« ការកើតឡើងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ជំពូក៨ នៃ ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ នៅក្នុងបទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ )
ជំពូក ៨ ៖ ការកើតឡើងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
ជំពូក ៨
ការកើតឡើងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
នៅដើមខែ កក្កដា ឆ្នាំ ១៨២៩ ដោយមានអត្ថបទសរសរដៃជាប់ជាមួយខ្លួន នោះយ៉ូសែប បានដឹងថា ព្រះអម្ចាស់បានមានព្រះទ័យចង់ឲ្យគាត់បោះពុម្ពព្រះគម្ពីរមរមន ហើយចែកចាយដំណឹងនេះឲ្យបានទូលំទូលាយ ។ ប៉ុន្តែគាត់ និងគ្រួសារគាត់ពុំសូវស្គាល់ក្រុមហ៊ុនបោះពុម្ពឡើយ ។ គាត់ត្រូវរក្សាសំណៅសរសេរដៃនោះឲ្យមានសុវត្ថិភាព ស្វែងរកក្រុមហ៊ុនបោះពុម្ព ហើយត្រូវធ្វើឲ្យសៀវភៅនេះមាននៅក្នុងដៃបណ្តាជនណាដែលស្ម័គ្រចិត្តទទួលស្គាល់ថានេះគឺជាព្រះគម្ពីរថ្មី ។
ការបោះពុម្ពសៀវភៅដែលមានកម្រាស់ក្រាស់ដូចជាព្រះគម្ពីរមរមនគឺមិនមានតម្លៃថោកនោះទេ ។ ស្ថានភាពហិរញ្ញវត្ថុរបស់យ៉ូសែប ក៏មិនមានលក្ខណៈប្រសើរដែរ ចាប់តាំងពីគាត់បានចាប់ផ្តើមធ្វើការបកប្រែ ហើយប្រាក់កាក់ដែលគាត់រកបានគឺត្រូវឧបត្ថម្ភដល់គ្រួសារគាត់ ។ ឪពុកម្តាយរបស់គាត់ក៏មានស្ថានភាពដូចគ្នាដែរ ពួកគាត់នៅតែជាកសិករក្រីក្រខំធ្វើចម្ការនៅលើដីដែលជួលពីគេ ។ មិត្តភក្តិរបស់យ៉ូសែប តែម្នាក់គត់ ដែលអាចជួយផ្នែកហិរញ្ញវត្ថុបានគឺ ម៉ាទីន ហារិស ។
យ៉ូសែប ក៏រៀបផែនការធ្វើការងារនេះយ៉ាងឆាប់រហ័ស ។ ពីមុនគាត់បានបកប្រែរួចរាល់ គាត់បានដាក់ពាក្យស្នើសុំរក្សាសិទិ្ធសៀវភៅដើម្បីការពារអត្ថបទពីជនដែលមានចិត្តចង់លួច ឬ ថតចម្លង ។១ ដោយមានជំនួយពីម៉ាទិន នោះយ៉ូសែប ក៏បានចាប់ផ្តើមស្វែងរកហាងបោះពុម្ព ដែលយល់ព្រមបោះពុម្ពសៀវភៅនេះ ។
ដំបូងពួកគាត់បានទៅជួបលោក អិកប៊ឺឌ ហ្គ្រានឌីន ជាម្ចាស់ហាងបោះពុម្ពមួយនៅ ប៉ាលម៉ៃរ៉ា ដែលលោកមានអាយុស្របាលនឹងយ៉ូសែប ដែរ ។ លោកហ្គ្រានឌីន បានបដិសេធសំណើរនេះភ្លាមដោយគិតថា សៀវភៅនេះគឺក្លែងក្លាយ ។ ដោយគ្មានការបាក់ទឹកចិត្ត យ៉ូសែប និង ម៉ាទិន នៅតែបន្ដស្វែងរក ហើយបានជួបនឹងហាងបោះពុម្ពមួយនៅក្រុងជិតនោះដែលយល់ព្រមទទួលយកការបោះពុម្ព ។ ប៉ុន្តែពីមុនយល់ព្រមនឹងហាងបោះពុម្ពនៅជិតទីក្រុងនេះ ពួកគាត់បានត្រឡប់ទៅប៉ាលម៉ៃរ៉ាវិញ ហើយបានសួរទៅលោកហ្គ្រានឌីន ម្តងទៀត ក្រែងគាត់យល់ព្រមបោះពុម្ពសៀវភៅឲ្យ ។២
