ចិត្តខ្ញុំនឹកគិតទៅលើរឿងនេះអំពីព្រះយេស៊ូវគ្រីស្ទ
ពេលបងប្អូនបន្តយកចិត្តទុកដាក់នឹកគិតអំពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំសន្យាថា បងប្អូនមិនត្រឹមតែទទួលបានការណែនាំប៉ុណ្ណោះទេ បងប្អូនថែមទាំងទទួលបានព្រះចេស្តាពីសួគ៌ាផងដែរ ។
នៅក្នុងរដូវបុណ្យអ៊ីស្ទើរដ៏ស្រស់ស្អាតនេះ ខ្ញុំបន្ទរការអធិស្ឋាននៃទំនុកតម្កើងដ៏មានអានុភាពនេះ « ឱ ! សូមនាំយើងព្រះយេហូវ៉ា » ។១
រឿងដ៏អស្ចារ្យមួយនៅក្នុងព្រះគម្ពីរមរមនតំណាលប្រាប់ពីយុវជនម្នាក់ មកពីគ្រួសារខ្ពង់ខ្ពស់មួយ ឈ្មោះអាលម៉ា ដែលព្រះគម្ពីរបានពិពណ៌នាថា ជាអ្នកឥតជំនឿ ដែលថ្វាយបង្គំរូបព្រះ ។១ លោកពូកែនិយាយ និងធ្វើឲ្យគេជឿ ដោយប្រើពាក្យបញ្ជោរបញ្ចុះបញ្ចូលអ្នកដទៃឲ្យដើរតាមលោក ។ គួរឲ្យភ្ញាក់ផ្អើលណាស់ ទេវតាមួយអង្គបានបង្ហាញព្រះកាយដល់អាលម៉ា និងមិត្តភក្តិលោក ។ អាលម៉ាបានដួលទៅលើដី ហើយទន់ដៃជើង រហូតដល់គេបានសែងលោកទៅផ្ទះឪពុក ។ លោកបានភ្លឹកអស់រយៈពេលបីថ្ងៃ ។៣ ក្រោយមក លោកបានពន្យល់ថា អំឡុងពេលលោកសន្លប់នៅចំពោះមនុស្សនៅជុំវិញ នោះគំនិតលោកជ្រួលច្របល់ណាស់រហូតដល់ព្រលឹងលោកសោកសៅ ដោយគិតអំពីជីវិតលោកដែលមិនបានគោរពតាមព្រះបញ្ញត្តិ ។ លោកបានពិពណ៌នាពីចិត្តរបស់លោកថា « កើតទុក្ខដោយការនឹកឃើញដល់អំពើបាបដ៏ច្រើនរបស់ [ លោក ]៤និង « ត្រូវញាំញីដោយសេចក្តីទុក្ខវេទនាដ៏នៅអស់កល្បជានិច្ច » ។៥
កាលអស់សង្ឃឹមខ្លាំង នោះលោកបាននឹកចាំការបង្រៀនកាលលោកនៅយុវវ័យអំពី « ការយាងមកនៃព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដើម្បីមកធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក » ។៦ បន្ទាប់មកលោកបានថ្លែងដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ « នៅពេលដែលឪពុកនឹកគិតទៅលើរឿងនេះ នោះឪពុកបានយំនៅក្នុងចិត្តថា ៖ ឱព្រះយេស៊ូវអើយ ព្រះអង្គជាព្រះរាជបុត្រានៃព្រះ សូមព្រះអង្គមានសេចក្ដីមេត្តាករុណាមកលើទូលបង្គំផង » ។៧ នៅពេលលោកបានអំពាវនាវទូលសូមព្រះចេស្តាដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ នោះអព្ភូតហេតុបានកើតឡើង ៖ លោកបានថ្លែងថា « នៅពេលដែលឪពុកកំពុងតែគិតយ៉ាងនេះ នោះឪពុកក៏ឈប់នឹកឃើញការឈឺចាប់ទៀត » ។៨ រំពេចនោះលោកបានទទួលអារម្មណ៍នៃភាពសុខសាន្ត និងពន្លឺ ។ លោកបានប្រកាសថា ៖ « គ្មានអ្វី [ ជ្រួតជ្រាប ] ហើយផ្អែមល្ហែមឲ្យស្មើនឹងសេចក្ដីអំណររបស់ឪពុកបានឡើយ » ។៩
