ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់ឪពុកម្ដាយ
សូមជួយឲ្យកូនៗរបស់បងប្អូនស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់ដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់ និង ត្រៀមខ្លួនសម្រាប់ជម្រើសដ៏សុចរិតពេញមួយជីវិត ។
កាលពីយូរលង់មកហើយ ឪពុកម្នាក់ហៀបនឹងចេញទៅប្រជុំគណៈប៊ីស្សពនាល្ងាចមួយ ។ កូនស្រីអាយុបួនឆ្នាំរបស់គាត់បានឈរនៅមុខគាត់ ដោយពាក់ឈុតគេង និងកាន់សៀវភៅ ដំណើររឿងព្រះគម្ពីរមរមន មួយក្បាល ។
នាងបានសួរថា « ហេតុអ្វីប៉ាត្រូវទៅប្រជុំ ? »
គាត់បានឆ្លើយថា « ព្រោះប៉ាគឺជាទីប្រឹក្សានៅក្នុងគណៈប៊ីស្សព » ។
កូនស្រីរបស់គាត់បានតវ៉ាថា « តែអូនជាកូនរបស់ប៉ា ! »
គាត់បានលុតជង្គង់នៅចំពោះមុខនាង ។ គាត់បាននិយាយថា « សំណព្វចិត្តប៉ា ប៉ាដឹងថា កូនចង់ឲ្យប៉ាអានសៀវភៅឲ្យកូនស្ដាប់ ហើយនាំកូនចូលគេង ប៉ុន្ដែយប់នេះ ប៉ាត្រូវទៅជួយប៊ីស្សព » ។
កូនស្រីរបស់គាត់បានឆ្លើយតបថា « តើប៊ីស្សពអត់មានប៉ាដើម្បីជួយគាត់ឲ្យចូលគេងទេឬ ? »
យើងមានអំណរគុណជារៀងរហូតចំពោះសមាជិករាប់មិនអស់ ដែលបម្រើយ៉ាងឧស្សាហ៍ព្យាយាមនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ។ ការលះបង់របស់បងប្អូនពិតជាពិសិដ្ឋខ្លាំងណាស់ ។
ប៉ុន្តែដូចជាក្មេងស្រីរូបនេះហាក់បានយល់ដែរ មានអ្វីមួយដែលពិសិដ្ឋស្មើគ្នា—គឺជាអ្វីមួយដែលមិនអាចជំនួសបាន—ពោលគឺការចិញ្ចឹមបីបាច់កូនរបស់ឪពុកម្តាយ ។ វាឆ្លុះបញ្ចាំងពីលំនាំនៃស្ថានសួគ៌ ។១ ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ដែលព្រះមាតាបិតាដ៏ទេវភាពរបស់យើងប្រាកដជារីករាយ នៅពេលដែលបុត្រាបុត្រីរបស់ទ្រង់ទទួលបានការបង្រៀន និងការចិញ្ចឹមបីបាច់ដោយឪពុកម្ដាយរបស់ពួកគេនៅលើផែនដី ។២
ឪពុកម្ដាយទាំងឡាយអើយ សូមអរគុណចំពោះអ្វីៗដែលបងប្អូនកំពុងធ្វើដើម្បីចិញ្ចឹមកូនៗរបស់បងប្អូន ។ ហើយកូនៗទាំងឡាយអើយ សូមអរគុណចំពោះអ្វីៗដែលក្មួយៗកំពុងធ្វើដើម្បីបង្រៀនឪពុកម្ដាយរបស់ក្មួយៗ ព្រោះដូចឪពុកម្តាយគ្រប់រូបដឹងហើយ ជារឿយៗ យើងរៀនបានច្រើនពីកូនៗរបស់យើងអំពីសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ខណៈពេលពួកគេរៀនពីយើង !៣
ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ
តើបងប្អូនធ្លាប់គិតពីហានិភ័យដ៏ធំ ដែលព្រះវរបិតាសួគ៌របស់យើងមាន រាល់ពេលដែលទ្រង់បញ្ជូនបុត្រម្នាក់ឲ្យមកកាន់ផែនដីដែរឬទេ ? បុត្រទាំងនេះគឺជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ទ្រង់ ។ ពួកគេមានសក្តានុពលគ្មានដែនកំណត់ ។ ពួកគេមានជោគវាសនាក្លាយជាអង្គដ៏រុងរឿងនៃសេចក្តីល្អ ព្រះគុណ និងសេចក្តីពិត ។ ប៉ុន្តែពួកគេបែរជាមកផែនដីដោយគ្មានជំនួយអ្វីទាំងអស់ ស្ទើរតែមិនអាចធ្វើអ្វីបានសោះក្រៅពីយំសូមជំនួយ ។ ការចងចាំពីពេលវេលារបស់ពួកគេនៅក្នុងវត្តមានរបស់ព្រះបានលុបបាត់ ដោយទៅជាមួយនឹងចំណេះដឹងថា ពួកគេជានរណាពិតប្រាកដ ហើយថា នរណាដែលពួកគេអាចប្រែក្លាយជា ។ ពួកគេទទួលបានការយល់ដឹងអំពីជីវិត ក្ដីស្រឡាញ់ ព្រះ និងផែនការរបស់ទ្រង់ ដោយផ្អែកលើអ្វីដែលពួកគេសង្កេតឃើញពីមនុស្សនៅជុំវិញពួកគេ—ជាពិសេសឪពុកម្ដាយរបស់ពួកគេ បើនិយាយឲ្យត្រង់ទៅ ពួកគេនៅតែស្វែងយល់ពីរឿងទាំងឡាយសម្រាប់ខ្លួនរបស់ពួកគេនៅឡើយទេ ។
ព្រះបានប្រទានដល់ឪពុកម្ដាយគ្រប់រូបនូវ « កាតព្វកិច្ចដ៏ពិសិដ្ឋដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ផ្គត់ផ្គង់សេចក្ដីត្រូវការទាំងខាងរូបកាយ និងខាងវិញ្ញាណរបស់ពួកគេ និងបង្រៀនពួកគេឲ្យចេះ … គោរពព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ៤
សារនេះល្មមគ្រប់គ្រាន់ដើម្បីដាស់ដល់ឪពុកម្តាយឲ្យភ្ញាក់ឡើងនៅពេលរាត្រី ទោះជាឪពុកម្ដាយនោះល្អបំផុតក្ដី ។
សាររបស់ខ្ញុំទៅកាន់ឪពុកម្តាយគ្រប់រូបគឺដូច្នេះ ៖
ព្រះអម្ចាស់ស្រឡាញ់បងប្អូន ។
ទ្រង់គង់ជាមួយនឹងបងប្អូន ។
ទ្រង់គង់នៅក្បែរបងប្អូន ។
ទ្រង់គឺជាកម្លាំងរបស់បងប្អូន ក្នុងការណែនាំកូនៗរបស់បងប្អូនឲ្យធ្វើការជ្រើសរើសដោយសុចរិត ។
សូមទទួលយកអភ័យឯកសិទ្ធិ និងទំនួលខុសត្រូវនេះដោយមានចិត្តក្លាហាន និងដោយក្តីអំណរ ។ សូមកុំប្រគល់ប្រភពនៃពរជ័យសួគ៌ានេះដល់នរណាម្នាក់ទៀតឡើយ ។ នៅក្នុងបរិបទនៃគុណតម្លៃ និងគោលការណ៍នៃដំណឹងល្អ បងប្អូនគឺជាមនុស្សដែលការណែនាំដល់កូនរបស់បងប្អូនអំពីព័ត៌មានលម្អិតនៃជីវិតប្រចាំថ្ងៃ ។ សូមជួយឲ្យកូនៗរបស់បងប្អូនស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់ដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់ និង ត្រៀមខ្លួនសម្រាប់ជម្រើសដ៏សុចរិតពេញមួយជីវិត ។ តាមពិតទៅ នោះគឺជាផែនការរបស់ព្រះសម្រាប់ឪពុកម្ដាយទាំងឡាយ ។
សាតាំងនឹងខំប្រឆាំងបងប្អូន រំខានបងប្អូន ហើយព្យាយាមបំបាក់ទឹកចិត្តបងប្អូន ។
ប៉ុន្តែបុត្រគ្រប់រូបបានទទួលពន្លឺនៃព្រះគ្រីស្ទ ទុកជាផ្លូវដោយផ្ទាល់ទៅកាន់ស្ថានសួគ៌ ។ ហើយព្រះអង្គសង្គ្រោះនឹងជួយដល់បងប្អូន ណែនាំបងប្អូន ហើយលើកទឹកចិត្តបងប្អូន ។ សូមស្វែងរកជំនួយពីទ្រង់ ។ សូមអំពាវនាវដល់ព្រះអម្ចាស់ !
