សន្និសីទទូទៅ
ពេល​ដែល​ត្រូវ​ទទួល​ពរ​ជ័យ​អយ្យកោ​របស់​បងប្អូន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


10:47

ពេល​ដែល​ត្រូវ​ទទួល​ពរ​ជ័យ​អយ្យកោ​របស់​បងប្អូន

នៅ​ពេល​បងប្អូន​ទទួល​ពរ​ជ័យ នោះ​បងប្អូន​នឹង​ដឹង ព្រមទាំង​ទទួល​អារម្មណ៍​ថា​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់​បងប្អូន​និង​យកចិត្ត​ទុកដាក់​លើ​បងប្អូន​ម្នាក់ៗ​រៀងៗ​ខ្លួនប៉ុន​ណា ។

កាល​ពី​ម្សិលមិញ មិត្ត​សម្លាញ់​​ខ្ញុំ អែលឌើរ រែនដល ឃេ បិនណ្ណិត បាន​និយាយ​អំពី​ពរ​ជ័យ​អយ្យកោ ។ នោះ​គឺ​ជា​សារលិខិត​ដ៏​អស្ចារ្យ និង​បំផុស​គំនិត​ដល់​យើង​ទាំងអស់​គ្នា ។ បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ តើ​ខ្ញុំ​អាច​និយាយ​អំពី​ពរ​​ជ័យ​អយ្យកោ​ផងដែរ​បាន​ទេ ? លោក​អយ្យកោ នៅ​ពេល​ការស្នើ​សុំ​ពរ​ពី​លោកអយ្យកោ​អាច​កើន​ឡើង នោះ​ខ្ញុំ​សូម​អធិស្ឋាន​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​បងប្អូន នៅ​ពេល​ដែល​បងប្អូន​បន្ត​លើកតម្កើង​ដល់​ការហៅ​របស់​បងប្អូន ។

នៅ​ពេល​ខ្ញុំ​ចូលរួម​សន្និសីទ​ស្តេក​ម្ដងៗ ខ្ញុំ​តែង​ជួបនឹង​លោក​អយ្យកោ​ស្តេក និង​ភរិយា​​លោក ។ លោក​អយ្យកោ សុភាព​រាបសា ស្ដាប់​បង្គាប់ និង​ជា​អ្នកដឹកនាំ​ដ៏​ប្រពៃ​ដែល​ត្រូវ​បាន​ហៅពី​ព្រះ ។ ពួកលោក​ប្រាប់​ខ្ញុំ​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​ជាច្រើន ។ ខ្ញុំ​សួរ​ពួកលោក​អំពី​អាយុ​អ្នក​ដែល​ទទួល​ពរជ័យ​ដែល​ក្មេង​ជាងគេ និង​ចាស់​ជាងគេ ។ កន្លង​មក អ្នក​ក្មេង​ជាង​គេ​គឺ​អាយុ ១១ ឆ្នាំ ហើយ​ចាស់​ជាង​គេ​គឺ​អាយុ ៩៣ ឆ្នាំ ។

ខ្ញុំ​បាន​ទទួល​ពរ​អយ្យកោ​របស់​ខ្ញុំ​កាល​ជា​សមាជិក​ថ្មី​ក្នុង​សាសនាចក្រ នៅ​អាយុ ១៩ ឆ្នាំ បន្ទាប់​ពី​ខ្ញុំ​ជ្រមុជ​ទឹក​បាន​ពីរ​ឆ្នាំ ។ លោក​អយ្យកោ​​ខ្ញុំ​មាន​វ័យ​ចំណាស់​ខ្លាំង​ណាស់ ។ លោក​បាន​ចូលរួម​សាសនាចក្រ​ក្នុង​ឆ្នាំ ១៩១៦ ហើយ​លោក​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ម្នាក់​របស់​សាសនាចក្រ​ក្នុង​ប្រទេស​ជប៉ុន ។ វា​ជា​កិត្តិយស​ដ៏​ថ្លៃថ្លា​ ដែលខ្ញុំ​បាន​ទទួល​ពរជ័យ​អយ្យកោ​របស់​ខ្ញុំ​ពី​សិស្ស​ដ៏​ឧត្តម​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ពិបាក​យល់ភាសា​ជប៉ុន​របស់​លោក​បន្តិច ប៉ុន្តែ​វា​មាន​អំណាច​ខ្លាំង​ណាស់ ។

