តើខ្ញុំពិតជាទទួលបានការអភ័យទោសមែនឬ ?
ការសន្យានៃការអភ័យទោសទាំងស្រុង និងឥតខ្ចោះ គឺមានចំពោះមនុស្សគ្រប់រូប—នៅក្នុង និងតាមរយៈដង្វាយធួនដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ។
កាលពីប៉ុន្មានឆ្នាំកន្លងទៅ ស៊ីស្ទើរ ណាតត្រេស និងខ្ញុំបានផ្លាស់ទីលំនៅទៅទីក្រុង អាយដាហូ ជាកន្លែងដែលយើងបានបើកអាជីវកម្មថ្មីមួយ ។ ពួកយើងចំណាយពេលច្រើនធ្វើការនៅក្នុងការិយាល័យ ។ សំណាងល្អ ដែលយើងនៅមិនឆ្ងាយប៉ុន្មានពីកន្លែងធ្វើការនោះ ។ រៀងរាល់សប្តាហ៍ សនណា និងកូនស្រីទាំងបីនាក់របស់យើង—ដែលមានអាយុតិចជាង ៦ ឆ្នាំ—នឹងមកការិយាល័យញ៉ាំអាហារថ្ងៃត្រង់រួមគ្នា ។
នៅថ្ងៃមួយបន្ទាប់ពីអាហារថ្ងៃត្រង់របស់គ្រួសារយើង ខ្ញុំបានកត់សម្គាល់ឃើញថា កូនស្រីអាយុ ៥ ឆ្នាំ របស់យើងឈ្មោះ មីឆែល បានទុកសារផ្ទាល់ខ្លួនមួយឲ្យខ្ញុំ សរសេរនៅលើក្រដាសស្អិតមួយ បិទភ្ជាប់នៅលើទូរស័ព្ទក្នុងការិយាល័យរបស់ខ្ញុំ ។
វាអានថា « ប៉ា កុំភ្លេចស្រឡាញ់កូនណា ។ ដោយក្ដីស្រឡាញ់ ពី មីឆែល » ។ សារនេះគឺជាការរំឭកដ៏មានឥទ្ធិពលមួយចំពោះឪពុកវ័យក្មេងម្នាក់អំពីរឿងដែលមានសារៈសំខាន់បំផុត ។
បងប្អូនប្រុសស្រី ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌យើងតែងតែចងចាំយើងជានិច្ចហើយថាទ្រង់ស្រឡាញ់យើងយ៉ាងឥតខ្ចោះ ។ សំណួររបស់ខ្ញុំគឺ ៖ តើយើងចងចាំទ្រង់ដែរឬទេ ? ហើយតើយើងស្រឡាញ់ទ្រង់ដែរឬទេ ?
ប៉ុន្មានឆ្នាំមុន ខ្ញុំបានបម្រើជាអ្នកដឹកនាំសាសនាចក្រនៅក្នុងមូលដ្ឋានមួយរូប ។ យុវជនម្នាក់របស់យើងឈ្មោះ ដេននី ជាយុវជនដែលពូកែគ្រប់មុខ ។ គាត់ជាមនុស្សស្តាប់បង្គាប់ ចិត្តសប្បុរស មនុស្សល្អ ហើយមានចិត្តទូលាយ ។ ប៉ុន្តែ នៅពេលដែលគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ គាត់បានចាប់ផ្តើមដើរជាមួយហ្វូងមនុស្សមិនសូវល្អមួយក្រុម ។ គាត់បានពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ជាពិសេសថ្នាំមេតាំហ្វេតាមីន ហើយបានដើរធ្លាក់ចុះទៅតាមផ្លូវនៃការញៀន និងការបំផ្លិចបំផ្លាញ ។ មិនយូរប៉ុន្មាន រូបរាងរបស់គាត់បានផ្លាស់ប្ដូរទាំងស្រុង ។ ស្ទើរតែមើលមិនស្គាល់គាត់ ។ ការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់បំផុតនោះគឺគាត់មិនសប្បាយចិត្តទេ—ហើយអាចមើលដឹងតាមកែវភ្នែករបស់គាត់ ។ ខ្ញុំបានទាក់ទងទៅគាត់ជាច្រើនដង ប៉ុន្តែមិនបានសម្រេចសោះ ។ គាត់មិនចាប់អារម្មណ៍ទេ ។
