« ផ្ទាំងមាស » ជំពូក ៣ នៅក្នុង ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦( ឆ្នាំ ២០១៨ )
ជំពូក ៣ ៖ « ផ្ទាំងមាស »
ជំពូក ៣
ផ្ទាំងមាស
រយៈពេលបីឆ្នាំបានកន្លងផុតទៅ ឯរដូវច្រូតកាត់ក៏កន្លងផុតទៅបីដងដែរ ។ យ៉ូសែបបានចំណាយពេលភាគច្រើនដើម្បីជម្រះដីធ្លី ភ្ជួររាស់ដី និងធ្វើការស៊ីឈ្នួលគេដើម្បីរកលុយទៅបង់រម្លស់ប្រាក់ប្រចាំឆ្នាំលើដីធ្លីរបស់គ្រួសារគាត់ ។ ការងារនោះពុំអាចធ្វើឲ្យលោកទៅរៀនបានញឹកញាប់ឡើយ ហើយលោកបានចំណាយពេលទំនេររបស់លោកភាគច្រើនជាមួយនឹងគ្រួសារ និងកម្មករផ្សេងទៀត ។
យ៉ូសែប និងមិត្តរបស់លោកនៅវ័យក្មេង ហើយឥតខ្វល់ខ្វាយអ្វីឡើយ ។ ពេលខ្លះ ពួកគេបានប្រព្រឹត្តកំហុសដ៏ឆ្កួតលីលា ហើយយ៉ូសែបបានរកឃើញថា ការបានទទួលការអភ័យទោសម្ដងពុំមែនមានន័យថា លោកនឹងពុំចាំបាច់ត្រូវប្រែចិត្តម្ដងទៀតនោះទេ ។ ហើយការនិមិត្តដ៏រុងរឿងរបស់លោកក៏ពុំអាចឆ្លើយតបនូវរាល់សំណួរ ឬបញ្ចប់នូវការភាន់ច្រឡំរបស់លោកជារៀងរហូតបានឡើយ ។១ ដូច្នេះលោកបានព្យាយាមនៅជិតនឹងព្រះ ។ លោកបានអានព្រះគម្ពីរប៊ីបរបស់លោក បានទុកចិត្តលើព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទដើម្បីសង្គ្រោះលោក ហើយបានគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ថាកុំឲ្យចូលរួមនឹងព្រះវិហារណាមួយឡើយ ។
ដូចគ្នានឹងមនុស្សជាច្រើននៅតំបន់របស់លោក រួមទាំងឪពុករបស់លោកដែរ យ៉ូសែបបានជឿថា ព្រះអាចបើកសម្ដែងចំណេះដឹងតាមរយៈវត្ថុដូចជា ដំបង និងត្បូង ដូចដែលទ្រង់បានបើកសម្ដែងដល់ម៉ូសេ អើរ៉ុន និងមនុស្សផ្សេងទៀតនៅក្នុងព្រះគម្ពីរប៊ីបដែរ ។២ មានថ្ងៃមួយ កាលយ៉ូសែបកំពុងជួយអ្នកជិតខាងម្នាក់ជីកអណ្ដូងមួយ លោកបានជីកប៉ះត្បូងតូចមួយដែលបានកប់យ៉ាងជ្រៅក្នុងដី ។ ដោយដឹងថា ពេលខ្លះមនុស្សបានប្រើត្បូងពិសេសដើម្បីស្វែងរកវត្ថុដែលបាត់បង់ ឬទ្រព្យសម្បត្តិដែលបានលាក់ទុក នោះយ៉ូសែបបានងឿងឆ្ងល់ថាតើលោកបានរកឃើញត្បូងមួយដូចនោះមែនឬទេ ។ ពេលមើលទៅក្នុងត្បូងនោះ លោកបានឃើញរឿងដែលភ្នែកធម្មតាមើលមិនឃើញ ។៣
អំណោយទានរបស់យ៉ូសែបក្នុងការប្រើត្បូងនោះបានធ្វើឲ្យសមាជិកគ្រួសារលោកចាប់អារម្មណ៍ ព្រោះគ្រួសារលោកបានឃើញវាថាជាសញ្ញាមួយនៃអ្នកដែលព្រះគាប់ព្រះទ័យ ។៤ ប៉ុន្តែទោះបីជាលោកមានអំណោយទាននៃអ្នកមើលឆុតក្ដី ក៏យ៉ូសែបនៅតែមិនប្រាកដក្នុងចិត្តថាតើព្រះសព្វព្រះទ័យនឹងលោកដែរឬអត់នោះទេ ។ លោកលែងមានអារម្មណ៍នៃការអភ័យទោស និងសេចក្ដីសុខសាន្តដែលលោកធ្លាប់បានទទួល បន្ទាប់ការនិមិត្តរបស់លោកអំពីព្រះវរបិតា និងព្រះរាជបុត្រាទៀតហើយ ។ ផ្ទុយទៅវិញ ជារឿយៗ លោកបានទទួលអារម្មណ៍នូវការដាក់ទោសចំពោះភាពទន់ខ្សោយ និងភាពពុំល្អឥតខ្ចោះរបស់លោក ។៥
នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ យ៉ូសែប ដែលមានអាយុដប់ប្រាំពីរឆ្នាំដេកពុំលក់សោះនៅលើគ្រែឈើដែលលោកដេកជាមួយនឹងបងប្អូនប្រុសរបស់លោក ។ នៅល្ងាចនោះ លោកពុំបានដេកទេរហូតដល់យប់ជ្រៅ ដោយនៅស្ដាប់គ្រួសាររបស់លោកជជែកគ្នាអំពីព្រះវិហារខុសៗគ្នា និងគោលលទ្ធិដែលព្រះវិហារទាំងនោះបានបង្រៀន ។ ឥឡូវ មនុស្សគ្រប់គ្នាបានដេកលក់អស់ហើយ ហើយផ្ទះនោះមានភាពស្ងាត់ជ្រងំ ។៦
នៅក្នុងបន្ទប់ដ៏ងងឹតរបស់លោក យ៉ូសែបបានចាប់ផ្ដើមអធិស្ឋាន ដោយទូលអង្វរយ៉ាងក្លៀវក្លាថាព្រះនឹងអភ័យទោសដល់អំពើបាបរបស់លោក ។ លោកចង់សន្ទនានឹងសារទូតសួគ៌ាមួយអង្គដែលអាចអះអាងចំពោះលោកស្ដីពីការឈររបស់លោកនៅចំពោះព្រះអម្ចាស់ ហើយប្រទានចំណេះដល់លោកអំពីដំណឹងល្អដែលបានសន្យានឹងលោកនៅក្នុងព្រៃនោះ ។ យ៉ូសែបបានដឹងថា ព្រះបានឆ្លើយតបការអធិស្ឋានរបស់លោកពីមុន ហើយលោកមានទំនុកចិត្តយ៉ាងខ្លាំងថា ទ្រង់នឹងឆ្លើយតបម្ដងទៀត ។
នៅពេលយ៉ូសែបបានអធិស្ឋាន នោះមានពន្លឺមួយបានលេចឡើងនៅក្បែរគ្រែរបស់លោក ហើយវាភ្លឺឡើងៗរហូតពេញបន្ទប់ទាំងមូល ។ យ៉ូសែបបានមើលទៅលើ ហើយបានឃើញទេវតាមួយអង្គកំពុងឈរនៅលើអាកាស ។ ទេវតាអង្គនោះបានពាក់អាវវែងពណ៌សរលុងដល់កដៃ កជើងរបស់ទ្រង់ ។ ពន្លឺបានភ្លឺចាំងចេញមកពីទ្រង់ ហើយព្រះភ័ក្រ្ករបស់ទ្រង់ភ្លឺដូចជាផ្លេកបន្ទោរ ។
ដំបូងឡើយ យ៉ូសែបមានការភ័យខ្លាច ប៉ុន្តែរំពេចនោះលោកក៏បានពោរពេញដោយសេចក្ដីសុខសាន្ត ។ ទេវតាអង្គនោះបានហៅឈ្មោះលោក ហើយបានណែនាំអង្គថា ទ្រង់ជាមរ៉ូណៃ ។ ទេវតាអង្គនោះបានថ្លែងថា ព្រះបានអភ័យទោសដល់យ៉ូសែបចំពោះអំពើបាបរបស់លោក ហើយឥឡូវនេះទ្រង់មានកិច្ចការឲ្យលោកធ្វើ ។ ទេវតាអង្គនោះបានប្រកាសថា ឈ្មោះរបស់ យ៉ូសែបនឹងត្រូវនិយាយដល់ទាំងសេចក្ដីល្អ និងសេចក្ដីអាក្រក់នៅក្នុងចំណោមបណ្ដាជនទាំងអស់ ។៧
មរ៉ូណៃបានថ្លែងអំពីផ្ទាំងមាសដែលបានកប់ទុកនៅលើភ្នំក្បែរនោះ ។ នៅលើផ្ទាំងនោះត្រូវបានឆ្លាក់នូវកំណត់ត្រារបស់ប្រជាជនពីបុរាណមួយក្រុមដែលធ្លាប់បានរស់នៅលើទ្វីបអាមេរិក ។ កំណត់ត្រានោះបានប្រាប់អំពីដើមកំណើតរបស់ពួកគេ ហើយបានផ្ដល់នូវដំណើររឿងមួយអំពីព្រះយេស៊ូវដែលបានយាងមកជួបនឹងពួកគេ ហើយបង្រៀននូវភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ ។៨ មរ៉ូណៃបានថ្លែងថា មានត្បូងមើលឆុតពីរត្រូវបានកប់ជាមួយនឹងផ្ទាំងនោះ ដែលក្រោយមក យ៉ូសែបបានហៅថា យូរីម និង ធូមីម ឬឧបករណ៍បកប្រែ ។ ព្រះអម្ចាស់បានរៀបចំត្បូងទាំងនេះដើម្បីជួយយ៉ូសែបឲ្យបកប្រែកំណត់ត្រានោះ ។ ត្បូងថ្លាទាំងនោះត្រូវបានដាក់ជាប់គ្នា ហើយភ្ជាប់ទៅនឹងខែលមួយ ។៩