លើកនេះ លោកហ្គ្រានឌីន ហាក់ដូចជាមានចិត្តចង់ទទួលយកគម្រោងនេះ ប៉ុន្តែគាត់ចង់ឲ្យបង់ប្រាក់ ៣.០០០ ដុល្លារលើការបោះពុម្ព និងកិបជាសៀវភៅចំនួនប្រាំ ពាន់ក្បាលពីមុនគាត់ចាប់ផ្តើមធ្វើការងារបោះពុម្ពនេះ ។ ម៉ាទិន បានសន្យាថា គាត់នឹងជួយបង់ថ្លៃបោះពុម្ព ប៉ុន្តែដោយសារចំនួនទឹកប្រាក់យ៉ាងច្រើនបែបនេះ នោះគាត់ចាប់ផ្តើមគិតថា គាត់ប្រហែលជាត្រូវបញ្ចាំកសិដ្ឋានរបស់គាត់ហើយ ។ វាជាបន្ទុកដ៏ធំលើម៉ាទិន ប៉ុន្តែគាត់បានដឹងថា គ្មានមិត្តភក្តិឯណាផ្សេង អាចជួយយ៉ូសែបរឿងលុយកាក់នេះទេ ។
ពេលជួបប្រទះនឹងបញ្ហា ម៉ាទិន ចាប់ផ្តើមព្រួយបារម្ភអំពីហិរញ្ញប្បទានបោះពុម្ពព្រះគម្ពីរមរមន ។ គាត់មានកសិដ្ឋានដ៏ល្អបំផុតនៅក្នុងភូមិ ។ ប្រសិនបើគាត់ដាក់ដីបញ្ចាំ គាត់អាចប្រថុយនឹងការបាត់បង់ដីរបស់គាត់ ។ ទ្រព្យសម្បត្តិដែលគាត់បានចំណាយពេលពេញមួយជីវិតរកបាននោះអាចនឹងត្រូវបាត់បង់ក្នុងមួយរំពេចភ្នែក ប្រសិនបើព្រះគម្ពីរមរមនលក់មិនដាច់ទេនោះ ។
ម៉ាទិន បានប្រាប់យ៉ូសែប អំពីកង្វល់របស់គាត់ ហើយបានសុំឲ្យយ៉ូសែប ស្វែងរកវិវរណៈជូនគាត់ ។ ចម្លើយដែលបានទទួល គឺព្រះអម្ចាស់បានមានបន្ទូលអំពីពលិកម្មរបស់ទ្រង់ដើម្បីធ្វើតាមព្រះទ័យព្រះវរបិតា មិនថាត្រូវបង់ថ្លៃប៉ុណ្ណានោះទេ ។ ទ្រង់បានពិពណ៌នាអំពីទុក្ខវេទនាដ៏គ្មានទីបញ្ចប់ដែលទ្រង់បានទទួល ពេលដែលកំពុងអធិស្ឋានលោះថ្លៃអំពើបាប ដើម្បីមនុស្សទាំងអស់អាចប្រែចិត្ត និងទទួលបានការអភ័យទោស ។ បន្ទាប់មកទ្រង់បានបញ្ជាឲ្យ ម៉ាទិន លះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីនាំមកនូវផែនការរបស់ព្រះ ។
ព្រះអម្ចាស់បានមានបន្ទូលថា « អ្នកកុំលោភទ្រព្យសម្បត្តិរបស់ខ្លួនឡើយ ប៉ុន្តែចូរចំណាយដោយសេរី សម្រាប់ការបោះពុម្ពព្រះគម្ពីរមរមន » ។ ព្រះអម្ចាស់បានបញ្ជាក់ដល់ម៉ាទិនថា ព្រះគម្ពីរនេះមានព្រះបន្ទូលពិតប្រាកដរបស់ព្រះ ហើយវានឹងជួយឲ្យមនុស្សដទៃទៀតជឿលើដំណឹងល្អ ។៣
ទោះបីជាពួកអ្នកជិតខាងគាត់ពុំយល់ពីការសម្រេចចិត្តរបស់គាត់ក៏ដោយ ក៏ម៉ាទិន នៅតែគោរពតាមព្រះអម្ចាស់ ហើយបានបញ្ចាំកសិដ្ឋានរបស់គាត់ដើម្បីធានាដល់ការបង់ប្រាក់ដែរ ។៤
លោកហ្គ្រានឌីន បានចុះហត្ថលេខាលើកិច្ចសន្យា ហើយបានចាប់ផ្តើមរៀបចំគម្រោងដ៏ធំនេះ ។៥ យ៉ូសែប បានបកប្រែអត្ថបទព្រះគម្ពីរមរមន ក្នុងរយៈពេលបីខែ ដោយមានជំនួយពីអ្នកកត់ត្រាម្នាក់ក្នុងពេលនោះ ។ វានឹងធ្វើឲ្យលោកហ្គ្រានឌីន និងមនុស្សជាងដប់នាក់ធ្វើការរយៈពេលប្រាំពីរខែដើម្បីបោះពុម្ព ហើយកិបសំណៅបោះពុម្ពចំនួន ៥៩០ ទំព័រដំបូងនោះ ។៦
ក្រោយពីបានជួលអ្នកបោះពុម្ភរួចរាល់ហើយ យ៉ូសែប បានត្រឡប់ទៅភូមិហាម៉ូនីវិញនាខែ តុលា ឆ្នាំ ១៨២៩ ដើម្បីធ្វើការនៅក្នុងកសិដ្ឋាន និងនៅជាមួយ អិមម៉ា ។ នៅគ្រានោះដែរ អូលីវើរ ម៉ាទិន និង ហៃរុម ជាអ្នកមើលខុសត្រូវលើការបោះពុម្ព ហើយរាយការណ៍ជាប្រចាំទៅយ៉ូសែប អំពីបច្ចុប្បន្នភាពទៅលើដំណើរការបោះពុម្ពរបស់លោកហ្គ្រានឌីន ។៧
