បន្ទាប់ពីថ្ងៃទីបួន
ពេលយើងបន្តទៅមុខដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះថ្ងៃទីបួននឹងតែងតែកើតឡើង ។ ទ្រង់នឹងតែងតែមកជួយយើង ។
ដូចយើងត្រូវបានរំឭកកាលពីព្រឹកមិញថា ថ្ងៃនេះគឺជាថ្ងៃអាទិត្យធាងចាក ជាថ្ងៃគូសចំណាំអំពីការយាងចូលក្រុងយេរូសាឡិមដោយជោគជ័យរបស់ព្រះអង្គសង្គ្រោះ និងជាថ្ងៃចាប់ផ្តើមសប្តាហ៍ដ៏បរិសុទ្ធ ពីមុនដង្វាយធួនដ៏មហិមារបស់ទ្រង់រួមមានការរងទុក្ខ ការឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។
មិនយូរប៉ុន្មានពីមុនការព្យាការណ៍អំពីការយាងចូលទីក្រុងរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានធ្វើការងារបម្រើយ៉ាងសកម្ម កាលទ្រង់បានឮមិត្តរបស់ទ្រង់គឺ ម៉ារា និង ម៉ាថា ប្រាប់ថា ឡាសារ ប្អូនប្រុសរបស់ពួកគេឈឺ ។១
បើទោះបីជាជំងឺរបស់ឡាសារ មានសភាពធ្ងន់ធ្ងរក្តី ក៏ព្រះអម្ចាស់ « គង់នៅកន្លែងដដែលពីរថ្ងៃទៀត ។ ក្រោយមក ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅឯស្រុកយូដាវិញ » ។២ ពីមុនធ្វើដំណើរទៅផ្ទះមិត្តរបស់ទ្រង់នៅភូមិបេថានី « ព្រះយេស៊ូវមានបន្ទូលទៅកាន់[ សិស្សរបស់ទ្រង់ ]យ៉ាងច្បាស់ថា ឡាសារស្លាប់ហើយ » ។៣
ពេលព្រះយេស៊ូវយាងទៅដល់ភូមិបេថានី ក៏បានជួបម៉ាថាមុន បន្ទាប់មកម៉ារា—ប្រហែលជាមកពីការមួរម៉ៅចំពោះការមកយឺតរបស់ទ្រង់—នោះពួកគេបានជម្រាបសួរទ្រង់ថា « ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ » ។៤ ម៉ាថាបានបន្តថា « ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ » ។៥
រយៈពេលបួនថ្ងៃនេះគឺមានសារៈសំខាន់ដល់ម៉ារា និងម៉ាថាណាស់ ។ បើតាមគំនិតរបស់សាសន៍យូដាមួយចំនួន គេជឿថា វិញ្ញាណនៃមនុស្សមួយចំនួនដែលបានស្លាប់ទៅ បន្តនៅក្នុងរាងកាយចំនួនបីថ្ងៃ ដែលផ្តល់សេចក្តីសង្ឃឹមថា អាចនៅរស់រានមានជីវិត ។ ប៉ុន្តែដល់ថ្ងៃទីបួន សេចក្តីសង្ឃឹមនោះត្រូវបាត់បង់ ប្រហែលដោយសាររាងកាយនឹងចាប់ផ្តើមរលួយ និង « ធុំក្លិនហើយ » ។៦
ម៉ារី និង ម៉ាថា ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ។ « នៅពេលព្រះយេស៊ូវបានឃើញ[ ម៉ារី ]កំពុងយំ « ទ្រង់មានសេចក្តីរំជួលក្នុងព្រះទ័យ ហើយ …ព្រះកន្សែង
