« ចូរស្តាប់តាមទ្រង់ចុះ » ជំពូក ២ នៃ ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥- ឆ្នាំ ១៨៤៦ឆ្នាំ ២០១៨ )
ជំពូក ២ ៖ « ចូរស្តាប់តាមទ្រង់ចុះ »
ជំពូក ២
ចូរស្តាប់តាមទ្រង់ចុះ
យ៉ូសែបបានក្រោកឡើងពីព្រឹកព្រលឹមនានិទិឃរដូវឆ្នាំ ១៨២០ ហើយបានចេញទៅក្នុងព្រៃក្បែរផ្ទះរបស់លោក ។ វាជាថ្ងៃដែលមានមេឃស្រឡះ និងស្រស់បំព្រង ហើយពន្លឺព្រះអាទិត្យចែងចាំងឆ្លុះព្រៃព្រឹក្សាពីលើមេឃមក ។ លោកចង់នៅតែឯងពេលលោកអធិស្ឋាន ហើយលោកបានស្គាល់កន្លែងស្ងប់ស្ងាត់មួយនៅក្នុងព្រៃ ជាកន្លែងមួយដែលលោកទើបតែបានកាប់ឆ្ការព្រៃរួច ។ លោកបានទុកពូថៅលោកនៅទីនោះ ដោយសៀតវានៅក្នុងអង្កត់ឈើ ។១
ពេលទៅដល់កន្លែងនោះហើយ យ៉ូសែបបានសម្លឹងមើលជុំវិញខ្លួន ដើម្បីប្រាកដថា លោកនៅតែឯង ។ លោកពិតជាអន្ទះសាក្នុងការអធិស្ឋានឲ្យឮៗ ហើយពុំចង់ឲ្យមានអ្វីមករំខានលោកឡើយ ។
ដោយប្រាកដក្នុងចិត្តថា លោកនៅតែឯងហើយនោះ យ៉ូសែបបានលុតជង្គង់ចុះនៅលើដីត្រជាក់នោះ ហើយចាប់ផ្តើមចែកចាយបំណងប្រាថ្នានៅក្នុងចិត្តរបស់លោកជាមួយនឹងព្រះ។ លោកបានទូលសូមសេចក្តីមេត្តាករុណា និងការអភ័យទោស ហើយប្រាជ្ញា ដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់លោក ។ លោកបានអធិស្ឋានថា « ឱ ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវចូលរួមព្រះវិហារណា ? »២
នៅពេលលោកអធិស្ឋាន អណ្តាតរបស់លោកបានចាប់ផ្តើមតឹងឡើង រហូតធ្វើឲ្យលោកពុំអាចនិយាយបាន ។ លោកបានឮសំឡេងសម្រឹបជើងពីក្រោយលោក ប៉ុន្តែពេលលោកងាកមើលខាងក្រោយខ្នង លោកពុំឃើញមាននរណាម្នាក់សោះ ។ លោកបានព្យាយាមអធិស្ឋានម្តងទៀត ប៉ុន្តែសម្រឹបជើងនោះបានឮកាន់តែខ្លាំងឡើង ហាក់ដូចជាមាននរណាម្នាក់ដើរតម្រង់មករកលោក ។ លោកបានលោតក្រោកឈរឡើង ហើយងាកមើលជុំវិញខ្លួនលោក ប៉ុន្តែលោកនៅតែមើលពុំឃើញនរណាម្នាក់សោះ ។៣
ភ្លាមៗនោះ មានអំណាចដែលពុំអាចមើលឃើញបានចាប់សង្កត់រូបលោក ។ លោកបានព្យាយាមនិយាយម្តងទៀត ប៉ុន្តែអណ្តាតរបស់លោកពុំអាចរលាស់បានឡើយ ។ ភាពខ្មៅងងឹតដ៏ខ្លាំងក្លាបានហ៊ុំព័ទ្ធជុំវិញខ្លួនលោក រហូតដល់លោកពុំអាចមើលឃើញពន្លឺព្រះអាទិត្យបានតទៅទៀត ។ ភាពសង្ស័យ និងរូបភាពគួរឲ្យខ្លាចបានលេចឡើងក្នុងគំនិតលោក ធ្វើឲ្យលោកងឿងឆ្ងល់ និងច្របូកច្របល់ ។ លោកមានអារម្មណ៍ថា ហាក់ដូចជាមានអ្វីមួយដែលពិត ហើយពោរពេញដោយអំណាច បានចង់បំផ្លាញរូបលោក ។៤
ដោយប្រឹងប្រែងអស់ពីកម្លាំងរបស់លោក យ៉ូសែបបានអំពាវនាវកាន់តែខ្លាំងឡើងទៅកាន់ព្រះ ។ អណ្ដាតរបស់លោកបានធូរ ហើយលោកបានទូលអង្វរសូមការរំដោះឲ្យរួច ។ ប៉ុន្តែ លោកមានអារម្មណ៍ថាកំពុងធ្លាក់ទៅក្នុងក្តីអស់សង្ឃឹម គ្របដណ្ដប់ដោយភាពខ្មៅងងឹតដែលមិនអាចទ្រាំបាន ហើយហាក់នឹងត្រូវបោះបង់ខ្លួនឯងចោល ទៅក្នុងការបំផ្លិចបំផ្លាញ ។៥