លោក​អយ្យកោ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ជួប​ប្រាប់​ខ្ញុំ​ថា សមាជិក​ភាគ​ច្រើន​ទទួល​ពរជ័៧​អយ្យកោ​របស់​ពួកគេ មុន​ពេល​ចេញ​បម្រើ​បេសកកម្ម​ ។ យុវជន យុវនារី ឪពុក​ម្ដាយ និង​ប៊ីស្សព​ជា​ទី​ស្រឡាញ់ ពរជ័យ​អយ្យកោ​គឺ​ពុំមែន​សម្រាប់​តែ​ការរៀប​ចំ​ខ្លួន​បម្រើ​បេសកកម្ម​ប៉ុណ្ណោះ​នោះ​ទេ ។ សមាជិក​ដែល​បាន​ជ្រមុជ​ទឹក មាន​ភាពស័ក្ដិសម​អាច​ទទួល​ពរជ័យ​អយ្យកោ​បាន នៅ​ពេល​វេលា​ស័ក្ដិសម​សម្រាប់​ពួកគាត់ ។

សមាជិក​មជ្ឈិមវ័យ​ជា​ទី​ស្រឡាញ់ បងប្អូន​មួយ​ចំនួន​មិន​ទាន់​បាន​ទទួល​ពរជ័យ​អយ្យកោ​នៅ​ឡើយ​ទេ ។ សូម​ចងចាំ​ថា វា​ពុំមានកំណត់​អាយុ​នោះ​ទេ ។

​ម្ដាយ​ក្មេក​ខ្ញុំ​ជា​សមាជិក​ដ៏​សកម្ម​ម្នាក់​ក្នុង​សាសនាចក្រ ហើយបាន​បម្រើ​ជា​គ្រូបង្រៀន​ក្នុង​ថ្នាក់​សមាគម​សង្គ្រោះ​រហូត​ដល់​គាត់​ទទួល​មរណភាព​ក្នុង​វ័យ ៩១ ឆ្នាំ ។ ខ្ញុំ​សោកស្ដាយ​ណាស់ពេល​ដឹង​ថា គាត់​មិន​បាន​ទទួល​ពរ​ជ័យ​អយ្យកោ ។ គាត់​បាន​ជួប​នឹង​ការលំបាក​ជាច្រើន​ក្នុង​ជីវិត ហើយ​គាត់​ពុំទទួលបាន​ពរជ័យ​បព្វជិតភាពច្រើនទេ ព្រោះ​គាត់​គ្មាន​អ្នក​កាន់​បព្វជិតភាព​នៅក្នុង​ផ្ទះ ។ ពរ​ជ័យអយ្យកោ​អាច​ផ្ដល់​ការលួងលោម​ចិត្ត​ដល់​គាត់​ពេល​គាត់​ត្រូវ​ការ​វាខ្លាំង​បំផុត ។

មជ្ឈិមវ័យ​ទាំងឡាយ​អើយ បើ​បងប្អូន​មិន​ទាន់បាន​ទទួល​ពរជ័យ​អយ្យកោ​នៅ​ឡើយ​ទេ សូម​កុំ​បារម្ភ​អី ! ពេលវេលា​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុសៗ​គ្នា ។ បើ​បងប្អូន​មាន​អាយុ ៣៥ ឆ្នាំ ឬ ៨៥ ឆ្នាំ ហើយ​មាន​បំណង​ប្រាថ្នា​ដើម្បី​ទទួល​ពរ​ជ័យ​អយ្យកោ សូម​និយាយ​ជាមួយ​ប៊ីស្សព​របស់​បងប្អូន ។

បងប្អូន​សមាជិក​ថ្មី​នៃ​សាសនាចក្រ តើ​បងប្អូន​ធ្លាប់​ឮ​អំពី​ពរ​ជ័យ​អយ្យកោ​ដែរ​ឬ​ទេ ? ខ្ញុំ​មិនបាន​ដឹង​អំពី​រឿង​នេះ​ទេ ពេល​ខ្ញុំ​ចូល​ជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​ប៊ីស្សព​ជាទី​ស្រឡាញ់​​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី​ពរជ័យ​អយ្យកោ ហើយ​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពរជ័យ​របស់​ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ បងប្អូន​សមាជិក​ថ្មី​ជា​ទី​ស្រឡាញ់ បងប្អូន​ក៏​អាច​ទទួល​ពរជ័យ​អយ្យកោ​បាន​ផងដែរ ។ ព្រះអម្ចាស់​នឹង​ជួយ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ឱកាស​ដ៏​ពិសិដ្ឋ​នេះ ។