គឺដូចជាព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់យុវវ័យដែរ ព្រះយេស៊ូវគ្រីស្ទក៏ជាកម្លាំងរបស់ឪពុកម្ដាយផងដែរ ។
ទ្រង់បង្កើនសេចក្ដីស្រឡាញ់
ពេលខ្លះ យើងប្រហែលឆ្ងល់ថា តើអាចមានអ្នកផ្សេងដែលមានលក្ខណៈសម្បត្តិល្អជាងដើម្បីប្រដៅណែនាំ និងបង្រៀនកូនរបស់យើងដែរឬទេ ។ ប៉ុន្តែមិនថាបងប្អូនអាចមានអារម្មណ៍មិនល្អគ្រប់គ្រាន់ប៉ុនណានោះទេ បងប្អូនមានអ្វីមួយដែលស័ក្ដិសមយ៉ាងពិសេសដែលបងប្អូនមាន ៖ សេចក្ដីស្រឡាញ់របស់បងប្អូនចំពោះកូនរបស់បងប្អូន ។
សេចក្ដីស្រឡាញ់របស់ឪពុកម្តាយចំពោះកូន គឺជាកម្លាំងដ៏ខ្លាំងក្លាបំផុតមួយក្នុងសកលលោកនេះ ។ វាគឺជារឿងមួយក្នុងចំណោមរឿងមួយចំនួននៅលើផែនដីនេះ ដែលពិតជាអាចមានអស់កល្បជានិច្ចបាន ។
ឥឡូវនេះ ប្រហែលជាបងប្អូនមានអារម្មណ៍ថា ទំនាក់ទំនងរបស់បងប្អូនជាមួយកូនរបស់បងប្អូនគឺមិនសូវល្អឥតខ្ចោះទេ ។ ត្រង់នេះជាកន្លែងដែលព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះកើតមាន ។ ទ្រង់ព្យាបាលអ្នកឈឺ ហើយទ្រង់អាចព្យាបាលទំនាក់ទំនងបាន ។ ទ្រង់ប្រទានពរឲ្យមាននំប៉័ង និងត្រីច្រើនឡើង ហើយទ្រង់អាចប្រទានពរឲ្យមានសេចក្ដីស្រឡាញ់ និងអំណរនៅក្នុងគេហដ្ឋានរបស់បងប្អូនច្រើនឡើងផងដែរ ។
សេចក្ដីស្រឡាញ់របស់បងប្អូនចំពោះកូនៗបងប្អូន បង្កើតជាបរិយាកាសដ៏សម្បូរបែបមួយសម្រាប់ការបង្រៀនសេចក្ដីពិត និងការស្ថាបនាសេចក្ដីជំនឿ ។ សូមធ្វើឲ្យគេហដ្ឋានរបស់បងប្អូនជាគេហដ្ឋាននៃការអធិស្ឋាន ការរៀនសូត្រ និងសេចក្ដីជំនឿ ជាគេហដ្ឋានមួយដែលមានបទពិសោធន៏ដ៏រីករាយ ជាទីកន្លែងនៃការរាប់អាន ជាដំណាក់របស់ព្រះ ។៥ ហើយ « ចូរអធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្តដើម្បីឲ្យ [ បងប្អូន ] រាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់ [ របស់ទ្រង់ ] ដែលទ្រង់បាន [ ប្រទាន ] ដល់ … អ្នកដើរតាមដ៏ពិតនៃព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ » ។៦
ទ្រង់ពង្រីកកិច្ចការតូចតាច និងងាយ
កម្លាំងមួយទៀតដែលបងប្អូនមាន ក្នុងនាមជាឪពុកម្តាយ គឺជាឱកាសដើម្បីមានឥទ្ធិពលជារៀងរាល់ថ្ងៃ បន្តឥតដាច់ ។ មិត្តភក្តិ គ្រូបង្រៀន និងអ្នកមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយមកហើយទៅវិញ ។ ប៉ុន្តែបងប្អូនអាចជាឥទ្ធិពលដ៏ខ្ជាប់ខ្ជួនបំផុតនៅក្នុងជីវិតរបស់កូនបងប្អូន ។
