២០១៤
តើ​យើង​ត្រៀម​ខ្លួន​ឬ​នៅ ?
កញ្ញា 2014


សារ​លិខិត​គណៈប្រធាន​ទី​មួយ ខែ កញ្ញា ឆ្នាំ 2014

តើ​យើងត្រៀម​ខ្លួន​ឬ​នៅ ?

នៅ​ក្នុង​ទីតាំង​ដែល​ខ្ញុំ​បាន​រស់​នៅ និង បម្រើ នោះ​សាសានចក្រ​បើក​​កសិដ្ឋាន​ចិញ្ចឹម​មាន់ បុគ្គលិក​ភាគ​ច្រើន​គឺ​ធ្វើ​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​វួដ​ក្នុង​មូលដ្ឋាន ។ ភាគ​ច្រើន វា​គឺ​ជា​គម្រោង​ដែល​មាន​ដំណើរ​ការ​យ៉ាង​មានប្រសិទ្ធភាព ដោយ​ផ្គត់ផ្គង់​ទៅ​ដល់​ឃ្លាំង​របស់​ប៊ីស្សព​នូវ ស៊ុត​ថ្មីៗ​រាប់​ពាន់ និង សាច់​មាន់​ដែល​ត្រៀម​ធ្វើ​ម្ហូប​រាប់រយ​គីឡូ​ក្រាម ។ ទោះ​ជា​យ៉ាង​ណា មាន​ពេល​ខ្លះ ការ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​កសិដ្ឋាន​ក្រៅ​ម៉ោង​នោះ គឺ​មិនគ្រាន់​តែ​មាន​ពង​កន្ទួល​នៅ​លើ​ដៃ​នោះទេ ប៉ុន្តែ​ថែម​ទាំង​មានភាព​តានតឹង​ខាង​អារម្មណ៍ និង គំនិត​ទៀត​ផង ។

ឧទារហណ៍ ខ្ញុំ​ចងចាំ​ពី​ពេល​មួយ​ដែល​យើង​ប្រមូល​យុវជន​បព្វជិតភាព​អើរ៉ុន ដើម្បី​សំអាត​កសិដ្ឋាន​នៅ​រដូវ​ផ្កា​រីក ។ ក្រុម​ដ៏​រំភើប​រីករាយ និង ស្វាហាប់​នេះ បាន​ប្រមូល​គ្នា​នៅ​ឯ​កសិដ្ឋាន ហើយ​ក្នុង​របៀប​មួយ​យ៉ាង​លឿន បាន​ប្រមូល ហើយ​ដុត​ស្មៅ និង កំទិចកំទី​ឥត​ប្រយោជន៍​ជា​ច្រើន ។ តាម​រយៈ​ពន្លឺ​នៃ​អណ្តាត​ផ្នក់​ភ្លើង នោះ​យើង​បាន​បរិភោគ ហត​ដក ហើយ​អបអរ​សារទ​ខ្លួន​ឯង​ដែល​បាន​ធ្វើ​កិច្ចការ​បាន​យ៉ាង​ល្អ ។

ទោះ​ជា​យ៉ាង មាន​គ្រោះចង្រៃ​មួយ​បាន​កើត​ឡើង ។ សំឡេង និង ភ្លើង​រំខាន​យ៉ាង​ខ្លាំង​ដល់​មាន់ 5000 ក្បាល​ដែល​កំពុង​ពង ដែល​ធ្វើ​ឲ្យ​មាន់​ភាគ​ច្រើន​បាន​ប្រែ​ទៅ​ជា ជ្រុះ​រោម ហើយ​អត់​ពង ។ ក្រោយ​មក យើង​បាន​ទុក​ស្មៅ​ខ្លះ​ដើម្បីយើង​អាច​បង្កើត​ស៊ុត​ថែម​ទៀត ។

គ្មាន​សមាជិក​ណា​ម្នាក់​​នៃ​សាសនាចក្រ ដែល​បាន​ជួយ​ផ្គត់ផ្គង់​ដល់​អស់​អ្នក​ដែល​ទ័លក្រ ភ្លេច ឬ សោកស្តាយ​ពី​បទពិសោធន៍​នេះ​ឡើយ ។ ភាព​ឧស្សាហ៍​ព្យាយាម ការសន្សំសំចៃ ខ្លួន​ទី​ពឹង​ខ្លួន និង ចែក​រំលែក​ជាមួយ​មនុស្ស​ដទៃ មិន​មែន​ជា​អ្វី​ប្លែក​សម្រាប់​យើង​នោះ​ទេ ។

