ហូសាណាដល់ព្រះដ៏ខ្ពស់បំផុត
ការយាងចូលក្រុងយេរូសាឡិមដោយជ័យជំនះរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រឹត្តិការណ៍ទាំងឡាយនៃសប្ដាហ៍បន្ទាប់នោះ គឺជាគោលលទ្ធិគំរូដែលយើងអាចអនុវត្តក្នុងជីវិតនាពេលបច្ចុប្បន្ននេះ ។
ដូចបាននិយាយមកហើយថា ថ្ងៃនេះ ពួកយើងចូលរួមនឹងពួកគ្រីស្ទាននៅជុំវិញពិភពលោក ដើម្បីគោរពដល់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃអាទិត្យធាងចាកនេះ ។ ជិត២០០០ឆ្នាំទៅហើយ ថ្ងៃអាទិត្យធាងចាកបានគូសចំណាំថាជាការចាប់ផ្តើមនៃសប្តាហ៍ចុងក្រោយនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាសប្តាហ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។
អ្វីដែលបានចាប់ផ្ដើមជាមួយនឹងការប្រកាសអំពីព្រះយេស៊ូវថាជា ព្រះមេស៊ីដែលបានសន្យាយាងចូលទៅក្នុងក្រុងយេរូសាឡិមដោយជ័យជំនះ ត្រូវបានបញ្ចប់ជាមួយនឹងការឆ្កាង និងការរស់ឡើងវិញរបស់ទ្រង់ ។១ តាមការរៀបចំដ៏ទេវភាព ពលិកម្មដ៏ធួនរបស់ទ្រង់បានបញ្ចប់ការបម្រើនៃជីវិតរមែងស្លាប់របស់ទ្រង់ ដែលធ្វើឲ្យយើងអាចរស់នៅជាមួយព្រះវរបិតាសួគ៌យើងអស់កល្បជានិច្ច ។
ព្រះគម្ពីរប្រាប់យើងថា សប្តាហ៍នោះបានចាប់ផ្ដើម ដោយមានហ្វូងមនុស្សឈរនៅមាត់ទ្វារក្រុងចាំមើល « ហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ » ។២ ពួកគេ « យកធាងចាកចេញទៅទទួលទ្រង់ ទាំងស្រែកថា ហូសាណា ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ » ។៣
ដំណើររឿងព្រះគម្ពីរប៊ីបជាយូរលង់នោះ រំឭកខ្ញុំអំពីការទៅធ្វើកិច្ចការសាសនាចក្រមួយនៅ តាកូរ៉ាឌី ប្រទេសហ្គាណា ។ វាអស្ចារ្យណាស់ ខ្ញុំបាននៅទីនោះចំថ្ងៃអាទិត្យធាងចាក ។
ខ្ញុំត្រូវបំបែកស្តេក តាកូរ៉ាឌី ហ្គាណា ដើម្បីបង្កើតជាស្តេក អិមភីតសីន ហ្គាណា ។ សព្វថ្ងៃនេះ មានសមាជិកជាង១០០,០០០ នាក់ នៅប្រទេស ហ្គាណា ។៤ ( យើងសូមស្វាគមន៍ Ga Mantse ព្រះចៅអធិរាជ Nii Tackie Teiko Tsuru II ( នី តាគី ថេកូ ស៉ូរ៉ូ ) នៃទីក្រុង អាក្រា ប្រទេស ហ្គាណា ដែលគង់នៅជាមួយយើងនៅថ្ងៃនេះ ) ។ ពេលជួបប្រជុំជាមួយនឹងពួកបរិសុទ្ធទាំងនេះ ខ្ញុំដឹងពីសេចក្ដីស្រឡាញ់ និងការលះបង់ដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះព្រះអម្ចាស់ ។ ខ្ញុំបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះពួកគេ ហើយថាប្រធានសាសនាចក្រស្រឡាញ់ពួកគេផងដែរ ។ ខ្ញុំយោងទៅព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះដែលបានកត់ត្រាទុកដោយ យ៉ូហានថា ៖ « ឲ្យស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ។5 ពួកគេបានចាត់ទុកវាថា « សេចក្តីស្រឡាញ់នៅក្នុងសន្និសីទ » ។6