ចូរ​យើង​ពិចារណា​អំពី​គោលបំណង​ពីរ​សម្រាប់​ពរជ័យអយ្យកោ ៖

  1. ពរជ័យ​អយ្យកោ​ផ្តល់​ការប្រឹក្សា​ផ្ទាល់ខ្លួន​មកពី​ព្រះអម្ចាស់​ទៅ​កាន់​បងប្អូន ។

  2. ពរជ័យអយ្យកោ​ប្រាប់​អំពី​ខ្សែស្រឡាយ​របស់​បងប្អូន​នៅ​ក្នុង​វង្ស​អ៊ីស្រាអែល ។

ពរជ័យ​អយ្យកោ​បងប្អូន ជា​សារលិខិត​មក​ពី​ព្រះវរបិតាសួគ៌ ហើយ​​សេចក្ដី​សន្យា និង​ការប្រឹក្សា​ដ៏​បំផុស​គំនិត​នានាដែល​មាន​នៅក្នុង​នោះ​ជួយដឹកនាំ​បងប្អូន​ពេញ​មួយ​ជីវិត​ ។ ពរ​ជ័យ​អយ្យកោ​មិន​កំណត់​ទិសដៅ​ជីវិត​ឬ​ឆ្លើយតប​រាល់​សំណួរ​ទាំងអស់​របស់​បងប្អូន​នោះ​ទេ ។ បើ​ពរ​ជ័យអយ្យកោ​មិន​ប្រាប់​អំពី​ព្រឹត្តិការណ៍​ជីវិត​ដ៏​សំខាន់​ទេ សូម​កុំ​កាត់​យល់​ថា បងប្អូន​នឹង​គ្មាន​ឱកាស​នោះ​ឡើយ ។ ដូច​គ្នា​នោះ​ដែរ អ្វីៗ​ដែល​មាន​ក្នុង​ពរជ័យ​អយ្យកោ​ គ្មាន​ការធានា​អះអាង​​ថាវានឹង​កើត​ឡើង​ក្នុង​ជីវិត​របស់​បងប្អូន​នោះ​ទេ ។ ពរ​ជ័យ​អយ្យកោ​គឺ​អស់កល្ប ហើយ​​បើ​បងប្អូន​រស់នៅ​ដោយ​ភាពស័ក្ដិសម នោះ​សេចក្ដី​សន្យា​នានា​ដែល​មិនបាន​បំពេញ​ក្នុង​ជីវិត​នេះ នឹង​កើត​មាន​នៅ​ក្នុង​ជីវិត​ខាង​មុខ ។

នៅ​ពេល​បងប្អូន​ទទួល​ការប្រាប់​អំពី​ខ្សែ​ស្រឡាយ​ខ្លួន នោះបងប្អូន​នឹង​ដឹង​ថា បងប្អូន​នៅក្នុង​វង្ស​អ៊ីស្រាអែល និង​ជា​ពូជ​នៃ​លោក​អ័ប្រាហាំ ។ ដើម្បី​យល់ពី​សារៈសំខាន់​នៃ​ការណ៍​នេះ សូម​ផ្ដោត​យក​ចិត្ត​ទុកដាក់​ទៅលើ​សេចក្ដី​សន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល​ តាមរយៈ​លោក​អ័ប្រាហាំ ។

សេចក្ដី​សន្យា​ទាំងនោះ​រួមមាន ៖

  • « ពូជពង្ស​របស់​លោក​នឹង​ត្រូវ​ចម្រើន​ច្រើន​ឡើង ( សូម​មើល លោកុប្បត្តិ ១៧:៥–៦; អ័ប្រាហាំ ២:៩; ៣:១៤ ) ។

  • « ពូជ​របស់​លោក ឬ​កូនចៅ​របស់​លោក​នឹង​ទទួល​ដំណឹងល្អ ហើយ​នឹង​កាន់​បព្វជិតភាព ( សូម​មើល អ័ប្រាហាំ ២:៩ ) ។