យើង​គួរ​ចងចាំ​ថា ប្រព័ន្ធ​ឃ្លាំង​ស្តុក​ដ៏​អស្ចារ្យ គួរតែ​មាន​សម្រាប់​គ្រួសារ​គ្រប់​គ្នា នៅ​ក្នុង​សាសនាចក្រ ដើម្បី​ផ្គត់ផ្គង់​អាហារ សំលៀក​បំពាក់ និង តាម​អ្វី​ដែល​អាច​ធ្វើ​បាន នោះ​គឺ​សម្ភារ​ចំាបាច់​ដទៃ​ទៀត​នៃ​ជីវិត ។ ឃ្លាំង​របស់​ព្រះអម្ចាស់​រួម​មាន​ទាំង ពេលវេលា ទេពកោសល្យ ជំនាញ សេចក្តី​មេត្តា​ករុណា សម្ភារ​ដែល​បាន​ឧទ្ធិស​ហើយ និង ចំណូល​ហិរញ្ញវត្ថុ​នៃ​សមាជិក​សាសនាចក្រ​ដ៏​ស្មោះ​ត្រង់ ។ ធនធាន​ទាំង​នេះ មាន​សម្រាប់​ប៊ីស្សព ដើម្បី​ជួយ​ដល់​អស់​អ្នក​ដែល​ទ័លក្រ ។

យើង​សូម​ជម្រុញ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំង​អស់ ឲ្យ​ចេះ​រៀប​ចំ​បម្រុង​ចំពោះ​ផែនការ​ខ្លួន រក្សា​ជីវិត​ខ្លួន​ឲ្យ​រស់​បាន និង ចៀស​វាង​ពី​បំណុល​ដ៏​ច្រើន​លើសលប់ ឬ បំណុល​ដែល​មិន​ចាំបាច់ ។ មនុស្ស​ភាគច្រើន អាច​បន្ត​រស់​នៅ​បាន​ទោះ​ជា​មាន​បញ្ហា​លំបាក​ខាង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក៏​ដោយ បើសិន​ពួកគេ​មាន​គ្រឿង​ផ្គត់ផ្គង់​ដូច​ជា​អាហារ និង សំលៀកបំពាក់ និង មិន​ជំពាក់​បំណុល​គេ ។ ផ្ទុយ​ទៅ​វិញ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​ថា​មនុស្ស​ជា​ច្រើន​ពុំ​បាន​ធ្វើ​តាម​ការទូន្មាន​នេះ​ទេ ។ ពួក​គេ​ជាប់​បំណុល និង គ្មាន​អាហារ​ស្តុក​ទុក​បន្ថែម​ឡើយ ។

ខ្ញុំ​សូម​រំឭក​ពី​អ្វី​ដែល​គណៈប្រធាន​ទី​មួយ​បាន​ថ្លែង​កាល​ពី​ពីរ​បី​ឆ្នាំ​មុន​ថា ៖

« ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​ទូន្មាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពេល​មាន​ទុក្ខ​លំបាក ដោយ​មាន​ប្រាក់​កាស់​បន្តិចបន្តួច​ទុក​មួយ​អន្លើរ ។ ការសន្សំ​ប្រាក់​នេះ បន្ថែម​នូវ​ភាព​សុខសាន្ត និង សុខុមាលភាព​ដែល​មិន​អាច​វាស់​វែង​បាន ។ គ្រួសារ​និមួយៗ មាន​ទំនួល​ខុស​ត្រូវ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​សេចក្តី​ត្រូវការ​ផ្ទាល់​ខ្លួន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ។

