ជំពូក ៧ « ពួកអ្នកបម្រើ » នៃ ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ (ឆ្នាំ ២០១៨ )
ជំពូក ៧ ៖ « ពួកអ្នកបម្រើ »
ជំពូក ៧
ពួកអ្នកបម្រើ
និទារឃរដូវនាឆ្នាំ ១៨២៩ មានអាកាសធាតុត្រជាក់ និងសំណើមរហូតដល់ខែឧសភា ។ ខណៈពេលដែលពួកកសិករនៅក្នុងភូមិហាម៉ូនី សម្រាក ផ្អាកដាំដំណាំក្នុងនិទារឃរដូវ រហូតដល់អាកាសធាតុបានល្អប្រសើរឡើងវិញ នោះយ៉ូសែប និងអូលីវើរ បានបកប្រែកំណត់ត្រាឲ្យបានច្រើនតាមតែពួកគាត់ធ្វើទៅបាន ។១
ពួកគាត់បានបកប្រែដល់ដំណើររឿងដែលបានកើតឡើងចំពោះពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន នៅពេលដែលព្រះយេស៊ូវបានសុគតនៅទីក្រុងយេរូសាឡិម ។ វាបានតំណាលអំពីការរញ្ជួយដីដ៏ខ្លាំង ហើយនិងខ្យល់ព្យុះដែលបំផ្លាញប្រជាជន និងបានផ្លាស់ប្ដូរទ្រង់ទ្រាយដែនដី ។ ទីក្រុងខ្លះបានស្រូបចូលក្នុងដី ខណៈដែលទីក្រុងឯទៀតឆេះដោយភ្លើង ។ ផ្លេកបន្ទោរហែកផ្ទៃមេឃអស់ជាច្រើនម៉ោង ហើយព្រះអាទិត្យក៏បាត់រូបរាង ភាពខ្មៅងងឹតបានគ្របដណ្តប់លើអ្នកដែលនៅរស់រានមានជីវិត ។ មនុស្សម្នាស្រែកយំអស់រយៈពេលបីថ្ងៃ ទួញយំចំពោះមរណជនរបស់ពួកគេ ។២
នៅទីបំផុត ព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទបានចាក់ទម្លុះភាពអាប់អួរនោះ ។ ទ្រង់បានមានបន្ទូលសួរថា « តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? »៣ ទ្រង់បានស្អាងសេចក្តីងងឹត និងប្រជាជនដែលបានប្រែចិត្ត ។ មិនយូរប៉ុន្មាន មនុស្សម្នាជាច្រើនបានជួបជុំគ្នានៅឯព្រះវិហារមួយនៅកន្លែងដែលគេហៅថាទីក្រុងបរិបូរណ៍ ជាទីកន្លែងដែលពួកគេបាននិយាយពីការផ្លាស់ប្តូរដ៏អស្ចារ្យនៅលើដែនដី ។៤
ខណៈដែលមនុស្សម្នាកំពុងជជែកគ្នា នោះពួកគេបានឃើញព្រះរាជបុត្រារបស់ព្រះយាងចុះពីស្ថានសួគ៌ ។ ទ្រង់បានមានបន្ទូលថា « មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការីបានធ្វើបន្ទាល់ថា នឹងយាងមកឯលោកិយ » ។៥ ទ្រង់បាននៅជាមួយពួកគេអស់មួយរយៈ បានបង្រៀនដំណឹងល្អរបស់ទ្រង់ ហើយបានបញ្ជាពួកគេឲ្យទទួលបុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប ។
ទ្រង់បានប្រកាសថា « ហើយអស់អ្នកណាដែលជឿដល់យើង ហើយទទួលបុណ្យជ្រមុជទឹក អ្នកនោះហើយដែលនឹងបានសង្គ្រោះ ។ ហើយពួកគេនោះហើយដែលនឹងគ្រងនគរព្រះទុកជាមរតក » ។៦ ពីមុនយាងទៅស្ថានសួគ៌វិញ ទ្រង់បានផ្តល់ឲ្យពួកបុរសសុចរិតនូវសិទ្ធិអំណាចដើម្បីធ្វើបុណ្យជ្រមុជទឹកឲ្យអស់អ្នកដែលបានជឿលើទ្រង់ ។៧
នៅពេលដែលពួកគាត់បានបកប្រែ យ៉ូសែប និងអូលីវើរបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីការបង្រៀនទាំងនេះ ។ ដូចបងប្រុសរបស់គាត់អាល់វិនដែរ យ៉ូសែបមិនដែលបានទទួលបុណ្យជ្រមុជទឹក ហើយគាត់ចង់ដឹងបន្ថែមទៀតអំពីពិធីបរិសុទ្ធ និងសិទិ្ធអំណាចនេះដែលចាំបាច់ដើម្បីធ្វើពិធីការនេះ ។៨
នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ មេឃក៏ឈប់ភ្លៀង ហើយយ៉ូសែប និងអូលីវើរ បានដើរចូលក្នុងព្រៃនៅជិតទន្លេសុសគ្វីហាណា ។ ពេលលុតជង្គង់ចុះ ពួកគាត់បានទូលសួរទៅព្រះអំពីពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្តាច់បាប ។ នៅពេលពួកគាត់បានអធិស្ឋាន នោះសំឡេងនៃព្រះប្រោសលោះបានមានបន្ទូលជាសេចក្តីសុខសាន្ដចំពោះពួកគាត់ ហើយទេវតាមួយអង្គបានបង្ហាញព្រះកាយនៅលើពពកនៃពន្លឺ ។ ទ្រង់បានណែនាំខ្លួនទ្រង់ថាជា យ៉ូហាន បាទីស្ទ ហើយបានដាក់ដៃរបស់ទ្រង់លើក្បាលពួកគាត់ ។ ពួកគាត់បានរីករាយពេញបេះដូង នៅពេលដែលសេចក្តីស្រឡាញ់របស់ព្រះហ៊ុំព័ទ្ធជុំវិញពួកគាត់ ។
យ៉ូហានបានប្រកាសថា « នៅលើអ្នក ជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ ដោយនូវព្រះនាមនៃព្រះមែស៊ី ខ្ញុំសូមប្រគល់បព្វជិតភាពអើរ៉ុនដែលកាន់កូនសោទាំងឡាយអំពីការបម្រើនៃពួកទេវតា និង អំពីដំណឹងល្អនៃការប្រែចិត្ត និង អំពីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប » ។៩
សំឡេងរបស់ទេវតាមានភាពទន់ភ្លន់ ប៉ុន្តែចាក់ទម្លុះចិត្តយ៉ូសែប និងអូលីវើរ ។១០ ទ្រង់បានពន្យល់ថា បព្វជិតភាពអើរ៉ុនផ្តល់សិទ្ធិឲ្យពួកគាត់ធ្វើពិធីបុណ្យជ្រមុជទឹក ហើយទ្រង់បានបញ្ជាពួកគាត់ឲ្យធ្វើបុណ្យជ្រមុជទឹកឲ្យគ្នាទៅវិញទៅមក បន្ទាប់ពីទ្រង់បានយាងចេញទៅ ។ ទ្រង់ក៏បានមានព្រះបន្ទូលថា ពួកគាត់នឹងទទួលបព្វជិតភាពបន្ថែមទៀតនៅពេលក្រោយ ដែលបព្វជិតនោះនឹងផ្តល់សិទ្ធិអំណាចដល់ពួកគាត់ឲ្យប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធឲ្យគ្នាទៅវិញទៅមក និងអស់អ្នកដែលពួកគាត់ធ្វើបុណ្យជ្រមុជទឹកឲ្យ ។
បន្ទាប់ពីយ៉ូហាន បាទីស្ទយាងចេញទៅ នោះយ៉ូសែប និងអូលីវើរបានដើរចូលក្នុងទន្លេ ហើយបានដើរក្នុងទឹកទៅខាងមុខ ។ យ៉ូសែប បានធ្វើបុណ្យជ្រមុជទឹកឲ្យអូលីវើរមុន បន្ទាប់ពីគាត់បានងើបចេញពីទឹកភ្លាម អូលីវើរ បានចាប់ផ្តើមព្យាករអំពីអ្វីៗដែលនឹងកើតឡើងក្នុងពេលខាងមុខឆាប់ៗនេះ ។ បន្ទាប់មកអូលីវើរ បានធ្វើបុណ្យជ្រមុជទឹកឲ្យយ៉ូសែប គាត់បានក្រោកឡើងពីទឹកទន្លេព្យាករអំពីការកើតមានឡើងនៃព្រះវិហាររបស់ព្រះគ្រីស្ទ ដូចដែលព្រះអម្ចាស់បានសន្យាថានឹងកសាងឡើងវិញឲ្យដល់ពួកគាត់ ។១១
ដោយការធ្វើតាមការណែនាំរបស់យ៉ូហានបាទីស្ទ ពួកគាត់ក៏បានត្រឡប់ចូលទៅក្នុងព្រៃ ហើយបានតែងតាំងឲ្យគ្នាទៅវិញទៅមកនូវបព្វជិតភាពអើរ៉ុន ។ តាមរយៈការសិក្សារបស់ពួកគាត់អំពីព្រះគម្ពីរប៊ីប ក៏ដូចជាការបកប្រែរបស់ពួកគាត់អំពីផ្ទាំងចំណារពីបុរាណ នោះយ៉ូសែប និងអូលីវើរបានអានជាញឹកញាប់អំពីសិទ្ធិអំណាចដើម្បីធ្វើកិច្ចការនៅក្នុងព្រះនាមរបស់ព្រះ ។ ឥឡូវនេះ ពួកគាត់មានសិទ្ធិអំណាចនេះក្នុងខ្លួន ។