« ហើយមានព្រះបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា ? គេទូលឆ្លើយថា ព្រះអម្ចាស់សូមយាងទៅទតមើល » ។៧
នៅគ្រានេះហើយ ដែលយើងឃើញអព្ភូតហេតុដ៏អស្ចារ្យមួយនៃអព្ភូតហេតុជាច្រើនអំឡុងការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ។ ដំបូងព្រះអម្ចាស់បានមានបន្ទូលថា « ចូរយកថ្មចេញ » ។៨ បន្ទាប់ពីអរគុណព្រះវបិតាទ្រង់រួច « ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក ។
នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ » ។៩
ដូចម៉ារា និង ម៉ាថា ដែរ យើងមានឱកាសទទួលបទពិសោធន៍អំពីជីវិតរមែងស្លាប់ទាំងអស់ សូម្បីតែទុក្ខព្រួយ១០ និងភាពទន់ខ្សោយ ។១១ ពួកយើងម្នាក់ៗនឹងជួបការឈឺចាប់ ពេលបាត់បង់មនុស្សដែលយើងស្រឡាញ់ ។ ដំណើរជីវិតរមែងស្លាប់របស់យើង អាចរួមមាន ជំងឺផ្ទាល់ខ្លួន ឬជំងឺធ្ងន់ធ្ងរនៃមនុស្សជាទីស្រឡាញ់ ជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗទៀត ការលំបាកផ្នែកហិរញ្ញវត្ថុ ការផិតក្បត់ អំពើបាប ។ ហើយពេលខ្លះបញ្ហាទាំងនេះកើតឡើងដំណាលគ្នានឹងអារម្មណ៍អស់សង្ឃឹម ។ ខ្ញុំក៏មិនខុសពីបងប្អូនទាំងអស់គ្នាដែរ ។ ក៏ដូចជាបងប្អូនដែរ ខ្ញុំបានជួបនឹងបញ្ហាជាច្រើន ដែលរំពឹងថានឹងមាននៅក្នុងជីវិតនេះ ។ ខ្ញុំចូលចិត្តដំណើររឿងនេះអំពីព្រះអង្គសង្គ្រោះ និងអ្វីដែលវាបង្រៀនខ្ញុំអំពីទំនាក់ទំនងរបស់យើងជាមួយទ្រង់ ។
អំឡុងការព្រួយបារម្ភដ៏ធំរបស់យើង យើងក៏ដូចជាម៉ារា និងម៉ាថាដែរ គឺស្វែងរកព្រះអង្គសង្គ្រោះ ឬសូមឲ្យព្រះវរបិតាប្រទានការអន្តរាគមន៍ដ៏ទេវភាពរបស់ទ្រង់ ។ ដំណើររឿងអំពីឡាសារបង្រៀនយើងនូវគោលការណ៍នានា ដែលយើងអាចអនុវត្តក្នុងជីវិតយើងផ្ទាល់ នៅពេលយើងប្រឈមនឹងឧបសគ្គរៀងៗខ្លួន ។
នៅពេលព្រះអង្គសង្រ្គោះបានមកដល់ភូមិបេថានី ទាំងអស់គ្នាបានអស់សង្ឃឹមថា ឡាសារអាចត្រូវបានជួយសង្គ្រោះឲ្យរស់ទៀតហើយ—រយៈពេលបួនថ្ងៃហើយ គាត់បានស្លាប់បាត់ហើយ ។ ពេលខ្លះអំឡុងពេលមានឧសគ្គផ្ទាល់ខ្លួន យើងអាចនឹងមានអារម្មណ៍ថា ព្រះគ្រីស្ទហាក់ដូចជាមកយឺតពេកហើយ សេចក្តីសង្ឃឹម និងសេចក្តីជំនឿរបស់យើងមានអារម្មណ៍ថាមានភាពដុនដាប ។ សាក្សី និងទីបន្ទាល់របស់ខ្ញុំគឺថា ពេលយើងបន្តទៅមុខដោយមានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះថ្ងៃទីបួននឹងតែងតែកើតឡើង ។ ទ្រង់នឹងតែងតែមកជួយយើង ឬនាំយើងឲ្យមានសេចក្តីសង្ឃឹមឡើងវិញ ។ ទ្រង់បានសន្យា ៖
« កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ » ។១២
« ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ៖ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ » ។១៣
ពេលខ្លះ វាហាក់ដូចជាទ្រង់ពុំយាងមករកយើងទេ រហូតដល់ថ្ងៃទីបួន បន្ទាប់ពីសេចក្តីសង្ឃឹមទាំងអស់ ដូចជាបាត់បង់អស់ហើយនោះ ។ ប៉ុន្តែហេតុអ្វីក៏យឺតម្ល៉េះ ? ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនថា « ព្រះវបិតាសួគ៌យើង ដែលប្រទានពរជ័យច្រើនដល់យើងឲ្យរីករាយក៏ជ្រាបដែរថា យើងរៀន និងរីកចម្រើន ហើយកាន់តែរឹងមាំពេលយើងប្រឈម ហើយរស់ក្នុងការសាកល្បងដែលយើងត្រូវឆ្លងកាត់ » ។១៤
សូម្បីតែព្យាការី យ៉ូសែប ស៊្មីធ ក៏បានជួបនឹងបទពិសោធន៍ថ្ងៃទីបួនដ៏ខ្លាំងក្លានេះដែរ ។ តើបងប្អូនចាំពីការអង្វរកររបស់លោកទេ ? « ឱ ព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? ហើយតើព្រះពន្លាដែលគ្របបាំងទីបំពួនទ្រង់នៅទីណា ? »១៥ នៅពេលយើងទុកចិត្តទ្រង់ យើងអាចរំពឹងចាំចម្លើយមួយដូចនេះថា « បុត្រ [ ឬបុត្រី ] យើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » ។១៦
សារមួយទៀត ដែលយើងអាចរៀនពីដំណើររឿងរបស់ឡាសារ គឺតួនាទីរបស់យើងផ្ទាល់នៅក្នុងការអន្តរាគមន៍ដ៏ទេវភាព ដែលយើងស្វែងរក ។ ពេលព្រះយេស៊ូវបានទៅដល់ផ្នូរ ទីមួយ ទ្រង់បានមានបន្ទូលទៅកាន់អ្នកទាំងឡាយដែលនៅទីនោះថា « ចូរយកថ្មចេញ » ។១៧ តាមព្រះចេស្តាដែលព្រះអង្គសង្គ្រោះមាន តើ ទ្រង់ មិនអាចប្រើអព្ភូតហេតុយកថ្មចេញដោយមិនចាំបាច់ប្រឹងទេឬអី ? ការណ៍នេះពិតជាគួរឲ្យចាប់អារម្មណ៍ដើម្បីមើលឃើញ និងមានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដែលទ្រង់បានមានបន្ទូលទៅអ្នកដទៃថា « ចូរយកថ្មចេញ » ។
ទីពីរ ព្រះអម្ចាស់ « ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក » ។១៨ តើវាមិនកាន់តែគួរឲ្យចាប់អារម្មណ៍ទេឬអី បើព្រះអម្ចាស់ផ្ទាល់ប្រើអព្ភូតហេតុដាក់ឲ្យឡាសារឈរនៅច្រកចូលផ្នូរ ឲ្យហ្វូងមនុស្សមើលឃើញគាត់ភ្លាម នៅពេលដែលគេយកថ្មចេញនោះ ?