កិច្ចខិតខំរបស់បងប្អូនអាចហាក់មើលទៅដូចជាតូច បើប្រៀបធៀបទៅនឹងសំឡេងដ៏ឮខ្លាំង ដែលកូនៗរបស់បងប្អូនបានឮពីក្នុងពិភពលោកនេះ ។ ពេលខ្លះ បងប្អូនអាចមានអារម្មណ៍ថា បងប្អូនមិនបានសម្រេចអ្វីបានច្រើននោះទេ ។ ប៉ុន្តែសូមចាំថា « ដោយសារមធ្យោបាយដ៏តូចតាច នោះព្រះអម្ចាស់ទ្រង់អាចសម្រេចការណ៍យ៉ាងធំបាន » ។៧ រាត្រីជួបជុំក្រុមគ្រួសារមួយ ការសន្ទនាអំពីដំណឹងល្អមួយ ឬគំរូល្អមួយប្រហែលជាមិនអាចផ្លាស់ប្តូរជីវិតកូនរបស់បងប្អូនក្នុងពេលម្ដងបានទេ គឺដូចជាតំណក់ទឹកភ្លៀងមួយតក់មិនអាចធ្វើឲ្យរុក្ខជាតិលូតលាស់ភ្លាមៗបានដែរ ។ ប៉ុន្តែភាពខ្ជាប់ខ្ជួននៃកិច្ចការតូចតាច និងសាមញ្ញជារៀងរាល់ថ្ងៃ បណ្ដុះកូនៗរបស់បងប្អូនបានប្រសើរជាងទឹកជំនន់ម្ដងម្កាល ។៨
នោះគឺជារបៀបរបស់ព្រះអម្ចាស់ ។ ទ្រង់មានបន្ទូលទៅកាន់បងប្អូន និងកូនរបស់បងប្អូនដោយព្រះសូរសៀងដ៏តូចរហៀង មិនមែនដោយសំឡេងផ្គរនោះទេ ។៩ ទ្រង់បានព្យាបាល ណាម៉ាន់ មិនមែនតាមរយៈ « អ្វីយ៉ាងធំ » នោះទេ ប៉ុន្តែតាមរយៈទង្វើសាមញ្ញៗដដែលៗនៃការមុជទឹកលាងសម្អាត ។១០ កូនចៅអ៊ីស្រាអែលបានរីករាយនឹងការជប់លៀងបរិភោគសត្វក្រួចនៅក្នុងទីរហោស្ថាន ប៉ុន្តែអ្វីដែលបានធ្វើឲ្យពួកគេនៅរស់នោះ គឺជាអព្ភូតហេតុដ៏តូចតាច និងងាយនៃនំម៉ានា—ដែលជានំបុ័ងប្រចាំថ្ងៃរបស់ពួកគេ ។១១
បងប្អូនប្រុសស្រី នំប៉័ងប្រចាំថ្ងៃត្រូវបានរៀបចំ និងបរិភោគបានយ៉ាងល្អបំផុតនៅឯផ្ទះ ។ សេចក្ដីជំនឿ និងទីបន្ទាល់គឺត្រូវបានចិញ្ចឹមបីបាច់បានយ៉ាងល្អបំផុតតាមរបៀបធម្មតា និងតាមធម្មជាតិ មួយជំហានម្តងៗ នៅគ្រាតូចតាច និងសាមញ្ញ នៅក្នុងលំហូររស់នៅប្រចាំថ្ងៃជានិច្ច ។១២
គ្រប់គ្រាទាំងអស់គឺជាគ្រានៃការបង្រៀនមួយ ។ រាល់ពាក្យសម្ដី និងសកម្មភាពអាចជាការណែនាំសម្រាប់ធ្វើការជ្រើសរើស ។១៣
បងប្អូនប្រហែលជាមិនឃើញឥទ្ធិពលភ្លាមៗនៃការខិតខំរបស់បងប្អូនទេ ។ ប៉ុន្តែ សូមកុំបោះបង់ចោលឡើយ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « គ្រប់ទាំងអស់ត្រូវតែកើតឡើងតាមពេលរបស់វា ។ ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិត [ បងប្អូន ] រាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ » ។១៤ តើមានកិច្ចការអ្វី ដែលអាចធំជាងការជួយបុត្រាបុត្រីដ៏មានតម្លៃរបស់ព្រះឲ្យដឹងថា តើពួកគេជានរណាឲ្យពិតប្រាកដ ហើយស្ថាបនាសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អរបស់ទ្រង់ និងសាសនាចក្ររបស់ទ្រង់នោះ ? ព្រះយេស៊ូវគ្រីស្ទនឹងប្រទានពរ និងតម្កើងកិច្ចខិតខំដ៏ខ្ជាប់ខ្ជួនរបស់បងប្អូន ។
