« ចូរប្រុងប្រយ័ត្ន » ជំពូក ៤ នៃ ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ )
ជំពូក ៤ ៖ « ចូរប្រុងប្រយ័ត្ន »
ជំពូក ៤
ចូរប្រុងប្រយ័ត្ន
នាង អិមម៉ា ហ៊ែល ដែលមានវ័យ ២១ ឆ្នាំ បានឮអំពីយ៉ូសែប ស្ម៊ីធ ដំបូងគឺនៅពេលគាត់បានមកធ្វើការឲ្យលោក យ៉ូសៀស ស្តូវែល នារដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ១៨២៥ ។ លោក យ៉ូសៀស បានឲ្យយុវជនរូបនេះ និងឪពុករបស់គាត់ជួយគាត់ស្វែងរកកំណប់ដែលកប់នៅក្នុងដីធ្លីរបស់គាត់១ អ្នកស្រុកនិយាយតៗគ្នាថា ក្រុមអ្នករុករកមួយក្រុមបានតម្កល់រ៉ែប្រាក់ និងកប់កំណប់នៅក្នុងតំបន់នេះរាប់រយឆ្នាំកន្លងមកហើយ ។ ដោយការដឹងថា យ៉ូសែប មានអំណោយទានក្នុងការប្រើប្រាស់ត្បូងមើលឆុត នោះលោក យ៉ូសៀស បានសន្យាថាផ្តល់ប្រាក់កម្រៃខ្ពស់ឲ្យគាត់ ហើយចែកចាយកំណប់ដែលរកឃើញនោះជាមួយគាត់ ប្រសិនបើយ៉ូសែបនឹងជួយគាត់ស្វែងរក ។២
ឪពុករបស់អិមម៉ា គឺអ៊ីសាក បានគាំទ្រដល់ដំណើរផ្សងព្រេងនេះ ។ នៅពេល យ៉ូសែប និងឪពុករបស់គាត់បានមកដល់កសិដ្ឋាន ស្តូវែល នៅ ភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា—ភូមិមួយដែលមានចម្ងាយ ២៤០ គីឡូម៉ែត្រភាគខាងត្បូងប៉ាលម៉ៃរ៉ា — នោះអ៊ីសាក បានធ្វើជាសាក្សីនៅពេលពួកគាត់បានចុះកិច្ចសន្យា ។ គាត់ក៏បានអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងផ្ទះរបស់គាត់ផងដែរ ។៣
មិនយូរប៉ុន្មាន នាងអិមម៉ា បានជួបនឹងយ៉ូសែប ។ គាត់មានវ័យតិចជាងនាង តែមានកម្ពស់ ១.៨ ម៉ែត្រ ហើយមានរូបរាងដូចជាអ្នកធ្លាប់ធ្វើការនឿយហត់ ។ គាត់មានកែវភ្នែកពណ៌ខៀវ និងមានសម្បុរស ហើយដើរខ្ទើចៗ ។ ការប្រើប្រាស់វេយ្យាករណ៍របស់គាត់មិនត្រឹមត្រូវទេហើយជួនកាលគាត់ប្រើពាក្យច្រើនជ្រុលដើម្បីបង្ហាញពីខ្លួនគាត់ ប៉ុន្តែគាត់បង្ហាញឲ្យឃើញពីបញ្ញាតាមធម្មជាតិនៅពេលគាត់និយាយ ។ គាត់ និងឪពុកគឺជាមនុស្សល្អដែលចង់ថ្វាយបង្គំដោយខ្លួនឯង ជាជាងទៅចូលរួមនៅក្នុងព្រះវិហារដែល អិមម៉ា និងគ្រួសារនាងទៅថ្វាយបង្គំ ។៤
ទាំងយ៉ូសែប និង អិមម៉ាចូលចិត្តលេងនៅខាងក្រៅ ។ តាំងពីនៅក្មេង អិមម៉ា ចូលចិត្តជិះសេះ និងជិះទូកលេងនៅតាមដងទន្លេជិតផ្ទះរបស់នាង ។ យ៉ូសែប មិនមែនជាអ្នកជិះសេះជំនាញនោះទេ ប៉ុន្តែគាត់ពូកែលេងបោកចំបាប់ និងបាល់ ។ គាត់ងាយនឹងចុះសម្រុងនឹងអ្នកដទៃ ហើយងាយនឹងញញឹម ជារឿយៗគាត់តែងតែនិយាយរឿងកំប្លែង ឬរឿងលេងសើច ។ អិមម៉ាវិញគឺស្រគត់ស្រគំ ប៉ុន្តែនាងចូលចិត្តរឿងកំប្លែងល្អៗ ហើយអាចនិយាយជាមួយនរណាក៏បាន ។ នាងក៏ចូលចិត្តអំណាន និងចម្រៀងផងដែរ ។៥