បន្ទាប់ពីបុណ្យជ្រមុជទឹករបស់ពួកគាត់ហើយ យ៉ូសែប និង អូលីវើរបានរកឃើញថាបទគម្ពីរដែលហាក់ដូចជាពិបាក និងអាថ៌កំបាំងកាលពីពេលមុន ឥឡូវនេះស្រាប់តែបានធ្វើឲ្យគាត់យល់ច្បាស់ក្នុងរយៈពេលមួយរំពេចភ្នែក ។ សេចក្តីពិត និងការយល់ដឹងបានចាក់ស្រោចមកក្នុងគំនិតរបស់ពួកគាត់ ។១២
នៅឯទីក្រុងញូវយ៉កវិញ មិត្តភក្តិរបស់អូលីវើរ ឈ្មោះដាវីឌ វិតមើរមានចិត្តអន្ទះសាចង់រៀនថែមទៀតអំពីកិច្ចការរបស់យ៉ូសែប ។ ទោះជាដាវីឌ រស់នៅឯភូមិហ្វាយ៉ែត ដែលមានរយៈចម្ងាយប្រហែលជាសែសិបប្រាំបីគីឡូម៉ែត្រពីគ្នាក្តី ក៏គាត់ និងអូលីវើរបានក្លាយជាមិត្តភក្តិនឹងគ្នាពេលដែលអូលីវើរបានបង្រៀននៅសាលា ហើយរស់នៅជាមួយនឹងគ្រួសារស្ម៊ីធ ។ ពួកគាត់បាននិយាយគ្នាជាញឹកញាប់អំពីផ្ទាំងចំណារមាស ហើយនៅពេលអូលីវើរ បានប្តូរទីលំនៅទៅរស់នៅឯភូមិហាម៉ូនី នោះគាត់បានសន្យាថានឹងសរសេរសំបុត្រទៅដាវីឌអំពីការបកប្រែនេះ ។
សំបុត្រជាច្រើនត្រូវបានទទួលក្នុងពេលមួយរយៈខ្លីក្រោយមក ។ អូលីវើរ បានសរសេរថា យ៉ូសែប បានដឹងអំពីព័ត៌មានលម្អិតក្នុងជីវិតគាត់ដែលគ្មាននរណាម្នាក់អាចដឹងរឿងនេះ លើកលែងតែតាមរយៈវិវរណៈមកពីព្រះ ។ គាត់បានពិពណ៌នាអំពីព្រះបន្ទូលរបស់ព្រះមានទៅកាន់យ៉ូសែប និងអំពីការបកប្រែផ្ទាំងចំណារ ។ នៅក្នុងសំបុត្រមួយនោះ អូលីវើរ បានចែកចាយពាក្យពីរបីឃ្លានៃការបកប្រែ ដោយថ្លែងទីបន្ទាល់ពីភាពពេញលេញនៃការបកប្រែនេះ ។
មានសំបុត្រផ្សេងទៀតបានប្រាប់ដាវីឌថា វាគឺជាព្រះទ័យរបស់ព្រះ ដែលធ្វើឲ្យគាត់នាំក្រុមគាត់ និងរទេះទៅកាន់ភូមិហាម៉ូនីដើម្បីជួយយ៉ូសែប អិមម៉ា និងអូលីវើរផ្លាស់លំនៅទៅរស់នៅក្នុងផ្ទះរបស់គ្រួសារវិតមើរ នៅឯភូមិហ្វាយ៉ែត ដែលពួកគាត់បានបញ្ចប់កិច្ចការបកប្រែនៅទីនោះ ។១៣ ប្រជាជនដែលរស់នៅក្នុងភូមិហាម៉ូនី លែងសូវរាក់ទាក់គ្រួសារស្ម៊ីធ ។ មនុស្សប្រុសមួយចំនួនថែមទាំងបានគំរាមថានឹងធ្វើបាបដល់ពួកគាត់ថែមទៀតផង ហើយបើគ្មានឥទ្ធិពលពីគ្រួសាររបស់អិមម៉ា ជួយទេនោះ ពួកគេច្បាស់ជាទទួលគ្រោះថ្នាក់យ៉ាងធ្ងន់ ។១៤
ដាវីឌ បានចែកចាយសំបុត្ររបស់អូលីវើរ ជាមួយឪពុកម្តាយ និងបងប្អូនគាត់ ដែលពួកគេយល់ព្រមទទួលស្វាគមន៍យ៉ូសែប អិមម៉ា និងអូលីវើរ ឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ។ ក្រុមគ្រួសារ វិតមើរ គឺជាពូជអំបូរដែលនិយាយភាសាអាល្លឺម៉ង់ដែលរស់នៅក្នុងភូមិនោះ ហើយត្រូវបានគេស្គាល់ថាជាគ្រួសារដែលខិតខំធ្វើការ ។ កសិដ្ឋានរបស់ពួកគាត់នៅជិតល្មមនឹងឲ្យគ្រួសារស្ម៊ីធទៅលេង ប៉ុន្តែនៅឆ្ងាយល្មមដែលមិនឲ្យពួកចោរហារយមករំខានពួកគាត់បាន ។១៥