ពេលខ្ញុំមើលទៅបងប្អូនប្រុសស្រីជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់ពួកគេអង្គុយនៅក្នុងព្រះវិហារនោះតាមជួរ ខ្ញុំអាចមើលឃើញទឹកមុខរបស់ពួកគេមាននូវពន្លឺនៃទីបន្ទាល់ និងសេចក្ដីជំនឿដ៏ខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំយល់ពីបំណងប្រាថ្នាពួកគេ ដែលចង់ក្លាយទៅជាផ្នែកមួយនៃសាសនាចក្រដ៏ធំរបស់ទ្រង់នៅលើពិភពលោកនេះ ។ ហើយពេលក្រុមចម្រៀងច្រៀង ពួកគេច្រៀងដូចជាទេវតាដូច្នោះដែរ ។
ដូចជាថ្ងៃអាទិត្យធាងចាកពីបុរាណដែរ អ្នកទាំងនេះគឺជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានប្រមូលផ្តុំគ្នា សងសគុណដល់ទ្រង់ដូចជាអ្នកទាំងឡាយដែលនៅមាត់ទ្វារនៅឯក្រុងយេរូសាឡិមផងដែរ ដែលមានធាងចាកនៅក្នុងដៃស្រែកឡើងថា « ហូសាណា … ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ » ។៧
សូម្បីតែសមាជិកនៅក្នុងព្រះវិហារមួយនៅក្បែរនោះ ក៏គោរពដល់ថ្ងៃអាទិត្យធាងចាកនេះដែរ ។ នៅពេលខ្ញុំកំពុងនិយាយលើវេទិកា ខ្ញុំបានមើលតាមបង្អួចឃើញថា ពួកគេកំពុងដើរតាមផ្លូវ ដៃគ្រវីធាងចាកដោយអំណរ ដូចគ្នាទៅនឹងអ្នកដែលនៅក្នុងរូបថតនេះអ៊ីចឹងដែរ ។ វាជាទិដ្ឋភាពមួយដែលខ្ញុំនឹងមិនអាចបំភ្លេចបាន យើងទាំងអស់គ្នា—នៅថ្ងៃនោះថ្វាយបង្គំស្តេចលើអស់ទាំងស្តេច ។
ប្រធាន រ័សុល អិម ណិលសុន បានដាស់តឿនយើងឲ្យធ្វើឲ្យថ្ងៃអាទិត្យធាងចាក « ជាការចងចាំដ៏បរិសុទ្ធពិត វាពុំមែនគ្រាន់តែជាធាងចាកដែលពួកគេគ្រវីដើម្បីគោរពដល់ការយាងចូលក្រុងយេរូសាឡិមរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែជាការចងចាំពីបាតព្រះហស្តរបស់ទ្រង់ផងដែរ » ។ បន្ទាប់មកប្រធាន ណិលសុន បានយោងទៅ អេសាយ ដែលជាអ្នក និយាយអំពីការសន្យារបស់ព្រះអង្គសង្គ្រោះថា « ‹ យើងមិនដែលភ្លេចឯងឡើយ › ជាមួយពាក្យទាំងនេះថា ‹ មើលយើងបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់យើងហើយ » ។៨
ព្រះអម្ចាស់ទ្រង់ជ្រៀបដឹងដោយផ្ទាល់ថា ជីវិតរមែងស្លាប់គឺពិបាកណាស់ ។ របួសរបស់ទ្រង់រំឭកយើងថាទ្រង់ « យាងចុះទាបជាង … ការណ៍ទាំងនោះទៅទៀត »៩ ថាទ្រង់អាចជួយយើង នៅពេលយើងរងទុក្ខ ហើយធ្វើជាគំរូយើងដើម្បី « កាន់ខ្ជាប់ »១០ ផ្លូវរបស់ទ្រង់ ដែល « ព្រះទ្រង់នឹងគង់នៅជាមួយ [ យើង ] ជារៀងដរាបតទៅ » ។១១