« យើង​សូម​លើក​ទឹក​អ្នក មិន​ថា​អ្នក​រស់​នៅ​ទី​ណា​នោះ​ទេ នៅ​លើ​ពិភព​លោក​នេះ ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ពេល​មាន​ទុក្ខ​លំបាក ដោយ​ពិចារណា​ពី​ស្ថានភាព​នៃ​ហិរញ្ញវត្ថុ​របស់​អ្នក ។ យើង​សូម​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អ្នក​ចំណាយ​ដោយ​សមរម្យ លត់​ដំ​ខ្លួន​របស់​អ្នក​នៅ​ក្នុង​ការទិញ ដើម្បី​ចៀសវាង​ពី​បំណុល ។ សូម​បង់​សង​បំណុល​ឲ្យ​បាន​ឆាប់​តាម​ដែល​អ្នក​ធ្វើ​បាន ហើយ​ដោះ​លែង​ខ្លួន​អ្នក​ឲ្យ​រួច​ពី​ចំណង​នេះ ។ សូម​សន្សំ​ប្រាក់​បន្តិចបន្តួច​ឲ្យ​បាន​ទៀងទាត់ ដើម្បី​បង្កើត​ការរក្សា​ហិរញ្ញវត្ថុ​សន្សឹមៗ » ។1

តើ​យើង​បាន​ត្រៀម​ខ្លួន​សម្រាប់​គ្រា​អាសន្ន​នានា​នៅ​ក្នុង​ជីវិត​អ្នក​ហើយ​ឬ​នៅ ? តើ​ជំនាញ​នានា​របស់​យើង​ល្អ​ឥត​ខ្ចោះ​ហើយ​ឬ​នៅ ? តើ​យើង​រស់​នៅ​ដោយ​ចេះ​សន្សំសំចៃ​ដែរ​ឬ​ទេ ? តើ​យើង​មាន​គ្រឿង​ផ្គត់ផ្គង់​បម្រុង​ទុក​នៅ​ក្នុង​ដៃ​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​បាន​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ដែរ​ឬ​ទេ ? តើ​យើង​បាន​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្យាការី​ដែរ​ឬ​ទេ ? តើ​យើង​បាន​ត្រៀម​ខ្លួន ដើម្បី​ផ្តល់​របស់​ទ្រព្យ​ខ្លួន​ឲ្យ​ជន​ទីទ័ល​ក្រ អ្នក​ខ្វះខាត​ដែរ​ឬ​ទេ ? តើ​យើង​ទៀង​ត្រង់​នឹង​ព្រះអម្ចាស់​ដែរ​ឬ​ទេ ?

យើង​រស់នៅ​ក្នុង​គ្រា​ដ៏​លំបាក ។ ជា​ញឹកញាប់ អនាគត​គឺ​មើល​មិន​ឃើញ​ឡើយ ដូច្នេះ​ហើយ​វា​មាន​ប្រយោជន៍​សម្រាប់​យើង ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការណ៍​ដែល​មិន​ទៀង​ទាត់​នោះ ។ នៅ​ពេល​វេលា​នៃ​ការសម្រេច​ចិត្ត​មក​ដល់ នោះ​ពេល​នៃ​ការត្រៀម​ខ្លួន​គឺ​បាន​កន្លង​ហួស​បាត់​ទៅ​ហើយ ។

កំណត់​ចំណាំ

  1. គណៈប្រធាន​ទី​មួយAll Is Safely Gathered In : Family Finances( កូន​សៀវភៅ ឆ្នាំ 2007 ) ។

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

សូម​ពិចារណា​ពី​តម្រូវការ​នៃ​អស់​អ្នក​ដែល​អ្នក​ទៅ​សួរ​សុខ​ទុក្ខ សូម​គិត​ពី​របៀប​នានា ដែល​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ប្រែ​កាន់​តែ​ប្រសើរ​ឡើង នូវ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​លើ​ការងារ ហិរញ្ញវត្ថុ ការស្តុក​អាហារ ឬ ការ​ត្រៀម​ខ្លួន​ពេល​មាន​អាសន្ន​នានា ។ សូម​គិត​ពី​ជំនាញ​មួយ ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​ពួកគេ ដូច​ជា​ការដាំ​ដំណាំ ឬ ការគ្រប់គ្រង​ថវិកា ដែល​នឹង​ជម្រុញ​ពួកគេ​ឲ្យ​ធ្វើ​តាម​ការ​ទូន្មាន​របស់​ប្រធាន ម៉នសុន ។