ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទជាដំណោះស្រាយចំពោះបញ្ហាយើង ប៉ុន្តែយើងត្រូវតែបើកភ្នែក ហើយផ្ដោតមើលទៅទ្រង់ ។
ឪពុកខ្ញុំធ្លាប់ប្រាប់ខ្ញុំថា « ចូរកុំផ្តោតអារម្មណ៍ខ្លាំងទៅលើបញ្ហាកូន ដែលកូនមិនអាចមើលឃើញដំណោះស្រាយនោះឡើយ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាដំណោះស្រាយ សូម្បីតែបញ្ហាដ៏លំបាកបំផុតរបស់យើងក៏ដោយ ។ ជាពិសេស ទ្រង់បានយកឈ្នះបញ្ហាបួនយ៉ាង ដែលយើងម្នាក់ៗប្រឈមមុខ ដែលគ្មានយើងណាម្នាក់អាចដោះស្រាយដោយខ្លួនឯងបាន ។
-
បញ្ហាទីមួយគឺ សេចក្ដីស្លាប់ខាងរាងកាយ ។ យើងអាចព្យាយាមពន្យារពេល ឬមិនអើពើនឹងវាបាន ប៉ុន្តែយើងមិនអាចយកឈ្នះវាដោយខ្លួនឯងបានឡើយ ។ ទោះជាយ៉ាងណា ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើសេចក្ដីស្លាប់សម្រាប់យើង ហើយជាលទ្ធផល យើងទាំងអស់គ្នានឹងរស់ឡើងវិញនៅថ្ងៃមួយ ។១
-
បញ្ហាទីពីររួមមានទុក្ខវេទនា បទពិសោធន៍លំបាកៗ ភាពសោកសៅ ការឈឺចាប់ និងភាពអយុត្តិធម៌នៃពិភពលោកនេះ ។ ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើរឿងទាំងអស់នេះ ។ សម្រាប់អ្នកដែលខិតខំដើរតាមទ្រង់ នោះថ្ងៃមួយទ្រង់នឹង « ជូតអស់ទាំងទឹកភ្នែក » ហើយធ្វើឲ្យអ្វីៗបានត្រឹមត្រូវម្ដងទៀត ។២ ក្នុងអំឡុងពេលនេះ ទ្រង់អាចពង្រឹងយើងឲ្យឆ្លងកាត់ការសាកល្បងដោយទំនុកចិត្ត សេចក្ដីសង្ឃឹម និងភាពសុខសាន្ត ។៣
-
បញ្ហាទីបីគឺសេចក្ដីស្លាប់ខាងវិញ្ញាណដែលកើតឡើងពីអំពើបាប ។ ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើបញ្ហានេះ ដោយលើកដាក់លើអង្គទ្រង់នូវ « ការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី » ។៤ ដោយសារការលះបង់ដ៏ធួនរបស់ទ្រង់ យើងអាចរួចផុតពីផលវិបាកនៃអំពើបាប បើយើងមានសេចក្ដីជំនឿលើព្រះអង្គសង្រ្គោះ ប្រែចិត្តដោយស្មោះ ទទួលយកសេចក្ដីសញ្ញាដែលព្រះវរបិតាប្រទានដល់យើង តាមរយៈពិធីបរិសុទ្ធសំខាន់ៗ ដូចជាពិធីបុណ្យជ្រមុជទឹក ហើយស៊ូទ្រាំដល់ទីបញ្ចប់ ។៥
-
បញ្ហាទីបួនគឺធម្មជាតិមានដែនកំណត់និងមិនល្អឥតខ្ចោះរបស់យើង ។ ព្រះយេស៊ូវគ្រីស្ទក៏មានដំណោះស្រាយចំពោះបញ្ហានេះផងដែរ ។ ទ្រង់មិនគ្រាន់តែលុបកំហុសរបស់យើង ហើយធ្វើឲ្យយើងឥតមានទោសម្តងទៀតនោះទេ ។ ទ្រង់អាចធ្វើ « ការផ្លាស់ប្ដូរយ៉ាងធំ … នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ »។៦ យើងអាចបានល្អឥតខ្ចោះដោយព្រះគុណនៃព្រះគ្រីស្ទ ហើយនៅថ្ងៃមួយប្រែក្លាយដូចជាទ្រង់ ។៧
