ព្រះអម្ចាស់យេស៊ូវគ្រីស្ទបង្រៀនយើងឲ្យធ្វើការងារបម្រើ
ដោយមានជំនួយពីព្រះអង្គសង្គ្រោះរបស់យើង នោះយើងអាចស្រឡាញ់ចៀមដ៏មានតម្លៃរបស់ទ្រង់ និងផ្តល់ការងារបម្រើដល់ពួកគេ ដូចទ្រង់នឹងធ្វើ ។
ព្រះអម្ចាស់យេស៊ូវគ្រីស្ទមានព្រះបន្ទូលថា ៖
« ខ្ញុំ ជា អ្នក គង្វាល ល្អ ឯ អ្នក គង្វាល ល្អ ក៏ ស៊ូ តែ ប្តូរ ជីវិត ជំនួស ចៀម ។ …
« ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ៖ ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម ។ »១
នៅក្នុងព្រះគម្ពីរជាកំណែភាសាក្រិក ពាក្យ ល្អ ក៏មានន័យថា « អស្ចារ្យ, ប្រសើរក្រៃលែង » ផងដែរ ។ ដូច្នេះនៅថ្ងៃនេះ ខ្ញុំចង់និយាយពីអ្នកគង្វាលល្អ អ្នកគង្វាលដ៏អស្ចារ្យ អ្នកគង្វាលដ៏ប្រសើរក្រៃលែង គឺព្រះយេស៊ូវគ្រីស្ទ ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គេហៅទ្រង់ថា « អ្នកគង្វាលដ៏ធំ »២មេពួកអ្នកគង្វាល »៣និង « អ្នកគង្វាលជាអ្នកថែទាំព្រលឹង [ របស់យើង ] » ។៤
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អេសាយបានសរសេរថា « ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល » ។៥
នៅក្នុងព្រះគម្ពីរមរមន គេហៅទ្រង់ថា « អ្នកគង្វាលល្អ »៦និង « អ្នកគង្វាលដ៏ពិត និងមហិមា » ។៧
នៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ទ្រង់ប្រកាសថា « ហេតុដូច្នោះហើយ យើងនៅកណ្ដាលអ្នករាល់គ្នា ហើយយើងជាអ្នកគង្វាលល្អ » ។៨
នៅក្នុងជំនាន់យើង ប្រធាន រ័សុល អិម ណិលសុនបានប្រកាសថា ៖ « អ្នកគង្វាលដ៏ល្អ ខ្វល់ខ្វាយដោយក្ដីស្រឡាញ់ចំពោះចៀមទាំងអស់ដែលនៅក្នុងក្រោលរបស់ទ្រង់ ហើយយើងជាអ្នកនៅក្រោមបង្គាប់ដ៏ពិតរបស់ទ្រង់ ។ ឯកសិទ្ធិរបស់យើងគឺ ទទួលសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយបន្ថែមសេចក្ដីស្រឡាញ់យើងផ្ទាល់ទៅដល់មិត្តភក្តិ និងអ្នកជិតខាង—ដូចជា ឲ្យអាហារ មើលថែទាំ និងចិញ្ចឹមបីបាច់ពួកគេ ដូចព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងធ្វើ » ។៩
ថ្មីៗនេះ ប្រធានណិលសុនក៏មានប្រសាសន៍ដែរថា ៖ « សញ្ញាសម្គាល់នៃសាសនាចក្រពិត និងសកម្មរបស់ព្រះអម្ចាស់ជានិច្ចកាល គឺជាការខិតខំដែលបានរៀបចំ បានដឹកនាំទៅរកកិច្ចខិតខំផ្តល់ការងារបម្រើដល់បុត្រាបុត្រីរបស់ព្រះ និងក្រុមគ្រួសាររបស់ពួកគេម្នាក់ៗ ។ ដោយសារនេះគឺជាសាសនាចក្ររបស់ទ្រង់ ពួកយើងក្នុងនាមជាអ្នកបម្រើរបស់ទ្រង់នឹងបម្រើដល់មនុស្សម្នាក់ៗដូចជាទ្រង់បានបម្រើ ។ ពួកយើងនឹងផ្តល់ការងារបម្រើនៅក្នុងព្រះនាមរបស់ទ្រង់ ដោយព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ហើយដោយសណ្ដានចិត្តល្អ ដែលពោរពេញដោយក្ដីស្រឡាញ់របស់ទ្រង់ » ។១០