វាពិបាកណាស់ក្នុងការមើលឃើញយុវជនដ៏ល្អម្នាក់នេះរងទុក្ខ និងរស់នៅក្នុងរបៀបមួយផ្សេងដូចនេះ ! គាត់មានសមត្ថភាពច្រើនណាស់ ។
បន្ទាប់មកមានថ្ងៃមួយ អព្ភូតហេតុគាត់បានចាប់ផ្ដើមកើតឡើង ។
គាត់បានចូលរួមនៅក្នុងការប្រជុំសាក្រាម៉ង់ ដែលប្អូនប្រុសគាត់បានចែកចាយទីបន្ទាល់ មុនពេលចេញទៅបេសកកម្ម ។ អំឡុងពេលនៃការប្រជុំ ដេននី មានអារម្មណ៍អ្វីមួយដែលគាត់ខានមានជាយូរមកហើយ ។ គាត់បានមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ។ នៅទីបំផុតគាត់មានសេចក្តីសង្ឃឹម ។
ទោះបីជាគាត់មានបំណងប្រាថ្នាដើម្បីការផ្លាស់ប្តូរក្តីក៏ជាការពិបាកសម្រាប់ ដេននីដែរ ។ ការញៀន គួបផ្សំជាមួយនឹងអារម្មណ៍ថាខុស គឺមានច្រើនជាងអ្វីដែលគាត់អាចទ្រាំទ្របាន ។
នៅរសៀលមួយ ពេលខ្ញុំចេញទៅកាត់ស្មៅនៅទីធ្លាផ្ទះយើង ដេននី បានបើកឡានគាត់មកចតមុខផ្ទះទាំងមិនបានប្រាប់ ។ គាត់កំពុងពិបាកខ្លាំងណាស់ ។ ខ្ញុំបានបិទម៉ាស៊ីនកាត់ស្មៅ ហើយយើងបានអង្គុយជាមួយគ្នានៅក្រោមម្លប់នៅលើកាំជណ្តើរខាងមុខផ្ទះ ។ គឺនៅពេលនោះហើយដែលគាត់បានចែកអារម្មណ៍ក្នុងចិត្ត ។ គាត់ពិតជាចង់ត្រឡប់មកដូចដើមវិញណាស់ ។ តែ ការងាកចេញពីជីវិតញៀនគឺពិបាកខ្លាំងណាស់ ។ បន្ថែមពីលើរឿងនេះ គាត់មានអារម្មណ៍ថាខុសខ្លាំងណាស់ វាគួរឲ្យខ្មាសអៀនដែលគាត់បានរស់នៅចេញឆ្ងាយពីការបង្រៀននៃដំណឹងល្អ ។ គាត់បានសួរថា ៖ « តើខ្ញុំពិតជាអាចបានការអភ័យទោសមែនឬ ? តើវាពិតជាមានផ្លូវត្រឡប់មកវិញមែនឬ ? »
បន្ទាប់ពីគាត់បើកចិត្តបង្ហាញពីរបារម្ភទាំងនេះ នោះយើងបានអាន អាលម៉ា ជំពូក ៣៦ ជាមួយគ្នា ៖
«មែនហើយ ឪពុកបានចាំនូវអំពើបាប និងអំពើទុច្ចរិតទាំងអស់របស់ខ្លួន ។ …
« មែនហើយ … គ្រាន់តែគិតដល់ការចូលទៅក្នុងវត្តមាននៃព្រះរបស់ឪពុក ក៏បានញាំញីព្រលឹងឪពុកទៅហើយ ដោយសេចក្ដីរន្ធត់ដ៏មិនអាចថ្លែងបាន » ( ខទី ១៣–១៤ ) ។
បន្ទាប់ពីអានខទាំងនោះហើយ ដេននី បាននិយាយថា « នោះគឺជាអារម្មណ៍ដែលខ្ញុំមាន ! »
យើងបានអានបន្តទៀត ៖
« នៅពេលដែលឪពុកកើតទុក្ខដោយការនឹកឃើញដល់អំពើបាបដ៏ច្រើនរបស់ឪពុក មើលចុះ ឪពុកក៏នឹកឃើញថា ធ្លាប់បានឮបិតារបស់ឪពុក ព្យាករទៅកាន់ប្រជាជនអំពីការយាងមកនៃព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដើម្បីមកធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក ។ …
« ហើយ ឱសេចក្ដីអំណរ និងរស្មីដ៏អស្ចារ្យ ដែលឪពុកបានឃើញ » ( ខទី ១៧, ២០ ) ។
កាលយើងអានបទគម្ពីរទាំងនេះ គាត់ចាប់ផ្តើមយំ ។ អំណររបស់អាលម៉ាគឺជាអំណរដែលគាត់បានខំស្វែងរក !