ជាអកុសល យើងផ្តោតខ្លាំងទៅលើបញ្ហាផ្ទាល់ខ្លួនញឹកញាប់ពេក ហើយយើងបាត់បង់ការផ្តោតទៅលើដំណោះស្រាយ គឺព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើង ។ តើយើងចៀសវាងពីកំហុសនោះដោយរបៀបណា ? ខ្ញុំជឿថា ចម្លើយគឺមាននៅក្នុងសេចក្ដីសញ្ញាដែលអញ្ជើញយើងឲ្យធ្វើជាមួយទ្រង់ និងព្រះវរបិតាសួគ៌ ។
ការផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្ដីសញ្ញា
សេចក្ដីសញ្ញារបស់យើងជួយយើងឲ្យផ្តោតចិត្តទុកដាក់ ផ្ដោតគំនិត និងសកម្មភាពរបស់យើងទៅលើព្រះគ្រីស្ទ ។ នៅពេលយើង « នៅជាប់នឹងសេចក្ដីសញ្ញាទាំងឡាយ ដែល [ យើង ] បានធ្វើ » នោះយើងអាចកាន់តែងាយស្គាល់ « របស់ទាំងឡាយនៃពិភពលោកនេះ » ដែលយើងត្រូវ « ទុកចោល » និង « របស់ទាំងឡាយណាដែលគ្រាន់បើជាង [ ពិភពលោក ] នេះ » ដែលយើងត្រូវតែស្វែងរកដោយឧស្សាហ៍ព្យាយាមវិញ ។៨
នោះគឺជាអ្វីដែលប្រជាជនអាំម៉ូនបានធ្វើនៅក្នុងព្រះគម្ពីរមរមន ។ កាលដែលពួកគេបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ហើយបានចាប់ផ្ដើមផ្តោតជីវិតរបស់ពួកគេទៅលើទ្រង់ នោះពួកគេបានទទួលស្គាល់ថា ពួកគេគួរតែកប់គ្រឿងសាស្ត្រាវុធពិជ័យសង្គ្រាម ហើយប្រែជាមនុស្សស្មោះត្រង់ឥតខ្ចោះ និង « ត្រូវបានញែកចេញ ដោយព្រោះគេមានចិត្តឧស្សាហ៍ដល់ព្រះ » ។៩
ការរក្សាសេចក្ដីសញ្ញានាំយើងឲ្យស្វែងរកអ្វីក៏ដោយដែលអញ្ជើញឲ្យមានឥទ្ធិពលនៃព្រះវិញ្ញាណ ហើយបដិសេធចោលអ្វីៗដែលបណ្ដេញឥទ្ធិពលនោះវិញ—« ដ្បិតយើងដឹងថា បើយើងអាចមានភាពស័ក្ដិសមនឹងវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចមានភាពស័ក្ដិសមដើម្បីរស់នៅក្នុងវត្តមាននៃព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទបាន » ។១០ នេះអាចមានន័យថា យើងត្រូវតែផ្លាស់ប្ដូរពាក្យសម្ដី ដោយប្រើពាក្យសប្បុរសទាំងឡាយវិញ ។ វាអាចមានន័យថា ការជំនួសទម្លាប់មិនល្អខាងវិញ្ញាណដោយទម្លាប់ថ្មីៗដែលពង្រឹងទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់ ដូចជាការអធិស្ឋាន និងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃផ្ទាល់ខ្លួន និងជាមួយគ្រួសាររបស់យើង ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាន៍ថា « បុគ្គលម្នាក់ៗដែលចុះសេចក្តីសញ្ញានៅក្នុងអាងជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ—ហើយរក្សាសេចក្តីសញ្ញាទាំងនោះ—គឺបានទទួលព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង ។ …
រង្វាន់នៃការរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះ គឺជាព្រះចេស្តាមកពីស្ថានសួគ៌—ពោលគឺព្រះចេស្តាដែលពង្រឹងយើងកាន់តែខ្លាំង ឲ្យទប់ទល់នឹងការសាកល្បង ការល្បួង និងការឈឺចាប់ទាំងឡាយរបស់យើង » ។១១