ដាវីឌ បានចង់ទៅភូមិហាម៉ូនីមួយរំពេច ប៉ុន្តែឪពុករបស់គាត់រំឭកគាត់ថា គាត់ត្រូវធ្វើការរយៈពេលពីរថ្ងៃដើម្បីសម្រេចការងារធ្ងន់ៗពីមុនគាត់អាចចេញទៅ ។ វាគឺជារដូវដាំដុះ ហើយដាវីឌ ត្រូវភ្ជួរដីប្រាំបីហិចតា និងបាចជីឲ្យដីមានជីជាតិដើម្បីជួយឲ្យស្រូវសាលីរបស់ពួកគាត់លូតលាស់បានល្អ ។ ឪពុករបស់គាត់បាននិយាយថា គាត់ត្រូវអធិស្ឋានជាមុនសិន ដើម្បីឲ្យដឹងថាតើវាចាំបាច់ត្រូវចេញទៅឥឡូវហ្នឹងឬអត់ ។
ដាវីឌ បានធ្វើតាមការប្រឹក្សារបស់ឪពុកគាត់ ហើយកាលដែលគាត់បានអធិស្ឋាន នោះគាត់ទទួលបានអារម្មណ៍នៃព្រះវិញ្ញាណប្រាប់គាត់ថា ឲ្យធ្វើការងារគាត់នៅឯផ្ទះឲ្យហើយពីមុនគាត់ទៅភូមិហាម៉ូនី ។
នៅព្រឹកស្អែក ដាវីឌ បានដើរចេញទៅស្រែ ក៏បានឃើញស្នាមថ្នាលភ្ជួរដីរួចហើយនៅលើដីដែលគាត់មិនបានភ្ជួរកាលពីល្ងាចម្សិលមិញ ។ ពេលសំឡឹងមើលស្រែបន្តទៀត គាត់បានឃើញថាដីប្រហែលជាពីរហិចតាកន្លះត្រូវបានភ្ជួរកាលពីយប់មិញ ហើយនង្គ័លកំពុងរង់ចាំគាត់ឲ្យភ្ជួរថ្នាលចុងក្រោយ ដើម្បីឲ្យគាត់បង្ហើយកិច្ចការរបស់គាត់ ។
ឪពុករបស់ដាវីឌមានការភ្ញាក់ផ្អើល នៅពេលដែលគាត់ដឹងអំពីអ្វីដែលបានកើតឡើង ។ គាត់បាននិយាយថា « ច្បាស់ជាមានអំណាចពីស្ថានខ្ពស់ ជួយនៅក្នុងកិច្ចការនេះហើយ ហើយឪពុកគិតថា កូនត្រូវទៅរដ្ឋផែនសិលវេញ៉ាភ្លាម ពេលកូនបាចជីរួចរាល់ហើយនោះ » ។
ដាវីឌ បានខិតខំធ្វើការដើម្បីភ្ជួរស្រែដែលនៅសល់ ហើយរៀបចំដីដាំដំណាំឲ្យបានជោគជ័យ ។ នៅពេលគាត់បានធ្វើរួច គាត់បានទាញរទេះរបស់គាត់ចងនឹងសេះដែលមានកម្លាំងខ្លាំង ហើយបានធ្វើដំណើរទៅដល់ភូមិហាម៉ូនីលឿនជាងការរំពឹងទុក ។១៦
នៅពេលយ៉ូសែប អិមម៉ា និងអូលីវើរ បានផ្លាស់លំនៅទៅភូមិហ្វាយ៉ែត នោះម្តាយរបស់ដាវីឌ មានការរវល់ខ្លាំងណាស់ ។ ម៉ារី វិតមើរ និងស្វាមីរបស់គាត់ ពេត្រុស មានកូនប្រាំបីនាក់ដែលមានវ័យចន្លោះពីដប់ប្រាំឆ្នាំទៅសាមសិបឆ្នាំ ហើយមានកូនពីរបីនាក់ដែលមិនស្នាក់នៅក្នុងផ្ទះតែរស់នៅជិតខាងនោះ ។ ដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ ជារៀងរាល់ថ្ងៃម៉ារី រវល់នឹងការងារខ្លាំងណាស់ ហើយកាលដែលមានភ្ញៀវបីនាក់មកស្នាក់នៅក្នុងផ្ទះ នោះកាន់តែធ្វើឲ្យមានការងារច្រើនថែមទៀត ។ ម៉ារី មានសេចក្តីជំនឿទៅលើការហៅរបស់យ៉ូសែប ហើយមិនបានរអ៊ូឡើយ ប៉ុន្តែគាត់ចាប់ផ្តើមនឿយហត់ ។១៧
កម្តៅនៅភូមិហ្វាយ៉ែតនារដូវប្រាំងនោះមានអាកាសធាតុក្តៅយ៉ាងខ្លាំង ។ នៅពេលម៉ារី បោកសំលៀកបំពាក់ ហើយរៀបចំអាហារ យ៉ូសែប ធ្វើការបកប្រែនៅឯបន្ទប់ជាន់លើ ។ ជាធម្មតា អូលីវើរជាអ្នកសរសេរឲ្យគាត់ ប៉ុន្តែមានម្តងម្កាល អិមម៉ា ឬសមាជិកគ្រួសារវិតមើរម្នាក់ផ្លាស់ប្តូរវេនគ្នាសរសេរ ។១៨ នៅពេលខ្លះ នៅពេលយ៉ូសែប និងអូលីវើរ អស់កម្លាំងពីការបកប្រែ ពួកគាត់បានដើរទៅស្រះនៅក្បែរនោះ ហើយបានគប់ដុំថ្មប្រដេញលើផ្ទៃទឹក ។