ប៉ុន្មានសប្តាហ៍កន្លងផុតទៅ អិមម៉ាកាន់តែស្គាល់យ៉ូសែបច្បាស់ជាងមុន នោះឪពុកម្តាយនាងកាន់តែមានចិត្តអន្ទះសាចង់ដឹងពីចំណងមិត្តភាពរបស់ពួកគាត់ ។ យ៉ូសែប គឺជាកម្មករក្រីក្រមកពីរដ្ឋផ្សេង ហើយឪពុកម្តាយរបស់នាងសង្ឃឹមថា កូនស្រីខ្លួននឹងកាត់បន្ថយការចាប់ចិត្តលើយ៉ូសែប ហើយរៀបការទៅគ្រួសារមួយដែលជាអ្នកមាននៅក្នុងភូមិរបស់ពួកគាត់ ។ ឪពុករបស់អិមម៉ា ក៏កាន់តែប្រយ័ត្នអំពីការស្វែងរកកំណប់ ហើយកើតការសង្ស័យចំពោះតួនាទីរបស់យ៉ូសែប នៅក្នុងកិច្ចការនេះ ។ វាហាក់ដូចជាមិនសំខាន់ចំពោះ អ៊ីសាក ហ៊ែល ទេ ដែលយ៉ូសែប បានព្យាយាមបញ្ចុះបញ្ចូល យ៉ូសៀស ស្តូវែល ឲ្យឈប់ស្វែងរក ព្រោះវាបានសបញ្ជាក់យ៉ាងច្បាស់ថា វាគ្មានបានផលអ្វីនោះទេ ។៦
អិមម៉ា បានចាប់ចិត្តលើយ៉ូសែបខ្លាំងជាងលើបុរសណាទាំងអស់ដែលនាងបានស្គាល់ ហើយនាងពុំឈប់ចំណាយពេលជាមួយយ៉ូសែប ឡើយ ។ នៅពេលគាត់ជោគជ័យនៅក្នុងការបញ្ចុះបញ្ចូល យ៉ូសៀស ឲ្យឈប់រកកំណប់រ៉ែប្រាក់ នោះយ៉ូសែប នៅតែបន្តស្នាក់នៅភូមិហាម៉ូនីធ្វើការនៅកសិដ្ឋានរបស់ យ៉ូសៀស ។ នៅពេលខ្លះ គាត់ក៏បានធ្វើការឲ្យយ៉ូសែប និង ពូលី ណៃត៍ ជាកសិដ្ឋានរបស់គ្រួសារផ្សេងទៀតនៅក្នុងតំបន់នេះ ។ នៅពេលគាត់មិនធ្វើការ គាត់បានទៅលេង អិមម៉ា ។៧
យ៉ូសែប និងត្បូងមើលឆុតរបស់គាត់ បានក្លាយទៅជាប្រធានបទខ្សឹបខ្សៀវមួយនៅក្នុងភូមិហាម៉ូនី ។ ក្រុមមនុស្សដែលមានវ័យចំណាស់នៅក្នុងក្រុងបានជឿលើអ្នកមើលឆុត ប៉ុន្តែកូនៗ និងចៅៗរបស់ពួកគេជាច្រើនមិនបានជឿលើរឿងនេះទេ ។ ក្មួយប្រុសរបស់ យ៉ូសៀស បានថ្លែងថា យ៉ូសែប បានកេញប្រវ័ញ្ចពីពូរបស់ខ្លួន ដោយបាននាំខ្លួនគាត់ចូលតុលាការ ហើយបានចោទប្រកាន់គាត់ថា ជាជនឆបោក ។
កាលដែលកំពុងឈរនៅចំពោះមុខចៅក្រមក្នុងស្រុក យ៉ូសែប បានពន្យល់អំពីរបៀបដែលគាត់បានរកឃើញត្បូងនេះ ។ លោកយ៉ូសែប ស៊ីញ្ញ័រ បានថ្លែងថា លោកតែងតែទូលសួរដល់ព្រះ ឲ្យបង្ហាញដល់ពួកគេនូវព្រះទ័យរបស់ទ្រង់ ចំពោះអំណោយទានដ៏អស្ចារ្យ របស់យ៉ូសែបក្នុងនាមជាអ្នកមើលឆុតម្នាក់ ។ នៅទីបំផុត យ៉ូសៀស បានឈរនៅចំពោះមុខតុលាការ ហើយបានថ្លែងថា យ៉ូសែប មិនបានឆបោកលោកឡើយ ។
ចៅក្រមបានថ្លែងថា « ខ្ញុំមិនយល់ទេថា អ្នកជឿលើអ្នកទោសរូបនេះថាអាចមើលឃើញ ដោយមានជំនួយពីត្បូងនេះ ? »
យ៉ូសៀស បានទទូចថា ទេ ។ « ខ្ញុំជឿដោយភាពវិជ្ជមានថា រឿងនេះគឺពិតមែន » ។