អាលម៉ា « បាននឹកគិតទៅលើរឿងនេះ » អំពីសេចក្តីពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ បើយើងប្រើពាក្យ « នឹកគិតទៅលើ » ក្នុងន័យខាងសាច់ឈាម យើងអាចនិយាយបានថា « លោកបាននឹកគិតទៅលើផ្លូវដែលលោកបានវង្វេងធ្លាក់ចេញ » មានន័យថា លោកបានឈោង និងចាប់តោងយ៉ាងជាប់ភ្លាម ទៅនឹងអ្វីដែលរឹងមាំជាគ្រឹះដ៏មានសុវត្ថិភាពមួយ ។
ក្នុងករណីរបស់អាលម៉ា គឺគំនិតរបស់លោកបានឈោងទៅភ្ជាប់នឹងសេចក្ដីពិតដ៏មានឥទ្ធិពលនៃពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការធ្វើសកម្មភាពដោយសេចក្ដីជំនឿទៅលើសេចក្ដីពិតនោះ និងតាមរយៈព្រះចេស្តា និងព្រះគុណនៃព្រះ នោះលោកត្រូវបានសង្គ្រោះពីក្តីអស់សង្ឃឹម ហើយបានពោរពេញទៅដោយសេចក្ដីសង្ឃឹម ។
ទោះបីជាបទពិសោធន៍របស់យើង អាចនឹងមិនគួរឲ្យភ្ញាក់ផ្អើលដូចអាលម៉ាក្តី ក៏បទពិសោធន៍ទាំងនោះមានសារៈសំខាន់អស់កល្បជានិច្ចដែរ ។ ចិត្តរបស់យើងក៏ « នឹកគិតទៅលើរឿងនេះ » គឺអំពីព្រះយេស៊ូវគ្រីស្ទ និងការពលិកម្មដោយក្តីមេត្តាករុណារបស់ទ្រង់ ហើយព្រលឹងយើងបានទទួលអារម្មណ៍នៃពន្លឺ និងអំណរដែលកើតឡើងក្រោយមក ។
ការធានានូវគំនិតអំពីព្រះយេស៊ូវគ្រីស្ទ
ការអធិស្ឋានរបស់ខ្ញុំនៅរដូវបុណ្យអ៊ីស្ទើរនេះគឺថា យើងនឹងកាន់តែផ្តោតចិត្តទុកដាក់ ពង្រឹង និងភ្ជាប់គំនិតដ៏សំខាន់អំពីព្រះយេស៊ូវគ្រីស្ទទៅក្នុងព្រលឹងរបស់យើង១០ដែលអនុញ្ញាតឲ្យវាចាក់ស្រោចចូលទៅក្នុងគំនិតយើង ដឹកនាំយើងក្នុងកិច្ចការដែលយើងគិត និងធ្វើ ហើយនាំមកជានិច្ចនូវអំណរដ៏ផ្អែមល្ហែមនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។១១
ការបំពេញគំនិតរបស់យើងនូវព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទ ពុំមានន័យថា ទ្រង់ជាគំនិតតែមួយគត់ដែលយើងមាននោះទេ ។ ប៉ុន្តែ វាមានន័យថា គំនិតទាំងអស់របស់យើងត្រូវបានហ៊ុមព័ទ្ធ នៅក្នុងសេចក្ដីស្រឡាញ់ ព្រះជន្ម និងការបង្រៀនរបស់ទ្រង់ ព្រមទាំងពលិកម្មដ៏ធួន និងការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ ព្រះយេស៊ូវមិនត្រូវបានបំភ្លេចចោលនោះទេ ព្រោះគំនិតរបស់យើងមានវត្តមានទ្រង់ជានិច្ច ហើយ « សូមឲ្យ [ យើងបានសព្វព្រះទ័យ] ! »១២ យើងអធិស្ឋាន និងថ្លែងឡើងវិញនៅក្នុងចិត្តអំពីបទពិសោធន៍ ដែលបាននាំយើងឲ្យខិតកាន់តែជិតទ្រង់ ។ យើងស្វាគមន៍រូបភាពដ៏ទេវភាព ព្រះគម្ពីរដ៏បរិសុទ្ធ និងទំនុកតម្កើងដ៏បំផុសគំនិតមកក្នុងចិត្តយើង ដើម្បីសម្រាលគំនិតតានតឹងរាប់មិនអស់ប្រចាំថ្ងៃ ក្នុងជីវិតដ៏មមាញឹករបស់យើង ។ សេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ពុំអាចរារាំងយើងពីភាពសោកសៅ និងទុក្ខព្រួយក្នុងជីវិតរមែងស្លាប់នេះបានទេ ប៉ុន្តែសេចក្ដីស្រឡាញ់នេះអនុញ្ញាតឲ្យយើង ហែលឆ្លងកាត់ឧបសគ្គនានាដោយកម្លាំងមួយដែលលើសពីសមត្ថភាពយើងផ្ទាល់ ។
ព្រះយេស៊ូវអើយគ្រាន់តែនឹកឡើង
នោះចិត្តខ្ញុំអរពេកពន់
តែកាលណាឃើញព្រះភក្ត្រថ្កុំថ្កើង
ចិត្តនឹងអរយ៉ាងលើសលន់ ។១៣
សូមចាំថា បងប្អូនគឺជាបុត្រខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ។ ដូចសាវកប៉ុលពន្យល់ថា យើងគឺជា « ពូជព្រះ » ។១៤ បងប្អូនបានរស់នៅក្នុងអត្តសញ្ញាណផ្ទាល់ខ្លួនជាយូរមកហើយ តាំងពីមុនមកកាន់ផែនដីនេះ ។ ព្រះវរបិតាសួគ៌បានបង្កើតផែនការដ៏ល្អឥតខ្ចោះមួយសម្រាប់យើងឲ្យមកកាន់ផែនដី ដើម្បីរៀនសូត្រ និងត្រឡប់ទៅកាន់ទ្រង់វិញ ។ ទ្រង់បានបញ្ជូនបុត្រាស្ងួនភ្ងាឲ្យមក ហើយតាមរយៈអំណាចនៃដង្វាយធួនដ៏និរន្តរ៍ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ នោះយើងនឹងរស់ឡើងវិញ ហើយនៅពេលយើងមានឆន្ទៈអនុវត្តជំនឿទៅលើទ្រង់ ហើយប្រែចិត្តពីអំពើបាបរបស់យើង១៥នោះយើងត្រូវបានអភ័យទោស ហើយទទួលបានសេចក្ដីសង្ឃឹមនៃជីវិតដ៏នៅអស់កល្បជានិច្ច ។១៦
ផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះចិត្ត និងវិញ្ញាណរបស់យើង
ក្នុងជីវិតរមែងស្លាប់នេះ ចិត្ត និងវិញ្ញាណយើង ត្រូវការការយកចិត្តទុកដាក់យ៉ាងពិសេស ។១៧ ចិត្តរបស់យើងអនុញ្ញាតឲ្យយើងរស់នៅ ជ្រើសរើស និងញែកដឹងសេចក្ដីល្អ និងអាក្រក់ ។១៨ វិញ្ញាណរបស់យើងទទួលសាក្សីបញ្ជាក់ថា ព្រះគឺជាព្រះវរបិតា ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ហើយថា ការបង្រៀនរបស់ទ្រង់ទាំងទ្វេគឺជាមគ្គុទ្ទេសក៍របស់យើងឆ្ពោះទៅកាន់សុភមង្គលនៅលើផែនដីនេះ និងជីវិតអស់កល្បជានិច្ចបន្ទាប់ពីសេចក្តីស្លាប់ ។