ម៉ារី មានពេលសម្រាកបន្តិចបន្តួច ហើយការងារចេះតែមានបន្ថែម នោះភាពតានតឹងបានកើតមានចំពោះនាង ដែលធ្វើឲ្យនាងពិបាកទ្រាំ ។
នៅថ្ងៃមួយ ខណៈដែលនាងចេញទៅក្បែរជង្រុកស្រូវជាកន្លែងដែលគេយកទឹកដោះគោ នោះនាងបានឃើញបុរសម្នាក់មានសក់ពណ៌របាយអាចម៌ខ្លាស្ពាយថង់យាមនៅលើស្មា ។ ការបង្ហាញខ្លួនភ្លាមៗរបស់បុរសនោះធ្វើឲ្យនាងខ្លាច ប៉ុន្តែនៅពេលគាត់មកជិត គាត់បាននិយាយទៅកាន់នាងដោយសំឡេងស្រទន់ដែលធ្វើឲ្យនាងឈប់ខ្លាច ។
គាត់បាននិយាយថា « ខ្ញុំឈ្មោះ មរ៉ូណៃ ។ អ្នកអស់កម្លាំងខ្លាំងណាស់រាល់ថ្ងៃជាមួយនឹងការងារបន្ថែមជាច្រើនដែលត្រូវធ្វើ » ។ គាត់បានដាក់ថង់យាមចុះពីស្មារបស់គាត់ ហើយម៉ារី បានមើលនៅពេលដែលគាត់ចាប់ផ្តើមស្រាយថង់យាមនោះ ។១៩
បុរសនោះបាននិយាយថា « អ្នកមានសេចក្តីស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារអ្នក ។ ហេតុដូច្នេះហើយ វាជាការត្រឹមត្រូវណាស់ ដែលអ្នកគួរតែបានធ្វើជាសាក្សីម្នាក់ដើម្បីឲ្យសេចក្តីជំនឿអ្នកត្រូវបានពង្រឹង » ។២០
មរ៉ូណៃ បានបើកថង់យាមរបស់គាត់ ហើយបានយកផ្ទាំងចំណារមាសចេញមក ។ គាត់បានកាន់វានៅចំពោះមុខនាង ហើយបានបើកមួយទំព័រម្ដងៗ ដើម្បីនាងអាចបានឃើញការសរសេរនៅលើផ្ទាំងចំណារនោះ ។ បន្ទាប់ពីគាត់បានបើកដល់ទំព័រចុងក្រោយ គាត់បានលើកទឹកចិត្តនាងឲ្យអត់ធ្មត់ និងស្មោះត្រង់នៅពេលដែលនាងត្រូវរែកបន្ទុកបន្ថែមនេះមួយរយៈពេលទៀត ។ គាត់បានសន្យាថា នាងនឹងទទួលបានពរជ័យដោយសារការណ៍នេះ ។២១
មួយរយៈក្រោយមកបុរសវ័យចំណាស់រូបនេះបានបាត់ខ្លួនទៅមួយរំពេច ទុកឲ្យម៉ារីនៅតែម្នាក់ឯង ។ នាងនៅតែមានកិច្ចការដែលត្រូវធ្វើ ប៉ុន្តែវាលែងជាបញ្ហាចំពោះនាងទៀតហើយ ។២២
នៅឯកសិដ្ឋានរបស់វិតមើរ នោះយ៉ូសែប បានបកប្រែយ៉ាងលឿន ប៉ុន្តែនៅថ្ងៃខ្លះក៏មានការពិបាក ។ គាត់គិតអំពីរឿងផ្សេងទៀត ហើយគាត់មិនអាចផ្តោតចិត្តទុកដាក់លើរឿងខាងវិញ្ញាណឡើយ ។២២ ផ្ទះតូចរបស់វិតមើរ តែងតែរវល់ជាប់ជានិច្ច ហើយតែងតែមានការរំខាន ។ ការប្តូរលំនៅទៅទីនោះមានន័យថា គាត់ត្រូវបោះបង់ចោលភាពឯកជនរវាងគាត់ និងអិមម៉ាដែលធ្លាប់តែមាននៅឯភូមិហាម៉ូនី ។
នៅព្រឹកមួយ នៅពេលគាត់ត្រៀមខ្លួនទៅបកប្រែ យ៉ូសែប បានខឹងនឹងអិមម៉ា ។ ក្រោយមក នៅពេលគាត់ជួបជាមួយអូលីវើរ និងដាវីឌ នៅឯបន្ទប់ខាងលើជាកន្លែងដែលពួកគាត់ធ្វើការ នោះគាត់មិនអាចបកប្រែសូម្បីតែមួយព្យាង្គ ។
គាត់បានចេញពីបន្ទប់ ហើយដើរទៅក្រៅសំដៅទៅឯចម្ការ ។ គាត់បាននៅតែឯងប្រហែលជាមួយម៉ោងដើម្បីអធិស្ឋាន ។ នៅពេលគាត់ត្រឡប់មកវិញ គាត់បានសុំទោសអិមម៉ា ហើយសុំឲ្យនាងអភ័យទោស ។ បន្ទាប់មក គាត់អាចបកប្រែដូចធម្មតា ។២៤