ថ្ងៃអាទិត្យធាងចាក ពុំគ្រាន់តែជាព្រឹត្តិការណ៍មួយ ឬទំព័រប្រវត្តិសាស្ត្រមួយទៀត ដែលមានកាលបរិច្ឆេទ ពេលវេលា និងកន្លែងប៉ុណ្ណោះទេ ។ ការយាងចូលក្រុងយេរូសាឡិមដោយជ័យជំនះរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រឹត្តិការណ៍ទាំងឡាយនៃសប្ដាហ៍បន្ទាប់នោះ គឺជាគោលលទ្ធិគំរូដែលយើងអាចអនុវត្តក្នុងជីវិតនាពេលបច្ចុប្បន្ននេះ ។
សូមឲ្យយើងមើលទៅលើគោលលទ្ធិដ៏អស់កល្បមួយចំនួនដែលវេញបញ្ចូលគ្នាតាមរយៈការបម្រើរបស់ទ្រង់ រួចបានបញ្ចប់នៅក្រុងយេរូសាឡិម ។
ទី១ ការព្យាករ ។ ឧទាហរណ៍ ព្យាការី សាការី នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានព្យាករអំពីការយាងចូលក្រុងយេរូសាឡិមដោយជ័យជំនះរបស់ព្រះយេស៊ូវគ្រីស្ទ ថែមទាំងបានរៀបរាប់ថា ទ្រង់នឹងជិះលើសត្វលាទៀតផង ។១២ ព្រះយេស៊ូវបានព្យាករអំពីការរស់ឡើងវិញរបស់ទ្រង់ នៅពេលទ្រង់ត្រៀមយាងចូលទៅក្នុងក្រុងដោយមានបន្ទូលថា
« មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ និងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត
រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ៖ ក្រោយ ៣ ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ » ។១៣
ទី២ ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « គ្មានអ្នកណាអាចដឹងថាព្រះយេស៊ូវជាព្រះអម្ចាស់ទេ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ » ។១៤ ព្រះអង្គសង្គ្រោះបានសន្យាទៅដល់សិស្សរបស់ព្រះអង្គ១៥ នៅអាហារយប់ចុងក្រោយ១៦ ក្នុងបន្ទប់ខាងលើថា១៧ « ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ » ។១៨ ពួកគេនឹងមិនយកសេចក្ដីពិតនៃដំណឹងល្អទៅតែម្នាក់ឯងនោះទេ ប៉ុន្តែនឹងមានអំណោយដ៏ធំបំផុតនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំដល់ពួកគេ ។ ទ្រង់បានសន្យាថា « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ » ។១៩ ជាមួយនឹងអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ យើងមានការធានាដូចគ្នានោះផងដែរថា យើង « អាចបានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹង [ យើង ] ជាដរាប »២០ហើយ « ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធនោះ [ យើង ] អាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។២១
