូតហេតុដែរឬទេ ? ព្យាការីរបស់យើងបានមានប្រសាសន៍ ៖ « ខ្ញុំសន្យានឹងបងប្អូនថាព្រះអម្ចាស់នឹងនាំអព្ភូតហេតុដែលទ្រង់បានញាណដឹងថា បងប្អូនត្រូវការនៅពេលបងប្អូនធ្វើការលះបង់ដើម្បីបម្រើ និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ » ។១២
តើបងប្អូនត្រូវការព្រះចេស្ដានៃការព្យាបាល និងការពង្រឹងពីព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទដែរឬទេ ? ប្រធាន ណិលសុន បានអះអាងដល់យើងសាជាថ្មីថា « អ្វីៗគ្រប់យ៉ាងដែលបានបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ … បង្កើនការយល់ដឹងរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ … នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានព្រះចេស្ដានៃការព្យាបាល ព្រះចេស្ដានៃការពង្រឹងរបស់ទ្រង់មកដល់យើង ។ ហើយយើងនឹងត្រូវការព្រះចេស្តារបស់ទ្រង់សម្រាប់ថ្ងៃខាងមុខកាន់តែខ្លាំង » ។១៤
នៅថ្ងៃអាទិត្យធាងចាកដំបូង កាលដែលព្រះយេស៊ូវគ្រីស្ទបានយាងចូលទៅក្នុងក្រុងយេរូសាឡិមដោយជ័យជំនះ នោះសិស្សរបស់ទ្រង់ជាច្រើននាក់បានមាន « សេចក្ដីអំណរ ហើយសរសើរតម្កើងដល់ព្រះដោយបន្លឺសំឡេងយ៉ាងខ្លាំង »ពោលថា « ស្ដេចដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ » ។១៥
ពិតជាត្រូវនឹងថ្ងៃអាទិត្យធាងចាកនៅឆ្នាំ ១៨៣៦ ដែលព្រះវិហារបរិសុទ្ធខឺតឡង់បានឧទ្ទិសឆ្លង ។ នៅគ្រានោះពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទក៏បានអររីករាយផងដែរ ។ នៅក្នុងការអធិស្ឋានឧទ្ទិសឆ្លងនោះ ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសនូវពាក្យសរសើរតម្កើងទាំងនេះ ៖
« ឱព្រះអម្ចាស់ជាព្រះដ៏មហិទ្ធិឫទ្ធិអើយ សូមឮសំណូមពរទាំងឡាយរបស់ទូលបង្គំទាំងអស់គ្នាផង ហើយឆ្លើយតបទូលបង្គំទាំងអស់គ្នាពីស្ថានសួគ៌ ដែលទ្រង់គង់លើបល្ល័ង្កដោយសិរីល្អ កិត្តិនាម ចេស្ដា ឫទ្ធានុភាព [ និង ]កម្លាំង អំណាច ។
« …ហើយសូមជួយទូលបង្គំទាំងអស់គ្នាដោយព្រះចេស្ដា នៃព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីឲ្យទូលបង្គំទាំងអស់គ្នា អាចបង្រួមសំឡេងរបស់ទូលបង្គំទាំងអស់គ្នាជាមួយនឹងពួកសេរភីមដ៏ភ្លឺថ្លានៅជុំវិញបល្ល័ង្ករបស់ទ្រង់ ដោយការប្រកាសនូវពាក្យសរសើរតម្កើង ដោយច្រៀងហូសាណាដល់ព្រះ និងកូនចៀម !
« ហើយសូមឲ្យពួកអ្នកទាំងឡាយ ហើយសូមឲ្យពួកបរិសុទ្ធរបស់ទ្រង់ស្រែកឡើងដោយអំណរ ។១៥
បងប្អូនប្រុសស្រី នៅថ្ងៃអាទិត្យធាងចាកនេះ ក្នុងនាមយើងជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ សូមយើងសរសើរតម្កើងដល់ព្រះដ៏បរិសុទ្ធរបស់យើង ហើយអររីករាយក្នុងសេចក្ដីល្អសប្បុរសរបស់ទ្រង់ចំពោះយើងផងចុះ ។ « តើយើងឮអ្វីនៅក្នុងដំណឹងល្អ ដែលយើងបានទទួលនោះ ? » ពិតជា « សំឡេងរីករាយ ! »១៦
ខ្ញុំធ្វើជាសាក្សីថា បងប្អូននឹងមានអារម្មណ៍រីករាយកាន់តែខ្លាំងឡើង នៅពេលបងប្អូនចូលទៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់ ។ ខ្ញុំធ្វើជាសាក្សីថា បងប្អូននឹងទទួលបានបទពិសោធន៍នៃសេចក្តីអំណរដែលទ្រង់មានចំពោះបងប្អូន ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