នៅពេលពួកផារិស៊ី និងពួកអាចារ្យបានរអ៊ូរទាំទាស់នឹងព្រះអម្ចាស់ « ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង »១១ ទ្រង់បានតប ដោយបង្ហាញនូវរឿងដ៏អស្ចារ្យ បី ដែលយើងបានស្គាល់ថា ជារឿងប្រដូចអំពីចៀមដែលបាត់ រឿងប្រដូចអំពីកាក់ដែលបាត់ និងរឿងប្រដូចអំពីកូនប្រុសខ្ជះខ្ជាយ ។
គួរឲ្យចាប់អារម្មណ៍ណាស់ថា នៅពេលលូកា ជាអ្នកនិពន្ធដំណឹងល្អកំពុងពន្យល់ប្រាប់រឿងទាំងបីនេះ លោកប្រើពាក្យ ប្រៀបប្រដូច ក្នុងទម្រង់ឯកវចនៈ មិនមែនពហុវចនៈទេ ។១២ វាហាក់ដូចជាព្រះជាម្ចាស់កំពុងបង្រៀនមេរៀនដ៏ពិសេសមួយអំពីរឿងទាំងបីនេះ ជា—រឿងដែលបង្ហាញពីចំនួនលេខផ្សេងៗគ្នា ដូចជា ចៀម ១០០ ក្បាល កាក់ចំនួន ១០ និងកូនប្រុស ២ នាក់ ។
ទោះជាយ៉ាងណាក៏ដោយ លេខសំខាន់បំផុតនៅក្នុងរឿងនីមួយៗនេះគឺលេខ មួយ ហើយមេរៀនមួយដែលយើងអាចរៀនពីលេខនោះគឺថា បងប្អូនអាចជាអ្នកនៅក្រោមបង្គាប់សម្រាប់មើលថែអែលឌើរ ១០០ នាក់ និងអ្នកត្រៀមទទួលថ្នាក់អែលឌើរនៅក្នុងកូរ៉ុមរបស់បងប្អូន ឬជាអ្នកផ្តល់ប្រឹក្សាម្នាក់ដល់យុវនារី ១០ នាក់ ឬជាគ្រូបង្រៀនកុមារ ២ នាក់ក្នុងអង្គការបឋមសិក្សា ប៉ុន្តែបងប្អូនតែងតែផ្តល់ការងារបម្រើដល់ពួកគេជានិច្ច ថែរក្សាពួកគេ ហើយស្រឡាញ់ពួកគេម្តងម្នាក់ៗ រៀងៗខ្លួន ។ បងប្អូនមិនដែលនិយាយថា « ចៀមអីក៏ល្ងីល្ងើយ៉ាងនេះ » ឬ « ទីបំផុត ខ្ញុំមិនត្រូវការកាក់នោះទៀតទេ » ឬ « កូននេះម៉េចក៏បះបោរម៉្លេះ » ។ បើបងប្អូន និងខ្ញុំមាន « សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » នៅជាមួយយើង១៣ដូចបុរសដែលបាត់ចៀមនៅក្នុងរឿងនោះដែរ នោះយើងនឹង « ទុកចៀម ៩៩ … ដើម្បីនឹងទៅតាមរកចៀម ១ ដែលបាត់ [ ទាល់តែ គឺទាល់តែយើង ] ឃើញទេឬអី » ។១៤ ឬដូចជាស្ត្រីក្នុងរឿងកាក់ដែលបាត់ នោះយើងនឹង « អុជចង្កៀង ហើយបោសផ្ទះរកអស់ពីចិត្ត [ គឺអស់ពីចិត្ត ] ទាស់តែ [ …គឺទាស់…តែ ] បានឃើញទេឬអី » ។១៥ បើយើងមាន « សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » នៅជាមួយយើង នោះយើងនឹងធ្វើតាមគំរូឪពុកក្នុងរឿងកូនប្រុសខ្ជះខ្ជាយ ដែលពេលកូនប្រុសនោះត្រូវបាន « … ឃើញពីចម្ងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា » ។១៦
តើយើងអាចទទួលអារម្មណ៍ពីភាពបន្ទាន់នៅក្នុងចិត្តរបស់បុរសដែលបានបាត់ចៀមតែមួយគត់នោះដែរឬទេ ? ឬក៏ភាពបន្ទាន់នៅក្នុងចិត្តរបស់ស្ត្រីដែលបានបាត់កាក់តែមួយនោះដែរឬទេ ? ឬសេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរដ៏ធំមហិមានៅក្នុងចិត្តរបស់ឪពុកនៃកូនប្រុសខ្ជះខ្ជាយនោះដែរឬទេ ?