សម្រាប់ពេលសល់ទាំងប៉ុន្មាន មរ៉ូណៃបានដកស្រង់ការព្យាករចេញពីព្រះគម្ពីរប៊ីបនៅក្នុងគម្ពីរអេសាយ យ៉ូអែល ម៉ាឡាគី និងកិច្ចការ ។ ទេវតាអង្គនោះបានពន្យល់ថា មិនយូរទេ ព្រះអម្ចាស់នឹងយាងមក ហើយគ្រួសារមនុស្សនឹងពុំបានបំពេញគោលបំណងនៃការបង្កបង្កើតរបស់ពួកគេឡើយ លុះត្រាតែសេចក្ដីសញ្ញាពីបុរាណរបស់ព្រះត្រូវបានធ្វើសារជាថ្មីជាមុនសិន ។១០ មរ៉ូណៃបានថ្លែងថា ព្រះបានជ្រើសរើសយ៉ូសែបដើម្បីធ្វើសេចក្ដីសញ្ញានោះជាថ្មី ហើយថាប្រសិនបើលោកមានភាពស្មោះត្រង់ចំពោះបទបញ្ញត្តិរបស់ព្រះ នោះលោកនឹងក្លាយជាមនុស្សម្នាក់ដើម្បីបើកសម្ដែងកំណត់ត្រានៅលើផ្ទាំងនោះ ។១១
ពីមុនចាកចេញទៅ ទេវតាអង្គនោះបានបង្គាប់យ៉ូសែបឲ្យមើលថែផ្ទាំងនោះ ហើយកុំបង្ហាញវាដល់នរណាឡើយ លើកលែងតែមានការបង្គាប់ឲ្យធ្វើដូច្នោះ ដោយព្រមានលោកថា លោកនឹងត្រូវបានបំផ្លាញចោល ប្រសិនបើលោកពុំគោរពតាមពាក្យទូន្មាននេះទេ ។ បន្ទាប់មកពន្លឺបានប្រមូលផ្ដុំជុំវិញមរ៉ូណៃ ហើយទ្រង់ក៏ឡើងទៅស្ថានសួគ៌វិញទៅ ។១២
នៅពេលយ៉ូសែបដេកគិតអំពីការនិមិត្តនោះ ពន្លឺបានភ្លឺបន្ទប់នោះម្ដងទៀត ហើយមរ៉ូណៃបានលេចមកម្ដងទៀត ដោយផ្ដល់នូវសារលិខិតដូចពីមុនដែរ ។ បន្ទាប់មកមរ៉ូណៃបានចេញទៅ តែក៏បានលេចមកជាថ្មីម្ដងទៀត ហើយបានថ្លែងនូវសារលិខិតរបស់ទ្រង់ជាលើកទីបី ។
ទ្រង់បានថ្លែងថា « ឥឡូវនេះ យ៉ូសែប ត្រូវប្រយ័ត្ន » ។ « ពេលដែលឯងទៅយកផ្ទាំងចំណារ ចិត្តរបស់ឯងនឹងពោរពេញដោយភាពខ្មៅងងឹត ហើយគំនិតអាក្រក់ៗទាំងអស់នឹងកើតឡើងនៅក្នុងគំនិតរបស់ឯងរារាំងឯងមិនឲ្យគោរពតាមបទបញ្ញត្តិរបស់ព្រះ » ។ កាលដែលកំពុងណែនាំយ៉ូសែបថាតើនរណាអាចជួយលោកបាន នោះមរ៉ូណៃបានជម្រុញឲ្យលោកប្រាប់ឪពុកលោកអំពីការនិមិត្តរបស់លោក ។
ទេវតាអង្គនោះបានមានបន្ទូលថា « ឪពុករបស់ឯងនឹងជឿគ្រប់ពាក្យពេចន៍ដែលឯងនិយាយ » ។១៣
នៅព្រឹកស្អែក យ៉ូសែបមិនបាននិយាយអ្វីអំពីមរ៉ូណៃទេ ទោះបីជាលោកបានដឹងថាឪពុកលោកនឹងជឿលើការនិមិត្ត និងពួកទេវតានោះដែរក្ដី ។ ផ្ទុយទៅវិញ ពួកលោកបានចំណាយពេលពេញមួយព្រឹកធំច្រូតកាត់នៅស្រែជិតនោះជាមួយ អាលវិន ។
ការងារនោះពិបាកណាស់ ។ យ៉ូសែបបានព្យាយាមរក្សាល្បឿនច្រូតកាត់ឲ្យស្មើនឹងបងប្រុសរបស់លោក កាលដែលពួកលោកទាញកណ្ដៀវច្រូតកាត់ស្រូវសាលីដ៏ខ្ពស់ៗនោះ ។ ប៉ុន្តែ ការយាងមកជួបរបស់មរ៉ូណៃបានធ្វើឲ្យលោកពុំបានសម្រាន្តពេញមួយយប់ ហើយលោកចេះតែគិតអំពីកំណត់ត្រាពីបុរាណ និងភ្នំដែលបានកប់កំណត់ត្រានោះ ។