ដោយចងចាំពីភាពអស់សង្ឃឹមដែលគាត់បានមានបន្ទាប់ពីបាត់បង់ទំព័រដំបូងដែលគាត់បានបកប្រែ នោះយ៉ូសែប បានសុំអូលីវើរឲ្យចម្លងសំណៅព្រះគម្ពីរមរមនសរសេរដៃគ្រប់ទំព័រ ដើម្បីមានពីរក្បាលពេលយកទៅហាងបោះពុម្ព ដើម្បីអាចបន្ថែមការដាក់វណ្ណយុត្តិ និងធ្វើការវាយសំណុំផង ។៨
អូលីវើរ បានរីករាយនឹងចម្លងព្រះគម្ពីរ ហើយគាត់ស្កប់ស្កល់នឹងលិខិតដែលគាត់សរសេរនៅពេលនោះ ។ ដោយការឯកភាពនឹង នីហ្វៃ យ៉ាកុប និងអាមូលេកក្នុងព្រះគម្ពីរមរមន អូលីវើរ បានសរសេរទៅយ៉ូសែប អំពីការដឹងគុណរបស់គាត់ចំពោះដង្វាយធួនដ៏គ្មានដែនកំណត់របស់ព្រះគ្រីស្ទ ។
គាត់បានជម្រាបទៅយ៉ូសែបថា « នៅពេលដែលខ្ញុំចាប់ផ្តើមសរសេរអំពីសេចក្ដីមេត្តាករុណារបស់ព្រះ ខ្ញុំមិនដឹងថាត្រូវបញ្ចប់នៅពេលណានោះទេ ប៉ុន្តែពេលវេលា និងក្រដាសមិនមានគ្រប់គ្រាន់ទុកឲ្យខ្ញុំសរសេរនោះទេ » ។៩
ព្រះវិញ្ញាណដដែលនោះបានទាក់ទាញមនុស្សដទៃទៀតឲ្យមករកព្រះគម្ពីរមរមន នៅពេលដែលវាកំពុងបោះពុម្ព ។ លោក ថូម៉ាស ម៉ាស ជាអតីតកូនជាងនៅហាងបោះពុម្ព បានព្យាយាមស្វែងរកកន្លែងដែលគាត់ពេញចិត្តនៅព្រះវិហារផ្សេង ប៉ុន្តែព្រះវិហារទាំងអស់ហាក់ដូចជាគ្មានព្រះវិហារណាដែលផ្សាយដំណឹងល្អ ដែលគាត់បានរកឃើញនៅក្នុងព្រះគម្ពីរប៊ីបឡើយ ។ គាត់ជឿថា ព្រះវិហារថ្មីនឹងរៀបចំឡើងក្នុងពេលឆាប់ៗដែលនឹងបង្រៀនសេចក្តីពិតដែលបានស្តារឡើងវិញ ។
នៅរដូវក្ដៅនោះ ថូម៉ាស មានអារម្មណ៍ថាត្រូវបានដឹកនាំដោយព្រះវិញ្ញាណឲ្យធ្វើដំណើររាប់រយគីឡូម៉ែត្រពីផ្ទះរបស់គាត់ទៅកាន់ ប៉ូស្តុន នៅភាគខាងជើងនៃទីក្រុងនូវយ៉ក ។ គាត់បាននៅទីនោះអស់រយៈពេលបីខែពីមុនត្រឡប់មកផ្ទះវិញ ដោយពុំយល់ពីហេតុដែលគាត់ត្រូវធ្វើដំណើរយ៉ាងឆ្ងាយបែបនោះទេ ។ នៅចំណតមួយនៅតាមផ្លូវត្រឡប់មកផ្ទះវិញ ស្រាប់តែម្ចាស់ផ្ទះដែលគាត់ស្នាក់នៅជាមួយនោះបានសួរគាត់ថា តើគាត់ដែលធ្លាប់ឮអំពី « គម្ពីរមាស » របស់យ៉ូសែប ស្ម៊ីធ ដែរឬទេ ? ថូម៉ាស បានប្រាប់ទៅស្រ្តីនោះថាគាត់ពុំដែលបានឭទេ ហើយមានអារម្មណ៍ចង់រៀនបន្ថែមទៀតអំពីគម្ពីរនេះ ។
នាងបានប្រាប់គាត់ថា គាត់គួរសួរទៅ លោក ម៉ាទិន ហារិស ហើយបានណែនាំគាត់ឲ្យទៅភូមិប៉ាលម៉ៃរ៉ា ។ ថូម៉ាស បានទៅទីនោះភ្លាម ហើយបានជួបនឹងម៉ាទិន នៅឯហាងបោះពុម្ពរបស់ ហ្គ្រានឌីន ។ ជាងបោះពុម្ពបានឲ្យព្រះគម្ពីរមរមនដប់ប្រាំមួយសន្លឹកទៅគាត់ ហើយថូម៉ាស បានយកវាទៅ បូស្តុន ទាំងអន្ទះសាដើម្បីចែកចាយនឹងភរិយាគាត់ ដែលមានឈ្មោះថា អេលីស្សាប៊ែត នូវរសជាតិដំបូងនៃជំនឿថ្មី ។
អេលីស្សាប៊ែត បានអានគ្រប់ទំព័រទាំងអស់ ហើយនាងបានជឿថា វាជាកិច្ចការរបស់ព្រះ ។១០