យើងបានពិភាក្សាគ្នាថា អាលម៉ាគឺជាមនុស្សទុច្ចរិតបំផុត ។ ប៉ុន្តែ នៅពេលដែលគាត់បានប្រែចិត្ត នោះគាត់មិនត្រឡប់ទៅធ្វើអាក្រក់ទៀតឡើយ ។ អាលម៉ាបានក្លាយទៅជាសិស្សដ៏ស្មោះស្ម័គ្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានក្លាយទៅជាព្យាការីម្នាក់ ! ដេននីបានបើកភ្នែកធំៗ ។ គាត់បានលាន់មាត់ថា « ជាព្យាការី ? »
ខ្ញុំឆ្លើយទៅវិញថា « មែនហើយ ជាព្យាការី ។ មិនដាក់សម្ពាធលើប្អូនទេណា ! »
យើងបានពិភាក្សាថា ខណៈដែលអំពើបាបគាត់មិនច្រើនដល់កម្រិតអំពើបាបរបស់អាល់ម៉ានោះ តែការសន្យានៃការអភ័យទោសទាំងស្រុង និងឥតខ្ចោះដូចគ្នានោះ គឺមានចំពោះមនុស្សគ្រប់រូប—នៅក្នុង និងតាមរយៈដង្វាយធួនដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ។
ឥឡូវ ដេននី បានយល់ហើយ ។ គាត់បានដឹងពីអ្វីដែលគាត់ត្រូវធ្វើ ៖ គាត់ត្រូវចាប់ផ្ដើមដំណើររបស់គាត់ដោយការទុកចិត្តលើព្រះអម្ចាស់ និងការអភ័យទោសឲ្យខ្លួនឯង !
ការផ្លាស់ប្តូរនៅក្នុងដួងចិត្តរបស់ ដេននី គឺជាអព្ភូតហេតុមួយដ៏អស្ចារ្យ ។ យូរៗទៅ ទឹកមុខរបស់គាត់បានផ្លាស់ប្រែ ហើយពន្លឺនៅក្នុងកែវភ្នែករបស់គាត់ក៏មានត្រឡប់មកវិញ ។ គាត់បានក្លាយទៅជាមនុស្សដែលមានភាពសក្ដិសមដើម្បីទៅព្រះវិហារបរិសុទ្ធ ! ទីបំផុតគាត់បានត្រឡប់ទៅជាមនុស្សសប្បាយរីករាយវិញ !
ប៉ុន្មានខែក្រោយមក ខ្ញុំបានសួរ ដេននី ថា តើគាត់ចង់ដាក់ពាក្យបម្រើបេសកកម្មពេញម៉ោងដែរឬទេ ។ ការឆ្លើយតបរបស់គាត់ គឺជាការភ្ញាក់ផ្អើល និងស្ញប់ស្ញែងមួយ ។
គាត់បាននិយាយថា « ខ្ញុំពិតជាចង់បម្រើបេសកកម្មណាស់ ប៉ុន្តែបងបានដឹងហើយថា ខ្ញុំធ្លាប់នៅទីណា និងបានធ្វើរឿងអ្វីខ្លះ ! ខ្ញុំបានគិតថា ខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ » ។
ខ្ញុំបានតបថា « ប្អូនអាចនិយាយត្រូវ ។ ប៉ុន្តែ គ្មានអ្វីរារាំងយើងពីការស្នើសុំនោះទេ ។ បើប្អូនត្រូវបានគេបដិសេធ យ៉ាងហោចណាស់ប្អូននឹងដឹងថា ប្អូនបានបង្ហាញនូវបំណងប្រាថ្នាដ៏ស្មោះត្រង់ ដើម្បីបម្រើព្រះអម្ចាស់ » ។ គាត់សប្បាយយ៉ាងខ្លាំង ។ គាត់រំភើបយ៉ាងខ្លាំងជាមួយនឹងគំនិតនេះ ។ ចំពោះគាត់ នេះគឺជាការសាកល្បងមួយ បើមិនបានជោគជ័យក្តី ប៉ុន្តែវាជាឱកាសមួយដែលគាត់នឹងធ្វើវា ។
ពីរបីសប្តាហ៍ក្រោយមក គាត់មានការភ្ញាក់ផ្អើលជាខ្លាំង អព្ភូតហេតុមួយទៀតបានកើតឡើង ។ ដេននី បានទទួលការហៅឲ្យបម្រើបេសកកម្មពេញម៉ោង ។
ប៉ុន្មានខែក្រោយពី ដេននី បានទៅដល់កន្លែងបេសកកម្ម មានគេទូរសព្ឌមករកខ្ញុំ ។ ប្រធានគាត់បាននិយាយថា « តើយុវជននេះជានរណា ? គាត់ជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យបំផុតដែលខ្ញុំធ្លាប់បានជួប ! » បងប្អូនមើលឃើញថា ប្រធានរូបនេះទទួលបានអាល់ម៉ាជាកូនសម័យទំនើបមួយរូប ។