មិនយូរប៉ុន្មានលោកបានឈប់ធ្វើការ ហើយអាលវិនបានដឹង ។ គាត់បានស្រែកហៅយ៉ូសែបថា « យើងត្រូវតែបន្តធ្វើការ បើមិនចឹងទេ យើងនឹងមិនអាចបង្ហើយកិច្ចការរបស់យើងឡើយ » ។១៤
យ៉ូសែបបានព្យាយាមខិតខំធ្វើការកាន់តែខ្លាំង និងកាន់តែលឿន ប៉ុន្តែមិនថាលោកខិតខំធ្វើយ៉ាងណាទេ ក៏លោកពុំអាចតាមទាន់អាលវិនបានដែរ ។ មួយរយៈក្រោយមក យ៉ូសែប ស៊ីញ្ញ័រ បានសម្គាល់ឃើញថា យ៉ូសែបមានទឹកមុខស្លេកស្លាំង ហើយបានឈប់ធ្វើការម្ដងទៀត ។ ដោយជឿថា កូនប្រុសរបស់គាត់ឈឺ គាត់បាននិយាយថា « ត្រឡប់ទៅផ្ទះចុះ » ។
យ៉ូសែបបានធ្វើតាមឪពុករបស់លោក ហើយបានដើរទ្រេតទ្រោឌត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែនៅពេលលោកព្យាយាមដើរផ្លោះរបង នោះលោកបានដួលទៅនឹងដីទាំងអស់កម្លាំង ។
កាលលោកដេកនៅលើដីនោះទទួលមានកម្លាំងវិញ នោះលោកបានឃើញមរ៉ូណៃកំពុងឈរនៅពីលើលោកដែលហ៊ុមព័ទ្ធដោយពន្លឺម្ដងទៀត ។ មរ៉ូណៃបានសួរថា « ហេតុអ្វីក៏ឯងមិនប្រាប់ដល់ឪពុកអំពីអ្វីដែលយើងបានប្រាប់ឯងដូច្នេះ ? »
យ៉ូសែបបានពោលថា លោកខ្លាចឪពុករបស់លោកមិនជឿលោក ។
មរ៉ូណៃបានអះអាងនឹងលោកថា « គាត់នឹងជឿ » រួចហើយមរ៉ូណៃបានប្រាប់សារលិខិតរបស់ទ្រង់កាលពីយប់ម្សិលមិញម្ដងទៀត ។១៥
យ៉ូសែប ស៊ីញ្ញ័រ បានស្រក់ទឹកភ្នែក នៅពេលកូនប្រុសរបស់គាត់បានប្រាប់គាត់អំពីទេវតា និងសារលិខិតរបស់ទ្រង់ ។ គាត់បានពោលថា « វាគឺជាការនិមិត្តមកពីព្រះ ។ « ធ្វើតាមរឿងដែលកូនបានឮចុះ » ។១៦
យ៉ូសែបបានដើរចេញទៅកាន់កូនភ្នំភ្លាម ។ នៅយប់នោះ មរ៉ូណៃបានបង្ហាញដល់លោកនូវការនិមិត្តមួយអំពីកន្លែងដែលផ្ទាំងនោះបានលាក់ទុក ដើម្បីលោកដឹងពីកន្លែងដែលត្រូវទៅ ។ ភ្នំនោះគឺជាភ្នំដ៏ធំបំផុតមួយនៅក្នុងតំបន់នោះ ដែលមានចម្ងាយប្រមាណជាប្រាំគីឡូម៉ែត្រពីផ្ទះរបស់លោក ។ ផ្ទាំងនោះត្រូវបានកប់នៅក្រោមថ្មមូលដ៏ធំមួយដុំនៅភាគខាងលិចនៃភ្នំនោះ មិនឆ្ងាយប៉ុន្មានពីកំពូលភ្នំឡើយ ។
យ៉ូសែបបានគិតអំពីផ្ទាំងនោះកាលលោកបានដើរទៅ ។ ទោះជាលោកបានដឹងថា វាពិសិដ្ឋក្ដី ក៏វាពិបាកឲ្យលោកទប់ចិត្តមិនងឿងឆ្ងល់ពីតម្លៃរបស់ផ្ទាំងនោះឡើយ ។ លោកបានធ្លាប់ឮរឿងនិទានអំពីទ្រព្យសម្បត្តិដែលបានកប់ទុក ហើយបានថែរក្សាដោយវិញ្ញាណអ្នកការពារ ប៉ុន្តែរឿងមរ៉ូណៃ និងផ្ទាំងដែលទ្រង់បានពិពណ៌នាគឺខុសពីដំណើររឿងទាំងនេះ ។ មរ៉ូណៃគឺជាសារទូតសួគ៌ាមួយអង្គដែលបានចាត់មកពីព្រះដើម្បីយកកំណត់ត្រាទៅឲ្យអ្នកមើលឆុតដ៏ជម្រើសរបស់ទ្រង់ដោយសុវត្ថិភាព ។ ហើយផ្ទាំងទាំងឡាយពុំមែនមានតម្លៃដោយសារវាធ្វើពីមាសនោះទេ ប៉ុន្តែដោយសារវាបានធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ។