នៅរដូវស្លឹកឈើជ្រុះ ខណៈដែលជាងបោះពុម្ពបានខិតខំធ្វើការបោះពុម្ពព្រះគម្ពីរមរមន ស្រាប់តែអតីតចៅក្រមដែលមានឈ្មោះថា អប់ន័រ ខូល បានចាប់ផ្តើមបោះពុម្ពផ្សាយកាសែតមួយនៅរោងពុម្ពរបស់ ហ្គ្រានឌីន ។ កាលកំពុងធ្វើការនៅក្នុងហាងនាពេលយប់ បន្ទាប់ពីបុគ្គលិករបស់ហ្គ្រានឌីន បានត្រឡប់ទៅផ្ទះវិញ អប់ន័រ បានលួចបោះពុម្ពទំព័រខ្លះៗនៃព្រះគម្ពីរមរមន ដែលពុំទាន់កិប ឬពុំទាន់អាចដាក់លក់នោះចេញមក ។
មិនយូរប៉ុន្មាន អប់ន័រ ចាប់ផ្តើមចំអកឡកឡឺយ « ព្រះគម្ពីរមាស » នៅក្នុងកាសែតរបស់គាត់ ហើយនៅអំឡុងរដូវរងារនោះ គាត់បានបោះពុម្ពសេចក្តីដកស្រង់ចេញពីព្រះគម្ពីរទាំងមានការអធិប្បាយចំអកឡកឡឺយផង ។១១
នៅពេល ហៃរុម និង អូលីវើរ បានដឹងអ្វីដែលអប់ន័រកំពុងធ្វើ ពួកលោកបានប្រឈមមុខនឹងគាត់ ។ « តើលោកមានសិទ្ធិអ្វីដើម្បីបោះពុម្ពព្រះគម្ពីរមរមនតាមរបៀបនេះ ? » ហៃរុម បានសួរ ។ « តើលោកពុំបានដឹងទេឬថាយើងបានទទួលកម្មសិទ្ធិបញ្ញា ? »
អប់ន័រ បានតបថា « វាពុំមែនជារឿងរបស់លោកទេ » ។ « ខ្ញុំបានជួលរោងពុម្ពនេះ ហើយខ្ញុំនឹងបោះពុម្ពអ្វីតាមចិត្តរបស់ខ្ញុំ » ។
ហៃរុម បានតបថា « ខ្ញុំហាមលោកឲ្យឈប់បោះពុម្ពព្រះគម្ពីរនោះបន្តទៀត » ។
អប់ន័រ បានពោលថា « ខ្ញុំមិនខ្វល់ទេ » ។
ដោយពុំដឹងថាត្រូវធ្វើអ្វីទៀត ហៃរុម និងអូលីវើរ បានផ្ញើសំបុត្រទៅយ៉ូសែប នៅក្នុងភូមិហាម៉ូនី នោះគាត់បានត្រឡប់ទៅភូមិបាល់ម៉ៃរ៉ាភ្លាម ។ គាត់បានឃើញ អប់ន័រ នៅឯការិយាល័យរោងពុម្ពនោះ កំពុងតែអានសារព័ត៌មានរបស់ខ្លួន ។
យ៉ូសែប បានពោលថា « លោកទំនងជាខិតខំធ្វើការណាស់ » ។
អប់ន័រ បានតបទាំងទឹកមុខស្ងួតថា « សុខសប្បាយជាទេ លោកស្ម៊ីធ » ។
យ៉ូសែប បានពោលថា « លោក ខូល ព្រះគម្ពីរមរមន និងសិទ្ធិបោះពុម្ពព្រះគម្ពីរនេះគឺជារបស់ខ្ញុំ ហើយខ្ញុំសូមហាមលោកកុំឲ្យជ្រៀតជ្រែកក្នុងរឿងនេះ » ។
អប់ន័រ បានបោះអាវធំគាត់ចោល ហើយបានលាត់ដៃអាវឡើង ។ គាត់បានស្រែកខ្លាំងៗទាំងក្ដាប់ដៃថា « តើលោកចង់វ៉ៃគ្នាមែនទេ ? » ។ « បើលោកចង់វ៉ៃគ្នាមែន សូមចូលមក » ។
យ៉ូសែប បានញញឹម ។ គាត់បានពោលថា « លោកគួរយកអាវធំទៅពាក់វិញទៅ » ។ « វាត្រជាក់ណាស់ ហើយខ្ញុំនឹងមិនវ៉ៃគ្នាជាមួយលោកឡើយ » ។ លោកបានបន្តទាំងចិត្តស្ងប់ថា « ប៉ុន្តែលោកត្រូវឈប់បោះពុម្ពព្រះគម្ពីររបស់ខ្ញុំទៀត » ។
អប់ន័រ បានពោលថា « បើលោកគិតថា ខ្លួនលោកជាមនុស្សល្អជាងគេមែន អញ្ចឹងដោះអាវធំលោកចេញទៅ ហើយល្បងវ៉ៃគ្នាលមើល » ។
យ៉ូសែប បានតបថា « យើងមានច្បាប់ ហើយលោកនឹងដឹងពីរឿងនោះ បើលោកពុំទាន់ដឹងបាននៅឡើយនោះ ។ ប៉ុន្តែខ្ញុំនឹងពុំវ៉ៃគ្នាជាមួយលោកទេ ពីព្រោះវាគ្មានប្រយោជន៍ទេ » ។
អប់ន័រ បានដឹងថា គាត់គឺជាអ្នកខុសតាមផ្លូវច្បាប់ ។ គាត់បានសម្រួលអារម្មណ៍ ហើយបញ្ឈប់ការបោះពុម្ពសេចក្ដីដកស្រង់ចេញពីព្រះគម្ពីរមរមននៅក្នុងសារព័ត៌មានរបស់គាត់ទៀត ។១២