  • « តាមរយៈ​ការងារ​បម្រើ​នៃ​ពូជ​របស់​លោក នោះ ‹ អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី [ នឹង ] បាន​ពរ គឺ​ដោយ​ព្រះពរ​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​ជា​ព្រះពរ​ទាំងឡាយ​ខាង​សេចក្ដីសង្គ្រោះ គឺ​ខាង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច › ( អ័ប្រាហាំ ២:១១ )​

ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ទាំងអស់គ្នា​គឺជា​កូនចៅ​ក្នុង​សេចក្ដី​សញ្ញា ។ យើង​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ នៅពេល​យើង​រស់​នៅ​តាម​ក្រឹត្យវិន័យ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ។

ការរៀបចំ​ខ្លួន​សម្រាប់​ពរ​ជ័យ​អយ្យកោ​នឹង​ជួយ​បងប្អូន​ឲ្យ​បង្កើន​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​នៅ​ពេល​បងប្អូន​ទទួល​បាន​ពរជ័យ​អយ្យកោ​របស់​បងប្អូន ហើយ​អាន និង​ពិចារណា​អំពី​ពរជ័យ​នោះ បងប្អូន​នឹង​ផ្ដោត​ទៅលើ​ទ្រង់​ទាំងទ្វេ​កាន់តែ​ញឹកញាប់​ជាង​មុន ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ពន្យល់​ថា « ព្រះអម្ចាស់​ដដែល​នោះ ​ដែល​បាន​ប្រទាន​លីអាហូណា​ទៅ​ឲ្យ​លីហៃ ក៏​ប្រទាន​ឲ្យ​បងប្អូន និង​ខ្ញុំ​នៅ​សព្វថ្ងៃ​នេះ​នូវ​អំណោយ​ដ៏​កម្រ និង​មាន​តម្លៃ​មួយ ដើម្បី​ផ្តល់​ការណែនាំ​ដល់​ជីវិត​របស់​យើង ប្រាប់ពី​គ្រោះថ្នាក់ ដើម្បី​សុវត្ថិភាព​របស់​យើង និង​គូស​ផែនទី ជា​ផ្លូវ​ដែល​មាន​សុវត្ថិភាព—ពុំ​មែន​ទៅ​រក​ដែនដី​សន្យា​នោះ​ទេ ប៉ុន្តែ​ទៅ​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​យើង​វិញ » ។

ប៊ីស្សព ឪពុក​ម្ដាយ ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ អ្នក​ដឹកនាំ​បេសកកម្ម​វួដ បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ជាទី​ស្រឡាញ់​ សូម​លើក​ទឹកចិត្ត​យុវជន និង​យុវនារី សមាជិក​មជ្ឈិមវ័យ និង​សមាជិក​ថ្មី​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ទទួល​ពរជួយ​អយ្យកោ​របស់​ពួកគេ ឲ្យ​ស្វែងរក​ការដឹកនាំ​របស់​ព្រះអម្ចាស់ និង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពរ​នោះ ។

ខ្ញុំ​អាន​ពរជ័យ​អយ្យកោ​របស់​ខ្ញុំ​ជា​ញឹកញាប់ និង​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​វា​តែងតែ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ការលើក​ទឹកចិត្ត ។ ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ចង់​បាន​ពី​ខ្ញុំ ហើយ​វា​ជួយ​ខ្ញុំ​ឲ្យ​ប្រែចិត្ត និង​បន្ទាប​ខ្លួន ។ នៅពេល​ខ្ញុំ​អាន និង​ពិចារណា​អំពី​ពរ​ជ័យអយ្យកោ នោះ​ខ្ញុំ​ប្រាថ្នា​ចង់​រស់នៅ​ដោយ​ភាពស័ក្ដិសម​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំងនោះ ។