ប៉ុន្ដែយ៉ូសែបនៅតែមិនអាចឈប់គិតថា ឥឡូវនេះលោកបានដឹងពីកន្លែងមានទ្រព្យសម្បត្តិល្មមគ្រប់គ្រាន់ដើម្បីជួយគ្រួសាររបស់លោកឲ្យរួចផុតពីភាពក្រីក្រ ។១៧
នៅពេលមកដល់ភ្នំនោះ យ៉ូសែបបានរកឃើញកន្លែងដែលលោកបានឃើញនៅក្នុងការនិមិត្តនោះ ហើយបានចាប់ផ្ដើមជីកផ្នែកខាងក្រោមនៃថ្មនោះរហូតឃើញគែមច្បាស់ ។ បន្ទាប់មក លោករកបានមែកឈើធំមួយ ហើយប្រើវាជាគម្នាស់ដើម្បីគាស់ថ្មឡើងដាក់ទៅជ្រុងម្ខាង ។១៨
នៅក្រោមផ្ទាំងថ្មធំនោះមានប្រអប់មួយ ដែលជ្រុង និងផ្ទៃខាងក្រោមរបស់វាធ្វើឡើងពីត្បូង ។ ដោយមើលទៅខាងក្នុង យ៉ូសែបបានឃើញផ្ទាំងមាស ត្បូងមើលឆុត និងខែល ។១៩ ផ្ទាំងទាំងឡាយមានសុទ្ធតែការសរសេរពីបុរាណ ហើយចងភ្ជាប់គ្នានៅផ្នែកម្ខាងដោយរន្ធកងចំនួនបី ។ ផ្ទាំងនីមួយៗមានទទឹងប្រមាណជាដប់ប្រាំសង់ទីម៉ែត្រ បណ្ដោយម្ភៃសង់ទីម៉ែត្រ ហើយស្ដើង ។ ផ្នែកមួយនៃផ្ទាំងនោះត្រូវបានផ្សារជាប់ ដើម្បីកុំឲ្យនរណាម្នាក់អាចអានបាន ។២០
ដោយមានការភ្ញាក់ផ្អើល យ៉ូសែបបានងឿងឆ្ងល់ម្ដងទៀតថាតើផ្ទាំងទាំងនោះមានតម្លៃប៉ុន្មានទៅ ។ លោកបានឈោងទៅយកវា—រួចក៏មានអារម្មណ៍ថាឆក់ដៃគាត់ ។ លោកបានដកដៃចេញវិញ ប៉ុន្តែបន្ទាប់មកបានឈោងទៅយកផ្ទាំងនោះពីរលើកទៀត ប៉ុន្តែត្រូវបានឆក់ទាំងពីរដង ។
លោកបានស្រែកឡើងថា « ហេតុអ្វីខ្ញុំមិនអាចយកសៀវភៅនេះបាន ? »
មានសំឡេងមួយនៅក្បែរនោះបានបន្លឺឡើងថា « ដោយសារឯងពុំបានគោរពតាមបទញ្ញត្តិរបស់ព្រះអម្ចាស់ » ។២១
យ៉ូសែបបានងាកក្រោយ ហើយឃើញមរ៉ូណៃ ។ សារលិខិតកាលពីយប់ម្សិលបានផុសឡើងក្នុងគំនិតរបស់លោកក្នុងពេលតែមួយ ហើយលោកបានយល់ថា លោកបានភ្លេចអំពីគោលបំណងពិតរបស់កំណត់ត្រានោះ ។ លោកបានចាប់ផ្ដើមអធិស្ឋាន ហើយគំនិត និងព្រលឹងរបស់លោកបានទទួលព្រះវិញ្ញាណបរិសុទ្ធ ។
មរ៉ូណៃបានបង្គាប់ថា « មើលន៎ » ។ ការនិមិត្តមួយទៀតបានបើកបង្ហាញនៅចំពោះមុខយ៉ូសែប ហើយលោកបានឃើញសាតាំងបានព័ទ្ធជុំវិញដោយពលបរិវាររបស់វាច្រើនរាប់មិនអស់ ។ ទេវតាមរ៉ូណៃបានប្រកាសថា « ការនិមិត្តនេះបានបង្ហាញរឿងទាំងអស់ ទាំងការល្អ និងការអាក្រក់ ទាំងរឿងបរិសុទ្ធ និងរឿងឥតបរិសុទ្ធ សិរីល្អនៃព្រះ និងអំណាចនៃសេចក្ដីងងឹត ដើម្បីឲ្យអ្នកដឹងអំពីអំណាចទាំងពីរនេះ ហើយពុំត្រូវរងឥទ្ធិពល ឬគ្រប់គ្រងដោយអំណាចអាក្រក់នោះបាន » ។