សូឡូម៉ូន ឆាំប៊ើរលីន ដែលជាគ្រូគង្វាលម្នាក់កំពុងធ្វើដំណើរទៅប្រទេសកាណាដា បានឮអំពី « ព្រះគម្ពីរប៊ីបមាស » ជាលើកដំបូង មកពីគ្រួសារមួយដែលគាត់បានស្នាក់នៅជាមួយ នៅក្បែរភូមិបាល់ម៉ៃរ៉ា ។ ដូចជាលោក ថូម៉ាស ម៉ាសដែរ គាត់បានប្ដូរពីព្រះវិហារមួយទៅព្រះវិហារមួយទៀតនៅក្នុងជីវិតរបស់គាត់ ប៉ុន្តែពុំពេញចិត្តនឹងអ្វីដែលគាត់បានឃើញទេ ។ ព្រះវិហារមួយចំនួនបានបង្រៀននូវគោលការណ៍ទាំងឡាយនៃដំណឹងល្អ ហើយបានជឿលើអំណោយទានខាងវិញ្ញាណ ប៉ុន្តែពួកគេគ្មានពួកព្យាការីរបស់ព្រះ ឬបព្វជិតភាពរបស់ទ្រង់ឡើយ ។ សូឡូម៉ូន បានទទួលអារម្មណ៍ថា ពេលវេលាបានមកដល់ហើយ ដែលព្រះអម្ចាស់នឹងនាំព្រះវិហាររបស់ទ្រង់ឲ្យចេញមក ។
នៅពេលសូឡូម៉ូន បានស្ដាប់គ្រួសារនោះនិយាយអំពីយ៉ូសែប ស្ម៊ីធ និងផ្ទាំងចំណារមាសហើយ គាត់មានអារម្មណ៍ព្រឺខ្លួនតាំងពីក្បាលរហូតដល់ចុងជើង ហើយគាត់បានតាំងចិត្តស្វែងរកគ្រួសារស្ម៊ីធ ដើម្បីរៀនបន្ថែមទៀតអំពីគម្ពីរនោះ ។
គាត់បានស្វែងរកផ្ទះរបស់គ្រួសារស្ម៊ីធ ហើយបានជួបនឹងហៃរុម នៅឯមាត់ទ្វារ ។ សូឡូម៉ូន បានពោលថា « សូមឲ្យភាពសុខសាន្តកើតមានដល់ផ្ទះនេះ » ។
ហៃរុម បានតបថា « ខ្ញុំសង្ឃឹមថា វានឹងមានភាពសុខសាន្ត » ។
សូឡូម៉ូន បានសួរថា « តើមានមនុស្សក្នុងផ្ទះនេះ ដែលជឿលើការនិមិត្ត ឬវិវរណៈទេ ? »
ហៃរុម បានតបថា « បាទមាន យើងគឺជាគ្រួសារមួយដែលជឿលើការនិមិត្ត » ។
សូឡូម៉ូន បានប្រាប់ហៃរុម អំពីការនិមិត្តមួយដែលគាត់បានឃើញកាលពីច្រើនឆ្នាំកន្លងទៅ ។ នៅក្នុងការនិមិត្តនោះ មានទេវតាមួយអង្គបានមានបន្ទូលថា ព្រះគ្មានព្រះវិហារនៅលើផែនដីនេះទេ បុន្តែមិនយូរប៉ុន្មាននឹងបង្កើតព្រះវិហារមួយដែលមានអំណាចដូចជាព្រះវិហាររបស់ពួកសាវកកាលពីបុរាណដែរ ។ ហៃរុម និងមនុស្សដទៃទៀតនៅក្នុងផ្ទះបានយល់អ្វីដែលសូឡូម៉ូន បាននិយាយ ហើយប្រាប់គាត់ថា ពួកគេមានជំនឿដូចគាត់ដែរ ។
សូឡូម៉ូន បានពោលថា « ខ្ញុំចង់ឲ្យអ្នកប្រាប់ខ្ញុំនូវអ្វីដែលអ្នកបានរកឃើញ ។ ខ្ញុំគិតថា ខ្ញុំអាចទទួលយកវាបាន »។
ហៃរុម បានអញ្ជើញគាត់ឲ្យស្នាក់នៅឯកសិដ្ឋានរបស់គ្រួសារស្ម៊ីធ ក្នុងនាមជាភ្ញៀវ ហើយបានបង្ហាញគាត់នូវសំណៅព្រះគម្ពីរមរមនដែលសរសេរដៃ ។ សូឡូម៉ូន បានសិក្សាព្រះគម្ពីរនោះអស់រយៈពេលពីរថ្ងៃ ហើយបានទៅជាមួយនឹងហៃរុម ទៅការិយាល័យបោះពុម្ពរបស់ហ្គ្រានឌីន ដែលនៅទីនោះអ្នកបោះពុម្ពម្នាក់បានឲ្យព្រះគម្ពីរចំនួនហុកសិបបួនទំព័រដែលបោះពុម្ពរួចដល់គាត់ ។ សូឡូម៉ូន បានបន្តដំណើរទៅប្រទេសកាណាដា ទាំងប្រកាសពីអ្វីគ្រប់យ៉ាងដែលគាត់បានដឹងអំពីជំនឿថ្មីនេះនៅតាមផ្លូវ ដោយមានគម្ពីរមិនទាន់កិបទាំងនោះនៅក្នុងដៃ ។១៣
លុះដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៨៣០ ច្បាប់ដំបូង នៃព្រះគម្ពីរមរមនត្រូវបានផ្គុំចូលគ្នា ហើយមានដាក់លក់នៅជាន់ផ្ទាល់ដីនៃការិយាល័យបោះពុម្ពរបស់ហ្គ្រានឌីន ។ ព្រះគម្ពីរទាំងនោះត្រូវបានគេចងក្រងជាសៀវភៅដោយស្បែកគោ ហើយមានធំក្លិនស្បែក និងកាវ ក្រដាស និងទឹកថ្នាំ ។ ពាក្យព្រះគម្ពីរមរមន បានលេចឡើងនៅលើខ្នងសៀវភៅនោះជាអក្សរពណ៌មាស ។១៤
លូស៊ី ស្ម៊ីធ បានរក្សាទុកព្រះគម្ពីរថ្មីនេះ ហើយបានចាត់ទុកថា វាគឺជាទីសម្គាល់មួយដែលព្រះនឹងប្រមូលផ្ដុំកូនចៅរបស់ទ្រង់ និងស្ដារឡើងវិញនូវសេចក្ដីសញ្ញារបស់ទ្រង់កាលពីបុរាណក្នុងពេលឆាប់ៗនេះ ។ ទំព័រចំណងជើងបានប្រកាសថា គោលបំណងរបស់ព្រះគម្ពីរមរមនគឺដើម្បីបង្ហាញរឿងដ៏អស្ចារ្យដែលព្រះបានធ្វើសម្រាប់រាស្ត្ររបស់ទ្រង់កាលពីមុន ហើយប្រទានពរជ័យដូចគ្នាដល់រាស្ត្ររបស់ទ្រង់នៅសព្វថ្ងៃនេះ ហើយធ្វើឲ្យពិភពលោកទាំងមូលជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ។១៥
នៅផ្នែកខាងក្រោយនៃព្រះគម្ពីរនោះគឺជាទីបន្ទាល់នៃពួកសាក្សីបីរូប និងពួកសាក្សីប្រាំបីរូប ថ្លែងប្រាប់ទៅកាន់ពិភពលោកថា ពួកគាត់បានឃើញផ្ទាំងចំណារនោះ ហើយបានដឹងថា ការបកប្រែនោះគឺជាការពិត ។១៦
ទោះជាមានទីបន្ទាល់ទាំងនេះក្ដី ក៏លូស៊ីបានដឹងថា មានមនុស្សមួយចំនួនបានគិតថា ព្រះគម្ពីរនេះគឺជារឿងប្រឌិត ។ មានពួកអ្នកជិតខាងរបស់គាត់ជាច្រើន បានជឿថា ការមានព្រះគម្ពីរប៊ីបគឺល្មមគ្រប់គ្រាន់ហើយសម្រាប់ពួកគេហើយពុំបានដឹងថា ព្រះបានប្រទានដល់ប្រជាជាតិនានានូវព្រះគម្ពីរលើសពីមួយដែលមាននូវបន្ទូលរបស់ទ្រង់ ។ គាត់ក៏បានដឹងផងដែរថា មានមនុស្សមួយចំនួនបានបដិសេធសារលិខិតក្នុងគម្ពីរនេះ ដោយសារពួកគេជឿថា ព្រះធ្លាប់មានបន្ទូលមកកាន់ពិភពលោកម្ដងរួចទៅហើយ ហើយទ្រង់នឹងពុំមានបន្ទូលម្ដងទៀតឡើយ ។
ដោយសារហេតុផលទាំងនេះ និងហេតុផលផ្សេងទៀត នោះមនុស្សភាគច្រើននៅភូមិបាល់ម៉ៃរ៉ា ពុំបានទិញគម្ពីរនោះទេ ។១៧ ប៉ុន្តែមនុស្សមួយចំនួនដែលបានសិក្សាព្រះគម្ពីរនេះ បានទទួលអារម្មណ៍ពីអនុភាពនៃការបង្រៀនរបស់វា ហើយបានលុតជង្គង់ចុះទូលសូមព្រះ ប្រសិនបើព្រះគម្ពីរនេះពិតមែន ។ លូស៊ី ផ្ទាល់បានដឹងថា ព្រះគម្ពីរមរមនគឺជាបន្ទូលរបស់ព្រះ ហើយចង់ចែកចាយជាមួយនឹងមនុស្សដទៃទៀត ។១៨
បន្ទាប់ពីព្រះគម្ពីរមរមនបានបោះពុម្ពរួចហើយភ្លាម យ៉ូសែប និងអូលីវើរ បានរៀបចំដើម្បីបង្កើតព្រះវិហារនៃព្រះយេស៊ូវគ្រីស្ទ ។ នៅប៉ុន្មានខែមុនបង្កើតព្រះវិហារ នោះសាវកពេត្រុស យ៉ាកុប និងយ៉ូហាន ជាសាវកពីបុរាណរបស់ព្រះអម្ចាស់បានមកជួបនឹងពួកគាត់ ហើយបានប្រគល់បព្វជិតភាពមិលគីស្សាដែកដល់ពួកគាត់ ដូចដែលយ៉ូហាន បាទីស្ទបានសន្យា ។ សិទ្ធិអំណាចបន្ថែមនេះបានធ្វើឲ្យយ៉ូសែប និងអូលីវើរ អាចប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់ជនទាំងឡាយណាដែលពួកគាត់បានធ្វើបុណ្យជ្រមុជទឹកឲ្យ ។ សាវកពេត្រុស យ៉ាកុប និងយ៉ូហាន ក៏បានតែងតាំងដល់ពួកគាត់ឲ្យធ្វើជាសាវករបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។១៩