រំពេចនោះ មានសសរភ្លើងមួយបានរះឡើងនៅពីលើក្បាលរបស់លោក ។ ពន្លឺនោះបានចុះសន្សឹមៗ ហើយហាក់ដូចជាធ្វើឲ្យព្រៃនៅជុំវិញនោះឆេះឡើង ។ កាលពន្លឺនោះស្ថិតចំពីលើរូបលោក យ៉ូសែបមានអារម្មណ៍ថា អំណាចដែលមើលមិនឃើញនោះបានរសាយបាត់ ។ ព្រះវិញ្ញាណនៃព្រះបានយាងមក ដោយ បានបំពេញភាពសុខសាន្ត និងអំណរដែលមិនអាចពិពណ៌នាដល់លោក ។
ដោយសម្លឹងមើលទៅក្នុងពន្លឺនោះ យ៉ូសែបបានឃើញព្រះជាព្រះវរបិតាគង់នៅពីលើរូបលោកនៅលើអាកាស ។ ព្រះភក្ត្ររបស់ទ្រង់មានពន្លឺភ្លឺចែងចាំង និងមានសិរីរុងរឿងជាងអ្វីគ្រប់យ៉ាងដែលយ៉ូសែបធ្លាប់ឃើញ ។ ព្រះបានហៅឈ្មោះលោក ហើយបានចង្អុលទៅតួអង្គមួយទៀត ដែលបង្ហាញព្រះកាយនៅក្បែរទ្រង់ ។ ទ្រង់បានមានបន្ទូលថា « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង » ។ ចូរស្តាប់តាមទ្រង់ចុះ ! »៦
យ៉ូសែប បានសម្លឹងមើលទៅព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះភក្ត្ររបស់ទ្រង់ភ្លឺចែងចាំង និងមានសិរីរុងរឿងដូចព្រះវរបិតាដែរ ។
ព្រះអង្គសង្គ្រោះមានបន្ទូលថា « យ៉ូសែប អំពើបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ » ។៧
បន្ទុករបស់លោកបានធូរស្បើយ យ៉ូសែបបានសួរសំណួររបស់លោកម្តងទៀតថា « តើទូលបង្គំត្រូវចូលរួមព្រះវិហារណា ? »៨
ព្រះអង្គសង្គ្រោះបានមានបន្ទូលថា « មិនត្រូវចូលរួម នឹងបក្សពួកណាមួយឡើយ » ។ « គេបង្រៀនសេចក្ដីដែលជាបញ្ញត្តិរបស់មនុស្សវិញ ដោយមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្តិនោះទេ » ។
ព្រះអម្ចាស់បានមានបន្ទូលប្រាប់ យ៉ូសែបថា ពិភពលោកកំពុងជ្រួតជ្រាបដោយអំពីបាប ។ ទ្រង់បានពន្យល់ទៀតថា « គ្មាននរណាមួយប្រព្រឹត្តល្អឡើយ » ។ « ពួកគេបានងាកបែរចេញពីដំណឹងល្អ និងមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងឡើយ » ។ សេចក្តីពិតដ៏ពិសិដ្ឋត្រូវបានបាត់បង់ ឬកែប្រែ ប៉ុន្តែទ្រង់បានសន្យានឹងបើកសម្តែងនូវភាពពោរពេញនៃដំណឹងល្អដល់យ៉ូសែបនាពេលខាងមុខ ។៩
ពេលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូល យ៉ូសែបបានឃើញពលបរិវារនៃពួកទេវតា ហើយពន្លឺនៅជុំវិញពួកទ្រង់ មានពន្លឺភ្លឺខ្លាំងជាងពន្លឺព្រះអាទិត្យនាពេលកណ្តាលថ្លៃត្រង់ទៅទៀត ។ ព្រះអម្ចាស់មានបន្ទូលថា « មើលចុះ និងមើលន៏ យើងយាងមកយ៉ាងឆាប់បំពាក់ដោយសិរីល្អនៃព្រះវរបិតាយើង » ។១០