ការរំឭកសេចក្តីសញ្ញាអំឡុងពេលសាក្រាម៉ង់ជារៀងរាល់ថ្ងៃអាទិត្យ របស់ យើង គឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីល្បងខ្លួនយើង១២ ហើយផ្តោតជីវិតយើង ទៅលើព្រះយេស៊ូវគ្រីស្ទ ។ ដោយការទទួលទានសាក្រាម៉ង់ យើងប្រកាសថា យើងពិតជា « ចងចាំទ្រង់ជានិច្ច » ។១៣ ពាក្យ ជានិច្ច គឺសំខាន់ណាស់ ។ វាពង្រីកឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះទៅគ្រប់ផ្នែកនៃជីវិតរបស់យើង ។ យើងមិនចងចាំទ្រង់តែនៅព្រះវិហារ ឬអំឡុងពេលអធិស្ឋានពេលព្រឹករបស់យើង ឬនៅពេលដែលយើងមានបញ្ហា ហើយយើងត្រូវការអ្វីមួយប៉ុណ្ណោះទេ ។
មែន ហើយ ពេលខ្លះយើងមានការរំខាន ។ យើងភ្លេច ។ យើងបាត់បង់ការផ្តោត ។ ប៉ុន្តែការធ្វើសេចក្តីសញ្ញាឡើងវិញមានន័យថា យើង ចង់ ចងចាំព្រះអង្គសង្គ្រោះជានិច្ច ថាយើងនឹងព្យាយាមធ្វើដូច្នេះពេញមួយសប្តាហ៍ ហើយថាយើងប្ដេជ្ញាចិត្តឡើងវិញ ផ្តោតទៅលើទ្រង់ម្ដងទៀតនៅឯតុសាក្រាម៉ង់នៅសប្តាហ៍ក្រោយ ។
ការផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទនៅក្នុងផ្ទះរបស់យើង
ច្បាស់ណាស់ ការផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទត្រូវតែមានក្រៅពីថ្ងៃអាទិត្យ ដែលជាសកម្មភាពនៅព្រះវិហារ ។ កាលប្រធាន ណិលសុន បានណែនាំ ចូរមកតាមខ្ញុំ ក្នុងឆ្នាំ ២០១៨ លោកបានថ្លែងថា « វាគឺ ជាពេលសម្រាប់ សាសនាចក្រផ្ដោតទៅលើគេហដ្ឋាន » ។១៤ លោកបានថ្លែងថា យើងគួរតែ « ផ្លាស់ប្រែគេហដ្ឋាន [ របស់យើង ]ទៅជាទីបរិសុទ្ធនៃសេចក្ដីជំនឿ » និងជា « មជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ » ។ ហើយលោកបានធ្វើការសន្យាដ៏អស្ចារ្យចំនួនបួនចំពោះយើង បើយើងធ្វើដូច្នោះ ។១៥
ការសន្យាទីមួយ ៖ « ថ្ងៃឈប់សម្រាក របស់បងប្អូន នឹងបានជាទីរីករាយចិត្តពិតប្រាកដ » ។ វានឹងក្លាយជាថ្ងៃមួយដែលយើងខិតទៅជិតព្រះអង្គសង្គ្រោះយើង ។ ដូចដែលយុវនារីម្នាក់មកពីប្រទេសប៉េរូបាននិយាយថា « ថ្ងៃរបស់ព្រះអម្ចាស់គឺជាថ្ងៃដែលខ្ញុំទទួលបានចម្លើយច្រើនបំផុតពីព្រះអម្ចាស់ » ។
ការសន្យាទីពីរ ៖ « កូនចៅ របស់បងប្អូន នឹងមានចិត្តរំភើបក្នុងការរៀន និងរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ » ។ នោះជាមូលហេតុដែល « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ … ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពទឹកណា មួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ។១៦