នៅអំឡុងពេលនោះ ខណៈដែលកំពុងស្នាក់នៅក្នុងផ្ទះរបស់ វិតមើរ នោះយ៉ូសែប និងអូលីវើរ បានអធិស្ឋានទូលសូមចំណេះដឹងបន្ថែមទៀតអំពីសិទ្ធិអំណាចនេះ ។ ជាការឆ្លើយតបមកវិញ នោះសំឡេងរបស់ព្រះអម្ចាស់បានបញ្ជាដល់ពួកគាត់ឲ្យតែងតាំងគ្នាទៅវិញទៅមកជាពួកអែលឌើរនៃសាសនាចក្រ ប៉ុន្តែមិនត្រូវធ្វើឡើយរហូតដល់ពួកអ្នកមានជំនឿទាំងឡាយធ្វើតាមពួកគាត់ ថាជាថ្នាក់ដឹកនាំនៅក្នុងព្រះវិហាររបស់ព្រះអង្គសង្រ្គោះជាមុនសិន ។ ពួកគាត់ក៏ត្រូវបានប្រាប់ឲ្យតែងតាំងថ្នាក់ដឹកនាំព្រះវិហារដទៃទៀត ហើយប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់ជនទាំងឡាយដែលបានទទួលបុណ្យជ្រមុជទឹកផងដែរ ។២០
នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ យ៉ូសែប និងអូលីវើរ បានជួបគ្នានៅក្នុងផ្ទះរបស់លោក វិតមើរ ដើម្បីធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយធ្វើការរៀបចំព្រះវិហារបស់ទ្រង់ ។ ដើម្បីបំពេញតាមតម្រូវការនៃច្បាប់ នោះពួកគាត់បានជ្រើសរើសមនុស្សប្រាំមួយនាក់ធ្វើជាសមាជិកដំបូងនៃព្រះវិហារថ្មីនេះ ។ មានបុរស និងស្រ្តីប្រមាណជាសែសិបនាក់នៅប្រជ្រៀតគ្នាក្នុងផ្ទះតូចនោះ ដើម្បីធ្វើជាសាក្សីក្នុងឱកាសនេះផងដែរ ។២១
ដើម្បីគោរពតាមសេចក្តីណែនាំកាលពីមុនរបស់ព្រះអម្ចាស់ យ៉ូសែប និងអូលីវើរ បានសុំឲ្យអង្គជំនុំធ្វើការគាំទ្រដល់ពួកគាត់ជាថ្នាក់ដឹកនាំនៅក្នុងនគរនៃព្រះ ហើយសូមបង្ហាញបើពួកគេបានជឿថាវាជារឿងត្រឹមត្រូវដែលពួកគាត់បង្កើតព្រះវិហារមួយឡើង ។ សមាជិកគ្រប់រូបនៅក្នុងក្រុមជំនុំបានឯកភាព ហើយយ៉ូសែប បានដាក់ដៃរបស់គាត់នៅលើក្បាលរបស់អូលីវើរ ហើយបានតែងតាំងគាត់ធ្វើជាអែលឌើរនៅក្នុងព្រះវិហារ ។ រួចមកពួកគាត់បានផ្លាស់ប្តូរកន្លែងគ្នាហើយអូលីវើរបានតែងតាំងយ៉ូសែប ។
បន្ទាប់មក ពួកគាត់បានចែកនំបុ័ង និងស្រាទំពាំងបាយជូនៃពិធីសាក្រាម៉ង់ទុកជាការចងចាំដល់ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មកពួកគាត់បានដាក់ដៃលើជនដែលបានទទួលបុណ្យជ្រមុជទឹក បញ្ជាក់ពួកគេថាជាសមាជិកនៃព្រះវិហារ ហើយផ្តល់ដល់ពួកគេនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។២២ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាក់ស្រោចមកលើជនទាំងឡាយដែលនៅក្នុងការប្រជុំនោះ ហើយជនខ្លះដែលនៅក្នុងអង្គជំនុំបានចាប់ផ្តើមធ្វើការព្យាករ ។ អ្នកដទៃទៀតបានសរសើរដល់ព្រះអម្ចាស់ ហើយមនុស្សទាំងអស់បានរីករាយជាមួយគ្នា ។