យ៉ូសែបគិតថា ព្រៃនោះនឹងឆេះសុសដោយភ្លើង ប៉ុន្តែព្រៃនោះបានឆេះដូចជាភ្លើងឆេះគុម្ពបន្លារបស់ម៉ូសេ តែឥតបានសុសទេ ។១១
ពេលពន្លឺនោះបានរសាត់បាត់ទៅ យ៉ូសែបបានដេកសម្លឹងមើលទៅស្ថានសួគ៌។ សសរភ្លើងនោះបានរលត់បាត់ទៅ ហើយទោសកំហុស និងការងឿងឆ្ងល់របស់លោក ក៏បានរសាត់បាត់ដែរ ។ ១២អារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏ទេវភាពបានដក់ជាប់នៅក្នុងចិត្តលោក ។ ព្រះជាព្រះវរបិតា និងព្រះយេស៊ូវ គ្រីស្ទបានមានបន្ទូលមកកាន់លោក ហើយលោកបានរៀនដោយខ្លួនលោកអំពីរបៀបស្វែងរកសេចក្តីពិត និងការអភ័យទោស។
ដោយអស់កម្លាំងមិនអាចកំរើកខ្លួនបាន យ៉ូសែប បានដេកក្នុងព្រៃនោះរហូតលោកមានកម្លាំងឡើងវិញ ។ បន្ទាប់មកលោកធ្វើដំណើរទាំងលំបាកត្រឡប់ទៅផ្ទះវិញ ហើយក៏បានផ្អែកខ្លួនទៅនឹងជើងក្រានកម្តៅក្នុងផ្ទះដើម្បីទប់ខ្លួន ។ ម្តាយរបស់លោកបានឃើញ ហើយសួរលោកថា តើកូនកើតអីហ្នឹង ។
លោកបានតបវិញថា « គ្រប់យ៉ាងមិនអីទេ » ។ « ខ្ញុំមិនអីទេ » ។១៣
ពីរបីថ្ងៃក្រោមមក កាលកំពុងនិយាយជាមួយនឹងអាចារ្យសាសនាម្នាក់ យ៉ូសែបបានប្រាប់គាត់អំពីអ្វី ដែលលោកបានឃើញនៅក្នុងព្រៃ ។ អាចារ្យសាសនានោះទើបតែបានចូលរួមនៅក្នុងការប្រជុំខាងសាសនា ហើយយ៉ូសែបបានរំពឹងថា គាត់នឹងចាត់ទុកការនិមិត្តរបស់លោកគឺជារឿងសំខាន់ ។
ដំបូងឡើយ អាចារ្យសាសនានោះបានចាត់ទុកការនិមិត្តនោះជារឿងលេងសើច ។ ពេលខ្លះ មនុស្សតែងប្រកាសប្រាប់អំពីការនិមិត្តមកពីស្ថានសួគ៌ ។១៤ ប៉ុន្តែក្រោយមកគាត់បែរជាខឹង ហើយអន់ចិត្ត ព្រមទាំងបានប្រាប់ យ៉ូសែបថារឿងទាំងអស់នេះគឺមកពីអារក្ស ។ គាត់បាននិយាយថា នៅសម័យនៃការនិមិត្ត និងវិវរណៈលែងមានទៀតហើយ ហើយវាមិនអាចត្រឡប់មកទៀតទេ ។១៥
យ៉ូសែប មានការភ្ញាក់ផ្អើល ហើយមិនយូរប៉ុន្មានលោកដឹងខ្លួនថា គ្មាននរណាជឿលើការនិមិត្តរបស់លោកទេ ។១៦ ហេតុអ្វីពួកគេត្រូវជឿលោក ? លោកមានអាយុតែ ១៤ ឆ្នាំប៉ុណ្ណោះ ហើយពិតណាស់លោកមានការអប់រំតិចតួច ។ លោកកើតក្នុងក្រុមគ្រួសារក្រីក្រ ហើយរំពឹងថាពេញមួយជីវិតលោកធ្វើការនៅកសិដ្ឋាន និងការងារធម្មតាៗ ដើម្បីរកប្រាក់ល្មមគ្រប់គ្រាន់ចិញ្ចឹមជីវិតខ្លួនប៉ុណ្ណោះ ។
ប៉ុន្តែទីបន្ទាល់របស់លោកបានធ្វើឲ្យទើសទាល់ដល់មនុស្សមួយចំនួនរហូតពួកគេឡកឡឺយដល់លោក ។ លោកបានគិតថាវាចម្លែកណាស់ ដែលក្មេងប្រុសសាមញ្ញម្នាក់ គ្មានសារៈសំខាន់អ្វីនៅក្នុងពិភពលោកដូចជារូបលោក អាចនឹងធ្វើឲ្យមនុស្សជាច្រើនក្តៅក្រហាយ និងឈប់រាប់រក ។ លោកចង់សួរថា « ហេតុដូចម្តេចក៏បៀតបៀនខ្ញុំព្រោះតែខ្ញុំបានប្រាប់ពីការពិត ? » ។ « ហើយចុះហេតុអ្វី បានជាពិភពលោកគិតចង់ឲ្យខ្ញុំបដិសេធអ្វីដែលខ្ញុំពិតជាបានឃើញនោះ » ?