ដូចអេណុសបានធ្វើ យើងធ្វើបែបនេះដើម្បីថ្ងៃមួយ ពេលដែលកូនប្រុសយើងចេញទៅធ្វើការ ឬឡើងភ្នំ ឬទៅប្រមាញ់សត្វក្នុងព្រៃ នោះគេអាចចងចាំពីអ្វីដែលយើងបានបង្រៀនគេអំពីព្រះគ្រីស្ទ និងអំណរនៃការរស់នៅតាមដំណឹងល្អ ។ ហើយតើនរណានឹងដឹងទៅ ? វាអាចជាថ្ងៃដែលគេនឹងមានអារម្មណ៍ស្រេកឃ្លានខាងវិញ្ញាណ ដែលជួយបង្វែរគេទៅកាន់ព្រះយេស៊ូវគ្រីស្ទ ដើម្បីគេអាចស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់មានបន្ទូលទៅកាន់គេថា « បាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកនឹងបានពរ »។១៧
ការសន្យាទីបី ៖« ឥទ្ធិពលរបស់មារសត្រូវនៅក្នុងជីវិត និងគេហដ្ឋានរបស់បងប្អូននឹងត្រូវសាបរលាប » ។ ហេតុអ្វីទៅ ? ពីព្រោះកាលណាយើងកាន់តែផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ នោះអំពើបាបកាន់តែបាត់បង់ការដង្ហោយហៅរបស់វា ។១៨ ពេលដែលគេហដ្ឋានយើងពោរពេញទៅដោយពន្លឺរបស់ព្រះអង្គសង្រ្គោះ នោះភាពងងឹតរបស់មារសត្រូវនឹងមានកាន់តែតិចទៅៗ ។
ការសន្យាទីបួន ៖ « ការផ្លាស់ប្ដូរនៅក្នុងគ្រួសារបងប្អូននឹងមានយ៉ាងខ្លាំង និងរឹងមាំ » ។ ហេតុអ្វីទៅ ? ព្រោះការផ្លាស់ប្តូរដែលព្រះយេស៊ូវគ្រីស្ទនាំមកគឺ « ការផ្លាស់ប្ដូរដ៏ធំ » ។១៩ ទ្រង់ផ្លាស់ប្ដូរគ្រប់ធម្មជាតិយើង ហើយយើងក្លាយជា « សត្វលោកថ្មី » ។២០ យើងប្រែក្លាយបន្ដិចម្ដងៗកាន់តែដូចជាព្រះអង្គសង្គ្រោះ ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ចំពោះបុត្រាបុត្រីទាំងអស់របស់ព្រះ ។
តើនរណាមិនចង់ឲ្យការសន្យាទាំងនេះបំពេញក្នុងជីវិតពួកគេ និងក្នុងក្រុមគ្រួសារពួកគេនោះ ? តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានការសន្យាទាំងនេះ ? ចម្លើយគឺថា ផ្លាស់ប្រែគេហដ្ឋានរបស់យើងទៅជាទីបរិសុទ្ធនៃសេចក្ដីជំនឿ និងជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ ។ ហើយតើយើងធ្វើវាដោយរបៀបណា ? គឺដោយការផ្ដោតទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយធ្វើឲ្យទ្រង់ទាំងទ្វេក្លាយជាចំណុចកណ្តាលនៃជីវិតគ្រួសារយើង ជាឥទ្ធិពលដ៏សំខាន់បំផុតនៅក្នុងគេហដ្ឋានយើង ។
តើខ្ញុំអាចផ្ដល់យោបល់ឲ្យ បងប្អូនចាប់ផ្ដើមធ្វើឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ នៅក្នុងព្រះគម្ពីរ មានចំណែកប្រចាំថ្ងៃក្នុងជីវិតរបស់បងប្អូនបានទេ ? គ្មានរូបមន្តណាសម្រាប់ការសិក្សាព្រះគម្ពីរដ៏ល្អឥតខ្ចោះនោះទេ ។ វាអាចជា ៥ ឬ ១០ នាទីជារៀងរាល់ថ្ងៃ—ឬច្រើនជាងនេះ បើបងប្អូនអាចធ្វើបាន ។ វាអាចមួយជំពូក ឬពីរបីខក្នុងមួយថ្ងៃ ។ គ្រួសារមួយចំនួនចូលចិត្តសិក្សានៅពេលព្រឹក មុនពេលពួកគេចេញទៅសាលា ឬធ្វើការ ។ អ្នកផ្សេងទៀតចូលចិត្តអាននៅពេលយប់មុនពេលចូលគេង ។ គូស្វាមីភរិយាវ័យក្មេងមួយចំនួនបានប្រាប់ខ្ញុំថា ពួកគេសិក្សាផ្ទាល់ខ្លួននៅតាមផ្លូវទៅធ្វើការ ហើយបន្ទាប់មកចែករំលែកការយល់ដឹងជាមួយគ្នាតាមការផ្ញើសារ ដូច្នេះមតិយោបល់ និងការពិភាក្សារបស់ពួកគេត្រូវបានកត់ត្រាទុក ។
ចូរមកតាមខ្ញុំ ផ្តល់នូវយោបល់ជាច្រើនអំពីសកម្មភាព និងធនធានដែលអាចជួយដល់បុគ្គល និងក្រុមគ្រួសារឲ្យរៀនគោលការណ៍ដំណឹងល្អពីព្រះគម្ពីរ ។ វីដេអូព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនក៏អាចជាឧបករណ៍ដ៏មានតម្លៃ ដើម្បីក្រុមគ្រួសារកាន់តែមានភាពងាយស្រួលក្នុងការរៀនពីព្រះគម្ពីរផងដែរ ។ ជាញឹកញាប់ យុវវ័យ និងកុមារត្រូវបានបំផុសគំនិតដោយដំណើររឿងដ៏គួរឲ្យចងចាំនៅក្នុងព្រះគម្ពីរ ។ ដំណើររឿងទាំងនេះ ព្រមទាំងគោលការណ៍ដំណឹងល្អ ដែលដំណើររឿងទាំងនេះបង្រៀន នឹងដក់ជាប់ជាមួយកូនៗបងប្អូន ដូចជាមិត្តជាទីទុកចិត្ត នៅពេលដែលពួកគេត្រូវការគំរូល្អៗនៃការបម្រើ គុណធម៌ ការគោរពប្រតិបត្តិ ការអត់ធ្មត់ ការតស៊ូ វិវរណៈផ្ទាល់ខ្លួន សេចក្ដីសប្បុរស ភាពរាបសា និងសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ យូរៗទៅ ភាពខ្ជាប់ខ្ជួនរបស់បងប្អូនក្នុងការទទួលទាននូវព្រះបន្ទូលនៃព្រះ នឹងជួយឲ្យកូនៗខិតមកកាន់តែជិតព្រះអង្គសង្រ្គោះ ។ ពួកគេនឹងមកស្គាល់ទ្រង់ជាងពេលណាៗទាំងអស់ ។
ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅសព្វថ្ងៃនេះ ។ ទ្រង់អាចមានវត្តមានយ៉ាងសកម្មប្រចាំថ្ងៃក្នុងជីវិតយើង ។ ទ្រង់ជាដំណោះស្រាយចំពោះបញ្ហាយើង ប៉ុន្តែយើងត្រូវតែបើកភ្នែក ហើយផ្ដោតមើលទៅទ្រង់ ។ ទ្រង់មានបន្ទូលថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។២១ កាលដែលយើងផ្តោតទៅលើទ្រង់ និងព្រះវរបិតា ចុះ និងរក្សាសេចក្ដីសញ្ញាជាមួយទ្រង់ទាំងទ្វេ ហើយធ្វើឲ្យទ្រង់ក្លាយជាឥទ្ធិពលដ៏សំខាន់បំផុតនៅក្នុងគេហដ្ឋាន និងគ្រួសារយើង នោះយើងនឹងក្លាយជាមនុស្សដែលប្រធាន ណិលសុន បានមើលឃើញថា ៖ « មនុស្សដែលមានសមត្ថភាព ដែលត្រៀមខ្លួន និងស័ក្តិសម ដើម្បីទទួលព្រះអម្ចាស់ ពេលទ្រង់យាងមកម្តងទៀត ជាបុគ្គលដែលរើសយកព្រះយេស៊ូវគ្រីស្ទ ជាជាងរើសយកពិភពលោកដ៏ធ្លាក់នេះ ជាបុគ្គលដែលរីករាយនៅក្នុងសិទ្ធិជ្រើសរើសរបស់ពួកគេ ដើម្បីរស់នៅតាមក្រឹត្យវិន័យកាន់តែខ្ពស់ និងកាន់តែបរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ »។២២ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