ចិត្តរបស់អាលម៉ាបាននឹកគិតទៅលើរឿងនេះអំពីព្រះយេស៊ូវគ្រីស្ទ ។ វាបានផ្លាស់ប្ដូរជីវិតលោក ។ សន្និសីទទូទៅគឺជាឱកាសដើម្បីយល់ពីអ្វីដែលព្រះអម្ចាស់នឹងឲ្យបងប្អូធ្វើនិងក្លាយជា ។ វាក៏ជាពេលវេលាមួយដើម្បីមើលលើការរីកចម្រើនរបស់យើង ។ ការចាត់តាំងរបស់ខ្ញុំបានឲ្យខ្ញុំធ្វើដំណើរទូទាំងពិភពលោក ខ្ញុំបានមើលឃើញពីការកើនឡើងនៃកម្លាំងខាងវិញ្ញាណនៅក្នុងសមាជិកសាសនាចក្រដ៏សុចរិត និងលះបង់ទាំងឡាយ ។
ប្រាំឆ្នាំមុន យើងត្រូវបានស្នើសុំឲ្យដាក់ព្រះអង្គសង្គ្រោះផ្ដោតសំខាន់នៅក្នុងកិច្ចការដែលយើងធ្វើ ដោយប្រើឈ្មោះពិតប្រាកដនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។១៩ យើងកំពុងនិយាយពីព្រះនាមទ្រង់កាន់តែស្មោះត្រង់
កាលពីបួនឆ្នាំមុន ដោយកាត់បន្ថយពេលវេលាសម្រាប់ការប្រជុំសាក្រាម៉ង់របស់យើង យើងបានបង្កើនការផ្តោតរបស់យើងលើការទទួលទានសាក្រាម៉ង់របស់ព្រះអម្ចាស់ ។ យើងកំពុងគិតច្រើនអំពីព្រះយេស៊ូវគ្រីស្ទ ហើយកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការសន្យារបស់យើងដើម្បីចងចាំទ្រង់ជានិច្ច២០
ពេលមានការនៅដាច់ពីគ្នាដោយសារតែជំងឺរាតត្បាតទូទាំងពិភពលោក តែដោយមានជំនួយមកពីសៀវភៅ ចូរមកតាមខ្ញុំ នោះការបង្រៀនអំពីព្រះអង្គសង្គ្រោះប្រែក្លាយជារឿងយ៉ាងសំខាន់ក្នុងផ្ទះរបស់យើង ជួយការថ្វាយបង្គំព្រះអង្គសង្គ្រោះរបស់យើងក្នុងអំឡុងសប្តាហ៍ ។
ដោយធ្វើតាមសេចក្តីណែនាំរបស់ប្រធាន រ័សុល អិម ណិលសុន ឲ្យ « ស្ដាប់ទ្រង់ » ២១ នោះយើងកំពុងកែលម្អចំពោះសមត្ថភាពរបស់យើងក្នុងការទទួលស្គាល់ចំពោះការខ្សឹបប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីមើលឃើញព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ។
ជាមួយនឹងការប្រកាស និងការបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធមួយចំនួន យើងចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់កាន់តែញឹកញាប់ ហើយទទួលពរជ័យដែលបានសន្យារបស់ទ្រង់ ។ យើងកំពុងមានអារម្មណ៍កាន់តែខ្លាំងទៅលើភាពស្រស់ស្អាតដ៏អស្ចារ្យនៃព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា ៖ « គ្មានអ្វីដែលងាយស្រួល ឬបានមកដោយស្វ័យប្រវត្តិដើម្បីក្លាយជា [ សិស្ស ] [ ម្នាក់ដ៏មានឥទ្ធិពលនោះទេ ] ។ ការផ្ដោតរបស់យើងត្រូវតែផ្អែកយ៉ាងរឹងមាំទៅលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ វាតម្រូវឲ្យមានការខិតខំខ្លាំងខាងសតិអារម្មណ៍ដើម្បីមើលទៅទ្រង់ គ្រប់គំនិត » ទាំងអស់ ។២២