ទី៣ ភាពជាសិស្ស ជាដំបូង និងសំខាន់បំផុត ភាពជាសិស្សពិត គឺជាការតាំងចិត្តដែលមិនរាថយ គោរពប្រតិបត្តិចំពោះក្រិត្យវិន័យដ៏អស់កល្បជានិច្ច និងសេចក្តីស្រឡាញ់ចំពោះព្រះ ។ ឥតសង្ស័យអ្វីសោះឡើយ ។ ហ្វូងមនុស្សដែលគោរពជាមួយនឹងធាងចាក បានសរសើរដល់ទ្រង់ថាជាព្រះមេស៊ី ។ នោះគឺជាទ្រង់ពិត ។ ពួកគេត្រូវបានទាក់ទាញឲ្យមករកទ្រង់ អព្ភូតហេតុរបស់ទ្រង់ និងការបង្រៀនរបស់ទ្រង់ ។ ប៉ុន្តែការសរសើររបស់មនុស្សភាគច្រើនមិនបានស្ថិតស្ថេរនោះទេ ។ អ្នកខ្លះដែលធ្លាប់បានស្រែកថា « ហូសាណា »២២មិនយូរប៉ុន្មានក៏បែរជាស្រែកថា « ចូរឆ្កាងវាទៅ » ។២៣
ទី៤ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។២៤ នៅថ្ងៃចុងក្រោយរបស់ទ្រង់ បន្ទាប់ពីថ្ងៃអាទិត្យធាងចាក ទ្រង់បានធ្វើដង្វាយដ៏អស្ចារ្យ ដោយផ្តើមពីការឈឺចាប់នៅសួនច្បារគែតសេម៉ានី រហូតដល់ការកាត់ក្តីដ៏អយុត្តិធម៌ ការធ្វើទារុណកម្មនៅលើឈើឆ្កាង និងការបញ្ចុះសពទ្រង់នៅក្នុងផ្នូរដែលបានខ្ចីគេមួយ ។ ប៉ុន្តែការណ៍នោះ ពុំបានបញ្ចប់នៅត្រឹមនោះឡើយ ។ ដោយតួនាទីដ៏អស្ចារ្យរបស់ទ្រង់ដែលជាព្រះប្រោសលោះនៃបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ បីថ្ងៃក្រោយមក ទ្រង់បានយាងចេញពីផ្នូរ ទ្រង់បានមានព្រះជន្មរស់ឡើងវិញ២៥ដូចដែលទ្រង់បានព្យាករ ។
តើយើងនៅបន្តមានអំណរគុណចំពោះដង្វាយធួន ដែលមិនអាចប្រៀបផ្ទឹមបានរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? តើយើងទទួលអារម្មណ៍នៃថាមពលបន្សុទ្ធ នាពេលនេះដែរឬទេ ? នេះហើយជាមូលហេតុដែលព្រះយេស៊ូវគ្រីស្ទជាមេផ្តើម ហើយជាមេសម្រេចនៃសេចក្ដីសង្គ្រោះ ដែលបានយាងចូលក្រុងយេរូសាឡិម ដើម្បីសង្គ្រោះយើងទាំងអស់គ្នា ។ តើពាក្យទាំងនេះនៅក្នុងគម្ពីរ អាលម៉ា ពញ្ញាក់អារម្មណ៍យើងដែរឬទេថា ៖ « បើសិនជាអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្តូរនៅក្នុងដួងចិត្តអ្នក ហើយបើសិនជាអ្នករាល់គ្នាចាប់អារម្មណ៍ចង់ច្រៀងនូវចម្រៀងនៃសេចក្តីស្រឡាញ់ដែលប្រោសលោះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាអាចចាប់អារម្មណ៍យ៉ាងនេះឥឡូវនេះទេ ? »២៦ ខ្ញុំពិតជាអាចនិយាយថា ក្រុមចម្រៀងនៅ តាកូរ៉ាឌី នៅក្នុងថ្ងៃអាទិត្យធាងចាកនោះ បានច្រៀង « ចម្រៀងនៃសេចក្តីស្រឡាញ់ដែលប្រោសលោះ » ។