ទីបី ពេលឡាសារបានចេញមក គាត់ចេញមកទាំងមាន « សំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ » ។១៩ ខ្ញុំប្រាកដចិត្តថា ព្រះអម្ចាស់មានសមត្ថភាពក្នុងការធ្វើឲ្យឡាសារឈរនៅច្រកចូលផ្នូរ ទាំងស្អាតបាតជាស្រេច ហើយអាចចូលទៅជិតបាន ដោយសំពត់ស្នបរុំបានបត់ទុកយ៉ាងស្អាត ។
តើចំនុចសំខាន់នៃទិដ្ឋភាពនេះមានអ្វីខ្លះ ? ចំណុចទាំងបីនេះមានអ្វីមួយដូចគ្នា—គឺគ្មានចំណុចណាមួយតម្រូវឲ្យប្រើព្រះចេស្តាដ៏ទេវភាពរបស់ព្រះគ្រីស្ទទេ ។ ចំណុចណាដែលពួកសិស្សរបស់ទ្រង់អាចធ្វើបាន នោះទ្រង់ត្រាស់បង្គាប់ ពួកគេ ឲ្យធ្វើ ។ ពួកសិស្សពិតជាមានលទ្ធភាពក្នុងការយកថ្មចេញបានដោយខ្លួនឯង ឡាសារ បន្ទាប់ពីបានជួយឲ្យរស់ គាត់មានលទ្ធភាពឈរ និងបង្ហាញខ្លួនគាត់នៅច្រកចូលផ្នូរបាន ហើយអ្នកទាំងឡាយដែលស្រឡាញ់ ឡាសារ ពិតជាអាចជួយគាត់យកសំពត់ស្នបរុំចេញបាន ។
ទោះជាយ៉ាងណា មានតែព្រះគ្រីស្ទប៉ុណ្ណោះដែលមានព្រះចេស្តា និងសិទ្ធិអំណាចដើម្បីធ្វើឲ្យឡាសាររស់ពីស្លាប់ឡើងវិញបាន ។ ចំណាប់អារម្មណ៍របស់ខ្ញុំគឺថា ព្រះអង្គសង្គ្រោះរំពឹងឲ្យយើងខំធ្វើឲ្យអស់ពីលទ្ធភាពដែលយើងអាចធ្វើបាន រួចទ្រង់នឹងធ្វើនូវអ្វីដែល មានតែទ្រង់ប៉ុណ្ណោះ អាចធ្វើបាន ។២០
យើងដឹងថា « សេចក្តីជំនឿ [ លើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ] គឺជាគោលការណ៍នៃសកម្មភាព »២១ ហើយ « អព្ភូតហេតុមិនធ្វើឲ្យមានសេចក្ដីជំនឿទេ ប៉ុន្តែសេចក្ដីជំនឿដ៏រឹងមាំ គឺកើតមានឡើង តាមរយៈការគោរពតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ម្យ៉ាងទៀត សេចក្ដីជំនឿកើតមានមកដោយសារសេចក្ដីសុចរិត » ។២២ នៅពេលយើងព្យាយាមធ្វើសកម្មភាពដោយសុច្ចរិត តាមរយៈការចុះ និងការរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋនានា ហើយអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទនៅក្នុងជីវិតនោះសេចក្តីជំនឿរបស់យើងនឹងមិនត្រឹមតែគ្រប់គ្រាន់ដើម្បីនាំយើងឆ្លងផុតថ្ងៃទីបួនប៉ុណ្ណោះទេ យើងក៏ថែមទាំងអាចយកថ្មដែលនៅលើផ្លូវរបស់យើងចេញផងដែរ ងើបចេញពីអ្វីដែលអស់សង្ឃឹម និងរំដោះខ្លួនយើងចេញពីអ្វីដែលចងក្រៀកយើង តាមរយៈជំនួយរបស់ព្រះអម្ចាស់ ។ ពេលព្រះអម្ចាស់រំពឹងយើងឲ្យ « ប្រព្រឹត្តការណ៍ទាំងនេះ ដែលនៅក្នុងអំណាចយើង »២៣ នោះសូមចាំថា ទ្រង់នឹងប្រទានជំនួយដែលត្រូវការក្នុងកិច្ចការទាំងនេះ នៅពេលយើងទុកចិត្តទ្រង់ ។
តើយើងអាចយកថ្មចេញ ហើយសង់គ្រឹះនៅលើថ្មរបស់ទ្រង់យ៉ាងដូចម្ដេច ?២៤ យើងអាចធ្វើតាម ការទូន្មាន របស់ពួកព្យាការី ។
ឧទាហរណ៍ កាលពីខែតុលា ប្រធាន រ័សុល អិម ណិលសុន បានអង្វរយើងឲ្យមើលខុសត្រូវលើទីបន្ទាល់ផ្ទាល់ខ្លួនយើងអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ហើយខិតខំទទួលបានទីបន្ទាល់នោះ និងចិញ្ចឹមបីបាច់ទីបន្ទាល់ទាំងនោះ ផ្តល់សេចក្តីពិតដល់ទីបន្ទាល់ ហើយចៀសវាងការបំពុលទីបន្ទាល់ទាំងនោះដោយទស្សនវិជ្ជាខុសឆ្គងរបស់អ្នកមិនជឿ ។ លោកបានសន្យាដល់យើងម្នាក់ៗថា « ពេលបងប្អូនដាក់អាទិភាពខ្ពស់បំផុត ដើម្បីបន្តពង្រឹងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ នោះសូមចាំមើលអព្ភូតហេតុដែលនឹងកើតមាននៅក្នុងជីវិតរបស់បងប្អូន » ។២៥
យើងអាចធ្វើដូចនេះបាន !
