អ្នកដើរតាមម្ចាស់នៃមេត្រីភាព
ពេលយើងខិតខំអភិវឌ្ឍនូវគុណលក្ខណៈឲ្យដូចជាព្រះអង្គសង្គ្រោះ នោះយើងអាចក្លាយជាឧបករណ៍នៃសេចក្តីសុខសាន្តរបស់ទ្រង់នៅលើពិភពលោកនេះបាន ។
ដើម្បីសម្រេចការព្យាករដែលបានផ្ដល់ដល់ព្យាការីសាការី១ ព្រះយេស៊ូវបានយាងចូលក្នុងទីក្រុងបរិសុទ្ធ ជិះសត្វលាដោយជ័យជំនះ ដែលអក្សរសិល្ប៍គេចាត់ទុក « និមិត្តសញ្ញាបុរាណនៃរាជវង្សយូដា »២ មួយនេះថា គឺពិតជាស្តេចលើអស់ទាំងស្តេច និងជាម្ចាស់នៃមេត្រីភាព ។៣ ទ្រង់ត្រូវបានហ៊ុំព័ទ្ធដោយពួកសិស្សដ៏រីករាយជាច្រើន ដែលបានក្រាលសម្លៀកបំពាក់របស់ពួកគេ ធាងចាក និងស្លឹកឈើឯទៀតនៅតាមផ្លូវដែលព្រះយេស៊ូយាងកាត់ ។ ពួកគេបានសរសើរតម្កើងព្រះ ដោយបន្លឺសំឡេងខ្លាំង ថា « ស្តេច ដែល យាង មក ដោយ នូវ ព្រះនាម ព្រះអម្ចាស់ ទ្រង់ ប្រកប ដោយ ព្រះពរ សូម ឲ្យ បាន សេចក្តី ក្សេមក្សាន្ត នៅ ស្ថានសួគ៌ និង សិរីល្អ នៅ ស្ថាន ដ៏ ខ្ពស់ បំផុត »៤ ហើយម្តងទៀតថា « ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត » ។៥ ព្រឹត្តិការណ៍ដ៏មហស្ចារ្យ ដែលយើងប្រារព្ធឡើងនៅថ្ងៃនេះ ត្រូវគេស្គាល់ថាជា ថ្ងៃអាទិត្យធាងចាក គឺជាព្រឹត្តិការណ៍ដ៏រីករាយមួយ ដែលកើតឡើងពីមុនព្រឹត្តិការណ៍ដ៏សែនឈឺចាប់ អំឡុងសប្តាហ៍ដ៏សំខាន់ ដែលព្រះអង្គសង្គ្រោះបានពលិកម្មដោយមិនគិតពីអង្គទ្រង់ និងអព្ភូតហេតុដ៏អស្ចារ្យលើសលុបនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
ក្នុងនាមជាអ្នកដើរតាមទ្រង់ យើងគឺជាមនុស្សជម្រើសរបស់ទ្រង់ ដែលត្រូវបានហៅឲ្យប្រកាសអំពីគុណតម្លៃរបស់ទ្រង់៦ ជាអ្នកផ្សាយពីក្តីសុខសាន្ត ដែលបានប្រទានឲ្យដោយសប្បុរសតាមរយៈទ្រង់ និងពលិកម្មដ៏ធួនរបស់ទ្រង់ ។ សេចក្ដីសុខសាន្តនេះគឺជាអំណោយមួយដែលបានសន្យាដល់អស់អ្នកដែលបង្វែរដួងចិត្តខ្លួនទៅរកព្រះអង្គសង្រ្គោះ ហើយរស់នៅដោយសុចរិត ។ សេចក្តីសុខសាន្តបែបនេះផ្តល់កម្លាំងចិត្តឲ្យយើងរីករាយនឹងជីវិតរមែងស្លាប់ ហើយជួយយើងឲ្យស៊ូទ្រាំនឹងការសាកល្បងដ៏ឈឺចាប់នៅក្នុងដំណើរជីវិតរបស់យើង ។