វា​ដូច​ជា​បទគម្ពីរ​ដែល​យើង​បាន​អាន​ច្រើន​ដង​មាន​អត្ថន័យ​ថ្មី​ៗសម្រាប់​យើង​នៅពេល​ក្រោយ​ នោះពរ​ជ័យ​អយ្យកោ​របស់​យើង​នឹង​មាន​អត្ថន័យ​ផ្សេង​សម្រាប់​យើង​នៅ​ពេល​ផ្សេងៗ​គ្នា ។ ពរជ័យ​អយ្យកោ​របស់​ខ្ញុំ​ពេលនេះ​មាន​អត្ថន័យ​ផ្សេង​ខុសពី​ពេល​ដែល​ខ្ញុំ​មាន​អាយុ ៣០ ឆ្នាំ និង​ពេល​ខ្ញុំ​មាន​អាយុ ៥០ ឆ្នាំ ។ ពាក្យពេចន៍​ទាំងនោះ​មិន​ផ្លាស់ប្ដូរ​ទេ ប៉ុន្តែ​យើង​យល់​វា​ក្នុង​របៀប​ផ្សេង ។

ប្រធាន ដាល្លិន អេក អូក បាន​ប្រកាស​ថា ពរ​ជ័យអយ្យកោ « គឺ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រោម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​គួរ​តែ​ត្រូវ​បាន​អាន និង​បកស្រាយ​នៅក្រោម​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​ដដែល​នោះ ។ អត្ថន័យ និង​សារៈសំខាន់​នៃ​ពរ​ជ័យអយ្យកោ​នឹង​ត្រូវ​បាន​បង្រៀន​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​ដូចដែល​បាន​បំផុស​គំនិត [ ដល់​ពរជ័យ​នោះ ] មួយ​បន្ទាត់ម្ដងៗ​ទៅ​តាម​ពេលវេលា » ។

បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ព្រះវរបិតាសួគ៌ និង​បុត្រា​ដ៏​ស្ងួនភ្ងា ដែលជា​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​យើង ។ ពរ​ជ័យអយ្យកោ​គឺជា​អំណោយ​ដ៏​ពិសិដ្ឋ​មក​ពី​ទ្រង់​ទាំងទ្វេ ។ នៅពេល​បងប្អូន​ទទួល​ពរ​ជ័យ នោះ​បងប្អូន​នឹង​ដឹង ព្រមទាំង​ទទួល​អារម្មណ៍​ថា ទ្រង់​ទាំងទ្វេ​ស្រឡាញ់​បងប្អូន​ និង​យកចិត្ត​ទុកដាក់​លើ​បងប្អូន​ម្នាក់ៗ​រៀងៗ​ខ្លួនប៉ុន​ណា ។

ព្រះគម្ពីរ​មរមន​គឺជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ខ្ញុំ​មាន​អំណរគុណ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការី​ដែល​នៅរស់ គឺ​ប្រធាន រ័សុល អិម ណិលសុន ។

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះអង្គសង្គ្រោះ​​យើង​ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​នឹង​ផ្ដោត​ទៅ​លើ​ទ្រង់ និង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ហើយ​ថ្វាយ​បង្គំ​ទ្រង់ និង​ថ្វាយ​អំណរគុណ​សម្រាប់​ពលិកម្ម​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​បាន​រងទុក្ខ​ដ៏​ក្រៃលែង ព្រោះទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ ។ ខ្ញុំ​ដឹង​ថា ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រោះ​តែ​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​មាន​សម្រាប់​យើង ។ ទ្រង់​ពិត​ជា​មាន​មែន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​យ៉ាង​ដូច្នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល ក្បូនខ្នាតទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ,​១៨.១៧, នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  2. សូមមើល « ពរ​របស់​លោក​អយ្យកោ » នៅក្នុង ពិត​ចំពោះ​សេចក្ដី​ជំនឿឆ្នាំ ២០០៤ ) ទំព័រ ១១២ ។

  3. សូមមើល « ពរ​របស់​លោក​អយ្យកោ » នៅក្នុង ពិត​ចំពោះ​សេចក្ដី​ជំនឿទំព័រ ១១៣ ។

  4. សូមមើល អ័ប្រាហាំ ២:១០ ។

  5. « សេចក្ដី​សញ្ញា​អ័ប្រាហាំ » ពិត​ចំពោះ​សេចក្ដី​ជំនឿទំព័រ ៥ ។

  6. សូមមើល នីហ្វៃ​ទី​៣ ២០:២៥–២៦ ។

  7. ថូម៉ាស អេស ម៉នសុន « Your Patriarchal Blessing: A Liahona of LightEnsignខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦៥ ។

  8. ដាល្លិន អេក អូក « Patriarchal Blessings » Worldwide Leadership Training Meeting: The Patriarch ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០០៥ ទំព័រ ១០ ។