តើយើងអាចក្រោកឡើង ហើយចេញមកដោយរបៀបណា ? យើងអាចប្រែចិត្តដោយអំណរ ហើយជ្រើសរើសគោរពតាម បទបញ្ញត្តិទាំងឡាយ ។ ព្រះអម្ចាស់បានមានបន្ទូលថា « អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសម្ដែងខ្លួនឲ្យអ្នកនោះស្គាល់ផង » ។២៦ យើងអាចព្យាយាមប្រែចិត្តរាល់ថ្ងៃ ហើយបន្តទៅមុខដោយអំណរទាំងដួងចិត្តពេញដោយសេចក្តីស្រឡាញ់ចំពោះព្រះអម្ចាស់ ។
យើងអាចធ្វើដូចនេះបាន !
ដោយមានជំនួយពីព្រះអម្ចាស់ តើយើងអាចដោះខ្លួនពីចំណងដែលចងយើងដោយរៀបណា ? យើងអាចចងភ្ជាប់ខ្លួនទៅនឹងព្រះវបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទតាមរយៈ សេចក្តីសញ្ញាដោយចេតនាពិត ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « តើអ្វីទៅជាប្រភពនៃអំណាចខាងសីលធម៌ និងខាងវិញ្ញាណ [ របស់យើង ] ហើយតើយើងទទួលបានវាតាមរបៀបណា ? ប្រភពនោះគឺជាព្រះ ។ សិទ្ធិរបស់យើងដើម្បីទទួលបានអំណាចនោះគឺតាមរយៈសេចក្ដីសញ្ញារបស់យើងជាមួយទ្រង់ ។ … នៅក្នុងកិច្ចព្រមព្រៀងដ៏ទេវភាពទាំងនេះ ព្រះបានសន្យាថាគាំទ្រ ញែកឲ្យបរិសុទ្ធ និងលើកតម្កើងយើង ជាការឆ្លើយតបចំពោះការតាំងចិត្តរបស់យើងដើម្បីបម្រើទ្រង់ ហើយរក្សាព្រះបញ្ញត្តិរបស់ទ្រង់ » ។២៧ យើងអាចចុះ និងគោរពសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងឡាយ ។
យើងអាចធ្វើដូចនេះបាន !
« ចូរយកថ្មចេញ » ។ « ចូរចេញមក » ។ « ចូរស្រាយគាត់ឲ្យទៅចុះ » ។
ការទូន្មាន ព្រះបញ្ញតិ្ត និងសេចក្តីសញ្ញា ។ យើងអាចធ្វើដូចនេះបាន !
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានសន្យាថា « ពរជ័យខ្លះកើតឡើងលឿន ខ្លះមកយឺត ហើយខ្លះមិនកើតមានឡើយរហូតដល់នៅឯស្ថានសួគ៌ ប៉ុន្ដែសម្រាប់អស់អ្នកដែលឱបក្រសោបដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ វានឹងកើតឡើង » ។២៨
ហើយចុងក្រោយ « ហេតុដូច្នោះហើយ ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ត្បិតយើងជាព្រះអម្ចាស់ គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក » ។២៩
នេះជាសាក្សី និងទីបន្ទាល់របស់ខ្ញុំ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃអង្គដែលតែងតែនឹងយាងមកគឺព្រះយេស៊ូវគ្រីស្ធ អាម៉ែន ៕