សារលិខិតគណៈប្រធានទីមួយ ខែ កញ្ញា ឆ្នាំ 2014
តើយើងត្រៀមខ្លួនឬនៅ ?
នៅក្នុងទីតាំងដែលខ្ញុំបានរស់នៅ និង បម្រើ នោះសាសានចក្របើកកសិដ្ឋានចិញ្ចឹមមាន់ បុគ្គលិកភាគច្រើនគឺធ្វើដោយអ្នកស្ម័គ្រចិត្តមកពីវួដក្នុងមូលដ្ឋាន ។ ភាគច្រើន វាគឺជាគម្រោងដែលមានដំណើរការយ៉ាងមានប្រសិទ្ធភាព ដោយផ្គត់ផ្គង់ទៅដល់ឃ្លាំងរបស់ប៊ីស្សពនូវ ស៊ុតថ្មីៗរាប់ពាន់ និង សាច់មាន់ដែលត្រៀមធ្វើម្ហូបរាប់រយគីឡូក្រាម ។ ទោះជាយ៉ាងណា មានពេលខ្លះ ការធ្វើជាអ្នកស្ម័គ្រចិត្តក្នុងកសិដ្ឋានក្រៅម៉ោងនោះ គឺមិនគ្រាន់តែមានពងកន្ទួលនៅលើដៃនោះទេ ប៉ុន្តែថែមទាំងមានភាពតានតឹងខាងអារម្មណ៍ និង គំនិតទៀតផង ។
ឧទារហណ៍ ខ្ញុំចងចាំពីពេលមួយដែលយើងប្រមូលយុវជនបព្វជិតភាពអើរ៉ុន ដើម្បីសំអាតកសិដ្ឋាននៅរដូវផ្ការីក ។ ក្រុមដ៏រំភើបរីករាយ និង ស្វាហាប់នេះ បានប្រមូលគ្នានៅឯកសិដ្ឋាន ហើយក្នុងរបៀបមួយយ៉ាងលឿន បានប្រមូល ហើយដុតស្មៅ និង កំទិចកំទីឥតប្រយោជន៍ជាច្រើន ។ តាមរយៈពន្លឺនៃអណ្តាតផ្នក់ភ្លើង នោះយើងបានបរិភោគ ហតដក ហើយអបអរសារទខ្លួនឯងដែលបានធ្វើកិច្ចការបានយ៉ាងល្អ ។
ទោះជាយ៉ាង មានគ្រោះចង្រៃមួយបានកើតឡើង ។ សំឡេង និង ភ្លើងរំខានយ៉ាងខ្លាំងដល់មាន់ 5000 ក្បាលដែលកំពុងពង ដែលធ្វើឲ្យមាន់ភាគច្រើនបានប្រែទៅជា ជ្រុះរោម ហើយអត់ពង ។ ក្រោយមក យើងបានទុកស្មៅខ្លះដើម្បីយើងអាចបង្កើតស៊ុតថែមទៀត ។
គ្មានសមាជិកណាម្នាក់នៃសាសនាចក្រ ដែលបានជួយផ្គត់ផ្គង់ដល់អស់អ្នកដែលទ័លក្រ ភ្លេច ឬ សោកស្តាយពីបទពិសោធន៍នេះឡើយ ។ ភាពឧស្សាហ៍ព្យាយាម ការសន្សំសំចៃ ខ្លួនទីពឹងខ្លួន និង ចែករំលែកជាមួយមនុស្សដទៃ មិនមែនជាអ្វីប្លែកសម្រាប់យើងនោះទេ ។
យើងគួរចងចាំថា ប្រព័ន្ធឃ្លាំងស្តុកដ៏អស្ចារ្យ គួរតែមានសម្រាប់គ្រួសារគ្រប់គ្នា នៅក្នុងសាសនាចក្រ ដើម្បីផ្គត់ផ្គង់អាហារ សំលៀកបំពាក់ និង តាមអ្វីដែលអាចធ្វើបាន នោះគឺសម្ភារចំាបាច់ដទៃទៀតនៃជីវិត ។ ឃ្លាំងរបស់ព្រះអម្ចាស់រួមមានទាំង ពេលវេលា ទេពកោសល្យ ជំនាញ សេចក្តីមេត្តាករុណា សម្ភារដែលបានឧទ្ធិសហើយ និង ចំណូលហិរញ្ញវត្ថុនៃសមាជិកសាសនាចក្រដ៏ស្មោះត្រង់ ។ ធនធានទាំងនេះ មានសម្រាប់ប៊ីស្សព ដើម្បីជួយដល់អស់អ្នកដែលទ័លក្រ ។
យើងសូមជម្រុញពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ ឲ្យចេះរៀបចំបម្រុងចំពោះផែនការខ្លួន រក្សាជីវិតខ្លួនឲ្យរស់បាន និង ចៀសវាងពីបំណុលដ៏ច្រើនលើសលប់ ឬ បំណុលដែលមិនចាំបាច់ ។ មនុស្សភាគច្រើន អាចបន្តរស់នៅបានទោះជាមានបញ្ហាលំបាកខាងហិរញ្ញវត្ថុរបស់ខ្លួនក៏ដោយ បើសិនពួកគេមានគ្រឿងផ្គត់ផ្គង់ដូចជាអាហារ និង សំលៀកបំពាក់ និង មិនជំពាក់បំណុលគេ ។ ផ្ទុយទៅវិញ សព្វថ្ងៃនេះ យើងឃើញថាមនុស្សជាច្រើនពុំបានធ្វើតាមការទូន្មាននេះទេ ។ ពួកគេជាប់បំណុល និង គ្មានអាហារស្តុកទុកបន្ថែមឡើយ ។