យ៉ូសែប ក៏បានទទួលវិវរណៈដំបូងថ្លែងទៅកាន់សមាជិកទាំងអស់នៃព្រះវិហារថ្មីផងដែរ ។ « មើលចុះ នឹងមានបញ្ជីមួយកត់ទុកនៅក្នុងចំណោមអ្នករាល់គ្នា » ព្រះអម្ចាស់បានបញ្ជាដោយរំឭករាស្រ្តរបស់ទ្រង់ ឲ្យពួកគេសរសេរប្រវត្តិដ៏ពិសិដ្ឋរបស់ពួកគេ ដើម្បីថែរក្សាកំណត់ហេតុនៃសកម្មភាពរបស់ពួកគេ ហើយធ្វើជាសាក្សីដល់តួនាទីរបស់យ៉ូសែប ក្នុងនាមជាព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ។
ព្រះអម្ចាស់បានប្រកាសថា « អ្នកនោះហើយដែលយើងបានបំភ្លឺឲ្យកម្រើកគតិនៃស៊ីយ៉ូនដោយអំណាចដ៏ធំដើម្បីសេចក្ដីល្អ ។ ពាក្យសម្ដីរបស់លោកនោះហើយ ដែលអ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង ។ ដ្បិតដោយសារការធ្វើការណ៍ទាំងនេះ ទើបទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ » ។២៣
ក្រោយមក យ៉ូសែប បានឈរនៅក្បែរស្ទឹង ហើយបានធ្វើជាសាក្សីដល់ពិធីបុណ្យជ្រមុជទឹករបស់ម្តាយ និងឪពុករបស់លោកចូលក្នុងព្រះវិហារ ។ បន្ទាប់ពីការចំណាយពេលលើផ្លូវខុសៗគ្នាស្វែងរកសេចក្តីពិតអស់ជាច្រើនឆ្នាំ នៅទីបំផុតពួកគាត់បានរួបរួមគ្នានៅក្នុងសេចក្តីជំនឿ ។ នៅពេលឪពុកគាត់បានក្រោកចេញពីទឹកមក យ៉ូសែប បានចាប់ដៃគាត់ ហើយបានជួយគាត់ឲ្យឡើងមកលើច្រាំង រួចបានឱបឪពុករបស់គាត់ ។
យ៉ូសែប បានយំឱនមុខគាត់នៅលើទ្រូងឪពុក រួចថា « ព្រះលោកអើយ ខ្ញុំបានរស់នៅមើលឃើញឪពុករបស់ខ្ញុំបានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រពិតនៃព្រះយេស៊ូវគ្រីស្ទ ! »២៤
នាល្ងាចនោះ យ៉ូសែប បានចូលទៅក្នុងព្រៃនៅជិតៗនោះ ដោយដួងចិត្តរំភើបញាប់ញ័រ ។ គាត់ចង់នៅម្នាក់ឯង នៅឆ្ងាយពីមិត្តភក្តិ និងគ្រួសារ ។ អស់រយៈពេលដប់ឆ្នាំហើយចាប់តាំងពីការនិមិត្តដំបូងរបស់គាត់ គាត់បានឃើញស្ថានសួគ៌បើកឡើង បានទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះ ហើយបានទទួលការបង្រៀនពីពួកទេវតា ។ គាត់ក៏មានបាប ហើយបានបាត់បង់អំណោយទានរបស់គាត់ មានតែការប្រែចិត្តប៉ុណ្ណោះ ទើបគាត់ទទួលបានសេចក្តីមេត្តាករុណារបស់ព្រះ និងបានបកប្រែព្រះគម្ពីរមរមនដោយព្រះចេស្តា និងព្រះគុណរបស់ទ្រង់ ។
ឥឡូវនេះ ព្រះយេស៊ូវគ្រីស្ទបានស្តារព្រះវិហាររបស់ទ្រង់ឡើងវិញ ហើយបានប្រគល់ឲ្យយ៉ូសែប នូវបព្វជិតភាពដូចគ្នាដែលពួកសាវកបានកាន់កាលពីសម័យបុរាណកាលដែលពួកលោកបានផ្សព្វផ្សាយដំណឹងល្អដល់ពិភពលោក ។២៥ សុភមង្គលដែលគាត់ទទួលបានគឺវាលើសលប់ រហូតដល់លោកមិនអាចលាក់ទុកបាន ហើយនៅពេលយ៉ូសែប ណៃត៍ និងអូលីវើរ រកគាត់ឃើញនៅយប់នោះ គឺគាត់កំពុងយំ ។
សេចក្តីរីករាយរបស់គាត់ធំធេងខ្លាំងណាស់ ។ កិច្ចការបានចាប់ផ្តើមហើយ ។២៦