ពីរឆ្នាំក្រោយមក ដេននី បានត្រឡប់មកផ្ទះវិញដោយកិត្តិយស ដោយបានបម្រើព្រះអម្ចាស់អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ។
បន្ទាប់ពីរាយការណ៍អំពីការផ្សព្វផ្សាយសាសនារបស់គាត់នៅក្នុងការប្រជុំសាក្រាម៉ង់ចប់រួច ខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំបានឮគេគោះទ្វារមុខផ្ទះ ។ នៅមុខទ្វាគឺជា ដេននី កំពុងមានអារម្មណ៍ក្តុកក្តួល ហើយភ្នែកដូចជាកំពុងយំផងដែរ ។ គាត់បាននិយាយថា « តើយើងអាចនិយាយជាមួយគ្នាបន្តិចបានទេ ? » យើងបានដើរចេញទៅកាំជណ្តើរខាងក្រៅដូចលើកមុន ។
គាត់បាននិយាយថា « ប្រធាន តើប្រធានគិតថាខ្ញុំពិតជាទទួលបានការអភ័យទោសមែនឬ ? »
ឥឡូវខ្ញុំចាប់ផ្តើមយំជាមួយគាត់ដែរ ។ នៅពីមុខខ្ញុំ គឺជាសិស្សដ៏ស្មោះត្រង់ម្នាក់របស់ព្រះយេស៊ូវគ្រីស្ទដែលបានផ្តល់ឲ្យដោយអស់ពីសមត្ថភាពរបស់គាត់ដើម្បីបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះអង្គសង្រ្គោះ ។ គាត់ជាតំណាងឲ្យការព្យាបាល និងការពង្រឹងអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំបាននិយាយថា « ដេននី ! តើប្អូនមានបានឆ្លុះកញ្ចក់ដែរឬទេ ? តើប្អូនបានឃើញកែវភ្នែករបស់ប្អូនដែរឬទេ ? ភ្នែកទាំងគូនេះពោរពេញទៅដោយពន្លឺ ហើយប្អូនកំពុងចែងចាំងដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ ពិតណាស់ ប្អូនត្រូវបានលើកលែងទោសហើយ ! ប្អូនជាមនុស្សល្អណាស់ ! ឥឡូវនេះអ្វីដែលប្អូនត្រូវធ្វើនោះគឺដើរឆ្ពោះទៅមុខនៅក្នុងជីវិតរបស់ប្អូន ។ សូមកុំត្រឡប់ទៅទម្លាប់ចាស់ឲ្យសោះ ! ឆ្ពោះទៅមុខដោយសេចក្តីជំនឿចំពោះពិធីបរិសុទ្ធបន្ទាប់ទៀត » ។
អព្ភូតហេតុរបស់ ដេននី នៅតែបន្តនៅថ្ងៃនេះ ។ គាត់បានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ហើយត្រឡប់ទៅរៀនសាលាវិញ ជាកន្លែងដែលគាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ។ គាត់បន្តបម្រើព្រះអម្ចាស់ដោយមានកិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងការហៅបម្រើរបស់គាត់ ។ សំខាន់ជាងនេះទៅទៀត គាត់បានក្លាយទៅជាស្វាមីដ៏អស្ចារ្យ និងជាឪពុកដ៏ស្មោះត្រង់ម្នាក់ ។ គាត់គឺជាសិស្សស្មោះស្ម័គ្រម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « បើគ្មានដង្វាយធួនដ៏អស់កល្បជានិច្ចរបស់ [ ព្រះអង្គសង្រ្គោះ ] ទេ នោះមនុស្សលោកទាំងអស់នឹងត្រូវវិនាសបង់មិនខានឡើយ » ។១ ចំពោះព្រះអម្ចាស់ ដេននី មិនបានវង្វេងបាត់ទេ ហើយយើងក៏មិនបានវង្វេងបាត់ដែរ ។ ទ្រង់ឈរនៅមាត់ទ្វារលើកយើងឡើង ពង្រឹងដល់យើង និងអភ័យទោសដល់យើង ។ ទ្រង់តែងតែនៅចាំស្រលាញ់យើងជានិច្ច !