មរ៉ូណៃបានបង្រៀនយ៉ូសែបឲ្យមានចិត្តបរិសុទ្ធ ហើយពង្រឹងគំនិតរបស់លោកដើម្បីទទួលកំណត់ត្រានោះ ។ មរ៉ូណៃបានពន្យល់ថា « ប្រសិនបើចង់បាននូវរបស់ពិសិដ្ឋទាំងនេះ គឺមានតែតាមរយៈការអធិស្ឋាន និងភាពស្មោះត្រង់នៅក្នុងការគោរពតាមព្រះអម្ចាស់ប៉ុណ្ណោះ ។ « វាពុំត្រូវបានកប់ទុកនៅទីនេះដើម្បីជាប្រយោជន៍នៃការទទួលបានប្រាក់ និងទ្រព្យសម្បត្តិសម្រាប់ភាពរុងរឿងនៃលោកិយនេះឡើយ ។ វាត្រូវបានផ្សារភ្ជាប់ដោយការអធិស្ឋាននៃសេចក្ដីជំនឿ » ។២២
យ៉ូសែបបានសួរថា ពេលណាទើបលោកអាចយកផ្ទាំងនេះបាន ។
មរ៉ូណៃបានពោលថា « ថ្ងៃទីម្ភៃពីរ ខែកញ្ញា ឆ្នាំក្រោយ ប្រសិនបើឯងនាំមនុស្សត្រឹមត្រូវមកជាមួយនឹងឯង » ។
« តើមនុស្សត្រឹមត្រូវនោះជានរណា ? » យ៉ូសែបបានសួរ ។
« បងប្រុសធំបង្អស់របស់ឯង » ។២៣
តាំងពីក្មេងមក យ៉ូសែបបានដឹងថា លោកអាចទុកចិត្តលើបងប្រុសធំបង្អស់របស់លោកបាន ។ អាលវិនមានអាយុម្ភៃប្រាំឆ្នាំនៅពេលនេះ ហើយអាចមានចម្ការផ្ទាល់ខ្លួនបាន ប្រសិនបើគាត់ចង់ ។ ប៉ុន្តែគាត់សុខចិត្តនៅក្នុងកសិដ្ឋានរបស់គ្រួសារ ដើម្បីជួយឪពុកម្ដាយគាត់ឲ្យមានជីវភាពធូរស្រាល ហើយរក្សាដីធ្លីទុកពេលពួកគាត់ចាស់ទៅ ។ គាត់ជាមនុស្សម៉ឺងម៉ាត់ ហើយខិតខំធ្វើការ ហើយយ៉ូសែបគោរពស្រឡាញ់គាត់ខ្លាំងណាស់ ។២៤
ប្រហែលជា មរ៉ូណៃមានអារម្មណ៍ថា យ៉ូសែបចាំបាច់ត្រូវមានប្រាជ្ញា និងកម្លាំងរបស់បងប្រុសលោក ដើម្បីក្លាយជាមនុស្សដែលព្រះអម្ចាស់អាចទុកព្រះទ័យប្រទានផ្ទាំងទាំងនោះឲ្យបាន ។
នៅល្ងាចនោះ កាលត្រឡប់មកផ្ទះវិញ យ៉ូសែបបានអស់កម្លាំងជាខ្លាំង ។ ប៉ុន្តែគ្រួសាររបស់លោកបាននាំគ្នាចោមរោមលោក កាលលោកបានបើកទ្វារចូលក្នុងផ្ទះភ្លាម ដោយអន្ទះសារចង់ដឹងថា លោកបានរកឃើញអ្វីនៅលើភ្នំនោះ ។ យ៉ូសែបបានចាប់ផ្ដើមប្រាប់ពួកគេអំពីផ្ទាំងទាំងនោះ ប៉ុន្តែអាលវិនបានមកបង្អាក់ កាលគាត់បានឃើញថា យ៉ូសែបមើលទៅអស់កម្លាំងយ៉ាងខ្លាំង ។
គាត់បានពោលថា « ចូរយើងចូលដេកទៅ ហើយយើងត្រូវក្រោកពីព្រឹកព្រលឹមទៅធ្វើការ » ។ ពួកគេនឹងមានពេលច្រើនទៀតនៅថ្ងៃស្អែក ដើម្បីស្ដាប់ដំណើររឿងរបស់យ៉ូសែបដែលនៅសេសសល់ទាំងប៉ុន្មាន ។ គាត់បានពោលថា « ប្រសិនបើម៉ាក់ធ្វើម្ហូបឲ្យយើងហូបពីភ្លឺ នោះយើងនឹងមានពេលយ៉ាងច្រើននៅពេលល្ងាច ហើយយើងទាំងអស់គ្នាអង្គុយចុះស្ដាប់ឯងនិយាយរឿង » ។២៥
លុះល្ងាចស្អែក យ៉ូសែបបានចែកចាយនូវអ្វីដែលបានកើតឡើងនៅឯភ្នំនោះ ហើយអាលវិនបានជឿដល់លោក ។ ក្នុងនាមជាកូនប្រុសច្បងក្នុងគ្រួសារ អាលវិនតែងតែទទួលខុសត្រូវចំពោះសុខុមាលភាពរាងកាយរបស់ឪពុកម្ដាយចាស់ជរារបស់គាត់ជានិច្ច ។ គាត់ និងប្អូនៗប្រុសរបស់គាត់បានចាប់ផ្ដើមសង់ផ្ទះធំជាងនេះសម្រាប់គ្រួសារដើម្បីឲ្យពួកគេអាចមានភាពស្រណុកក្នុងចិត្តកាន់តែខ្លាំងទៀតផង ។