នៅក្នុងឆ្នាំ ១៨៤៧ ព្រះអម្ចាស់បានប្រទានការណែនាំជាក់លាក់ទៅពួកបរិសុទ្ធត្រួសត្រាយផ្លូវដែលត្រូវការភាពសុខសាន្តដើម្បីរក្សាភាពស្ងប់ស្ងាត់ និងសាមគ្គីភាព នៅពេលពួកគេប្រឈមមុខទៅនឹងការលំបាកដែលពុំរំពឹងទុកនៅក្នុងការធ្វើដំណើរឆ្ពោះទៅទិសខាងលិចរបស់ពួកគេ ។ នៅក្នុងចំណោមរឿងផ្សេងៗទៀត ព្រះអម្ចាស់បានបង្គាប់ពួកបរិសុទ្ធឲ្យ « ឈប់ទាស់ទែងនឹងគ្នា ចូរឈប់និយាយអាក្រក់ពីគ្នាទៅវិញទៅមក » ។៧ ព្រះគម្ពីរបញ្ជាក់ថា អស់អ្នកណាដែលប្រព្រឹត្តកិច្ចការទាំងឡាយដោយសេចក្ដីសុចរិត ហើយខិតខំដើរដោយភាពស្លូតបូតនៃព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នោះទទួលបានការសន្យាថា នឹងមានសេចក្ដីសុខសាន្តដែលពួកគេត្រូវការ ដើម្បីរស់រានមានជីវិតបាននៅជំនាន់នៃភាពចលាចលដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ ។៨
ក្នុងនាមជាសិស្សរបស់ម្ចាស់នៃមេត្រីភាព យើងត្រូវបានបង្គាប់ឲ្យរស់នៅដោយ « មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ។៩ ព្យាការីជាទីស្រឡាញ់ ប្រធាន រ័សុល អិម ណិលសុន ទើបតែបានបញ្ជាក់កាលពីថ្មីៗនេះថា « ការទាស់ទែង និងជម្លោះ បំពានលើអ្វីៗដែលព្រះអង្គសង្គ្រោះបានតាំង និងបង្រៀន » ។១០ ព្យាការីរបស់យើងក៏បានអង្វរឲ្យយើងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើទៅបាន ដើម្បីបញ្ចប់ជម្លោះផ្ទាល់ខ្លួនមានចិត្ត និងក្នុងជីវិតបច្ចុប្បន្នរបស់យើងផងដែរ ។១១
សូមយើងគិតពីគោលការណ៍ទាំងនេះដោយទស្សនៈនៃក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទចំពោះយើង ក្នុងនាមយើងជាអ្នកដើរតាមទ្រង់ យើងព្យាយាមមានចំពោះគ្នាទៅវិញទៅមក ។ ព្រះគម្ពីរកំណត់នូវសេចក្តីស្រឡាញ់បែបនេះថា ជាសេចក្តីសប្បុរស ។១២ នៅពេលយើងគិតអំពីសេចក្ដីសប្បុរស នោះគំនិតរបស់យើងងាកទៅរកទង្វើសប្បុរសធម៌ និងការបរិច្ចាគដើម្បីជួយដល់អស់អ្នកដែលកំពុងជួបការលំបាកខាងរូបកាយ ខាងសម្ភារ ឬបញ្ហាខាងអារម្មណ៍ ។ ទោះយ៉ាងណា សេចក្ដីសប្បុរសមិនត្រឹមតែទាក់ទងនឹងអ្វីដែលយើងបរិច្ចាគទៅដល់នរណាម្នាក់ប៉ុណ្ណោះទេ វាគឺជាគុណសម្បត្តិមួយរបស់ព្រះអង្គសង្គ្រោះ ហើយវាអាចក្លាយជាផ្នែកមួយនៃចរិតលក្ខណៈរបស់យើងបាន ។ វាពុំគួរភ្ញាក់ផ្អើលអីទេដែលព្រះអម្ចាស់បានបង្គាប់យើងឲ្យបំពាក់ខ្លួនយើង« ដោយចំណងនៃសេចក្ដីសប្បុរស… ដែលជាចំណងនៃសេចក្ដីល្អឥតខ្ចោះ និងសេចក្ដីសុខសាន្ត » ។១៣ បើគ្មានសេចក្ដីសប្បុរសទេ នោះយើងក៏ពុំមែនជាអ្វីទាំងអស់១៤ ហើយយើងមិនអាចគ្រងកន្លែងដែលព្រះអម្ចាស់បានរៀបចំទុកនៅក្នុងវិមានទាំងឡាយនៃព្រះវរបិតាសួគ៌របស់យើង ទុកជាមរតកបានឡើយ ។១៥