តាមរយៈការផ្ដោតចិត្តរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នោះអ្វីៗដែលនៅជុំវិញយើង—ដែលកំពុងមានវត្តមាន—ត្រូវបានមើលឃើញដោយក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។ ការរំខានដែលមិនសូវសំខាន់ត្រូវសាបសូន្យ ហើយយើងដករឿងដែលមិនស្របទៅនឹងពន្លឺ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ចេញ ។ ពេលបងប្អូនបន្តយកចិត្តទុកដាក់នឹកគិតអំពីព្រះយេស៊ូវគ្រីស្ទ ទុកចិត្តលើទ្រង់ ហើយគោរពបទបញ្ញត្តិទ្រង់ ខ្ញុំសន្យាថា បងប្អូនមិនត្រឹមតែទទួលបានការណែនាំពីសួគ៌ាប៉ុណ្ណោះទេ តែបងប្អូននឹងទទួលបានព្រះចេស្តាពីសួគ៌ាផងដែរ—ពោលគឺព្រះចេស្តាដែលពង្រឹងដល់សេចក្តីសញ្ញារបស់បងប្អូន ភាពសុខសាន្តក្នុងគ្រាលំបាក និងអំណរនៅក្នុងពរជ័យរបស់បងប្អូន ។
ការចងចាំព្រះយេស៊ូវគ្រីស្ទ
ពីរបីសប្តាហ៍កន្លងទៅ ខាធី និងខ្ញុំបានទៅលេងផ្ទះរបស់ម៉ាត និង សារ៉ា ចនសុន ។ នៅលើជញ្ជាំងផ្ទះពួកគេមានព្យួររូបថតគ្រួសារដ៏មានតម្លៃរបស់ពួកគេ រូបភាពព្រះអង្គសង្គ្រោះដ៏ស្រស់ស្អាត និងរូបភាពនៃព្រះវិហារបរិសុទ្ធ ។
កូនស្រីបួននាក់របស់ពួកគេគឺ ម៉ាតឌី , រ៉ូប៊ី ,ក្លែ និង ជូន បានថ្លែងយ៉ាងរីករាយអំពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះម្តាយ ។
អស់រយៈពេលជាងមួយឆ្នាំមកហើយ សារ៉ាបានដាក់កាលវិភាគជាទៀងទាត់នៅថ្ងៃសៅរ៍សម្រាប់គ្រួសារចូលរួមព្រះវិហារបរិសុទ្ធជាមួយគ្នា ដើម្បីឲ្យក្មេងស្រីទាំងនោះអាចធ្វើបុណ្យជ្រមុជទឹកសម្រាប់សមាជិកគ្រួសារដែលបានស្លាប់ ។
នៅខែវិច្ឆិកាឆ្នាំមុន សារ៉ាបានដាក់កាលវិភាគចូលរួមព្រះវិហារបរិសុទ្ធជាគ្រួសារ នៅសប្តាហ៍ចុងក្រោយក្នុងខែធ្នូ នៅថ្ងៃព្រហស្បតិ៍ ជំនួសឲ្យថ្ងៃសៅរ៍ ។ នាងបាននិយាយទៅកាន់ម៉ាតថា « អូនសង្ឃឹមថា បងយល់ស្របនឹងកាលវិភាគនោះ » ។
សារ៉ាត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ប៉ុន្តែវេជ្ជបណ្ឌិតប្រាប់ថា នាងនឹងរស់នៅបានពីរ ឬបីឆ្នាំទៀត ។ អំឡុងពេលប្រជុំសាក្រាម៉ង់មួយ សារ៉ាបានចែកចាយទីបន្ទាល់ដ៏មានឥទ្ធិពលរបស់នាង ដោយពោលថា ទោះជាមានលទ្ធផលអ្វីកើតឡើងចំពោះនាង ក៏នាងនៅតែស្រឡាញ់ព្រះអង្គសង្គ្រោះដោយអស់ពីចិត្ត ហើយថាទ្រង់ « បានឈ្នះលើសេចក្តីស្លាប់ » ។ ពេលដល់ខែធ្នូ សុខភាពរបស់សារ៉ាបានចុះដុនដាបយ៉ាងលឿនដោយពុំបានរំពឹងទុក ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ នៅព្រឹកព្រលឹមថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ ធ្នូ នាងបានចែកឋានទៅយ៉ាងស្ងប់សុខ ។ ម៉ាតបាននៅក្បែរសារ៉ាពេញមួយយប់នោះ ។