ភរិយារបស់ខ្ញុំ ម៉ារៀ អ៊ីសាប៊ែល និងខ្ញុំបានបម្រើនៅអាមេរិកកណ្តាល ដែលត្រូវបានចាត់ទៅទីក្រុងហ្គាតេម៉ាឡា ។ នៅទីនោះ ខ្ញុំមានឱកាសជួប ជូលៀ ដែលជាសមាជិកដ៏ស្មោះត្រង់ម្នាក់នៃសាសនាចក្រ ។ ខ្ញុំទទួលអារម្មណ៍ឲ្យសួរនាងអំពីគ្រួសាររបស់នាង ។ ម្តាយរបស់នាងបានស្លាប់ដោយសារជំងឺមហារីកកាលពីឆ្នាំ ២០១១ ។ ឪពុករបស់នាងគឺជាអ្នកដឹកនាំដ៏ស្មោះត្រង់ម្នាក់នៅក្នុងស្តេករបស់គាត់ បម្រើជាប៊ីស្សព និងជាទីប្រឹក្សាប្រធានស្តេករបស់គាត់អស់ជាច្រើនឆ្នាំ ។ គាត់គឺជាអ្នកនៅក្រោមបង្គាប់ដ៏ពិតរបស់ព្រះអម្ចាស់ ។ ជូលៀបានប្រាប់ខ្ញុំពីការខិតខំឥតនឿយហត់របស់ឪពុកនាងដើម្បីទៅសួរសុខទុក្ខ ផ្តល់ការងារបម្រើ និងបម្រើ ។ គាត់ពិតជារីករាយក្នុងការឲ្យចំណី និងឃ្វាលចៀមដ៏មានតម្លៃរបស់ព្រះអម្ចាស់ ។ គាត់បានរៀបការម្តងទៀត ហើយបន្តនៅតែសកម្មនៅក្នុងសាសនាចក្រ ។
ប៉ុន្មានឆ្នាំក្រោយមក គាត់បានលះលែងគ្នា ហើយឥឡូវនេះគាត់ត្រូវចូលរួមព្រះវិហារតែម្នាក់ឯងម្តងទៀត ។ គាត់មានអារម្មណ៍ថា គ្មានចំណែក ហើយក៏មានអារម្មណ៍ថា មនុស្សមួយចំនួនបានរិះគន់គាត់ ដោយសារតែការលះលែងរបស់គាត់ ។ គាត់ឈប់មកព្រះវិហារ ដោយសារចិត្តរបស់គាត់ពោរពេញដោយអារម្មណ៍អវិជ្ជមាន ។
ជូលៀបានថ្លែងសរសើរយ៉ាងខ្លាំងពីអ្នកនៅក្រោមបង្គាប់ដ៏អស្ចារ្យម្នាក់នេះ ដែលជាមនុស្សខិតខំធ្វើការ ស្រឡាញ់ និងមានចិត្តអាណិតអាសូរ ។ ខ្ញុំចាំយ៉ាងច្បាស់ថា អារម្មណ៍នៃភាពបន្ទាន់មួយបានផុសឡើងក្នុងចិត្តខ្ញុំ នៅពេលនាងកំពុងពិពណ៌នាអំពីគាត់ ។ ខ្ញុំគ្រាន់តែចង់ធ្វើអ្វីមួយសម្រាប់បុរសនោះ ជាបុរសម្នាក់ដែលបានធ្វើកិច្ចការជាច្រើនអស់ជាច្រើនឆ្នាំមកហើយ ។
នាងបានឲ្យលេខទូរសព្ទរបស់គាត់មកខ្ញុំ ហើយខ្ញុំបានចាប់ផ្ដើមទូរសព្ទទៅគាត់ ដោយសង្ឃឹមថា នឹងមានឱកាសជួបគាត់ដោយផ្ទាល់ ។ បន្ទាប់ពីប៉ុន្មានសប្តាហ៍ និងការទូរសព្ទទាក់ទងជាច្រើនដងដោយគ្មានការឆ្លើយតប នោះនៅថ្ងៃមួយគាត់បានលើកទូរសព្ទរបស់ខ្ញុំ ។
ខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានជួបជូលៀកូនស្រីរបស់គាត់ ហើយថាខ្ញុំចាប់អារម្មណ៍នឹងរបៀបដែលគាត់បានបម្រើ ផ្តល់ការងារបម្រើ និងស្រឡាញ់ចៀមដ៏មានតម្លៃរបស់ព្រះអម្ចាស់ អស់ជាច្រើនឆ្នាំមកនេះ ។ គាត់មិនបានរំពឹងថា នឹងឮវាចាបែបនេះទេ ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំពិតជាចង់ជួបមុខគាត់ដោយផ្ទាល់ ។ គាត់បានសួរខ្ញុំពីគោលបំណងដែលខ្ញុំស្នើសុំការជួបបែបនេះ ។ ខ្ញុំតបវិញថា « ខ្ញុំពិតជាចង់ជួបឪពុករបស់ស្រ្តីដ៏អស្ចារ្យម្នាក់បែបនេះ » ។ បន្ទាប់មក មានភាពស្ងប់ស្ងាត់មួយសន្ទុះ—ពោលគឺមួយសន្ទុះដែលហាក់ដូចជាអស់កល្បជានិច្ចសម្រាប់ខ្ញុំ ។ គាត់គ្រាន់តែសួរថា « តើជួបនៅពេលណា និងកន្លែងណា ? »