យ៉ូសៀសគឺជាបុរសដែលគេឯងគោរពកោតខ្លាចនៅក្នុងសហគមន៍ ហើយមនុស្សម្នាស្តាប់ពាក្យសម្តីរបស់គាត់ ។ នៅទីបញ្ចប់ សវនការគ្មានភស្តុតាងថា យ៉ូសែប បានបញ្ឆោតគាត់ទេ ដូច្នេះ ចៅក្រមក៏លុបចោលការចោទប្រកាន់នោះទៅ ។៨
នៅខែ កញ្ញា ឆ្នាំ ១៨២៦ យ៉ូសែប បានត្រឡប់ទៅភ្នំដើម្បីយកផ្ទាំងចំណារ ប៉ុន្តែ មរ៉ូណៃ បានមានបន្ទូលថា ផ្ទាំងចំណារមិនទាន់រួចរាល់សម្រាប់គាត់ទេ ។ ទេវតាបានប្រាប់គាត់ថា « នៅឲ្យឆ្ងាយពីក្រុមដែលស្វែងរកលុយ » ។ មានមនុស្សទុច្ចរិតនៅក្នុងចំណោមពួកគេ ។៩ មរ៉ូណៃ បានផ្តល់ឱកាសឲ្យគាត់មួយឆ្នាំទៀតដើម្បីតម្រឹមចិត្តគាត់ឲ្យដូចព្រះទ័យព្រះ ។ ប្រសិនបើគាត់ធ្វើមិនបានទេ នោះផ្ទាំងចំណារនឹងមិនត្រូវបានប្រគល់ឲ្យគាត់ឡើយ ។
ទេវតាក៏បានប្រាប់គាត់ថា ឲ្យនាំនរណាម្នាក់ទៀតមកជាមួយគាត់នៅពេលក្រោយ ។ វាជាសំណើដដែលដូចដែលទេវតាអង្គនោះធ្លាប់បានប្រាប់យ៉ូសែប នៅក្នុងការនិមិត្តលើកដំបូងនៅលើភ្នំដែរ ។ ប៉ុន្តែ តាំងពីអាលវិនបានទទួលមរណភាពមក នោះយ៉ូសែប បានមានការច្របូកច្របល់ ។
លោកបានសួរថា « តើនរណាជាបុគ្គលត្រឹមត្រូវទៅ ? »
មរ៉ូណៃ បានមានបន្ទូលថា « ឯងនឹងដឹង » ។
យ៉ូសែប បានស្វែងរកការណែនាំរបស់ព្រះ តាមរយៈត្បូងមើលឆុតរបស់គាត់ ។ បុគ្គលត្រឹមត្រូវដែលគាត់បានគិតនោះគឺ អិមម៉ា ។១០
យ៉ូសែប បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ អិមម៉ា តាំងតែពីពេលដែលគាត់ជួបនាងភ្លាមម្ល៉េះ ។ ដូចអាលវិនដែរ អិមម៉ាគឺជាស្រ្តីម្នាក់ដែលអាចជួយគាត់ឲ្យធ្វើជាបុរសដែលព្រះអម្ចាស់ត្រូវការឲ្យធ្វើកិច្ចការរបស់ទ្រង់ ។ ប៉ុន្តែ អារម្មណ៍របស់គាត់ចំពោះ អិមម៉ា គឺមានលើសពីនោះទៅទៀត ។ យ៉ូសែប ស្រឡាញ់ ហើយចង់រៀបការជាមួយនាង ។១១
នៅខែ ធ្នូ យ៉ូសែបបានឈានចូលវ័យម្ភៃមួយឆ្នាំ ។ កាលពីអតីតកាល គាត់បានបណ្តោយឲ្យខ្លួនគាត់ទទួលរងឥទ្ធិពលជាច្រើន ព្រោះតែការចង់បានរបស់ជនដែលចង់ទាញយកប្រយោជន៍ពីអំណោយទានរបស់នេះ ។១២ ប៉ុន្តែ ក្រោយពីគាត់បានទៅលើភ្នំចុងក្រោយនេះ គាត់បានដឹងថា គាត់ត្រូវធ្វើអ្វីៗជាច្រើនដើម្បីត្រៀមខ្លួនទទួលយកផ្ទាំងចំណារ ។
ពីមុនត្រឡប់ទៅភូមិហាម៉ូនីវិញ យ៉ូសែប បាននិយាយជាមួយនឹងឪពុកម្តាយគាត់ ។ គាត់បានប្រាប់ទៅឪពុកម្តាយថា « កូនបានសម្រេចចិត្តរៀបការ ហើយប្រសិនជាពុកម៉ែ គ្មានការជំទាស់ទេ កូនសូមរៀបការជាមួយកញ្ញា អិមម៉ា ហែល » ។ ឪពុកម្តាយរបស់គាត់ បានពេញចិត្តនឹងការសម្រេចចិត្តរបស់គាត់ ហើយលូស៊ី បានទទូចឲ្យគាត់មករស់នៅជាមួយពួកគាត់បន្ទាប់ពីពួកគេរៀបការរួច ។១៣