ព្រះយេស៊ូវបានបង្ហាញយ៉ាងល្អឥតខ្ចោះនូវអត្ថន័យនៃការមាននូវចំណងនៃសេចក្ដីល្អឥតខ្ចោះ និងសេចក្តីសុខសាន្ត ជាពិសេសនៅពេលត្រូវប្រឈមមុខទៅនឹងព្រឹត្តិការណ៍ដ៏ឈឺចាប់ ដែលកើតមុនទុក្ករកម្មរបស់ទ្រង់ ។ សូមគិតមួយភ្លែតអំពីព្រះទ័យរបស់ព្រះយេស៊ូវ កាលទ្រង់លាងជើងឲ្យសិស្សដោយបន្ទាបខ្លួន ទាំងដឹងថាមានម្នាក់ក្នុងចំណោមពួកគេ នឹងក្បត់ទ្រង់នៅយប់នោះ ។១៦ ឬប៉ុន្មានម៉ោងក្រោយមក ព្រះយេស៊ូវបានព្យាបាលត្រចៀកបុរសម្នាក់ ដែលបានមកចាប់ខ្លួនទ្រង់ជាមួយនឹង យូដាស ដែលជាអ្នកក្បត់ទ្រង់ ។១៧ ឬសូម្បីតែនៅពេលដែលព្រះអង្គសង្គ្រោះ គង់នៅចំពោះមុខលោកពីឡាត់ ត្រូវបានគេចោទប្រកាន់យ៉ាងអយុត្តិធម៌ដោយពួកសង្ឃរាជ និងពួកចាស់ទុំ ហើយទ្រង់ក៏មិនបានពោលពាក្យមួយម៉ាត់ទាស់នឹងការចោទប្រកាន់មិនពិតចំពោះទ្រង់ឡើយ រួចទ្រង់ចាកចេញទៅទុកឲ្យអភិបាលក្រុងរ៉ូមមានចិត្តងឿងឆ្ងល់ ។១៨
តាមរយៈរឿងសោកនាដកម្មទាំងបីនេះ ទោះបីជាមានភាពសោកសៅ និងភាពតានតឹងខ្លាំងក៏ដោយ ក៏ព្រះអង្គសង្គ្រោះបានបង្រៀនយើងតាមគំរូរបស់ទ្រង់ថា « សេចក្តីសប្បុរសតែងតែអត់ធ្មត់ ហើយក៏សប្បុរស … មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង … មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង [ ហើយ ] មិនប្រកាន់ទោស » ។១៩
ចំណុចសំខាន់មួយទៀតដែលត្រូវបញ្ជាក់ ហើយវាមានឥទ្ធិពលផ្ទាល់ទៅលើភាពជាសិស្សរបស់យើង និងរបៀបដែលយើងផ្សព្វផ្សាយសេចក្តីសុខសាន្តរបស់ព្រះអង្គសង្គ្រោះ នោះគឺជារបៀបដែលយើងប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមក ។ ក្នុងអំឡុងពេលនៃការងារបម្រើរបស់ទ្រង់នៅលើផែនដី ការបង្រៀនរបស់ព្រះអង្គសង្រ្គោះមិនគ្រាន់តែផ្តោតលើគុណតម្លៃនៃសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស ការអត់ធ្មត់ ភាពរាបសា និងសេចក្តីអាណិតអាសូរនោះទេ ប៉ុន្ដែផ្ដោតជាពិសេសទៅលើគុណតម្លៃទាំងនេះ—ដែលជាគុណតម្លៃគ្រឹះចំពោះអស់អ្នកដែលចង់ខិតកាន់តែជិតទ្រង់ ហើយផ្សាយពីសេចក្ដីសុខសាន្តរបស់ទ្រង់ ។ គុណតម្លៃបែបនេះគឺជាអំណោយមកពីព្រះ នៅពេលយើងខិតខំអភិវឌ្ឍវា នោះយើងនឹងចាប់ផ្ដើមមើលឃើញភាពខុសគ្នា និងភាពទន់ខ្សោយរបស់អ្នកជិតខាងយើង ទាំងមានចិត្តអាណិតអាសូរ ការយោគយល់ ការគោរព និងការអត់ឱនទោសកាន់តែច្រើនឡើង ។ ទីសម្គាល់ដ៏ច្បាស់បំផុតមួយដែលយើងកំពុងខិតកាន់តែជិតព្រះអង្គសង្គ្រោះ ហើយក្លាយកាន់តែដូចទ្រង់នោះ គឺជាសេចក្តីស្រឡាញ់ ភាពអត់ធ្មត់ និងការប្រព្រឹត្តចំពោះមនុស្សទូទៅដោយសប្បុរស មិនថាយើងសិ្ថតក្នុងកាលៈទេសៈណាទេ ។
ជាញឹកញាប់ យើងឃើញមានអ្នកចូលរួមមតិអវិជ្ជមាន និងមតិប្រមាថមើលងាយដល់ចរិតលក្ខណៈ ភាពទន់ខ្សោយ និងទស្សនៈរបស់អ្នកដទៃជាពិសេសនៅពេលដែលចរិតលក្ខណៈ និងមតិបែបនោះខុសគ្នា ឬផ្ទុយពីអ្វីដែលពួកគេប្រព្រឹត្ត និងគិត ។ វាជារឿងសាមញ្ញទៅហើយ ដែលយើងឃើញមនុស្សទាំងនេះបញ្ជូនមតិបែបនោះទៅកាន់អ្នកដទៃ ជាមនុស្សដែលនិយាយតាមអ្វីដែលពួកគេបានឮដោយមិនបានដឹងច្បាស់ពីស្ថានភាពទាំងស្រុងដែលនៅជុំវិញស្ថានភាពមួយ ។ ជាអកុសល ប្រព័ន្ធផ្សព្វផ្សាយសង្គមលើកទឹកចិត្តឲ្យមានឥរិយាបថបែបនេះ តាំងឲ្យសេចក្ដីពិត និងតម្លាភាព ។ ដោយគ្មានការហាមឃាត់ដល់ការសន្ទនាតាមឌីជីថលនោះវាដឹកនាំមនុស្សឲ្យមានការវាយប្រហាររឿងផ្ទាល់ខ្លួន និងមានជម្លោះដ៏ក្តៅគគុក បង្កើតនូវការខកចិត្ត ធ្វើឲ្យដួងចិត្តរងរបួស និងផ្សាយភាពប្រទូសរ៉ាយ។
នីហ្វៃបានព្យាករថា នៅថ្ងៃចុងក្រោយ ខ្មាំងសត្រូវនឹងញាំញីនៅក្នុងដួងចិត្តនៃកូនចៅមនុស្ស ហើយចាក់រុកឲ្យពួកគេមានកំហឹងទាស់នឹងអ្វីដែលជាល្អវិញ ។២០ ព្រះគម្ពីរមរមនបង្រៀនថា « អ្វីក៏ដោយដែលអញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់ គឺផុសគំនិតមកពីព្រះ » ។២១ ផ្ទុយទៅវិញ « អ្វីដែលអាក្រក់ កើតមកពីអារក្ស ត្បិតអារក្សគឺជាខ្មាំងសត្រូវដល់ព្រះ ហើយប្រឆាំងនឹងទ្រង់ឥតឈប់ឈរ ហើយអញ្ជើញ និងញុះញង់ឲ្យធ្វើបាប ហើយឲ្យធ្វើអ្វីដែលអាក្រក់ឥតឈប់ឈរសោះឡើយ » ។២២