ថ្ងៃដែលខ្ញុំបានជួបគាត់ ខ្ញុំបានអញ្ជើញគាត់ឲ្យចែកចាយបទពិសោធន៍មួយចំនួនអំពីការសួរសុខទុក្ខ ការផ្តល់ការងារបម្រើ និងការបម្រើចៀមដ៏មានតម្លៃរបស់ព្រះអម្ចាស់ ។ នៅពេលគាត់កំពុងតំណាលប្រាប់ពីរឿងដ៏រំជួលចិត្តមួយចំនួន នោះខ្ញុំបានសម្គាល់ឮសំឡេងរបស់គាត់បានផ្លាស់ប្ដូរ ហើយអារម្មណ៍ដដែលនោះ ដែលគាត់ធ្លាប់ទទួលជាច្រើនដង ក្នុងនាមជាអ្នកនៅក្រោមបង្គាប់បានកើតឡើងវិញចំពោះគាត់ ។ ឥឡូវនេះ គាត់បានយំ ។ ខ្ញុំបានដឹងថា នេះគឺជាគ្រាល្អសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំបានឃើញថា ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេ ។ ខ្ញុំបានអធិស្ឋានក្នុងចិត្តថា « ព្រះវរបិតាអើយជួយទូលបង្គំផង » ។
រំពេចនោះ ខ្ញុំបានឮខ្លួនឯងនិយាយថា « បងប្រុសហ្វ្លូរៀន ក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ ខ្ញុំសូមអភ័យទោសដែលយើងមិនបាននៅក្បែរបង ពេលបងមានបញ្ហា ។ សូមអភ័យទោសឲ្យពួកយើងផង ។ សូមផ្ដល់ឱកាសម្តងទៀតឲ្យពួកយើង ដើម្បីបង្ហាញបងថា យើងស្រឡាញ់បង ។ យើងត្រូវការបង ។ បងជាមនុស្សសំខាន់ចំពោះពួកយើង » ។
នៅថ្ងៃអាទិត្យបន្ទាប់ គាត់បានត្រឡប់មកវិញ ។ គាត់បានសន្ទនាជាមួយប៊ីស្សពរបស់គាត់យ៉ាងយូរ ហើយបន្តសកម្ម ។ ពីរបីខែក្រោយមក គាត់បានចែកឋាន—ប៉ុន្តែគាត់បានត្រឡប់មកវិញហើយ ។ គាត់បានត្រឡប់មកវិញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយមានជំនួយពីព្រះអង្គសង្គ្រោះរបស់យើង នោះយើងអាចស្រឡាញ់ចៀមដ៏មានតម្លៃរបស់ទ្រង់ និងផ្តល់ការងារបម្រើដល់ពួកគេ ដូចទ្រង់នឹងធ្វើ ។ ដូច្នេះហើយ នៅទីនោះ នៅទីក្រុង ហ្គាតាម៉ាឡា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ បាននាំយកចៀមដ៏មានតម្លៃម្នាក់ទៀតមកក្នុងហ្វូងរបស់ទ្រង់វិញ ។ ហើយទ្រង់បានបង្រៀនខ្ញុំនូវមេរៀនមួយអំពីការបម្រើដែលខ្ញុំមិនអាចបំភ្លេចបាន ។ នៅក្នុងព្រះនាមនៃអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏អស្ចារ្យ អ្នកគង្វាលដ៏ប្រសើរក្រៃលែង គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ អាម៉ែន ៕