ឥឡូវនេះ ទំនងដូចជាយ៉ូសែបកំពុងមើលថែសុខុមាលភាពខាងវិញ្ញាណរបស់ពួកគេ ។ ពីមួយយប់ទៅមួយយប់ លោកបានធ្វើឲ្យគ្រួសាររបស់លោកចាប់ចិត្តនូវការនិយាយប្រាប់អំពីផ្ទាំងមាសនោះ និងមនុស្សដែលបានសរសេរវា ។ គ្រួសារនេះកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា ហើយផ្ទះរបស់ពួកគេមានភាពសុខសាន្ត និងភាពរីករាយ ។ សមាជិកគ្រួសារគ្រប់គ្នាបានមានអារម្មណ៍ថា មានអ្វីមួយអស្ចារ្យ ជិតកើតឡើងហើយ ។២៦
បន្ទាប់មកនៅព្រឹកមួយនាសរទរដូវ ក្រោយពីការមកជួបរបស់មរ៉ូណៃមិនដល់ពីរខែផង អាលវិនបានត្រឡប់មកផ្ទះវិញដោយចុកពោះយ៉ាងខ្លាំង ។ ដោយដេករមួលពត់ខ្លួនទាំងឈឺចាប់ គាត់បានអង្វរឪពុករបស់គាត់ឲ្យទៅរកគេមកជួយ ។ នៅទីបំផុត កាលវេជ្ជបណ្ឌិតម្នាក់បានមកដល់ គាត់បានឲ្យថ្នាំទៅអាលវិនយ៉ាងច្រើន ប៉ុន្តែវារឹតតែធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ។
អាលវិនបានដេករមួលខ្លួននៅលើគ្រែទាំងឈឺចាប់អស់ជាច្រើនថ្ងៃ ។ ដោយដឹងថា គាត់ប្រហែលជាត្រូវស្លាប់ គាត់បានសួររកយ៉ូសែប ។ អាលវិនបានពោលថា « ចូរធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងលទ្ធភាពរបស់ប្អូន ដើម្បីទទួលបានកំណត់ត្រានោះ » ។ « ចូរស្មោះត្រង់នៅក្នុងការទទួលការបង្រៀន និងការរក្សារាល់បទបញ្ញត្តិដែលបានប្រទានដល់ប្អូន » ។២៧
ក្រោយមកមិនយូរប៉ុន្មាន គាត់ក៏បានស្លាប់ទៅ ហើយភាពសោកសៅបានកើតមានមកលើគ្រួសារនេះ ។ នៅឯពិធីបុណ្យសព គ្រូគង្វាលម្នាក់បាននិយាយថា អាលវិនបានចុះទៅស្ថាននរក ដោយប្រើការស្លាប់របស់គាត់ដើម្បីព្រមានដល់មនុស្សដទៃទៀតអំពីអ្វីដែលនឹងកើតឡើង លើកលែងតែព្រះបានលូកព្រះហស្ដមកសង្គ្រោះពួកគេប៉ុណ្ណោះ ។ យ៉ូសែប ស៊ីញ្ញ័រ បានខឹងយ៉ាងខ្លាំង ។ កូនប្រុសរបស់គាត់គឺជាយុវជនដ៏ល្អម្នាក់ ហើយគាត់មិនជឿថា ព្រះនឹងដាក់ទោសដល់កូនប្រុសគាត់ឡើយ ។២៨
កាលអាលវិនបានស្លាប់ទៅ ការនិយាយអំពីផ្ទាំងទាំងនោះបានបញ្ចប់ ។ គាត់គឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះការហៅដ៏ទេវភាពរបស់យ៉ូសែប រហូតដល់ថា រាល់ពេលដែលលើកឡើងអំពីផ្ទាំងទាំងនោះ វាបានរំឭកឲ្យនឹកឃើញដល់ការស្លាប់របស់គាត់ ។ គ្រួសារនេះពុំអាចទ្រាំទ្ររឿងនោះបានឡើយ ។
យ៉ូសែបបាននឹកអាលវិនយ៉ាងខ្លាំង ហើយការស្លាប់របស់គាត់បានប៉ះទង្គិចដល់លោកជាខ្លាំង ។ លោកបានសង្ឃឹមថា នឹងពឹងផ្អែកលើបងប្រុសធំបង្អស់របស់លោកដើម្បីជួយលោកទទួលបានកំណត់ត្រានោះ ។ ឥឡូវនេះលោកមានអារម្មណ៍ថា ដូចត្រូវគេបោះបង់ចោល ។២៩