ឥឡូវនេះគាត់កំពុងបកប្រែផ្នែកចុងក្រោយបង្អស់នៃកំណត់ត្រាដែលត្រូវបានហៅថា ផ្ទាំងចំណារតូចរបស់នីហ្វៃ ដែលជាសេចក្តីផ្តើមនៃគម្ពីរនេះ ។ ដោយការបើកបង្ហាញប្រវត្តិសាស្រ្តស្រដៀងគ្នានឹងប្រវត្តិសាស្រ្តដែលគាត់ និងម៉ាទិន បានបកប្រែ ហើយបានបាត់ នោះផ្ទាំងចំណារតូចនេះបានប្រាប់ពីយុវជនម្នាក់ឈ្មោះថា នីហ្វៃ ដែលមានក្រុមគ្រួសារត្រូវបានព្រះដឹកនាំឲ្យចេញពីទីក្រុងយេរូសាឡិមទៅកាន់ដែនដីសន្យា ។ វាបានពន្យល់ពីការចាប់ផ្តើមកំណត់ត្រា និងភាពស្មុគស្មាញកាលពីដើមរវាងប្រជាជនសាសន៍នីហ្វៃ និងប្រជាជនសាសន៍លេមិន ។ អ្វីដែលកាន់តែសំខាន់នោះ គឺវាថ្លែងទីបន្ទាល់ដ៏មានអនុភាពអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
នៅពេលយ៉ូសែបបានបកប្រែការសរសេរនៅលើផ្ទាំងចំណារចុងក្រោយនេះ គាត់បានឃើញថា វាបានពន្យល់អំពីគោលបំណងរបស់កំណត់ត្រានោះ ហើយបានឲ្យចំណងជើងវាថា ព្រះគម្ពីរមរមន តាមឈ្មោះរបស់អ្នកប្រវត្តិសាស្ត្រនិងជាព្យាការីពីបុរាណ ដែលបានចងក្រងគម្ពីរនេះឡើង ។២៥
ចាប់តាំងពីគាត់បានចាប់ផ្ដើមបកប្រែព្រះគម្ពីរមរមនមក យ៉ូសែបបានរៀនយ៉ាងច្រើនអំពីតួនាទីរបស់គាត់នាពេលអនាគតនៅក្នុងកិច្ចការរបស់ព្រះ ។ នៅក្នុងទំព័រទាំងឡាយនៃព្រះគម្ពីរនេះ គាត់បានស្គាល់នូវការបង្រៀនដ៏សំខាន់ៗដែលគាត់បានរៀនមកពីព្រះគម្ពីរប៊ីប ក៏ដូចជាសេចក្ដីពិត និងការយល់ដឹងថ្មីៗអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ផងដែរ ។ គាត់ក៏បានរកឃើញវគ្គនានាអំពីថ្ងៃចុងក្រោយដែលបានព្យាករអំពីអ្នកមើលឆុតដ៏ជម្រើសម្នាក់ឈ្មោះយ៉ូសែបផងដែរ ដែលនឹងនាំយកព្រះបន្ទូលរបស់ព្រះអម្ចាស់ចេញទៅ ហើយស្ដារចំណេះដឹង និងសេចក្ដីសញ្ញាដែលបាត់បង់ទៅនោះឡើងវិញ ។២៦
នៅក្នុងកំណត់ត្រានេះ គាត់បានរៀនថា នីហ្វៃបានបន្ថែមពីលើការព្យាកររបស់អេសាយអំពីគម្ពីរមួយដែលបានបិទត្រាដែលមនុស្សចេះដឹងពុំអាចអានវាបានឡើយ ។ នៅពេលយ៉ូសែបបានអានការព្យាករនោះ គាត់បានគិតអំពីការសម្ភាសរបស់ម៉ាទីន ហារីស ជាមួយនឹងសាស្ត្រាចារ្យអាន់តុន ។ វាបានបញ្ជាក់ថា មានតែព្រះប៉ុណ្ណោះដែលអាចនាំយកគម្ពីរនេះចេញពីដីមក ហើយស្ថាបនាសាសនាចក្រនៃព្រះគ្រីស្ទនៅថ្ងៃចុងក្រោយនេះបាន ។២៧
នៅពេលយ៉ូសែប និងមិត្តរបស់គាត់បានបញ្ចប់ការបកប្រែនោះ គំនិតរបស់ពួកគាត់បាននឹកទៅរកការសន្យាមួយដែលព្រះអម្ចាស់បានប្រទាននៅក្នុងព្រះគម្ពីរមរមន និងនៅក្នុងវិវរណៈរបស់ទ្រង់ថា—ដើម្បីបង្ហាញផ្ទាំងចំណារទាំងឡាយដល់ពួកសាក្សីបីនាក់ ។ ឪពុកម្ដាយរបស់យ៉ូសែប និងម៉ាទិន ហារីសបានកំពុងមកលេងនៅឯកសិដ្ឋានរបស់វិតមើរនៅពេលនោះ ហើយនាព្រឹកមួយ ម៉ាទិន អូលីវើរ និងដាវីឌ បានអង្វរដល់យ៉ូសែបដើម្បីឲ្យពួកគេធ្វើជាពួកសាក្សីទាំងនោះ ។ យ៉ូសែប បានអធិស្ឋាន ហើយព្រះអម្ចាស់បានឆ្លើយតបដោយមានបន្ទូលថា ប្រសិនបើពួកគេពឹងផ្អែកលើទ្រង់ដោយអស់ពីចិត្ត ហើយតាំងចិត្តថ្លែងទីបន្ទាល់អំពីសេចក្ដីពិត នោះពួកគេអាចមើលផ្ទាំងចំណារនោះបាន ។២៨