ខ្ញុំសូមរំឭកពីអ្វីដែលគណៈប្រធានទីមួយបានថ្លែងកាលពីពីរបីឆ្នាំមុនថា ៖
« ពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានទូន្មានអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីត្រៀមខ្លួនសម្រាប់ពេលមានទុក្ខលំបាក ដោយមានប្រាក់កាស់បន្តិចបន្តួចទុកមួយអន្លើរ ។ ការសន្សំប្រាក់នេះ បន្ថែមនូវភាពសុខសាន្ត និង សុខុមាលភាពដែលមិនអាចវាស់វែងបាន ។ គ្រួសារនិមួយៗ មានទំនួលខុសត្រូវ ដើម្បីផ្គត់ផ្គង់សម្រាប់សេចក្តីត្រូវការផ្ទាល់ខ្លួនទៅតាមលទ្ធភាពដែលអាចធ្វើបាន ។
« យើងសូមលើកទឹកអ្នក មិនថាអ្នករស់នៅទីណានោះទេ នៅលើពិភពលោកនេះ ឲ្យត្រៀមខ្លួនសម្រាប់ពេលមានទុក្ខលំបាក ដោយពិចារណាពីស្ថានភាពនៃហិរញ្ញវត្ថុរបស់អ្នក ។ យើងសូមជំរុញទឹកចិត្តឲ្យអ្នកចំណាយដោយសមរម្យ លត់ដំខ្លួនរបស់អ្នកនៅក្នុងការទិញ ដើម្បីចៀសវាងពីបំណុល ។ សូមបង់សងបំណុលឲ្យបានឆាប់តាមដែលអ្នកធ្វើបាន ហើយដោះលែងខ្លួនអ្នកឲ្យរួចពីចំណងនេះ ។ សូមសន្សំប្រាក់បន្តិចបន្តួចឲ្យបានទៀងទាត់ ដើម្បីបង្កើតការរក្សាហិរញ្ញវត្ថុសន្សឹមៗ » ។1
តើយើងបានត្រៀមខ្លួនសម្រាប់គ្រាអាសន្ននានានៅក្នុងជីវិតអ្នកហើយឬនៅ ? តើជំនាញនានារបស់យើងល្អឥតខ្ចោះហើយឬនៅ ? តើយើងរស់នៅដោយចេះសន្សំសំចៃដែរឬទេ ? តើយើងមានគ្រឿងផ្គត់ផ្គង់បម្រុងទុកនៅក្នុងដៃរបស់យើងដែរឬទេ ? តើយើងបានគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះដែរឬទេ ? តើយើងបានធ្វើតាមការបង្រៀនរបស់ព្យាការីដែរឬទេ ? តើយើងបានត្រៀមខ្លួន ដើម្បីផ្តល់របស់ទ្រព្យខ្លួនឲ្យជនទីទ័លក្រ អ្នកខ្វះខាតដែរឬទេ ? តើយើងទៀងត្រង់នឹងព្រះអម្ចាស់ដែរឬទេ ?
យើងរស់នៅក្នុងគ្រាដ៏លំបាក ។ ជាញឹកញាប់ អនាគតគឺមើលមិនឃើញឡើយ ដូច្នេះហើយវាមានប្រយោជន៍សម្រាប់យើង ដើម្បីត្រៀមខ្លួនសម្រាប់ការណ៍ដែលមិនទៀងទាត់នោះ ។ នៅពេលវេលានៃការសម្រេចចិត្តមកដល់ នោះពេលនៃការត្រៀមខ្លួនគឺបានកន្លងហួសបាត់ទៅហើយ ។
© 2014 ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។ បោះពុម្ពនៅស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ 6/14 ។ អនុមតិការបកប្រែ ៖ 6/14 ។ ការបកប្រែនៃ First Presidency Message, September 2014. Cambodian. 10869 258