ពេលគិតអំពីការបង្រៀនរបស់ព្យាការីនេះ វាពុំគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលល្បិចមួយរបស់ខ្មាំងសត្រូវ គឺវាបង្កើតឲ្យមានភាពជាសត្រូវ និងកំហឹងនៅក្នុងចិត្តរបស់បុត្រាបុត្រីនៃព្រះ ។ សាតាំងត្រេកអរនៅពេលដែលវាឃើញមនុស្សរិះគន់ ចំអក និងជេរគ្នា ។ ឥរិយាបថនេះអាចបំផ្លាញចរិតលក្ខណៈ កេរ្តិ៍ឈ្មោះ និងការគោរពខ្លួនឯងរបស់មនុស្សម្នាក់ ជាពិសេសនៅពេលមនុស្សម្នាក់ត្រូវបានវិនិច្ឆ័យដោយអយុត្តិធម៌ ។ វាសំខាន់ដើម្បីចង្អុលបង្ហាញថា នៅពេលយើងអនុញ្ញាតឲ្យមានអាកប្បកិរិយាបែបនេះនៅក្នុងជីវិតយើង នោះយើងទុកកន្លែងក្នុងដួងចិត្តឲ្យខ្មាំងសត្រូវសាបព្រោះគ្រាប់ពូជនៃការទាស់ទែងគ្នានៅក្នុងចំណោមពួកយើង ដែលធ្វើឲ្យយើងអាចនឹងធ្លាក់ចូលក្នុងអន្ទាក់ដ៏ឃោរឃៅរបស់វា ។
ប្រសិនបើយើងមិនប្រុងប្រយ័ត្នជាមួយនឹងគំនិត ពាក្យសម្ដី និងសកម្មភាពរបស់យើងទេ នោះយើងអាចនឹងឆ្វាក់ពាក់ព័ន្ធនឹងល្បិចកលរបស់មាសត្រូវ ដែលបំផ្លាញទំនាក់ទំនងរបស់យើងជាមួយនឹងមនុស្សនៅជុំវិញខ្លួន និងមនុស្សជាទីស្រឡាញ់របស់យើងផងដែរ ។
បងប្អូនប្រុសស្រី ក្នុងនាមជារាស្ត្រដ៏ជម្រើសនៃព្រះអម្ចាស់ និងជាអ្នកលើកកម្ពស់សេចក្តីសុខសាន្តរបស់ព្រះអង្គ នោះយើងមិនអាចអនុញ្ញាតឲ្យល្បិចកលនៃអំពើអាក្រក់ទាំងនេះកើតមានឡើងនៅក្នុងចិត្តយើងបានទេ ។ យើងមិនអាចរែកនូវបន្ទុកដ៏ច្រេះចាប់បែបនេះដែលបំផ្លាញនូវអារម្មណ៍ ទំនាក់ទំនង និងសូម្បីតែជីវិតនោះបានឡើយ ។ ដំណឹងល្អតំណាងឲ្យដំណឹងដ៏រីករាយនៃសេចក្តីអំណរដ៏អស្ចារ្យ ។
ជាការពិត គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងល្អឥតខ្ចោះនោះទេ ហើយច្បាស់ណាស់ មានពេលខ្លះយើងត្រូវបានគេបោកបញ្ឆោតឲ្យចូលទៅក្នុងឥរិយាបថបែបនេះ ។ នៅក្នុងសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះ និងព្រះបញ្ញាញាណរបស់ទ្រង់អំពីទំនោរជាមនុស្សរបស់យើង នោះព្រះអង្គសង្គ្រោះតែងតែព្យាយាមព្រមានយើងអំពីគ្រោះថ្នាក់បែបនេះជានិច្ច ។ ទ្រង់បានបង្រៀនយើងថា « ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង » ។២៣
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅពេលយើងខិតខំអភិវឌ្ឍនូវគុណលក្ខណៈឲ្យដូចជាព្រះអង្គសង្គ្រោះ នោះយើងអាចក្លាយជាឧបករណ៍នៃភាពសុខសាន្តរបស់ទ្រង់នៅលើពិភពលោកនេះបាន ស្របតាមលំនាំដែលព្រះអង្គទ្រង់ផ្ទាល់បានបង្កើតឡើង ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាអំពីវិធីនានាដែលយើងអាចប្រែក្លាយខ្លួនទៅជាមនុស្សដែលលើកស្ទួយគេ និងជាអ្នកគាំទ្រគេ ជាមនុស្សមានការយល់ដឹង និងចិត្តអធ្យាស្រ័យ ជាមនុស្សស្វែងរកសេចក្តីល្អបំផុតនៅក្នុងអ្នកដទៃ ទាំងចងចាំជានិច្ចថា « បើសិនជាមានអ្វីណាមួយ ដែលប្រកបដោយគុណធម៌ គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ នោះយើងខ្ញុំស្វែងរករបស់ផងទាំងនេះហើយ » ។២៤
ខ្ញុំសន្យានឹងបងប្អូនថា នៅពេលយើងស្វែងរក និងអភិវឌ្ឍនូវគុណលក្ខណៈទាំងនេះ នោះយើងនឹងកាន់តែមានភាពស្និទ្ធស្នាល ហើយងាយដឹងអំពីតម្រូវការរបស់អ្នកផងទាំងពួង២៥ហើយនឹងទទួលបានអំណរ ភាពសុខសាន្ត និងការរីកចម្រើនខាងវិញ្ញាណ ។២៦ ដោយគ្មានការសង្ស័យទេថា ព្រះអម្ចាស់នឹងទទួលស្គាល់ការខិតខំរបស់យើង ហើយប្រទានអំណោយដែលយើងចាំបាច់ត្រូវចេះអត់ឱនទោស និងអត់ធ្មត់ជាមួយនឹងភាពខុសគ្នា ភាពទន់ខ្សោយ និងភាពមិនល្អឥតខ្ចោះរបស់គ្នាទៅវិញទៅមក ។ លើសពីនេះទៅទៀត យើងនឹងអាចទប់ទល់កាន់តែល្អប្រសើរទៅនឹងការឆាប់អន់ចិត្ត ឬការចង់ធ្វើបាបអ្នកដែលធ្វើឲ្យយើងឈឺចាប់ ។ បំណងប្រាថ្នារបស់យើងដើម្បីអភ័យទោសដូចដែលព្រះអង្គសង្គ្រោះបានធ្វើដល់អ្នកដែលធ្វើបាបយើង ឬនិយាយអាក្រក់អំពីយើង នោះវានឹងក្លាយទៅជាផ្នែកមួយនៃចរិយាបទរបស់យើងយ៉ាងច្បាស់ ។
សូមឲ្យយើងនៅថ្ងៃនេះ ជាថ្ងៃអាទិត្យធាងចាកក្រាលសម្លៀកបំពាក់នៃសេចក្ដីស្រឡាញ់ និងធាងចាកនៃសេចក្ដីសប្បុរសរបស់យើង ដោយដើរតាមគំរូរបស់ម្ចាស់នៃមេត្រីភាព នៅពេលយើងត្រៀមខ្លួនអបអរសាទរអព្ភូតហេតុនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃអាទិត្យខាងមុខនេះ ។ ក្នុងនាមជាបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ សូមឲ្យយើងប្រកាសដោយអំណរថា « ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត » ។២៧
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មនៅរស់ ហើយថាសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ បានបង្ហាញឡើងតាមរយៈដង្វាយដ៏ធួនទ្រង់ គឺបានឲ្យទៅដល់អស់អ្នកទាំងឡាយដែលចង់ដើរជាមួយនឹងទ្រង់ ហើយរីករាយនឹងភាពសុខសាន្តរបស់ទ្រង់នៅលើភពផែនដីនេះ និងនៅពិភពខាងមុខ ។ ខ្ញុំសូមថ្លែងនូវរឿងទាំងនេះនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។