ការបង្ហាញដ៏អស្ចារ្យមួយនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះបុត្រាបុត្រីរបស់ព្រះ ត្រូវបានគេកត់ត្រាទុកក្នុងព្រះគម្ពីរមរមនថា « កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះទ្រង់ទតមើលជុំវិញហ្វូងមនុស្ស ហើយឃើញថា ពួកគេស្រក់ទឹកភ្នែក ហើយបានសម្លឹងមករកព្រះអង្គយ៉ាងខ្ជាប់ ហាក់បីដូចជាពួកគេសូមឲ្យទ្រង់ទ្រាំនៅជាមួយនឹងគេបន្តិចទៀត » ។( នីហ្វៃទី៣ ១៧:៥ ) ។
ព្រះអង្គសង្គ្រោះបានចំណាយពេលពេញមួយថ្ងៃដើម្បីបម្រើដល់ប្រជាជនទាំងនេះ ។ ទ្រង់មានកិច្ចការជាច្រើនដែលត្រូវធ្វើ— ទ្រង់ត្រូវទៅជួបចៀមផ្សេងទៀត ទ្រង់ត្រូវទៅរកព្រះវរបិតារបស់ទ្រង់ ។
ទោះបីជាមានកាតព្វកិច្ចទាំងនេះក្ដី ក៏ទ្រង់បានដឹងថាប្រជាជនទាំងនេះមានបំណងចង់ឲ្យទ្រង់ទ្រាំនៅជាមួយនឹងគេបន្តិចទៀត ។ បន្ទាប់មក ដោយព្រះទ័យរបស់ព្រះអង្គសង្រ្គោះពោរពេញទៅដោយសេចក្តីអាណិតអាសូរ នោះអព្ភូតហេតុដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃលោកិយនេះបានកើតឡើង ៖
ទ្រង់បាននៅជាមួយនឹងពួកគេ ។
ទ្រង់បានប្រទានពរដល់ពួកគេ ។
ទ្រង់បានបម្រើដល់កូនៗរបស់ពួកគេម្តងម្នាក់ៗ ។
ទ្រង់បានអធិស្ឋានឲ្យពួកគេ ទ្រង់ព្រះកន្សែងជាមួយពួកគេ ។
ទ្រង់បានព្យាបាលដល់ពួកគេ ។ ( សូមមើល នីហ្វៃទី៣ ១៧ ) ។
ការសន្យារបស់ទ្រង់គឺអស់កល្បជានិច្ច ៖ ទ្រង់នឹងព្យាបាលយើង ។
ចំពោះអ្នកដែលបានវង្វេងចេញពីផ្លូវនៃសេចក្ដីសញ្ញា សូមដឹងថា វាតែងតែមានសេចក្ដីសង្ឃឹម មានការព្យាបាល ហើយមានផ្លូវត្រឡប់មកវិញជានិច្ច ។
សារដ៏អស់កល្បជានិច្ចនៃសេចក្ដីសង្ឃឹមរបស់ទ្រង់ គឺជាប្រទាលសះមុខសម្រាប់ព្យាបាលដល់អស់អ្នកដែលរស់នៅក្នុងពិភពលោកដែលមានបញ្ហានេះ ។ ទ្រង់បានមានព្រះបន្ទូលថា « ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត » ( យ៉ូហាន ១៤:៦ ) ។
បងប្អូនប្រុសស្រី សូមឲ្យយើងចងចាំក្នុងការស្វែងរកទ្រង់ ស្រឡាញ់ទ្រង់ ហើយចងចាំទ្រង់ជានិច្ច ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះមានព្រះជន្មនៅរស់ ហើយថាទ្រង់ស្រឡាញ់ពួកយើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់បន្ថែមទៀតថា ព្រះយេស៊ូគ្រីស្ទ គឺជាព្រះអង្គសង្រ្គោះ និងជាព្រះប្រោសលោះនៃពិភពលោកនេះ ។ ទ្រង់គឺជាអ្នកព្យាបាលដ៏អស្ចារ្យ ។ ខ្ញុំដឹងថា ព្រះប្រោសលោះខ្ញុំនៅរស់ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