ដោយចិត្តសោកសៅ និងអស់កម្លាំងយ៉ាងខ្លាំង ទាំងខាងរាងកាយ និងសតិអារម្មណ៍ គាត់បានមកដល់ផ្ទះវិញទាំងសោកសៅជាមួយកូនស្រីរបស់គាត់ ។ ពេលម៉ាតសម្លឹងមើលទូរសព្ទរបស់គាត់ គាត់បានសម្គាល់ឃើញការរំឭកអំពីការណាត់ទៅព្រះវិហារបរិសុទ្ធនៅថ្ងៃព្រហស្បតិ៍ដែលខុសប្រក្រតីនោះ ដែលសារ៉ាបានដាក់កាលវិភាគសម្រាប់ពេលក្រោយនៅថ្ងៃនោះ ។ ម៉ាតបាននិយាយថា ៖ « ដំបូងពេលខ្ញុំឃើញកាលវិភាគនោះ ខ្ញុំបានគិតថា ធ្វើវាមិនកើតទេ » ។
ប៉ុន្តែក្រោយមក ចិត្តរបស់ម៉ាត់បាននឹកគិតទៅលើរឿង ៖ « ព្រះអង្គសង្គ្រោះមានព្រះជន្មរស់នៅ ។ គ្មានកន្លែងណាដែលយើងចង់នៅជាមួយគ្រួសារ ជាជាងនៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់នោះទេ » ។
ម៉ាត, ម៉ាតឌី, រ៉ូប៊ី, ក្លែ និង ជូន បានទៅដល់ព្រះវិហារបរិសុទ្ធតាមកាលវិភាគដែលសារ៉ាបានគ្រោងទុកសម្រាប់ពួកគេនោះ ។ ម៉ាតបានធ្វើបុណ្យជ្រមុជទឹកជាមួយកូនស្រីទាំងឡាយរបស់គាត់ ទាំងទឹកភ្នែកស្រក់លើថ្ពាល់ ។ ពួកគេទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងចំណងដ៏អស់កល្បជានិច្ចជាមួយសារ៉ា ហើយពួកគេទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏ធំធេង និងការលួងលោមដ៏សុខសាន្តរបស់ព្រះអង្គសង្គ្រោះ ។ ម៉ាតបានចែកចាយយ៉ាងទន់ភ្លន់ថា « ពេលខ្ញុំមានអារម្មណ៍សោកសៅ និងទុក្ខព្រួយយ៉ាងខ្លាំង ខ្ញុំស្រែកយំដោយអំណរដោយដឹងពីផែនការនៃសេចក្តីសង្រ្គោះដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌របស់ខ្ញុំ » ។
នៅរដូវបុណ្យអ៊ីស្ទើរនេះ ខ្ញុំបានឃើញសេចក្ដីពិតទាំងស្រុង និងពេញលេញអំពីការពលិកម្មដ៏ធួនដែលមិនអាចប្រៀបផ្ទឹមបានរបស់ព្រះអង្គសង្គ្រោះ និងការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ នៅពេលចិត្តរបស់បងប្អូននឹកគិតយ៉ាងរឹងប៉ឹង និងជារៀងរហូតទៅលើរឿងនេះអំពីព្រះយេស៊ូវគ្រីស្ទ ហើយនៅពេលបងប្អូនបន្តផ្តោតជីវិតកាន់តែពេញលេញលើព្រះអង្គសង្គ្រោះ ខ្ញុំសន្យានឹងបងប្អូនថា បងប្អូននឹងទទួលអារម្មណ៍ថា មានសេចក្ដីសង្ឃឹម ភាពសុខសាន្ត និងសេចក្ដីស្រឡាញ់របស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