សប្តាហ៍ចុងក្រោយដ៏សំខាន់បំផុតនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានប្រាប់នូវរឿងប្រៀបប្រដូចមួយអំពីស្រីព្រហ្មចារីដប់នាក់ ។២៧ ទ្រង់បានបង្រៀនអំពីការយាងត្រឡប់មកវិញរបស់ទ្រង់ ទៅជួបអ្នកដែលបានត្រៀមខ្លួនដើម្បីទទួលទ្រង់ ពុំមានធាងចាកនៅក្នុងដៃពួកគេទេ ប៉ុន្តែមានពន្លឺនៃដំណឹងល្អនៅនឹងពួកគេវិញ ។ ទ្រង់បានប្រើរូបភាពនៃចង្កៀងបំភ្លឺ និងចង្កៀងឆេះ ដោយមានប្រេងបន្ថែម ធ្វើឲ្យមានអណ្ដាតភ្លើង ជាការពិពណ៌នាអំពីឆន្ទៈដើម្បីរស់នៅតាមរបៀបរបស់ទ្រង់ សេចក្ដីពិតរបស់ទ្រង់ និងចែករំលែកពន្លឺរបស់ទ្រង់ ។
បងប្អូនដឹងពីរឿងនោះហើយ ។ ស្រីព្រហ្មចារីទាំងដប់នាក់តំណាងឲ្យសមាជិកនៃសាសនាចក្រ ហើយកូនកំលោះតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ។
ស្រីព្រហ្មចារីទាំងដប់នាក់បានយកចង្កៀងរបស់ខ្លួន ហើយ « ចេញទៅទទួលប្តីថ្មោងថ្មី »។២៨ ស្រីប្រាំនាក់ឆ្លាតវៃ បានរៀបចំប្រេងនៅក្នុងចង្កៀង ហើយមានប្រេងខ្លះបម្រុងទុកផង ហើយស្រីប្រាំនាក់ទៀត ល្ងង់ខ្លៅ ចង្កៀងរលត់ដោយគ្មានប្រេងបម្រុងទុក ។ នៅពេលការហៅមកដល់ « នែ ប្តីមកហើយ ចូរចេញទៅទទួលចុះ »២៩ស្រីប្រាំនាក់ដែល « មានប្រាជ្ញា [ បាន ] ទទួលសេចក្ដីពិត ហើយ [ បាន ] ទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន »៣០បានត្រៀមខ្លួនជាស្រេចសម្រាប់ « ស្ដេច និងអ្នកតែងច្បាប់នៃពួកគេ៣១ដែល « សិរីល្អរបស់ទ្រង់ [ នឹង ] ស្ថិតនៅលើពួកគេ » ។៣២ ចំណែកស្រីប្រាំនាក់ផ្សេងទៀត កំពុងព្យាយាមដើររកប្រេងយ៉ាងស្លន់ស្លោ ។ ប៉ុន្តែវាយឺតពេលទៅហើយ ។ ក្បួនដង្ហែបានបន្តទៅមុខដោយគ្មានពួកគេ ។ នៅពេលដែលពួកគេគោះទ្វា អង្វរសុំចូល ព្រះអម្ចាស់បានតបថា « ខ្ញុំមិនស្គាល់នាងទេ » ។៣៣
តើយើងនឹងមានអារម្មណ៍យ៉ាងណា បើទ្រង់មានបន្ទូលមកកាន់យើងថា « ខ្ញុំមិនស្គាល់បងប្អូនទេ ! »
យើងទាំងអស់គ្នា ដូចជាស្រីព្រហ្មចារីទាំងដប់នាក់អ៊ីចឹង មានចង្កៀង ប៉ុន្តែតើយើងមានប្រេងដែរឬទេ ? ខ្ញុំភ័យខ្លាចថា មានមនុស្សខ្លះមានប្រេងតិចតួច ព្រោះរវល់តែនឹងសម្ពាធនៃពិភពលោក មិនបានត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ។ ប្រេងបានមកពីការជឿ និងការធ្វើសកម្មភាពទៅលើការព្យាករ និងពាក្យសម្ដីរបស់ព្យាការីដែលនៅរស់ ជាពិសេសប្រធាន ណិលសុន ទីប្រឹក្សារបស់លោក និងពួកសាវកទាំងដប់ពីរនាក់ ។ ប្រេងបំពេញព្រលឹងយើង នៅពេលយើងឮ ហើយមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើសកម្មភាពតាមការណែនាំដ៏ទេវភាពនោះ ។ ប្រេងចាក់ចូលទៅក្នុងដួងចិត្តយើង នៅពេលជម្រើសរបស់យើង បង្ហាញថាយើងស្រឡាញ់ព្រះអម្ចាស់ ហើយយើងស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ ។ ប្រេងបានមកពីការប្រែចិត្ត និងការស្វែងរកការព្យាបាលពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