យ៉ូសែប បានចំណាយពេលយ៉ាងច្រើនជាមួយ អិមម៉ា នារដូវរងារនោះ ពេលខ្លះក៏ខ្ចីរទេះជិះលើទឹកកករបស់គ្រួសារ ណៃត៍ កាលដែលព្រិលធ្លាក់ខ្លាំងពិបាកធ្វើដំណើរទៅផ្ទះរបស់គ្រួសារ ហែល ។ ប៉ុន្តែ ឪពុកម្តាយរបស់នាងនៅតែមិនចូលចិត្តគាត់ ហើយការខិតខំរបស់គាត់ដើម្បីយកឈ្នះចិត្តរបស់គ្រួសារនាងបានបរាជ័យ ។១៤
នៅខែ មករា ឆ្នាំ ១៨២៧ អិមម៉ា បានទៅលេងផ្ទះរបស់ ស្តូវេល ជាកន្លែងដែលនាង និងយ៉ូសែប អាចចំណាយពេលជាមួយគ្នា ដោយគ្មានការទើសចិត្តពីក្រុមគ្រួសារនាង ។ យ៉ូសែបបានសុំអិមម៉ារៀបការនៅទីនោះ ហើយដំបូងឡើយ អិមម៉ាហាក់ដូចជាភ្ញាក់ផ្អើល ។ នាងបានដឹងថា ឪពុកម្តាយនាងនឹងជំទាស់ការរៀបការនេះ ។១៥ ប៉ុន្តែ យ៉ូសែបបានសុំនាងឲ្យគិតអំពីរឿងនេះ ។ ពួកគេអាចពង្រត់គ្នាឥឡូវនេះ ។
អិមម៉ា បានគិតអំពីការសុំរៀបការនេះ ។ បើរៀបការជាមួយ យ៉ូសែប នឹងធ្វើឲ្យឪពុកម្តាយនាងខកចិត្ត ប៉ុន្តែវាជាការសម្រេចចិត្តរបស់នាង ហើយនាងស្រឡាញ់គាត់ ។១៦
មិនយូរប៉ុន្មានក្រោយមក នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ ១៨២៧ យ៉ូសែប និង អិមម៉ា បានរៀបការនៅផ្ទះតុលាការសន្តិភាពក្នុងស្រុក ។ បន្ទាប់មកពួកគាត់ក៏បានទៅក្រុងម៉ែនឆែស្ទើរ ហើយបានចាប់ផ្តើមជីវិតជាមួយគ្នានៅក្នុងផ្ទះថ្មីរបស់ឪពុកម្តាយយ៉ូសែប ។ ផ្ទះនោះគឺល្អណាស់ ប៉ុន្តែ យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី បានចំណាយលុយច្រើនពេកធ្វើផ្ទះនោះ ដែលបណ្តាលឲ្យជំពាក់បំណុលគេ ហើយក៏បានបាត់បង់ផ្ទះនោះទៅ ។ ឥឡូវនេះ ពួកគាត់ជួលផ្ទះនេះពីម្ចាស់ថ្មី ។១៧
ក្រុមគ្រួសារ ស្ម៊ីធ ចូលចិត្តឲ្យយ៉ូសែប និងអិមម៉ានៅជាមួយពួកគាត់ ។ ប៉ុន្តែការហៅឲ្យបម្រើរបស់កូនប្រុសគាត់មកពីព្រះធ្វើឲ្យពួកគាត់ព្រួយបារម្ភ ។ ប្រជាជននៅក្នុងតំបន់នោះបានឮអំពីផ្ទាំងចំណារមាស ហើយពេលខ្លះក៏លួចចូលមកមើល ។១៨
នៅថ្ងៃមួយ យ៉ូសែប បានទៅធ្វើកិច្ចការនៅទីក្រុង ។ ដោយរំពឹងថា យ៉ូសែបនឹង ត្រឡប់មកពិសារបាយពេលល្ងាចវិញ តែឪពុកម្តាយគាត់បានព្រួយបារម្ភពេលមិនបានឃើញគាត់ត្រឡប់មកវិញ ។ ពួកគាត់បានរង់ចាំអស់ជាច្រើនម៉ោង ដោយសម្រាន្តមិនលក់ ។ ទីបំផុត យ៉ូសែប បានបើកទ្វារ ហើយបានទម្លាក់ខ្លួនគាត់ចុះនៅលើកៅអីទាំងអស់កម្លាំង ។
ឪពុកគាត់បានសួរថា « ហេតុអ្វីកូនត្រឡប់មកផ្ទះវិញយប់ម្ល៉េះ ? »
យ៉ូសែប បានប្រាប់ថា « កូនទទួលការដាក់ទណ្ឌកម្មដ៏ធ្ងន់បំផុត ដែលកូនមិនធ្លាប់ទទួលពីមុនក្នុងជីវិតកូន » ។
ឪពុកគាត់បានទទូចសួរ « តើនរណាដាក់ទណ្ឌកម្មកូន ? »