ទ្រង់ប្រទានវិវរណៈ
វិធីដ៏មានអានុភាពមួយទៀតដែលព្រះគាំទ្រដល់ឪពុកម្ដាយ គឺតាមរយៈអំណោយទាននៃវិវរណៈផ្ទាល់ខ្លួន ។ ព្រះអន្ទះសាសព្វព្រះទ័យចាក់ស្រោចព្រះវិញ្ញាណរបស់ទ្រង់មកដើម្បីណែនាំឪពុកម្ដាយ ។
នៅពេលបងប្អូនអធិស្ឋាន និងប្រុងប្រយ័ត្នស្ដាប់តាមព្រះវិញ្ញាណ នោះទ្រង់នឹងព្រមានបងប្អូនពីគ្រោះថ្នាក់ដែលលាក់កំបាំងនានា ។១៥ ទ្រង់នឹងបើកសម្ដែងពីអំណោយទាន ភាពខ្លាំង និងកង្វល់នៅក្នុងចិត្តរបស់កូនៗបងប្អូន ។១៦ ព្រះនឹងជួយបងប្អូនឲ្យមើលទៅកូនៗរបស់បងប្អូន ដូចជាទ្រង់ទតទៅពួកគេដែរ—គឺហួសពីរូបរាងខាងក្រៅរបស់ពួកគេ ហើយចូលទៅក្នុងចិត្តរបស់ពួកគេ ។១៧
ដោយមានជំនួយពីព្រះ បងប្អូនអាចរៀនស្គាល់កូនៗរបស់បងប្អូនបាន ដូចជាព្រះស្គាល់ពួកគេដែរ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យទទួលយកការផ្ដល់ជំនួយរបស់ព្រះ ដើម្បីណែនាំគ្រួសាររបស់បងប្អូនតាមវិវរណៈផ្ទាល់ខ្លួន ។ សូមស្វែងរកការណែនាំពីទ្រង់នៅក្នុងការអធិស្ឋានរបស់បងប្អូន ។១៨
ការផ្លាស់ប្តូរយ៉ាងធំ
ប្រហែលជំនួយដ៏សំខាន់បំផុតដែលព្រះយេស៊ូវគ្រីស្ទប្រទានដល់ឪពុកម្ដាយគឺ « ការផ្លាស់ប្ដូរដ៏ធំ » នៃដួងចិត្តបងប្អូន ។១៩ វាគឺជាអព្ភូតហេតុមួយដែលពួកយើងម្នាក់ៗត្រូវការ ។
សូមស្រមៃពីស្ថានភាពនេះមួយភ្លែត ៖ បងប្អូននៅព្រះវិហារកំពុងស្ដាប់សុន្ទរកថាមួយអំពីក្រុមគ្រួសារ ។ អ្នកឡើងនិយាយរៀបរាប់ពីគេហដ្ឋានដ៏ល្អឥតខ្ចោះមួយ និងគ្រួសារដ៏ល្អឥតខ្ចោះ ។ ស្វាមី និងភរិយាមិនដែលឈ្លោះប្រកែកគ្នាឡើយ ។ កូនៗឈប់អានព្រះគម្ពីររបស់ពួកគេ តែនៅពេលត្រូវធ្វើកិច្ចការសាលាប៉ុណ្ណោះ ។ ហើយចម្រៀងបទ « ចូរស្រឡាញ់គ្នាទៅវិញទៅមក »២០ កំពុងលេងបណ្ដើរៗ ។ មុនពេលអ្នកឡើងនិយាយចូលដល់ផ្នែកដែលនិយាយអំពីគ្រប់គ្នាចូលសម្អាតបន្ទប់ទឹកដោយក្ដីរីករាយ បងប្អូនគិតរួចទៅហើយថា « គ្រួសារខ្ញុំគ្មានសង្ឃឹមទេ » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សូមបន្ធូរអារម្មណ៍ ! មនុស្សគ្រប់គ្នានៅក្នុងក្រុមជំនុំនេះកំពុងគិតរឿងដូចគ្នានេះ ! ការពិតគឺថា ឪពុកម្ដាយទាំងអស់ព្រួយបារម្ភថាខ្លួនឯងមិនល្អគ្រប់គ្រាន់ ។
សំណាងល្អ មានប្រភពជំនួយដ៏ទេវភាពមួយសម្រាប់ឪពុកម្ដាយ ៖ ប្រភពនោះគឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺជាប្រភពនៃការផ្លាស់ប្តូរដួងចិត្តដ៏អស្ចារ្យរបស់យើង ។