បើបងប្អូនមួយចំនួនកំពុងស្វែងរកអ្វីដែលអ្នកខ្លះហៅថា « ធុងបញ្ជី » នេះគឺជាអ្វីដែលបងប្អូនត្រូវ ៖ បំពេញធុងបងប្អូនដោយប្រេង តាមទម្រង់នៃទឹករស់របស់ព្រះយេស៊ូវគ្រីស្ទ៣៤ដែលជាតំណាងឲ្យជីវិត និងការបង្រៀនរបស់ទ្រង់ ។ ផ្ទុយទៅវិញ នៅពេលបងប្អូនធ្វើតាមព្រឹត្តការណ៍ ឬកន្លែងមួយ នោះវានឹងមិនបំពេញព្រលឹង ឬធ្វើឲ្យបងប្អូនស្កប់ចិត្តឡើយ តែការរស់នៅតាមគោលលទ្ធិដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀន នឹងបានបំពេញជាបរិបូរណ៍ ។ ខ្ញុំបានលើកឡើងនូវគំរូទាំងឡាយនៃគោលលទ្ធិទាំងនោះមុននេះរួចហើយ ៖ ទទួលយកការព្យាករ និងការបង្រៀនរបស់ព្យាការី ធ្វើសកម្មភាពតាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ក្លាយជាសិស្សដ៏ពិត ហើយស្វែងរកអំណាចនៃការព្យាបាលមកពីដង្វាយធួនរបស់ព្រះអម្ចាស់នៃយើង ។ ធុងបញ្ជីនោះ នឹងនាំបងប្អូនទៅកន្លែងណាមួយ ដែលបងប្អូនចង់ទៅ—ត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។
ថ្ងៃអាទិត្យធាងចាកនៅ តាកូរ៉ាឌី គឺជាបទពិសោធន៍ដ៏ពិសេសមួយសម្រាប់ខ្ញុំ ព្រោះខ្ញុំបានចែកចាយវាជាមួយបងប្អូនប្រុសស្រីក្នុងក្រុមជំនុំដ៏ស្មោះត្រង់ ។ មានស្ថានភាពស្រដៀងគ្នាជាច្រើននៅលើទ្វីប និងកោះនានាជុំវិញពិភពលោក ។ ដួងចិត្ត និងព្រលឹងខ្ញុំ ក៏ដូចជាបងប្អូនទាំងអស់គ្នាដែរ ចង់ស្រែកថា « ហូសាណាដល់ព្រះដ៏ខ្ពស់បំផុត » ។៣៥
ទោះបីជាយើងមិនបានឈរនៅមាត់ទ្វារទីក្រុងយេរូសាឡិមនាថ្ងៃនេះ ដោយមានធាងចាកនៅក្នុងដៃក្ដី ពេលវេលានឹងមកដល់ ដូចបានព្យាករនៅក្នុងគម្ពីរវិវរណៈថា « មនុស្ស ១ ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា [ នឹងឈរ ] នៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ » ។៣៦
ខ្ញុំសូមជូនពរដល់បងប្អូនក្នុងនាមជាសាវករបស់ព្រះយេស៊ូវគ្រីស្ទថា បងប្អូននឹងខិតខំយ៉ាងឧស្សាហ៍ដើម្បីរស់នៅដោយសុចរិត ហើយស្ថិតនៅក្នុងចំណោមអ្នកដែលមានធាងចាកនៅក្នុងដៃ ដែលនឹងប្រកាសពីព្រះបុត្រានៃព្រះ ដែលជាព្រះប្រោសលោះដ៏អស្ចារ្យរបស់យើងទាំងអស់គ្នា ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