យ៉ូសែប បានឆ្លើយថា « គឺទេវតារបស់ព្រះអម្ចាស់ » ។ « ទ្រង់បានមានបន្ទូលថា កូនបានធ្វេសប្រហែស » ។ ថ្ងៃដែលគាត់ត្រូវជួបជាមួយនឹងមរ៉ូណៃ គឺកាន់តែខិតមកជិតហើយ ។ លោកបានមានប្រសាសន៍ថា « មានកិច្ចការជាច្រើនដែលកូនត្រូវធ្វើយ៉ាងប្រញាប់ » ។ « កូនត្រូវតែចាប់ផ្តើមធ្វើកិច្ចការដែលព្រះបានបញ្ជាឲ្យកូនធ្វើ » ។១៩
បន្ទាប់ពីការប្រមូលផលនារដូវស្លឹកឈើជ្រុះរួចហើយ យ៉ូសៀស ស្តូវេល និង យ៉ូសែប ណៃត៍ បានធ្វើធុរកិច្ចពាណិជ្ជកម្មទៅកាន់ក្រុងម៉ែនឆែស្ទើរ ។ បុរសទាំងពីរនាក់បានដឹងថា ខួបលើកទីបួនរបស់ យ៉ូសែប ដើម្បីឡើងទៅភ្នំគឺជិតមកដល់ហើយ ហើយពួកគាត់មានចិត្តអន្ទះសាចង់ដឹងថាតើ នៅទីបំផុតមរ៉ូណៃទុកចិត្តឲ្យយ៉ូសែប ទទួលបានផ្ទាំងចំណារឬអត់ ។
ពួកអ្នកស្វែងរកកំណប់នៅក្នុងមូលដ្ឋាន ក៏បានដឹងថា វាដល់ពេលសម្រាប់យ៉ូសែប ដើម្បីទទួលបានផ្ទាំងចំណារដែរ ។ ថ្មីៗនេះ ពួកគេម្នាក់ដែលមានឈ្មោះថា សាំយ៉ូអែល ឡរីនស៍ បានឡើងក្រវែលទៅលើភ្នំស្វែងរកផ្ទាំងចំណារនេះ ។ ដោយព្រួយបារម្ភថា សាំយ៉ូអែលអាចបង្កបញ្ហា នោះយ៉ូសែប បានសុំឲ្យឪពុករបស់គាត់ទៅផ្ទះរបស់ សាំយ៉ូអែល នៅរាត្រីនៃថ្ងៃទី ២១ ខែ កញ្ញា ដើម្បីឃ្លាំមើលគាត់ និងនិយាយតទល់នឹងគាត់ បើមើលទៅឃើញថា គាត់ចង់ឡើងទៅលើភ្នំនោះ ។២០
បន្ទាប់មក យ៉ូសែបបានត្រៀមខ្លួនជាស្រេចដើម្បីទទួលផ្ទាំងចំណារ ។ ការឡើងលើភ្នំប្រចាំឆ្នាំរបស់គាត់ គឺត្រូវនឹងថ្ងៃស្អែក ប៉ុន្តែដើម្បីការពារពីពួកអ្នកស្វែងរកកំណប់ នោះគាត់បានរៀបផែនការត្រូវទៅដល់ភ្នំនៅពេលរំលងអាធាត្រ—គឺត្រូវនឹងព្រឹកថ្ងៃទី ២២ ខែ កញ្ញា—ជាពេលដែលគ្មាននរណារំពឹងថាគាត់ចេញទៅម៉ោងនេះឡើយ ។
ប៉ុន្តែ គាត់នៅតែត្រូវស្វែងរកវិធីសាស្រ្តមួយដើម្បីការពារផ្ទាំងចំណារ នៅពេលគាត់បានទទួលវាមកនោះ ។ បន្ទាប់ពីសមាជិកគ្រួសារជាច្រើនបានចូលដំណេក គាត់ប្រញាប់សុំម្តាយគាត់ប្រសិនបើគាត់អាចសុំប្រអប់សោមួយ ។ លូស៊ី ពុំមានប្រអប់សោឡើយ ហើយគាត់ព្រួយបារម្ភណាស់ ។
យ៉ូសែប បានប្រាប់ថា « មិនថ្វីទេ » ។ « កូនអាចធ្វើវាបានយ៉ាងល្អដោយពុំចាំបាច់មានប្រអប់សោ » ។២១
មិនយូរប៉ុន្មាន អិមម៉ាបានមកដល់ដោយបានស្លៀកពាក់រួចរាល់នឹងចេញដំណើរទៅ នាង និងយ៉ូសែប បានឡើងជិះរទេះរបស់ យ៉ូសែប ណៃត៍ ចេញដំណើរទាំងងងឹត ។ ២២ នៅពេលពួកគាត់បានមកដល់ភ្នំ អិមម៉ា បានរង់ចាំនៅលើរទេះ ខណៈដែលយ៉ូសែប បានឡើងទៅលើជម្រាលដែលផ្ទាំងចំណារត្រូវបានកប់លាក់ទុកនោះ ។