យ៉ូសែប បានប្រាប់ទៅម៉ាទិនយ៉ាងច្បាស់ថា « គាត់ត្រូវតែបន្ទាបខ្លួនគាត់នៅចំពោះព្រះភក្រ្ត័ព្រះឥឡូវនេះ ហើយសុំការអភ័យទោសពីអំពើបាបរបស់គាត់ » ។៣៩
ក្រោយមកនៅថ្ងៃដដែលនោះ យ៉ូសែបបាននាំបុរសទាំងបីនាក់នោះចូលទៅក្នុងព្រៃក្បែរផ្ទះរបស់វិតមើរ ។ ពួកគាត់បានលុតជង្គង់ចុះ ហើយម្នាក់ៗដាក់វេនគ្នាអធិស្ឋានដើម្បីបានឃើញផ្ទាំងចំណារទាំងនោះ ប៉ុន្តែគ្មានអ្វីកើតឡើងសោះ ។ ពួកគាត់បានសាកល្បងជាលើកទីពីរ ប៉ុន្តែនៅតែគ្មានអ្វីកើតឡើងដដែល ។ នៅទីបំផុត ម៉ាទិនបានក្រោកឡើងដើរចេញទៅ ដោយនិយាយថា រូបគាត់គឺជាមូលហេតុដែលធ្វើឲ្យស្ថានសួគ៌ពុំបើកឡើង ។
យ៉ូសែប អូលីវើរ និងដាវីឌ បានត្រឡប់ទៅអធិស្ឋាន ហើយរំពេចនោះក៏មានទេវតាមួយអង្គបានបង្ហាញព្រះកាយក្នុងពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ពីលើពួកគេ ។៣០ ទ្រង់មានផ្ទាំងចំណារនោះនៅក្នុងព្រះហស្ដទ្រង់ ហើយបានហុចវាទៅម្ដងម្នាក់ៗ ដោយបង្ហាញនិមិត្តសញ្ញដែលបានចារិកនៅក្នុងទំព័រនីមួយៗដល់បុរសទាំងនោះ ។ មានតុមួយបានលេចឡើងនៅក្បែរទ្រង់ ហើយនៅលើតុនោះមាននូវវត្ថុបុរាណដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរមរមន ៖ វត្ថុបកប្រែ ខែលបាំងទ្រូង ដាវ និងត្រីវិស័យដ៏អស្ចារ្យដែលបាននាំផ្លូវគ្រួសាររបស់លីហៃឲ្យចេញពីក្រុងយេរូសាឡិមទៅកាន់ដែនដីសន្យា ។
បុរសទាំងនោះបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះប្រកាសថា « ផ្ទាំងចំណារទាំងនេះត្រូវបានបើកសម្ដែងឡើងដោយព្រះចេស្ដានៃព្រះ ហើយវាត្រូវបានបកប្រែដោយព្រះចេស្ដានៃព្រះ។ ការបកប្រែរបស់វា ដែលអ្នកបានមើលឃើញគឺត្រឹមត្រូវ ហើយខ្ញុំបញ្ជាដល់អ្នកឲ្យថ្លែងទីបន្ទាល់អំពីកំណត់ត្រាដែលអ្នកបានឃើញ និងស្ដាប់ឮឥឡូវនេះ » ។៣១
នៅពេលទេវតាអង្គនោះបានយាងចេញទៅ យ៉ូសែប បានដើរចូលទៅក្នុងព្រៃជ្រៅ ហើយឃើញម៉ាទិនកំពុងលុតជង្គង់ ។ ម៉ាទិនបានប្រាប់គាត់ថា គាត់ពុំទាន់ទទួលបានសាក្សីមួយមកពីព្រះអម្ចាស់នៅឡើយទេ ប៉ុន្តែគាត់នៅតែចង់ឃើញផ្ទាំងចំណារទាំងនោះ ។ គាត់បានសុំឲ្យយ៉ូសែបអធិស្ឋានជាមួយនឹងគាត់ ។ យ៉ូសែប បានលុតជង្គង់ចុះនៅក្បែរគាត់ ហើយពីមុនពួកគាត់ពោលពាក្យបានពាក់កណ្ដាល ពួកគាត់បានឃើញទេវតាដដែលនោះបង្ហាញផ្ទាំងចំណារ និងវត្ថុពីបុរាណផ្សេងទៀត ។
ម៉ាទិន បានស្រែកយំថា « ល្មមហើយ ! ល្មមហើយ ! ភ្នែកខ្ញុំបានឃើញហើយ ! ភ្នែកខ្ញុំបានឃើញហើយ ! »៣២