នៅពេលបងប្អូនបើកដួងចិត្តចំពោះព្រះអង្គសង្រ្គោះ និងការបង្រៀនរបស់ទ្រង់ នោះទ្រង់នឹងបង្ហាញបងប្អូននូវភាពទន់ខ្សោយរបស់បងប្អូន ។ ប្រសិនបើបងប្អូនទុកចិត្តលើព្រះគ្រីស្ទដោយមានដួងចិត្តរាបទាប នោះទ្រង់នឹងធ្វើឲ្យភាពទន់ខ្សោយក្លាយទៅជាភាពខ្លាំងវិញ ។២១ ទ្រង់គឺជាព្រះនៃអព្ភូហេតុ ។
តើការណ៍នេះមានន័យថា បងប្អូន និងគ្រួសាររបស់បងប្អូនគ្មានខុសអ្វីសោះឬ ? អត់ទេ ។ ប៉ុន្តែបងប្អូននឹងបានប្រសើរឡើង ។ តាមរយៈព្រះគុណរបស់ព្រះអង្គសង្គ្រោះ បន្ដិចម្ដងៗ នោះបងប្អូននឹងអភិវឌ្ឍគុណលក្ខណៈដែលឪពុកម្ដាយត្រូវការបន្ថែមទៀត ៖ ស្រឡាញ់ព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ចិត្តអំណត់ ការមិនគិតពីខ្លួនឯង សេចក្ដីជំនឿលើព្រះគ្រីស្ទ និងភាពក្លាហានដើម្បីជ្រើសយកជម្រើសសុចរិត ។
ព្រះយេស៊ូវគ្រីស្ទផ្ដល់ការគាំទ្រតាមរយៈសាសនាចក្ររបស់ទ្រង់
កិច្ចខិតខំរបស់យើងដើម្បីស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺផ្តោតទៅលើគេហដ្ឋាន និងបុគ្គលម្នាក់ៗ ។ ហើយសាសនាចក្រគាំទ្រដល់កិច្ចខិតខំនេះ ។ ក្រៅពីដោយព្រះគម្ពីរដ៏ពិសិដ្ឋ និងពាក្យសម្ដីរបស់ព្យាការី សាសនាចក្ររបស់ព្រះអង្គសង្រ្គោះផ្ដល់នូវធនធានជាច្រើន ដើម្បីជួយឪពុកម្ដាយ និងកូនៗឲ្យធ្វើការជ្រើសរើសដោយសុចរិត ៖
-
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស មិនផ្តល់ឲ្យបងប្អូននូវបញ្ជីអ្វីដែលត្រូវធ្វើ ឬមិនធ្វើនោះទេ ។ វាបង្រៀនពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ដើម្បីជួយបងប្អូនឲ្យជ្រើសរើសផ្តោតលើ ព្រះយេស៊ូវគ្រីស្ទ និងការបង្រៀននៃព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់បងប្អូន ។ សូមអានវាជាមួយកូនៗរបស់បងប្អូន ។ សូមឲ្យពួកគេនិយាយអំពីសៀវភៅនេះ ។ ជួយពួកគេឲ្យមានសេចក្តីពិតដ៏អស់កល្ប និងដ៏ទេវភាពទាំងនេះដឹកនាំជម្រើសរបស់ពួកគេ ។២២
-
សន្និសីទ FSY គឺជាធនធានដ៏អស្ចារ្យមួយទៀត ។ ខ្ញុំសង្ឃឹមថា យុវវ័យគ្រប់រូបនឹងចូលរួម ។ ខ្ញុំសូមអញ្ជើញយុវមជ្ឈិមវ័យនៅលីវទាំងឡាយឲ្យចូលរួមសន្និសីទទាំងនេះ ធ្វើជាអ្នកណែនាំ និងជាទីប្រឹក្សា ។ ខ្ញុំសូមអញ្ជើញឪពុកម្ដាយឲ្យស្ថាបនាលើសន្ទុះខាងវិញ្ញាណដែលយុវវ័យរបស់ពួកគេនាំយកមកផ្ទះពីសន្និសីទ FSY ។
-