មរ៉ូណៃ បានលេចព្រះកាយឡើង ហើយយ៉ូសែប បានលើកផ្ទាំងចំណារ និងត្បូងមើលឆុតឡើងចេញពីប្រអប់ត្បូង ។ ពីមុន យ៉ូសែប ចុះពីលើភ្នំ មរ៉ូណៃ បានរំឭកគាត់មិនឲ្យបង្ហាញផ្ទាំងចំណារដល់នរណាម្នាក់ឡើយ លើកលែងតែជនដែលព្រះអម្ចាស់បានតែងតាំងប៉ុណ្ណោះ ហើយសន្យាជាមួយគាត់ថា ផ្ទាំងចំណារនេះនឹងត្រូវបានការពារ ប្រសិនបើគាត់ធ្វើអស់ពីលទ្ធភាពគាត់ដើម្បីការពារវា ។
មរ៉ូណៃ បានប្រាប់គាត់ថា « ឯងត្រូវតែប្រយ័ត្ន និងស្មោះត្រង់ចំពោះទំនុកចិត្តដែលមានចំពោះឯង បើមិនដូច្នោះទេឯងនឹងត្រូវគ្រប់គ្រងដោយអំណាចរបស់មនុស្សទុច្ចរិត ដ្បិតវានឹងរកគ្រប់ផែនការ និងគម្រោងការដែលអាចធ្វើទៅបានដើម្បីយកផ្ទាំងចំណារពីឯង ។ ហើយបើសិនជាឯងមិនយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួនទេនោះពួកវានឹងមានជ័យជម្នះលើឯង » ។២៣
យ៉ូសែប បានយកផ្ទាំងចំណារចុះពីលើភ្នំ ប៉ុន្តែពីមុនគាត់បានមកដល់រទេះ គាត់បានទុកវានៅក្នុងរូងគល់ឈើមួយដែលវានឹងមានសុវត្ថិភាព រហូតដល់ពេលគាត់មានប្រអប់សោមួយ ។ បន្ទាប់មកគាត់បានមកជួប អិមម៉ា ហើយពួកគេក៏បានត្រឡប់ទៅផ្ទះវិញ កាលដែលព្រះអាទិត្យរះឡើង ។២៤
នៅឯផ្ទះរបស់គ្រួសារស្ម៊ីធ លូស៊ីបានរង់ចាំមើលផ្លូវរបស់យ៉ូសែប និងអិមម៉ាដោយអន្ទះសា ខណៈដែលគាត់កំពុងរៀបចំអាហារពេលព្រឹកជូន យ៉ូសែប ស៊ីញ្ញ័រ, យ៉ូសែប ណៃត៍ និងយ៉ូសៀស ស្តូវេល ។ បេះដូងរបស់គាត់លោតខុសចង្វាក់កាលដែលគាត់កំពុងធ្វើការ ព្រោះភ័យខ្លាចថាកូនរបស់គាត់ត្រឡប់មកវិញដោយគ្មានផ្ទាំងចំណារទៀត ។២៥
មិនយូរប៉ុន្មានក្រោយមក យ៉ូសែប និងអិមម៉ា បានចូលមកដល់ក្នុងផ្ទះ ។ លូស៊ីបានមើលទៅយ៉ូសែប មើលថាគាត់ទទួលបានផ្ទាំងចំណារឬអត់ ប៉ុន្តែលូស៊ីបានចេញពីបន្ទប់មកទាំងការញាប់ញ័រ ពេលគាត់ឃើញដៃយ៉ូសែបទទេ ។
យ៉ូសែបបានដើរតាមម្តាយ ។ គាត់បានមានប្រសាសន៍ថា « ម៉ែ សូមកុំខ្វាយខ្វល់ធ្វើអ្វី » ។ គាត់បានហុចវត្ថុមួយដែលបានរុំនឹងកន្សែងដៃឲ្យទៅម្តាយ ។ ពេល លូស៊ី ប៉ះសាច់ក្រណាត់នោះ គាត់មានអារម្មណ៍ថា មានដុំធំពីរដុំ ។ ដុំទាំងពីរនោះគឺជាយូរីម និងធូមីមជាត្បូងមើលឆុតដែលព្រះអម្ចាស់បានរៀបចំទុកសម្រាប់បកប្រែផ្ទាំងចំណារ ។២៦
លូស៊ី បានមានចិត្តសប្បាយរីករាយវិញ ។ យ៉ូសែប មើលទៅហាក់ដូចជាបន្ទុកដ៏ធំបានត្រូវដកចេញពីអម្រែករបស់គាត់ ។ ប៉ុន្តែនៅពេលគាត់ចេញទៅជួបមនុស្សដទៃទៀតនៅក្នុងផ្ទះ គាត់បានធ្វើទឹកមុខសោកសៅ ហើយបរិភោគអាហារពេលព្រឹករបស់គាត់ដោយស្ងប់ស្ងាត់ ។ ក្រោយពីគាត់បានបរិភោគរួចហើយ គាត់បានយកដៃទាំងពីរទល់ក្បាលគាត់ ។ គាត់បាននិយាយទៅកាន់ យ៉ូសែប ណៃត៍ ថា « ខ្ញុំខកបំណងខ្លាំងណាស់ » ។
យ៉ូសែប ណៃត៍ បានតបថា « ឲ្យខ្ញុំចូលរួមសោកស្តាយផង » ។