លុះក្រោយមក យ៉ូសែប និងពួកសាក្សីបីនាក់បានត្រឡប់ទៅផ្ទះគ្រួសារវិតមើរវិញនៅរសៀលនោះ ។ ម៉ារី វិតមើរ កំពុងតែនិយាយលេងនឹងឪពុកម្ដាយរបស់យ៉ូសែប នៅពេលដែលយ៉ូសែបប្រញាប់ចូលមកក្នុងបន្ទប់នោះ ។ គាត់បានមានប្រសាសន៍ថា « លោកពុក ! អ្នកម៉ែ ! លោកទាំងពីរពុំដឹងថា កូនសប្បាយចិត្តប៉ុណ្ណានោះទេ ! »
គាត់បានអង្គុយចុះនៅក្បែរម្ដាយគាត់ ។ គាត់បានមានប្រសាសន៍ថា « ព្រះអម្ចាស់បានបង្ហាញផ្ទាំងចំណារដល់មនុស្សបីនាក់ទៀតក្រៅពីរូបកូន ។ ពួកគេបានឃើញដោយខ្លួនឯងថា កូនពុំបានដើរបោកបញ្ឆោតមនុស្សណាឡើយ » ។
គាត់មានអារម្មណ៍ថា បន្ទុកនៅលើស្មារបស់គាត់បានធូរស្រាល ។ គាត់បាននិយាយថា « ឥឡូវនេះ ពួកគេត្រូវតែធ្វើជាសាក្សីមួយទៀត ។ ខ្ញុំលែងនៅម្នាក់ឯងក្នុងពិភពលោកនេះទៀតហើយ » ។
ម៉ាទិន បានចូលក្នុងបន្ទប់នៅជិតនោះ ស្ទើរតែផ្ទុះសំណើចដោយអំណរ ។ គាត់បានស្រែកថា « ឥឡូវនេះ ខ្ញុំបានឃើញទេវតាមួយអង្គមកស្ថានសួគ៌ហើយ ! » ខ្ញុំសូមសរសើរថ្វាយព្រះដោយព្រលឹងដ៏ស្មោះត្រង់ខ្ញុំ ថាទ្រង់បានបង្ហាញព្រះកាយមកខ្ញុំ—ទាំងឲ្យខ្ញុំ—ធ្វើជាសាក្សីនៃកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ! »៣៣
ពីរបីថ្ងៃក្រោយមក គ្រួសារវិតមើរ បានចូលរួមជាមួយក្រុមគ្រួសារស្ម៊ីធ នៅឯកសិដ្ឋានរបស់ពួកគាត់នៅម៉ានឆែសស្ទើរ ។ ដោយដឹងថា ព្រះអម្ចាស់បានសន្យាថានឹងស្ថាបនាព្រះបន្ទូលរបស់ទ្រង់ « ដោយមាត់នៃពួកសាក្សីទាំងប៉ុន្មាន ដែលទ្រង់យល់ថាល្អ » នោះយ៉ូសែប បានចូលទៅក្នុងព្រៃជាមួយឪពុកលោក, ហៃរ៉ុម និងសាំយូអែល ព្រមទាំងបងប្អូនប្រុសបួននាក់របស់ដាវីឌ វិតមើរ—គ្រីស្ទាន, យ៉ាកុប, ភីធឺ ជុញ្ញ័រ និង ចន—និងបងប្រុសសាច់ថ្លៃរបស់ពួកគេលោកហៃរាំ ភេច ។៣៤
ពួកបុរសទាំងឡាយបានប្រមូលផ្តុំគ្នានៅកន្លែងមួយដែលគ្រួសារស្ម៊ីធ បានទៅអធិស្ឋានជាឯកជនជាញឹកញាប់ ។ ដោយមានការអនុញ្ញាតពីព្រះអម្ចាស់ នោះយ៉ូសែប បានបើកបង្ហាញផ្ទាំងចំណារដល់ពួកគេ ។ ពួកគេមិនបានឃើញទេវតាដូចជាសាក្សីបីនាក់បានឃើញនោះទេ ប៉ុន្តែយ៉ូសែប បានអនុញ្ញាតឲ្យពួកគេកាន់ផ្ទាំងចំណារនៅក្នុងដៃរបស់ពួកគេ បើកមួយទំព័រម្តងៗ ហើយពិនិត្យមើលអក្សរសាស្រ្តពីបុរាណ ។ ការបង្ហាញផ្ទាំងចំណារបានបញ្ជាក់ដល់សេចក្តីជំនឿដែលថា ទីបន្ទាល់របស់យ៉ូសែបអំពីទេវតា និងកំណត់ត្រាពីបុរាណនោះគឺជាការពិត ។៣៥
ឥឡូវនេះការបកប្រែត្រូវបានបញ្ចប់ ហើយគាត់មានសាក្សីដើម្បីគាំទ្រដល់ទីបន្ទាល់ដ៏មហស្ចារ្យនេះ ដូច្នេះយ៉ូសែបពុំចាំបាច់ត្រូវការផ្ទាំងចំណារនោះទៀតទេ ។ បន្ទាប់ពីពួកបុរសទាំងនោះបានចេញពីព្រៃ ត្រឡប់ទៅផ្ទះវិញ នោះទេវតាបានបង្ហាញព្រះកាយមក រួចយ៉ូសែបបានថ្វាយផ្ទាំងចំណារពិសិដ្ឋនោះឲ្យទ្រង់ថែរក្សាវិញ ។៣៦