កុមារ និងយុវវ័យនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានគ្រូបង្រៀន អ្នកប្រឹក្សាយោបល់ និងអ្នកណែនាំ ។ ជាញឹកញាប់ បងប្អូនចូលទៅក្នុងជីវិតរបស់យុវវ័យនៅគ្រាដ៏សំខាន់មួយដើម្បីស្ថាបនា និងគាំទ្រសេចក្ដីជំនឿ និងទីបន្ទាល់ ។ បងប្អូនមួយចំនួនជាមជ្ឈិមវ័យនៅលីវ ។ បងប្អូនមួយចំនួនមិនដែលមានកូនខ្លួនឯងឡើយ ។ ការបម្រើដ៏រីករាយរបស់បងប្អូនចំពោះបុត្រាបុត្រីរបស់ព្រះគឺពិសិដ្ឋនៅក្នុងព្រះនេត្ររបស់ព្រះ ។២៣
កុំបោះបង់ចោលអព្ភូតហេតុឡើយ
បងប្អូនប្រុសស្រី មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ការស្ថាបនាសេចក្ដីជំនឿនៅក្នុងកុមារម្នាក់ គឺដូចជាការជួយឲ្យផ្កាមួយទងដុះឡើងដែរ ។ បងប្អូនមិនអាចទាញទងឲ្យវាលូតកាន់តែខ្ពស់បាននោះទេ ។ បងប្អូនមិនអាចញែកផ្កាក្រពុំដើម្បីឲ្យវារីកបានលឿននោះទេ ។ ហើយបងប្អូនមិនអាច មិនយកចិត្តទុកដាក់លើ ផ្កានោះ ហើយរំពឹងថាវានឹងដុះ ឬលូតលាស់ដោយឯកឯងនោះទេ ។
អ្វីដែលបងប្អូនអាចធ្វើបាន និងត្រូវតែធ្វើសម្រាប់ជំនាន់កំពុងពេញវ័យនេះ គឺត្រូវផ្ដល់ដីដ៏សម្បូរជីជាតិដែលមានលំហូរទឹកពីសួគ៌ា ។ សូមដកស្មៅចេញ ព្រមទាំងអ្វីក៏ដោយដែលនឹងបាំងពន្លឺព្រះអាទិត្យពីស្ថានសួគ៌ ។ សូមបង្កើតលក្ខខណ្ឌដ៏ល្អបំផុតដែលអាចធ្វើបានដើម្បីឲ្យមានការលូតលាស់ ។ សូមរៀនអត់ធ្មត់ដើម្បីអនុញ្ញាតឲ្យជំនាន់កំពុងពេញវ័យធ្វើការជ្រើសរើសប្រកបដោយការបំផុសគំនិត ហើយអនុញ្ញាតឲ្យព្រះសម្ដែងអព្ភូតហេតុរបស់ទ្រង់ ។ លទ្ធផលនឹងកាន់តែស្រស់ស្អាត និងគួរឲ្យភ្ញាក់ផ្អើល និងរីករាយជាងអ្វីៗដែលបងប្អូនអាចសម្រេចបានដោយខ្លួនឯងផ្ទាល់ ។
នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ទំនាក់ទំនងក្រុមគ្រួសារមានដល់ភាពអស់កល្បជានិច្ច ។ នេះគឺជាមូលហេតុដែលក្នុងនាមជាឪពុកម្ដាយ បងប្អូនមិនត្រូវបោះបង់ចោលឡើយ ទោះបីជាបងប្អូនមិនមានមោទនភាពចំពោះរឿងដែលបានកើតឡើងកាលពីមុនក៏ដោយ ។
ជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ដែលជាលោកចៅហ្វាយខាងការព្យាបាល និងព្រះអង្គសង្គ្រោះ យើងអាចមានការចាប់ផ្ដើមថ្មីជានិច្ចបាន ហើយទ្រង់ប្រទានសេចក្ដីសង្ឃឹមជានិច្ច ។
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់ក្រុមគ្រួសារ ។
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន ។
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់ឪពុកម្ដាយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីកិច្ចការនេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