យ៉ូសែប បានធ្វើម្តងទៀត គាត់បានប្តូរទឹកមុខគាត់ទៅជាញញឹម រួចថា « ខ្ញុំពិតជាខកបំណងខ្លាំងណាស់ » ។ « វាប្រសើរខ្លាំងណាស់ វាហួសពីអ្វីដែលខ្ញុំបានគិតទៅទៀត ! » គាត់បន្តមានប្រសាសន៍អំពីទំហំ និងទម្ងន់នៃផ្ទាំងចំណារនោះ ហើយបានមានប្រសាសន៍យ៉ាងរីករាយអំពី យូរីម និងធូមីម ។
គាត់មានប្រសាសន៍ថា « ខ្ញុំអាចមើលឃើញអ្វីៗទាំងអស់ » ។ « វាអស្ចារ្យ ណាស់ » ។២៧
នៅថ្ងៃបន្ទាប់ពីគាត់បានទទួលផ្ទាំងចំណារហើយ យ៉ូសែប បានទៅធ្វើការជួសជុលអណ្តូងនៅជិតក្រុង ដើម្បីទទួលបានកម្រៃទិញប្រអប់សោមួយ ។ នៅព្រឹកនាថ្ងៃដដែលនោះ ខណៈដែលកំពុងធ្វើការនៅឯភ្នំជិតផ្ទះរបស់គ្រួសារស្ម៊ីធ នោះយ៉ូសែបស៊ីញ្ញ័រ បានឮក្រុមមនុស្សមួយក្រុមរៀបគម្រោងការអាក្រក់ដើម្បីលួចផ្ទាំងចំណារមាស ។ គ្នាវាម្នាក់បាននិយាយថា « យើងនឹងយកផ្ទាំងចំណារ ទោះបីជាមាន ចូ ស្ម៊ីធ ឬអារក្សពីស្ថាននរកក៏ដោយ »។
ដោយតក់ស្លុតខ្លាំង យ៉ូសែប ស៊ីញ្ញ័រ ក៏បានត្រឡប់ទៅផ្ទះវិញ ហើយបានប្រាប់ទៅអិមម៉ា ។ នាងបានប្រាប់ថា នាងមិនដឹងថាផ្ទាំងចំណារនៅឯណាទេ ប៉ុន្តែនាងជឿជាក់ថា យ៉ូសែប បានលាក់ទុកវាយ៉ាងល្អហើយ ។
យ៉ូសែប ស៊ីញ្ញ័រ បានឆ្លើយ « ពិតណាស់ ប៉ុន្តែកូននៅចាំអំពីរឿងតូចតាច ដែលធ្វើឲ្យអេសាវបាត់បង់ពរជ័យ និងអំណាចជាកូនច្បងគាត់ទេ ។ វាក៏អាចកើតឡើងចំពោះ យ៉ូសែប ដែរ » ។២៨
ដើម្បីបញ្ជាក់ថា ផ្ទាំងចំណារនៅមានសុវត្ថិភាព អិមម៉ា បានឡើងជិះសេះភ្លាម ហើយបានជិះជាងមួយម៉ោងទៅកាន់កសិដ្ឋាន ជាកន្លែងដែលយ៉ូសែប កំពុងធ្វើការ ។ នាងបានឃើញគាត់ធ្វើការយ៉ាងខ្លាំងនៅជិតអណ្តូងទឹក ទាំងខ្លួនប្រឡាក់ពេញដោយដី និងទទឹកជោគដោយញើស ។ ដោយបានឮពីគ្រោះថ្នាក់នោះ យ៉ូសែប បានមើលតាមយូរីម និងធូមីម ហើយបានឃើញថាផ្ទាំងចំណារមានសុវត្ថិភាពទេ ។
នៅផ្ទះឯណោះវិញ យ៉ូសែប ស៊ីញ្ញ័រ ដើរចុះឡើងៗនៅខាងក្រៅផ្ទះ ដោយក្រឡេកមើលផ្លូវគ្រប់វិនាទី រហូតដល់គាត់បានឃើញយ៉ូសែប និងអិមម៉ាមកដល់ ។
យ៉ូសែប បានមានប្រសាសន៍កាលគាត់កំពុងនៅលើខ្នងសេះថា « ពុក អ្វីៗទាំងអស់មានសុវត្ថិភាពទេ — សូមកុំភ័យតក់ស្លុតឡើយ » ។២៩
ប៉ុន្តែវាជាពេលដែលត្រូវធ្វើសកម្មភាពហើយ ។
យ៉ូសែប បានប្រញាប់ត្រឡប់ទៅភ្នំវិញ ហើយបានឃើញគល់ឈើដែលគាត់បានលាក់ទុកផ្ទាំងចំណារក្នុងនោះ រួចគាត់បានរុំផ្ទាំងនោះនឹងអាវដោយប្រុងប្រយ័ត្ន ។៣០ បន្ទាប់មក គាត់បានគេចចូលក្នុងព្រៃ ហើយតម្រង់ឆ្ពោះទៅផ្ទះ ដោយភ្នែកទាំងគូមើលប្រយ័ត្នពីគ្រោះថ្នាក់ ។ ព្រៃឈើបានលាក់បាំងគាត់ពីមនុស្សនៅលើផ្លូវធំ ប៉ុន្តែវាក៏ជាកន្លែងងាយស្រួលឲ្យពួកចោរលាក់ខ្លួនដែរ ។