យ៉ូសែប បានងឿងឆ្ងល់ ពីសំណួរទាំងនេះពេញមួយជីវិតរបស់លោក ។ ក្រោយមកលោកបានរៀបរាប់ថា « ខ្ញុំពិតជាបានពន្លឺមែន ហើយនៅកណ្តាលពន្លឺ នោះខ្ញុំបានឃើញតួអង្គពីរ ហើយតួអង្គនោះបានមានព្រះបន្ទូលមកខ្ញុំជាពិតប្រាកដ ហើយទោះជាខ្ញុំត្រូវគេស្អប់ ហើយបៀតបៀនមកពីថាខ្ញុំបានឃើញការនិមិត្តក្តីគង់តែការនោះពិត » ។
លោកបានថ្លែងទីបន្ទាល់ថា « ខ្ញុំដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំដឹងថាព្រះទ្រង់ដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ » ។១៧
នៅពេលយ៉ូសែប បានដឹងថាការចែកចាយការនិមិត្តនេះបានត្រឹមតែធ្វើឲ្យអ្នកជិតខាងលោកប្រឆាំងនឹងលោក នោះលោកបានលាក់ទុករឿងនេះតែសម្រាប់ខ្លួនលោក ព្រមជាមួយនឹងចំណេះដឹងដែលព្រះបានប្រទានដល់លោក ។១៨ ក្រោយមក បន្ទាប់ពីលោកបានរើផ្ទះចេញពីក្រុង នូវ យ៉ោក លោកបានព្យាយាមកត់ត្រាបទពិសោធន៍ពិសិដ្ឋរបស់លោកនៅក្នុងព្រៃនោះ ។ លោកបានពិពណ៌នាអំពីបំណងប្រាថ្នារបស់លោកដើម្បីទទួលបានការអភ័យទោស និងការព្រមានរបស់ព្រះអង្គសង្គ្រោះដល់ពិភពលោកដែលត្រូវការការប្រែចិត្ត ។ លោកបានសរសេរពាក្យទាំងនោះដោយខ្លួនលោកផ្ទាល់ ជាពាក្យពេចន៍ដែលមិនល្អឥតខ្ចោះ ដោយព្យាយាមយ៉ាងខ្លាំងក្នុងការពិពណ៌នាអំពីភាពដ៏សម្បើមអស្ចារ្យនៃគ្រានោះ ។
នៅប៉ុន្មានឆ្នាំក្រោយមក លោកបានប្រាប់អំពីការនិមិត្តនោះជាសាធារណៈដោយពឹងផ្អែកលើអ្នកនិពន្ធ ដែលអាចជួយលោកបកស្រាយបានប្រសើរជាងនូវអ្វីដែលពិពណ៌នាទាំងអស់ ។ លោកបានប្រាប់អំពីបំណងប្រាថ្នារបស់លោកក្នុងការស្វែងរកព្រះវិហារពិត ហើយបានពិពណ៌នាអំពីព្រះជាព្រះវរបិតាបានបង្ហាញព្រះកាយទ្រង់មុននឹងណែនាំពីព្រះរាជបុត្រា ។ លោកបានសរសេរតែបន្តិចបន្តួចអំពីការស្វែងរកផ្ទាល់ខ្លួនរបស់លោកដើម្បីទទួលបានការអភ័យទោស ហើយលោកបានសរសេរច្រើនអំពីសារលិខិតនៃសេចក្តីពិតជាសាកលរបស់ព្រះអង្គសង្គ្រោះ និងតម្រូវការនៃការស្តារឡើងនូវអ្វីៗគ្រប់យ៉ាងទាំងអស់ ។១៩
ជាមួយនឹងកិច្ចខិតខំកត់ត្រាបទពិសោធន៍នីមួយៗ យ៉ូសែបបានថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានឮ និងបានឆ្លើយតបការអធិស្ឋានរបស់លោក ។ កាលពីនៅក្មេង លោកបានរៀនថា សាសនាចក្រព្រះគ្រីស្ទ ពុំមាននៅលើផែនដីទៀតទេ ។ ប៉ុន្តែព្រះអម្ចាស់បានសន្យាថា ពេលវេលានឹងមកដល់ ដែលទ្រង់នឹងបើកសម្តែងដំណឹងល្អរបស់ទ្រង់បន្ថែម ។ ដូច្នេះយ៉ូសែប បានតាំងចិត្តទុកចិត្តលើទ្រង់ បានសម្រេចចិត្តបន្តនៅស្មោះត្រង់នឹងបញ្ញត្តិដែលលោកបានទទួលនៅក្នុងព្រៃនោះ ហើយរង់ចាំដោយអត់ធ្មត់នូវការដឹកនាំនាពេលខាងមុខ ។២០