នៅទីបំផុត កាលដែលថ្ងៃត្រូវត្រឡប់ទៅភ្នំនោះវិញបានមកដល់ យ៉ូសែបបានទៅតែឯង ។ ដោយគ្មានអាលវិន លោកមិនច្បាស់ក្នុងចិត្តថា ព្រះអម្ចាស់នឹងទុកព្រះទ័យប្រទានផ្ទាំងទាំងនោះឲ្យលោកដែរឬអត់នោះទេ ។ ប៉ុន្តែលោកបានគិតថា លោកអាចគោរពនូវរាល់បទបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានដល់លោក ដូចដែលបងប្រុសរបស់លោកបានទូន្មានដល់លោក ។ ការណែនាំរបស់មរ៉ូណៃដើម្បីទទួលបានផ្ទាំងទាំងនោះមានភាពច្បាស់លាស់ ។ ទេវតាអង្គនោះបានពោលថា « ឯងត្រូវយកវាមកឱបក្នុងដៃ ហើយដើរសំដៅទៅផ្ទះភ្លាមកុំបង្អង់ឲ្យសោះ ហើយយកសោមកចាក់វាទុក » ។៣០
នៅលើភ្នំនោះ យ៉ូសែបបានគាស់ថ្មនោះឡើង ហើយលូកដៃចូលទៅក្នុងប្រអប់ថ្មនោះ ហើយលើកផ្ទាំងនោះឡើង ។ បន្ទាប់មក លោកមានគំនិតមួយថា វត្ថុផ្សេងទៀតនៅក្នុងប្រអប់នោះក៏មានតម្លៃណាស់ដែរ ហើយវាគួរតែត្រូវបានលាក់ទុកពីមុនលោកទៅផ្ទះវិញ ។ លោកបានដាក់ផ្ទាំងនោះចុះ ហើយបែរទៅគ្របប្រអប់នោះវិញ ។ ប៉ុន្តែនៅពេលលោកបានត្រឡប់មករកផ្ទាំងនោះវិញ វាបានបាត់ ។ ដោយភ័យស្លន់ស្លោ លោកបានលុតជង្គង់ចុះ ហើយបានទូលអង្វរដើម្បីដឹងថា ផ្ទាំងនោះនៅឯណា ។
មរ៉ូណៃបានលេចមកប្រាប់យ៉ូសែបថា លោកបានបរាជ័យក្នុងការធ្វើតាមការដឹកនាំម្ដងទៀតហើយ ។ លោកពុំគ្រាន់តែដាក់ផ្ទាំងនោះចោលប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានទុកវាចោលឆ្ងាយពីភ្នែករបស់លោកដែរ ។ ទោះជាលោកមានឆន្ទៈជាអ្នកមើលឆុតវ័យក្មេងដែលចង់ធ្វើកិច្ចការរបស់ព្រះអម្ចាស់យ៉ាងណាក្ដី ក៏លោកពុំទាន់មានលទ្ធភាពដើម្បីការពារកំណត់ត្រាបុរាណនោះនៅឡើយដែរ ។
យ៉ូសែបបានខឹងនឹងខ្លួនឯង ប៉ុន្តែមរ៉ូណៃបានណែនាំលោកឲ្យត្រឡប់មករកផ្ទាំងនោះនៅឆ្នាំក្រោយ ។ មរ៉ូណៃក៏បានបង្រៀនលោកបន្ថែមទៀតផងដែរអំពីផែនការរបស់ព្រះអម្ចាស់សម្រាប់នគរព្រះ និងកិច្ចការដ៏អស្ចារ្យ ដែលកំពុងចាប់ផ្ដើមរំកិលទៅមុខ ។
បន្ទាប់ពីទេវតាអង្គនោះបានយាងចេញទៅ យ៉ូសែបនៅតែយ៉ាងសោកសៅ ដើរចុះពីភ្នំនោះ ដោយព្រួយបារម្ភថាគ្រួសារលោកនឹងគិតយ៉ាងណា នៅពេលលោកត្រឡប់ទៅផ្ទះវិញដៃទទេនោះ ។៣១ នៅពេលលោកឈានជើងចូលផ្ទះ ពួកគេកំពុងរង់ចាំលោក ។ ឪពុករបស់លោកបានសួរភ្លាមថាតើលោកបានផ្ទាំងនោះដែរឬទេ ។
លោកបានពោលថា « អត់ទេ » ។ « កូនមិនអាចយកវាបានទេ » ។
« តើកូនបានឃើញវាទេ ? »
« ខ្ញុំបានឃើញវា ប៉ុន្តែខ្ញុំយកវាពុំបានឡើយ » ។
យ៉ូសែប ស៊ីញ្ញ័រ បានពោលថា « ប្រសិនបើប៉ាជាកូនវិញ ប៉ានឹងយកវាឲ្យបាន » ។
យ៉ូសែបបានពោលថា « ប៉ាចេះតែនិយាយហើយ ។ ខ្ញុំមិនអាចយកវាបាន ដោយសារទេវតានៃព្រះអម្ចាស់មិនអនុញ្ញាតឲ្យខ្ញុំយកវាបាន » ។៣២