យ៉ូសែបបានដើរកាត់ព្រៃយ៉ាងលឿនតាមដែលគាត់អាចធ្វើបាន ទោះជាកំណត់ត្រានោះធ្ងន់ក្ដី ។ មានដើមឈើមួយដើមរលំដួលបិទផ្លូវពីមុខគាត់ ហើយនៅពេលដែលគាត់លោតរំលងវា គាត់មានអារម្មណ៍ថា មានអ្វីមួយនៅពីក្រោយគាត់ ។ ពេលងាកទៅក្រោយ គាត់ឃើញបុរសម្នាក់កំពុងសំដៅមករកគាត់ ដោយកាន់កាំភ្លើងក្នុងដៃដូចជានៅសមរភូមិ ។
យ៉ូសែប បានផ្តួលបុរសនោះចុះលើដី ដោយដៃម្ខាងកាន់ផ្ទាំងចំណារយ៉ាងណែន រួចស្រវារត់ទៅក្នុងព្រៃជ្រៅ ។ ពេលគាត់រត់បានប្រហែលជាកន្លះគីឡូម៉ែត្រ នោះមានបុរសម្នាក់លោតចេញពីដើមឈើមក ហើយបានវាយគាត់នឹងខ្នងកាំភ្លើង ។ យ៉ូសែប បានវាយជាមួយបុរសនោះ ហើយបានរត់យ៉ាងលឿនចេញពីព្រៃ ។ ប៉ុន្តែពីមុនគាត់អាចរត់ទៅឆ្ងាយ បុរសទីបីក៏មកស្ទាក់វាយគាត់យ៉ាងដំណំដែលធ្វើឲ្យគាត់ទន់ដៃទន់ជើង ។ ដោយខិតខំប្រមូលកម្លាំងមកវិញ យ៉ូសែបបានវាយបុរសនោះយ៉ាងខ្លាំង រួចរត់សំដៅទៅផ្ទះ ។៣១
ពេលមកដល់ផ្ទះ យ៉ូសែប បានទម្លាយទ្វារចូលផ្ទះជាមួយនឹងបង្វេចដ៏ធំនៅក្រោមដៃរបស់គាត់ ។ គាត់បានស្រែកថា « ពុក កូនបានផ្ទាំងចំណារហើយ » ។
ប្អូនស្រីរបស់គាត់ ខាថារីន ដែលមានវ័យដប់បួនឆ្នាំ បានជួយគាត់ដាក់បង្វេចចុះនៅលើតុ ខណៈដែលសមាជិកគ្រួសារទាំងអស់នៅជុំវិញគាត់ ។ យ៉ូសែបដឹងថា ឪពុក និងប្អូនប្រុសគាត់ វិលលាម ចង់ស្រាយបង្វេចផ្ទាំងចំណារនោះ ប៉ុន្ដែគាត់បានបញ្ឈប់ពួកគេ ។
យ៉ូសែប ស៊ីញ្ញ័រ បានសួរថា « យើងសុំមើលវាបានទេ ? »
យ៉ូសែប ឆ្លើយថា « ទេ » ។ « ពីដំបូងខ្ញុំមិនបានគោរពប្រតិបត្តិ ឥឡូវនេះខ្ញុំត្រូវតែគោរពប្រតិបត្តិតាម » ។
គាត់បានប្រាប់ដល់ពួកគេថា ពួកគេអាចស្ទាបលើសាច់ក្រណាត់ ហើយ វិលលាម ប្អូនប្រុសគាត់បានលើកបង្វេចនោះឡើង ។ បង្វេចនោះវាធ្ងន់ជាងថ្មទៅទៀត ហើយវិលលាម អាចស្ទាបដឹងថា វាមានលក្ខណៈជាសន្លឹកៗដូចជាសន្លឹកសៀវភៅ ។៣២ យ៉ូសែប ក៏បានបញ្ជូនប្អូនប្រុសពៅរបស់គាត់ ឈ្មោះ ដន់ ខាឡូស ឲ្យទៅទិញប្រអប់សោពីហៃរ៉ុម ដែលរស់នៅចុងភូមិជាមួយភរិយារបស់គាត់ឈ្មោះ ជឺរ៉ូស្សា និងកូនស្រីទើបនឹងកើតរបស់ពួកគេ ។
ហៃរ៉ុម ក៏បានមកដល់ភ្លាម ហើយនៅពេលដែលផ្ទាំងចំណារត្រូវបានចាក់សោទុកយ៉ាងមានសុវត្ថិភាពនៅក្នុងប្រអប់ហើយ យ៉ូសែប បានទម្លាក់ខ្លួននៅលើគ្រែជិតនោះ ហើយបានចាប់ផ្តើមប្រាប់ពីរឿងពួកចោរនៅក្នុងព្រៃ ។
កាលកំពុងនិយាយរៀបរាប់នោះ ទើបគាត់ដឹងថាដៃគាត់ឈឺ ។ ពេលប្រតាយប្រតប់គ្នានោះ គាត់គ្រេចមេដៃ ។
គាត់និយាយភ្លាមថា « ពុក ខ្ញុំមិនគួរនិយាយទៀតទេ ហើយសូមពុកទាញមេដៃដែលគ្រេចខ្ញុំឲ្យត្រូវវិញផង » ។៣៣